លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៥

ចូរឲ្យតម្លៃបងប្អូនវ័យចាស់ដ៏ស្មោះត្រង់

ចូរឲ្យតម្លៃបងប្អូនវ័យចាស់ដ៏ស្មោះត្រង់

​«​សក់​ស្កូវ​ជា​មកុដ​ដ៏​សែន​ស្អាត​»។—សុភ. ១៦:៣១

ចម្រៀង​លេខ​១៣៨ សក់​ស្កូវ​ជា​មកុដ

សេចក្ដី​សង្ខេប *

១​-​២. (​ក​) យោង​ទៅ​តាម​សុភាសិត ១៦:៣១ តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​បង​ប្អូន​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់? (​ខ​) ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ?

នៅ​ឧទ្យាន​ជាតិ​មួយ​នា​រដ្ឋ​អារកាន់សាស់ សហរដ្ឋ​អាម៉េរិក ភ្ញៀវ​ទេសចរ​អាច​រក​ឃើញ​ពេជ្រ​នៅ​លើ​ដី។ ប៉ុន្តែ ពេជ្រ​ទាំង​នោះ​គឺ​មិន​ទាន់​ច្នៃ​ទេ។ ហេតុ​នេះ មនុស្ស​ជា​ច្រើន​ដែល​ឃើញ​វា​មិន​សូវ​ចាប់​អារម្មណ៍ ហើយ​ដើរ​រំលង​ទៅ។

ដូច​ពេជ្រ​ទាំង​នោះ បង​ប្អូន​វ័យ​ចាស់​របស់​យើង​គឺ​ជា​ទ្រព្យ​វិសេស។ ប៉ុន្តែ ទ្រព្យ​ទាំង​នេះ​អាច​ស្រួល​មើល​រំលង។ បណ្ដាំ​របស់​ព្រះ​ប្រដូច​សក់​ស្កូវ​របស់​ពួក​គេ​ទៅ​នឹង​មកុដ។ (​សូម​អាន សុភាសិត ១៦:៣១; ២០:២៩​) បង​ប្អូន​វ័យ​ក្មេង​ដែល​យល់​តម្លៃ​បង​ប្អូន​វ័យ​ចាស់ អាច​ទទួល​អ្វី​ពិសេស​ជាង​ទ្រព្យ​សម្បត្តិ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​បី​៖ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ចាត់​ទុក​បង​ប្អូន​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់​ជា​ទ្រព្យ​វិសេស? ហេតុ​អ្វី​បង​ប្អូន​វ័យ​ចាស់​មាន​តម្លៃ​ចំពោះ​អង្គការ​របស់​ព្រះ​យេហូវ៉ា? តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​គំរូ​របស់​ពួក​គេ?

មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​បង​ប្អូន​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់​ជា​ទ្រព្យ​វិសេស

បង​ប្អូន​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​រាស្ត្រ​របស់​លោក (​សូម​មើល​វគ្គ​៣​)

៣. សម​ស្រប​ទៅ​តាម​ចម្រៀង​សរសើរ​ព្រះ ៩២:១២​-​១៥ ហេតុ​អ្វី​បង​ប្អូន​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា?

បង​ប្អូន​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។ លោក​ដឹង​ថា​ពួក​គេ​ជា​មនុស្ស​បែប​ណា ហើយ​ឲ្យ​តម្លៃ​ចំពោះ​គុណ​សម្បត្តិ​របស់​ពួក​គេ។ លោក​សប្បាយ​ចិត្ត ពេល​បង​ប្អូន​វ័យ​ចាស់​ចែក​រំលែក​បទ​ពិសោធន៍​ជីវិត និង​គំនិត​វាង​វៃ​ដែល​ពួក​គេ​បាន​ទទួល​ក្នុង​អំឡុង​កិច្ច​បម្រើ​ដ៏​ស្មោះ​របស់​ពួក​គេ ដល់​បង​ប្អូន​វ័យ​ក្មេង​ជាង។ (​យ៉ូប ១២:១២; សុភ. ១:១​-​៤​) ព្រះ​យេហូវ៉ា​ក៏​ឲ្យ​តម្លៃ​ចំពោះ​ការ​ស៊ូ​ទ្រាំ​របស់​ពួក​គេ​ដែរ។ (​ម៉ាឡ. ៣:១៦​) ទោះ​ជា​ពួក​គេ​មាន​បញ្ហា​ផ្សេង​ៗ​ក្នុង​ជីវិត​ក្ដី ពួក​គេ​បាន​រក្សា​ជំនឿ​មាំ​មួន​លើ​ព្រះ​យេហូវ៉ា។ ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ទៅ​លើ​សេចក្ដី​សន្យា​ចំពោះ​ថ្ងៃ​អនាគត​ខ្លាំង​ជាង​ពេល​ពួក​គេ​រៀន​សេចក្ដី​ពិត​ដំបូង។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គេ​ដោយ​សារ​ពួក​គេ​បន្ត​ប្រកាស​នាម​របស់​លោក មិន​ថា​«​ពួក​គេ​មាន​វ័យ​ចាស់​»​ក្ដី។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ៩២:១២​-​១៥

៤. តើ​អ្វី​អាច​លើក​ទឹក​ចិត្ត​បង​ប្អូន​វ័យ​ចាស់​របស់​យើង?

បើ​អ្នក​កាន់​តែ​ចាស់​ទៅ​ៗ សូម​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ចាំ​អំពី​កិច្ច​ការដែល​អ្នក​បាន​ធ្វើ​កន្លង​មក។ (​ហេ. ៦:១០​) អ្នក​បាន​គាំទ្រ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង ហើយ​នោះ​បាន​ធ្វើ​ឲ្យ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត។ អ្នក​បាន​ស៊ូ​ទ្រាំ​ចំពោះ​បញ្ហា​នានា រួម​ទាំង​បញ្ហា​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​ខ្លាំង​ណាស់។ អ្នក​បាន​ធ្វើ​តាម​និង​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​ក្នុង​គម្ពីរ បំពេញ​ភារកិច្ច​ដ៏​សំខាន់​យ៉ាង​ស្មោះ​ត្រង់​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ហើយ​បង្ហាត់​បង្រៀន​អ្នក​ឯ​ទៀត។ អ្នក​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​ដែល​អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ។ ម្យ៉ាង​ទៀត អ្នក​បាន​គាំទ្រ​និង​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ដែល​នៅ​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល។ ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់ ដោយ​សារ​អ្នក​មាន​ភក្ដី​ភាព​ចំពោះ​លោក។ លោក​សន្យា​ថា​៖ ​«​លោក​នឹង​មិន​បោះ​បង់​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក​ទេ​»​! (​ចសព. ៣៧:២៨​) លោក​ក៏​សន្យា​ចំពោះ​អ្នក​ថា​៖ ​«​ខ្ញុំ​នឹង​មើល​ថែ​អ្នក​ជា​និច្ច រហូត​ដល់​អ្នក​ចាស់​សក់​ស្កូវ​»។ (​អេ. ៤៦:៤​) ដូច្នេះ សូម​កុំ​គិត​ថា​ដោយ​សារ​អ្នក​មាន​វ័យ​កាន់​តែ​ចាស់ អ្នក​លែង​មាន​តម្លៃ​ចំពោះ​អង្គការ​របស់​ព្រះ​យេហូវ៉ា​ឡើយ។ អ្នក​មាន​តម្លៃ​ណាស់!

ព្រះ​ឲ្យ​តួ​នាទី​ដល់​បង​ប្អូន​វ័យ​ចាស់

៥. តើ​បង​ប្អូន​វ័យ​ចាស់​គួរ​ចាំ​អំពី​អ្វី?

បង​ប្អូន​វ័យ​ចាស់​មាន​ប្រយោជន៍​ជា​ច្រើន​ចំពោះ​អង្គការ​របស់​ព្រះ​យេហូវ៉ា។ ពិត​មែន​ថា​ពួក​គេ​ប្រហែល​ជា​មិន​មាន​កម្លាំង​កាយ​ដូច​ដែល​ពួក​គេ​ធ្លាប់​មាន​ពី​មុន តែ​ពួក​គេ​មាន​បទ​ពិសោធន៍​ជា​ច្រើន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ព្រះ​យេហូវ៉ា​អាច​បន្ត​ប្រើ​ពួក​គេ​តាម​របៀប​ផ្សេង​ៗ ដូច​ដែល​យើង​នឹង​ឃើញ​តាម​រយៈ​គំរូ​ពី​អតីតកាល​និង​បច្ចុប្បន្នកាល​ជា​បន្ត​បន្ទាប់​នេះ។

៦​-​៧. សូម​លើក​ឧទាហរណ៍​ពី​គម្ពីរ​អំពី​បុគ្គល​វ័យ​ចាស់​ដែល​បាន​ទទួល​ពរ​ចំពោះ​កិច្ច​បម្រើ​ដ៏​ស្មោះ​ភក្ដី​របស់​ពួក​គេ។

យើង​អាច​ឃើញ​គំរូ​ល្អ​ជា​ច្រើន​ក្នុង​គម្ពីរ​អំពី​ពួក​អ្នក​ស្មោះ​ត្រង់​ដែល​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​សកម្ម ពេល​ពួក​គេ​មាន​វ័យ​ចាស់។ ជា​ឧទាហរណ៍ ម៉ូសេ​មាន​អាយុ​ប្រហែល​ជា​៨០​ឆ្នាំ ពេល​គាត់​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ប្រកាស​ទំនាយ និង​ជា​តំណាង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ប្រជា​ជាតិ​អ៊ីស្រាអែល។ ព្រះ​យេហូវ៉ា​ក៏​នៅ​តែ​ប្រើ​ដានីយ៉ែល​ជា​អ្នក​ប្រកាស​ទំនាយ ពេល​គាត់​ទំនង​ជា​មាន​អាយុ​ជាង​៩០​ឆ្នាំ។ ម្យ៉ាង​ទៀត សាវ័ក​យ៉ូហាន​ទំនង​ជា​មាន​អាយុ​៩០​ឆ្នាំ​ជាង ពេល​ព្រះ​យេហូវ៉ា​ដឹក​នាំ​គាត់​ឲ្យ​សរសេរ​សៀវភៅ​ការ​បើក​បង្ហាញ។

អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​ទៀត​ប្រហែល​ជា​មិន​សូវ​លេច​ធ្លោ ហើយ​ប្រហែល​ជា​ងាយ​ឲ្យ​អ្នក​ឯ​ទៀត​មើល​រំលង​ពួក​គេ។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​កត់​សម្គាល់​ពួក​គេ ហើយ​ឲ្យ​រង្វាន់​ចំពោះ​ភក្ដី​ភាព​របស់​ពួក​គេ។ ជា​ឧទាហរណ៍ គម្ពីរ​រៀប​រាប់​យ៉ាង​ខ្លី​អំពី​ស៊ីម្មាន​ដែល​ជា​«​មនុស្ស​សុចរិត និង​ជា​អ្នក​កោត​ខ្លាច​ព្រះ​»។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​ស្គាល់​គាត់ ហើយ​ផ្ដល់​ឯកសិទ្ធិ​ឲ្យ​គាត់​ឃើញ​កូន​តូច​យេស៊ូ ព្រម​ទាំង​ប្រកាស​ទំនាយ​អំពី​កូន​តូច​នោះ​និង​អំពី​ម្ដាយ។ (​លូក. ២:២២, ២៥​-​៣៥​) សូម​គិត​ផង​ដែរ​អំពី​ស្ត្រី​មេម៉ាយ​អាណា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ ទោះ​ជា​គាត់​មាន​អាយុ​៨៤​ឆ្នាំ​ក្ដី ​«​គាត់​មិន​ដែល​ខាន​ទៅ​វិហារ​ឡើយ​»។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់ ដោយ​សារ​គាត់​បាន​ទៅ​វិហារ​ជា​ទៀង​ទាត់ ហើយ​លោក​ក៏​បាន​ឲ្យ​គាត់​ឃើញ​កូន​តូច​យេស៊ូ។ ទាំង​ស៊ីម្មាន ទាំង​អាណា​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។—លូក. ២:៣៦​-​៣៨

បង​ឡូអ៊ីស​ដែល​ឥឡូវ​មាន​អាយុ​៨០​ឆ្នាំ​ជាង​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ (​សូម​មើល​វគ្គ​៨​)

៨​-​៩. តើ​បង​ស្រី​ម្នាក់​បាន​ធ្វើ​អ្វី​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​គាត់​ជា​ស្ត្រី​មេម៉ាយ​ក្ដី?

នៅ​សម័យ​យើង បង​ប្អូន​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​នាក់ ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​សម្រាប់​បង​ប្អូន​ដែល​មាន​វ័យ​ក្មេង​ជាង។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ឡូអ៊ីស ឌីដា។ ពេល​ដែល​គាត់​បាន​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ប្រទេស​កាណាដា គាត់​មាន​អាយុ​ត្រឹម​តែ​២១​ឆ្នាំ។ ក្រោយ​មក គាត់​និង​ប្ដី​របស់​គាត់​បង​ចន បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​ឆ្នាំ​ក្នុង​កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ។ ក្រោយ​មក ពួក​គាត់​បាន​បម្រើ​នៅ​បេតអែល​កាណាដា​ជាង​២០​ឆ្នាំ។ ពេល​បង​ឡូអ៊ីស​មាន​អាយុ​៥៨​ឆ្នាំ គាត់​និង​បង​ចន​បាន​ត្រូវ​ស្នើ​សុំ​ឲ្យបម្រើ​នៅ​ប្រទេស​អ៊ុយក្រែន។ តើ​ពួក​គាត់​បាន​សន្និដ្ឋាន​ថា​ពួក​គាត់​ចាស់​ពេក​មិន​អាច​បម្រើ​នៅ​ប្រទេស​ផ្សេង​ឬ​ទេ? តើ​ពួក​គាត់​ស​ម្រេច​ចិត្ត​ធ្វើ​អ្វី? ពួក​គាត់​បាន​ព្រម​ទទួល​ភារកិច្ច​នោះ ហើយ​បង​ចន​បាន​ត្រូវ​តែង​តាំង​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​នៅ​ប្រទេស​នោះ។ ប្រាំ​ពីរ​ឆ្នាំ​ក្រោយ​មក បង​ចន​បាន​ស្លាប់ តែ​បង​ឡូអ៊ីស​ស​ម្រេច​ចិត្ត​បន្ត​បម្រើ​នៅ​ទី​នោះ។ ឥឡូវ បង​ឡូអ៊ីស​មាន​អាយុ​៨១​ឆ្នាំ។ គាត់​នៅ​តែ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ជា​មួយ​ក្រុម​គ្រួសារ​បេតអែល​អ៊ុយក្រែន ហើយ​ពួក​គេ​ស្រឡាញ់​គាត់​ខ្លាំង​ណាស់។

យើង​ប្រហែល​ជា​មិន​ងាយ​កត់​សម្គាល់​ស្ត្រី​មេម៉ាយ​ដូច​បង​ឡូអ៊ីស ដូច​ពេល​ដែល​ប្ដី​របស់​ពួក​គេ​នៅ​រស់​ទេ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​តម្លៃ។ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​បង​ប្អូន​ស្រី​ដែល​គាំទ្រ​ប្ដី​របស់​ពួក​គេ​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ដែល​បន្ត​បម្រើ​លោក​ដោយ​ភក្ដី​ភាព។ (​១ធី. ៥:៣​) ម្យ៉ាង​វិញ​ទៀត ពួក​គេ​លើក​ទឹក​ចិត្ត​បង​ប្អូន​ដែល​មាន​វ័យ​ក្មេង​ជាង។

១០. តើ​បង​ថូនី​បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​អ្វី?

១០ បង​ប្អូន​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​ដែល​មិន​អាច​ចេញ​ពី​ផ្ទះ ក៏​ជា​ទ្រព្យ​វិសេស​ផង​ដែរ។ ជា​ឧទាហរណ៍ បង​ប្រុស​ម្នាក់​ឈ្មោះ​ថូនី​រស់​នៅ​មណ្ឌល​ថែ​ទាំ​មនុស្ស​វ័យ​ចាស់។ គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ខែ​សីហា ឆ្នាំ​១៩៤២ នៅ​រដ្ឋ​ប៉ិនស៊ីវ៉ានី សហរដ្ឋ​អាម៉េរិក ពេល​ដែល​គាត់​មាន​អាយុ​២០​ឆ្នាំ។ មិន​យូរ​ក្រោយ​មក គាត់​បាន​ត្រូវ​ជាប់​គុក​អស់​ពីរ​ឆ្នាំ​កន្លះ ដោយ​សារ​គាត់​កាន់​ជំហរ​អព្យាក្រឹត។ គាត់​និង​ប្រពន្ធ​របស់គាត់​បង​អ៊ីលដា​បាន​ចិញ្ចឹម​អប់រំ​កូន​ពីរ​នាក់​ក្នុង​សេចក្ដី​ពិត។ អស់​ជា​ច្រើន​ឆ្នាំ បង​ថូនី​បាន​បម្រើ​នៅ​ក្រុម​ជំនុំ​បី ជា​ប្រធាន​ត្រួត​ពិនិត្យ (​ដែល​ឥឡូវ​ហៅ​ថា​អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ​) ព្រម​ទាំង​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​សន្និបាត​ប្រចាំ​មណ្ឌល។ ម្យ៉ាង​ទៀត គាត់​ធ្លាប់​បង្រៀន​គម្ពីរ​និង​ដឹក​នាំ​កិច្ច​ប្រជុំ​នៅ​ពន្ធនាគារ​មួយ។ សព្វ​ថ្ងៃ​នេះ បង​ថូនី​មាន​អាយុ​៩៨​ឆ្នាំ ហើយ​គាត់​នៅ​តែ​ខ្នះ​ខ្នែង​ធ្វើ​កិច្ច​ការ​ឲ្យ​ព្រះ​យេហូវ៉ា។ គាត់​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព​ជា​មួយ​បង​ប្អូន​នៅ​ក្រុម​ជំនុំ​របស់​គាត់!

១១. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ពួក​អ្នក​ដែល​មិន​អាច​ចេញ​ពី​ផ្ទះ​បាន?

១១ តើ​យើង​អាច​លើក​កិត្តិយស​បង​ប្អូន​វ័យ​ចាស់​ដែល​មិន​អាច​ចេញ​ពី​ផ្ទះ​យ៉ាង​ដូច​ម្ដេច? ពេល​ដែល​អាច​ធ្វើ​បាន ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​ពួក​គេ​ឲ្យ​ចូល​រួម​ឬ​ស្ដាប់​កិច្ច​ប្រជុំ និង​ផ្សព្វ​ផ្សាយ​ជា​ដើម។ យើង​អាច​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ ដោយ​ទៅ​លេង​ពួក​គេ​ឬ​និយាយ​ជា​មួយ​ពួក​គេ​តាម​វីដេអូ។ បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ទេ យើង​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​នឹង​បង​ប្អូន​វ័យ​ចាស់​ទាំង​នេះ។ បង​ប្អូន​វ័យ​ចាស់​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​មិន​ស្រួល​និយាយ​អំពី​ខ្លួន​ឯង ឬ​ពួក​គេ​ប្រហែល​ជា​គិត​ថា​ការ​និយាយ​អំពី​ខ្លួន​គឺ​មិន​សម​ទេ។ ប៉ុន្តែ យើង​នឹង​ទទួល​ប្រយោជន៍​ច្រើន​ណាស់ ពេល​យើង​លៃ​ទុក​ពេល​សួរ​សំណួរ​និង​ស្ដាប់​ពួក​គេ​កាល​ដែល​ពួក​គេ​ប្រាប់​អំពី​អំណរ​ដែល​ពួក​គេ​មាន​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា។

១២. តើ​យើង​មាន​បង​ប្អូន​បែប​ណា​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង?

១២ យើង​ប្រហែល​ជា​ភ្ញាក់​ផ្អើល ដោយ​ដឹង​ថា​មាន​បង​ប្អូន​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់​ក្នុង​ក្រុម​ជំនុំ​របស់​យើង​ដែល​ទុក​គំរូ​ដ៏​ប្រសើរ។ បង​ស្រី​ម្នាក់​ឈ្មោះ​ហារីអេត​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​អស់​ជា​ច្រើន​ឆ្នាំ​នៅ​ក្រុម​ជំនុំ​របស់​គាត់ នា​រដ្ឋ​នូជើហ្ស៊ី សហរដ្ឋ​អាម៉េរិក។ ក្រោយ​មក គាត់​បាន​រើ​ទៅ​រស់​នៅ​ជា​មួយ​កូន​ស្រី​របស់​គាត់។ បង​ប្អូន​នៅ​ក្រុម​ជំនុំ​ថ្មី​បាន​លៃ​ទុក​ពេល​ដើម្បី​ស្គាល់​គាត់ ហើយ​ពួក​គេ​ឃើញ​ថា​គាត់​ជា​មនុស្ស​ដ៏​មាន​តម្លៃ​ខ្លាំង​ណាស់។ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ដោយ​រៀប​រាប់​អំពី​បទ​ពិសោធន៍​របស់​គាត់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ពេល​គាត់​ចាប់​ផ្ដើម​រៀន​សេចក្ដី​ពិត​ដំបូង​ប្រហែល​ជា​នៅ​ឆ្នាំ​១៩២៥។ នៅ​ពេល​នោះ គាត់​តែង​តែ​យក​ច្រាស​ដុស​ធ្មេញ​ទៅ​តាម​ខ្លួន​ពេល​គាត់​ចេញ​ទៅ​ផ្សព្វ​ផ្សាយ ក្រែង​លោ​គេ​ចាប់​ខ្លួន​គាត់។ តាម​ការ​ពិត នៅ​ឆ្នាំ​១៩៣៣ គាត់​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក​អស់​ពីរ​លើក ហើយ​ក្នុង​មួយ​លើក​ៗ​គាត់​បាន​ជាប់​គុក​អស់​មួយ​សប្ដាហ៍។ ប្ដី​របស់​បង​ហារីអេត​ដែល​មិន​មែន​ជា​សាក្សី​បាន​គាំទ្រ​គាត់ ហើយ​បាន​មើល​ថែ​កូន​តូច​ទាំង​បី​របស់​ពួក​គេ ពេល​គាត់​ជាប់​គុក។ បង​ប្អូន​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់​ដូច​បង​ហារីអេត ពិត​ជា​សម​នឹង​ទទួល​ការ​គោរព​មែន!

១៣. តើ​បង​ប្អូន​វ័យ​ចាស់​មាន​តម្លៃ​យ៉ាង​ណា​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា?

១៣ បង​ប្អូន​វ័យ​ចាស់​របស់​យើង​គឺ​សំខាន់​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក។ ពួក​គេ​បាន​ឃើញ​របៀប​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​អង្គការ​របស់​លោក​និង​ដល់​ពួក​គេ​ផ្ទាល់។ ពួក​គេ​បាន​ទាញ​យក​មេ​រៀន​សំខាន់​ពី​កំហុស​ដែល​ពួក​គេ​បាន​ធ្វើ។ សូម​ចាត់​ទុក​ពួក​គេ​ជា​«​ប្រភព​នៃ​ប្រាជ្ញា​»​ និង​រៀន​ពី​ពួក​គេ។ (​សុភ. ១៨:៤​) បើ​អ្នក​លៃ​ទុក​ពេល​ដើម្បី​ស្គាល់​ពួក​គេ អ្នក​នឹង​រៀន​ច្រើន​ពី​ពួក​គេ ហើយ​ជំនឿ​របស់​អ្នក​នឹង​កាន់​តែ​រឹង​មាំ​ឡើង!

ចូរ​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​គំរូ​របស់​បង​ប្អូន​វ័យ​ចាស់

ដូច​អេលីសេ​បាន​ទទួល​ប្រយោជន៍​ពី​ការ​សេព​គប់​ជា​មួយ​អេលីយ៉ា បង​ប្អូន​អាច​ទទួល​ប្រយោជន៍​ពី​ការ​ស្ដាប់​បទ​ពិសោធន៍​របស់​បង​ប្អូន​ដែល​បម្រើ​ព្រះ​យេហូវ៉ា​ជា​យូរ​មក​ហើយ (​សូម​មើល​វគ្គ​១៤​-​១៥​)

១៤. តើ​ការ​បំភ្លឺ​ច្បាប់ ៣២:៧ លើក​ទឹក​ចិត្ត​បង​ប្អូន​វ័យ​ក្មេង​ឲ្យ​ធ្វើ​អ្វី?

១៤ សូម​ទៅ​និយាយ​ជា​មួយ​បង​ប្អូន​វ័យ​ចាស់​មុន។ (​សូម​អាន ការ​បំភ្លឺ​ច្បាប់ ៣២:៧) ពិត​មែន​ថា ភ្នែក​របស់​ពួក​គេ​ប្រហែល​ជា​ចុះ​ខ្សោយ ដំណើរ​របស់​ពួក​គេ​យឺត​ៗ និង​សំឡេង​របស់​ពួក​គេ​ខ្សាវ​ៗ។ ប៉ុន្តែ ក្នុង​ចិត្ត​របស់​ពួក​គេ​គឺ​ពុះ​កញ្ជ្រោល ហើយ​ពួក​គេ​មាន​«​កេរ្តិ៍​ឈ្មោះ​ល្អ​»​ចំពោះ​ព្រះ​យេហូវ៉ា។ (​អទ. ៧:១​) សូម​ចាំ​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ពួក​គេ។ សូម​បន្ត​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គេ។ សូម​ធ្វើ​ដូច​អេលីសេ។ គាត់​បាន​ទទូច​នៅ​ជា​មួយ​អេលីយ៉ា​នៅ​ថ្ងៃ​ចុង​ក្រោយ​ដែល​ពួក​គាត់​នៅ​ជា​មួយ​គ្នា។ អេលីសេ​បាន​និយាយ​អស់​បី​ដង​ថា​៖ ​«​ខ្ញុំ​នឹង​មិន​ចាក​ចេញ​ពី​លោក​ម្ចាស់​ឡើយ​»។—២បស. ២:២, ៤,

១៥. តើ​យើង​អាច​សួរ​បង​ប្អូន​វ័យ​ចាស់​នូវ​សំណួរ​អ្វី​ខ្លះ?

១៥ សូម​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​បង​ប្អូន​វ័យ​ចាស់ ដោយ​សួរ​សំណួរ​ទៅ​ពួក​គេ​តាម​របៀប​សប្បុរស។ (​សុភ. ១:៥; ២០:៥; ១ធី. ៥:១, ២​) សូម​សួរ​សំណួរ​ដូច​ជា​៖ ​«​ពេល​បង​នៅ​ក្មេង តើ​អ្វី​ធ្វើ​ឲ្យ​បង​ជឿ​ជាក់​ថា​បង​បាន​រក​ឃើញ​សេចក្ដី​ពិត?​»​ ​«​តើ​បទ​ពិសោធន៍​របស់​បង​បាន​ទាញ​នាំ​បង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?​»​ ​«​តើ​អ្វី​បាន​ជួយ​បង​ឲ្យ​រក្សា​អំណរ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា?​»។ (​១ធី. ៦:៦​-​៨​) បន្ទាប់​មក សូម​ស្ដាប់​ចម្លើយ​របស់​ពួក​គេ។

១៦. តើ​ការ​និយាយ​គ្នា​អាច​មាន​ប្រយោជន៍​យ៉ាង​ណា​ចំពោះ​បង​ប្អូន​វ័យ​ចាស់​និង​បង​ប្អូន​វ័យ​ក្មេង?

១៦ ទាំង​បង​ប្អូន​វ័យ​ចាស់ ទាំង​បង​ប្អូន​វ័យ​ក្មេង​ទទួល​ប្រយោជន៍​ពេល​ពួក​គេ​និយាយ​គ្នា។ (​រ៉ូម ១:១២​) បង​ប្អូនវ័យ​ក្មេង​ទាំង​ឡាយ អ្នក​នឹង​កាន់​តែ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ថែ​រក្សារាស្ត្រ​របស់​លោក ហើយ​បង​ប្អូន​វ័យ​ចាស់​នឹង​មាន​អារម្មណ៍​ថា​អ្នក​ស្រឡាញ់​គាត់។ គាត់​នឹង​មាន​ចិត្ត​រីករាយ​ប្រាប់​អ្នក​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់។

១៧. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​បង​ប្អូន​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់​កាន់​តែ​ស្រស់​ស្អាត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ?

១៧ តាម​ធម្មតា សម្រស់​កាន់​តែ​អន់​ថយ​ពេល​ដែល​ចាស់​ទៅ​ៗ តែ​ពួក​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​យេហូវ៉ា​កាន់​តែ​ស្រស់​ស្អាត​ចំពោះ​លោក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ (​១ថែ. ១:២, ៣​) ហេតុ​អ្វី? ពីព្រោះ​អស់​ជា​ច្រើន​ឆ្នាំ ពួក​គេ​បានឲ្យ​ឫទ្ធានុភាព​របស់​ព្រះ​បង្ហាត់​បង្រៀន​និង​ជួយ​ពួក​គេ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ដ៏​ល្អ​ប្រសើរ។ កាល​ដែល​យើង​កាន់​តែ​ស្គាល់​បងប្អូន​វ័យ​ចាស់​ដ៏​មាន​តម្លៃ លើក​កិត្តិយស​ពួក​គេ និង​រៀន​ពី​ពួក​គេ យើង​នឹង​កាន់​តែ​ចាត់​ទុក​ពួក​គេ​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​ដែល​កាត់​ថ្លៃ​ពុំ​បាន!

១៨. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៨ ក្រុម​ជំនុំ​កាន់​តែ​មាំ​មួន មិន​គ្រាន់​តែ​ពេល​បង​ប្អូន​វ័យ​ក្មេងឲ្យ​តម្លៃ​បង​ប្អូន​វ័យ​ចាស់​ប៉ុណ្ណោះ​ទេ តែ​ក៏​ពេល​បង​ប្អូន​វ័យ​ចាស់​ឲ្យ​តម្លៃ​បង​ប្អូន​វ័យ​ក្មេង​ដែរ។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹងពិចារណា​អំពី​របៀប​ដែល​បង​ប្អូន​វ័យ​ចាស់​អាច​បង្ហាញ​ថា ពួក​គេ​ឲ្យ​តម្លៃ​ចំពោះ​បង​ប្អូន​វ័យ​ក្មេង​ជាង​ក្នុង​ក្រុម​ជំនុំ។

ចម្រៀង​លេខ​១៤៤ ចូរ​ផ្ដោត​អារម្មណ៍​លើ​រង្វាន់!

^ វគ្គ 5 បង​ប្អូន​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់​គឺ​ប្រៀប​ដូច​ជា​ទ្រព្យ​វិសេស។ អត្ថបទ​នេះ​នឹង​លើក​ទឹក​ចិត្ត​យើង​ឲ្យ​តម្លៃ​កាន់​តែ​ខ្លាំង​ចំពោះ​ពួក​គេ ហើយ​យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ប្រាជ្ញា​និង​បទ​ពិសោធន៍​របស់​ពួក​គេ។ អត្ថបទ​នេះក៏​នឹង​ពង្រឹង​ទំនុក​ចិត្ត​បង​ប្អូនវ័យ​ចាស់​ថា ពួក​គេ​មាន​តួ​នាទី​ដ៏​សំខាន់​ក្នុង​អង្គការ​របស់ព្រះ។