លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៩

តើឈ្មោះរបស់អ្នកនៅក្នុង«សៀវភៅជីវិត»ឬទេ?

តើឈ្មោះរបស់អ្នកនៅក្នុង«សៀវភៅជីវិត»ឬទេ?

​«​សៀវភៅ​រំលឹក​មួយ​បាន​ត្រូវ​កត់​ទុក​នៅ​ចំពោះ​មុខ​លោក គឺ​កត់​ទុក​ឈ្មោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​»។—ម៉ាឡ. ៣:១៦

ចម្រៀង​លេខ​៦១ សាក្សី​ទាំង​ឡាយ​អើយ! ចូរ​ឈាន​ទៅ​មុខ!

សេចក្ដី​សង្ខេប *

ចាប់​តាំង​ពី​សម័យ​អេបិល ព្រះ​យេហូវ៉ា​បាន​បន្ថែម​ឈ្មោះ​ចូល​ក្នុង​«​សៀវភៅ​ជីវិត​»​ (​សូម​មើល​វគ្គ​១​-​២​)

១. យោង​ទៅ​តាម​ម៉ាឡាគី ៣:១៦ តើ​ព្រះ​យេហូវ៉ា​សរសេរ​សៀវភៅ​អ្វី ហើយ​តើ​មាន​អ្វី​នៅ​ក្នុង​សៀវភៅ​នោះ?

 អស់​រាប់​ពាន់​ឆ្នាំ ព្រះ​យេហូវ៉ា​កំពុង​សរសេរ​សៀវភៅ​ពិសេស​មួយ។ សៀវភៅ​នេះ​មាន​បញ្ជី​ឈ្មោះ​ដែល​ចាប់​ផ្ដើម​ដោយ​ឈ្មោះ​របស់​អេបិល​ជា​សាក្សី​ដ៏​ស្មោះ​ត្រង់​មុន​គេ។ * (​លូក. ១១:៥០, ៥១​) ចាប់​តាំង​ពី​ពេល​នោះ ព្រះ​យេហូវ៉ា​បាន​បន្ថែម​ឈ្មោះ​ចូល​ក្នុង​សៀវភៅ​នេះ ហើយ​សព្វ​ថ្ងៃ​សៀវភៅ​នេះ​មាន​ឈ្មោះ​រាប់​លាន។ ក្នុង​គម្ពីរ សៀវភៅ​នេះ​បាន​ត្រូវ​ហៅ​ថា​«​សៀវភៅ​រំលឹក​»​ ​«​សៀវភៅ​ជីវិត​»​ និង​«​បញ្ជី​ជីវិត​»។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ហៅ​សៀវភៅ​នេះ​ថា​«​សៀវភៅ​ជីវិត​»។—សូម​អាន ម៉ាឡាគី ៣:១៦; បប. ៣:៥; ១៧:៨

២. តើ​សៀវភៅ​ជីវិត​មាន​ឈ្មោះ​របស់​អ្នក​ណា​ខ្លះ ហើយ​តើ​តាម​របៀប​ណា​យើង​អាច​មាន​ឈ្មោះ​ក្នុង​សៀវភៅ​នោះ?

សៀវភៅ​ពិសេស​នេះ​មាន​ឈ្មោះ​របស់​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ និង​ដែល​ស្រឡាញ់​នាម​របស់​លោក។ ពួក​គេ​នឹង​មាន​ឱកាស​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ សព្វ​ថ្ងៃ​នេះ យើង​អាច​មាន​ឈ្មោះ​ក្នុង​សៀវភៅ​នេះ បើ​យើង​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​ដោយ​ផ្អែក​លើ​គ្រឿង​បូជា​លោះ​របស់​បុត្រ​លោក គឺ​លោក​យេស៊ូ​គ្រិស្ត។ (​យ៉ូន. ៣:១៦, ៣៦​) មិន​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​ឬ​រស់​នៅ​ផែនដី​ក្ដី យើង​ទាំង​អស់​គ្នា​ចង់​ឲ្យ​ឈ្មោះ​របស់​យើង​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ។

៣​-​៤. (​ក​) បើ​នៅ​ឥឡូវ​នេះ​ឈ្មោះ​របស់​យើង​បាន​ត្រូវ​សរសេរ​ក្នុង​សៀវភៅ​ជីវិត តើ​យើង​នឹង​រស់​ជា​រៀង​រហូត​ឬ​ទេ? សូម​ពន្យល់។ (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់?

តើ​នេះ​មាន​ន័យ​ថា​អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​សៀវភៅ​នេះ​បាន​ត្រូវ​ធានា​ថា​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ឬ? យើង​អាច​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​នេះ​ក្នុង​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​ម៉ូសេ​នៅ​ដំណើរ​ចាក​ចេញ ៣២:៣៣។ នៅ​ខ​នោះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង​ទាស់​នឹង​ខ្ញុំ ខ្ញុំ​នឹង​លុប​ឈ្មោះ​អ្នក​នោះ​ចេញ​ពី​សៀវភៅ​របស់​ខ្ញុំ​»។ ដូច្នេះ ឈ្មោះ​ដែល​ឥឡូវ​នេះ​មាន​នៅ​ក្នុង​សៀវភៅ​នោះ​អាច​លុប​ចេញ​បាន គឺ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​បាន​សរសេរ​ឈ្មោះ​នោះ​ដោយ​ខ្មៅ​ដៃ​ជា​មុន​សិន។ (​បប. ៣:៥​) យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ឈ្មោះ​របស់​យើង​បាន​ត្រូវ​រក្សា​ទុក​ក្នុង​សៀវភៅ​នេះ​រហូត​ដល់​សរសេរ​ជាប់ គឺ​ហាក់​ដូច​ជា​វា​បាន​ត្រូវ​សរសេរ​ដោយ​ប៊ិក។

នេះ​អាច​នាំ​ឲ្យ​មាន​សំណួរ​មួយ​ចំនួន​ដូច​ជា​៖ តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ពួក​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​សៀវភៅ​ជីវិត និង​ពួក​អ្នក​ដែល​មិន​មាន​ឈ្មោះ​នៅ​ក្នុង​សៀវភៅ​នេះ? តើ​ពួក​អ្នក​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​សៀវភៅ​នេះ​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ពេល​ណា? ចុះ​យ៉ាង​ណា​ពួក​អ្នក​ដែល​បាន​ស្លាប់​ដោយ​គ្មាន​ឱកាស​ស្គាល់​ព្រះ​យេហូវ៉ា? តើ​ឈ្មោះ​របស់​ពួក​គេ​អាច​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នេះ​ឬ​ទេ? សំណួរ​ទាំង​នេះ​នឹង​ត្រូវ​ឆ្លើយ​ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់។

តើ​អ្នក​ណា​មាន​ឈ្មោះ​ក្នុង​សៀវភៅ​នេះ?

៥​-​៦. (​ក​) ដូច​បាន​បង្ហាញ​នៅ​ភីលីព ៤:៣ តើ​ឈ្មោះ​របស់​អ្នក​ណា​បាន​ត្រូវ​សរសេរ​ក្នុង​សៀវភៅ​ជីវិត? (​ខ​) តើ​ឈ្មោះ​របស់​ពួក​គេ​នឹង​នៅ​ជាប់​ក្នុង​សៀវភៅ​ជីវិត​នៅ​ពេល​ណា?

តើ​ឈ្មោះ​របស់​អ្នក​ណា​ខ្លះ​បាន​ត្រូវ​សរសេរ​ក្នុង​សៀវភៅ​ជីវិត? ដើម្បី​ឆ្លើយ​សំណួរ​នេះ យើង​នឹង​ពិចារណា​ក្រុម​ប្រាំ​ខុស​ៗ​គ្នា។ ក្នុង​ចំណោម​ក្រុម​ទាំង​នេះ អ្នក​ខ្លះ​មាន​ឈ្មោះ​នៅ​ក្នុង​សៀវភៅ​ជីវិត ហើយ​អ្នក​ខ្លះ​ទៀត​មិន​មាន​ទេ។

ក្រុម​ទី​១​គឺ​ជា​ពួក​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​គ្រប់​គ្រង​ជា​មួយ​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌។ តើ​ឈ្មោះ​របស់​ពួក​គេ​បាន​ត្រូវ​សរសេរ​ទុក​ក្នុង​សៀវភៅ​ជីវិត​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? គឺ​បាន​ត្រូវ​សរសេរ​ទុក​មែន។ យោង​ទៅ​តាម​ពាក្យ​របស់​សាវ័ក​ប៉ូល​ទៅ​កាន់​«​អ្នក​រួម​ការ​ងារ​»​របស់​គាត់​នៅ​ក្រុង​ភីលីព នៅ​ឥឡូវ​នេះ​ឈ្មោះ​របស់​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​បាន​ត្រូវ​អញ្ជើញ​ឲ្យ​គ្រប់​គ្រង​ជា​មួយ​លោក​យេស៊ូ មាន​ក្នុង​សៀវភៅ​ជីវិត។ (​សូម​អាន ភីលីព ៤:៣) ប៉ុន្តែ​ដើម្បី​ឲ្យ​ឈ្មោះ​របស់​ពួក​គេ​បន្ត​នៅ​ក្នុង​សៀវភៅ​នេះ ពួក​គេ​ត្រូវ​រក្សា​ភាព​ស្មោះ​ត្រង់។ យ៉ាង​នេះ ពេល​ពួក​គេ​ទទួល​ការ​បោះ​ត្រា​ជា​លើក​ចុង​ក្រោយ មិន​ថា​មុន​ពួក​គេ​ស្លាប់ ឬ​មុន​ការ​ចាប់​ផ្ដើម​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ក្ដី ឈ្មោះ​របស់​ពួក​គេ​នឹង​មាន​ជាប់​នៅ​ក្នុង​សៀវភៅ​នេះ។—បប. ៧:៣

៧. តើ​យើង​យល់​យ៉ាង​ណា​ពី​ការ​បើក​បង្ហាញ ៧:១៦, ១៧​ស្ដី​អំពី​ពេល​ដែល​មនុស្ស​មួយ​ក្រុម​ធំ​នៃ​ចៀម​ឯ​ទៀត​នឹង​មាន​ឈ្មោះ​ជាប់​ក្នុង​សៀវភៅ​ជីវិត?

ក្រុម​ទី​២​គឺ​មនុស្ស​មួយ​ក្រុម​ធំ​នៃ​ចៀម​ឯ​ទៀត។ តើ​ឈ្មោះ​របស់​ពួក​គេ​មាន​នៅ​ក្នុង​សៀវភៅ​ជីវិត​នៅ​ឥឡូវនេះឬ​ទេ? គឺ​មាន។ តើ​ឈ្មោះ​របស់​ពួក​គេ​នឹង​នៅ​តែ​មាន​នៅ​ក្នុង​សៀវភៅ​ជីវិត ក្រោយ​ពី​ពួក​គេ​រួច​ជីវិត​ពី​សង្គ្រាម​អាម៉ាគេដូន​ឬ​ទេ? នៅ​តែ​មាន។ (​បប. ៧:១៤​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា ពួក​អ្នក​ទាំង​នេះ​ដែល​ប្រៀប​ដូច​ចៀម​នឹង​បាន​«​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​ម៉ាថ ២៥:៤៦​) ប៉ុន្តែ​ពួក​អ្នក​ទាំង​នេះ​ដែល​រួច​ជីវិត​ពី​សង្គ្រាម​អាម៉ាគេដូន​នឹង​មិន​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ភ្លាម​ៗ​នោះ​ទេ។ ឈ្មោះ​របស់​ពួក​គេ​នឹង​ហាក់​ដូច​ជា​បាន​ត្រូវ​សរសេរ​ទុក​ក្នុង​សៀវភៅ​ជីវិត​ដោយ​ខ្មៅ​ដៃ។ ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ លោក​យេស៊ូ​«​នឹង​ឃ្វាល​ពួក​គេ ហើយ​នាំ​ទៅ​ឯ​ប្រភព​ទឹក​ដែល​ផ្ដល់​ជីវិត​»។ ពួក​អ្នក​ដែល​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រិស្ត និង​ដែល​បាន​ត្រូវ​វិនិច្ឆ័យ​ចុង​ក្រោយ​ថា​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា នឹង​មាន​ឈ្មោះ​ជាប់​ក្នុង​សៀវភៅ​ជីវិត។—សូម​អាន ការ​បើក​បង្ហាញ ៧:១៦, ១៧

៨. តើ​ឈ្មោះ​របស់​អ្នក​ណា​ខ្លះ​មិន​បាន​ត្រូវ​សរសេរ​នៅ​ក្នុង​សៀវភៅ​ជីវិត ហើយ​តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ពួក​គេ?

ក្រុម​ទី​៣​គឺ​ពួក​អ្នក​ដែល​នៅ​ក្នុង​ចំណោម​ពពែ ដែល​នឹង​ត្រូវ​បំផ្លាញ​នៅ​សង្គ្រាម​អាម៉ាគេដូន។ ឈ្មោះ​របស់​ពួក​គេ​មិន​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ជីវិត​ទេ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា ពួក​គេ​«​នឹង​ទទួល​សេចក្ដី​ស្លាប់​ជា​រៀង​រហូត​»។ (​ម៉ាថ. ២៥:៤៦​) ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ប៉ូល​បាន​ប្រាប់​យើង​ថា​៖ ​«​អ្នក​ទាំង​នោះ​នឹង​ត្រូវ​កាត់​ទោស​ឲ្យ​ទទួល​សេចក្ដី​ហិន​វិនាស​ជា​រៀង​រហូត​»។ (​២ថែ. ១:៩; ២ពេ. ២:​៩​) ម្យ៉ាង​ទៀត អស់​អ្នក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រឆាំង​នឹង​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​ដោយ​ចេតនា មិន​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ទេ តែ​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត។ ពួក​គេ​ប្រាកដ​ជា​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឡើយ។ (​ម៉ាថ. ១២:៣២; ម៉ាក. ៣:២៨, ២៩; ហេ. ៦:៤​-​៦​) ឥឡូវ សូម​យើង​ពិចារណា​អំពី​ក្រុម​ពីរ​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី។

ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

៩. ដូច​បាន​បង្ហាញ​នៅ​សកម្មភាព ២៤:១៥ តើ​ក្រុម​ពីរ​ណា​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី ហើយ​តើ​ក្រុម​ទាំង​ពីរ​នេះ​ខុស​គ្នា​យ៉ាង​ណា?

គម្ពីរ​ចែង​អំពី​ក្រុម​ពីរ​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​លើ​ផែនដី ពោល​គឺ​«​មនុស្ស​សុចរិត​»​និង​«​មនុស្ស​មិន​សុចរិត​»។ (​សូម​អាន សកម្មភាព ២៤:១៥) ​«​មនុស្ស​សុចរិត​»​ គឺ​ពួក​អ្នក​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​កាល​ដែល​ពួក​គេ​នៅ​រស់។ ​«​មនុស្ស​មិន​សុចរិត​»​ គឺ​ពួក​អ្នក​ដែល​មិន​បាន​បម្រើ​ព្រះ​យេហូវ៉ា​មុន​ពួក​គេ​ស្លាប់។ ពួក​គេ​មិន​ប្រព្រឹត្ត​យ៉ាង​សុចរិត​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ទេ។ ដោយ​សារ​ក្រុម​ទាំង​ពីរ​នេះ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ តើ​យើង​អាច​និយាយ​ថា​ឈ្មោះ​របស់​ពួក​គេ​មាន​នៅ​ក្នុង​សៀវភៅ​ជីវិត​ឬ​ទេ? ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​យើង​ពិចារណា​ក្រុម​នីមួយ​ៗ។

១០. ហេតុ​អ្វី​«​មនុស្ស​សុចរិត​»​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​តើ​ពួក​គេ​ខ្លះ​នឹង​ទទួល​ឯកសិទ្ធិ​អ្វី? (​សូម​មើល​ផង​ដែរ​«​សំណួរ​ពី​អ្នក​អាន​»​ក្នុង​លេខ​នេះ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី​)

១០«​មនុស្ស​សុចរិត​»​គឺ​ជា​ក្រុម​ទី​៤។ មុន​ពួក​គេ​ស្លាប់ ឈ្មោះ​របស់​ពួក​គេ​បាន​ត្រូវ​សរសេរ​ក្នុង​សៀវភៅ​ជីវិត។ តើ​ឈ្មោះ​របស់​ពួក​គេ​បាន​ត្រូវ​លុប​ចេញ​ពី​សៀវភៅ​នោះ​ពេល​ពួក​គេ​ស្លាប់​ឬ? មិន​មែន​ទេ ពីព្រោះ​ពួក​គេ​«​កំពុង​រស់​នៅ​»​ក្នុង​ការ​ចង​ចាំ​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​«​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ តែ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ ព្រោះ​លោក​ចាត់​ទុក​ថា​ពួក​គេ​ទាំង​អស់​គ្នា​កំពុង​រស់​នៅ​»។ (​លូក. ២០:៣៨​) នេះ​មាន​ន័យ​ថា​ពេល​ដែល​មនុស្ស​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​លើ​ផែនដី ឈ្មោះ​របស់​ពួក​គេ​នឹង​មាន​នៅ​ក្នុង​សៀវភៅ​ជីវិត ទោះ​ជា​ដើម​ដំបូង​ឈ្មោះ​ទាំង​នោះ​គឺ​ហាក់​ដូច​ជា​បាន​ត្រូវ​សរសេរ​ដោយ​ខ្មៅ​ដៃ​ក្ដី។ (​លូក. ១៤:១៤​) អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទាំង​នោះ​នឹង​មាន​ឯកសិទ្ធិ​បម្រើ​ជា​«​អ្នក​នាំ​មុខ​នៅ​ទូទាំង​ផែនដី​»។—ចសព. ៤៥:១៦

១១. តើ​«​មនុស្ស​មិន​សុចរិត​»​នឹង​ត្រូវ​រៀន​អ្វី​មុន​ឈ្មោះ​របស់​ពួក​គេ​អាច​ត្រូវ​សរសេរ​ក្នុង​សៀវភៅ​ជីវិត?

១១ ចុង​ក្រោយ សូម​គិត​អំពី​ក្រុម​ទី​៥​គឺ​«​មនុស្ស​មិន​សុចរិត​»។ ប្រហែល​ជា​ដោយ​សារ​ពួក​គេ​មិន​ស្គាល់​ច្បាប់​របស់​ព្រះ​យេហូវ៉ា ពួក​គេ​មិន​មាន​របៀប​រស់​នៅ​ដ៏​សុចរិត​មុន​ពួក​គេ​បាន​ស្លាប់​ទេ។ ដូច្នេះ ឈ្មោះ​របស់​ពួក​គេ​មិន​បាន​ត្រូវ​សរសេរ​ក្នុង​សៀវភៅ​ជីវិត​ឡើយ។ ប៉ុន្តែ ដោយ​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ ព្រះ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​មាន​ឈ្មោះ​នៅ​ក្នុង​សៀវភៅ​នោះ។ ពួក​អ្នក​«​មិន​សុចរិត​»​ទាំង​នេះ​នឹង​ត្រូវ​ការ​ជំនួយ​ជា​ច្រើន។ មុន​ពួក​គេ​ស្លាប់ ពួក​គេ​ខ្លះ​បាន​ប្រព្រឹត្ត​អាក្រក់​ខ្លាំង​ណាស់។ ដូច្នេះ ពួក​គេ​ត្រូវ​ទទួល​ការ​បង្ហាត់​បង្រៀន​អំពី​របៀប​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។ ដើម្បី​បង្រៀន​ពួក​គេ​អំពី​របៀប​ធ្វើ​ដូច្នេះ រាជាណាចក្រ​ព្រះ​នឹង​ដឹក​នាំ​កិច្ច​ការ​បង្រៀន​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់​ធ្វើ​នៅ​ផែនដី។  

១២. (​ក​) តើ​អ្នក​ណា​នឹង​បង្រៀន​មនុស្ស​មិន​សុចរិត? (​ខ​) តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​មិន​ព្រម​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​រៀន?

១២ តើ​អ្នក​ណា​នឹង​បង្រៀន​មនុស្ស​មិន​សុចរិត? គឺ​មនុស្ស​មួយ​ក្រុម​ធំ និង​មនុស្ស​សុចរិត​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ដើម្បី​ឲ្យ​មនុស្ស​មិន​សុចរិត​មាន​ឈ្មោះ​នៅ​ក្នុង​សៀវភៅ​ជីវិត ពួក​គេ​នឹង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​ប្រគល់​ខ្លួន​ជូន​លោក។ លោក​យេស៊ូ​គ្រិស្ត​និង​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​មើល​យ៉ាង​ដិត​ដល់​ពី​ស្ថាន​សួគ៌​ថា តើ​មនុស្ស​មិន​សុចរិត​ទាំង​នោះ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​ពួក​គេ​រៀន។ (​បប. ២០:៤​) អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ជំនួយ​បែប​នេះ នឹង​ត្រូវ​បំផ្លាញ​ចោល ទោះ​ជា​ពួក​គេ​មាន​អាយុ​១០០​ឆ្នាំ​ក៏​ដោយ។ (​អេ. ៦៥:២០​) ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​អាច​ឃើញ​ចិត្ត​មនុស្ស​ធ្លុះ ហើយ​លោក​ទាំង​ពីរ​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​បង្ក​គ្រោះ​ថ្នាក់​អ្វី​នៅ​ក្នុង​ពិភព​លោក​ថ្មី​ទេ។—អេ. ១១:៩; ៦០:​១៨; ៦៥:២៥; យ៉ូន. ២:២៥

ការ​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត ឬ​ទទួល​ការ​វិនិច្ឆ័យ

១៣​-​១៤. (​ក​) ពី​មុន តើ​យើង​បាន​យល់​យ៉ាង​ណា​អំពី​ពាក្យ​របស់​លោក​យេស៊ូ​នៅ​យ៉ូហាន ៥:២៩? (​ខ​) តើ​យើង​ត្រូវ​កត់​សម្គាល់​អ្វី​អំពី​ពាក្យ​ទាំង​នោះ?

១៣ លោក​យេស៊ូ​ក៏​បាន​មាន​ប្រសាសន៍​ដែរ អំពី​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី។ ជា​ឧទាហរណ៍ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នឹង​មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​បុត្រ​របស់​លោក ហើយ​ចេញ​មក គឺ​អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​ល្អ អ្នក​ទាំង​នោះ​នឹង​រស់​ឡើង​វិញ ហើយ​បាន​ជីវិត ឯ​អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ទម្លាប់ អ្នក​ទាំង​នោះ​នឹង​រស់​ឡើង​វិញ ហើយ​ទទួល​ការ​វិនិច្ឆ័យ​»។ (​យ៉ូន. ៥:២៨, ២៩​) តើ​ពាក្យ​របស់​លោក​យេស៊ូ​មាន​ន័យ​យ៉ាង​ណា?

១៤ កាល​ពី​មុន យើង​បាន​យល់​ថា​ពាក្យ​របស់​លោក​យេស៊ូ​សំដៅ​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្រោយ​ពី​ពួក​គេ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់ឡើង​វិញ ពោល​គឺ​អ្នក​ខ្លះ​ដែល​រស់​ឡើង​វិញ​នឹង​ប្រព្រឹត្ត​ការ​ល្អ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ដែល​រស់​ឡើង​វិញ​នឹង​ប្រព្រឹត្ត​ការ​អាក្រក់​ជាទម្លាប់។ ក៏​ប៉ុន្តែ សូម​កត់​សម្គាល់​ថា​លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា ពួក​អ្នក​ដែល​ចេញ​ពី​ផ្នូរ​នឹង​ប្រព្រឹត្ត​ការ​ល្អ​ឬ​នឹង​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ទម្លាប់​ទេ។ លោក​ប្រើ​ពាក្យ​ដែល​សំដៅ​លើ​គ្រា​អតីតកាល។ លោក​មាន​ប្រសាសន៍​ថា ពួក​អ្នក​ដែល​«​បាន​ប្រព្រឹត្ត​ការ​ល្អ​»​ និង​ពួក​អ្នក​ដែល​«​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ទម្លាប់​»។ នេះ​បង្ហាញ​ថា​ការ​ប្រព្រឹត្ត​ទាំង​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​មុន​ពួក​គេ​ស្លាប់។ នោះ​គឺ​សម​ហេតុ​សម​ផល​មែន​ទេ? ព្រោះ​នៅ​ក្នុង​ពិភព​លោក​ថ្មី គ្មាន​អ្នក​ណា​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រព្រឹត្ត​ការ​អាក្រក់​ឡើយ។ មនុស្ស​មិន​សុចរិត​ច្បាស់​ជា​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ទាំង​នោះ​មុន​ដែល​ពួក​គេ​ស្លាប់។ ដូច្នេះ តើ​យើង​អាច​យល់​យ៉ាង​ណា​ពី​ពាក្យ​របស់​លោក​យេស៊ូ​អំពី​‹ការ​រស់​ឡើង​វិញ ហើយ​បាន​ជីវិត› និង​‹ការ​រស់​ឡើង​វិញ ហើយ​ទទួល​ការ​វិនិច្ឆ័យ›?

១៥. តើ​អ្នក​ណា​នឹង​ត្រូវ​«​រស់​ឡើង​វិញ ហើយ​បាន​ជីវិត​»​ ហើយ​ហេតុ​អ្វី?

១៥ មនុស្ស​សុចរិត​ដែល​បាន​ប្រព្រឹត្ត​ការ​ល្អ​មុន​ពួក​គេ​ស្លាប់ នឹង​«​រស់​ឡើង​វិញ ហើយ​បាន​ជីវិត​»​ ដោយ​សារ​ឈ្មោះ​របស់​ពួក​គេ​បាន​ត្រូវ​សរសេរ​រួច​ហើយ​ក្នុង​សៀវភៅ​ជីវិត។ នេះ​មាន​ន័យ​ថា ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​របស់​«​អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​ល្អ​»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​យ៉ូហាន ៥:​២៩ គឺ​ដូច​គ្នា​នឹង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​របស់​«​មនុស្ស​សុចរិត​»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​សកម្មភាព ២៤:១៥។ ការ​យល់​ដឹង​នេះ​គឺ​សម​ស្រប​តាម​ពាក្យ​នៅ​រ៉ូម ៦:៧​ដែល​ចែង​ថា​៖ ​«​អ្នក​ដែល​ស្លាប់ ព្រះ​ចាត់​ទុក​ថា​បាន​ទូទាត់​ឲ្យ​ជ្រះ​ស្រឡះ​ពី​ភាព​ខុស​ឆ្គង​របស់​ខ្លួន​ហើយ​»។ ដូច្នេះ ពេល​ពួក​អ្នក​សុចរិត​ទាំង​នេះ​បាន​ស្លាប់ ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​ពួក​គេ។ ប៉ុន្តែ លោក​នឹង​នឹក​ចាំ​ការ​ប្រព្រឹត្ត​ដ៏​ស្មោះ​ត្រង់​ទាំង​អស់​ដែល​ពួក​គេ​បាន​ធ្វើ​មុន​ពួក​គេ​ស្លាប់។ (​ហេ. ៦:១០​) មនុស្ស​សុចរិត​ទាំង​នេះ​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ច្បាស់​ជា​នឹង​ត្រូវ​រក្សា​ភាព​ស្មោះ​ត្រង់​ដើម្បី​ឲ្យ​ឈ្មោះ​របស់​ពួក​គេ​បន្ត​នៅ​ក្នុង​សៀវភៅ​ជីវិត។

១៦. តើ​‹ការ​រស់​ឡើង​វិញ ហើយ​ទទួល​ការ​វិនិច្ឆ័យ›​សំដៅ​ទៅ​លើ​អ្វី?

១៦ ចុះ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ទម្លាប់​មុន​ដែល​ពួក​គេ​ស្លាប់? ទោះ​ជា​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​បាន​ត្រូវ​លុប​ចោល​នៅ​ពេល​ដែល​ពួក​គេ​ស្លាប់​ក្ដី ពួក​គេ​មិន​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​កាល​ដែល​ពួក​គេ​នៅ​រស់​ទេ។ ដូច្នេះ ពួក​គេ​មិន​មាន​ឈ្មោះ​នៅ​ក្នុង​សៀវភៅ​ជីវិត​ឡើយ។ ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​របស់​ពួក​អ្នក​ដែល​«​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ទម្លាប់​»​ គឺ​ដូច​គ្នា​នឹង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​របស់​«​មនុស្ស​មិន​សុចរិត​»​នៅ​សកម្មភាព ២៤:​១៥។ ពួក​គេ​នឹង​«​រស់​ឡើង​វិញ ហើយ​ទទួល​ការ​វិនិច្ឆ័យ​»។ * មនុស្ស​មិន​សុចរិត​ទាំង​នោះ​នឹង​ទទួល​ការ​វិនិច្ឆ័យ​ក្នុង​ន័យ​ថា​លោក​យេស៊ូ​នឹង​ពិនិត្យ​មើល​ពួក​គេ។ (​លូក. ២២:៣០​) ក្រោយ​មួយ​រយៈ​ពេល លោក​យេស៊ូ​នឹង​ដឹង​ថា​តើ​ពួក​គេ​សម​នឹង​មាន​ឈ្មោះ​នៅ​ក្នុង​សៀវភៅ​ជីវិត​ឬ​យ៉ាង​ណា។ លុះ​ត្រា​តែ​មនុស្ស​មិន​សុចរិត​ទាំង​នេះ​លះ​ចោល​គន្លង​ជីវិត​អាក្រក់​របស់​ពួក​គេ ហើយ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ទើប​លោក​អាច​សរសេរ​ឈ្មោះ​របស់​ពួក​គេ​នៅ​ក្នុង​សៀវភៅ​ជីវិត​បាន។

១៧​-​១៨. តើ​អស់​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី​ត្រូវ​ធ្វើ​អ្វី ហើយ​តើ​ពាក្យ​«​ការ​ប្រព្រឹត្ត​»​នៅ​ការ​បើក​បង្ហាញ ២០:១២, ១៣ សំដៅ​ទៅ​លើ​អ្វី?

១៧ មិន​ថា​ពី​មុន​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​មនុស្ស​សុចរិត​ឬ​មិន​សុចរិត​ក្ដី ពួក​គេ​នឹង​ត្រូវ​ធ្វើ​តាម​ច្បាប់​នៅ​ក្នុង​រមូរ​ថ្មី ដែល​នឹង​ត្រូវ​បើក​ឡើង​ក្នុង​អំឡុង​គ្រា​១.០០០​ឆ្នាំ។ សាវ័ក​យ៉ូហាន​បាន​រៀប​រាប់​អំពី​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត គឺ​ថា​៖ ​«​ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ​ទាំង​អ្នក​តូច​កំពុង​ឈរ​នៅ​មុខ​បល្ល័ង្ក ហើយ​រមូរ​ផ្សេង​ៗ​បាន​ត្រូវ​បើក​ឡើង។ រមូរ​មួយ​ទៀត​ក៏​បាន​ត្រូវ​បើក​ឡើង​ដែរ គឺ​រមូរ​ជីវិត។ ឯ​មនុស្ស​ស្លាប់​បាន​ត្រូវ​វិនិច្ឆ័យ​យោង​ទៅ​តាម​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​រមូរ​ទាំង​នោះ ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​»។—បប. ២០:១២, ១៣

១៨ តើ​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​ទទួល​ការ​វិនិច្ឆ័យ​ដោយ​ផ្អែក​លើ​«​ការ​ប្រព្រឹត្ត​»​អ្វី? តើ​នោះ​ជា​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​មុន​ពួក​គេ​បាន​ស្លាប់​ឬ​ទេ? មិន​មែន​ទេ។ សូម​ចាំ​ថា​ពួក​គេ​បាន​ត្រូវ​ទូទាត់​ឲ្យ​ជ្រះ​ស្រឡះ​ពី​ការ​ខុស​ឆ្គង​របស់​ពួក​គេ​ពេល​ពួក​គេ​បាន​ស្លាប់។ យ៉ាង​នេះ ការ​ប្រព្រឹត្ត​របស់​ពួក​គេ​មិន​មែន​ជា​ការ​ប្រព្រឹត្ត​មុន​ដែល​ពួក​គេ​បាន​ស្លាប់​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​ត្រូវ​សំដៅ​ទៅ​លើ​ប្រតិកម្ម​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ចំពោះ​ការ​បង្ហាត់​បង្រៀន​ក្នុង​ពិភព​លោក​ថ្មី។ សូម្បី​តែ​បុរស​ដ៏​ស្មោះ​ត្រង់​ដូច​ជា​ណូអេ សាំយូអែល ដាវីឌ និង​ដានីយ៉ែល ក៏​នឹង​ត្រូវ​រៀន​អំពី​លោក​យេស៊ូ​គ្រិស្ត ហើយ​បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​របស់​លោក។ បើ​បុរស​ទាំង​នេះ​ត្រូវ​រៀន​ច្រើន ទម្រាំ​មនុស្ស​មិន​សុចរិត ពួក​គេ​នឹង​ត្រូវ​រៀន​ច្រើន​ជាង​នេះ​ទៅ​ទៀត!

១៩. នៅ​ទី​បំផុត តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​យក​ឱកាស​ដ៏​អស្ចារ្យ​នេះ?

១៩ នៅ​ទី​បំផុត តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​យក​ឱកាស​ដ៏​អស្ចារ្យ​នេះ? ការ​បើក​បង្ហាញ ២០:​១៥ ប្រាប់​យើង​ថា​៖ ​«​អ្នក​ណា​ដែល​គ្មាន​ឈ្មោះ​ក្នុង​សៀវភៅ​ជីវិត អ្នក​នោះ​បាន​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​»។ មែន​ហើយ ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត។ ដូច្នេះ គឺ​សំខាន់​ណាស់​ឲ្យ​យើង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ឈ្មោះ​របស់​យើង​បាន​ត្រូវ​សរសេរ​ទុក​ក្នុង​សៀវភៅ​ជីវិត ហើយ​បន្ត​ជាប់​ក្នុង​សៀវភៅ​នោះ។

បង​ប្រុស​ម្នាក់​ចូល​រួម​ក្នុង​កិច្ច​ការ​បង្រៀន​ដ៏​ធំ​ដែល​នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​គ្រិស្ត ​(​សូម​មើល​វគ្គ​២០​)

២០. តើ​កិច្ច​ការ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​អ្វី​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

២០ គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ​គឺ​ជា​គ្រា​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ណាស់! នេះ​នឹង​រួម​បញ្ចូល​កិច្ច​ការ​បង្រៀន​ដ៏​ធំ​បំផុត​ដែល​រាស្ត្រ​ព្រះ​មិន​ធ្លាប់​ធ្វើ​នៅ​ផែនដី។ ប៉ុន្តែ គ្រា​នោះ​ក៏​នឹង​ជា​គ្រា​ដែល​ការ​ប្រព្រឹត្ត​របស់​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ពិនិត្យ​ពិចារណា។ (​អេ. ២៦:៩; សកម្ម. ១៧:៣១​) តើ​កម្ម​វិធី​អប់រំ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ដូច​ម្ដេច? អត្ថបទ​បន្ទាប់​នឹង​ជួយ​យើង​ឲ្យ​យល់​និង​ឲ្យ​តម្លៃ​ចំពោះ​ការ​រៀបចំ​ដ៏​អស្ចារ្យ​នេះ។

ចម្រៀង​លេខ​១៤៧ ពាក្យ​សន្យា​អំពី​ជីវិត​គ្មាន​ទី​បញ្ចប់

^ អត្ថបទ​នេះ​មាន​ការ​កែ​តម្រូវ​ការ​យល់​ដឹង​របស់​យើង​អំពី​ពាក្យ​របស់​លោក​យេស៊ូ​នៅ​យ៉ូហាន ៥:២៨, ២៩ ស្ដី​អំពី​‹ការ​រស់​ឡើង​វិញ ហើយ​បាន​ជីវិត›​និង​‹ការ​រស់​ឡើង​វិញ ហើយ​ទទួល​ការ​វិនិច្ឆ័យ›។ យើង​នឹង​រៀន​ថា​តើ​ការ​រស់​ឡើង​វិញ​ទាំង​ពីរ​នេះ​សំដៅ​លើ​អ្វី ហើយ​តើ​ការ​រស់​ឡើង​វិញ​នីមួយ​ៗ​នេះ​រួម​មាន​អ្នក​ណា​ខ្លះ។

^ ការ​សរសេរ​សៀវភៅ​នេះ​បាន​ចាប់​ផ្ដើម​«​តាំង​ពី​កំណើត​ពិភព​លោក​»​មក ពោល​គឺ​ពិភព​លោក​របស់​មនុស្ស​ដែល​អាច​ត្រូវ​រំដោះ​ឲ្យ​រួច​ពី​ការ​ខុស​ឆ្គង។ (​ម៉ាថ. ២៥:៣៤; បប. ១៧:៨​) ដូច្នេះ​តាម​មើល​ទៅ អេបិល​ដែល​ជា​មនុស្ស​សុចរិត​គឺ​ជា​បុគ្គល​ដំបូង​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​សៀវភៅ​នេះ។

^ កាល​ពី​មុន យើង​បាន​ពន្យល់​ថា​ពាក្យ​«​វិនិច្ឆ័យ​»​ដែល​បាន​ត្រូវ​ប្រើ​នៅ​ទី​នេះ មាន​ន័យ​ថា​កាត់​ទោស​ឬ​សេចក្ដី​សម្រេច​ដាក់​ទោស។ តាម​ពិត ពាក្យ​«​វិនិច្ឆ័យ​»​អាច​មាន​ន័យ​ដូច្នេះ​មែន។ ប៉ុន្តែ​ក្នុង​បរិបទ​នេះ តាម​មើល​ទៅ​លោក​យេស៊ូ​បាន​ប្រើ​ពាក្យ​«​វិនិច្ឆ័យ​»​ក្នុង​ន័យ​ទូទៅ​ដែល​សំដៅ​ទៅ​លើ​ការ​សង្កេត​មើល​យ៉ាង​ដិត​ដល់​ដើម្បី​ពិនិត្យ​ពិចារណា​អំពី​បុគ្គល​ណា​ម្នាក់​ឬ​សាក​ល្បង​គាត់ ឬ​ក៏​ដូច​វចនានុក្រម​គម្ពីរ​ជា​ភាសា​ក្រិច​មួយ​ចែង​ថា​៖ ​«​ការ​ពិនិត្យ​មើល​ការ​ប្រព្រឹត្ត​របស់​បុគ្គល​ណា​ម្នាក់​យ៉ាង​ដិត​ដល់​»។