លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

តើ​សាស្ដា ៥:៨​សំដៅ​ទៅ​លើ​អ្នក​គ្រប់​គ្រង​ដែល​ជា​មនុស្សជាតិ ឬ​តើ​នេះ​រួម​បញ្ចូល​ព្រះ​យេហូវ៉ា​ដែរ?

ខ​គម្ពីរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ​ចែង​ថា​៖ ​«​បើ​សិន​ជា​ឯង​ឃើញ​គេ​សង្កត់​សង្កិន​មនុស្ស​ទាល់​ក្រ ឬ​ពួក​ច្រឡោត​កំពុង​តែ​បង្វែរ​សេចក្ដី​យុត្តិធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក​ណា នោះ​កុំ​ឲ្យ​ឆ្ងល់​ពី​ការ​នោះ​ឡើយ។ ដ្បិត​មាន​អ្នក​មួយ​ដែល​ខ្ពស់​ជាង គេ​ត្រួត​មើល​អ្នក​ធំ​នោះ ហើយ​ក៏​មាន​ដែល​ខ្ពស់​ជាង​គេ​ទៅ​ទៀត​ផង​»។—សាស្ដ. ៥:៨

បើ​មិន​គិត​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ខ​នេះ​អាច​មើល​ទៅ​ហាក់​ដូច​ជា​រៀប​រាប់​អំពី​មនុស្ស​ដែល​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​ប៉ុណ្ណោះ។ ប៉ុន្តែ បើ​យើង​គិត​ស៊ី​ជម្រៅ​ជាង​អំពី​ខ​នេះ នេះ​ក៏​លើក​ឡើង​អំពី​សេចក្ដី​ពិត​មួយ​ស្ដី​អំពី​ព្រះ​យេហូវ៉ា ដែល​គួរ​សម្រាល​ទុក្ខ​និង​ពង្រឹង​ទំនុក​ចិត្ត​យើង​ដែរ។

សាស្ដា ៥:៨ ចែង​អំពី​អ្នក​គ្រប់​គ្រង​ដែល​ជិះ​ជាន់​អ្នក​ក្រី​ក្រ ហើយ​មិន​រក​យុត្តិធម៌​ឲ្យ​ពួក​គេ។ អ្នក​គ្រប់​គ្រង​នេះ​គួរ​ចាំ​ថា មាន​បុគ្គល​ម្នាក់​ដែល​ទំនង​ជា​មើល​គាត់ ហើយ​បុគ្គល​នោះ​មាន​ឋានៈ ឬ​អំណាច​ខ្ពស់​ជាង​គាត់។ តាម​ពិត ប្រហែល​ជា​មាន​អ្នក​ឯ​ទៀត​ដែល​មាន​ឋានៈ​ខ្ពស់​ជាង​អ្នក​នោះ​ទៅ​ទៀត។ គួរ​ឲ្យ​ស្ដាយ ក្នុង​រដ្ឋាភិបាល​របស់​មនុស្ស អ្នក​គ្រប់​គ្រង​ទាំង​អស់​នោះ​ប្រហែល​ជា​ពុក​រលួយ ហើយ​ប្រជារាស្ត្រ​រង​ទុក្ខ​ដោយ​សារ​អំពើ​នេះ។

ប៉ុន្តែ ទោះ​ជា​មើល​ទៅ​បញ្ហា​នេះ​មិន​អាច​ផ្លាស់​ប្ដូរ​ក្ដី យើង​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​កំពុង​«​ត្រួត​មើល​អ្នក​ធំ​»​ក្នុង​រដ្ឋាភិបាល​ផង​ដែរ។ យើង​អាច​អង្វរ​សុំ​ជំនួយ​ពី​ព្រះ ហើយ​ផ្ទេរ​បន្ទុក​របស់​យើង​ទៅ​លោក។ (​ទំនុក. ៥៥:២២; ភី. ៤:៦, ៧​) យើង​ដឹង​ថា​«​ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់​នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​នឹង​សំដែង​ព្រះ​ចេស្ដា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​»។—២រប. ១៦:៩

ដូច្នេះ សាស្ដា ៥:៨​រំលឹក​យើង​ថា ក្នុង​រដ្ឋាភិបាល​មនុស្ស តែង​តែ​មាន​បុគ្គល​ដែល​មាន​អំណាច​ខ្ពស់​ជាង​បុគ្គល​ផ្សេង​ទៀត។ សំខាន់​ជាង​នេះ​ទៅ​ទៀត ខ​គម្ពីរ​នេះ​អាច​រំលឹក​យើង​ថា​ព្រះ​យេហូវ៉ា​មាន​អំណាច​ខ្ពង់​ខ្ពស់​ជាង​គេ​បំផុត។ ឥឡូវ​នេះ លោក​កំពុង​គ្រប់​គ្រង​ដោយ​ប្រើ​លោក​យេស៊ូ​គ្រិស្ត​ជា​បុត្រ​របស់​លោក ឲ្យ​ធ្វើ​ជា​ស្ដេច​នៃ​រាជាណាចក្រ​លោក។ ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត កំពុង​មើល​បុគ្គល​គ្រប់​រូប​និង​អ្វី​ៗ​ទាំង​អស់ ហើយ​លោក​យុត្តិធម៌​ក្នុង​គ្រប់​ការ​ទាំង​អស់។ បុត្រ​របស់​លោក​ក៏​ដូច្នេះ​ដែរ។