លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៨

ចូរធ្វើជាមនុស្សដ៏គួរឲ្យទុកចិត្ត

ចូរធ្វើជាមនុស្សដ៏គួរឲ្យទុកចិត្ត

​«​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ចេះ​រក្សា​ការ​សម្ងាត់​»។—សុភ. ១១:១៣

ចម្រៀង​លេខ​១០១ ចូរ​បម្រើ​ដោយ​សាមគ្គីភាព

សេចក្ដី​សង្ខេប *

១. តើ​យើង​អាច​សម្គាល់​បុគ្គល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​តាម​របៀប​ណា?

 បុគ្គល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ព្យាយាម​ធ្វើ​តាម​ពាក្យ​សន្យា​របស់​គាត់ ហើយ​ជា​អ្នក​ដែល​និយាយ​ការ​ពិត។ (​ចសព. ១៥:៤​) អ្នក​ឯ​ទៀត​ដឹង​ថា​ពួក​គេ​អាច​ពឹង​ពាក់​គាត់​បាន។ យើង​ចង់​ឲ្យ​បង​ប្អូន​មាន​អារម្មណ៍​បែប​នេះ​ចំពោះ​យើង។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ជា​មនុស្ស​ដែល​ពួក​គេ​អាច​ទុក​ចិត្ត?

២. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​គឺ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត?

យើង​មិន​អាច​បង្ខំ​អ្នក​ឯ​ទៀត​ឲ្យ​ទុក​ចិត្ត​យើង​បាន​ទេ តែ​យើង​ត្រូវ​បង្ហាញ​អ្នក​ឯ​ទៀត​ថា​យើង​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង។ គេ​និយាយ​ថា ការ​ទុក​ចិត្ត​គឺ​ប្រៀប​ដូច​ជា​លុយ ពិបាក​រក តែ​ងាយ​បាត់​ទៅ​វិញ។ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​បង្ហាញ​ថា​លោក​គឺ​ជា​បុគ្គល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ យើង​តែង​តែ​អាច​ទុក​ចិត្ត​លោក​បាន ដោយ​សារ​«​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ធ្វើ​គឺ​គួរ​ឲ្យ​ទុក​ចិត្ត​»។ (​ចសព. ៣៣:៤​) ម្យ៉ាង​ទៀត លោក​តម្រូវ​ឲ្យ​យើង​យក​តម្រាប់​លោក។ (​អេភ. ៥:១​) សូម​យើង​ពិចារណា​អំពី​គំរូ​ខ្លះ​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល​បាន​យក​តម្រាប់​លោក ហើយ​បង្ហាញ​ថា​ពួក​គេ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ យើង​ក៏​នឹង​ពិចារណា​គុណ​សម្បត្តិ​ប្រាំ ដែល​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។

ចូរ​រៀន​ពី​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល​គួរ​ឲ្យ​ទុក​ចិត្ត

៣​-​៤. តើ​ដានីយ៉ែល​បាន​បង្ហាញ​ថា​គាត់​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​តាម​របៀប​ណា ហើយ​តើ​នេះ​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ពិចារណា​អំពី​អ្វី​ខ្លះ?

ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​ស្ដី​អំពី​ការ​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ ទោះ​ជា​គាត់​បាន​ត្រូវ​ជន​ជាតិ​បាប៊ីឡូន​ចាប់​ធ្វើ​ជា​ឈ្លើយ​ក្ដី គាត់​បាន​បង្ហាញ​ថា​គាត់​ជា​បុគ្គល​ដែល​អ្នក​ឯ​ទៀត​អាច​ពឹង​បាន ហើយ​ជាមនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ មនុស្ស​បាន​ទុក​ចិត្ត​គាត់​កាន់​តែ​ខ្លាំង​ឡើង​ពេល​ដែល​គាត់​បាន​កាត់​ស្រាយ​សុបិន​របស់​ស្ដេច​នេប៊ូក្នេសា​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ នៅ​ពេល​មួយ ដានីយ៉ែល​ត្រូវ​ប្រាប់​ស្ដេច​នោះ​ថា​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​គាត់​ទេ ហើយ​នេះ​ជា​ដំណឹង​ដែល​ស្ដេច​មិន​ចង់​ឮ។ ដានីយ៉ែល​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​ប្រាប់​ដំណឹង​នោះ ដោយ​សារ​នេប៊ូក្នេសា​ជា​ស្ដេច​ដែល​ឆាប់​ផ្ទុះ​កំហឹង! (​ដាន. ២:១២; ៤:២០​-​២២, ២៥​) ច្រើន​ឆ្នាំ​ក្រោយ​មក ដានីយ៉ែល​បាន​បង្ហាញ​ម្ដង​ទៀត​ថា​គាត់​ជា​មនុស្ស​ដែល​គេ​ទុក​ចិត្ត​បាន ពេល​គាត់​បាន​បក​ស្រាយ​យ៉ាង​ត្រឹម​ត្រូវ​អំពី​ដំណឹង​អាថ៌​កំបាំង​មួយ​ដែល​បាន​លេច​មក​នៅ​លើ​ជញ្ជាំង​វិមាន​នៅ​បាប៊ីឡូន។ (​ដាន. ៥:៥, ២៥​-​២៩​) ក្រោយ​មក ដារីយុស​ដែល​ជា​ជន​ជាតិ​មេឌី​និង​ពួក​មន្ត្រី​របស់​គាត់​ក៏​កត់​សម្គាល់​ថា ដានីយ៉ែល​«​មាន​ប្រាជ្ញា​វាង​វៃ​និង​សមត្ថភាព​ពិសេស​»។ ពួក​គេ​បាន​ទទួល​ស្គាល់​ថា ​«​ដានីយ៉ែល​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​មិន​ធ្វេស​ប្រហែស​នឹង​កិច្ច​ការ​ណា​ឡើយ​»។ (​ដាន. ៦:៣, ៤​) ពិត​មែន សូម្បី​តែ​ពួក​អ្នក​គ្រប់​គ្រង​ដែល​គោរព​បូជា​ព្រះ​មិន​ពិត ក៏​ទទួល​ស្គាល់​ថា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ម្នាក់​នេះ​ជា​បុគ្គល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត!

កាល​ដែល​យើង​រំពឹង​គិត​អំពី​គំរូ​របស់​ដានីយ៉ែល ជា​ការ​ល្អ​ដែល​យើង​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​មាន​កេរ្តិ៍​ឈ្មោះ​បែប​ណា​ចំពោះ​ពួក​អ្នក​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា? តើ​អ្នក​ឯ​ទៀត​មើល​មក​ខ្ញុំ​ថា​ជា​មនុស្ស​ដែល​ចេះ​ទទួល​ខុស​ត្រូវ​និង​អាច​ទុក​ចិត្ត​បាន​ឬ​ទេ?›។ ហេតុ​អ្វី​យើង​គួរ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ទាំង​នេះ? ពីព្រោះ​ពេល​យើង​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត យើង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង។

នេហេមា​បាន​ជ្រើស​រើស​បុរស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ដើម្បី​បំពេញ​ភារកិច្ច​សំខាន់ (​សូម​មើល​វគ្គ​៥​)

៥. ហេតុ​អ្វី​ហាណានា​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត?

នៅ​ឆ្នាំ​៤៥៥ មុន​គ.ស. ក្រោយ​ពី​អភិបាល​នេហេមា​បាន​សង់​កំពែង​ក្រុង​យេរូសាឡិម​ឡើង​វិញ គាត់​បាន​ស្វែង​រក​បុរស​ដែល​អាច​ពឹង​ពាក់​បាន ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ក្រុង​នោះ​ឲ្យ​បាន​ល្អ។ នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នេហេមា​បាន​ជ្រើស​រើស មាន​ហាណានា​ដែល​ជា​មេ​បន្ទាយ។ គម្ពីរ​រៀប​រាប់​ថា ហាណានា​ជា​«​អ្នក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ណាស់ និង​ជា​អ្នក​កោត​ខ្លាច​ព្រះ​ពិត​លើស​អ្នក​ឯ​ទៀត​»។ (​នេហ. ៧:២​) សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​ការ​កោត​ខ្លាច​លោក បាន​ជំរុញ​ចិត្ត​ហាណានា​ឲ្យ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​ចំពោះ​ភារកិច្ច​ណា​ក៏​ដោយ​ដែល​គាត់​បាន​ទទួល។ គុណ​សម្បត្តិ​ទាំង​នេះ​ក៏​នឹង​ជួយ​យើង​ឲ្យ​ទៅ​ជា​មនុស្ស​ដែល​អ្នក​ឯ​ទៀត​អាច​ពឹង​ពាក់​បាន​ក្នុង​កិច្ច​បម្រើ​ព្រះ។

៦. តើ​ទីឃីកុស​បាន​បង្ហាញ​ថា​គាត់​ជា​មិត្ត​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​របស់​សាវ័ក​ប៉ូល​យ៉ាង​ដូច​ម្ដេច?

សូម​គិត​អំពី​គំរូ​របស់​ទីឃីកុស​ដែល​ជា​ដៃ​គូ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​របស់​សាវ័ក​ប៉ូល។ ពេល​ប៉ូល​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ គាត់​បាន​ពឹង​ពាក់​ទីឃីកុស ហើយ​បាន​ហៅ​ទីឃីកុស​ថា​៖ ​«​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​»។ (​អេភ. ៦:២១, ២២​) ប៉ូល​បាន​បង្ហាញ​ទំនុក​ចិត្ត​លើ​គាត់​ដោយ​សុំ​គាត់​ឲ្យ​យក​សំបុត្រ​ទៅ​បង​ប្អូន​នៅ​ក្រុង​អេភេសូរ​និង​ក្រុង​កូឡុស ហើយ​ថែម​ទាំង​សុំ​គាត់​ឲ្យ​លើក​ទឹក​ចិត្ត​និង​សម្រាល​ទុក្ខ​បង​ប្អូន​ទាំង​នោះ​ដែរ។ ទីឃីកុស​រំលឹក​យើង​អំពី​បង​ប្អូន​ប្រុស​ដ៏​ស្មោះ​ត្រង់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​នៅ​សព្វ​ថ្ងៃ​នេះ។ បង​ប្អូន​ទាំង​នោះ​កំពុង​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​យើង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។—កូឡ. ៤:៧​-​៩

៧. តើ​អ្នក​អាច​រៀន​អ្វី​អំពី​ការ​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ពី​ពួក​អ្នក​ចាស់​ទុំ និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក?

សព្វ​ថ្ងៃ​នេះ យើង​មាន​ចិត្ត​កតញ្ញូ​ជា​ខ្លាំង​ដែល​ពួក​អ្នក​ចាស់​ទុំ និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ជា​អ្នក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ ដូច​ដានីយ៉ែល ហាណានា និង​ទីឃីកុស ពួក​គេ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​ចំពោះ​ភារកិច្ច​ដែល​ពួក​គេ​បាន​ទទួល។ ជា​ឧទាហរណ៍ ពេល​យើង​ចូល​រួម​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត យើង​ដឹង​ថា​ផ្នែក​នីមួយ​ៗ​បាន​ត្រូវ​ចាត់​ចែង​រួច​ទៅ​ហើយ​ឲ្យ​បង​ប្អូន​ធ្វើ។ ពួក​អ្នក​ចាស់​ទុំ​ក៏​សប្បាយ​ចិត្ត ពេល​បង​ប្អូន​ដែល​ទទួល​ភារកិច្ច​ក្នុង​កិច្ច​ប្រជុំ បាន​រៀបចំ​និង​បំពេញ​ផ្នែក​របស់​ពួក​គេ។ ម្យ៉ាង​ទៀត យើង​មិន​ដែល​ស្ទាក់​ស្ទើរ​អញ្ជើញ​សិស្ស​គម្ពីរ​របស់​យើង​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ ដើម្បី​ស្ដាប់​សុន្ទរកថា​សាធារណៈ ដោយ​សារ​យើង​បារម្ភ​ថា​គ្មាន​អ្នក​ណា​នឹង​ថ្លែង​សុន្ទរកថា​នោះ​ទេ។ មួយ​វិញ​ទៀត យើង​ទុក​ចិត្ត​ថា​យើង​នឹង​មាន​សៀវភៅ​ដែល​យើង​ត្រូវ​ការ​សម្រាប់​ផ្សព្វ​ផ្សាយ។ បង​ប្អូន​ប្រុស​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​មើល​ថែ​យើង​យ៉ាង​ល្អ ហើយ​យើង​អរគុណ​ព្រះ​យេហូវ៉ា​ដែល​យើង​មាន​ពួក​គេ! ប៉ុន្តែ តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត?

ចូរ​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ដោយ​រក្សា​ព័ត៌មាន​សម្ងាត់

៨. តើ​យើង​ត្រូវ​មាន​តុល្យភាព​យ៉ាង​ដូច​ម្ដេច​ពេល​ចង់​ដឹង​សុខ​ទុក្ខ​របស់​អ្នក​ឯ​ទៀត? (​សុភាសិត ១១:១៣​)

យើង​ស្រឡាញ់​បង​ប្អូន​របស់​យើង ហើយ​យើង​ចង់​ដឹង​សុខ​ទុក្ខ​របស់​ពួក​គេ។ ប៉ុន្តែ យើង​ត្រូវ​មាន​តុល្យភាព ហើយ​មិន​សួរ​ជីក​ឫស​ជីក​គល់​រឿង​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ឡើយ។ នៅ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នា​សតវត្សរ៍​ទី​១ អ្នក​ខ្លះ​‹និយាយ​ដើម​គេ ជ្រៀត​ជ្រែក​ក្នុង​រឿង​អ្នក​ដទៃ ហើយ​និយាយ​អំពី​អ្វី​ដែល​មិន​គួរ​និយាយ›។ (​១ធី. ៥:១៣​) យើង​ច្បាស់​ជា​មិន​ចង់​ធ្វើ​ដូច​ពួក​អ្នក​ទាំង​នោះ​ទេ។ ប្រហែល​ជា​មាន​បុគ្គល​ណា​ម្នាក់​ប្រាប់​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់​ដល់​យើង ហើយ​សុំ​យើង​កុំ​ប្រាប់​អ្នក​ណា។ ជា​ឧទាហរណ៍ បង​ស្រី​ម្នាក់​ប្រហែល​ជា​ប្រាប់​ថា​គាត់​មាន​បញ្ហា​សុខភាព​ឬ​ទុក្ខ​លំបាក​ផ្សេង​ទៀត តែ​គាត់​សុំ​យើង​ឲ្យ​លាក់​រឿង​នោះ។ យើង​គួរ​ធ្វើ​តាម​សំណូម​ពរ​របស់​គាត់។ * (​សូម​អាន សុភាសិត ១១:១៣) ឥឡូវ សូម​យើង​ពិចារណា​អំពី​ស្ថានភាព​ខ្លះ​ដែល​សំខាន់​ឲ្យ​យើង​រក្សា​ការ​សម្ងាត់។

៩. តើ​សមាជិក​ក្រុម​គ្រួសារ​អាច​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​គឺ​គួរ​ឲ្យ​ទុក​ចិត្ត?

ក្នុង​ក្រុម​គ្រួសារ។ សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​មាន​ភារកិច្ច​រក្សា​រឿង​ខ្លះ​ក្នុង​រង្វង់​ក្រុម​គ្រួសារ។ ជា​ឧទាហរណ៍ ស្ត្រី​គ្រិស្ត​សាសនិក​ម្នាក់​ប្រហែល​ជា​មាន​ទម្លាប់​ដែល​ធ្វើ​ឲ្យ​ប្ដី​របស់​នាង​ចំអន់​លេង។ តើ​ប្ដី​នឹង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រឿង​នោះ ហើយ​ធ្វើ​ឲ្យ​នាង​ខ្មាស​គេ​ឬ​ទេ? គាត់​ច្បាស់​ជា​មិន​ធ្វើ​ដូច្នេះ​ទេ! គាត់​ស្រឡាញ់​ប្រពន្ធ​គាត់ ហើយ​គាត់​នឹង​មិន​ចង់​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​នាំ​ឲ្យ​ប្រពន្ធ​ឈឺ​ចិត្ត​ទេ។ (​អេភ. ៥:៣៣​) ម្យ៉ាង​ទៀត យុវវ័យ​ចង់​ទទួល​ការ​គោរព​មួយ​កម្រិត។ គឺ​សំខាន់​ដែល​ឪពុក​ម្ដាយ​ចាំ​ចំណុច​នេះ។ ឪពុក​ម្ដាយ​មិន​គួរ​បរិហារ​ពី​កំហុស​របស់​កូន​ប្រាប់​អ្នក​ឯ​ទៀត​ឡើយ។ (​កូឡ. ៣:២១​) កូន​ៗ​ត្រូវ​រៀន​ឲ្យ​ចេះ​ពិចារណា ហើយ​មិន​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ៗ​ដែល​អាច​ធ្វើ​ឲ្យ​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​គ្រួសារ​អាម៉ាស់​មុខ​ទេ។ (​បច. ៥:១៦​) ពេល​សមាជិក​ក្រុម​គ្រួសារ​ម្នាក់​ៗ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រក្សា​រឿង​ក្នុង​រង្វង់​ក្រុម​គ្រួសារ នោះ​ក្រុម​គ្រួសារ​នឹង​កាន់​តែ​ជិត​ស្និទ្ធ​គ្នា។

១០. តើ​ការ​ធ្វើ​ជា​មិត្ត​ពិត​រួម​បញ្ចូល​អ្វី? (​សុភាសិត ១៧:១៧​)

១០ នៅ​ក្នុង​មិត្តភាព។ ជួន​កាល យើង​ភាគ​ច្រើន​ត្រូវ​ការ​ប្រាប់​អារម្មណ៍​របស់​យើង​ដល់​មិត្ត​ភក្តិ​ជិត​ស្និទ្ធ។ ប៉ុន្តែ ពេល​ខ្លះ​គឺ​ពិបាក​ឲ្យ​យើង​ធ្វើ​ដូច្នេះ។ យើង​ប្រហែល​ជា​មិន​ងាយ​ស្រួល​ប្រាប់​អារម្មណ៍​កប់​ជ្រៅ​របស់​យើង​ទៅ​អ្នក​ណា​ម្នាក់​ទេ ហើយ​យើង​នឹង​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង បើ​យើង​ដឹង​ថា​ក្រោយ​មក​មិត្ត​ភក្តិ​របស់​យើង​យក​រឿង​យើង​ទៅ​ប្រាប់​អ្នក​ឯ​ទៀត។ ផ្ទុយ​ទៅ​វិញ យើង​សប្បាយ​ចិត្ត​ណាស់ ពេល​មាន​មិត្ត​ភក្តិ​ចេះ​រក្សា​រឿង​សម្ងាត់​របស់​យើង! មិត្ត​ភក្តិ​បែប​នេះ​គឺ​ជា​«​មិត្ត​ពិត​»។—សូម​អាន សុភាសិត ១៧:១៧

ពួក​អ្នក​ចាស់​ទុំ​មិន​ប្រាប់​រឿង​សម្ងាត់​ទៅ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ទេ (​សូម​មើល​វគ្គ​១១​) *

១១. (​ក​) តើ​ពួក​អ្នក​ចាស់​ទុំ​និង​ប្រពន្ធ​របស់​ពួក​គេ​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត? (​ខ​) តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​អ្នក​ចាស់​ទុំ​ដែល​ដោះ​ស្រាយ​បញ្ហា​ក្នុង​ក្រុម​ជំនុំ ហើយ​ក្រោយ​មក​មិន​ប្រាប់​ក្រុម​គ្រួសារ? (​សូម​មើល​រូប​ភាព​)

១១ ក្នុង​ក្រុម​ជំនុំ។ ពួក​អ្នក​ចាស់​ទុំ​ដែល​រក្សា​រឿង​សម្ងាត់​«​ប្រៀប​ដូច​ជា​ទី​បាំង​ពី​ខ្យល់ និង​ជា​ទី​ជ្រក​ពី​ព្យុះ​ភ្លៀង​»​សម្រាប់​បង​ប្អូន​រួម​ជំនឿ។ (​អេ. ៣២:២​) យើង​អាច​និយាយ​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ​អំពី​អ្វី​ណា​ក៏​បាន ដោយ​សារ​យើង​ដឹង​ថា​អ្វី​ដែល​យើង​ប្រាប់ ពួក​គេ​នឹង​រក្សា​ជា​ការ​សម្ងាត់។ យើងមិន​ព្យាយាម​បង្ខំ​ពួក​គេ​ឲ្យ​ប្រាប់​យើង​អំពី​រឿង​ដែល​ពួក​គេគួរ​រក្សា​ជា​ការ​សម្ងាត់​ឡើយ។ បន្ថែម​ទៅ​ទៀត យើង​ឲ្យ​តម្លៃ​ចំពោះ​ប្រពន្ធ​របស់​ពួក​អ្នក​ចាស់​ទុំ ដោយ​សារ​ពួក​គេ​មិន​ព្យាយាម​ទាម​ទារ​ប្ដី​របស់​ពួក​គេ​ឲ្យ​ប្រាប់​ព័ត៌មាន​សម្ងាត់​អំពី​អ្នក​ឯ​ទៀត​ទេ។ គឺ​ជា​ពរ​មួយ​ដែល​ប្រពន្ធ​របស់​ពួក​អ្នក​ចាស់​ទុំ​មិន​ដឹង​ព័ត៌មាន​ផ្ទាល់​ខ្លួន​អំពី​បង​ប្អូន។ ហេតុ​អ្វី​យើង​និយាយ​ដូច្នេះ? ប្រពន្ធ​របស់​អ្នក​ចាស់​ទុំ​ម្នាក់​និយាយ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ប្ដី​ខ្ញុំ​រក្សា​ព័ត៌មាន​សម្ងាត់​អំពី​ពួក​អ្នក​ដែល​គាត់​បាន​ទៅ​សួរ​សុខ​ទុក្ខ​ក្នុង​នាម​ជា​គង្វាល ឬ​ពួក​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ ហើយ​គាត់​ថែម​ទាំង​មិន​ប្រាប់​ថា​ពួក​អ្នក​ទាំង​នោះ​គឺ​ជា​អ្នក​ណា​ដែរ។ ខ្ញុំ​ក៏​សប្បាយ​ដែល​ប្ដី​ខ្ញុំ​រក្សា​ព័ត៌មាន​សម្ងាត់​ដើម្បី​ខ្ញុំ​មិន​ចាំ​បាច់​បារម្ភ​អំពី​បញ្ហា​ដែល​ខ្ញុំ​មិន​អាច​ជួយ​ដោះ​ស្រាយ​បាន។ ដូច្នេះ​ហើយ ខ្ញុំ​មាន​អារម្មណ៍​ស្រួល​និយាយ​ជា​មួយ​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ។ ម្យ៉ាង​ទៀត ខ្ញុំ​អាច​ទុក​ចិត្ត​ថា​ពេល​ខ្ញុំ​ប្រាប់​ប្ដី​ខ្ញុំ​អំពី​អារម្មណ៍​និង​បញ្ហា​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ គាត់​ក៏​នឹង​មិន​ប្រាប់​អ្នក​ឯ​ទៀត​ដែរ​»។ ពិត​មែន យើង​ទាំង​អស់​គ្នា​ចង់​មាន​កេរ្តិ៍​ឈ្មោះ​ជា​អ្នក​គួរ​ឲ្យ​ទុក​ចិត្ត។ តើ​គុណ​សម្បត្តិ​អ្វី​ខ្លះ​នឹង​ជួយ​យើង​ឲ្យ​សម្រេច​គោល​ដៅ​នេះ? សូម​យើង​ពិចារណា​គុណ​សម្បត្តិ​ប្រាំ។

ចូរ​បណ្ដុះ​គុណ​សម្បត្តិ​ដែល​ជួយ​អ្នក​ឲ្យ​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត

១២. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​សេចក្ដី​ស្រឡាញ់​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ទុក​ចិត្ត? សូម​លើក​ឧទាហរណ៍។

១២ សេចក្ដី​ស្រឡាញ់​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ទុក​ចិត្ត។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​បញ្ញត្តិ​ដ៏​សំខាន់​បំផុត​ពីរ គឺ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ស្រឡាញ់​អ្នក​ជិត​ខាង។ (​ម៉ាថ. ២២:​៣៧​-​៣៩​) សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​តាម​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​ស្ដី​អំពី​ការ​ធ្វើ​ជា​បុគ្គល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បង​ប្អូន ជំរុញ​ចិត្ត​យើង​ឲ្យ​រក្សា​រឿង​សម្ងាត់​របស់​ពួក​គេ។ យ៉ាង​នេះ យើង​នឹង​មិន​ចង់​ប្រាប់​អ្វី​ដែល​អាច​ធ្វើ​ទុក្ខ​ដល់​ពួក​គេ នាំ​ឲ្យ​ពួក​គេ​អាម៉ាស់​មុខ ឬ​ឲ្យ​ពួក​គេ​ឈឺ​ចិត្ត​ឡើយ។—យ៉ូន. ១៥:១២

១៣. តើ​ចិត្ត​រាប​ទាប​ជួយ​យើង​ឲ្យ​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​តាម​របៀប​ណា​ខ្លះ?

១៣ ចិត្ត​រាប​ទាប​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ គ្រិស្ត​សាសនិក​ដែល​មាន​ចិត្ត​រាប​ទាប​មិន​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​កោត​ស្ងើច​គាត់ ដោយ​ធ្វើ​ជា​អ្នក​ដែល​ប្រាប់​រឿង​មុន​គេ។ (​ភី. ២:៣​) គាត់​មិន​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​គិត​ថា​គាត់​ដឹង​រឿង​សំខាន់​ៗ​ដែល​គាត់​មិន​អាច​ប្រាប់​ឡើយ។ ចិត្ត​រាប​ទាប​ក៏​នឹង​ជួយ​យើង​មិន​ឲ្យ​ប្រាប់​មនុស្ស​ជា​ច្រើន​អំពី​ទស្សនៈ​ផ្ទាល់​ខ្លួន​ចំពោះ​រឿង​ផ្សេង​ៗ​ដែល​គម្ពីរ ឬ​សៀវភៅ​របស់​យើង​មិន​បាន​រៀប​រាប់។

១៤. តើ​សមត្ថភាព​វែក​ញែក​ជួយ​យើង​ឲ្យ​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១៤ សមត្ថភាព​វែក​ញែក​នឹង​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​ដឹង​ថា គឺ​ពេល​ណា​ជា​«​ពេល​នៅ​ស្ងៀម​»​ និង​ពេល​ណា​ជា​«​ពេល​និយាយ​»។ (​អទ. ៣:៧​) នៅ​ប្រទេស​ខ្លះ មាន​ពាក្យ​ស្លោក​ដែល​គេ​និយម​ប្រើ​ថា​៖ ​«​ការ​និយាយ​ប្រៀប​ដូច​ជា​ប្រាក់ តែ​ការ​នៅ​ស្ងៀម​ប្រៀប​ដូច​ជា​មាស​»។ និយាយ​ឲ្យ​ចំ​ទៅ មាន​ពេល​ខ្លះ​ដែល​ការ​នៅ​ស្ងៀម​គឺ​ប្រសើរ​ជាង​ការ​និយាយ។ ហេតុ​នេះ សុភាសិត ១១:១២ ចែង​ថា​៖ ​«​អ្នក​ណា​នៅ​ស្ងៀម​មិន​ស្រដី អ្នក​នោះ​មាន​សមត្ថភាព​វែក​ញែក​ពិត​ប្រាកដ​»។ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​បទ​ពិសោធន៍ ច្រើន​តែ​បាន​ត្រូវ​សុំ​ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ពិបាក​របស់ក្រុម​ជំនុំ​ផ្សេង​ៗ។ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​អ្នក​ចាស់​ទុំ​ម្នាក់​ទៀត​និយាយ​អំពី​គាត់ គឺ​ថា​៖ ​«​គាត់​តែង​តែ​ប្រុង​ប្រយ័ត្ន​មិន​ប្រាប់​ព័ត៌មាន​សម្ងាត់​របស់​ក្រុម​ជំនុំ​ផ្សេង​ៗ​»។ ដោយ​សារ​អ្នក​ចាស់​ទុំ​ដែល​មាន​បទ​ពិសោធន៍​នេះ​មាន​សមត្ថភាព​វែក​ញែក បង​ប្រុស​ដែល​បម្រើ​ក្នុង​ក្រុម​អ្នក​ចាស់​ទុំ​ជា​មួយ​គាត់​គោរព​គាត់។ ពួក​គេ​ជឿ​ជាក់​ថា​គាត់​នឹង​មិន​ប្រាប់​រឿង​សម្ងាត់​របស់​ពួក​គេ​ដល់​អ្នក​ឯ​ទៀត​ឡើយ។

១៥. សូម​លើក​ឧទាហរណ៍​ដែល​បង្ហាញ​អំពី​របៀប​ដែល​ភាព​ទៀង​ត្រង់​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទុក​ចិត្ត​យើង។

១៥ ភាព​ទៀង​ត្រង់​គឺ​ជា​គុណ​សម្បត្តិ​មួយ​ទៀត​ដែល​យើង​ត្រូវ​ការ បើ​យើង​ចង់​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ យើង​ទុក​ចិត្ត​មនុស្ស​ទៀង​ត្រង់ ដោយ​សារ​យើង​ដឹង​ថា​ពួក​គេ​នឹង​និយាយ​ការ​ពិត​ជា​និច្ច។ (​អេភ. ៤:២៥; ហេ. ១៣:១៨​) ជា​ឧទាហរណ៍ បើ​អ្នក​ចង់​បង្កើន​សមត្ថភាព​បង្រៀន អ្នក​ប្រហែល​ជា​នឹង​សុំ​បុគ្គល​ណា​ម្នាក់​ឲ្យ​ស្ដាប់​សុន្ទរកថា​របស់​អ្នក ហើយ​សុំ​គាត់​ឲ្យ​យោបល់​អំពី​របៀប​ដែល​អ្នក​អាច​រីក​ចម្រើន។ តើ​អ្នក​នឹង​ទុក​ចិត្ត​អ្នក​ណា​ឲ្យ​ប្រាប់​យោបល់​ដ៏​ពិត​ត្រង់ បុគ្គល​ដែល​ឲ្យ​យោបល់​ដែល​អ្នក​ចង់​ឮ ឬ​ក៏​បុគ្គល​ដែល​ឲ្យ​យោបល់​យ៉ាង​ស្មោះ​ដោយ​សប្បុរស​ដល់​អ្នក? សំណួរ​នេះ​គឺ​ស្រួល​ឆ្លើយ។ គម្ពីរ​ចែង​ថា​៖ ​«​ការ​កែ​តម្រង់​នៅ​ចំពោះ​មុខ នោះ​ប្រសើរ​ជាង​ការ​លាក់​បាំង​សេចក្ដី​ស្រឡាញ់។ របួស​ដែល​មក​ពី​មិត្ត​សម្លាញ់ គឺ​ធ្វើ​ឡើង​ដោយ​ចិត្ត​ស្មោះ​ត្រង់​»។ (​សុភ. ២៧:៥, ៦​) ទោះ​ជា​ពាក្យ​ពិត​ត្រង់​របស់​មិត្ត​ភក្តិ​ពិបាក​ទទួល​យក​នៅ​ដើម​ដំបូង​ក្ដី នោះ​គឺ​ជា​អ្វី​ដែល​នឹង​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​ជា​យូរ​អង្វែង។

១៦. តើ​សុភាសិត ១០:១៩ បង្ហាញ​យ៉ាង​ណា​ថា​គឺ​សំខាន់​ឲ្យ​យើង​ចេះ​ទប់​ចិត្ត?

១៦ ការ​ចេះ​ទប់​ចិត្ត​គឺ​សំខាន់​ចាំ​បាច់ បើ​យើង​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ទុក​ចិត្ត​យើង។ គុណ​សម្បត្តិ​នេះ​ជួយ​យើង​ឲ្យ​នៅ​ស្ងៀម ពេល​យើង​ហៀប​នឹង​ប្រាប់​រឿង​សម្ងាត់។ (​សូម​អាន សុភាសិត ១០:១៩) យើង​ប្រហែល​ជា​ពិបាក​ទប់​ចិត្ត​ពេល​យើង​ប្រើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា។ បើ​មិន​ប្រុង​ប្រយ័ត្ន​ទេ យើង​អាច​ប្រាប់​រឿង​សម្ងាត់​ដោយ​អចេតនា​ដល់​មនុស្ស​ជា​ច្រើន។ ម្យ៉ាង​ទៀត នៅ​ពេល​យើង​ផ្ញើ​ព័ត៌មាន​តាម​គ្រឿង​អេឡិចត្រូនិក យើង​មិន​អាច​ទប់​ស្កាត់​របៀប​ដែល​អ្នក​ឯ​ទៀត​នឹង​ប្រើ​ព័ត៌មាន​នោះ ឬ​បញ្ហា​ដែល​នឹង​កើត​ឡើង​ក្រោយ​មក​បាន​ទេ។ ការ​ចេះ​ទប់​ចិត្ត​ក៏​ជួយ​យើង​ឲ្យ​ចេះ​នៅ​ស្ងៀម ពេល​ពួក​អ្នក​ប្រឆាំង​ព្យាយាម​បោក​បញ្ឆោត​យើង​ឲ្យ​ប្រាប់​រឿង​ដែល​អាច​នាំ​ឲ្យ​បង​ប្អូន​យើង​មាន​គ្រោះ​ថ្នាក់។ នេះ​អាច​កើត​ឡើង ពេល​ប៉ូលិស​សួរ​ចម្លើយ​យើង​នៅ​ប្រទេស​ដែល​កិច្ច​ការ​របស់​យើង​បាន​ត្រូវ​ដាក់​បម្រាម​ឬ​ដាក់​កម្រិត។ យើង​អាច​ធ្វើ​តាម​គោល​ការណ៍​ដែល​ឲ្យ​យើង​«​ប្រយ័ត្ន​មាត់​មិន​ហា​ស្ដី​»​ក្នុង​ស្ថានភាព​ទាំង​នេះ ព្រម​ទាំង​ស្ថានភាព​ផ្សេង​ទៀត​ផង​ដែរ។ (​ចសព. ៣៩:១​) មិន​ថា​យើង​នៅ​ជា​មួយ​ក្រុម​គ្រួសារ មិត្ត​ភក្តិ បង​ប្អូន​រួម​ជំនឿ ឬ​អ្នក​ឯ​ទៀត​ក្ដី យើង​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​ដើម្បី​ធ្វើ​ជា​មនុស្ស​បែប​នេះ យើង​ត្រូវ​ចេះ​ទប់​ចិត្ត!

១៧. តើ​តាម​របៀប​ណា​យើង​អាច​ជួយ​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​របស់​យើង​ចេះ​ទុក​ចិត្ត​គ្នា?

១៧ យើង​អរគុណ​ព្រះ​យេហូវ៉ា ដែល​លោក​បាន​ទាញ​នាំ​យើង​ឲ្យ​ចូល​ក្នុង​ក្រុម​គ្រួសារ​រួម​ជំនឿ​ដែល​មាន​បង​ប្អូន​ចេះ​ស្រឡាញ់​គ្នា​និង​គួរ​ឲ្យ​ទុក​ចិត្ត! យើង​ទាំង​អស់​គ្នា​មាន​ភារកិច្ច​ខំ​ព្យាយាម​បង្ហាញ​ថា​យើង​ជា​បុគ្គល​ដែល​បង​ប្អូន​អាច​ទុក​ចិត្ត។ កាល​ដែល​យើង​ម្នាក់​ៗ​ខំ​ប្រឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់ ចិត្ត​រាប​ទាប សមត្ថភាព​វែក​ញែក ភាព​ទៀង​ត្រង់ និង​ការ​ចេះ​ទប់​ចិត្ត យើង​ជួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​របស់​យើង​ឲ្យ​ទុក​ចិត្ត​គ្នា។ យើង​ត្រូវ​បន្ត​ខំ​ប្រឹង​បង្ហាញ​ថា​យើង​ជា​មនុស្ស​ដែល​អ្នក​ឯ​ទៀត​អាច​ទុក​ចិត្ត​បាន។ សូម​ឲ្យ​យើង​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​យើង ដោយ​បន្ត​បង្ហាញ​ថា​យើង​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។

ចម្រៀង​លេខ​១២៣ ចុះ​ចូល​ដោយ​ស្មោះ​ក្រោម​ការ​រៀបចំ​របស់​ព្រះ

^ បើ​យើង​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ទុក​ចិត្ត​យើង យើង​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ជា​មុន​សិន។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​ការ​ទុក​ចិត្ត​គ្នា​គឺ​សំខាន់​ណាស់ និង​គុណ​សម្បត្តិ​មួយ​ចំនួន​ដែល​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ជា​មនុស្ស​ដែល​អ្នក​ឯ​ទៀត​អាច​ទុក​ចិត្ត។

^ បើ​យើង​ដឹង​ថា​អ្នក​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ យើង​គួរ​ដាស់​តឿន​គាត់​ឲ្យ​ស្វែង​រក​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ។ បើ​គាត់​មិន​ធ្វើ​ដូច្នេះ​ទេ យើង​គួរ​ប្រាប់​រឿង​នោះ​ទៅ​អ្នក​ចាស់​ទុំ ដោយ​សារ​យើង​ចង់​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។

^ ការ​ពណ៌នា​អំពី​រូប​ភាព: អ្នក​ចាស់​ទុំ​ម្នាក់​មិន​ប្រាប់​ក្រុម​គ្រួសារ​របស់​គាត់​អំពី​បញ្ហា​សម្ងាត់​មួយ​ដែល​គាត់​បាន​រួម​ចំណែក​ដោះ​ស្រាយ។