សំណួរពីអ្នកអាន
តើសាវ័កប៉ូលចង់មានន័យយ៉ាងណាពេលគាត់និយាយអំពីខ្លួនគាត់ថា គាត់«ប្រៀបដូចជាកូនកើតមុនពេលកំណត់»? (កូរិនថូសទី១ ១៥:៨)
យោងទៅតាមកូរិនថូសទី១ ១៥:៨ប៉ូលបាននិយាយថា៖ «ក្រោយបង្អស់ លោកលេចមកជួបខ្ញុំ ដែលប្រៀបដូចជាកូនកើតមុនពេលកំណត់»។ ពីមុនយើងបានពន្យល់ថា តាមមើលទៅប៉ូលសំដៅទៅលើបទពិសោធន៍របស់គាត់ ពេលគាត់បានឃើញក្នុងគំនិតនូវលោកយេស៊ូនៅស្ថានសួគ៌ទាំងមានសិរីរុងរឿង។ គឺហាក់ដូចជាគាត់បានទទួលកិត្តិយសកើតមក ឬទទួលការប្រោសឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណមុនពេលកំណត់ ពោលគឺច្រើនសតវត្សរ៍មុនការប្រោសឲ្យរស់ឡើងវិញបែបនេះបានកើតឡើង។ ប៉ុន្តែ ក្រោយពីសិក្សាខគម្ពីរនេះកាន់តែច្រើន តាមមើលទៅគឺចាំបាច់ឲ្យកែតម្រូវការពន្យល់ចំពោះខនេះ។
ពិតមែន ប៉ូលកំពុងនិយាយអំពីអ្វីដែលបានកើតឡើងនៅពេលគាត់ក្លាយជាគ្រិស្តសាសនិក។ ប៉ុន្តែ តើគាត់ចង់មានន័យយ៉ាងណាពេលគាត់និយាយថា គាត់បាន«កើតមុនពេលកំណត់»? នេះប្រហែលជាអាចមានន័យដូចតទៅ៖
ប៉ូលក្លាយជាគ្រិស្តសាសនិកភ្លាមៗ ហើយនេះជាបទពិសោធន៍ពិបាកមួយសម្រាប់គាត់។ កូនដែលកើតមុនពេលកំណត់ច្រើនតែបង្កការភ្ញាក់ផ្អើល។ កាលដែលសុល(ក្រោយមកគាត់បានត្រូវគេស្គាល់ថាប៉ូល) កំពុងធ្វើដំណើរទៅក្រុងដាម៉ាស់ដើម្បីបៀតបៀនគ្រិស្តសាសនិកនៅទីនោះ គាត់មិនរំពឹងថានឹងឃើញក្នុងគំនិតនូវលោកយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញឡើយ។ ការដែលប៉ូលក្លាយជាគ្រិស្តសាសនិកគឺមិនគ្រាន់តែធ្វើឲ្យគាត់ភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យគ្រិស្តសាសនិកដែលគាត់មានគម្រោងបៀតបៀននៅក្រុងនោះភ្ញាក់ផ្អើលដែរ។ បទពិសោធន៍នេះពិបាកយ៉ាងខ្លាំងចំពោះគាត់។ អស់មួយរយៈក្រោយមកគាត់មើលលែងឃើញ។—សកម្ម. ៩:១-៩, ១៧-១៩
គាត់ក្លាយជាគ្រិស្តសាសនិកពេលគ្មានអ្នកណានឹកស្មាន។ ពាក្យដើមជាភាសាក្រិចដែលបានត្រូវបកប្រែថា«កូនកើតមុនពេលកំណត់» ក៏អាចបកប្រែថា«កូនកើតខុសពេល»ផងដែរ។ គម្ពីរយេរូសាឡិម(The Jerusalem Bible) ចែងថា៖ «គឺហាក់ដូចជាខ្ញុំកើតមកនៅពេលដែលគ្មានអ្នកណានឹកស្មាន»។ នៅពេលដែលប៉ូលបានក្លាយជាគ្រិស្តសាសនិក លោកយេស៊ូបានត្រឡប់ទៅស្ថានសួគ៌វិញបាត់ហើយ។ ខុសពីពួកអ្នកដែលគាត់បានរៀបរាប់នៅខមុនៗ ប៉ូលមិនបានជួបលោកយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញមុនដែលលោកឡើងទៅស្ថានសួគ៌ទេ។ (១កូ. ១៥:៤-៨) ការលេចមកដោយមិននឹកស្មានរបស់លោកយេស៊ូចំពោះប៉ូល បានផ្ដល់ឱកាសឲ្យគាត់ជួបលោកយេស៊ូក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ ទោះជានោះមើលទៅ«ខុសពេល»ឬនៅពេលដែលអ្នកឯទៀតមិននឹកស្មានក្ដី។
គាត់កំពុងនិយាយអំពីខ្លួនឯងដោយសុភាពរាបទាប។ យោងទៅតាមបណ្ឌិតខ្លះ ពាក្យដែលប៉ូលប្រើនៅទីនេះ អាចស្ដាប់ទៅដូចជាគាត់កំពុងនិយាយដាក់ខ្លួន។ បើប៉ូលចង់មានន័យដូច្នេះមែន គាត់កំពុងទទួលស្គាល់ថា គាត់មិនសមនឹងទទួលឯកសិទ្ធិដែលគាត់បានទទួលនេះទេ។ តាមពិត គាត់និយាយបន្ទាប់មកថា៖ «ក្នុងចំណោមពួកសាវ័ក ខ្ញុំជាអ្នកតូចជាងគេ ក៏មិនសមនឹងហៅថាសាវ័កដែរ ពីព្រោះខ្ញុំបានបៀតបៀនក្រុមជំនុំរបស់ព្រះ។ ប៉ុន្តែ ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ ខ្ញុំមានមុខងារនេះ»។—១កូ. ១៥:៩, ១០
ដូច្នេះ តាមមើលទៅប៉ូលប្រហែលជាសំដៅទៅលើការដែលលោកយេស៊ូបានលេចមកជួបគាត់ដោយមិនបានរំពឹងទុកនិងយ៉ាងឆាប់រហ័ស ឬការដែលគាត់ក្លាយជាគ្រិស្តសាសនិកនៅពេលដែលមិននឹកស្មាន ឬថាគាត់មិនសមនឹងឃើញការបើកបង្ហាញដ៏អស្ចារ្យនោះ។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលច្បាស់ជាបានចាត់ទុកបទពិសោធន៍នេះជាអ្វីសំខាន់ណាស់ចំពោះគាត់។ នោះបង្ហាញដល់គាត់ដោយឥតសង្ស័យថា លោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ហេតុនេះ គាត់ច្រើនតែនិយាយអំពីបទពិសោធន៍ដែលមិននឹកស្មាននេះ ពេលផ្សព្វផ្សាយដល់អ្នកឯទៀតអំពីការប្រោសឲ្យរស់ឡើងវិញរបស់លោកយេស៊ូ។—សកម្ម. ២២:៦-១១; ២៦:១៣-១៨