អត្ថបទសិក្សា ៤០
‹ការនាំមនុស្សជាច្រើនមកឯសេចក្ដីសុចរិត›
«អស់អ្នកដែលនាំមនុស្សជាច្រើនមកឯសេចក្ដីសុចរិត នឹងរះចិញ្ចាចជារៀងរហូតដូចជាផ្កាយនៅលើមេឃ»។—ដាន. ១២:៣
ចម្រៀងលេខ១៥១ លោកនឹងហៅ
សេចក្ដីសង្ខេប *
១. តើនឹងមានព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបចិត្តអ្វីក្នុងអំឡុងការគ្រប់គ្រង១.០០០ឆ្នាំ?
ពេលការប្រោសឲ្យរស់ឡើងវិញចាប់ផ្ដើមនៅលើផែនដីក្នុងអំឡុងការគ្រប់គ្រង១.០០០ឆ្នាំរបស់គ្រិស្ត នោះគឺជាថ្ងៃដ៏អស្ចារ្យមែន! អស់អ្នកដែលបាត់បង់បុគ្គលជាទីស្រឡាញ់ក្នុងសេចក្ដីស្លាប់ ទន្ទឹងរង់ចាំជួបបុគ្គលទាំងនោះម្ដងទៀត។ ព្រះយេហូវ៉ាក៏មានអារម្មណ៍បែបនេះដែរ។ (យ៉ូប ១៤:១៥) សូមស្រមៃគិតថា មនុស្សគ្រប់គ្នានៅលើផែនដីសប្បាយរីករាយយ៉ាងណា ពេលមនុស្សជាទីស្រឡាញ់របស់ពួកគេបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ដូចដែលយើងបានរៀននៅអត្ថបទមុន «មនុស្សសុចរិត»ដែលមានឈ្មោះនៅក្នុងសៀវភៅជីវិត នឹង«រស់ឡើងវិញ ហើយបានជីវិត»។ (សកម្ម. ២៤:១៥; យ៉ូន. ៥:២៩) ប្រហែលជាបុគ្គលជាទីស្រឡាញ់របស់យើងជាច្រើននាក់ ក៏នៅក្នុងចំណោមពួកអ្នកដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញមិនយូរក្រោយពីសង្គ្រាមអាម៉ាគេដូន។ * បន្ថែមទៅទៀត «មនុស្សមិនសុចរិត» ដូចជាពួកអ្នកដែលគ្មានឱកាសគ្រប់គ្រាន់ដើម្បីស្គាល់ព្រះយេហូវ៉ាឬបម្រើលោកយ៉ាងស្មោះត្រង់មុនពួកគេស្លាប់ នឹង«រស់ឡើងវិញ ហើយទទួលការវិនិច្ឆ័យ»។
២-៣. (ក) ដូចបានបង្ហាញនៅអេសាយ ១១:៩, ១០ តើអ្វីជាកិច្ចការបង្រៀនដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្ស? (ខ) តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
២ អស់អ្នកដែលនឹងទទួលការប្រោសឲ្យរស់ឡើងវិញទាំងនេះនឹងត្រូវទទួលការបង្ហាត់បង្រៀន។ (អេ. ២៦:៩; ៦១:១១) ដូច្នេះ កិច្ចការបង្រៀនដ៏ធំបំផុតក្នុង ប្រវត្តិសាស្ត្រមនុស្សនឹងត្រូវធ្វើឡើង។ (សូមអាន អេសាយ ១១:៩, ១០) ហេតុអ្វី? មូលហេតុមួយគឺដោយសារមនុស្សមិនសុចរិតដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញត្រូវរៀនអំពីលោកយេស៊ូគ្រិស្ត រាជាណាចក្រព្រះ ថ្លៃលោះ និងសារៈសំខាន់នៃនាមរបស់ព្រះយេហូវ៉ា ព្រមទាំងសិទ្ធិគ្រប់គ្រងរបស់លោក។ សូម្បីតែមនុស្សសុចរិត ក៏នឹងត្រូវរៀនអំពីអ្វីដែលព្រះយេហូវ៉ាបានបើកបង្ហាញបន្តិចម្ដងៗអំពីគោលបំណងរបស់លោកសម្រាប់ផែនដី។ ពួកអ្នកស្មោះត្រង់ទាំងនេះខ្លះ បានស្លាប់ជាយូរមុនគម្ពីរបានត្រូវសរសេរចប់។ ទាំងមនុស្សសុចរិត ទាំងមនុស្សមិនសុចរិតនឹងត្រូវរៀនច្រើន។
៣ ក្នុងអត្ថបទនេះ យើងនឹងពិចារណាចម្លើយចំពោះសំណួរដូចតទៅ៖ តើកិច្ចការបង្រៀនដ៏ធំនេះនឹងត្រូវធ្វើឡើងតាមរបៀបណា? តើអ្វីនឹងកើតឡើងដល់មនុស្ស បើពួកគេមានប្រតិកម្មល្អចំពោះកិច្ចការបង្រៀននោះ? ចុះបើពួកគេមានប្រតិកម្មមិនល្អ តើអ្វីនឹងកើតឡើងដល់ពួកគេ? ចម្លើយចំពោះសំណួរទាំងនេះគឺសំខាន់ចំពោះយើងនៅសព្វថ្ងៃនេះ។ ដូចដែលយើងនឹងរៀន ទំនាយខ្លះដ៏គួរឲ្យរំភើបចិត្តនៅសៀវភៅដានីយ៉ែលនិងការបើកបង្ហាញ នឹងជួយយើងឲ្យយល់កាន់តែច្បាស់អំពីអ្វីដែលនឹងកើតឡើង ពេលដែលមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ មុនដំបូង សូមយើងពិចារណាអំពីព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបចិត្តដែលបានត្រូវប្រាប់ទុកជាមុនក្នុងទំនាយនៅដានីយ៉ែល ១២:១, ២។
ពួកអ្នក«ដែលដេកស្លាប់ក្នុងដី នឹងភ្ញាក់ឡើង»
៤-៥. តើដានីយ៉ែល ១២:១បង្ហាញយ៉ាងណាអំពីគ្រាចុងបញ្ចប់?
៤ សូមអាន ដានីយ៉ែល ១២:១។ សៀវភៅដានីយ៉ែលរៀបរាប់អំពីលំដាប់ព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបចិត្តដែលនឹងកើតឡើងក្នុងអំឡុងគ្រាចុងបញ្ចប់។ ជាឧទាហរណ៍ ដានីយ៉ែល ១២:១រៀបរាប់ថា មីកែលដែលជាលោកយេស៊ូគ្រិស្ត«កំពុងឈរជួយ»រាស្ត្រព្រះ។ ផ្នែកនេះនៃទំនាយរបស់ដានីយ៉ែលបានចាប់ផ្ដើមសម្រេចនៅឆ្នាំ១៩១៤ ពេលដែលលោកយេស៊ូបានត្រូវតែងតាំងជាស្ដេចនៃរាជាណាចក្រព្រះនៅស្ថានសួគ៌។
៥ ប៉ុន្តែ ដានីយ៉ែលក៏ទទួលដំណឹងដែរថា លោកយេស៊ូនឹង«ក្រោកឡើង»ក្នុងអំឡុង«គ្រាវេទនាដែលមិនធ្លាប់មានតាំងពីកំណើតប្រជាជាតិរហូតមកដល់ពេលនោះ»។ «គ្រាវេទនា»នោះ គឺជាគ្រា«ទុក្ខវេទនាជាខ្លាំង»ដែលបានត្រូវរៀបរាប់នៅម៉ាថាយ ២៤:២១។ លោកយេស៊ូក្រោកឡើងឬការពាររាស្ត្រព្រះនៅចុងបញ្ចប់នៃគ្រាវេទនានោះ ពោលគឺនៅសង្គ្រាមអាម៉ាគេដូន។ សៀវភៅការបើកបង្ហាញហៅពួកអ្នកទាំងនោះថាជាមនុស្សមួយក្រុមធំដែល«ចេញផុតពីគ្រាទុក្ខវេទនាជាខ្លាំង»។—បប. ៧:៩, ១៤
៦. តើអ្វីកើតឡើងក្រោយពីមនុស្សមួយក្រុមធំរួចជីវិតពីគ្រាទុក្ខវេទនាជាខ្លាំង? សូមពន្យល់។ (សូមមើលផងដែរ«សំណួរពីអ្នកអាន»ក្នុងលេខនេះអំពីការប្រោសឲ្យរស់ឡើងវិញនៅផែនដី)
៦ សូមអាន ដានីយ៉ែល ១២:២។ តើអ្វីកើតឡើងក្រោយពីមនុស្សមួយក្រុមធំរួចជីវិតពីគ្រាវេទនានេះ? កាលពីមុនយើងបានយល់ថា ទំនាយនេះសំដៅទៅលើការប្រោសឲ្យរស់ឡើងវិញក្នុងន័យធៀប គឺការដែលរាស្ត្ររបស់ព្រះមានសកម្មភាពឡើងវិញខាងការគោរពប្រណិប័តន៍ ដែលកើតឡើងក្នុងអំឡុងគ្រាចុងក្រោយបង្អស់។ ប៉ុន្តែឥឡូវយើងយល់ថា ពាក្យនេះសំដៅទៅលើការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ដែលនឹងកើតឡើងក្នុងពិភពលោកថ្មីនៅថ្ងៃខាងមុខ។ ហេតុអ្វីយើងអាចសន្និដ្ឋានដូច្នេះ? ពាក្យ«ដី»ក៏បានត្រូវប្រើនៅយ៉ូប ១៧:១៦ ហើយពាក្យនោះមានន័យដូចពាក្យ«ផ្នូរ»។ នេះបង្ហាញថាដានីយ៉ែល ១២:២ គឺសំដៅទៅលើការប្រោសឲ្យរស់ឡើងវិញក្នុងន័យត្រង់ដែលនឹងកើតឡើងក្រោយពីទីបញ្ចប់នៃគ្រាចុងក្រោយបង្អស់និងសង្គ្រាមអាម៉ាគេដូន។
៧. (ក) តើអ្នកខ្លះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយ«ទទួលជីវិតជារៀងរហូត»ក្នុងន័យយ៉ាងណា? (ខ) ហេតុអ្វីនេះគឺជា«ការប្រោសឲ្យរស់ឡើងវិញដែលប្រសើរជាង»?
៧ ប៉ុន្តែ តើដានីយ៉ែល ១២:២មានន័យយ៉ាងណា ពេលដែលចែងថាមនុស្សខ្លះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយ«ទទួលជីវិតជារៀងរហូត»? នេះមានន័យថាក្នុងអំឡុងគ្រា ១.០០០ឆ្នាំ ពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយដែលស្គាល់ឬបន្តទទួលចំណេះអំពីព្រះយេហូវ៉ានិងលោកយេស៊ូ ព្រមទាំងស្ដាប់បង្គាប់លោកទាំងពីរ នឹងទទួលជីវិតដែលគ្មានទីបញ្ចប់នៅទីបំផុត។ (យ៉ូន. ១៧:៣) នេះនឹងជា«ការប្រោសឲ្យរស់ឡើងវិញដែលប្រសើរជាង»ការប្រោសមនុស្សមួយចំនួនឲ្យរស់ឡើងវិញនៅសម័យមុន។ (ហេ. ១១:៣៥) ហេតុអ្វី? ពីព្រោះមនុស្សមិនល្អឥតខ្ចោះដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅអតីតកាល បានស្លាប់ម្ដងទៀតនៅពេលក្រោយមក។
៨. តើអ្នកខ្លះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយ«ទទួលការអាម៉ាស់និងការមាក់ងាយជាដរាប»យ៉ាងដូចម្ដេច?
៨ ប៉ុន្តែ មិនមែនពួកអ្នកដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញទាំងអស់នឹងចង់ទទួលការបង្ហាត់បង្រៀនពីព្រះយេហូវ៉ាទេ។ ទំនាយរបស់ដានីយ៉ែលចែងថា អ្នកខ្លះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយ«ទទួលការអាម៉ាស់និងការមាក់ងាយជាដរាប»។ ដោយសារពួកគេបង្ហាញចិត្តគំនិតបះបោរ នោះឈ្មោះរបស់ពួកគេនឹងមិនបានត្រូវសរសេរក្នុងសៀវភៅជីវិត ហើយពួកគេនឹងមិនទទួលជីវិតដែលគ្មានទីបញ្ចប់ទេ។ ផ្ទុយទៅវិញ ពួកគេនឹងទទួល«ការមាក់ងាយជាដរាប» ឬការបំផ្លាញចោល។ ដូច្នេះ ដានីយ៉ែល ១២:២ចែងអំពីលទ្ធផលចុងក្រោយចំពោះអស់អ្នកដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ ដោយផ្អែកទៅលើអ្វីដែលពួកគេធ្វើក្រោយពីពួកគេបានរស់ឡើងវិញ។ * (បប. ២០:១២) អ្នកខ្លះនឹងទទួលជីវិតជារៀងរហូត អ្នកខ្លះទៀតនឹងមិនទទួលឡើយ។
‹ការនាំមនុស្សជាច្រើនមកឯសេចក្ដីសុចរិត›
៩-១០. តើអ្វីទៀតនឹងកើតឡើងក្រោយពីគ្រាទុក្ខវេទនាជាខ្លាំង ហើយតើអ្នកណានឹង«ភ្លឺចែងចាំងដូចជាពន្លឺផ្ទៃមេឃ»?
៩ សូមអាន ដានីយ៉ែល ១២:៣។ តើអ្វីទៀតនឹងកើតឡើង បន្ទាប់ពី«គ្រាវេទនា»នៅថ្ងៃខាងមុខ? ក្រៅពីបទគម្ពីរនៅដានីយ៉ែល ១២:២ នៅខ៣ក៏ចែងអំពីអ្វីមួយដែលនឹងកើតឡើងបន្ទាប់ពីគ្រាទុក្ខវេទនាជាខ្លាំង។
១០ តើអ្នកណានឹង«ភ្លឺចែងចាំងដូចជាពន្លឺផ្ទៃមេឃ»? ប្រសាសន៍របស់លោកយេស៊ូនៅម៉ាថាយ ១៣:៤៣បង្ហើបឲ្យយើងដឹង នៅទីនោះចែងថា៖ «នៅគ្រានោះ មនុស្សសុចរិតនឹងភ្លឺដូចថ្ងៃ ក្នុងរាជាណាចក្រនៃបិតារបស់ពួកគេ»។ នៅខគម្ពីរនេះ លោកយេស៊ូកំពុងមានប្រសាសន៍អំពី«កូននៃរាជាណាចក្រ» ពោលគឺបងប្អូនរបស់លោកដែលបានត្រូវរើសតាំង ដែលនឹងបម្រើជាមួយលោកក្នុងរាជាណាចក្រស្ថានសួគ៌។ (ម៉ាថ. ១៣:៣៨) ដូច្នេះ ដានីយ៉ែល ១២:៣ច្បាស់ជាសំដៅទៅលើពួកអ្នកដែលបានត្រូវរើសតាំង និងកិច្ចការដែលពួកគេនឹងធ្វើក្នុងអំឡុងការគ្រប់គ្រង១.០០០ឆ្នាំ។
១១-១២. តើពួក១៤៤.០០០នាក់នឹងធ្វើកិច្ចការអ្វីក្នុងអំឡុងគ្រា១.០០០ឆ្នាំ?
១១ តើពួកអ្នកដែលបានត្រូវរើសតាំងនឹង«នាំមនុស្សជាច្រើនមកឯសេចក្ដីសុចរិត»យ៉ាងដូចម្ដេច? ពួកអ្នកដែលបានត្រូវរើសតាំងនឹងសហការយ៉ាងជិតស្និទ្ធជាមួយលោកយេស៊ូគ្រិស្ត ដើម្បីដឹកនាំកិច្ចការបង្រៀនដែលនឹងត្រូវធ្វើឡើងនៅផែនដីក្នុងអំឡុងគ្រា១.០០០ឆ្នាំ។ ពួក១៤៤.០០០នាក់មិនគ្រាន់តែគ្រប់គ្រងជាស្ដេចប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងបម្រើជាសង្ឃផងដែរ។ (បប. ១:៦; ៥:១០; ២០:៦) ដូច្នេះ ពួកគេនឹងជួយ«ធ្វើឲ្យប្រជាជាតិនានាជាសះស្បើយ» ដោយធ្វើឲ្យមនុស្សជាតិទៅជាមនុស្សល្អឥតខ្ចោះឡើងវិញបន្តិចម្ដងៗ។ (បប. ២២:១, ២; អេគ. ៤៧:១២) កិច្ចការនោះនឹងធ្វើឲ្យពួកអ្នករើសតាំងអរសប្បាយមែន!
១២ តើអ្នកណានឹងនៅក្នុងចំណោម«មនុស្សជាច្រើន»ដែលនឹងមកឯសេចក្ដីសុចរិត? ពួកអ្នកទាំងនេះនឹងរួមមានពួកអ្នកដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ ពួកអ្នកដែលរួចជីវិតពីសង្គ្រាមអាម៉ាគេដូន និងកូនៗដែលទំនងជានឹងកើតនៅក្នុងពិភពលោកថ្មី។ នៅទីបញ្ចប់នៃគ្រា១.០០០ឆ្នាំ អស់អ្នកដែលរស់នៅផែនដីគឺជាមនុស្សល្អឥតខ្ចោះ។ ដូច្នេះ តើនៅពេលណាឈ្មោះរបស់ពួកគេនឹងត្រូវសរសេរជាប់ក្នុងសៀវភៅជីវិត ហាក់ដូចជាសរសេរដោយប៊ិក មិនមែនខ្មៅដៃ?
ការសាកល្បងចុងក្រោយ
១៣-១៤. តើមនុស្សល្អឥតខ្ចោះទាំងអស់នៅផែនដីត្រូវបង្ហាញអ្វីមុនពួកគេទទួលជីវិតជារៀងរហូត?
១៣ យើងត្រូវចាំថាការធ្វើជាមនុស្សល្អឥតខ្ចោះ មិនមែនមានន័យថាទទួលជីវិតដែលគ្មានទីបញ្ចប់ដោយស្វ័យប្រវត្តិនោះទេ។ សូមគិតអំពីអាដាមនិងអេវ៉ា។ ពួកគេជាមនុស្សល្អឥតខ្ចោះ ប៉ុន្តែមុនពួកគេអាចទទួលជីវិតដែលគ្មានទីបញ្ចប់ ពួកគេត្រូវបង្ហាញថាពួកគេស្ដាប់បង្គាប់ព្រះយេហូវ៉ា។ គួរឲ្យសោកស្ដាយ ពួកគេមិនបានស្ដាប់បង្គាប់លោកទេ។—រ៉ូម ៥:១២
១៤ តើពួកអ្នកដែលនៅផែនដីនឹងមានស្ថានភាពបែបណានៅដំណាច់គ្រា១.០០០ឆ្នាំ? គឺគ្រប់គ្នាទៅជាល្អឥតខ្ចោះរួចហើយ។ តើមនុស្សល្អឥតខ្ចោះទាំងអស់នេះ នឹងគាំទ្រយ៉ាងពេញលេញចំពោះការគ្រប់គ្រងរបស់ព្រះយេហូវ៉ាជារៀងរហូតឬទេ? ឬក៏តើអ្នកខ្លះនឹងបង្ហាញថាពួកគេគឺដូចអាដាមនិងអេវ៉ាដែលជាមនុស្សល្អឥតខ្ចោះ តែបែរជាមិនស្មោះត្រង់ឬ? សំណួរទាំងនេះនឹងត្រូវឆ្លើយ ប៉ុន្តែតើតាមរបៀបណា?
១៥-១៦. (ក) តើមនុស្សទាំងអស់នឹងមានឱកាសបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ានៅពេលណា? (ខ) តើការសាកល្បងចុងក្រោយនេះនឹងមានលទ្ធផលយ៉ាងណា?
១៥ សាថាននឹងត្រូវជាប់ឃុំអស់១.០០០ឆ្នាំ។ ក្នុងអំឡុងពេលនោះ វាមិនអាចបំភាន់អ្នកណាបានទេ។ ប៉ុន្តែ នៅដំណាច់គ្រា១.០០០ឆ្នាំ សាថាននឹងត្រូវដោះលែង។ ពេលនោះវានឹងព្យាយាមបំភាន់មនុស្សល្អឥតខ្ចោះ។ ក្នុងអំឡុងការសាកល្បងនោះ មនុស្សល្អឥតខ្ចោះទាំងអស់នៅផែនដី នឹងមានឱកាសបង្ហាញយ៉ាងច្បាស់ថា ពួកគេនឹងលើកកិត្តិយសនាមព្រះនិងគាំទ្រការគ្រប់គ្រងរបស់លោកឬយ៉ាងណា។ (បប. ២០:៧-១០) អ្វីដែលពួកគេម្នាក់ៗធ្វើនៅពេលនោះ នឹងបង្ហាញថាឈ្មោះរបស់ពួកគេគួរឬមិនគួរសរសេរជាប់នៅក្នុងសៀវភៅជីវិត។
១៦ គម្ពីរប្រាប់យើងថា ដូចអាដាមនិងអេវ៉ា អ្នកខ្លះនឹងមិនស្មោះត្រង់ ហើយនឹងបដិសេធការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ តើអ្វីនឹងកើតឡើងចំពោះពួកគេ? ការបើកបង្ហាញ ២០:១៥ប្រាប់យើងថា៖ «អ្នកណាដែលគ្មានឈ្មោះក្នុងសៀវភៅជីវិត អ្នកនោះបានត្រូវបោះទៅក្នុងបឹងភ្លើង»។ មែនហើយ ពួកអ្នកបះបោរទាំងនេះនឹងត្រូវបំផ្លាញចោលទាំងស្រុង។ ប៉ុន្តែ មនុស្សល្អឥតខ្ចោះភាគច្រើននឹងឆ្លងកាត់ការសាកល្បងចុងក្រោយនេះ។ បន្ទាប់មក ឈ្មោះរបស់ពួកគេនឹងត្រូវសរសេរជាប់ក្នុងសៀវភៅជីវិត។
ក្នុងអំឡុង«គ្រាចុងបញ្ចប់»
១៧. តើទេវតាមួយរូបបានប្រាប់ដានីយ៉ែលថាអ្វីនឹងកើតឡើងនៅសម័យរបស់យើង? (ដានីយ៉ែល ១២:៤, ៨-១០)
១៧ យើងរំភើបចិត្តពេលគិតអំពីព្រឹត្តិការណ៍នៅថ្ងៃខាងមុខទាំងនេះ! ប៉ុន្តែ ដានីយ៉ែលក៏បានទទួលព័ត៌មានសំខាន់ពីទេវតាមួយរូបអំពីសម័យរបស់យើងដែរ ពោលគឺ«គ្រាចុងបញ្ចប់»។ (សូមអាន ដានីយ៉ែល ១២:៤, ៨-១០; ២ធី. ៣:១-៥) ទេវតានោះបានប្រាប់ដានីយ៉ែលថា៖ «ចំណេះពិត នឹងមានជាបរិបូរ»។ មែនហើយ រាស្ត្ររបស់ព្រះនឹងកាន់តែយល់ទំនាយក្នុងសៀវភៅរបស់គាត់។ ទេវតានោះបានបន្ថែមទៀតថា ក្នុងអំឡុងគ្រានេះ«ជនទុច្ចរិតនឹងប្រព្រឹត្តយ៉ាងអាក្រក់ ហើយនឹងគ្មានពួកគេណាម្នាក់យល់បានទេ»។
១៨. មិនយូរទៀត តើអ្វីនឹងកើតឡើងចំពោះមនុស្សអាក្រក់?
១៨ សព្វថ្ងៃនេះ ប្រហែលជាមើលទៅមនុស្សអាក្រក់រួចពីទោសចំពោះការប្រព្រឹត្តអាក្រក់របស់ខ្លួន។ (ម៉ាឡ. ៣:១៤, ១៥) ប៉ុន្តែមិនយូរទៀត លោកយេស៊ូនឹងវិនិច្ឆ័យមនុស្សដែលប្រៀបដូចជាពពែ ហើយញែកពួកគេចេញពីពួកអ្នកដែលប្រៀបដូចជាចៀម។ (ម៉ាថ. ២៥:៣១-៣៣) មនុស្សទុច្ចរិតទាំងនេះនឹងមិនរួចជីវិតពីគ្រាទុក្ខវេទនាជាខ្លាំង ហើយនឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញក្នុងពិភពលោកថ្មីឡើយ។ ឈ្មោះរបស់ពួកគេនឹងមិនមាននៅក្នុង«សៀវភៅរំលឹក»ដែលបានត្រូវរៀបរាប់នៅម៉ាឡាគី ៣:១៦។
១៩. តើយើងគួរធ្វើអ្វីនៅឥឡូវនេះ ហើយហេតុអ្វី? (ម៉ាឡាគី ៣:១៦-១៨)
១៩ ឥឡូវគឺជាគ្រាឲ្យយើងបង្ហាញថាយើងមិននៅក្នុងចំណោមមនុស្សទុច្ចរិតទេ។ (សូមអាន ម៉ាឡាគី ៣:១៦-១៨) ព្រះយេហូវ៉ាកំពុងប្រមូលពួកអ្នកដែលលោកចាត់ទុកថា«ជាទ្រព្យវិសេស» ឬបុគ្គលដែលមានតម្លៃចំពោះលោក។ យើងច្បាស់ជាចង់នៅក្នុងចំណោមពួកគេ។
២០. តើអ្វីជាសេចក្ដីសន្យាចុងក្រោយចំពោះដានីយ៉ែល ហើយហេតុអ្វីអ្នកទន្ទឹងរង់ចាំការសម្រេចនៃសេចក្ដីសន្យានោះ?
២០ ពិតមែន យើងកំពុងរស់នៅគ្រាដ៏គួរឲ្យរំភើបចិត្ត។ ប៉ុន្តែមានអ្វីដ៏អស្ចារ្យជាងនេះឆ្ងាយណាស់ដែលនឹងកើតឡើងមិនយូរទៀត។ ឆាប់ៗខាងមុខ យើងនឹងឃើញការបំបាត់ចោលនៃអំពើទុច្ចរិតទាំងអស់។ បន្ទាប់មក យើងនឹងឃើញការសម្រេចនៃសេចក្ដីសន្យារបស់ព្រះយេហូវ៉ាចំពោះដានីយ៉ែលដែលថា៖ «អ្នកនឹងក្រោកឡើងវិញដើម្បីទទួលចំណែករបស់អ្នកនៅគ្រាចុងបញ្ចប់»។ (ដាន. ១២:១៣) តើអ្នកទន្ទឹងរង់ចាំថ្ងៃដែលដានីយ៉ែលនិងបុគ្គលជាទីស្រឡាញ់របស់អ្នកនឹង«ក្រោកឡើងវិញ»ឬទេ? បើដូច្នេះ សូមខំអស់ពីសមត្ថភាពដើម្បីរក្សាភាពស្មោះត្រង់នៅឥឡូវនេះ។ យ៉ាងនេះ អ្នកអាចប្រាកដថាឈ្មោះរបស់អ្នកនឹងនៅជាប់ក្នុងសៀវភៅជីវិតរបស់ព្រះយេហូវ៉ា។
ចម្រៀងលេខ៨០ «ចូរភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាជាព្រះល្អ»
^ អត្ថបទនេះប្រាប់អំពីការកែតម្រូវនៃការយល់ដឹងរបស់យើង ស្ដីអំពីកិច្ចការបង្រៀនដ៏ធំដែលបានត្រូវរៀបរាប់នៅដានីយ៉ែល ១២:២, ៣។ យើងនឹងពិចារណាថា តើនេះនឹងកើតឡើងនៅពេលណា ហើយតើអ្នកណានឹងរួមចំណែក? យើងក៏នឹងពិចារណាអំពីរបៀបដែលកិច្ចការបង្រៀននេះ នឹងជួយពួកអ្នកដែលនៅផែនដីឲ្យត្រៀមខ្លួនសម្រាប់ការសាកល្បងចុងក្រោយនៅដំណាច់ការគ្រប់គ្រង១.០០០ឆ្នាំរបស់គ្រិស្ត។
^ ការប្រោសឲ្យរស់ឡើងវិញប្រហែលជានឹងចាប់ផ្ដើមពីពួកអ្នកដែលបានរក្សាភាពស្មោះត្រង់រហូតដល់ស្លាប់ក្នុងអំឡុងគ្រាចុងក្រោយបង្អស់។ បន្ទាប់មក ពួកអ្នកដែលបានស្លាប់មុនពួកគេ ប្រហែលជានឹងត្រូវប្រោសឲ្យរស់ឡើងវិញពីមួយជំនាន់ទៅមួយជំនាន់។ បើដូច្នេះ ជំនាន់នីមួយៗនឹងមានឱកាសទទួលស្វាគមន៍ពួកអ្នកដែលពួកគេបានស្គាល់ផ្ទាល់។ ទោះជាមានអ្វីកើតឡើងក៏ដោយ គម្ពីរចែងថាការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌មាន«លំដាប់» ហេតុនេះយើងអាចសន្និដ្ឋានថាការប្រោសឲ្យរស់ឡើងវិញនៅផែនដី ក៏នឹងធ្វើឡើងតាមលំដាប់ ឬដោយមានសណ្ដាប់ធ្នាប់ដែរ។—១កូ. ១៤:៣៣; ១៥:២៣
^ ផ្ទុយទៅវិញ ពាក្យ«មនុស្សសុចរិត»និង«មនុស្សមិនសុចរិត»នៅសកម្មភាព ២៤:១៥ ហើយពាក្យ«អស់អ្នកណាដែលបានប្រព្រឹត្តការល្អ»និង«អស់អ្នកណាដែលបានប្រព្រឹត្តការអាក្រក់ជាទម្លាប់»នៅយ៉ូហាន ៥:២៩ ផ្ដោតទៅលើការប្រព្រឹត្តរបស់ពួកអ្នកដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញមុនពួកគេបានស្លាប់។