ជីវប្រវត្ដិ
ការរៀននិងការបង្រៀនអំពីព្រះយេហូវ៉ាបានធ្វើឲ្យខ្ញុំសប្បាយរីករាយ
កាលដែលខ្ញុំធំឡើងនៅក្រុងអ៊ីស្តុន រដ្ឋប៉ិនស៊ីវ៉ានី សហរដ្ឋអាម៉េរិក ខ្ញុំបានផ្ដោតអារម្មណ៍ទៅលើការទៅរៀននៅសកលវិទ្យាល័យ ហើយតាំងចិត្តទៅជាបុគ្គលជោគជ័យម្នាក់។ ខ្ញុំចូលចិត្តការរៀនសូត្រ ហើយខ្ញុំពូកែខាងគណិតវិទ្យានិងវិទ្យាសាស្ត្រ។ នៅឆ្នាំ១៩៥៦ អង្គការសង្គមស៊ីវិលបានជូនលុយខ្ញុំ២៥ដុល្លារ ដោយសារខ្ញុំបានទទួលពិន្ទុខ្ពស់ជាងគេក្នុងចំណោមសិស្សជនជាតិស្បែកខ្មៅ។ ប៉ុន្តែក្រោយមក គោលដៅខ្ញុំបានផ្លាស់ប្ដូរ។ ហេតុអ្វី?
របៀបដែលខ្ញុំរៀនអំពីព្រះយេហូវ៉ា
មិនយូរក្រោយពីឆ្នាំ១៩៤០ ឪពុកម្ដាយរបស់ខ្ញុំបានចាប់ផ្ដើមរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា។ ក្រោយមកពួកគាត់បានឈប់រៀន ប៉ុន្តែម្ដាយរបស់ខ្ញុំបន្តទទួលទស្សនាវដ្ដីភ្ញាក់រឭក! និងទស្សនាវដ្ដីប៉មយាម។ នៅឆ្នាំ១៩៥០ មហាសន្និបាតអន្តរជាតិបានត្រូវធ្វើឡើងនៅក្រុងញូវយ៉ក ហើយក្រុមគ្រួសាររបស់ខ្ញុំបានចូលរួម។
មិនយូរក្រោយពីនោះ បងប្រុសឡរ៉េន ជេហ្វ្រីបានចាប់ផ្ដើមមកលេងយើង។ គាត់បានព្យាយាមជួយខ្ញុំឲ្យរៀនសេចក្ដីពិត។ ដំបូង ខ្ញុំមិនយល់ស្របនឹងគាត់អំពីការដែលសាក្សីព្រះយេហូវ៉ាមិនរួមចំណែកក្នុងរឿងនយោបាយនិងយោធាឡើយ។ ខ្ញុំបានប្រាប់គាត់ថា បើគ្រប់គ្នានៅអាម៉េរិកមិនព្រមចូលធ្វើសង្គ្រាម នោះពួកសត្រូវអាចចូលឈ្លានពានដណ្ដើមយកទឹកដីទាំងមូល។ បងជេហ្វ្រីបានវែកញែកជាមួយខ្ញុំដោយចិត្តអត់ធ្មត់ថា៖ «បើមនុស្សទាំងអស់នៅអាម៉េរិកបម្រើព្រះយេហូវ៉ា ហើយពួកសត្រូវមកវាយប្រហារពួកគេ តើប្អូនគិតថាលោកនឹងធ្វើអ្វី?»។ ការវែកញែករបស់គាត់អំពីរឿងនេះនិងរឿងផ្សេងទៀត បានជួយខ្ញុំឲ្យយល់ថាទស្សនៈរបស់ខ្ញុំគឺខុស។ នេះធ្វើឲ្យខ្ញុំកាន់តែចាប់អារម្មណ៍ចង់រៀនគម្ពីរ។
ខ្ញុំបានចំណាយពេលច្រើនម៉ោងដើម្បីអានទស្សនាវដ្ដីប៉មយាម និងទស្សនាវដ្ដីភ្ញាក់រឭក!លេខចាស់ៗដែលម្ដាយរបស់ខ្ញុំបានទុកនៅបន្ទប់មួយ។ ក្រោយមក ខ្ញុំបានទទួលស្គាល់ថាអ្វីដែលខ្ញុំកំពុងរៀនគឺជាសេចក្ដីពិត។ ដូច្នេះ ខ្ញុំបានយល់ព្រមរៀនគម្ពីរតាមការស្នើសុំរបស់បងជេហ្វ្រី។ ខ្ញុំក៏បានចាប់ផ្ដើមចូលរួមកិច្ចប្រជុំជាទៀងទាត់ដែរ។ ខ្ញុំពិតជាចូលចិត្តអ្វីដែលខ្ញុំកំពុងរៀន ហើយខ្ញុំបានក្លាយទៅជាអ្នកផ្សព្វផ្សាយដំណឹងល្អ។ ខ្ញុំបានផ្លាស់ប្ដូរគោលដៅរបស់ខ្ញុំ ពេលខ្ញុំបានយល់ថា«ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា គឺមកកាន់តែជិតណាស់ហើយ»។ (សេផ. ១:១៤) ខ្ញុំលែងចង់ទៅរៀននៅសកលវិទ្យាល័យទៀត តែខ្ញុំចង់ជួយអ្នកឯទៀតឲ្យរៀនសេចក្ដីពិតពីគម្ពីរវិញ។
ខ្ញុំបានរៀនចប់វិទ្យាល័យនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៥៦ ហើយបីថ្ងៃក្រោយមក ខ្ញុំបានទទួលការជ្រមុជទឹកនៅសន្និបាតប្រចាំមណ្ឌល។ ដោយសារខ្ញុំសម្រេចចិត្តប្រើជីវិតរបស់ខ្ញុំដើម្បីរៀននិង
បង្រៀនអ្នកឯទៀតអំពីព្រះយេហូវ៉ា ខ្ញុំបានទទួលពរជាច្រើនហួសពីការនឹកស្មាន។ការរៀននិងការបង្រៀនពេលត្រួសត្រាយ
ប្រាំមួយខែក្រោយពីខ្ញុំបានទួលការជ្រមុជទឹក ខ្ញុំបានទៅជាអ្នកត្រួសត្រាយពេញពេល។ កិច្ចបម្រើរាជាណាចក្រ(Kingdom Ministry) ខែធ្នូ ឆ្នាំ១៩៥៦ មានអត្ថបទដែលមានចំណងជើងថា «តើអ្នកអាចបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សាយឬទេ?»។ ខ្ញុំយល់ថាខ្ញុំអាចធ្វើបាន។ ខ្ញុំចង់ជួយនៅកន្លែងដែលមិនសូវមានអ្នកផ្សាយដំណឹងល្អ។—ម៉ាថ. ២៤:១៤
ខ្ញុំបានរើទៅក្រុងអេដហ្វីល រដ្ឋសៅការ៉ូឡៃណា។ ក្រុមជំនុំនៅទីនោះមានអ្នកផ្សាយតែបួននាក់ទេ។ ក្រោយមក មានប្រាំនាក់ដោយសារខ្ញុំរើទៅទីនោះ។ យើងបានធ្វើកិច្ចប្រជុំនៅបន្ទប់ខាងមុខផ្ទះរបស់បងប្រុសម្នាក់។ រាល់ខែ ខ្ញុំផ្សព្វផ្សាយបាន១០០ម៉ោង។ ខ្ញុំជាប់រវល់ក្នុងការនាំមុខកិច្ចផ្សព្វផ្សាយនិងថ្លែងសុន្ទរកថាក្នុងក្រុមជំនុំ។ គួរឲ្យចាប់អារម្មណ៍ កាលដែលខ្ញុំកាន់តែធ្វើកិច្ចការច្រើនក្នុងក្រុមជំនុំ ខ្ញុំកាន់តែបានរៀនច្រើនអំពីព្រះយេហូវ៉ា។
ស្ត្រីមេម៉ាយម្នាក់ដែលខ្ញុំបង្រៀនគម្ពីរ ជាម្ចាស់កន្លែងធ្វើពិធីបុណ្យសពនៅក្រុងចនស្តុន ដែលមានចម្ងាយប៉ុន្មានគីឡូម៉ែត្រពីផ្ទះរបស់ខ្ញុំ។ គាត់បានឲ្យខ្ញុំការងារមិនពេញពេលដែលខ្ញុំពិតជាត្រូវការ ហើយអនុញ្ញាតឲ្យយើងប្រើអគារតូចមួយដើម្បីធ្វើជាសាលប្រជុំ។
បងប្រុសចាលី ជេហ្វ្រីដែលជាកូនរបស់បងប្រុសដែលបានបង្រៀនគម្ពីរដល់ខ្ញុំ បានរើផ្ទះពីតំបន់ប៊្រុគ្លីន រដ្ឋញូវយ៉ក ហើយគាត់បានទៅជាដៃគូត្រួសត្រាយរបស់ខ្ញុំ។ យើងបានរស់នៅផ្ទះចល័តតូចមួយដែលបងប្រុសម្នាក់បានឲ្យយើងខ្ចី។
ប្រាក់កម្រៃគឺទាបនៅសហរដ្ឋអាម៉េរិកភាគខាងត្បូង។ យើងបានទទួលប្រាក់ឈ្នួលពីរឬបីដុល្លារក្នុងមួយថ្ងៃ។ នៅពេលមួយ ខ្ញុំបានចាយកាក់តិចតួចដែលខ្ញុំនៅសល់ដើម្បីទិញអាហារខ្លះពីហាងទំនិញមួយ។ ពេលខ្ញុំដើរចេញពីហាងនោះ បុរសម្នាក់បានមកជួបខ្ញុំ ហើយសួរថា៖ «តើប្អូនចង់ធ្វើការទេ? ខ្ញុំនឹងឲ្យប្រាក់ឈ្នួលប្អូនមួយដុល្លារក្នុងមួយម៉ោង»។ គាត់បានឲ្យខ្ញុំធ្វើការបីថ្ងៃដើម្បីសម្អាតការដ្ឋានសាងសង់។ ខ្ញុំឃើញច្បាស់ថាព្រះយេហូវ៉ាកំពុងជួយខ្ញុំឲ្យបន្តនៅក្រុងអេដហ្វីល។ ខ្ញុំក៏មានឱកាសទៅមហាសន្និបាតអន្តរជាតិឆ្នាំ១៩៥៨ នៅក្រុងញូវយ៉កដែរ។
នៅថ្ងៃទី២នៃមហាសន្និបាត មានអ្វីពិសេសមួយបានកើតឡើង គឺខ្ញុំបានជួបប្អូនស្រីម្នាក់ឈ្មោះរូប៊ី វ៉ាដលីងថុនដែលបម្រើជាអ្នកត្រួសត្រាយពេញពេលនៅក្រុងហ្គាឡាតាន រដ្ឋតិណឺស៊ី។ ដោយសារយើងទាំងពីរចង់បម្រើជាសាសនទូត យើងបានចូលរួមកិច្ចប្រជុំសម្រាប់ពួកអ្នកដែលចង់ចូលសាលាគីលាត នៅមហាសន្និបាតនោះ។ ក្រោយមក យើងបានចាប់ផ្ដើមសរសេរសំបុត្រឲ្យគ្នាទៅវិញទៅមក។ បន្ទាប់មក ខ្ញុំបានត្រូវអញ្ជើញឲ្យថ្លែងសុន្ទរកថាជាសាធារណៈនៅក្រុងហ្គាឡាតាន។ ខ្ញុំបានយកឱកាសនោះដើម្បីសុំរូប៊ីរៀបការ។ ក្រោយមក ខ្ញុំបានរើទៅក្រុមជំនុំរបស់គាត់ ហើយយើងបានរៀបការនៅឆ្នាំ១៩៥៩។
ការរៀននិងការបង្រៀនក្នុងក្រុមជំនុំ
កាលខ្ញុំមានអាយុ២៣ឆ្នាំ ខ្ញុំបានត្រូវតែងតាំងជាអ្នកត្រួតពិនិត្យក្រុមជំនុំ(ឥឡូវបានត្រូវហៅថាអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ) នៅក្រុងហ្គាឡាតាន។ យើងជាក្រុមជំនុំដំបូងដែលបងប្រុសឆាល ធំសិនបានមកទស្សនកិច្ច ពេលគាត់ទើបតែបានត្រូវតែងតាំងជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ ទោះជាគាត់មានបទពិសោធន៍ច្រើនក្ដី គាត់បានសួរយោបល់របស់ខ្ញុំអំពីអ្វីដែលបងប្អូនត្រូវការ និងរបៀបដែលអ្នកត្រួតពិនិត្យប្រចាំមណ្ឌលឯទៀតថែទាំក្រុមជំនុំ។ ខ្ញុំរៀនពី
គាត់ថា គឺជាការល្អឲ្យយើងសួរសំណួរផ្សេងៗនិងស្វែងរកព័ត៌មានទាំងអស់សិន មុនធ្វើការសម្រេចចិត្ត។នៅខែឧសភា ឆ្នាំ១៩៦៤ ខ្ញុំបានត្រូវអញ្ជើញឲ្យទៅក្រុងសោតឡានស៊ីង រដ្ឋញូវយ៉ក ដើម្បីចូលរួមសាលាកិច្ចបម្រើរាជាណាចក្រអស់រយៈពេលមួយខែ។ បងប្រុសៗដែលបានដឹកនាំសាលានោះ ធ្វើឲ្យខ្ញុំចង់រៀនថែមទៀតអំពីព្រះយេហូវ៉ានិងចូលកាន់តែជិតលោក។
ការរៀននិងការបង្រៀន ក្នុងកិច្ចការត្រួតពិនិត្យមណ្ឌលនិងតំបន់
ខ្ញុំនិងរូប៊ីបានត្រូវអញ្ជើញឲ្យធ្វើកិច្ចការត្រួតពិនិត្យមណ្ឌល នៅខែមករា ឆ្នាំ១៩៦៥។ មណ្ឌលទី១របស់យើងគឺធំ ចាប់ពីក្រុងណតស្វីល រដ្ឋតិណឺស៊ី ជិតដល់ក្រុងរីឆ្មិន រដ្ឋវឺជីញា។ នេះរួមបញ្ចូលក្រុមជំនុំនៅរដ្ឋន័រការ៉ូឡៃណា រដ្ឋកិនថឹកគី និងរដ្ឋវ៉េសវឺជីញា។ យើងទៅទស្សនកិច្ចតែក្រុមជំនុំជនជាតិស្បែកខ្មៅប៉ុណ្ណោះ ដោយសារច្បាប់ស្ដីអំពីការប្រកាន់ពូជសាសន៍នៅសហរដ្ឋអាម៉េរិកខាងត្បូង មិនអនុញ្ញាតឲ្យជនជាតិស្បែកខ្មៅចូលរួមកិច្ចប្រជុំជាមួយជនជាតិស្បែកសទេ។ បងប្អូនរបស់យើងមានជីវភាពក្រីក្រ ហើយយើងបានរៀនចេះចែករំលែកដល់ពួកអ្នកខ្វះខាត។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលយូរឆ្នាំម្នាក់បានបង្រៀនខ្ញុំមេរៀនសំខាន់មួយ ពេលគាត់និយាយថា៖ «សូមធ្វើជាបងប្អូន មិនមែនធ្វើជាចៅហ្វាយក្នុងក្រុមជំនុំដែលប្អូនទៅទស្សនកិច្ចទេ។ ប្អូនអាចជួយបងប្អូនបាន លុះត្រាតែពួកគេមានអារម្មណ៍ថាប្អូនជាបងប្អូនរបស់ពួកគេ»។
កាលដែលយើងបានទៅទស្សនកិច្ចនៅក្រុមជំនុំតូចមួយ រូប៊ីបានចាប់ផ្ដើមបង្រៀនគម្ពីរដល់ស្ត្រីវ័យក្មេងម្នាក់ដែលមានកូនស្រីអាយុមួយខួប។ ពេលដែលគ្មានអ្នកណាក្នុងក្រុមជំនុំនោះអាចដឹកនាំការសិក្សាគម្ពីរដល់ស្ត្រីនោះបាន រូប៊ីបានធ្វើដោយសរសេរសំបុត្រ។ នៅទស្សនកិច្ចបន្ទាប់របស់យើង ស្ត្រីនោះបានមករាល់កិច្ចប្រជុំ។ ពេលបងស្រីអ្នកត្រួសត្រាយពិសេសពីរនាក់បានរើទៅក្រុមជំនុំនោះ ពួកគេបានបន្តបង្រៀនគម្ពីរដល់ស្ត្រីនោះ ហើយមិនយូរក្រោយមក គាត់បានទទួលការជ្រមុជទឹក។ ប្រហែលជា៣០ឆ្នាំក្រោយមក នៅឆ្នាំ១៩៩៥ ប្អូនស្រីវ័យក្មេងម្នាក់បានមកនិយាយជាមួយរូប៊ីនៅបេតអែលផាតឺសិន។ គាត់គឺជាកូនស្រីរបស់ស្ត្រីដែលរូប៊ីបានបង្រៀនគម្ពីរនោះ។ កូនស្រីនោះនិងប្ដីរបស់គាត់បានចូលសាលាគីលាតជំនាន់ទី១០០។
មណ្ឌលទី២របស់យើង គឺនៅរដ្ឋផ្លរីដាភាគកណ្ដាល។ ពេលនោះ យើងត្រូវការឡាន ដូច្នេះយើងបានទិញឡានមួយក្នុងតម្លៃថោក។ ប៉ុន្តែនៅសប្ដាហ៍ដំបូង ម៉ាស៊ីនបូមទឹករបស់ឡាននោះបានខូច ហើយយើងគ្មានលុយជួសជុលវាទេ។ ខ្ញុំបានសុំជំនួយពីបងប្រុសម្នាក់ដែលខ្ញុំគិតថាប្រហែលជាអាចជួយយើងបាន។ បងប្រុសនោះបានសុំអ្នកធ្វើការម្នាក់របស់គាត់ឲ្យជួសជុលឡានយើង។ បន្ទាប់ពីជួសជុលរួច បងប្រុសនោះមិនចង់យកលុយពីយើងទេ។ គាត់និយាយថា៖ «បងមិនចាំបាច់ឲ្យអ្វីខ្ញុំទេ»។ គាត់ថែមទាំងបានឲ្យលុយខ្លះដល់យើងជាអំណោយទៀតផង! នេះគឺជាគំរូមួយដែលបង្ហាញអំពីរបៀបដែលព្រះយេហូវ៉ាថែរក្សារាស្ត្រលោក។ នេះក៏រំលឹកយើងឲ្យចេះបង្ហាញចិត្តទូលាយដល់អ្នកឯទៀតដែរ។
រាល់ដងដែលយើងបានទៅទស្សនកិច្ចក្រុមជំនុំណាមួយ យើងស្នាក់នៅផ្ទះរបស់បងប្អូន។ នេះនាំឲ្យយើងមានមិត្តភក្តិល្អៗជាច្រើន។ នៅថ្ងៃមួយ ខ្ញុំបានចាប់ផ្ដើមវាយរបាយការណ៍អំពីក្រុមជំនុំដោយប្រើម៉ាស៊ីនអង្គុលីលេខរបស់ខ្ញុំ ហើយបានទុកវាសិន រួចក៏ចេញទៅ។ លុះល្ងាចឡើង ពេលខ្ញុំមកវិញ ខ្ញុំឃើញថាកូនប្រុសដែលមានអាយុបីឆ្នាំរបស់ក្រុមគ្រួសារដែលយើងកំពុងស្នាក់នៅនោះ បានជួយបង្ហើយរបាយការណ៍នោះបាត់ទៅហើយ។ ខ្ញុំបានចំអន់គាត់លេងអំពីរឿងនោះអស់ជាច្រើនឆ្នាំ។
នៅឆ្នាំ១៩៧១ ខ្ញុំបានទទួលសំបុត្រតែងតាំងឲ្យធ្វើជាអ្នកត្រួតពិនិត្យប្រចាំតំបន់ នៅក្រុងញូវយ៉ក។ យើងពីរនាក់ភ្ញាក់ផ្អើលមែន! ពេលយើងរើទៅទីនោះ ខ្ញុំមានអាយុត្រឹមតែ៣៤ឆ្នាំប៉ុណ្ណោះ។ បងប្អូនបានស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅក្នុងនាមជាអ្នកត្រួតពិនិត្យប្រចាំតំបន់ជនជាតិស្បែកខ្មៅដំបូងគេនៅតំបន់នោះ។
ក្នុងនាមជាអ្នកត្រួតពិនិត្យប្រចាំតំបន់ ខ្ញុំចូលចិត្តបង្រៀនអំពីព្រះយេហូវ៉ារាល់សប្ដាហ៍នៅសន្និបាតប្រចាំមណ្ឌល។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលជាច្រើនមានបទពិសោធន៍ជាងខ្ញុំ។ បងប្រុសម្នាក់ក្នុងចំណោមពួកគេបានថ្លែងសុន្ទរកថាការជ្រមុជទឹករបស់ខ្ញុំ។ បងប្រុសម្នាក់ទៀតក្នុងចំណោមពួកគេឈ្មោះធីអូឌ័រ ចារ៉ាសបានទៅជាសមាជិកគណៈអភិបាលនៅពេលក្រោយមក ហើយក៏មានបងប្អូនប្រុសដែលមានបទពិសោធន៍ជាច្រើននាក់ដែលបម្រើនៅបេតអែលប៊្រុគ្លីន។ ខ្ញុំសប្បាយចិត្តណាស់ដែលអ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងបងប្អូនបេតអែលមិនធ្វើឲ្យខ្ញុំមានអារម្មណ៍ភ័យ។ ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកថា បងប្អូនទាំងនេះជាគង្វាលដែលប្រកបដោយសេចក្ដីស្រឡាញ់និងដែលពឹងផ្អែកលើបណ្ដាំរបស់ព្រះ ហើយគាំទ្រអង្គការរបស់លោកយ៉ាងស្មោះត្រង់។ ចិត្តរាបទាបរបស់ពួកគេបានធ្វើឲ្យខ្ញុំស្រួលបំពេញភារកិច្ចជាអ្នកត្រួតពិនិត្យប្រចាំតំបន់។
ការធ្វើកិច្ចការត្រួតពិនិត្យមណ្ឌលវិញ
នៅឆ្នាំ១៩៧៤ គណៈអភិបាលបានតែងតាំងអ្នកត្រួតពិនិត្យប្រចាំមណ្ឌលមួយក្រុមទៀត ដើម្បីធ្វើកិច្ចការត្រួតពិនិត្យតំបន់ ហើយខ្ញុំ
បានទៅជាអ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្ដងទៀត លើកនេះនៅរដ្ឋសៅការ៉ូឡៃណា។ គួរឲ្យសប្បាយ ពេលនោះទាំងក្រុមជំនុំជនជាតិស្បែកខ្មៅ ទាំងក្រុមជំនុំជនជាតិស្បែកសនៅសហរដ្ឋអាម៉េរិកខាងត្បូង លែងបែងចែកតាមពូជសាសន៍ទៀត។ នេះធ្វើឲ្យបងប្អូនសប្បាយរីករាយណាស់។នៅចុងឆ្នាំ១៩៧៦ ខ្ញុំបានត្រូវចាត់ឲ្យទៅមណ្ឌលមួយ នៅរដ្ឋចចចៀរវាងក្រុងអាត្លង់តានិងក្រុងកូឡាំបឺស។ ខ្ញុំចាំច្បាស់អំពីពេលដែលខ្ញុំថ្លែងសុន្ទរកថាពិធីបុណ្យសពសម្រាប់កូនក្មេងជនជាតិស្បែកខ្មៅប្រាំនាក់ដែលបានស្លាប់ ដោយសារផ្ទះរបស់ពួកគេបានត្រូវគេលួចដុត។ ម្ដាយរបស់ពួកគេបានរងរបួស ហើយត្រូវទៅមន្ទីរពេទ្យ។ សាក្សីព្រះយេហូវ៉ាទាំងជនជាតិស្បែកខ្មៅ ទាំងជនជាតិស្បែកសជាច្រើននាក់ បានបណ្ដាក់គ្នាមកមន្ទីរពេទ្យដើម្បីសម្រាលទុក្ខឪពុកម្ដាយនោះ។ ខ្ញុំបានឃើញថាបងប្អូនបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នា ហើយនេះគឺគួរឲ្យសរសើរមែន។ ពេលរាស្ត្ររបស់ព្រះបង្ហាញសេចក្ដីស្រឡាញ់បែបនេះចំពោះគ្នា ពួកគេអាចស៊ូទ្រាំនឹងស្ថានភាពពិបាកបំផុត។
ការរៀននិងការបង្រៀននៅបេតអែល
នៅឆ្នាំ១៩៧៧ យើងបានត្រូវសុំឲ្យមកបេតអែលប៊្រុគ្លីនសម្រាប់ប៉ុន្មានខែ ដើម្បីចូលរួមក្នុងគម្រោងមួយ។ ពេលគម្រោងនោះជិតចប់ សមាជិកគណៈអភិបាលពីរនាក់បានមកជួបខ្ញុំ ហើយសួរថាតើខ្ញុំនិងរូប៊ីសុខចិត្តបម្រើនៅបេតអែលរហូតឬទេ។ យើងពីរនាក់បានព្រមទទួលការអញ្ជើញនោះ។
អស់២៤ឆ្នាំ ខ្ញុំបានធ្វើកិច្ចការនៅការិយាល័យខាងកិច្ចបម្រើ ជាផ្នែកដែលបងប្រុសៗច្រើនតែត្រូវជួយឆ្លើយសំណួរពិបាកៗ។ អស់ជាច្រើនឆ្នាំ គណៈអភិបាលបានផ្ដល់ការណែនាំសមស្របតាមគោលការណ៍គម្ពីរ ហើយនេះជួយបងប្អូនដែលបម្រើនៅការិយាល័យខាងកិច្ចបម្រើឲ្យផ្ដល់ចម្លើយចំពោះសំណួរផ្សេងៗ។ ការណែនាំនោះក៏បានត្រូវប្រើសម្រាប់បង្ហាត់បង្រៀនអ្នកត្រួតពិនិត្យប្រចាំមណ្ឌល អ្នកចាស់ទុំ និងអ្នកត្រួសត្រាយ។ ព័ត៌មានសម្រាប់ការបង្ហាត់បង្រៀននោះបានជួយបងប្អូនជាច្រើននាក់ឲ្យទៅជាគ្រិស្តសាសនិកដែលកាន់តែមានភាពចាស់ទុំ។ ម្យ៉ាងទៀត នេះបានពង្រឹងអង្គការរបស់ព្រះយេហូវ៉ា។
ចាប់ពីឆ្នាំ១៩៩៥ដល់ឆ្នាំ២០១៨ ខ្ញុំបានធ្វើទស្សនកិច្ចការិយាល័យសាខាផ្សេងៗក្នុងនាមជាតំណាងមន្ទីរចាត់ការ ដែលធ្លាប់ហៅថាអ្នកត្រួតពិនិត្យតាមការិយាល័យសាខា។ ខ្ញុំបានជួបសមាជិកគណៈកម្មាធិការការិយាល័យសាខា សមាជិកបេតអែល និងសាសនទូតដើម្បីលើកទឹកចិត្តពួកគេ ព្រមទាំងជួយពួកគេក្នុងការពិបាកផ្សេងៗ។ ខ្ញុំនិងរូប៊ីក៏តែងតែទទួលការលើកទឹកចិត្តពីបទពិសោធន៍របស់ពួកគេដែរ។ ជាឧទាហរណ៍ យើងបានទៅប្រទេសរវ៉ាន់ដានៅឆ្នាំ២០០០។ យើងបានទទួលការលើកទឹកចិត្តខ្លាំងណាស់ ពេលស្ដាប់អំពីរបៀបដែលបងប្អូននិងសមាជិកបេតអែលឆ្លងកាត់គ្រាដែលមានការសម្លាប់រង្គាល នាឆ្នាំ១៩៩៤។ បងប្អូនជាច្រើនបានបាត់បង់បុគ្គលជាទីស្រឡាញ់។ ទោះជាបងប្អូនទាំងនោះបានស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗក្ដី ពួកគេបង្ហាញជំនឿ អំណរ និងសេចក្ដីសង្ឃឹម។
ឥឡូវនេះ យើងមានអាយុ៨០ឆ្នាំជាង។ អស់រយៈពេល២០ឆ្នាំកន្លងទៅនេះ ខ្ញុំបានបម្រើជាមួយសមាជិកគណៈកម្មាធិការការិយាល័យសាខាសហរដ្ឋអាម៉េរិក។ ខ្ញុំមិនដែលបានទទួលការអប់រំពីសកលវិទ្យាល័យមែន ប៉ុន្តែខ្ញុំបានទទួលការអប់រំដ៏ល្អបំផុតពីព្រះយេហូវ៉ានិងអង្គការរបស់លោក។ នេះជួយខ្ញុំឲ្យមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀនអ្នកឯទៀតអំពីសេចក្ដីពិតពីគម្ពីរ ដែលអាចផ្ដល់ប្រយោជន៍ដល់ពួកគេជារៀងរហូត។ (២កូ. ៣:៥; ២ធី. ២:២) ខ្ញុំបានឃើញរបៀបដែលដំណឹងក្នុងគម្ពីរបានជួយមនុស្សឲ្យមានជីវិតល្អប្រសើរជាង និងបណ្ដុះឲ្យមានចំណងមិត្តភាពជាមួយអ្នកបង្កើត។ (យ៉ា. ៤:៨) ពេលណាខ្ញុំនិងរូប៊ីអាចធ្វើបាន យើងបន្តលើកទឹកចិត្តអ្នកឯទៀតឲ្យចេះឲ្យតម្លៃឯកសិទ្ធិរៀនអំពីព្រះយេហូវ៉ា និងបង្រៀនសេចក្ដីពិតពីគម្ពីរដល់អ្នកឯទៀត។ នេះជាឯកសិទ្ធិដ៏អស្ចារ្យបំផុតដែលអ្នកបម្រើព្រះយេហូវ៉ាអាចមាន!