លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤០

«ចូររក្សាការពារអ្វីដែលបានត្រូវផ្ញើទុកនឹងអ្នក»

«ចូររក្សាការពារអ្វីដែលបានត្រូវផ្ញើទុកនឹងអ្នក»

​«​ធីម៉ូថេ​អើយ ចូរ​រក្សា​ការពារ​អ្វី​ដែល​បាន​ត្រូវ​ផ្ញើ​ទុក​នឹង​អ្នក​»។—១ធី. ៦:២០

ចម្រៀង​លេខ​២៩ ការ​ប្រព្រឹត្ត​ស្រប​តាម​ឈ្មោះ​របស់​យើង

សេចក្ដី​សង្ខេប *

១​-​២. យោង​ទៅ​តាម​ធីម៉ូថេ​ទី​១ ៦:២០ តើ​ធីម៉ូថេ​បាន​ទទួល​អ្វី?

យើង​ច្រើន​តែ​ផ្ញើ​ទុក​របស់​ដែល​មាន​តម្លៃ​នៅ​នឹង​អ្នក​ឯ​ទៀត​ឲ្យ​ថែ​រក្សា។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​ទុក​លុយ​ក្នុង​ធនាគារ។ យើង​ចង់​ឲ្យ​លុយ​របស់​យើង​នៅ​កន្លែង​ដែល​មាន​សុវត្ថិ​ភាព មិន​បាត់ ឬ​មិន​ត្រូវ​គេ​លួច​ឡើយ។

សូម​អាន ធីម៉ូថេ​ទី​១ ៦:២០សាវ័ក​ប៉ូល​បាន​រំលឹក​ធីម៉ូថេ​ថា គាត់​បាន​ទទួល​អ្វី​ដ៏​មាន​តម្លៃ ពោល​គឺ​ចំណេះ​ត្រឹម​ត្រូវ​អំពី​គោល​បំណង​របស់​ព្រះ​សម្រាប់​មនុស្សជាតិ។ ធីម៉ូថេ​ក៏​បាន​ទទួល​ឯកសិទ្ធិ​«​ប្រកាស​បណ្ដាំ​របស់​ព្រះ​»​ និង​«​បំពេញ​កិច្ចការ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​»។ (​២ធី. ៤:២,​) ប៉ូល​បាន​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​រក្សា​ការពារ​អ្វី​ដែល​បាន​ត្រូវ​ផ្ញើ​ទុក​នឹង​គាត់។ ដូច​ធីម៉ូថេ យើង​បាន​ទទួល​អ្វី​ដ៏​មាន​តម្លៃ។ តើ​នោះ​ជា​អ្វី? ហេតុ​អ្វី​យើង​ត្រូវ​រក្សា​ការពារ​របស់​មាន​តម្លៃ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង?

សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​បាន​ត្រូវ​ផ្ញើ​ទុក​នឹង​យើង

៣​-​៤. ហេតុ​អ្វី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​មាន​តម្លៃ?

ដោយ​សប្បុរស ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​នៅ​ក្នុង​គម្ពីរ​ជា​បណ្ដាំ​របស់​លោក។ សេចក្ដី​បង្រៀន​ពី​គម្ពីរ​គឺ​មាន​តម្លៃ ដោយ​សារ​អ្វី​ទាំង​នោះ​បង្រៀន​យើង​អំពី​របៀប​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​ណែនាំ​យើង​អំពី​អ្វី​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​ពិត​ប្រាកដ​ក្នុង​ជីវិត។ ពេល​យើង​ជឿ​សេចក្ដី​បង្រៀន​ទាំង​នោះ យើង​នឹង​មិន​ជឿ​តាម​សេចក្ដី​បង្រៀន​មិន​ពិត​ឡើយ ហើយ​យើង​អាច​មាន​របៀប​រស់​នៅ​ស្អាត​ស្អំ។—១កូ. ៦:៩​-​១១

មូលហេតុ​មួយ​ទៀត​ដែល​សេចក្ដី​បង្រៀន​ក្នុង​បណ្ដាំ​របស់​ព្រះ​មាន​តម្លៃ គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​បើក​បង្ហាញ​សេចក្ដី​បង្រៀន​ទាំង​នោះ​ដល់​តែ​ពួក​អ្នក​មាន​ចិត្ត​រាប​ទាប ដែល​«​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​»​ប៉ុណ្ណោះ។ (​សកម្ម. ១៣:៤៨​) មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ទទួល​ស្គាល់​ថា នៅ​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា បង្រៀន​យើង​អំពី​អ្វី​ដែល​គម្ពីរ​ចែង។ (​ម៉ាថ. ១១:២៥; ២៤:៤៥​) យើង​មិន​អាច​យល់​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ដោយ​គ្មាន​ជំនួយ​បាន​ទេ ហើយ​គ្មាន​អ្វី​មាន​តម្លៃ​ជាង​ការ​យល់​គម្ពីរ​ឡើយ។—សុភ. ៣:១៣, ១៥

៥. តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​អ្វី​ទៀត?

ព្រះ​យេហូវ៉ា​ក៏​បាន​ឲ្យ​យើង​មាន​ឯកសិទ្ធិ​បង្រៀន​អ្នក​ឯ​ទៀត​នូវ​សេចក្ដី​ពិត​អំពី​លោក​និង​គោល​បំណង​របស់​លោក។ (​ម៉ាថ. ២៤:១៤​) ដំណឹង​ដែល​យើង​ផ្សាយ​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់ ដោយ​សារ​នោះ​ជួយ​មនុស្ស​ឲ្យ​ចូល​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា ហើយ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​១ធី. ៤:១៦​) មិន​ថា​យើង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ច្រើន​ឬ​តិច​ក្ដី យើង​កំពុង​គាំទ្រ​កិច្ចការ​ដ៏​សំខាន់​បំផុត​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​សម័យ​យើង។ (​១ធី. ២:៣, ៤​) ការ​ធ្វើ​ជា​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ព្រះ​គឺ​ជា​កិត្តិយស​មែន!—១កូ. ៣:៩

ចូរ​កាន់​ខ្ជាប់​តាម​អ្វី​ដែល​អ្នក​បាន​ទទួល!

ធីម៉ូថេ​បាន​នៅ​ជាប់​នឹង​សេចក្ដី​ពិត ពេល​អ្នក​ឯ​ទៀត​សម្រេច​ចិត្ត​ចាក​ចេញ (​សូម​មើល​វគ្គ​៦​)

៦. តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​បុគ្គល​ខ្លះ​ដែល​មិន​ចេះ​រក្សា​ការពារ​អ្វី​ដែល​មាន​តម្លៃ?

នៅ​សម័យ​របស់​ធីម៉ូថេ គ្រិស្ត​សាសនិក​ខ្លះ​មិន​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​ជា​អ្នក​រួម​ការងារ​ជា​មួយ​នឹង​ព្រះ​ទេ។ ដោយ​សារ​ដេម៉ាស​ស្រឡាញ់​របៀប​របប​ពិភព​លោក​នេះ គាត់​បាន​បោះ​បង់​ឯកសិទ្ធិ​បម្រើ​ជា​មួយ​សាវ័ក​ប៉ូល។ (​២ធី. ៤:១០​) តាម​មើល​ទៅ ភីកេឡឺស​និង​ហ៊ើម៉ាជិនីស​បាន​ឈប់​ផ្សព្វ​ផ្សាយ ពី​ព្រោះ​ពួក​គេ​ខ្លាច​ថា​ពួក​គេ​នឹង​ត្រូវ​គេ​បៀត​បៀន​ដូច​ប៉ូល​ដែរ។ (​២ធី. ១:១៥​) ហ៊ីមេនាស អាឡិចសង់ និង​ភីឡេតូស បាន​ទៅ​ជា​អ្នក​ក្បត់​ជំនឿ ហើយ​ចាក​ចេញ​ពី​សេចក្ដី​ពិត។ (​១ធី. ១:១៩, ២០; ២ធី. ២:១៦​-​១៨​) បុគ្គល​ទាំង​នេះ​ធ្លាប់​ស្រឡាញ់​ព្រះ​យេហូវ៉ា ប៉ុន្តែ​ក្រោយ​មក​ពួក​គេ​បាន​ឈប់​គិត​ថា​អ្វី​ដែល​លោក​ផ្ដល់​ឲ្យ​ពួក​គេ​គឺ​មាន​តម្លៃ។

៧. តើ​សាថាន​ប្រើ​កលល្បិច​អ្វី​ខ្លះ​ដើម្បី​ប្រឆាំង​យើង?

តើ​តាម​របៀប​ណា​សាថាន​ព្យាយាម​ធ្វើ​ឲ្យ​យើង​បោះ​បង់​ចោល​អ្វី​ដ៏​មាន​តម្លៃ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ញើ​ទុក​នឹង​យើង? សូម​កត់​សម្គាល់​កលល្បិច​ខ្លះ​របស់​សាថាន។ វា​ប្រើ​ការ​កម្សាន្ត​និង​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន ដើម្បី​ធ្វើ​ឲ្យ​យើង​គិត​និង​ប្រព្រឹត្ត​តាម​របៀប​ដែល​យូរ​ៗ​ទៅ​នឹង​នាំ​ឲ្យ​យើង​ឈប់​ស្រឡាញ់​ព្រះ​យេហូវ៉ា ឬ​ឈប់​ធ្វើ​តាម​ច្បាប់​របស់​លោក។ វា​ព្យាយាម​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច តាម​រយៈ​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា ឬ​ការ​បៀត​បៀន​ដើម្បី​ឲ្យ​យើង​ឈប់​ផ្សព្វ​ផ្សាយ។ វា​ក៏​ព្យាយាម​ទាក់​ទាញ​យើង​ឲ្យ​ស្ដាប់​«​អ្វី​ដែល​គេ​ហៅ​ខុស​ថា​‹ចំណេះ›​»​របស់​ពួក​អ្នក​ក្បត់​ជំនឿ ដើម្បី​ឲ្យ​យើង​បោះ​បង់​សេចក្ដី​ពិត។—១ធី. ៦:២០, ២១

៨. តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​ដានីយ៉ែល?

បើ​យើង​មិន​ប្រុង​ប្រយ័ត្ន យូរ​ៗ​ទៅ​យើង​អាច​ចាក​ចេញ​ពី​សេចក្ដី​ពិត។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​ដានីយ៉ែល * ដែល​ចូល​ចិត្ត​លេង​ហ្គេម​វីដេអូ​ខ្លាំង​ណាស់។ គាត់​ពន្យល់​ថា​៖ ​«​ខ្ញុំ​ចាប់​ផ្ដើម​លេង​ហ្គេម​វីដេអូ តាំង​ពី​ខ្ញុំ​មាន​អាយុ​ប្រហែល​ជា​១០​ឆ្នាំ។ ដំបូង ខ្ញុំ​លេង​ហ្គេម​ដែល​មើល​ទៅ​សម​រម្យ។ ប៉ុន្តែ យូរ​ៗ​ទៅ​ខ្ញុំ​ចាប់​ផ្ដើម​លេង​ហ្គេម​ដែល​ប្រើ​អំពើ​ហិង្សា​និង​វេទមន្ត​»។ ក្រោយ​មក គាត់​បាន​ចំណាយ​ពេល​លេង​ហ្គេម​វីដេអូ​ប្រហែល​ជា​១៥​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ។ គាត់​បន្ត​និយាយ​ទៀត​ថា​៖ ​«​បើ​ខ្ញុំ​មិន​កុហក​ខ្លួន​ឯង ខ្ញុំ​ដឹង​ថា​ប្រភេទ​ហ្គេម​ដែល​ខ្ញុំ​កំពុង​លេង និង​រយៈ​ពេល​ដែល​ខ្ញុំ​លេង ធ្វើ​ឲ្យ​ខ្ញុំ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា​បន្តិច​ម្ដង​ៗ។ ប៉ុន្តែ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​ជឿ​ជាក់​ថា ខ្ញុំ​មិន​ចាំ​បាច់​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង​ទេ​»។ ដូច្នេះ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ទេ ការ​កម្សាន្ត​អាច​ធ្វើ​ឲ្យ​យើង​លែង​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​យ៉ាង​ងាយ។ បើ​នេះ​កើត​ឡើង យើង​ប្រហែល​ជា​បាត់​បង់​អ្វី​ៗ​ដ៏​មាន​តម្លៃ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង។

របៀប​ដែល​យើង​អាច​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត

៩. នៅ​ធីម៉ូថេ​ទី​១ ១:១៨, ១៩ តើ​ប៉ូល​បាន​ប្រដូច​ធីម៉ូថេ​ទៅ​នឹង​អ្នក​ណា?

សូម​អាន ធីម៉ូថេ​ទី​១ ១:១៨, ១៩ប៉ូល​បាន​ប្រដូច​ធីម៉ូថេ​ទៅ​នឹង​ទាហាន​ម្នាក់ ហើយ​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​‹បន្ត​តយុទ្ធ​យ៉ាង​ប្រសើរ​ក្នុង​សង្គ្រាម›។ ប៉ូល​មិន​មែន​និយាយ​អំពី​សង្គ្រាម​រវាង​មនុស្ស​នឹង​មនុស្ស​ទេ។ ដូច្នេះ តើ​គ្រិស្ត​សាសនិក​ប្រៀប​ដូច​ជា​ទាហាន​ដែល​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ក្នុង​ន័យ​អ្វី? ក្នុង​នាម​ជា​ទាហាន​របស់​គ្រិស្ត តើ​យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ? សូម​យើង​គិត​អំពី​មេ​រៀន​ប្រាំ​ដែល​យើង​អាច​រៀន​ពី​ឧទាហរណ៍​របស់​ប៉ូល។ មេ​រៀន​ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត។

១០. ហេតុ​អ្វី​យើង​ត្រូវ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ?

១០ ចូរ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ។ ទាហាន​ល្អ​គឺ​ស្មោះ​ត្រង់។ គាត់​នឹង​ខំ​តយុទ្ធ​ដើម្បី​ការពារ​បុគ្គល​ដែល​គាត់​ស្រឡាញ់ ឬ​របស់​ដែល​មាន​តម្លៃ​ចំពោះ​គាត់។ ប៉ូល​បាន​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ។ (​១ធី. ៤:៧​) កាល​ដែល​យើង​កាន់​តែ​ស្រឡាញ់​ព្រះ នោះ​យើង​កាន់​តែ​ចង់​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត។—១ធី. ៤:៨​-​១០; ៦:៦

ក្រោយ​ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ យើង​ប្រហែល​ជា​ត្រូវ​បង្ខំ​ខ្លួន ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ។ ប៉ុន្តែ យើង​ទទួល​ពរ​ដោយ​ធ្វើ​ដូច្នេះ! (​សូម​មើល​វគ្គ​១១​)

១១. ហេតុ​អ្វី​យើង​ត្រូវ​ចេះ​អប់រំ​ខ្លួន?

១១ ចូរ​ចេះ​អប់រំ​ខ្លួន។ ទាហាន​ត្រូវ​អប់រំ​ខ្លួន​ដើម្បី​អាច​ត្រៀម​ខ្លួន​ច្បាំង​ជា​និច្ច។ ធីម៉ូថេ​អាច​យក​ឈ្នះ​ឥទ្ធិពល​របស់​សាថាន​បាន ពី​ព្រោះ​គាត់​បាន​ធ្វើ​តាម​យោបល់​របស់​ប៉ូល ដោយ​ខំ​តយុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ បណ្ដុះ​គុណ​សម្បត្តិ​ផ្សេង​ៗ និង​ចំណាយ​ពេល​ជា​មួយ​គ្រិស្ត​សាសនិក​ឯ​ទៀត។ (​២ធី. ២:២២​) នោះ​តម្រូវ​ឲ្យ​ចេះ​អប់រំ​ខ្លួន។ យើង​ត្រូវ​អប់រំ​ខ្លួន​ដើម្បី​យក​ឈ្នះ​បំណង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​របស់​យើង។ (​រ៉ូម ៧:២១​-​២៥​) លើស​ពី​នេះ​ទៅ​ទៀត យើង​ត្រូវ​អប់រំ​ខ្លួន​ដើម្បី​បន្ត​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់ ហើយ​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី។ (​អេភ. ៤:២២, ២៤​) ពេល​យើង​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​អស់​កម្លាំង យើង​ប្រហែល​ជា​ត្រូវ​បង្ខំ​ខ្លួន​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ។—ហេ. ១០:២៤, ២៥

១២. តើ​យើង​អាច​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រើ​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

១២ ទាហាន​ត្រូវ​ហ្វឹក​ហាត់​ប្រើ​អាវុធ​របស់​គាត់ ហើយ​ដើម្បី​ចេះ​ប្រើ​វា​យ៉ាង​ស្ទាត់ គាត់​ត្រូវ​ធ្វើ​ដូច្នេះ​ជា​ទៀង​ទាត់។ ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​ចេះ​ប្រើ​បណ្ដាំ​របស់​ព្រះ​យ៉ាង​ប៉ិន​ប្រសប់។ (​២ធី. ២:១៥​) យើង​អាច​រៀន​អំពី​របៀប​ធ្វើ​ដូច្នេះ​នៅ​កិច្ច​ប្រជុំ។ ប៉ុន្តែ បើ​យើង​ត្រូវ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជឿ​ជាក់​ថា សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​គឺ​ជា​អ្វី​ដែល​ពិត​ជា​មាន​តម្លៃ យើង​ត្រូវ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​ជា​ទៀង​ទាត់។ យើង​ត្រូវ​ប្រើ​បណ្ដាំ​របស់​ព្រះ​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង។ នេះ​មាន​ន័យ​ថា​យើង​មិន​គ្រាន់​តែ​អាន​គម្ពីរ​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​រំពឹង​គិត​ទៅ​លើ​អ្វី​ដែល​យើង​អាន ហើយ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ក្នុង​សៀវភៅ​របស់​យើង ដើម្បី​យើង​អាច​យល់​យ៉ាង​ត្រឹម​ត្រូវ ហើយ​ចេះ​ពន្យល់​បទ​គម្ពីរ។ (​១ធី. ៤:១៣​-​១៥​) យ៉ាង​នេះ យើង​នឹង​ចេះ​ប្រើ​បណ្ដាំ​របស់​ព្រះ​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត។ ក៏​ប៉ុន្តែ យើង​មិន​គ្រាន់​តែ​អាន​ខ​គម្ពីរ​ឲ្យ​ពួក​គេ​ប៉ុណ្ណោះ​ទេ។ យើង​ចង់​ជួយ​អ្នក​ស្ដាប់​ឲ្យ​យល់​ខ​គម្ពីរ និង​របៀប​ដែល​ខ​គម្ពីរ​នោះ​ជាប់​ទាក់​ទង​នឹង​ពួក​គេ។ ដូច្នេះ ពេល​យើង​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់ យើង​អាច​ទៅ​ជា​អ្នក​បង្រៀន​គម្ពីរ​ដ៏​ល្អ​ប្រសើរ​ជាង។—២ធី. ៣:១៦, ១៧

១៣. ស្រប​តាម​ហេប្រឺ ៥:១៤ ហេតុ​អ្វី​យើង​ត្រូវ​មាន​សមត្ថភាព​យល់​ដឹង?

១៣ ចូរ​មាន​សមត្ថភាព​យល់​ដឹង។ ទាហាន​ត្រូវ​ចេះ​សម្គាល់​ស្ថានភាព​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ហើយ​ជៀស​វាង​ពី​ស្ថានភាព​នោះ។ យើង​ក៏​ត្រូវ​រៀន​ឲ្យ​ចេះ​សម្គាល់​ស្ថានភាព​ដែល​អាច​នាំ​ឲ្យ​យើង​មាន​គ្រោះ​ថ្នាក់ រួច​មក​ចាត់​វិធានការ​ដើម្បី​ជៀស​វាង​ពី​ស្ថានភាព​នោះ។ (​សុភ. ២២:៣; សូម​អាន ហេប្រឺ ៥:១៤) ជា​ឧទាហរណ៍ យើង​ត្រូវ​ជ្រើស​រើស​ការ​កម្សាន្ត​ដោយ​ឈ្លាស​វៃ។ កម្ម​វិធី​ទូរទស្សន៍​និង​ភាពយន្ត ច្រើន​តែ​ឆ្លុះ​បញ្ចាំង​អំពី​អំពើ​ប្រាស​ចាក​សីលធម៌។ យើង​ជៀស​វាង​ការ​កម្សាន្ត​បែប​នេះ ដោយ​សារ​នេះ​អាច​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ខ្សោយ​ទៅ​បន្តិច​ម្ដង​ៗ។ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្អប់​អំពើ​ប្រាស​ចាក​សីលធម៌ ហើយ​ថា​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ​នាំ​ឲ្យ​ខ្លួន​ឯង​និង​អ្នក​ឯ​ទៀត​រង​ទុក្ខ។—អេភ. ៥:៥, ៦

១៤. តើ​សមត្ថភាព​យល់​ដឹង​បាន​ជួយ​បង​ដានីយ៉ែល​យ៉ាង​ដូច​ម្ដេច?

១៤ បង​ដានីយ៉ែល​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ ចាប់​ផ្ដើម​យល់​ថា​ការ​លេង​ហ្គេម​វីដេអូ​ដែល​មាន​អំពើ​ឃោរឃៅ​និង​វេទមន្ត​គឺ​ជា​បញ្ហា។ គាត់​បាន​ស្រាវ​ជ្រាវ​ក្នុង​បណ្ណាល័យ​ប៉ម​យាម ដើម្បី​រក​ព័ត៌មាន​ដែល​អាច​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​បញ្ហា​នេះ។ តើ​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​គាត់? គាត់​បាន​ឈប់​លេង​ហ្គេម​វីដេអូ​ដែល​មិន​សម​រម្យ ហើយ​គាត់​បាន​ឈប់​សេព​គប់​ជា​មួយ​នឹង​អ្នក​លេង​ហ្គេម។ បង​ដានីយ៉ែល​និយាយ​ថា​៖ ​«​ជា​ជាង​លេង​ហ្គេម​វីដេអូ ខ្ញុំ​ចាប់​ផ្ដើម​ចំណាយ​ពេល​ធ្វើ​អ្វី​ៗ​នៅ​ខាង​ក្រៅ ឬ​សេព​គប់​ជា​មួយ​មិត្ត​ភក្ដិ​ពី​ក្រុម​ជំនុំ​»។ ឥឡូវ បង​ដានីយ៉ែល​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​និង​ជា​អ្នក​ចាស់​ទុំ។

១៥. ហេតុ​អ្វី​ព័ត៌មាន​មិន​ពិត​គឺ​មាន​គ្រោះ​ថ្នាក់?

១៥ ដូច​ធីម៉ូថេ យើង​ត្រូវ​ចេះ​សម្គាល់​គ្រោះ​ថ្នាក់​ពី​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​ពួក​អ្នក​ក្បត់​ជំនឿ។ (​១ធី. ៤:១, ៧; ២ធី. ២:១៦​) ជា​ឧទាហរណ៍ ពួក​គេ​ប្រហែល​ជា​ព្យាយាម​ផ្សាយ​រឿង​មិន​ពិត​អំពី​បង​ប្អូន​រួម​ជំនឿ​របស់​យើង ឬ​ធ្វើ​ឲ្យ​យើង​សង្ស័យ​អំពី​អង្គការ​របស់​ព្រះ​យេហូវ៉ា។ ព័ត៌មាន​ក្លែង​ក្លាយ​បែប​នេះ អាច​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​ចុះ​ខ្សោយ។ យើង​មិន​ត្រូវ​ជឿ​ការ​ឃោសនា​នេះ​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​រឿង​បែប​នេះ​បាន​ត្រូវ​ផ្សាយ​«​ដោយ​មនុស្ស​ដែល​គំនិត​របស់​ពួក​គេ​បាន​ទៅ​ជា​ខូច​និង​ប្រាស​ចាក​សេចក្ដី​ពិត​»។ គោល​ដៅ​របស់​ពួក​គេ​គឺ​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​មាន​«​សំណួរ​និង​ការ​ជជែក​តវ៉ា​»។ (​១ធី. ៦:៤, ៥​) ពួក​គេ​ចង់​ឲ្យ​យើង​ជឿ​ពាក្យ​បង្កាច់​បង្ខូច​របស់​ពួក​គេ ហើយ​ធ្វើ​ឲ្យ​យើង​សង្ស័យ​បង​ប្អូន​យើង​ក្នុង​ផ្លូវ​អាក្រក់។

១៦. តើ​យើង​ត្រូវ​ជៀស​វាង​អ្វី​ខ្លះ?

១៦ ចូរ​ជៀស​វាង​ពី​អ្វី​ដែល​បំបែរ​អារម្មណ៍។ ក្នុង​នាម​ជា​«​ទាហាន​ល្អ​ប្រសើរ​របស់​គ្រិស្ត​យេស៊ូ​»​ ធីម៉ូថេ​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ ជា​ជាង​ឲ្យ​ទ្រព្យ​សម្បត្តិ​ឬ​អ្វី​ផ្សេង​ទៀត​បង្វែរ​អារម្មណ៍​គាត់។ (​២ធី. ២:៣, ៤​) ដូច​ធីម៉ូថេ យើង​មិន​គួរ​បណ្ដោយ​ខ្លួន​ឲ្យ​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​បាន​វត្ថុ​ទ្រព្យ​ថែម​ទៀត​ទេ។ ​«​ការ​ល្បួង​នៃ​ទ្រព្យ​សម្បត្តិ​»​ អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា លែង​ឲ្យ​តម្លៃ​ចំពោះ​បណ្ដាំ​របស់​ព្រះ និង​មិន​សូវ​ចង់​ប្រាប់​អ្នក​ឯ​ទៀត​អំពី​គម្ពីរ។ (​ម៉ាថ. ១៣:២២​) យើង​ត្រូវ​រក្សា​ជីវិត​របស់​យើង​ឲ្យ​សាមញ្ញ ហើយ​ប្រើ​ពេល​វេលា​និង​កម្លាំង​របស់​យើង ដើម្បី​‹បន្ត​ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ​ជា​មុន›។—ម៉ាថ. ៦:២២​-​២៥, ៣៣

១៧​-​១៨. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ការពារ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា?

១៧ ចូរ​ត្រៀម​ខ្លួន​ដើម្បី​អ្នក​អាច​ចាត់​វិធានការ​ឲ្យ​បាន​ឆាប់​ពេល​បញ្ហា​កើត​ឡើង។ ទាហាន​ត្រូវ​រៀបចំ​គម្រោង​ទុក​ជា​មុន​អំពី​អ្វី​ដែល​គាត់​នឹង​ធ្វើ​ដើម្បី​ការពារ​ខ្លួន។ ដើម្បី​ការពារ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ញើ​ទុក​នឹង​យើង យើង​ត្រូវ​ចាត់​វិធានការ​ភ្លាម​ៗ ពេល​យើង​ឃើញ​អ្វី​ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ? យើង​ត្រូវ​គិត​អំពី​អ្វី​ដែល​យើង​នឹង​ធ្វើ​មុន​រឿង​ណា​មួយ​កើត​ឡើង។

១៨ ជា​ឧទាហរណ៍ ពេល​ចូល​រួម​កម្ម​វិធី​ណា​មួយ គេ​ច្រើន​តែ​សុំ​អ្នក​ចូល​រួម​ឲ្យ​រក​មើល​ច្រក​ចេញ​ដែល​ជិត​ជាង​គេ មុន​កម្ម​វិធី​ចាប់​ផ្ដើម។ ហេតុ​អ្វី? ពី​ព្រោះ​បើ​មាន​រឿង​បន្ទាន់​កើត​ឡើង ពួក​គេ​អាច​ចេញ​ទៅ​បាន​យ៉ាង​លឿន។ ស្រដៀង​គ្នា​ដែរ យើង​អាច​ត្រៀម​ខ្លួន​ថា​យើង​នឹង​ធ្វើ​អ្វី បើ​យើង​ស្រាប់​តែ​ឃើញ​ឈុត​ប្រាស​ចាក​សីលធម៌ អំពើ​ឃោរឃៅ ឬ​ព័ត៌មាន​របស់​ពួក​អ្នក​ក្បត់​ជំនឿ នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ក្នុង​កម្ម​វិធី​ទូរទស្សន៍ ឬ​ភាពយន្ត។ បើ​យើង​ត្រៀម​ខ្លួន​ចំពោះ​អ្វី​ដែល​អាច​កើត​ឡើង យើង​អាច​ចាត់​វិធានការ​យ៉ាង​លឿន​ដើម្បី​ការពារ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ស្អាត​ស្អំ​តាម​ទស្សនៈ​របស់​លោក។—ទំនុក. ១០១:៣; ១ធី. ៤:១២

១៩. តើ​យើង​នឹង​ទទួល​ពរ​អ្វី​ខ្លះ បើ​យើង​រក្សា​ទុក​អ្វី​ដ៏​មាន​តម្លៃ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង?

១៩ យើង​ត្រូវ​រក្សា​ទុក​អ្វី​ដ៏​មាន​តម្លៃ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង ពោល​គឺ​សេចក្ដី​បង្រៀន​ដ៏​មាន​តម្លៃ​នៅ​ក្នុង​គម្ពីរ និង​ឯកសិទ្ធិ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​បង្រៀន​ទាំង​នោះ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​មាន​ជីវិត​មាន​ន័យ​ខ្លឹម​សារ​ពិត​ប្រាកដ សមត្ថភាព​វិនិច្ឆ័យ​ស្អាត​ស្អំ និង​អំណរ​ដែល​មក​ពី​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា។ ដោយ​មាន​ជំនួយ​ពី​លោក យើង​នឹង​អាច​រក្សា​ទុក​អ្វី​ដែល​បាន​ត្រូវ​ផ្ញើ​ទុក​នឹង​យើង។—១ធី. ៦:១២, ១៩

ចម្រៀង​លេខ​១២៧ ខ្ញុំ​គួរ​ជា​មនុស្ស​ដែល​ព្រះ​ពេញ​ចិត្ត

^ វគ្គ 5 ការ​ស្គាល់​សេចក្ដី​ពិត​និង​ការ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​នោះ គឺ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មែន។ អត្ថបទ​នេះ នឹង​ជួយ​យើង​ឲ្យ​រក្សា​ការពារ និង​មិន​លះ​ចោល​ឯកសិទ្ធិ​នោះ​ឡើយ។

^ វគ្គ 8 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។