អត្ថបទសិក្សា ៣៨
ចូរចូលទៅជិតក្រុមគ្រួសាររួមជំនឿរបស់អ្នក
«ខ្ញុំនឹងឡើងទៅឯបិតារបស់ខ្ញុំ ដែលជាបិតារបស់អ្នករាល់គ្នា»។—យ៉ូន. ២០:១៧
ចម្រៀងលេខ៣ ព្រះជាកម្លាំង ជាសេចក្ដីសង្ឃឹម និងជាទីពឹងរបស់យើង
សេចក្ដីសង្ខេប *
១. តើមនុស្សស្មោះត្រង់អាចមានចំណងមិត្តភាពបែបណាជាមួយព្រះយេហូវ៉ា?
ក្រុមគ្រួសាររបស់ព្រះយេហូវ៉ាដែលជាអ្នកគោរពប្រណិប័តន៍លោក រួមមានលោកយេស៊ូដែលជា«បុត្រច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះបានបង្កើត» ព្រមទាំងបណ្ដាទេវតាដ៏ច្រើនរូប។ (កូឡ. ១:១៥; ចសព. ១០៣:២០) ពេលលោកយេស៊ូនៅផែនដី លោកបង្ហាញថាមនុស្សស្មោះត្រង់អាចចាត់ទុកព្រះយេហូវ៉ាជាបិតារបស់ពួកគេ។ ពេលលោកយេស៊ូមានប្រសាសន៍ទៅពួកអ្នកកាន់តាម លោកបានហៅព្រះយេហូវ៉ាថា៖ «បិតារបស់ខ្ញុំ ដែលជាបិតារបស់អ្នករាល់គ្នា»។ (យ៉ូន. ២០:១៧) ម្យ៉ាងទៀត ពេលយើងប្រគល់ខ្លួនជូនព្រះយេហូវ៉ា ហើយទទួលការជ្រមុជទឹក យើងទៅជាសមាជិកក្រុមគ្រួសាររួមជំនឿមួយដែលប្រកបដោយសេចក្ដីស្រឡាញ់។—ម៉ាក. ១០:២៩, ៣០
២. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
២ អ្នកខ្លះពិបាកចាត់ទុកព្រះយេហូវ៉ាជាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់។ រីឯអ្នកខ្លះទៀតប្រហែលជាមិនសូវចេះបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿទេ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលលោកយេស៊ូជួយយើងឲ្យចាត់ទុកថាព្រះយេហូវ៉ាជាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយជាបុគ្គលដែលយើងអាចចូលទៅជិតបាន។ យើងក៏នឹងរៀនអំពីរបៀបដែលយើងអាចយកតម្រាប់ព្រះយេហូវ៉ាក្នុងការប្រព្រឹត្តទៅលើបងប្អូនរួមជំនឿរបស់យើង។
ព្រះយេហូវ៉ាចង់ឲ្យអ្នកចូលទៅជិតលោក
៣. តើសេចក្ដីអធិដ្ឋានគំរូជួយយើងឲ្យចូលកាន់តែជិតព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៣ ព្រះយេហូវ៉ាជាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់។ លោកយេស៊ូចង់ឲ្យយើងមានទស្សនៈចំពោះព្រះយេហូវ៉ាដូចលោក គឺហាក់ដូចជាឪពុកដែលប្រកបដោយសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅនិងស្រួលប្រាស្រ័យទាក់ទង មិនមែនជាបុគ្គលដែលមានអំណាចផ្ដាច់ការទេ។ នេះសឲ្យឃើញតាមរយៈអ្វីដែលលោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យនិយាយពេលអធិដ្ឋាន។ លោកបានចាប់ផ្ដើមសេចក្ដីអធិដ្ឋានគំរូដោយពាក្យថា៖ «ឱបិតារបស់យើង»។ (ម៉ាថ. ៦:៩) លោកយេស៊ូអាចប្រាប់យើងឲ្យហៅព្រះយេហូវ៉ាថាជា«ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត» «អ្នកបង្កើត» ឬ«ស្ដេចដែលរស់ ជារៀងរហូត»។ ឋានៈទាំងនេះគឺសមត្រឹមត្រូវ ដោយសារគម្ពីរប្រើពាក្យទាំងអស់នេះដើម្បីរៀបរាប់អំពីព្រះយេហូវ៉ា។ (ដក. ១៧:១; អេ. ៤០:២៨; ១ធី. ១:១៧) ប៉ុន្តែ លោកយេស៊ូបានប្រើពាក្យ«បិតា»ដែលបង្កប់អារម្មណ៍កក់ក្ដៅ។
៤. តើយើងដឹងយ៉ាងដូចម្ដេចថាព្រះយេហូវ៉ាចង់ឲ្យយើងចូលទៅជិតលោក?
៤ តើអ្នកពិបាកចាត់ទុកព្រះយេហូវ៉ាជាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ឬទេ? អ្នកខ្លះមានអារម្មណ៍បែបនេះ។ បើឪពុករបស់យើងមិនបង្ហាញសេចក្ដីសប្បុរស យើងប្រហែលជាពិបាកស្រមៃគិតអំពីបិតាម្នាក់ដែលស្រឡាញ់យើង។ យើងទទួលការសម្រាលទុក្ខដោយដឹងថាព្រះយេហូវ៉ាយល់អំពីអារម្មណ៍របស់យើងទាំងស្រុង! លោកចង់ចូលមកជិតយើង។ នេះជាមូលហេតុដែលបណ្ដាំរបស់លោកលើកទឹកចិត្តយើងថា៖ «ចូរចូលទៅជិតព្រះ នោះលោកនឹងចូលមកជិតអ្នករាល់គ្នា»។ (យ៉ា. ៤:៨) ព្រះយេហូវ៉ាស្រឡាញ់យើង ហើយលោកសមធ្វើជាបិតាដ៏ល្អបំផុតដែលយើងមិនធ្លាប់មាន។
៥. យោងទៅតាមលូកា ១០:២២ តើលោកយេស៊ូអាចជួយយើងឲ្យចូលកាន់តែជិតព្រះយេហូវ៉ាតាមរបៀបណា?
៥ លោកយេស៊ូអាចជួយយើងឲ្យចូលកាន់តែជិតព្រះយេហូវ៉ា។ លោកយេស៊ូស្គាល់ព្រះយេហូវ៉ាយ៉ាងច្បាស់ ហើយបង្ហាញគុណសម្បត្តិដូចបិតាលោកបេះបិទ បានជាលោកមានប្រសាសន៍ថា៖ «អ្នកណាដែលបានឃើញខ្ញុំ អ្នកនោះបានឃើញបិតាដែលនៅស្ថានសួគ៌ហើយ»។ (យ៉ូន. ១៤:៩) ដូចបងប្រុសបង្កើតម្នាក់ លោកយេស៊ូបង្រៀនយើងអំពីរបៀបបង្ហាញការគោរពនិងស្ដាប់បង្គាប់បិតារបស់យើង របៀបជៀសវាងពីការធ្វើអ្វីដែលលោកមិនពេញចិត្ត និងរបៀបធ្វើឲ្យលោកពេញចិត្ត។ ប៉ុន្តែជាពិសេស លោកយេស៊ូជួយយើងឲ្យយល់ថាព្រះយេហូវ៉ាសប្បុរសនិងមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំង។ (សូមអាន លូកា ១០:២២) សូមយើងពិចារណាអំពីឧទាហរណ៍ខ្លះ។
៦. សូមលើកឧទាហរណ៍អំពីរបៀបដែលព្រះយេហូវ៉ាស្ដាប់លោកយេស៊ូ។
៦ ព្រះយេហូវ៉ាស្ដាប់កូនៗរបស់លោក។ សូមគិតអំពីរបៀបដែលព្រះយេហូវ៉ាស្ដាប់បុត្រច្បងរបស់លោក។ ព្រះយេហូវ៉ាច្បាស់ជាបានស្ដាប់សេចក្ដីអធិដ្ឋានជាច្រើនរបស់បុត្រលោកពេលលោកយេស៊ូនៅផែនដី។ (លូក. ៥:១៦) ព្រះបានស្ដាប់លោកយេស៊ូអធិដ្ឋានអំពីការសម្រេចចិត្តដ៏សំខាន់ដូចជា ពេលលោកជ្រើសរើសសាវ័ក១២នាក់។ (លូក. ៦:១២, ១៣) ព្រះយេហូវ៉ាក៏ស្ដាប់លោកយេស៊ូអធិដ្ឋានដែរ ពេលលោកកើតទុក្ខជាខ្លាំង។ បន្តិចមុនលោកយេស៊ូបានត្រូវគេក្បត់ លោកបានអធិដ្ឋានអស់ពីចិត្តទៅបិតាលោកអំពីការល្បងលដ៏ពិបាកដែលលោកហៀបនឹងជួប។ ព្រះយេហូវ៉ាមិនគ្រាន់តែស្ដាប់សេចក្ដីអធិដ្ឋាន របស់លោកយេស៊ូប៉ុណ្ណោះទេ តែក៏ចាត់ទេវតាមួយរូបឲ្យពង្រឹងកម្លាំងចិត្តបុត្រជាទីស្រឡាញ់របស់លោកដែរ។—លូក. ២២:៤១-៤៤
៧. តើការដឹងថាព្រះយេហូវ៉ាស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង គួរនាំឲ្យយើងមានអារម្មណ៍យ៉ាងណា?
៧ សព្វថ្ងៃនេះ ព្រះយេហូវ៉ាបន្តស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកបម្រើលោក ហើយលោកតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ពួកគេនៅពេលត្រឹមត្រូវ និងតាមរបៀបដ៏ល្អបំផុត។ (ចសព. ១១៦:១, ២) សូមគិតអំពីរបៀបដែលបងស្រីម្នាក់នៅប្រទេសឥណ្ឌាបានពិសោធរឿងនេះដោយផ្ទាល់។ គាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ហើយគាត់បានអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ាអំពីរឿងនោះ។ គាត់សរសេរថា៖ «កម្មវិធីJWទូរទស្សន៍សម្រាប់ខែឧសភា ឆ្នាំ២០១៩អំពីរបៀបស៊ូទ្រាំនឹងទុក្ខកង្វល់ គឺជាអ្វីដែលខ្ញុំត្រូវការ។ កម្មវិធីនោះគឺជាចម្លើយចំពោះសេចក្ដីអធិដ្ឋានរបស់ខ្ញុំ»។
៨. តើព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោកយេស៊ូតាមរបៀបណាខ្លះ?
៨ ព្រះយេហូវ៉ាស្រឡាញ់យើងនិងយកចិត្តទុកដាក់ចំពោះយើង ដូចដែលលោកស្រឡាញ់និងយកចិត្តទុកដាក់ចំពោះលោកយេស៊ូក្នុងអំឡុងពេលដែលលោកបំពេញភារកិច្ចដ៏ពិបាករបស់លោកនៅផែនដី។ (យ៉ូន. ៥:២០) ព្រះយេហូវ៉ាបានជួយលោកយេស៊ូឲ្យរក្សាជំនឿមាំមួន បានលើកទឹកចិត្តលោកពេលមានការតានតឹងចិត្ត និងបានធ្វើឲ្យប្រាកដថាលោកយេស៊ូមានអ្វីៗដែលលោកត្រូវការដើម្បីរស់នៅ។ ម្យ៉ាងទៀត ព្រះយេហូវ៉ាមិនបានស្ទាក់ស្ទើរក្នុងការបង្ហាញសេចក្ដីស្រឡាញ់និងការពេញចិត្តចំពោះបុត្ររបស់លោកទេ។ (ម៉ាថ. ៣:១៦, ១៧) ដោយសារលោកយេស៊ូដឹងថា លោកតែងតែអាចពឹងទៅលើបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់នៅស្ថានសួគ៌ លោកមិនដែលមានអារម្មណ៍ថាលោកនៅម្នាក់ឯងឡើយ។—យ៉ូន. ៨:១៦
៩. តើអ្វីខ្លះបង្ហាញថាព្រះយេហូវ៉ាស្រឡាញ់យើង?
៩ ដូចលោកយេស៊ូ យើងទាំងអស់គ្នាបានទទួលសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ាតាមរបៀបផ្សេងៗ។ សូមគិតអំពីចំណុចដូចតទៅនេះ៖ ព្រះយេហូវ៉ាបានទាញនាំយើងមកឯលោក ហើយបានឲ្យយើងក្រុមគ្រួសាររួមជំនឿមួយដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់និងមានសាមគ្គីភាព ដើម្បីឲ្យយើងសប្បាយចិត្ត និងដើម្បីលើកទឹកចិត្តយើងពេលដែលយើងត្រូវការ។ (យ៉ូន. ៦:៤៤) ព្រះយេហូវ៉ាក៏ឲ្យយើងអ្វីៗទាំងអស់ដែលយើងត្រូវការដើម្បីរក្សាជំនឿឲ្យរឹងមាំ។ លោកថែមទាំងជួយយើងឲ្យបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃរបស់យើង។ (ម៉ាថ. ៦:៣១, ៣២) សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាកាន់តែខ្លាំងឡើង កាលដែលយើងគិតអំពីសេចក្ដីស្រឡាញ់របស់លោកចំពោះយើង។
ចូរប្រព្រឹត្តដូចព្រះយេហូវ៉ាចំពោះក្រុមគ្រួសាររួមជំនឿ
១០. តើយើងអាចយកតម្រាប់ព្រះយេហូវ៉ាយ៉ាងដូចម្ដេចក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូន?
១០ ព្រះយេហូវ៉ាស្រឡាញ់បងប្អូនរួមជំនឿរបស់យើង។ ប៉ុន្តែ យើងប្រហែលជាមិនតែងតែងាយស្រួលមានសេចក្ដីស្រឡាញ់និងបង្ហាញសេចក្ដីស្រឡាញ់ចំពោះសមាជិកក្រុមគ្រួសាររួមជំនឿរបស់យើងទេ។ នេះប្រហែលជានឹងកើតឡើង ដោយសារយើងមានវប្បធម៌និងជីវប្រវត្តិខុសៗគ្នា។ ម្យ៉ាងទៀត យើងទាំងអស់គ្នាចេះធ្វើខុស ហើយនេះអាចធ្វើឲ្យអ្នកឯទៀតខឹងនិងខកចិត្តចំពោះយើង។ ទោះជាយ៉ាងនោះក៏ដោយ យើងអាចជួយធ្វើឲ្យមានសេចក្ដីស្រឡាញ់ក្នុងក្រុមគ្រួសាររួមជំនឿរបស់យើង។ តើតាមរបៀបណា? គឺដោយយកតម្រាប់បិតារបស់យើងក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូន។ (អេភ. ៥:១, ២; ១យ៉ូន. ៤:១៩) សូមយើងពិចារណាអំពីអ្វីដែលយើងអាចរៀនពីគំរូរបស់ព្រះយេហូវ៉ា។
១១. តើលោកយេស៊ូបានបង្ហាញ«សេចក្ដីអាណិតមេត្តា»ដូចព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១១ ព្រះយេហូវ៉ាបង្ហាញ«សេចក្ដីអាណិតមេត្តា»។ (លូក. ១:៧៨) បុគ្គលដែលមានសេចក្ដីអាណិតមេត្តា ព្រួយបារម្ភពេលគាត់ឃើញអ្នកឯទៀតរងទុក្ខវេទនា ហើយគាត់រកវិធីផ្ដល់ជំនួយនិងការសម្រាលទុក្ខដល់អ្នកនោះ។ ការប្រព្រឹត្តរបស់លោកយេស៊ូចំពោះអ្នកឯទៀត បង្ហាញអំពីការយកចិត្តទុកដាក់របស់ព្រះយេហូវ៉ាចំពោះពួកគេ។ (យ៉ូន. ៥:១៩) នៅពេលមួយ ពេលលោកយេស៊ូឃើញបណ្ដាជនមួយក្រុម «លោកមានចិត្តក្ដួលអាណិតពួកគេ ពីព្រោះពួកគេបានត្រូវសង្កត់សង្កិន និងទុកចោលឲ្យនៅរាត់រាយប្រៀបដូចចៀមដែលគ្មានគង្វាល»។ (ម៉ាថ. ៩:៣៦) លោកយេស៊ូមិនគ្រាន់តែមានសេចក្ដីអាណិតមេត្តានៅ ក្នុងចិត្តប៉ុណ្ណោះទេ តែលោកក៏បានបង្ហាញសេចក្ដីអាណិតមេត្តា ដោយធ្វើឲ្យអ្នកឈឺជាសះស្បើយ ព្រមទាំងផ្ដល់ការលើកទឹកចិត្តដល់ពួកអ្នកដែល«ធ្វើការនឿយហត់ ហើយមានបន្ទុកធ្ងន់»។—ម៉ាថ. ១១:២៨-៣០; ១៤:១៤
១២. សូមលើកឧទាហរណ៍អំពីរបៀបដែលយើងអាចបង្ហាញសេចក្ដីអាណិតមេត្តា។
១២ យើងត្រូវគិតអំពីការពិបាកណាខ្លះដែលបងប្អូនរបស់យើងកំពុងជួបប្រទះ មុនដែលយើងអាចបង្ហាញសេចក្ដីអាណិតមេត្តាចំពោះពួកគេ។ ជាឧទាហរណ៍ បងស្រីម្នាក់ប្រហែលជាមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ គាត់មិនដែលត្អូញត្អែរអំពីបញ្ហានោះទេ ប៉ុន្តែគាត់ទំនងជានឹងសប្បាយចិត្តទទួលជំនួយពីអ្នកឯទៀត។ តើគាត់ពិបាកធ្វើអ្វីផ្សេងៗសម្រាប់ក្រុមគ្រួសាររបស់គាត់ឬទេ? តើគាត់នឹងសប្បាយចិត្ត បើយើងជួយគាត់តិចតួចដោយធ្វើម្ហូបឲ្យក្រុមគ្រួសារគាត់ឬសម្អាតផ្ទះឲ្យគាត់ឬទេ? មួយវិញទៀត បងប្រុសម្នាក់ប្រហែលជាបានបាត់បង់ការងារ។ តើការឲ្យលុយបន្តិចបន្តួចដោយប្រហែលជាមិនប្រាប់គាត់ថាអំណោយនេះមកពីអ្នកណា នឹងជួយគាត់មុនដែលគាត់រកបានការងារថ្មីឬទេ?
១៣-១៤. តើយើងអាចបង្ហាញចិត្តទូលាយដូចព្រះយេហូវ៉ាតាមរបៀបណាខ្លះ?
១៣ ព្រះយេហូវ៉ាមានចិត្តទូលាយ។ (ម៉ាថ. ៥:៤៥) យើងមិនគួររង់ចាំរហូតដល់បងប្អូនសុំជំនួយពីយើង ទើបយើងបង្ហាញសេចក្ដីអាណិតមេត្តានោះទេ។ ដូចព្រះយេហូវ៉ា យើងអាចចាត់វិធានការទុកជាមុន។ លោកធ្វើឲ្យថ្ងៃរះលើយើងជារៀងរាល់ថ្ងៃដោយមិនតម្រូវឲ្យយើងសុំពីលោកឡើយ! ម្យ៉ាងទៀត មនុស្សទាំងអស់អាចទទួលប្រយោជន៍ពីកម្ដៅដួងអាទិត្យ មិនគ្រាន់តែពួកអ្នកដែលមានអំណរគុណប៉ុណ្ណោះទេ។ ព្រះយេហូវ៉ាបង្ហាញថាលោកស្រឡាញ់យើង ដោយផ្គត់ផ្គង់នូវអ្វីដែលយើងត្រូវការ។ យើងពិតជាស្រឡាញ់ព្រះយេហូវ៉ាដោយសារលោកមានចិត្តទូលាយនិងសេចក្ដីសប្បុរស!
១៤ បងប្អូនរួមជំនឿជាច្រើនយកតម្រាប់បិតារបស់យើងនៅស្ថានសួគ៌ក្នុងការបង្ហាញចិត្តទូលាយ។ ជាឧទាហរណ៍ នៅឆ្នាំ២០១៣ ព្យុះសង្ឃរាហាយយ៉ាន់បានធ្វើឲ្យមានការបំផ្លិចបំផ្លាញនៅប្រទេសហ្វីលីពីន។ បងប្អូនជាច្រើននាក់បានបាត់បង់ផ្ទះនិងទ្រព្យសម្បត្តិ។ ប៉ុន្តែ ក្រុមគ្រួសាររួមជំនឿរបស់ពួកគេទូទាំងពិភពលោកបានផ្ដល់ជំនួយដល់ពួកគេភ្លាមៗ។ បងប្អូនជាច្រើននាក់បានឲ្យវិភាគទាន ឬចូលរួមក្នុងកិច្ចការសាងសង់ដ៏ធំមួយដើម្បីជួយពួកគេ។ ជាលទ្ធផល ក្នុងរយៈពេលតិចជាងមួយឆ្នាំ ផ្ទះជិត៧៥០ខ្នងបានត្រូវជួសជុលឬសង់ឡើងវិញ! មួយវិញទៀត ក្នុងអំឡុងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ សាក្សីបានខំប្រឹងជួយគ្នា។ ពេលយើងឆាប់ជួយក្រុមគ្រួសាររួមជំនឿរបស់យើង យើងបង្ហាញពួកគេថាយើងស្រឡាញ់ពួកគេ។
១៥-១៦. យោងទៅតាមលូកា ៦:៣៦ តើអ្វីជាវិធីដ៏សំខាន់ដែលយើងអាចយកតម្រាប់បិតារបស់យើង?
លូកា ៦:៣៦) ជារៀងរាល់ថ្ងៃ យើងទទួលសេចក្ដីមេត្តាករុណាពីបិតារបស់យើងនៅស្ថានសួគ៌។ (ចសព. ១០៣:១០-១៤) ទោះជាពួកអ្នកកាន់តាមជាមនុស្សមិនល្អឥតខ្ចោះក្ដី លោកយេស៊ូបានបង្ហាញសេចក្ដីមេត្តាករុណា ហើយបានអភ័យទោសឲ្យពួកគេ។ លោកថែមទាំងសុខចិត្តបូជាជីវិតដើម្បីឲ្យយើងអាចទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់យើង។ (១យ៉ូន. ២:១, ២) ការអភ័យទោសនិងចិត្តមេត្តាករុណាដែលព្រះយេហូវ៉ានិងលោកយេស៊ូបង្ហាញចំពោះយើង ធ្វើឲ្យយើងចង់ចូលកាន់តែជិតលោកទាំងពីរ។
១៥ ព្រះយេហូវ៉ាមានចិត្តមេត្តាករុណានិងអភ័យទោសឲ្យយើង។ (សូមអាន១៦ យើងមានសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង ពេលយើង‹អភ័យទោសឲ្យគ្នាដោយគ្មានល័ក្ខខ័ណ្ឌ›។ (អេភ. ៤:៣២) ជួនកាល ការអភ័យទោសឲ្យអ្នកឯទៀតអាចជាអ្វីដ៏ពិបាកណាស់ ដូច្នេះយើងត្រូវខំព្យាយាម។ បងស្រីម្នាក់មានអារម្មណ៍ថា អត្ថបទមួយក្នុងទស្សនាវដ្ដីប៉មយាមដែលមានចំណងជើងថា«ចូរអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ» *បានជួយគាត់ឲ្យធ្វើដូច្នេះ។ គាត់សរសេរថា៖ «ការសិក្សាអត្ថបទនោះបានជួយខ្ញុំឲ្យមានទស្សនៈល្អប្រសើរជាងមុនអំពីរឿងនេះ។ អត្ថបទនោះបានពន្យល់ថា ការសុខចិត្តអភ័យទោសឲ្យអ្នកឯទៀតមិនមានន័យថាយើងពេញចិត្តនឹងការប្រព្រឹត្តមិនត្រឹមត្រូវមកលើយើង ឬគិតថាការប្រព្រឹត្តនោះមិនប៉ះពាល់ដល់អ្នកឯទៀតឡើយ។ ប៉ុន្តែ ការអភ័យទោសមានន័យថាយើងបំភ្លេចគំនុំចំពោះបុគ្គលដែលប្រព្រឹត្តមិនត្រឹមត្រូវមកលើយើង ហើយរក្សាសេចក្ដីសុខរបស់យើង»។ ពេលយើងអភ័យទោសឲ្យបងប្អូនរបស់យើងដោយគ្មានល័ក្ខខ័ណ្ឌ យើងបង្ហាញថាយើងស្រឡាញ់ពួកគេ ហើយថាយើងយកតម្រាប់ព្រះយេហូវ៉ាដែលជាបិតារបស់យើង។
ចូរអរសប្បាយដែលអ្នកនៅក្នុងក្រុមគ្រួសារព្រះ
១៧. យោងទៅតាមម៉ាថាយ ៥:១៦ តើយើងអាចលើកកិត្តិយសបិតារបស់យើងនៅស្ថានសួគ៌តាមរបៀបណា?
១៧ ការធ្វើជាសមាជិកក្រុមគ្រួសារអន្តរជាតិដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ គឺពិតជាឯកសិទ្ធិមែន! យើងចង់ឲ្យមនុស្សច្រើនបំផុតចូលរួមជាមួយយើងក្នុងការគោរពប្រណិប័តន៍ព្រះ។ ហេតុនេះ យើងប្រុងប្រយ័ត្នមិនធ្វើអ្វីណាដែលអាចនាំឲ្យអ្នកឯទៀតគិតមិនល្អអំពីរាស្ត្ររបស់ព្រះយេហូវ៉ា ឬបិតារបស់យើងនៅស្ថានសួគ៌ឡើយ។ យើងព្យាយាមប្រព្រឹត្តល្អជានិច្ច ដើម្បីនាំឲ្យមនុស្សចង់រៀនអំពីព្រះយេហូវ៉ានិងបម្រើលោក។—សូមអាន ម៉ាថាយ ៥:១៦
១៨. តើអ្វីអាចជួយយើងឲ្យផ្សព្វផ្សាយដោយចិត្តក្លាហាន?
១៨ ជួនកាល អ្នកខ្លះរិះគន់យើង ឬថែមទាំងបៀតបៀនយើងដោយសារយើងស្ដាប់បង្គាប់បិតារបស់យើងនៅស្ថានសួគ៌។ បើយើងភ័យខ្លាចពេលនិយាយជាមួយអ្នកឯទៀតអំពីជំនឿរបស់យើង តើយើងអាចធ្វើអ្វី? យើងអាចប្រាកដថាព្រះយេហូវ៉ានិងលោកយេស៊ូនឹងជួយយើង។ លោកយេស៊ូបានពង្រឹងទំនុកចិត្តអ្នកកាន់តាមលោកថា ពួកគេមិនចាំបាច់ខ្វល់ថាពួកគេត្រូវនិយាយអ្វីឬនិយាយយ៉ាងណាឡើយ។ ហេតុអ្វី? លោកពន្យល់ថា៖ «អ្នកនឹងដឹងនូវអ្វីៗដែលត្រូវនិយាយនៅវេលានោះឯង ព្រោះមិនមែនតែអ្នករាល់គ្នាទេដែលនិយាយ តែគឺជាឫទ្ធានុភាពនៃបិតារបស់អ្នក ដែលនិយាយតាមរយៈអ្នក»។—១៩. សូមលើកឧទាហរណ៍អំពីបងប្អូនម្នាក់ដែលផ្សព្វផ្សាយដោយចិត្តក្លាហាន។
១៩ សូមគិតអំពីគំរូរបស់បងប្រុសរ៉ូបឺត។ ពេលគាត់ជាសិស្សគម្ពីរនិងមិនទាន់មានចំណេះច្រើនអំពីគម្ពីរ គាត់បានត្រូវកាត់ក្ដីនៅមុខតុលាការយោធាមួយ នាប្រទេសអាហ្វ្រិកខាងត្បូង។ គាត់បានពន្យល់ដោយក្លាហានថាគាត់ចង់កាន់ជំហរអព្យាក្រឹត ដោយសារគាត់ស្រឡាញ់បងប្អូនរួមជំនឿរបស់គាត់។ គាត់ឲ្យតម្លៃចំពោះការធ្វើជាសមាជិកក្រុមគ្រួសារព្រះ! ចៅក្រមម្នាក់បានសួរគាត់ភ្លាមៗថា៖ «តើអ្នកណាជាបងប្អូនរបស់អ្នក?»។ បងរ៉ូបឺតមិនបានសន្និដ្ឋានថា គេនឹងសួរសំណួរបែបនេះដល់គាត់ទេ ប៉ុន្តែភ្លាមៗបងរ៉ូបឺតនឹកចាំបទគម្ពីរប្រចាំថ្ងៃនៅថ្ងៃនោះ។ បទគម្ពីរនោះគឺម៉ាថាយ ១២:៥០ ដែលថា៖ «អ្នកណាដែលធ្វើតាមបំណងប្រាថ្នាបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌ អ្នកនោះហើយជាប្អូនប្រុស ប្អូនស្រី និងម្ដាយរបស់ខ្ញុំ»។ ទោះជានៅពេលនោះបងរ៉ូបឺតជាសិស្សគម្ពីរថ្មីក្ដី ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាបានជួយគាត់ឲ្យតបឆ្លើយចំពោះសំណួរនោះនិងសំណួរផ្សេងទៀតដែលគាត់ស្មានមិនដល់ថាគេនឹងសួរគាត់។ ព្រះយេហូវ៉ាច្បាស់ជាមានមោទនភាពចំពោះបងរ៉ូបឺត! ព្រះយេហូវ៉ាក៏មានមោទនភាពចំពោះយើង ពេលយើងពឹងផ្អែកលើលោកដើម្បីផ្សព្វផ្សាយយ៉ាងក្លាហានកាលដែលស្ថិតក្នុងស្ថានភាពពិបាក។
២០. តើយើងគួរតាំងចិត្តធ្វើអ្វី? (យ៉ូហាន ១៧:១១, ១៥)
២០ យើងអរសប្បាយយ៉ាងខ្លាំងដែលយើងជាសមាជិកក្រុមគ្រួសាររួមជំនឿដែលប្រកបដោយសេចក្ដីស្រឡាញ់នេះ។ យើងមានបិតាដ៏ល្អបំផុត ព្រមទាំងមានបងប្អូនជាច្រើននាក់ដែលស្រឡាញ់យើង។ យើងមិនគួរមើលស្រាលអ្វីទាំងនោះទេ។ សាថាននិងពួកអ្នកកាន់តាមដ៏អាក្រក់របស់វាព្យាយាមធ្វើឲ្យយើងសង្ស័យថា បិតារបស់យើងនៅស្ថានសួគ៌មិនស្រឡាញ់យើង ហើយព្យាយាមបង្ខូចសាមគ្គីភាពដែលយើងមាន។ ប៉ុន្តែ លោកយេស៊ូបានអធិដ្ឋានអំពីយើង ដោយសុំបិតាឲ្យការពារយើងដើម្បីក្រុមគ្រួសារយើងរក្សាសាមគ្គីភាព។ (សូមអាន យ៉ូហាន ១៧:១១, ១៥) ព្រះយេហូវ៉ាកំពុងតបឆ្លើយសេចក្ដីអធិដ្ឋាននោះ។ ដូចលោកយេស៊ូ សូមឲ្យយើងដឹងជានិច្ចថាបិតារបស់យើងនៅស្ថានសួគ៌ស្រឡាញ់និងគាំទ្រយើង។ សូមយើងតាំងចិត្តបន្តចូលកាន់តែជិតក្រុមគ្រួសាររួមជំនឿរបស់យើង។
ចម្រៀងលេខ៩៩ បងប្អូនដ៏ច្រើនអនេករបស់យើង
^ វគ្គ 5 យើងមានឯកសិទ្ធិដ៏អស្ចារ្យមួយ គឺនៅក្នុងក្រុមគ្រួសាររួមជំនឿដែលប្រកបដោយសេចក្ដីស្រឡាញ់។ យើងទាំងអស់គ្នាចង់ពង្រឹងចំណងនៃសេចក្ដីស្រឡាញ់ដែលយើងមានរវាងគ្នានឹងគ្នា។ តើយើងអាចធ្វើដូច្នេះតាមរបៀបណា? គឺដោយបង្ហាញសេចក្ដីស្រឡាញ់ដូចដែលព្រះយេហូវ៉ាបង្ហាញចំពោះយើង និងដោយធ្វើតាមគំរូរបស់លោកយេស៊ូ ព្រមទាំងបងប្អូនរបស់យើង។
^ វគ្គ 57 ការពណ៌នាអំពីរូបភាព: ព្រះយេហូវ៉ាបានចាត់ទេវតាមួយរូបឲ្យពង្រឹងកម្លាំងលោកយេស៊ូនៅសួនកេតសេម៉ានី។
^ វគ្គ 59 ការពណ៌នាអំពីរូបភាព: ក្នុងអំឡុងពេលមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បងប្អូនជាច្រើនខំរៀបចំនិងចែកចាយអាហារដល់បងប្អូនឯទៀត។
^ វគ្គ 61 ការពណ៌នាអំពីរូបភាព: ម្ដាយម្នាក់ជួយកូនស្រីដែលកំពុងសរសេរសំបុត្រលើកទឹកចិត្តមួយដល់បងប្រុសម្នាក់ដែលជាប់គុក។