លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៩

ចូរគាំទ្រលោកយេស៊ូជាអ្នកត្រួតពិនិត្យរបស់យើង

ចូរគាំទ្រលោកយេស៊ូជាអ្នកត្រួតពិនិត្យរបស់យើង

​«​ខ្ញុំ​បាន​ទទួល​គ្រប់​ទាំង​អំណាច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី​»។—ម៉ាថ. ២៨:១៨

ចម្រៀង​លេខ​១៣ គ្រិស្ត​ជា​គំរូ​របស់​យើង

សេចក្ដី​សង្ខេប a

១. តើ​អ្វី​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ?

 សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ធ្វើ​ឡើង​នៅ​ទូទាំង​ផែនដី។ (​ម៉ាក. ១៣:១០; ១ធី. ២:៣, ៤​) នេះ​គឺ​ជា​កិច្ច​ការ​របស់​ព្រះ ហើយ​ជា​កិច្ច​ការ​ដ៏​សំខាន់​ដល់​ម្ល៉េះ បាន​ជា​លោក​ជ្រើស​រើស​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​ឲ្យ​ដឹក​នាំ​កិច្ច​ការ​នេះ។ យើង​អាច​ប្រាកដ​ថា​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​លោក​យេស៊ូ កិច្ច​ការ​ផ្សព្វ​ផ្សាយ​នឹង​ត្រូវ​សម្រេច​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​មុន​ទី​បញ្ចប់​មក​ដល់។—ម៉ាថ. ២៤:១៤

២. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​លោក​យេស៊ូ​កំពុង​ប្រើ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ ដើម្បី​ផ្ដល់​សេចក្ដី​បង្រៀន​ពី​គម្ពីរ​ដែល​ប្រៀប​ដូច​ជា​អាហារ ហើយ​អំពី​របៀប​ដែល​លោក​ប្រើ​ខ្ញុំ​បម្រើ​នោះ​ដើម្បី​រៀបចំ​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ (​ម៉ាថ. ២៤:៤៥​) យើង​ក៏​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​ម្នាក់​ៗ​អាច​ធ្វើ​ដើម្បី​គាំទ្រ​លោក​យេស៊ូ​និង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​នោះ។

លោក​យេស៊ូ​ដឹក​នាំ​កិច្ច​ការ​ផ្សព្វ​ផ្សាយ

៣. តើ​លោក​យេស៊ូ​បាន​ទទួល​អំណាច​អ្វី?

លោក​យេស៊ូ​កំពុង​មើល​ការ​ខុស​ត្រូវ​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ ហេតុ​អ្វី​យើង​អាច​ប្រាកដ​ដូច្នេះ? មិន​យូរ​មុន​លោក​យេស៊ូ​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ លោក​បាន​ជួប​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​មួយ​ចំនួន​របស់​លោក​នៅ​ភ្នំ​មួយ នា​ស្រុក​កាលីឡេ។ លោក​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​គ្រប់​ទាំង​អំណាច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែនដី​»។ សូម​កត់​សម្គាល់​ប្រសាសន៍​របស់​លោក​នៅ​បន្ទាប់​មក ដែល​ថា​៖ ​«​ដូច្នេះ ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​ខ្ញុំ​»។ (​ម៉ាថ. ២៨:១៨, ១៩​) យើង​ឃើញ​ថា​ភារកិច្ច​មួយ​ក្នុង​ចំណោម​ភារកិច្ច​ដែល​លោក​យេស៊ូ​បាន​ទទួល គឺ​ដឹក​នាំ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។

៤. ហេតុ​អ្វី​យើង​អាច​ដឹង​ប្រាកដ​ថា​លោក​យេស៊ូ​នៅ​តែ​មើល​ការ​ខុស​ត្រូវ​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​«​គ្រប់​ជាតិ​សាសន៍​»​ ហើយ​ថា​លោក​នឹង​នៅ​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​លោក​«​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​»។ (​ម៉ាថ. ២៨:២០​) ពាក្យ​ទាំង​នោះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា កិច្ច​ការ​ផ្សព្វ​ផ្សាយ​នឹង​បន្ត​នៅ​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​លោក​យេស៊ូ រហូត​ដល់​សម័យ​យើង។

៥. តើ​យើង​មាន​ចំណែក​អ្វី​ក្នុង​ការ​ធ្វើ​ឲ្យ​ពាក្យ​នៅ​ចម្រៀង​សរសើរ​ព្រះ ១១០:៣​សម្រេច?

លោក​យេស៊ូ​មិន​បាន​ព្រួយ​បារម្ភ​ថា​នឹង​ខ្វះ​អ្នក​ធ្វើ​ការ​ក្នុង​អំឡុង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របស់​ពិភព​លោក​នេះ​ទេ។ លោក​បាន​ដឹង​ថា ពាក្យ​ដែល​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​ប្រកាស​ទុក​ជា​មុន​នឹង​ត្រូវ​សម្រេច ដែល​ថា​៖ ​«​រាស្ត្រ​របស់​លោក​នឹង​ប្រគល់​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ថ្ងៃ​ដែល​លោក​នាំ​កង​ទ័ព​ចេញ​ទៅ​ច្បាំង​»។ (​ចសព. ១១០:៣​) បើ​អ្នក​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ អ្នក​កំពុង​គាំទ្រ​លោក​យេស៊ូ​និង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់ ហើយ​ក៏​កំពុង​ជួយ​សម្រេច​ទំនាយ​នោះ​ដែរ។ ទោះ​ជា​កិច្ច​ការ​នេះ​កំពុង​ជឿន​ទៅ​មុខ​ក្ដី មាន​ការ​ពិបាក​ផ្សេង​ៗ។

៦. តើ​អ្នក​ផ្សព្វ​ផ្សាយ​ជួប​ការ​ពិបាក​អ្វី​នៅ​សព្វ​ថ្ងៃ​នេះ?

ការ​ពិបាក​មួយ​ដែល​អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ​ជួប​ប្រទះ​គឺ​ការ​ប្រឆាំង។ ពួក​អ្នក​ក្បត់​ជំនឿ ពួក​អ្នក​ដឹក​នាំ​សាសនា និង​ពួក​អ្នក​នយោបាយ​បាន​កុហក​មនុស្ស​ជា​ច្រើន​អំពី​កិច្ច​ការ​របស់​យើង។ បើ​សាច់​ញាតិ​របស់​យើង អ្នក​ដែល​យើង​ស្គាល់ និង​អ្នក​រួម​ការ​ងារ​បាន​ត្រូវ​បំភាន់​ដោយ​ព័ត៌មាន​មិន​ពិត​នេះ ពួក​គេ​ប្រហែល​ជា​ព្យាយាម​បង្ខំ​យើង​ឲ្យ​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​និង​ឈប់​ផ្សព្វ​ផ្សាយ។ នៅ​ប្រទេស​ខ្លះ សត្រូវ​របស់​យើង​បាន​គំរាម​កំហែង វាយ​ប្រហារ ឬ​ចាប់​ខ្លួន​បង​ប្អូន​របស់​យើង ហើយ​ថែម​ទាំង​ដាក់​គុក​ពួក​គេ​ទៀត​ផង។ យើង​មិន​ភ្ញាក់​ផ្អើល​ដែល​គេ​ប្រព្រឹត្ត​បែប​នេះ​មក​លើ​យើង​ទេ។ លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា​៖ ​«​ប្រជា​ជាតិ​ទាំងឡាយ​នឹង​ស្អប់​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​រាល់​គ្នា​កាន់​តាម​ខ្ញុំ​»។ (​ម៉ាថ. ២៤:៩​) ដោយ​សារ​យើង​បាន​ត្រូវ​គេ​ស្អប់​បែប​នេះ នោះ​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​យើង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ និង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ (​ម៉ាថ. ៥:១១, ១២​) មេ​កំណាច​គឺ​នៅ​ពី​ក្រោយ​ខ្នង​ការ​ប្រឆាំង​នេះ។ ប៉ុន្តែ លោក​យេស៊ូ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​ជាង​វា! ដោយ​សារ​មាន​ការ​គាំទ្រ​ពី​លោក​យេស៊ូ មនុស្ស​ពី​គ្រប់​ប្រជា​ជាតិ​កំពុង​ឮ​ដំណឹង​ល្អ។ យើង​នឹង​ពិចារណា​អំពី​ទី​សំអាង​ខ្លះ​ៗ។

៧. តើ​អ្នក​ឃើញ​ទី​សំអាង​អ្វី​ដែល​បង្ហាញ​ថា​ពាក្យ​នៅ​ការ​បើក​បង្ហាញ ១៤:៦, ៧​កំពុង​សម្រេច?

ការ​ពិបាក​មួយ​ទៀត​ដែល​យើង​ជួប​ប្រទះ​ពេល​ផ្សព្វ​ផ្សាយ គឺ​ថា​មនុស្ស​និយាយ​ភាសា​ផ្សេង​ៗ​ខុស​ពី​យើង។ ក្នុង​ការ​បើក​បង្ហាញ​ដែល​លោក​យេស៊ូ​បាន​ឲ្យ​សាវ័ក​យ៉ូហាន​ឃើញ​ក្នុង​គំនិត លោក​បាន​ប្រាប់​ទុក​ជា​មុន​ថា នៅ​សម័យ​យើង​ដំណឹង​ល្អ​នឹង​យក​ឈ្នះ​ការ​ពិបាក​នេះ។ (​សូម​អាន ការ​បើក​បង្ហាញ ១៤:៦, ៧) តើ​តាម​របៀប​ណា? យើង​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ច្រើន​បំផុត​ទទួល​យក​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ។ នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​នៅ​ទូទាំង​ពិភព​លោក​អាច​អាន​ព័ត៌មាន​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ​នៅ​គេហទំព័រ​jw.org ដោយ​សារ​គេហទំព័រ​នេះ​មាន​ព័ត៌មាន​ជាង​១.០០០​ភាសា។ យើង​ក៏​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​បក​ប្រែ​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!ជាង​៧០០​ភាសា ដែល​ជា​សៀវភៅ​សិក្សា​សំខាន់​ចម្បង​របស់​យើង​សម្រាប់​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ! ការ​ណែនាំ​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ ក៏​បាន​ត្រូវ​រៀបចំ​ជា​វីដេអូ​សម្រាប់​មនុស្ស​ថ្លង់ និង​សៀវភៅ​ជា​អក្សរ​ផុស​សម្រាប់​មនុស្ស​ងងឹត​ភ្នែក។ យើង​កំពុង​ឃើញ​ទំនាយ​ពី​គម្ពីរ​សម្រេច។ មនុស្ស​«​ពី​គ្រប់​ភាសា​គ្រប់​ប្រជា​ជាតិ​»​ កំពុង​រៀន​ឲ្យ​ចេះ​និយាយ​«​ភាសា​បរិសុទ្ធ​»​នៃ​សេចក្ដី​ពិត​ពី​គម្ពីរ។ (​សាក. ៨:២៣; សេផ. ៣:៩​) អ្វី​ទាំង​អស់​នេះ​កំពុង​ធ្វើ​ឡើង​នៅ​ក្រោម​ការ​មើល​ខុស​ត្រូវ​ដ៏​ល្អ​ប្រសើរ​របស់​លោក​យេស៊ូ​គ្រិស្ត។

៨. រហូត​ដល់​សព្វ​ថ្ងៃ​នេះ តើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​បាន​ទទួល​លទ្ធផល​យ៉ាង​ណា?

នៅ​សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​ជាង​៨.០០០.០០០​នាក់ នៅ​២៤០​ប្រទេស​ដែល​នៅ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ហើយ​ជា​រៀង​រាល់​ឆ្នាំ​មាន​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក​រាប់​ម៉ឺន​នាក់! ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​តួ​លេខ​នេះ គឺ​គុណ​សម្បត្តិ​ឬ​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​ ដែល​ពួក​អ្នក​កាន់​តាម​ថ្មី​ទាំង​នេះ​បាន​បណ្ដុះ​ឲ្យ​មាន។ (​កូឡ. ៣:៨​-​១០​) ពួក​គេ​ជា​ច្រើន​នាក់​បាន​ឈប់រើស​អើង លែង​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ និង​អំពើឃោរឃៅ ហើយ​ឈប់​ស្នេហា​ជាតិ។ ទំនាយ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​អេសាយ ២:៤​កំពុង​សម្រេច​គឺ​ថា ពួក​គេ​«​មិន​រៀន​ធ្វើ​សង្គ្រាម​ទៀត​»​ទេ។ ដោយ​សារ​យើង​ខំ​ប្រឹង​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី យើង​ទាក់​ទាញ​ចិត្ត​មនុស្ស​ឲ្យ​ចង់​មក​អង្គការ​ព្រះ ហើយ​យើង​បង្ហាញ​ថា​យើង​ធ្វើ​តាម​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​របស់​យើង។ (​យ៉ូន. ១៣:៣៥; ១ពេ. ២:​១២​) នេះ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។ លោក​យេស៊ូ​កំពុង​ផ្ដល់​ជំនួយ​ដែល​យើង​ត្រូវ​ការ។

លោក​យេស៊ូ​តែង​តាំង​ខ្ញុំ​បម្រើ

៩. តើ​អ្វី​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​នៅ​ម៉ាថាយ ២៤:៤៥​-​៤៧​អំពី​គ្រា​ចុង​បញ្ចប់?

សូម​អាន ម៉ាថាយ ២៤:៤៥​-​៤៧ លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា​ក្នុង​អំឡុង​គ្រា​ចុង​បញ្ចប់ លោក​នឹង​តែង​តាំង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ ដើម្បី​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ។ ដូច្នេះ យើង​អាច​រំពឹង​ថា​ខ្ញុំ​បម្រើ​នោះ​នឹង​ជាប់​រវល់​នៅ​សម័យ​យើង។ នេះ​គឺ​ពិត​មែន។ លោក​យេស៊ូ​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​របស់​យើង បាន​ប្រើ​បុរស​មួយ​ក្រុម​តូច​ដែល​ជា​អ្នក​រើស​តាំង ឲ្យ​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​«​នៅ​ពេល​ត្រឹម​ត្រូវ​»​ ដល់​រាស្ត្រ​ព្រះ​និង​ពួក​អ្នក​ចាប់​អារម្មណ៍។ បុរស​ទាំង​នេះ​មិន​ចាត់​ទុក​ខ្លួន​ថា​ជា​ម្ចាស់​លើ​ជំនឿ​របស់​អ្នក​ឯ​ទៀត​ទេ។ (​២កូ. ១:២៤​) ផ្ទុយ​ទៅ​វិញ ពួក​គេ​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​គ្រិស្ត​គឺ​ជា​«​អ្នក​ដឹក​នាំ និង​ជា​មេ​បញ្ជាការ​»​របស់​រាស្ត្រ​លោក។—អេ. ៥៥:៤

១០. តើ​សៀវភៅ​មួយ​ណា​ក្នុង​រូប​ភាព​បាន​ជួយ​អ្នក​ឲ្យ​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា?

១០ តាំង​ពី​ឆ្នាំ​១៩១៩ ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​បាន​រៀបចំ​សៀវភៅ​ផ្សេង​ៗ ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​ពួក​អ្នក​ចាប់​អារម្មណ៍​ថ្មី​ចាប់​ផ្ដើម​រៀន​សេចក្ដី​ពិត​ពី​បណ្ដាំ​ព្រះ។ នៅ​ឆ្នាំ​១៩២១ ខ្ញុំ​បម្រើ​នេះ​បាន​រៀបចំ​សៀវភៅ​ពិណ​របស់​ព្រះ (The Harp of God) ដើម្បី​ជួយ​ពួក​អ្នក​ចាប់​អារម្មណ៍​ឲ្យ​រៀន​សេចក្ដី​បង្រៀន​បឋម​ពី​គម្ពីរ។ ក្រោយ​មក មាន​សៀវភៅ​បន្ថែម​ទៀត​បាន​ត្រូវ​រៀបចំ​ឡើង។ តើ​សៀវភៅ​មួយ​ណា​បាន​ជួយ​អ្នក​ឲ្យ​ចាប់​ផ្ដើម​ស្គាល់​និង​ស្រឡាញ់​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌? តើ​នោះ​គឺ​សៀវភៅ​«​សូម​ឲ្យ​ព្រះ​រាប់​ជា​ពិត​»​ (​“Let God Be True”​) សេចក្ដី​ពិត​ដែល​នាំ​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ (The Truth That Leads to Eternal Life) អ្នក​អាច​រស់​នៅ​ជា​និរន្ដរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី? ឬ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!ដែល​ជា​សៀវភៅ​ថ្មី​បំផុត​របស់​យើង? ពេល​សៀវភៅ​នីមួយ​ៗ​ទាំង​នេះ​បាន​ត្រូវ​ចេញ​ផ្សាយ សៀវភៅ​នោះ​គឺ​ចំ​នឹង​អ្វី​ដែល​យើង​ត្រូវ​ការ​តាម​សម័យ​កាល​នោះ។ ម្យ៉ាង​ទៀត សៀវភៅ​ទាំង​អស់​នេះ​បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​ជួយ​យើង​ឲ្យ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។

១១. ហេតុ​អ្វី​គឺ​សំខាន់​ចាំ​បាច់​ដែល​យើង​ទាំង​អស់​គ្នា​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា​និង​គម្ពីរ?

១១ មិន​មែន​មាន​តែ​អ្នក​ចាប់​អារម្មណ៍​ថ្មី​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ​អាហារ​រឹង​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​ជា​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​អាហារ​រឹង​គឺ​សម្រាប់​មនុស្ស​ពេញ​វ័យ​»។ ប៉ូល​បាន​បន្ថែម​ថា ការ​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន​ពី​គម្ពីរ​នឹង​ជួយ​យើង​ឲ្យ​ចេះ​«​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​»។ (​ហេ. ៥:១៤​) ក្នុង​គ្រា​លំបាក​នេះ ពេល​ដែល​សីលធម៌​អន់​ថយ​ទៅ​យ៉ាង​ខ្លាំង ការ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​គឺ​មិន​តែង​តែ​ស្រួល​ទេ។ ប៉ុន្តែ លោក​យេស៊ូ​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​ទទួល​ចំណេះ​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ជំនឿ​របស់​យើង​ឲ្យ​រឹង​មាំ។ យើង​ទទួល​ការ​ណែនាំ​នេះ​ពី​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ។ ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​រៀបចំ​និង​ចែក​ចាយ​សេចក្ដី​បង្រៀន​នេះ ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេស៊ូ។

១២. ដូច​លោក​យេស៊ូ តើ​យើង​បាន​លើក​តម្កើង​នាម​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

១២ ដូច​លោក​យេស៊ូ យើង​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​ទទួល​ការ​សរសើរ​តម្កើង ដែល​នាម​លោក​សម​នឹង​ទទួល។ (​យ៉ូន. ១៧:៦, ២៦​) ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩៣១ យើង​បាន​ទទួល​ឈ្មោះ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ គឺ​សាក្សី​ព្រះ​យេហូវ៉ា។ ដោយ​ធ្វើ​ដូច្នេះ យើង​បាន​បង្ហាញ​ថា​នាម​របស់​ព្រះ​គឺ​សំខាន់​យ៉ាង​ណា​ចំពោះ​យើង ហើយ​ថា​យើង​ចង់​ឲ្យ​គេ​សម្គាល់​យើង​ដោយ​ប្រើ​នាម​របស់​បិតា​យើង​នៅ​ស្ថាន​សួគ៌។ (​អេ. ៤៣:១០​-​១២​) ម្យ៉ាង​ទៀត តាំង​ពី​ខែ​តុលា​នៅ​ឆ្នាំ​១៩៣១​នោះ នាម​ព្រះ​មាន​នៅ​លើ​ក្រប​របស់​លេខ​នីមួយ​ៗ​នៃ​ទស្សនាវដ្ដី​ប៉ម​យាម។ បន្ថែម​ទៅ​ទៀត គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី បាន​ដាក់​បញ្ចូល​នាម​របស់​ព្រះ​នៅ​កន្លែង​ត្រឹម​ត្រូវ​ឡើង​វិញ​ក្នុង​បណ្ដាំ​លោក។ នេះ​គឺ​ខុស​គ្នា​ស្រឡះ​ពី​ពិភព​គ្រិស្ត​សាសនា​ដែល​បាន​ដក​នាម​របស់​ព្រះ​យេហូវ៉ា​ចេញ​ពី​សេចក្ដី​បក​ប្រែ​គម្ពីរ​ជា​ច្រើន​របស់​ពួក​គេ!

លោក​យេស៊ូ​ធ្វើ​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក មាន​របៀប​រៀប​រយ

១៣. តើ​អ្វី​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​លោក​យេស៊ូ​កំពុង​ប្រើ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​នៅ​សព្វ​ថ្ងៃ​នេះ? (​យ៉ូហាន ៦:៦៨​)

១៣ តាម​រយៈ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ លោក​យេស៊ូ​បាន​តាំង​ឡើង​អង្គការ​ដ៏​អស្ចារ្យ​មួយ​នៅ​ផែនដី​ដើម្បី​លើក​ស្ទួយ​ការ​គោរព​ប្រណិប័តន៍​ពិត។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អង្គការ​នេះ? ប្រហែល​ជា​អ្នក​មាន​អារម្មណ៍​ដូច​សាវ័ក​ពេត្រុស​ដែល​និយាយ​ទៅ​កាន់​លោក​យេស៊ូ​ថា​៖ ​«​តើ​យើង​នឹង​ទៅ​ឯ​អ្នក​ណា​វិញ? ប្រសាសន៍​របស់​លោក​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​យ៉ូន. ៦:៦៨​) តើ​យើង​ទាំង​អស់​គ្នា​នឹង​រសាត់​អណ្ដែត​ទៅ​ដល់​ទី​ណា​សព្វ​ថ្ងៃ​នេះ បើ​យើង​មិន​បាន​ស្គាល់​អង្គការ​របស់​ព្រះ​យេហូវ៉ា? តាម​រយៈ​អង្គការ​នេះ គ្រិស្ត​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​មាន​អ្វី​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ។ លោក​យេស៊ូ​ក៏​បង្ហាត់​បង្រៀន​យើង​ឲ្យ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​ដោយ​មាន​ប្រសិទ្ធភាព​ដែរ។ បន្ថែម​ទៅ​ទៀត លោក​ជួយ​យើង​ឲ្យ​ពាក់​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​ ដើម្បី​យើង​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។—អេភ. ៤:២៤

១៤. ក្នុង​អំឡុង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​-​១៩ តើ​អ្នក​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ដោយ​សារ​អ្នក​នៅ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា?

១៤ លោក​យេស៊ូ​ផ្ដល់​ការ​ណែនាំ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ក្នុង​គ្រា​ពិបាក។ ប្រយោជន៍​នៃ​ការ​ណែនាំ​នោះ គឺ​ស​ឲ្យ​ឃើញ​ពេល​ដែល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​-​១៩។ កាល​ដែល​មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ​មិន​ដឹង​ច្បាស់​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ លោក​យេស៊ូ​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​បាន​ទទួល​ការ​ណែនាំ​ច្បាស់​ដើម្បី​ជួយ​យើង​ឲ្យ​រក្សា​សុវត្ថិភាព។ យើង​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ពាក់​ម៉ាស់​ពេល​ចេញ​ក្រៅ​និង​ឲ្យ​រក្សា​គម្លាត។ ពួក​អ្នក​ចាស់​ទុំ​បាន​ត្រូវ​រំលឹក​ឲ្យ​បន្ត​ទាក់​ទង​ជា​ទៀង​ទាត់​នឹង​អស់​អ្នក​នៅ​ក្នុង​ក្រុម​ជំនុំ ហើយ​ដឹង​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​រក្សា​សុវត្ថិភាព សុខភាព និង​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ (​អេ. ៣២:១, ២​) យើង​បាន​ទទួល​ការ​ណែនាំ​និង​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត តាម​រយៈ​របាយការណ៍​ថ្មី​ៗ​ពី​គណៈ​អភិបាល​ផង​ដែរ។

១៥. តើ​យើង​បាន​ទទួល​ការ​ណែនាំ​អ្វី​សម្រាប់​ការ​ធ្វើ​កិច្ច​ប្រជុំ​និង​កិច្ច​ផ្សព្វ​ផ្សាយ​ក្នុង​អំឡុង​រោគ​រាត​ត្បាត ហើយ​តើ​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

១៥ ក្នុង​អំឡុង​រោគ​រាត​ត្បាត​នេះ យើង​ក៏​បាន​ទទួល​ការ​ណែនាំ​ច្បាស់​អំពី​របៀប​ធ្វើ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​និង​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ ភ្លាម​ៗ យើង​បាន​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក សន្និបាត និង​មហា​សន្និបាត​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត។ ភាគ​ច្រើន យើង​ក៏​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដោយ​សរសេរ​សំបុត្រ​និង​តាម​ទូរស័ព្ទ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ចំពោះ​ការ​ខំ​ប្រឹង​របស់​យើង។ ការិយាល័យ​សាខា​ជា​ច្រើន​បាន​រាយ​ការណ៍​ថា ចំនួន​អ្នក​ផ្សាយ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។ តាម​ពិត បង​ប្អូន​ជា​ច្រើន​មាន​បទ​ពិសោធន៍​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ក្នុង​អំឡុង​គ្រា​នេះ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ព្រះ​យេហូវ៉ា​ឲ្យ​ពរ​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​»​)។

១៦. តើ​យើង​អាច​ជឿ​ជាក់​អំពី​អ្វី?

១៦ អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​អង្គការ​ព្រះ​ប្រុង​ប្រយ័ត្ន​ហួស​ហេតុ​ពេក ស្ដី​អំពី​រោគ​រាត​ត្បាត​នេះ។ ប៉ុន្តែ​ម្ដង​ហើយ​ម្ដង​ទៀត គឺ​ស​ឲ្យ​ឃើញ​ថា​ការ​ណែនាំ​ដែល​យើង​បាន​ទទួល ប្រកប​ដោយ​ប្រាជ្ញា។ (​ម៉ាថ. ១១:១៩​) ម្យ៉ាង​ទៀត កាល​ដែល​យើង​រំពឹង​គិត​អំពី​របៀប​ដ៏​កក់​ក្ដៅ​ដែល​លោក​យេស៊ូ​ដឹក​នាំ​រាស្ត្រ​របស់​លោក យើង​ជឿ​ជាក់​ថា​មិន​ថា​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​ក្ដី ព្រះ​យេហូវ៉ា​និង​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​នឹង​នៅ​ជា​មួយ​យើង។—សូម​អាន ហេប្រឺ ១៣:៥, ៦

១៧. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​លោក​យេស៊ូ?

១៧ យើង​សប្បាយ​ចិត្ត​ណាស់​ដែល​លោក​យេស៊ូ​ជា​អ្នក​ដឹក​នាំ​របស់​យើង! យើង​នៅ​ក្នុង​អង្គការ​មួយ​ដែល​មាន​សាមគ្គីភាព ទោះ​ជា​យើង​មាន​វប្បធម៌ ជន​ជាតិ និង​ភាសា​ខុស​គ្នា​ក្ដី។ យើង​ទទួល​ការ​ណែនាំ​ជា​ច្រើន​ពី​បណ្ដាំ​របស់​ព្រះ ហើយ​យើង​ទទួល​ការ​បង្ហាត់​បង្រៀន​ដែល​យើង​ត្រូវ​ការ​ដើម្បី​បំពេញ​កិច្ច​បម្រើ​ផ្សាយ។ យើង​ម្នាក់​ៗ​ទទួល​ការ​បង្ហាត់​បង្រៀន​ដើម្បី​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី ហើយ​យើង​កំពុង​រៀន​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​ពិត​ជា​មាន​មូលហេតុ​ជា​ច្រើន​ឲ្យ​អួត​អំពី​លោក​យេស៊ូ​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​របស់​យើង!

ចម្រៀង​លេខ​១៦ ចូរ​សរសើរ​ព្រះ​យេហូវ៉ា​ដែល​បាន​រើស​តាំង​បុត្រ​លោក

a នៅ​សព្វ​ថ្ងៃ​នេះ មាន​បុរស ស្ត្រី និង​កូន​ក្មេង​រាប់​លាន​នាក់ ដែល​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​ខ្នះ​ខ្នែង។ តើ​អ្នក​នៅ​ក្នុង​ចំណោម​ពួក​គេ​ឬ​ទេ? បើ​ដូច្នេះ អ្នក​កំពុង​ធ្វើ​កិច្ច​ការ​នោះ​នៅ​ក្រោម​ការ​ដឹក​នាំ​ពី​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ម្ចាស់​របស់​យើង។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ទី​សំអាង​ដែល​បង្ហាញ​ថា លោក​យេស៊ូ​កំពុង​ដឹក​នាំ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​សព្វ​ថ្ងៃ​នេះ។ ការ​រំពឹង​គិត​អំពី​ព័ត៌មាន​នេះ​នឹង​ជួយ​យើង​ឲ្យ​តាំង​ចិត្ត​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​ក្រោម​ការ​ដឹក​នាំ​របស់​គ្រិស្ត។