លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៨

រាជាណាចក្រព្រះកំពុងគ្រប់គ្រងហើយ!

រាជាណាចក្រព្រះកំពុងគ្រប់គ្រងហើយ!

​«​រាជាណាចក្រ​នៃ​ពិភព​លោក​នេះ​បាន​ក្លាយ​ទៅ​ជា​រាជាណាចក្រ​នៃ​ម្ចាស់​របស់​យើង​និង​គ្រិស្ត​របស់​លោក​»។—បប. ១១:១៥

ចម្រៀង​លេខ​២២ សូម​ឲ្យ​រាជាណាចក្រ​ព្រះ​មក​ដល់!

សេចក្ដី​សង្ខេប a

១. តើ​យើង​អាច​ជឿ​ជាក់​អំពី​អ្វី ហើយ​ហេតុ​អ្វី?

 ពេល​អ្នក​ឃើញ​ស្ថានភាព​ពិភព​លោក តើ​អ្នក​ពិបាក​រក្សា​ឲ្យ​មាន​ទស្សនៈ​ល្អ​ឬ​ទេ? សព្វ​ថ្ងៃ​នេះ ក្រុម​គ្រួសារ​បែក​បាក់​គ្នា មនុស្ស​ជា​ទូទៅ​កាន់​តែ​ឃោរ​ឃៅ គិត​តែ​ប្រយោជន៍​ខ្លួន​ឯង និង​កាច​សាហាវ។ មនុស្ស​ជា​ច្រើន​ពិបាក​ទុក​ចិត្ត​ពួក​អ្នក​ដែល​មាន​អំណាច។ ប៉ុន្តែ ស្ថានភាព​ទាំង​អស់​នេះ​អាច​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក។ ហេតុ​អ្វី? ពីព្រោះ​មនុស្ស​កំពុង​ប្រព្រឹត្ត​ដូច​ដែល​បាន​ត្រូវ​ប្រាប់​ទុក​ជា​មុន​ក្នុង​ទំនាយ​មួយ​ពី​គម្ពីរ​អំពី​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ (​២ធី. ៣:១​-​៥​) មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​មិន​អាច​ប្រកែក​ថា​ទំនាយ​នេះ​មិន​ទាន់​សម្រេច​ឡើយ។ ម្យ៉ាង​ទៀត ការ​សម្រេច​ទំនាយ​នេះ​បង្ហាញ​ថា លោក​យេស៊ូ​គ្រិស្ត​បាន​ទៅ​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ។ ប៉ុន្តែ នេះ​គ្រាន់​តែ​ជា​ទំនាយ​មួយ​ក្នុង​ចំណោម​ទំនាយ​ជា​ច្រើន​អំពី​រាជាណាចក្រ​ព្រះ។ ការ​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ទំនាយ​ផ្សេង​ទៀត​ដែល​បាន​ត្រូវ​សម្រេច​នៅ​សម័យ​នេះ​នឹង​ពង្រឹង​ជំនឿ​របស់​យើង។

ដូច​បំណែក​រូប​ផ្គុំ​ដែល​បាន​ត្រូវ​បញ្ចូល​គ្នា​ដើម្បី​ចេញ​រូប​ភាព​មួយ ទំនាយ​ក្នុង​គម្ពីរ​ពី​សៀវភៅ​ដានីយ៉ែល​និង​សៀវភៅ​ការ​បើក​បង្ហាញ​ផ្គុំ​គ្នា​ដើម្បី​ចេញ​រូប​ភាព​ច្បាស់​ថា​យើង​នៅ​គ្រា​ណា​ក្នុង​លំដាប់​ព្រឹត្តិការណ៍​របស់​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​២​)

២. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ ហើយ​ហេតុ​អ្វី? (​សូម​ឆ្លើយ​អំពី​រូប​ភាព​នៅ​ក្រប​)

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​៖ (​១​) ទំនាយ​មួយ​ដែល​ជួយ​យើង​ឲ្យ​ដឹង​ថា​រាជាណាចក្រ​របស់​ព្រះ​បាន​ត្រូវ​ស្ថាបនា​ឡើង​នៅ​ពេល​ណា (​២​) ទំនាយ​ដែល​ជួយ​យើង​ឲ្យ​ដឹង​អំពី​វត្តមាន​ដែល​មនុស្ស​មើល​មិន​ឃើញ​របស់​លោក​យេស៊ូ ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ និង​(​៣​) ទំនាយ​ដែល​បង្ហាញ​អំពី​របៀប​ដែល​ពួក​សត្រូវ​របស់​រាជាណាចក្រ​ព្រះ​នឹង​ត្រូវ​បំផ្លាញ។ យើង​នឹង​ឃើញ​ថា​ទំនាយ​ទាំង​នេះ​ជាប់​ទាក់​ទង​គ្នា ដូច​បំណែក​រូប​ផ្គុំ​ដែល​គេ​រៀប​បញ្ចូល​គ្នា​ដើម្បី​ឃើញ​រូប​ភាព​ច្បាស់​មួយថា យើង​នៅ​គ្រា​ណា​ក្នុង​លំដាប់​ព្រឹត្តិការណ៍​របស់​ព្រះ​យេហូវ៉ា។

របៀប​ដឹង​ថា​ពេល​ណា​រាជាណាចក្រ​របស់​ព្រះ​បាន​ត្រូវ​ស្ថាបនា​ឡើង

៣. តើ​ទំនាយ​នៅ​ដានីយ៉ែល ៧:១៣, ១៤ ពង្រឹង​ទំនុក​ចិត្ត​យើង​អំពី​អ្វី?

ទំនាយ​នៅ​ដានីយ៉ែល ៧:១៣, ១៤ ពង្រឹង​ទំនុក​ចិត្ត​យើង​ថា លោក​យេស៊ូ​គ្រិស្ត​គឺ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​បំផុត​នៃ​រាជាណាចក្រ​ព្រះ។ មនុស្ស​ពី​គ្រប់​ប្រជា​ជាតិ​នឹង​‹បម្រើ​លោក›​ដោយ​សប្បាយ​រីករាយ ហើយ​គ្មាន​អ្នក​គ្រប់​គ្រង​ណា​នឹង​ជំនួស​លោក​បាន​ឡើយ។ ទំនាយ​មួយ​ទៀត​ក្នុង​សៀវភៅ​ដានីយ៉ែល​បាន​ប្រាប់​ទុក​ជា​មុន​ថា លោក​យេស៊ូ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​នោះ​នៅ​ដំណាច់​គ្រា​មួយ​ដែល​ហៅ​ថា​៧​គ្រា។ តើ​យើង​អាច​ដឹង​ឬ​ទេ​ថា​លោក​យេស៊ូ​បាន​ទៅ​ជា​ស្ដេច​នៅ​ពេល​ណា?

៤. សូម​ពន្យល់​របៀប​ដែល​ដានីយ៉ែល ៤:១០​-​១៧ ជួយ​យើង​ឲ្យ​យល់​អំពី​ឆ្នាំ​ដែល​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច​នៃ​រាជាណាចក្រ។ (​សូម​មើល​កំណត់​សម្គាល់​ផង​ដែរ​)

សូម​អាន ដានីយ៉ែល ៤:១០​-​១៧ ​«​៧​គ្រា​»​ជា​តំណាង​គ្រា​មួយ​ដែល​មាន​រយៈ​ពេល​២.៥២០​ឆ្នាំ។ គ្រា​នោះ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ពេល​ដែល​ជន​ជាតិ​បាប៊ីឡូន​បាន​ដក​ស្ដេច​ចុង​ក្រោយ​ចេញ​ពី​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម។ គ្រា​នោះ​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩១៤ គ.ស. ពេល​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​«​អ្នក​ដែល​មាន​សិទ្ធិ​ទទួល​»​ពោល​គឺ​លោក​យេស៊ូ អង្គុយ​លើ​បល្ល័ង្ក​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ។ bអេគ. ២១:២៥​-​២៧

៥. តើ​អ្វី​ជា​ប្រយោជន៍​មួយ​ដែល​យើង​អាច​ទទួល​ពី​ទំនាយ​អំពី​«​៧​គ្រា​»​?

តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ទំនាយ​នេះ? ការ​ដឹង​អំពី​«​៧​គ្រា​»​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​ព្រះ​យេហូវ៉ា​សម្រេច​សេចក្ដី​សន្យា​របស់​លោក​នៅ​ពេល​ត្រឹម​ត្រូវ។ ដូច​ដែល​លោក​បាន​កំណត់​ពេល​ដ៏​ជាក់​លាក់​មួយ​សម្រាប់​ការ​ចាប់​ផ្ដើម​នៃ​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ​លោក លោក​ក៏​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ទំនាយ​ទាំង​អស់​ឯ​ទៀត​នឹង​ត្រូវ​សម្រេច​ស្រប​តាម​ពេល​កំណត់​របស់​លោក​ដែរ។ ពិត​មែន ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​«​ឥត​យឺត​ឡើយ​»​!—ហាប. ២:៣

របៀប​ដឹង​ថា​គ្រិស្ត​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ

៦. (​ក​) តើ​មាន​ព្រឹត្តិការណ៍​អ្វី​ខ្លះ​នៅ​ផែនដី​ដែល​បង្ហាញ​ថា​គ្រិស្ត​កំពុង​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌? (​ខ​) តើ​ទំនាយ​នៅ​ការ​បើក​បង្ហាញ ៦:២​-​៨​បញ្ជាក់​យ៉ាង​ណា​អំពី​ទី​សំអាង​នេះ?

នៅ​ជិត​ទី​បញ្ចប់​នៃ​កិច្ច​បម្រើ​របស់​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​ប្រាប់​ទុក​ជា​មុន​អំពី​ព្រឹត្តិការណ៍​មួយ​ចំនួន​ក្នុង​ពិភព​លោក ដែល​នឹង​ជួយ​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ដឹង​ថា​លោក​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌។ ព្រឹត្តិការណ៍​ខ្លះ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ដែល​លោក​បាន​រៀប​រាប់​គឺ​សង្គ្រាម ការ​អត់​ឃ្លាន និង​រញ្ជួយ​ដី។ លោក​ក៏​បាន​ប្រាប់​ទុក​ជា​មុន​ថា នឹង​មាន​រោគ​រាត​ត្បាត​ឬ​ជំងឺ​«​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​»​ ហើយ​ថ្មី​ៗ​នេះ​ជំងឺ​កូវីដ​-​១៩​គឺ​ជា​ឧទាហរណ៍​មួយ​អំពី​បញ្ហា​នេះ។ ព្រឹត្តិការណ៍​ទាំង​នេះ​គឺ​ជា​ផ្នែក​នៃ​អ្វី​ដែល​គម្ពីរ​ហៅ​ថា​«​សញ្ញា​សម្គាល់​»​នៃ​វត្តមាន​របស់​គ្រិស្ត។ (​ម៉ាថ. ២៤:៣, ៧; លូក. ២១:៧, ១០, ១១​) ជាង​៦០​ឆ្នាំ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់​និង​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ លោក​បាន​បញ្ជាក់​ថែម​ទៀត​ដល់​សាវ័ក​យ៉ូហាន​ថា​ព្រឹត្តិការណ៍​ទាំង​នេះ​នឹង​កើត​ឡើង។ (​សូម​អាន ការ​បើក​បង្ហាញ ៦:២​-​៨) ព្រឹត្តិការណ៍​ទាំង​អស់​នេះ​បាន​កើត​ឡើង​តាំង​ពី​លោក​យេស៊ូ​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ​នា​ឆ្នាំ​១៩១៤។

៧. ហេតុ​អ្វី​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​ធ្វើ​ឲ្យ​វេទនា​ដល់​ផែនដី?

ហេតុ​អ្វី​ស្ថានភាព​ពិភព​លោក​អាក្រក់​ជាង​មុន នៅ​ពេល​ដែល​លោក​យេស៊ូ​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច? ការ​បើក​បង្ហាញ ៦:២​ប្រាប់​ព័ត៌មាន​សំខាន់​មួយ​គឺ​ថា អ្វី​ដំបូង​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ពេល​ដែល​លោក​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ​គឺ​សង្គ្រាម។ តើ​លោក​ច្បាំង​នឹង​អ្នក​ណា? គឺ​លោក​ច្បាំង​នឹង​មេ​កំណាច និង​ពួក​វិញ្ញាណ​កំណាច​របស់​វា។ យោង​ទៅ​តាម​ការ​បើក​បង្ហាញ ជំពូក​១២ សាថាន​បាន​ច្បាំង​ចាញ់ ហើយ​វា​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​បាន​ត្រូវ​បោះ​ទម្លាក់​មក​ផែនដី។ សាថាន​បាន​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំង​ដាក់​មនុស្សជាតិ ហើយ​នេះ​នាំ​ឲ្យ​«​វេទនា​ដល់​ផែនដី​»។—បប. ១២:៧​-​១២

យើង​មិន​សប្បាយ​ចិត្ត​ពេល​ឃើញ​អ្វី​ៗ​ដ៏​អាក្រក់​កើត​ឡើង ប៉ុន្តែ​ពេល​ឃើញ​ទំនាយ​គម្ពីរ​កំពុង​ក្លាយ​ជា​ការ​ពិត​នៅ​សព្វ​ថ្ងៃ​នេះ យើង​មាន​ទំនុក​ចិត្ត​ថា​រាជាណាចក្រ​ព្រះ​កំពុង​គ្រប់​គ្រង (​សូម​មើល​វគ្គ​៨​)

៨. តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ឃើញ​ទំនាយ​អំពី​រាជាណាចក្រ​ព្រះ​កំពុង​សម្រេច?

តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ទំនាយ​ទាំង​នេះ? ព្រឹត្តិការណ៍​ពិភព​លោក និង​ការ​ផ្លាស់​ប្ដូរ​នៃ​ចិត្ត​គំនិត​របស់​មនុស្ស ជួយ​យើង​ឲ្យ​ដឹង​ថា​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច។ ដូច្នេះ ជា​ជាង​ទើស​ចិត្ត​ពេល​ដែល​យើង​ឃើញ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​សាហាវ​និង​ដោយ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន យើង​ចាំ​ថា​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​កំពុង​សម្រេច​ទំនាយ​ក្នុង​គម្ពីរ។ រាជាណាចក្រ​ព្រះ​កំពុង​គ្រប់​គ្រង​ហើយ! (​ចសព. ៣៧:១​) ម្យ៉ាង​ទៀត យើង​នឹង​ឃើញ​ការ​ពិបាក​មាន​កាន់​តែ​ច្រើន​ឡើង​ក្នុង​ពិភព​លោក កាល​ដែល​យើង​ខិត​ចូល​ទៅ​ដល់​សង្គ្រាម​អាម៉ាគេដូន។ (​ម៉ាក. ១៣:៨; ២ធី. ៣:១៣​) យើង​សប្បាយ​ចិត្ត​ណាស់​ដែល​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​យើង ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​មាន​បញ្ហា​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ។

របៀប​ដែល​សត្រូវ​នៃ​រាជាណាចក្រ​របស់​ព្រះ​នឹង​ត្រូវ​បំផ្លាញ

៩. តើ​ទំនាយ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ដានីយ៉ែល ២:២៨, ៣១​-​៣៥​រៀប​រាប់​យ៉ាង​ណា​អំពី​មហា​អំណាច​ចុង​ក្រោយ ហើយ​តើ​មហា​អំណាច​នោះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ពេល​ណា?

សូម​អាន ដានីយ៉ែល ២:២៨, ៣១​-​៣៥ យើង​ឃើញ​ទំនាយ​នេះ​កំពុង​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ។ សុបិន​របស់​នេប៊ូក្នេសា​បង្ហាញ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​«​នៅ​គ្រា​ចុង​បញ្ចប់​»​ ក្រោយ​ពី​ទី​ចាប់​ផ្ដើម​នៃ​ការ​គ្រប់​គ្រង​របស់​គ្រិស្ត។ ពួក​សត្រូវ​របស់​លោក​យេស៊ូ​នៅ​ផែនដី រួម​មាន​មហា​អំណាច​ពិភព​លោក​ចុង​ក្រោយ​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​ក្នុង​គម្ពីរ គឺ​ជា​មហា​អំណាច​ដែល​តំណាង​ដោយ​«​ប្រអប់​ជើង​ធ្វើ​ពី​ដែក​លាយ​ដី​ឥដ្ឋ​»។ មហា​អំណាច​នេះ​កំពុង​គ្រប់​គ្រង​រួច​ហើយ។ វា​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​មហា​អំណាច​អង់គ្លេស​អាម៉េរិក​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១ ពេល​ដែល​អង់គ្លេស​និង​សហរដ្ឋ​អាម៉េរិក​បាន​ចាប់​ផ្ដើម​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ។ រូប​ដ៏​ធំ​សម្បើម​ក្នុង​សុបិន​របស់​នេប៊ូក្នេសា ក៏​បង្ហាញ​ទុក​ជា​មុន​អំពី​យ៉ាង​ហោច​ណាស់​អ្វី​ពីរ​យ៉ាង​ស្ដី​អំពី​មហា​អំណាច​ពិភព​លោក​នេះ ដែល​នឹង​ខុស​គ្នា​ពី​រាជាណាចក្រ​ដែល​បាន​គ្រប់​គ្រង​ពី​មុន​ៗ។

១០. (​ក​) តើ​មហា​អំណាច​អង់គ្លេស​អាម៉េរិក​គឺ​ដូច​គ្នា​យ៉ាង​ណា​នឹង​ទំនាយ​របស់​ដានីយ៉ែល? (​ខ​)​ តើ​យើង​ត្រូវ​ជៀស​វាង​ពី​គ្រោះ​ថ្នាក់​អ្វី? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ចូរ​ប្រយ័ត្ន​ចំពោះ​ដី​ឥដ្ឋ!​»​)

១០ ទី​១ ខុស​ពី​មហា​អំណាច​ពិភព​លោក​ពី​មុន ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​នោះ មហា​អំណាច​អង់គ្លេស​អាម៉េរិក​មិន​បាន​ត្រូវ​តំណាង​ដោយ​លោហៈ​សុទ្ធ​ដូច​ជា​មាស​ឬ​ប្រាក់​ទេ ប៉ុន្តែ​បាន​ត្រូវ​តំណាង​ដោយ​ដែក​លាយ​នឹង​ដី​ឥដ្ឋ។ ដី​ឥដ្ឋ​នោះ​ជា​តំណាង​«​បណ្ដា​ជន​»​ ឬ​មនុស្ស​សាមញ្ញ​ធម្មតា។ (​ដាន. ២:៤៣​) សព្វ​ថ្ងៃ​នេះ​យើង​អាច​ឃើញ​ច្បាស់​ថា​ពួក​គេ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​បោះ​ឆ្នោត សហជីព ការ​ទាម​ទារ​សិទ្ធិ​ពលរដ្ឋ និង​បាតុកម្ម​ធំ​ៗ ហើយ​នេះ​ធ្វើ​ឲ្យ​ពួក​អ្នក​ដឹក​នាំ​របស់​មហា​អំណាច​ពិភព​លោក​នេះ​ពិបាក​សម្រេច​អ្វី​ៗ​ដែល​ខ្លួន​ចង់​បាន។

១១. តើ​ការ​គ្រប់​គ្រង​របស់​មហា​អំណាច​អង់គ្លេស​អាម៉េរិក​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​យ៉ាង​ដូច​ម្ដេច​ថា យើង​កំពុង​រស់​នៅ​គ្រា​ចុង​បញ្ចប់?

១១ ទី​២ អង់គ្លេស​អាម៉េរិក​ដែល​បាន​ត្រូវ​តំណាង​ដោយ​ប្រអប់​ជើង​នៃ​រូប​ធំ​សម្បើម គឺ​ជា​មហា​អំណាច​ពិភព​លោក​ចុង​ក្រោយ​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​ក្នុង​គម្ពីរ។ គ្មាន​រដ្ឋាភិបាល​ផ្សេង​ទៀត​របស់​មនុស្ស​នឹង​លេច​មក​ក្រោយ​មហា​អំណាច​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ នៅ​សង្គ្រាម​អាម៉ាគេដូន រាជាណាចក្រ​របស់​ព្រះ​នឹង​បំផ្លាញ​ចោល​មហា​អំណាច​នេះ ព្រម​ទាំង​រដ្ឋាភិបាល​ទាំង​អស់​ឯ​ទៀត​របស់​មនុស្ស។ cបប. ១៦:​១៣, ១៤, ១៦; ១៩:១៩, ២០

១២. តើ​ទំនាយ​របស់​ដានីយ៉ែល​ផ្ដល់​ទី​សំអាង​អ្វី​ទៀត​ដែល​សម្រាល​ទុក្ខ​និង​ផ្ដល់​សេចក្ដី​សង្ឃឹម​ឲ្យ​យើង?

១២ តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ទំនាយ​នេះ? ទំនាយ​របស់​ដានីយ៉ែល​ផ្ដល់​ទី​សំអាង​ថែម​ទៀត​ដែល​បង្ហាញ​ថា​យើង​កំពុង​រស់​នៅ​គ្រា​ចុង​បញ្ចប់។ ជាង​២.៥០០​ឆ្នាំ​មុន ដានីយ៉ែល​បាន​ប្រកាស​ទុក​ជា​មុន​ថា​ក្រោយ​ពី​បាប៊ីឡូន មហា​អំណាច​បួន​ទៀត​នឹង​គ្រប់​គ្រង​លើ​រាស្ត្រ​របស់​ព្រះ។ បន្ថែម​ទៅ​ទៀត គាត់​បាន​រៀប​រាប់​ថា​មហា​អំណាច​អង់គ្លេស​អាម៉េរិក​នឹង​គ្រប់​គ្រង​ចុង​ក្រោយ​គេ។ ដូច្នេះ​មិន​យូរ​ទៀត រាជាណាចក្រ​ព្រះ​នឹង​បំផ្លាញ​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស ហើយ​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល។ នេះ​ផ្ដល់​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​សង្ឃឹម​ដល់​យើង។—ដាន. ២:៤៤

១៣. តើ​«​ស្ដេច​ទី​៨​»​និង​«​ស្ដេច​១០​»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ១៧:៩​-​១២​ជា​តំណាង​អ្វី ហើយ​តើ​ទំនាយ​នេះ​បាន​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច?

១៣ សូម​អាន ការ​បើក​បង្ហាញ ១៧:៩​-​១២ ដោយ​សារ​សង្គ្រាម​លោក​លើក​ទី​១​បាន​បណ្ដាល​ឲ្យ​មាន​ការ​បំផ្លាញ​យ៉ាង​ខ្លាំង នេះ​ធ្វើ​ឲ្យ​ទំនាយ​មួយ​ទៀត​ក្នុង​គម្ពីរ​ស្ដី​អំពី​គ្រា​ចុង​ក្រោយ​បង្អស់​បាន​សម្រេច។ ពួក​អ្នក​ដឹក​នាំ​ពិភព​លោក​ចង់​ឲ្យ​ពិភព​លោក​មាន​សន្តិភាព ដូច្នេះ​នៅ​ខែ​មករា ឆ្នាំ​១៩២០ ពួក​គេ​បាន​បង្កើត​អង្គការ​សម្ព័ន្ធ​ប្រជា​ជាតិ ដែល​បាន​ត្រូវ​ជំនួស​ដោយ​អង្គការ​សហប្រជាជាតិ នៅ​ខែ​តុលា ឆ្នាំ​១៩៤៥។ អង្គការ​នេះ​បាន​ត្រូវ​ហៅ​ថា​«​ស្ដេច​ទី​៨​»។ ប៉ុន្តែ អង្គការ​នេះ​មិន​មែន​ជា​មហា​អំណាច​ពិភព​លោក​ទេ។ អង្គការ​នេះ​មាន​អំណាច​ដោយ​សារ​តែ​ទទួល​ការ​គាំទ្រ​ពី​រដ្ឋាភិបាល។ គម្ពីរ​បាន​ហៅ​រដ្ឋាភិបាល​ទាំង​នោះ​ថា​ជា​«​ស្ដេច​១០​»។

១៤​-​១៥. (​ក​) តើ​ការ​បើក​បង្ហាញ ១៧:៣​-​៥​បង្ហាញ​យ៉ាង​ណា​អំពី​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​? (​ខ​)​ តើ​អ្វី​កំពុង​កើត​ឡើង​ចំពោះ​ការ​គាំទ្រ​របស់​សាសនា​មិន​ពិត?

១៤ សូម​អាន ការ​បើក​បង្ហាញ ១៧:៣​-​៥ ក្នុង​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ពី​ព្រះ យ៉ូហាន​បាន​ឃើញ​ស្ត្រី​ពេស្យា​ម្នាក់​គឺ​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​ ដែល​ជា​តំណាង​សាសនា​មិន​ពិត​ទាំង​ឡាយ​នៅ​ទូទាំង​ពិភព​លោក។ តើ​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​នោះ​បង្ហាញ​អំពី​អ្វី? អស់​ជា​យូរ​មក​ហើយ សាសនា​មិន​ពិត​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋាភិបាល​របស់​ពិភព​លោក ហើយ​គាំទ្រ​ពួក​គេ។ ប៉ុន្តែ​មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ចិត្ត​របស់​រដ្ឋាភិបាល​ទាំង​នោះ​ឲ្យ​«​ធ្វើ​តាម​គំនិត​របស់​លោក​»។ តើ​នោះ​មាន​លទ្ធផល​អ្វី? រដ្ឋាភិបាល​ទាំង​នោះ​ដែល​ជា​«​ស្ដេច​១០​»​នឹង​វាយ​ប្រហារ​សាសនា​មិន​ពិត ហើយ​បំផ្លាញ​វា​ចោល។—បប. ១៧:១, ២, ១៦, ១៧

១៥ តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ទី​បញ្ចប់​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​គឺ​ជិត​មក​ដល់? ដើម្បី​ដឹង​ចម្លើយ​ចំពោះ​សំណួរ​នេះ សូម​ចាំ​ថា​ក្រុង​បាប៊ីឡូន​សម័យ​បុរាណ​បាន​ត្រូវ​ការ​ពារ​ដោយ​ទឹក​ទន្លេ​ធំ​គឺ​ទន្លេ​អឺប្រាត។ សៀវភៅ​ការ​បើក​បង្ហាញ ប្រដូច​អ្នក​គាំទ្រ​រាប់​លាន​នាក់​របស់​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ទៅ​នឹង​«​ទឹក​»​ដែល​ការ​ពារ។ (​បប. ១៧:១៥​) ប៉ុន្តែ សៀវភៅ​នោះ​ក៏​បង្ហាញ​ថា ទឹក​នោះ​នឹង​«​រីង​ស្ងួត​អស់​»​ ហើយ​នោះ​បង្ហាញ​ថា​សាសនា​មិន​ពិត​ទាំង​ឡាយ​នៅ​ទូទាំង​ពិភព​លោក​នឹង​បាត់​បង់​អ្នក​គាំទ្រ​ជា​ច្រើន។ (​បប. ១៦:១២​) សព្វ​ថ្ងៃ​នេះ ទំនាយ​នោះ​កំពុង​ក្លាយ​ទៅ​ជា​ការ​ពិត ដោយ​សារ​មនុស្ស​ជា​ច្រើន​មិន​កាន់​សាសនា​ទេ ហើយ​ពួក​គេ​ស្វែង​រក​ជំនួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ​នៅ​កន្លែង​ផ្សេង​ទៀត។

១៦. តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​យល់​ទំនាយ​អំពី​ការ​លេច​មក​នៃ​អង្គការ​សហប្រជាជាតិ និង​ទី​បញ្ចប់​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា?

១៦ តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ទំនាយ​ទាំង​នេះ? ការ​លេច​មក​នៃ​អង្គការ​សហប្រជាជាតិ និង​ការ​ថយ​ចុះ​នៃ​ការ​គាំទ្រ​សាសនា​មិន​ពិត ផ្ដល់​ទី​សំអាង​ថែម​ទៀត​ថា យើង​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។ ទោះ​ជា​មនុស្ស​ជា​ច្រើន​លែង​គាំទ្រ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ក្ដី នេះ​មិន​មែន​ជា​អ្វី​ដែល​បណ្ដាល​ឲ្យ​សាសនា​មិន​ពិត​ទាំង​ឡាយ​ត្រូវ​បំផ្លាញ​ចោល​ឡើយ។ ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ឲ្យ​ចិត្ត​របស់​«​ស្ដេច​១០​»​ដែល​ជា​តំណាង​រដ្ឋាភិបាល​ដែល​គាំទ្រ​អង្គការ​សហប្រជាជាតិ​ឲ្យ​«​ធ្វើ​តាម​គំនិត​របស់​លោក​»។ រដ្ឋាភិបាល​ទាំង​នោះ​នឹង​បំផ្លាញ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ភ្លាម​ៗ ហើយ​នោះ​នឹង​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល។ d (​បប. ១៨:៨​-​១០​) ការ​ដែល​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​នឹង​ត្រូវ​បំផ្លាញ​ចោល នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ពិភព​លោក​ទាំង​មូល ហើយ​នោះ​ប្រហែល​ជា​នាំ​ឲ្យ​មាន​ការ​ពិបាក​ផ្សេង​ៗ។ ប៉ុន្តែ យ៉ាង​ហោច​ណាស់​រាស្ត្រ​របស់​ព្រះ​នឹង​មាន​ហេតុ​ពីរ​ឲ្យ​អរ​សប្បាយ។ សាសនា​មិន​ពិត​ដែល​ធ្លាប់​ជា​សត្រូវ​របស់​ព្រះ​យេហូវ៉ា​អស់​រយៈ​ពេល​យូរ​នឹង​មិន​មាន​ទៀត​ទេ ហើយ​មិន​យូរ​ទៀត យើង​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ពី​ពិភព​លោក​ដ៏​អាក្រក់​នេះ!—លូក. ២១:២៨

ចូរ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​រាស្ត្រ​លោក

១៧​-​១៨. (​ក​) តើ​យើង​អាច​បន្ត​ពង្រឹង​ជំនឿ​របស់​យើង​តាម​របៀប​ណា? (​ខ​)​ តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៧ ដានីយ៉ែល​បាន​ប្រកាស​ទុក​ជា​មុន​ថា​៖ ​«​ចំណេះ​ពិត​នឹង​មាន​ជា​បរិបូរ​»។ នេះ​បាន​កើត​ឡើង​មែន! សព្វ​ថ្ងៃ​នេះ​យើង​យល់​ទំនាយ​អំពី​សម័យ​យើង។ (​ដាន. ១២:៤, ៩, ១០​) ទំនាយ​ទាំង​នេះ​ចែង​យ៉ាង​ត្រឹម​ត្រូវ​ដល់​ម្ល៉េះ បាន​ជា​យើង​គោរព​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង ហើយ​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​បណ្ដាំ​របស់​លោក។ (​អេ. ៤៦:១០; ៥៥:១១​) ដូច្នេះ សូម​បន្ដ​ពង្រឹង​ជំនឿ​របស់​អ្នក ដោយ​សិក្សា​បទ​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ដោយ​ជួយ​អ្នក​ឯ​ទៀត​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា។ លោក​នឹង​ការ​ពារ​អស់​អ្នក​ដែល​ទុក​ចិត្ត​លោក​ទាំង​ស្រុង ហើយ​លោក​នឹង​ផ្ដល់​«​សេចក្ដី​សុខ​សាន្ត​ដល់​ពួក​គេ​ជា​និច្ច​»។—អេ. ២៦:៣

១៨ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​ទំនាយ​អំពី​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​គ្រា​ចុង​បញ្ចប់។ ដូច​ដែល​យើង​នឹង​រៀន ទំនាយ​ទាំង​នេះ​ក៏​បង្ហាញ​ថា​យើង​កំពុង​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។ យើង​នឹង​ពិចារណា​ទី​សំអាង​ថែម​ទៀត​ថា លោក​យេស៊ូ​ដែល​ជា​ស្ដេច​របស់​យើង​នៅ​ឥឡូវ​នេះ កំពុង​ដឹក​នាំ​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក។

ចម្រៀង​លេខ​៦១ សាក្សី​ទាំង​ឡាយ​អើយ! ចូរ​ឈាន​ទៅ​មុខ!

a យើង​កំពុង​រស់​នៅ​គ្រា​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ! រាជាណាចក្រ​របស់​ព្រះ​កំពុង​គ្រប់​គ្រង​ហើយ ដូច​ដែល​ទំនាយ​ជា​ច្រើន​ក្នុង​គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ទំនាយ​ខ្លះ​ទាំង​នេះ​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​ជួយ​យើង​ឲ្យ​ទុក​ចិត្ត​លោក និង​រក្សា​ចិត្ត​ស្ងប់ នៅ​ឥឡូវ​នេះ​និង​នៅ​ថ្ងៃ​ខាង​មុខ។

b សូម​មើល​មេ​រៀន​ទី​៣២ ចំណុច​ទី​៤ ក្នុង​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! និង​វីដេអូ​រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤ នៅ​គេហទំព័រ​jw.org/km។

c ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​ទំនាយ​របស់​ដានីយ៉ែល សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១២ ទំ.១៤​-​១៩

d ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ សូម​មើល​ជំពូក​ទី​២១​នៃ​សៀវភៅ​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​ហើយ!