លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

តើ​លោក​យេស៊ូ​បាន​ទៅ​ជា​សម្ដេច​សង្ឃ​នៅ​ពេល​ណា ហើយ​តើ​កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​សុពលភាព​នៅ​ពេល​ណា?

មាន​ទី​សម្អាង​ដែល​បញ្ជាក់​ថា លោក​យេស៊ូ​បាន​ទៅ​ជា​សម្ដេច​សង្ឃ​ពេល​លោក​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២៩ គ.ស.។ តើ​មាន​ទី​សម្អាង​អ្វី? ការ​ដែល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក បង្ហាញ​ថា​លោក​ចង់​ធ្វើ​តាម​«​បំណង​ប្រាថ្នា​»​របស់​ព្រះ។ នេះ​មាន​ន័យ​ថា​លោក​សុខ​ចិត្ត​បូជា​ជីវិត​ជា​ថ្លៃ​លោះ។ (​កាឡ. ១:៤; ហេ. ១០:៥​-​១០​) បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​គឺ​ប្រៀប​ដូច​ជា​ទី​បូជា។ ទី​បូជា​នោះ​មាន​តាំង​ពី​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក។ ពេល​លោក​យេស៊ូ​ឲ្យ​ជីវិត​ជា​ថ្លៃ​លោះ គឺ​ហាក់​ដូច​ជា​លោក​ជា​គ្រឿង​បូជា​ដែល​បាន​ត្រូវ​ជូន​នៅ​លើ​ទី​បូជា។ របៀប​រៀបចំ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដែល​មាន​មូលដ្ឋាន​លើ​ថ្លៃ​លោះ​របស់​លោក​យេស៊ូ​គឺ​ប្រៀប​ដូច​ជា​វិហារ។ វិហារ​នោះ​ទំនង​ជា​ចាប់​ផ្ដើម​មាន​តាំង​ពី​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក។ ដូច​ទី​បូជា​ជា​អ្វី​ដ៏​សំខាន់​ក្នុង​វិហារ​របស់​ព្រះ នោះ​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ក៏​សំខាន់​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត។—ម៉ាថ. ៣:១៦, ១៧; ហេ. ៥:៤​-​៦

របៀប​រៀបចំ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដែល​មាន​មូលដ្ឋាន​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ គឺ​ប្រៀប​ដូច​ជា​វិហារ​របស់​ព្រះ។ ដោយ​សារ​វិហារ​ឬ​របៀប​រៀបចំ​នោះ​ចាប់​ផ្ដើម​ដំណើរ​ការ នោះ​ត្រូវ​មាន​សម្ដេច​សង្ឃ​ដែល​បម្រើ​នៅ​ទី​នោះ។ ដូច្នេះ លោក​យេស៊ូ​បាន​ត្រូវ​រើស​តាំង​ជា​សម្ដេច​សង្ឃ​«​ដោយ​សកម្មពល​បរិសុទ្ធ​និង​ឫទ្ធានុភាព​»។ (​សកម្ម. ១០:៣៧, ៣៨; ម៉ាក. ១:៩​-​១១​) ប៉ុន្តែ ហេតុ​អ្វី​យើង​អាច​ដឹង​ប្រាកដ​ថា​លោក​យេស៊ូ​បាន​ត្រូវ​តែង​តាំង​ជា​សម្ដេច​សង្ឃ​មុន​លោក​ស្លាប់? គំរូ​របស់​អេរ៉ុន​និង​ពួក​អ្នក​ដែល​ជា​សម្ដេច​សង្ឃ​ក្រោយ​គាត់ អាច​ជួយ​យើង​ឲ្យ​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​នេះ។

ច្បាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ម៉ូសេ​ចែង​ថា មាន​តែ​សម្ដេច​សង្ឃ​ប៉ុណ្ណោះ​ដែល​អាច​ចូល​ទី​បរិសុទ្ធ​បំផុត​ក្នុង​ត្រសាល​ព្រះ ហើយ​នៅ​ពេល​ក្រោយ​មក​អាច​ចូល​ទី​បរិសុទ្ធ​បំផុត​ក្នុង​វិហារ។ មាន​វាំងនន​ខណ្ឌ​រវាង​ទី​បរិសុទ្ធ​និង​ទី​បរិសុទ្ធ​បំផុត។ សម្ដេច​សង្ឃ​ឆ្លង​កាត់​វាំងនន​នោះ​តែ​នៅ​ថ្ងៃ​ជម្រះ​ការ​ខុស​ឆ្គង​ប៉ុណ្ណោះ។ (​ហេ. ៩:១​-​៣, ៦, ៧​) អេរ៉ុន​និង​សម្ដេច​សង្ឃ​ក្រោយ​ពី​គាត់ បាន​ត្រូវ​រើស​តាំង​ជា​សម្ដេច​សង្ឃ មុន​ដែល​ពួក​គេ​ចូល​ទី​បរិសុទ្ធ​បំផុត​តាម​វាំងនន​នៃ​ត្រសាល។ ដូច​គ្នា​ដែរ​លោក​យេស៊ូ​ក៏​ត្រូវ​តែ​ទទួល​ការ​តែង​តាំង​ជា​សម្ដេច​សង្ឃ​នៃ​វិហារ​របស់​ព្រះ​យេហូវ៉ា ឬ​ការ​រៀបចំ​របស់​ព្រះ​ដើម្បី​គោរព​ប្រណិប័តន៍​ពិត មុន​លោក​ស្លាប់ ហើយ​ក្រោយ​មក​បាន​«​ចូល​តាម​វាំងនន​»​ទៅ​ស្ថាន​សួគ៌។ វាំងនន​នោះ​សំដៅ​លើ​«​សាច់​ឈាម​របស់​លោក​»។ (​ហេ. ១០:២០​) ហេតុ​នេះ សាវ័ក​ប៉ូល​បាន​និយាយ​ថា​លោក​យេស៊ូ​បាន​មក​«​ក្នុង​ឋានៈ​ជា​សម្ដេច​សង្ឃ​»​ ហើយ​ក្រោយ​មក​«​ចូល​ក្នុង​ត្រសាល​ដ៏​រឹត​តែ​ឧត្ដុង្គ​ឧត្ដម​និង​ល្អ​ឥត​ខ្ចោះ​ជាង ជា​ត្រសាល​ដែល​ដៃ​មនុស្ស​មិន​បាន​ធ្វើ​»​ និង​ចូល​ក្នុង​«​ស្ថាន​សួគ៌​តែ​ម្ដង​»។—ហេ. ៩:១១, ២៤

ពេល​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌ ហើយ​ជូន​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង លោក​ធ្វើ​តាម​ដំណាក់​កាល​ទី​១​ក្នុង​ចំណោម​ដំណាក់​កាល​បី​ដែល​ធ្វើ​ឲ្យ​កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​សុពលភាព ឬ​ទទួល​ស្គាល់​ស្រប​តាម​ច្បាប់។ តើ​ការ​ធ្វើ​ដូច្នេះ​រួម​បញ្ចូល​ដំណាក់​កាល​អ្វី​ខ្លះ?

ដំបូង លោក​យេស៊ូ​បង្ហាញ​ខ្លួន​នៅ​មុខ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក លោក​យេស៊ូ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ទទួល​គ្រឿង​បូជា​របស់​លោក​យេស៊ូ​ជា​ថ្លៃ​លោះ​ដើម្បី​សង្គ្រោះ​មនុស្សជាតិ។ ចុង​ក្រោយ​ព្រះ​យេហូវ៉ា​ព្រម​ទទួល​គ្រឿង​បូជា​នោះ។ ទម្រាំ​ដល់​អ្វី​ទាំង​នេះ​កើត​ឡើង កិច្ច​ព្រម​ព្រៀង​ថ្មី​មិន​ទាន់​យក​ជា​ការ​ទេ។

គម្ពីរ​មិន​បាន​ប្រាប់​យើង​ច្បាស់​លាស់​ថា​ពេល​ណា​ព្រះ​យេហូវ៉ា​ទទួល​យក​គ្រឿង​បូជា​របស់​លោក​យេស៊ូ​ទេ។ ដូច្នេះ យើង​មិន​អាច​និយាយ​ថា​កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​សុពលភាព​នៅ​ពេល​ជាក់​លាក់​ណា​មួយ​បាន​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​ដឹង​ថា​លោក​យេស៊ូ​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​១០​ថ្ងៃ​មុន​បុណ្យ​ថ្ងៃ​ទី​៥០។ (​សកម្ម. ១:៣​) នៅ​ពេល​មួយ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នោះ លោក​បាន​សុំ​ព្រះ​យេហូវ៉ា​ទទួល​គ្រឿង​បូជា​របស់​លោក ហើយ​ព្រះ​យេហូវ៉ា​បាន​ទទួល​យក។ (​ហេ. ៩:១២​) ភ័ស្តុតាង​ដែល​បង្ហាញ​ថា​កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​សុពលភាពគឺ​ស​ឲ្យ​ឃើញនៅ​បុណ្យ​ថ្ងៃ​ទី​៥០។ (​សកម្ម. ២:១​-​៤, ៣២, ៣៣​) ដូច្នេះ​នៅ​ពេល​នោះ​កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​សុពលភាព​រួច​ហើយ។

និយាយ​រួម​ទៅ កិច្ច​ព្រម​ព្រៀង​ថ្មី​មាន​សុពលភាព​ក្រោយ​ពី​ព្រះ​យេហូវ៉ា​ទទួល​យក​គ្រឿង​បូជា​របស់​លោក​យេស៊ូ ហើយ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ព្រះ​រើស​តាំង​ទៅ​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​នោះ។ ពេល​នោះ​កិច្ច​ព្រម​ព្រៀង​​ថ្មី​ចាប់​ផ្ដើម​យក​ជា​ការ ដោយ​មាន​លោក​យេស៊ូ​ជា​សម្ដេច​សង្ឃ និង​ជា​អ្នក​សម្រុះ​សម្រួល។—ហេ. ៧:២៥; ៨:១​-​៣, ៦; ៩:១៣​-​១៥