លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៧

អ្នកអាចទុកចិត្តបងប្អូនបាន!

អ្នកអាចទុកចិត្តបងប្អូនបាន!

​«​សេចក្ដី​ស្រឡាញ់ . . . ជឿ​អ្វី​ៗ​ទាំង​អស់ សង្ឃឹម​លើ​អ្វី​ៗ​ទាំង​អស់​»។—១កូ. ១៣:៧

ចម្រៀង​លេខ​១២៤ ចូរ​មាន​ភក្ដី​ភាព​ជា​និច្ច

សេចក្ដី​សង្ខេប *

១. ហេតុ​អ្វី​យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ដែល​មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​មាន​អារម្មណ៍​ថា​ពួក​គេ​មិន​អាច​ទុក​ចិត្ត​អ្នក​ឯ​ទៀត?

 មនុស្ស​នៅ​ក្នុង​ពិភព​លោក​របស់​សាថាន​មិន​ដឹង​ថា​ពួក​គេ​អាច​ទុក​ចិត្ត​អ្នក​ណា​ទេ។ ពួក​គេ​ច្រើន​តែ​ខក​ចិត្ត​នឹង​ការ​ប្រព្រឹត្ត​របស់​ពួក​អ្នក​ដឹក​នាំ​ខាង​សាសនា នយោបាយ និង​ពាណិជ្ជកម្ម។ មនុស្ស​ជា​ច្រើន​ក៏​មាន​អារម្មណ៍​ថា​ពួក​គេ​មិន​អាច​ទុក​ចិត្ត​មិត្ត​ភក្តិ អ្នក​ជិត​ខាង និង​ថែម​ទាំង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ​ទៀត​ផង។ នេះ​មិន​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ឡើយ។ គម្ពីរ​ប្រាប់​ទុក​ជា​មុន​ថា​៖ ​«​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ . . . មនុស្ស​នឹង . . . គ្មាន​ភក្ដី​ភាព . . . ជា​អ្នក​បង្កាច់​បង្ខូច . . . ជា​អ្នក​ក្បត់​»។ នេះ​មាន​ន័យ​ថា​មនុស្ស​នឹង​ប្រព្រឹត្ត​ដូច​សាថាន​ជា​ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ​ដែល​មិន​មែន​ជា​បុគ្គល​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត។—២ធី. ៣:១​-​៤; ២កូ. ៤:៤

២. (​ក​) តើ​យើង​អាច​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​អ្នក​ណា? (​ខ​) តើ​បុគ្គល​ខ្លះ​ប្រហែល​ជា​ឆ្ងល់​អំពី​អ្វី?

ប៉ុន្តែ​ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ដឹង​ថា​យើង​អាច​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា។ (​យេ. ១៧:៧, ៨​) យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង ហើយ​ថា​លោក​«​នឹង​មិន​បោះ​បង់​ចោល​»​មិត្ត​របស់​លោក​ទេ។ (​ចសព. ៩:១០​) យើង​ក៏​អាច​ទុក​ចិត្ត​លោក​យេស៊ូ​គ្រិស្ត ដោយ​សារ​លោក​បាន​លះ​បង់​ជីវិត​របស់​លោក​ដើម្បី​យើង។ (​១ពេ. ៣:១៨​) ម្យ៉ាង​ទៀត តាម​រយៈ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន យើង​បាន​រៀន​ថា គម្ពីរ​ផ្ដល់​ការ​ណែនាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត។ (​២ធី. ៣:១៦, ១៧​) យើង​ជឿ​ជាក់​ថា យើង​អាច​ទុក​ចិត្ត​ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​គម្ពីរ។ ប៉ុន្តែ​អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា តើ​ពួក​គេ​តែង​តែ​អាច​ទុក​ចិត្ត​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ឬ​យ៉ាង​ណា? បើ​ចម្លើយ​គឺ​អាច ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ត​ពួក​គេ?

យើង​ត្រូវ​ការ​បង​ប្អូន​របស់​យើង

នៅ​ទូ​ទាំង​ពិភព​លោក យើង​មាន​បង​ប្អូន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​និង​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដូច​យើង (​សូម​មើល​វគ្គ​៣​)

៣. តើ​យើង​មាន​ឯកសិទ្ធិ​ដ៏​ពិសេស​អ្វី? (​ម៉ាកុស ១០:២៩, ៣០​)

ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​យើង​ឲ្យ​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក​នៅ​ទូទាំង​ផែនដី។ នេះ​ជា​ឯកសិទ្ធិ​ដ៏​ពិសេស​ដែល​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​ជា​ច្រើន! (​សូម​អាន ម៉ាកុស ១០:២៩, ៣០) នៅ​ទូ​ទាំង​ពិភព​លោក យើង​មាន​បង​ប្អូន​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដូច​យើង ហើយ​ដែល​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក​ក្នុង​ជីវិត​ពួក​គេ។ យើង​ប្រហែល​ជា​មាន​វប្បធម៌ របៀប​ស្លៀក​ពាក់ និង​ភាសា​ខុស​ពី​ពួក​គេ ប៉ុន្តែ​យើង​មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​ពួក​គេ សូម្បី​តែ​នៅ​ពេល​ជួប​ពួក​គេ​ជា​លើក​ដំបូង ក៏​យើង​មាន​អារម្មណ៍​បែប​នេះ​ដែរ។ ជា​ពិសេស យើង​ចូល​ចិត្ត​នៅ​ជា​មួយ​ពួក​គេ​ដើម្បី​សរសើរ​និង​គោរព​ប្រណិប័តន៍​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​យើង។—ចសព. ១៣៣:១

៤. ហេតុ​អ្វី​យើង​ត្រូវ​ការ​បង​ប្អូន​របស់​យើង?

នៅ​ឥឡូវ​នេះ ជាង​ពេល​មុន​ៗ​ទៅ​ទៀត យើង​ត្រូវ​រក្សា​ឲ្យ​មាន​សាមគ្គីភាព​ជា​មួយ​បង​ប្អូន​យើង។ ជួន​កាល​ពួក​គេ​ជួយ​រែក​ពុន​បន្ទុក​របស់​យើង។ (​រ៉ូម ១៥:១; កាឡ. ៦:២​) ពួក​គេ​ក៏​អាច​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បន្ដ​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា និង​ឲ្យ​រក្សា​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​លោក។ (​១ថែ. ៥:១១; ហេ. ១០:២៣​-​២៥​) សូម​ស្រមៃ​ថា​យើង​នឹង​មាន​អារម្មណ៍​យ៉ាង​ណា បើ​យើង​មិន​មាន​ការ​ការ​ពារ​ពី​ក្រុម​ជំនុំ ដើម្បី​ជួយ​យើង​ឲ្យ​កាន់​ជំហរ​មាំ​មួន​ត​យុទ្ធ​នឹង​សត្រូវ​របស់​យើង ពោល​គឺ​មេ​កំណាច​សាថាន​និង​ពិភព​លោក​ដ៏​អាក្រក់​របស់​វា។ មិន​យូរ​ទៀត សាថាន​និង​ពួក​អ្នក​ដែល​នៅ​ក្រោម​អំណាច​វា​នឹង​វាយ​ប្រហារ​លើ​អ្នក​បម្រើ​របស់​ព្រះ។ សូម​ស្រមៃ​គិត​ថា​យើង​នឹង​អរ​សប្បាយ​ខ្លាំង​យ៉ាង​ណា ដែល​យើង​មាន​ការ​គាំទ្រ​ពី​បង​ប្អូន​យើង!

៥. ហេតុ​អ្វី​បុគ្គល​ខ្លះ​ប្រហែល​ជា​ពិបាក​ទុក​ចិត្ត​បង​ប្អូន​ឯ​ទៀត?

ប៉ុន្តែ អ្នក​ខ្លះ​ពិបាក​ទុក​ចិត្ត​បង​ប្អូន​រួម​ជំនឿ ប្រហែល​ជា​ដោយ​សារ​ពួក​គេ​បាន​ប្រាប់​បង​ប្អូន​ណា​ម្នាក់​អំពី​រឿង​ដែល​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​ដឹង​ឮ ហើយ​បុគ្គល​នោះ​ទៅ​ប្រាប់​អ្នក​ឯ​ទៀត ឬ​ប្រហែល​ជា​បង​ប្អូន​ណា​ម្នាក់​មិន​ធ្វើ​តាម​ពាក្យ​សន្យា។ ឬ​ក៏​ពួក​គេ​ប្រហែល​ជា​ពិបាក​ទុក​ចិត្ត​អ្នក​ឯ​ទៀត ដោយ​សារ​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​បាន​និយាយ​ឬ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ពួក​គេ​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង។ បទ​ពិសោធន៍​បែប​នេះ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ទុក​ចិត្ត​អ្នក​ឯ​ទៀត។ ដូច្នេះ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​បង​ប្អូន​រួម​ជំនឿ?

សេចក្ដី​ស្រឡាញ់​ជួយ​យើង​ឲ្យ​ពង្រឹង​ទំនុក​ចិត្ត

៦. តើ​សេចក្ដី​ស្រឡាញ់​អាច​ជួយ​យើង​ឲ្យ​ពង្រឹង​ទំនុក​ចិត្ត​យ៉ាង​ដូច​ម្ដេច? (​កូរិនថូស​ទី១ ១៣:៤​-​៨​)

សេចក្ដី​ស្រឡាញ់​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ទំនុក​ចិត្ត។ កូរិនថូស​ទី១ ជំពូក​១៣​រៀប​រាប់​អំពី​លក្ខណៈ​ជា​ច្រើន​នៃ​សេចក្ដី​ស្រឡាញ់​ដែល​អាច​ជួយ​យើង​ឲ្យ​ពង្រឹង​ទំនុក​ចិត្ត​ឬ​មាន​ទំនុក​ចិត្ត​ឡើង​វិញ​ចំពោះ​អ្នក​ឯ​ទៀត។ (​សូម​អាន កូរិនថូស​ទី១ ១៣:​៤​-​៨) ជា​ឧទាហរណ៍ ខ​៤​ចែង​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​អត់​ធ្មត់ ហើយ​សប្បុរស​»។ ព្រះ​យេហូវ៉ា​មាន​ចិត្ត​អត់​ធ្មត់​នឹង​យើង ទោះ​ជា​ពេល​យើង​ធ្វើ​ខុស​ចំពោះ​លោក​ក្ដី។ ដូច្នេះ យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​បង​ប្អូន​យើង បើ​ពួក​គេ​និយាយ​ឬ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​យើង​ខឹង​ឬ​ឈឺ​ចិត្ត។ ខ​៥​បន្ថែម​ថា​៖ ​«​[​សេចក្ដី​ស្រឡាញ់​]​មិន​ឆាប់​ខឹង និង​មិន​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​»។ យើង​មិន​ចង់​«​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​»​ក្នុង​ន័យ​ថា ចេះ​តែ​នឹក​ចាំ​អំពី​អ្វី​ៗ​ដែល​បង​ប្អូន​ធ្វើ​ខុស។ អ្នក​ទូន្មាន ៧:៩​ចែង​ថា យើង​មិន​គួរ​«​ឆាប់​ទើស​ចិត្ត​»។ គឺ​ប្រសើរ​ជាង​ឲ្យ​ធ្វើ​តាម​ពាក្យ​នៅ​អេភេសូរ ៤:២៦​ដែល​ថា​៖ ​«​កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​ឡើយ​»។

៧. តើ​គោល​ការណ៍​នៅ​ម៉ាថាយ ៧:១​-​៥​នឹង​ជួយ​យើង​យ៉ាង​ណា​ឲ្យ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង?

យើង​ក៏​អាច​រៀន​ឲ្យ​កាន់​តែ​ចេះ​ទុក​ចិត្ត​បង​ប្អូន បើ​យើង​មាន​អារម្មណ៍​ចំពោះ​ពួក​គេ​ដូច​ដែល​ព្រះ​យេហូវ៉ា​មាន។ ព្រះ​ស្រឡាញ់​ពួក​គេ ហើយ​មិន​កត់​ចំណាំ​កំហុស​របស់​ពួក​គេ​ទេ។ យើង​ក៏​មិន​គួរ​កត់​ចំណាំ​កំហុស​របស់​បង​ប្អូន​ដែរ។ (​ចសព. ១៣០:៣​) ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​កំហុស​របស់​ពួកគេ យើង​គួរ​ព្យាយាម​ស្វែង​រក​គុណ​សម្បត្តិ​ពួក​គេ និង​គិត​អំពី​អ្វី​ល្អ​ៗ​ដែល​ពួក​គេ​អាច​ធ្វើ។ (​សូម​អាន ម៉ាថាយ ៧:១​-​៥) ដោយ​សារ​សេចក្ដី​ស្រឡាញ់​«​ជឿ​អ្វី​ៗ​ទាំង​អស់​»​ នោះ​យើង​ជឿ​ថា​ពួក​គេ​ចង់​ធ្វើ​អ្វី​ដែល​ល្អ ហើយ​មិន​ចង់​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​ឡើយ។ (​១កូ. ១៣:៧​) ពាក្យ​នេះ​មិន​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ចេះ​តែ​ទុក​ចិត្ត​បុគ្គល​គ្រប់​រូប​ទេ ផ្ទុយ​ទៅ​វិញ​លោក​តម្រូវ​ឲ្យ​យើង​ទុក​ចិត្ត​ពួក​គេ ដោយ​សារ​ពួក​គេ​បាន​បង្ហាញ​ថា​ពួក​គេ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ *

៨. តើ​អ្នក​អាច​មាន​ទំនុក​ចិត្ត​ទៅ​លើ​បង​ប្អូន​តាម​របៀប​ណា?

ដើម្បី​ទទួល​ទំនុក​ចិត្ត​ពី​អ្នក​ឯ​ទៀត បុគ្គល​ម្នាក់​ត្រូវ​បង្ហាញ​ថា​គាត់​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​នេះ​ត្រូវ​ការ​ពេល​វេលា។ តើ​អ្នក​អាច​មាន​ទំនុក​ចិត្ត​ទៅ​លើ​បង​ប្អូន​តាម​របៀប​ណា? សូម​ស្គាល់​ពួក​គេ​ឲ្យ​បាន​ច្បាស់។ សូម​និយាយ​ជា​មួយ​ពួក​គេ​នៅ​កិច្ច​ប្រជុំ។ សូម​ណាត់​ផ្សព្វ​ផ្សាយ​ជា​មួយ​ពួក​គេ។ ចូរ​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​ពួក​គេ ដោយ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​បង្ហាញ​ថា​ពួក​គេ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ ដំបូង អ្នក​ប្រហែល​ជា​នឹង​មិន​ប្រាប់​រឿង​ផ្ទាល់​ខ្លួន​ទាំង​អស់​ដល់​បុគ្គល​ណា​ម្នាក់​ដែល​អ្នក​ទើប​តែ​ស្គាល់​ទេ។ កាល​ដែល​ចំណង​មិត្តភាព​កាន់​តែ​ជិត​ស្និទ្ធ​ទៅ អ្នក​ប្រហែល​ជា​នឹង​មាន​អារម្មណ៍​ស្រួល​ជាង​ឲ្យ​ប្រាប់​អំពី​អារម្មណ៍​របស់​អ្នក។ (​លូក. ១៦:១០​) ប៉ុន្តែ តើ​អ្នក​អាច​ធ្វើ​អ្វី បើ​បង​ប្អូន​ណា​ម្នាក់​ក្បត់​ទំនុក​ចិត្ត​របស់​អ្នក? សូម​កុំ​ឆាប់​បោះ​បង់​ចំណង​មិត្តភាព​ជា​មួយ​គាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ សូម​ទុក​ពេល​សិន។ ម្យ៉ាង​ទៀត សូម​កុំ​ឲ្យ​ការ​ប្រព្រឹត្ត​របស់​បុគ្គល​មួយ​ចំនួន​ធ្វើ​ឲ្យ​អ្នក​លែង​ទុក​ចិត្ត​បង​ប្អូន​ទាំង​អស់។ ស្ដី​អំពី​ចំណុច​នេះ យើង​នឹង​ពិចារណា​អំពី​គំរូ​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​ត្រង់​មួយ​ចំនួន​ដែល​បាន​ទុក​ចិត្ត​អ្នក​ឯ​ទៀត ទោះ​ជា​ពួក​គេ​បាន​ខក​ចិត្ត​នឹង​បុគ្គល​ខ្លះ​ក្ដី។

ចូរ​រៀន​ពី​ពួក​អ្នក​ដែល​បន្ដ​ទុក​ចិត្ត​អ្នក​ឯ​ទៀត

ហាណា​បាន​រក្សា​ទំនុក​ចិត្ត​ទៅ​លើ​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​អេលី​មាន​ប្រតិកម្ម​មិន​ល្អ​ចំពោះ​គាត់​នៅ​ដំបូង​ក្ដី (​សូម​មើល​វគ្គ​៩​)

៩. (​ក​) តើ​ហាណា​បាន​រក្សា​ទំនុក​ចិត្ត​យ៉ាង​ដូច​ម្ដេច​ទៅ​លើ​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​តំណាង​ខ្លះ​របស់​លោក​បាន​ធ្វើ​ខុស​ក្ដី? (​ខ​) តើ​បទ​ពិសោធន៍​របស់​ហាណា​បង្រៀន​អ្នក​យ៉ាង​ណា​អំពី​ការ​ទុក​ចិត្ត​របៀប​រៀបចំ​របស់​ព្រះ​យេហូវ៉ា? (​សូម​មើល​រូប​ភាព​)

តើ​អ្នក​ធ្លាប់​ខក​ចិត្ត​នឹង​ការ​ប្រព្រឹត្ត​របស់​បង​ប្អូន​ប្រុស​ៗ​ដែល​មាន​ភារកិច្ច​ឬ​ទេ? បើ​ដូច្នេះ អ្នក​ប្រហែល​ជា​នឹង​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​គំរូ​របស់​ហាណា។ នៅ​សម័យ​គាត់ សម្ដេច​សង្ឃ​អេលី​បាន​នាំ​មុខ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នា​ស្រុក​អ៊ីស្រាអែល។ ប៉ុន្តែ សមាជិក​ក្រុម​គ្រួសារ​របស់​អេលី មិន​បាន​ទុក​គំរូ​ល្អ​ទេ។ កូន​ប្រុស​ៗ​របស់​គាត់​ដែល​បម្រើ​ជា​សង្ឃ​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ដ៏​គួរ​ឲ្យ​អាម៉ាស់​ជា​រឿយ​ៗ ប៉ុន្តែ​ឪពុក​របស់​ពួក​គេ​មិន​សូវ​កែ​តម្រង់​ពួក​គេ​ទេ។ ព្រះ​យេហូវ៉ា​មិន​បាន​បញ្ឈប់​អេលី​ឲ្យ​ធ្វើ​ជា​សម្ដេច​សង្ឃ​ភ្លាម​ៗ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ហាណា​មិន​បាន​ឈប់​គាំទ្រ​ការ​រៀបចំ​របស់​ព្រះ​ដោយ​គិត​ថា​ដរាប​ណា​អេលី​ជា​សម្ដេច​សង្ឃ នោះ​គាត់​នឹង​មិន​ព្រម​ទៅ​គោរព​ប្រណិប័តន៍​ព្រះ​នៅ​ឯ​ត្រសាល​ទេ។ ពេល​ដែល​អេលី​បាន​ឃើញ​ហាណា​កំពុង​អធិដ្ឋាន​ទាំង​មាន​ទុក្ខ​ព្រួយ​ជា​ខ្លាំង គាត់​បាន​សន្និដ្ឋាន​ខុស​ថា​នាង​ស្រវឹង​ស្រា។ ដោយ​មិន​បាន​ស៊ើប​សួរ​រក​ហេតុ​ការណ៍​ពិត​សិន គាត់​បាន​រិះ​គន់​ហាណា។ (​១សាំ. ១:១២​-​១៦​) ហាណា​បាន​ស្បថ​ថា​បើ​នាង​មាន​កូន​ប្រុស​មួយ នាង​នឹង​ប្រគល់​កូន​នោះ​ទៅ​ព្រះ​យេហូវ៉ា។ នាង​សុខ​ចិត្ត​ធ្វើ​តាម​សម្បថ​របស់​នាង ទោះ​ជា​នោះ​មាន​ន័យ​ថា​កូន​ប្រុស​នាង​នឹង​នៅ​ត្រសាល​របស់​ព្រះ​ក្រោម​ការ​មើល​ថែ​របស់​អេលីក្ដី។ (​១សាំ. ១:១១​) តើ​បញ្ហា​របស់​កូន​ប្រុស​ៗ​អេលី​ត្រូវ​ការ​កែ​តម្រង់​ឬ​ទេ? គឺ​ត្រូវ​ការ​មែន។ ព្រះ​យេហូវ៉ា​បាន​ចាត់​វិធានការ​ចំពោះ​រឿង​នេះ​នៅ​ពេល​ក្រោយ​មក។ (​១សាំ. ៤:១៧​) តែ​មុន​ពេល​នោះ ព្រះ​បាន​ឲ្យ​រង្វាន់​ដល់​ហាណា ដោយ​ឲ្យ​គាត់​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​សាំយូអែល។—១សាំ. ១:១៧​-​២០

១០. ទោះ​ជា​ស្ដេច​ដាវីឌ​ធ្លាប់​បាន​ត្រូវ​គេ​ក្បត់​ក្ដី តើ​គាត់​បន្ដ​ទុក​ចិត្ត​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

១០ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​មិត្ត​ជិត​ស្និទ្ធ​ណា​ម្នាក់​បាន​ក្បត់​អ្នក​ឬ​ទេ? បើ​មាន សូម​គិត​អំពី​បទ​ពិសោធន៍​របស់​ស្ដេច​ដាវីឌ។ គាត់​មាន​មិត្ត​ភក្ដិ​ម្នាក់​ឈ្មោះ​អាហ៊ីថូផែល។ ប៉ុន្តែ ពេល​អាប់សាឡំ​ដែល​ជា​កូន​ប្រុស​របស់​ដាវីឌ​បាន​ព្យាយាម​ដណ្ដើម​យក​តំណែង​ជា​ស្ដេច​ពី​ដាវីឌ អាហ៊ីថូផែល​បាន​ចូល​រួម​ជា​មួយ​អាប់សាឡំ​ក្នុង​ការ​បះ​បោរ។ ដាវីឌ​ទំនង​ជា​ឈឺ​ចិត្ត​ជា​ខ្លាំង​ដែល​គាត់​បាន​បាត់​បង់​ការ​គាំទ្រ​ពី​កូន​ប្រុស​គាត់​និង​បុរស​ម្នាក់​ដែល​គាត់​ចាត់​ទុក​ជា​មិត្ត! ប៉ុន្តែ ដាវីឌ​មិន​បាន​ឲ្យ​ការ​ក្បត់​នេះ​ធ្វើ​ឲ្យ​គាត់​លែង​ទុក​ចិត្ត​អ្នក​ផ្សេង​ទៀត​ឡើយ។ គាត់​បាន​បន្ដ​ទុក​ចិត្ត​មិត្ត​ភក្ដិ​ដ៏​ស្មោះ​ត្រង់​ម្នាក់​ទៀត​គឺ​ហ៊ូសាយ ដែល​មិន​ព្រម​ចូល​រួម​ក្នុង​ការ​បះ​បោរ​នោះ។ ដាវីឌ​មាន​មូលហេតុ​ល្អ​ឲ្យ​ទុក​ចិត្ត​ហ៊ូសាយ ហើយ​ហ៊ូសាយ​បាន​បង្ហាញ​ថា​គាត់​ជា​មិត្ត​ល្អ។ គាត់​ថែម​ទាំង​បាន​ប្រថុយ​ជីវិត​ខ្លួន​ដើម្បី​ជួយ​ដាវីឌ​ទៀត​ផង។—២សាំ. ១៧:១​-​១៦

១១. តើ​អ្នក​បម្រើ​ម្នាក់​របស់​ណាបាល​បាន​បង្ហាញ​ទំនុក​ចិត្ត​តាម​របៀប​ណា?

១១ សូម​គិត​ផង​ដែរ​អំពី​គំរូ​របស់​អ្នក​បម្រើ​ម្នាក់​របស់​ណាបាល។ ដាវីឌ​និង​ពួក​បុរស​របស់​គាត់​បាន​បង្ហាញ​ចិត្ត​សប្បុរស ដោយ​ជួយ​ការ​ពារ​ពួក​អ្នក​បម្រើ​របស់​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​ណាបាល។ ក្រោយ​មក ដាវីឌ​បាន​សុំ​ណាបាល​ដែល​ជា​អ្នក​មាន​ស្ដុក​ស្ដម្ភ​ឲ្យ​ផ្ដល់​អ្វី​ក៏​ដោយ​ដែល​គាត់​អាច​ឲ្យ​បាន​ដល់​ពួក​បុរស​របស់​ដាវីឌ។ ពេល​ណាបាល​មិន​ព្រម​ធ្វើ​តាម​សំណូម​ពរ​ដែល​សមរម្យ​នេះ ដាវីឌ​បាន​ខឹង​យ៉ាង​ខ្លាំង រហូត​ដល់​គាត់​សម្រេច​ចិត្ត​សម្លាប់​ពួក​បុរស​ទាំង​អស់​នៅ​ក្នុង​ផ្ទះ​របស់​ណាបាល។ អ្នក​បម្រើ​ម្នាក់​បាន​ប្រាប់​អាប៊ីកែល​ដែល​ជា​ប្រពន្ធ​របស់​ណាបាល​អំពី​ស្ថានភាព​នោះ។ ដោយ​សារ​គាត់​បម្រើ​នៅ​ផ្ទះ​នោះ គាត់​ដឹង​ថា​អាប៊ីកែល​អាច​សង្គ្រោះ​ជីវិត​គាត់។ ជា​ជាង​រត់​ចេញ​ឆ្ងាយ គាត់​បាន​ទុក​ចិត្ត​ថាអាប៊ីកែល​អាច​ដោះ​ស្រាយ​បញ្ហា​នោះ។ គាត់​អាច​មាន​ទំនុក​ចិត្ត​បែប​នេះ ដោយ​សារ​នាង​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​ស្ត្រី​ដែល​ចេះ​គិត​ពិចារណា។ អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​បន្ទាប់​មក​បាន​បង្ហាញ​ថា គាត់​ទុក​ចិត្ត​លើ​អាប៊ីកែល​គឺ​មិន​ខុស​ទេ។ នាង​បាន​ប្រព្រឹត្ត​យ៉ាង​ក្លាហាន​ដោយ​ព្យាយាម​ឃាត់​ដាវីឌ​មិន​ឲ្យ​ធ្វើ​តាម​គម្រោង​ការ​របស់​គាត់។ (​១សាំ. ២៥:២​-​៣៥​) នាង​មាន​ទំនុក​ចិត្ត​ថា​ដាវីឌ​នឹង​ប្រព្រឹត្ត​ដោយ​សម​ហេតុ​សម​ផល។

១២. តើ​លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​ទុក​ចិត្ត​ពួក​អ្នក​កាន់​តាម​លោក ទោះ​ជា​ពួក​គាត់​បាន​ធ្វើ​ខុស​ក្ដី?

១២ លោក​យេស៊ូ​បាន​ទុក​ចិត្ត​ពួក​អ្នក​កាន់​តាម​លោក ទោះ​ជា​អ្នក​ទាំង​នោះ​ធ្វើ​ខុស​ក្ដី។ (​យ៉ូន. ១៥:១៥, ១៦​) ពេលយ៉ាកុប​និង​យ៉ូហាន​បាន​សុំ​លោក​យេស៊ូ​នូវ​ឋានៈ​ពិសេស​ក្នុង​រាជាណាចក្រ លោក​យេស៊ូ​មិន​បាន​សង្ស័យ​អំពី​បំណង​ចិត្ត​របស់​ពួក​គាត់​ចំពោះ​ការ​បម្រើ​ព្រះ​យេហូវ៉ា ឬ​លែង​ឲ្យ​ពួក​គាត់​ធ្វើ​ជាសាវ័ក​ឡើយ។ (​ម៉ាក. ១០:៣៥​-​៤០​) ក្រោយមក ពួក​អ្នកកាន់តាម​ទាំង​អស់​របស់​លោក​យេស៊ូ​បាន​បោះ​បង់​ចោល​លោក​នៅ​យប់​ដែល​គេ​ចាប់ខ្លួនលោក។ (​ម៉ាថ. ២៦:៥៦​) ប៉ុន្តែ លោក​យេស៊ូ​មិន​បាត់​បង់​ទំនុក​ចិត្ត​ទៅ​លើ​ពួក​គាត់​ទេ។ លោក​ដឹងច្បាស់​អំពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គាត់ តែ​លោក​«​ស្រឡាញ់​ពួក​គាត់​រហូត​ដល់​ទី​បំផុត​»។ (​យ៉ូន. ១៣:​១​) ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​ថែម​ទាំង​ឲ្យ​សាវ័ក​ដ៏​ស្មោះ​ត្រង់​១១​នាក់​នូវ​ភារកិច្ច​ដ៏​សំខាន់​ដើម្បី​នាំ​មុខ​ក្នុង​កិច្ច​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក ហើយ​មើល​ថែ​ចៀម​ដ៏​មាន​តម្លៃ​របស់​លោក។ (​ម៉ាថ. ២៨:​១៩, ២០; យ៉ូន. ២១:១៥​-​១៧​) ការ​ដែល​លោក​យេស៊ូ​ទុក​ចិត្ត​លើ​ពួក​បុរស​មិន​ល្អ​ឥត​ខ្ចោះ​ទាំង​នេះ គឺ​មិន​ខុស​ទេ។ ពួក​គាត់​ទាំង​អស់​គ្នា​បាន​បម្រើ​យ៉ាង​ស្មោះ​ត្រង់​រហូត​ដល់​ទី​បញ្ចប់​នៃ​កិច្ច​បម្រើ​របស់​ពួក​គាត់​នៅ​ផែនដី។ យើង​ឃើញ​ច្បាស់​ថា​ហាណា ដាវីឌ អ្នក​បម្រើ​របស់​ណាបាល អាប៊ីកែល និង​លោក​យេស៊ូ​បាន​ទុក​គំរូ​ដ៏​ល្អ​ក្នុង​ការ​ទុក​ចិត្ត​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។

ការ​មាន​ទំនុក​ចិត្ត​ឡើង​វិញ​ចំពោះ​បង​ប្អូន

១៣. តើ​អ្វី​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ទុក​ចិត្ត​អ្នក​ឯ​ទៀត?

១៣ តើ​អ្នក​ធ្លាប់​ទុក​ចិត្ត​បង​ប្អូន​ណា​ម្នាក់​ឲ្យ​រក្សា​រឿង​សម្ងាត់ លុះ​ក្រោយ​មក​ដឹង​ថា គាត់​បាន​ក្បត់​ទំនុក​ចិត្ត​របស់​អ្នក​ឬ​ទេ? នេះ​អាច​នាំ​ឲ្យ​ឈឺ​ចិត្ត​ខ្លាំង​ណាស់។ នៅ​ពេល​មួយ បង​ស្រី​ម្នាក់​បាន​ប្រាប់​អ្នក​ចាស់​ទុំ​ម្នាក់​អំពី​រឿង​ផ្ទាល់​ខ្លួន។ នៅ​ថ្ងៃ​បន្ទាប់ ប្រពន្ធ​របស់​អ្នក​ចាស់​ទុំ​នោះ​បាន​ទូរស័ព្ទ​ទៅ​បង​ស្រី​នោះ​ដើម្បី​លើក​ទឹក​ចិត្ត​គាត់។ ប្រពន្ធ​នោះ​ច្បាស់​ជា​ដឹង​អំពី​រឿង​សម្ងាត់​ដែល​បង​ស្រី​នោះ​បាន​ប្រាប់​អ្នក​ចាស់​ទុំ។ ហេតុ​នេះ បង​ស្រី​នោះ​ពិត​ជា​ពិបាក​ទុក​ចិត្ត​អ្នក​ចាស់​ទុំ​នោះ។ ប៉ុន្តែ​បង​ស្រី​បាន​ធ្វើ​អ្វី​ត្រឹម​ត្រូវ គឺ​គាត់​បាន​សុំ​ជំនួយ​ពី​អ្នក​ចាស់​ទុំ​ម្នាក់​ទៀត។ គាត់​បាន​និយាយ​ជា​មួយ​នឹង​អ្នក​ចាស់​ទុំ​ម្នាក់​ទៀត​អំពី​រឿង​នេះ ហើយ​អ្នក​ចាស់​ទុំ​នោះ​បាន​ជួយ​គាត់​ឲ្យ​មាន​ទំនុក​ចិត្ត​ឡើង​វិញ​ចំពោះ​ពួក​អ្នក​ចាស់​ទុំ។

១៤. តើ​អ្វី​បាន​ជួយ​បង​ប្រុស​ម្នាក់​ឲ្យ​មាន​ទំនុក​ចិត្ត​ឡើង​វិញ?

១៤ បង​ប្រុស​ម្នាក់​បាន​ឈឺ​ចិត្ត​ជា​យូរ​នឹង​អ្នក​ចាស់​ទុំ​ពីរ​នាក់​ដែល​គាត់​មាន​អារម្មណ៍​ថា​មិន​អាច​ទុក​ចិត្ត​បាន។ ប៉ុន្តែ គាត់​បាន​ចាប់​ផ្ដើម​គិត​អំពី​ពាក្យ​សម្ដី​របស់​បង​ប្រុស​ម្នាក់​ដែលគាត់​គោរព​យ៉ាង​ជ្រាល​ជ្រៅ។ ពាក្យ​សាមញ្ញ​ដ៏​មាន​ន័យ​នោះ​គឺ​ថា​៖ ​«​សាថាន​គឺ​ជា​សត្រូវ មិន​មែន​បង​ប្អូន​យើង​ទេ​»។ បង​ប្រុស​នោះ​បាន​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​ពាក្យ​នោះ និង​អំពី​អ្វី​ដែល​គាត់​គួរ​ធ្វើ។ ក្រោយ​ពី​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា គាត់​បាន​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​មួយ​នឹង​អ្នក​ចាស់​ទុំ​ពីរ​នាក់​នោះ​ឡើង​វិញ។

១៥. ហេតុ​អ្វី​ប្រហែល​ជា​ត្រូវ​ការ​ពេល​ដើម្បី​មាន​ទំនុក​ចិត្ត​ឡើង​វិញ? សូម​លើក​ឧទាហរណ៍​មួយ។

១៥ តើ​អ្នក​ធ្លាប់​បាត់​បង់​ឯកសិទ្ធិ​ណា​មួយ​ឬ​ទេ? នេះ​អាច​នាំ​ឲ្យ​ឈឺ​ចិត្ត។ ជា​ឧទាហរណ៍ បង​ស្រី​គ្រេតា​និង​ម្ដាយ​គាត់​ជា​សាក្សី​ដ៏​ស្មោះ​ត្រង់​នៅ​ប្រទេស​អាល្លឺម៉ង់​ក្រោម​របប​ណាត្ស៊ី​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៣០ ពេល​ដែល​កិច្ច​ការ​របស់​យើង​បាន​ត្រូវ​គេ​ដាក់​បម្រាម។ បង​គ្រេតា​មាន​ឯកសិទ្ធិ​វាយ​ចម្លង​ឯកសារ​ទស្សនាវដ្ដី​ប៉ម​យាម​សម្រាប់​បង​ប្អូន​រួម​ជំនឿ។ ប៉ុន្តែ ពេល​បង​ប្អូន​បាន​ដឹង​ថា​ឪពុក​គាត់​ជា​អ្នក​ប្រឆាំង​សេចក្ដីពិត ពួក​គេ​បាន​ដក​ឯកសិទ្ធិ​នោះ​ចេញ ដោយ​សារ​ពួក​គេ​ខ្លាច​ថា​ឪពុក​គាត់​នឹង​យក​ព័ត៌មាន​អំពី​ក្រុម​ជំនុំ​ប្រាប់​ដល់​ពួក​អ្នក​ប្រឆាំង។ ទុក្ខ​លំបាក​របស់​បង​គ្រេតា​មិន​មាន​តែ​ប៉ុណ្ណឹង​ទេ។ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ បង​ប្អូន​មិន​បាន​ឲ្យ​ឯកសារ​ទស្សនាវដ្ដី​ដល់​បង​គ្រេតា​និង​ម្ដាយ​គាត់ ដោយ​សារ​ពួក​គេ​មិន​ទុក​ចិត្ត​ពួក​គាត់ ហើយ​ក៏​មិន​ព្រម​និយាយ​ជា​មួយ​ពួក​គាត់​ពេល​ដែល​ជួប​តាម​ផ្លូវ។ នេះ​បាន​ធ្វើ​ឲ្យ​បង​គ្រេតា​ឈឺ​ចិត្ត​ខ្លាំង​ណាស់ បាន​ជា​គាត់​ពិបាក​អភ័យ​ទោស​ឲ្យ​បង​ប្អូន​ទាំង​នោះ​និង​ទុក​ចិត្ត​ពួក​គេ​ឡើង​វិញ​អស់​រយៈ​ពេល​ជា​យូរ។ តែ​ក្រោយ​មក គាត់​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​ច្បាស់​ជា​បាន​អភ័យ​ទោស​ឲ្យ​បង​ប្អូន​ទាំង​នោះ ហេតុ​នេះ​គាត់​ក៏​គួរ​ធ្វើ​ដូច្នេះ​ដែរ។

​«​សាថាន​គឺ​ជា​សត្រូវ មិន​មែន​បង​ប្អូន​យើង​ទេ​»​

១៦. ហេតុ​អ្វី​យើង​ត្រូវ​ខំ​ប្រឹង​រៀន​ទុក​ចិត្ត​បង​ប្អូន?

១៦ បើ​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត​ស្រដៀង​នឹង​នេះ សូម​ខំ​ប្រឹង​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ឡើង​វិញ។ អ្នក​ប្រហែល​ជា​ត្រូវ​ការ​ពេល ប៉ុន្តែ​ការ​ខំ​ប្រឹង​របស់​អ្នក​នឹង​មាន​ប្រយោជន៍។ ជា​ឧទាហរណ៍ បើ​យើង​ធ្លាប់​ពុល​អាហារ យើង​ប្រហែល​ជា​ប្រុង​ប្រយ័ត្ន​ច្រើន​ជាង​ចំពោះ​អ្វី​ដែល​យើង​បរិភោគ។ ប៉ុន្តែ​ម្ហូប​មិន​ល្អ​មួយ​ពេល នឹង​មិន​ធ្វើ​ឲ្យ​យើង​ឈប់​បរិភោគ​អាហារ​ទាំង​អស់​ទេ។ ស្រដៀង​គ្នា​ដែរ យើង​មិន​គួរ​ឲ្យ​បទ​ពិសោធន៍​មិន​ល្អ​មួយ ធ្វើ​ឲ្យ​យើង​លែង​ទុក​ចិត្ត​បង​ប្អូន​ទាំង​អស់​ដែល​យើង​ដឹង​ថា​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​តាំង​ពី​កំណើត​ឡើយ។ ពេល​យើង​មាន​ទំនុក​ចិត្ត​ឡើង​វិញ​លើ​បង​ប្អូន​របស់​យើង យើង​នឹង​សប្បាយ​ចិត្ត​ជាង ហើយ​អាច​យល់​អំពី​របៀប​ដែល​យើង​អាច​ជួយ​ធ្វើ​ឲ្យ​មាន​បរិយាកាស​ដែល​ពេញ​ទៅ​ដោយ​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ក្រុម​ជំនុំ។

១៧. ហេតុ​អ្វី​ការ​ទុក​ចិត្ត​គឺ​សំខាន់​ម្ល៉េះ ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៧ ក្នុង​ពិភព​លោក​របស់​សាថាន ការ​ទុក​ចិត្ត​គឺ​កម្រ​មាន​ណាស់។ ប៉ុន្តែ​យើង​អាច​ទុក​ចិត្ត​បង​ប្អូន​យើង ដោយ​សារ​យើង​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​ទុក​ចិត្ត​បែប​នេះ​ជួយ​យើង​ឲ្យ​មាន​អំណរ​និង​សាមគ្គីភាព​នៅ​ឥឡូវ​នេះ ហើយ​នឹង​ការ​ពារ​យើង​ពេល​ដែល​យើង​ជួប​ការ​ពិបាក​នៅ​ថ្ងៃ​ខាង​មុខ។ ចុះ​បើ​បុគ្គល​ណា​ម្នាក់​បាន​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត ហើយ​អ្នក​លែង​ទុក​ចិត្ត​បុគ្គល​នោះ​ទៀត តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា? សូម​ព្យាយាម​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​នោះ ធ្វើ​តាម​គោល​ការណ៍​គម្ពីរ មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ចំពោះ​បង​ប្អូន និង​រៀន​ពី​គំរូ​ក្នុង​គម្ពីរ។ យើង​អាច​យក​ឈ្នះ​អារម្មណ៍​ឈឺ​ចិត្ត​របស់​យើង ហើយ​មាន​ទំនុក​ចិត្ត​ឡើង​វិញ​ចំពោះ​អ្នក​ឯ​ទៀត។ កាល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​មាន​មិត្ត​ភក្ដិ​ជា​ច្រើន​«​ដែល​ស្រឡាញ់​យើង​ខ្លាំង​ជាង​បង​ប្អូន​»​បង្កើត​របស់​យើង​ទៅ​ទៀត។ (​សុភ. ១៨:២៤​) ប៉ុន្តែ យើង​មិន​គ្រាន់​តែ​ត្រូវ​ទុក​ចិត្ត​អ្នក​ឯ​ទៀត​ប៉ុណ្ណោះ​ទេ ពួក​គេ​ក៏​ត្រូវ​ដឹង​ថា​ពួក​គេ​អាច​ទុក​ចិត្ត​យើង​ដែរ។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ថា​យើង​ជា​មនុស្ស​ដែល​បង​ប្អូន​អាច​ទុក​ចិត្ត​បាន។

ចម្រៀង​លេខ​៩៩ បង​ប្អូន​ដ៏​ច្រើន​អនេក​របស់​យើង

^ យើង​ត្រូវ​ទុក​ចិត្ត​បង​ប្អូន​យើង។ នេះ​មិន​តែង​តែ​ស្រួល​ទេ ដោយ​សារ​ជួន​កាល​ពួក​គេ​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ការ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​និង​ការ​រំពឹង​គិត​អំពី​គំរូ​ពី​អតីតកាល អាច​ជួយ​យើង​ឲ្យ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​បង​ប្អូន​រួម​ជំនឿ ឬ​មាន​ទំនុក​ចិត្ត​ឡើង​វិញ​បើ​ពួក​គេ​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត។

^ គម្ពីរ​ព្រមាន​ថា ក្នុង​ក្រុម​ជំនុំ​អាច​មាន​បុគ្គល​ខ្លះ​ដែល​មិន​សម​នឹង​ទទួល​ការ​ទុក​ចិត្ត​ពី​យើង។ (​យូ. ៤​) ក្នុង​ករណី​ដ៏​កម្រ បង​ប្អូន​ក្លែង​ក្លាយ​ប្រហែល​ជា​ព្យាយាម​បំភាន់​អ្នក​ឯ​ទៀត​ដោយ​«​និយាយ​បង្ខុស​សេចក្ដី​ពិត​»។ (​សកម្ម. ២០:៣០​) យើង​សម្រេច​ចិត្ត​មិន​ស្ដាប់​ឬ​ទុក​ចិត្ត​បុគ្គល​បែប​នោះ​ទេ។