អត្ថបទសិក្សា ៣៩
ពេលបុគ្គលជាទីស្រឡាញ់ចាកចេញពីព្រះយេហូវ៉ា
«អស់ជាច្រើនលើកច្រើនសា ពួកគេ . . . បានធ្វើឲ្យលោកឈឺចិត្ត»។—ចសព. ៧៨:៤០
ចម្រៀងលេខ១០២ «ជួយអ្នកដែលខ្សោយ»
សេចក្ដីសង្ខេប *
១. តើការបណ្ដាច់មិត្តភាពបុគ្គលជាទីស្រឡាញ់អាចមានឥទ្ធិពលយ៉ាងណាទៅលើអ្នកខ្លះ?
តើបុគ្គលជាទីស្រឡាញ់របស់អ្នកបានត្រូវបណ្ដាច់មិត្តភាពពីក្រុមជំនុំឬទេ? នេះអាចនាំឲ្យឈឺចិត្តខ្លាំងណាស់! បងស្រីម្នាក់ឈ្មោះអ៊ីលដា *និយាយថា៖ «ពេលប្ដីដ៏ស្មោះត្រង់របស់ខ្ញុំបានស្លាប់ក្រោយពីយើងបានរៀបការអស់រយៈពេល៤១ឆ្នាំ ខ្ញុំធ្លាប់គិតថានេះគឺជាអ្វីដ៏ឈឺចាប់បំផុតក្នុងឆាកជីវិតខ្ញុំ។ ប៉ុន្តែ ពេលកូនប្រុសរបស់ខ្ញុំចាកចេញពីក្រុមជំនុំ ហើយចុះចោលប្រពន្ធកូនរបស់គាត់ ខ្ញុំឈឺចាប់ខ្លាំងជាងនេះឆ្ងាយណាស់»។
២-៣. យោងទៅតាមចម្រៀងសរសើរព្រះ ៧៨:៤០, ៤១ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាពេលអ្នកបម្រើរបស់លោកចាកចេញពីលោក?
២ ព្រះយេហូវ៉ាច្បាស់ជាឈឺចិត្តយ៉ាងខ្លាំង ពេលពួកទេវតាខ្លះដែលជាសមាជិកក្រុមគ្រួសារលោក បោះបង់ចោលលោក! (យូ. ៦) ម្យ៉ាងទៀត ពេលព្រះយេហូវ៉ាឃើញជនជាតិអ៊ីស្រាអែលដែលជារាស្ត្រជាទីស្រឡាញ់របស់លោកបះបោរប្រឆាំងលោកម្ដងហើយម្ដងទៀត លោកពិបាកចិត្តខ្លាំងណាស់។ (សូមអាន ចម្រៀងសរសើរព្រះ ៧៨:៤០, ៤១) សូមជឿជាក់ថាបិតារបស់យើងនៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់ក៏ឈឺចិត្តដែរ ពេលបុគ្គលជាទីស្រឡាញ់របស់អ្នកចាកចេញពីលោក។ លោកយល់អំពីអារម្មណ៍ឈឺចាប់របស់អ្នក។ ដោយក្ដីអាណិតមេត្តា លោកនឹងផ្ដល់ការលើកទឹកចិត្តនិងការគាំទ្រដែលអ្នកត្រូវការ។
៣ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីដែលយើងអាចធ្វើដើម្បីទទួលជំនួយពីព្រះយេហូវ៉ា បើបុគ្គលជាទីស្រឡាញ់របស់យើងឈប់បម្រើលោក។ យើងក៏នឹងពិចារណាអំពីរបៀបដែលយើងអាចជួយអ្នកឯទៀតក្នុងក្រុមជំនុំដែលមានបញ្ហានេះ។ ប៉ុន្តែមុនដំបូង សូមយើងពិចារណាអំពីគំនិតខ្លះដែលយើងមិនគួរមាន។
ចូរជៀសវាងពីការបន្ទោសខ្លួន
៤. តើឪពុកម្ដាយជាច្រើនមានអារម្មណ៍យ៉ាងណាពេលកូនចាកចេញពីព្រះយេហូវ៉ា?
៤ ពេលកូនជាទីស្រឡាញ់ចាកចេញពីព្រះយេហូវ៉ា ឪពុកម្ដាយច្រើនតែគិតថា
បើពួកគេបានជួយកូនឲ្យបានច្រើនជាង នោះប្រហែលជាកូនរបស់ពួកគេនឹងបន្តបម្រើព្រះយេហូវ៉ា។ ក្រោយពីកូនប្រុសម្នាក់របស់បងប្រុសលូកបានត្រូវបណ្ដាច់មិត្តភាព បងលូកសារភាពថា៖ «ខ្ញុំបានបន្ទោសខ្លួនឯង។ ខ្ញុំថែមទាំងបានយល់សប្ដិអាក្រក់អំពីរឿងនោះដែរ។ ជួនកាលខ្ញុំយំ ហើយមានចិត្តគាំគ្រា»។ បងស្រីអេលីសាបិតដែលមានស្ថានភាពស្រដៀងនឹងនេះច្រើនតែឆ្ងល់ថា៖ «តើខ្ញុំជាម្ដាយមិនល្អឬ? ខ្ញុំមានអារម្មណ៍ថាប្រហែលមកពីខ្ញុំបង្រៀនកូនមិនបានគ្រប់គ្រាន់ឲ្យស្រឡាញ់ព្រះយេហូវ៉ា»។៥. តើអ្នកណាជាអ្នកទទួលខុសត្រូវពេលបុគ្គលណាម្នាក់ចាកចេញពីព្រះយេហូវ៉ា?
៥ យើងត្រូវចាំថាព្រះយេហូវ៉ាបានឲ្យចិត្តសេរីដល់យើងម្នាក់ៗ។ នេះមានន័យថាយើងអាចសម្រេចចិត្តថាយើងនឹងស្ដាប់បង្គាប់លោកឬមិនមែន។ កូនខ្លះមានឪពុកម្ដាយដែលមិនមែនជាគំរូល្អ ប៉ុន្តែពួកគេបានសម្រេចចិត្តបម្រើព្រះយេហូវ៉ា ហើយរក្សាភាពស្មោះត្រង់ចំពោះលោក។ កូនខ្លះទៀតបានចាកចេញពីព្រះយេហូវ៉ា ទោះជាឪពុកម្ដាយបានខំបង្រៀនពួកគេសមស្របតាមគោលការណ៍គម្ពីរក្ដី។ មិនថាយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ យើងត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯងថាយើងនឹងបម្រើព្រះយេហូវ៉ាឬមិនបម្រើលោក។ (យ៉ូស. ២៤:១៥) ដូច្នេះ បើអ្នកជាឪពុកម្ដាយដែលឈឺចិត្តដោយសារកូនបានឈប់បម្រើព្រះយេហូវ៉ា សូមកុំគិតថានេះជាកំហុសរបស់អ្នកឡើយ!
៦. តើបងប្អូនវ័យក្មេងប្រហែលជាមានអារម្មណ៍យ៉ាងណាពេលឪពុកម្ដាយឈប់បម្រើព្រះ?
៦ ជួនកាល ឪពុកឬម្ដាយឈប់បម្រើព្រះយេហូវ៉ា ហើយថែមទាំងលះចោលក្រុមគ្រួសាររបស់គាត់ទៀតផង។ (ចសព. ២៧:១០) នេះអាចនាំឲ្យកូនដែលធ្លាប់ចាត់ទុកឪពុកម្ដាយនោះជាគំរូល្អ ខកចិត្តយ៉ាងខ្លាំង។ បងស្រីអេសធើរដែលមានឪពុកដែលបានត្រូវបណ្ដាច់មិត្តភាព និយាយថា៖ «ខ្ញុំបានយំច្រើនដង ដោយសារខ្ញុំយល់ថាគាត់មិនគ្រាន់តែរសាត់ចេញពីសេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែគាត់បានសម្រេចចិត្តឈប់បម្រើព្រះយេហូវ៉ាតែម្ដង។ ខ្ញុំស្រឡាញ់ឪពុកខ្ញុំ ដូច្នេះពេលគាត់បានត្រូវបណ្ដាច់មិត្តភាព ខ្ញុំតែងតែបារម្ភអំពីសុខទុក្ខរបស់គាត់។ បញ្ហានេះថែមទាំងធ្វើឲ្យខ្ញុំមានបញ្ហាថប់អារម្មណ៍ទៀតផង»។
៧. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះប្អូនៗវ័យក្មេងដែលមានឪពុកម្ដាយបានត្រូវបណ្ដាច់មិត្តភាព?
៧ ប្អូនៗវ័យក្មេង បើឪពុកឬម្ដាយរបស់ប្អូនបានត្រូវបណ្ដាច់មិត្តភាព យើងពិតជាចូលរួមសោកស្ដាយផង! សូមជឿជាក់ថាព្រះយេហូវ៉ាក៏ដឹងច្បាស់អំពីអារម្មណ៍ឈឺចាប់របស់ប្អូនដែរ។ លោកស្រឡាញ់ប្អូន ហើយសប្បាយចិត្តដែលប្អូនមានភក្ដីភាពចំពោះលោក។ យើងដែលជាបងប្អូនរួមជំនឿក្នុងក្រុមជំនុំក៏មានអារម្មណ៍ដូចព្រះយេហូវ៉ាដែរ។ សូមចាំដែរថាប្អូនមិនមែនជាអ្នកទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ឪពុកម្ដាយប្អូនទេ។ ដូចបានត្រូវរៀបរាប់នៅខាងលើ ព្រះយេហូវ៉ាទុកឲ្យមនុស្សគ្រប់រូបធ្វើការសម្រេចចិត្តដោយខ្លួនឯង។ បុគ្គលម្នាក់ៗដែលបានប្រគល់ខ្លួនជូនព្រះ ហើយទទួលការជ្រមុជទឹក «ត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួន»។—កាឡ. ៦:៥, កំ.ស.
៨. តើសមាជិកដ៏ស្មោះត្រង់ក្នុងក្រុមគ្រួសារអាចធ្វើអ្វី កាលដែលរង់ចាំបុគ្គលជាទីស្រឡាញ់ឲ្យត្រឡប់មកឯព្រះយេហូវ៉ាវិញ? (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា « សូមត្រឡប់មកព្រះយេហូវ៉ាវិញ»)
៨ ពេលបុគ្គលជាទីស្រឡាញ់របស់អ្នកចាកចេញពីព្រះយេហូវ៉ា គឺជាការធម្មតាទេដែលអ្នកបន្តសង្ឃឹមថាគាត់នឹងត្រឡប់មកលោកវិញ។ តើអ្នកអាចធ្វើអ្វីក្នុងអំឡុងគ្រានោះ? អ្នកអាចខំអស់ពីសមត្ថភាពដើម្បីរក្សាជំនឿរបស់អ្នកឲ្យមាំមួន។ ដោយធ្វើដូច្នេះ អ្នកនឹងទុកគំរូល្អឲ្យសមាជិកឯទៀតក្នុងក្រុមគ្រួសារ ហើយប្រហែលជាថែមទាំងទុកគំរូល្អឲ្យបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាពផងដែរ។ ម្យ៉ាងទៀត អ្នកនឹងទទួលកម្លាំងដែលអ្នកត្រូវការដើម្បីស៊ូទ្រាំនឹងអារម្មណ៍ឈឺចាប់។ សូមយើងពិចារណាអំពីអ្វីខ្លះដែលអ្នកអាចធ្វើដើម្បីរក្សាជំនឿមាំមួន។
អ្វីដែលអ្នកអាចធ្វើដើម្បីរក្សាជំនឿមាំមួន
៩. តើអ្នកអាចទទួលកម្លាំងពីព្រះយេហូវ៉ាតាមរបៀបណាខ្លះ? (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា « បទគម្ពីរដែលអាចសម្រាលទុក្ខអ្នក បើបុគ្គលជាទីស្រឡាញ់បានចាកចេញពីព្រះយេហូវ៉ា»)
៩ ចូររក្សាទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ព្រះ។ គឺសំខាន់ចាំបាច់ដែលអ្នកបន្តពង្រឹងជំនឿរបស់អ្នក និងសមាជិកឯទៀតក្នុងក្រុមគ្រួសារ។ តើអ្នកអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? ចូរទទួលកម្លាំងពីព្រះយេហូវ៉ាដោយរក្សាទម្លាប់ក្នុងការអាននិងរំពឹងគិតអំពីបណ្ដាំរបស់ព្រះ ព្រមទាំងដោយចូលរួមកិច្ចប្រជុំ។ បងស្រីចូអាណាដែលមានឪពុកនិងបងស្រីបានចាកចេញពីសេចក្ដីពិត និយាយថា៖ «ខ្ញុំមានអារម្មណ៍ស្ងប់ជាង ពេលខ្ញុំអានអំពីបុគ្គលក្នុងគម្ពីរដូចជាអាប៊ីកែល អេសធើរ យ៉ូប យ៉ូសែប និងលោកយេស៊ូ។ គំរូរបស់ពួកគេលើកទឹកចិត្តខ្ញុំ ហើយជួយខ្ញុំឲ្យមានទស្សនៈល្អជាង។ ចម្រៀងវីដេអូរបស់យើងក៏លើកទឹកចិត្តខ្ញុំខ្លាំងណាស់ដែរ»។
១០. តើចម្រៀងសរសើរព្រះ ៣២:៦-៨ បង្ហាញយ៉ាងណាអំពីរបៀបស៊ូទ្រាំពេលពិបាកចិត្ត?
១០ ចូរប្រាប់ព្រះយេហូវ៉ាអំពីការព្រួយបារម្ភទាំងអស់របស់អ្នក។ ពេលអ្នកពិបាកចិត្ត សូមកុំឈប់អធិដ្ឋានទៅលោកឡើយ។ ចូរអង្វរសុំព្រះរបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ឲ្យជួយអ្នកមានទស្សនៈដូចលោកចំពោះស្ថានភាពដែលអ្នកជួបប្រទះ និង«ឲ្យអ្នកមានការយល់ធ្លុះជ្រៅ ហើយណែនាំអ្នកឲ្យដើរតាមផ្លូវដែលគួរដើរ»។ (សូមអាន ចម្រៀងសរសើរព្រះ ៣២:៦-៨) ពិតមែនថា អ្នកប្រហែលជាឈឺចិត្តពេលប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍ពិតរបស់អ្នក តែលោកយល់ទាំងស្រុងអំពីអារម្មណ៍ឈឺចិត្តដែលអ្នកមាន។ លោកស្រឡាញ់អ្នកខ្លាំងណាស់ ហើយលើកទឹកចិត្តអ្នកឲ្យជម្រាបលោកអំពីអ្វីទាំងអស់ដែលមាននៅក្នុងចិត្តរបស់អ្នក។—ដច. ៣៤:៦; ចសព. ៦២:៧, ៨
១១. យោងទៅតាមហេប្រឺ ១២:១១ ហេតុអ្វីយើងគួរទុកចិត្តទៅលើការប្រៀនប្រដៅពីព្រះយេហូវ៉ាដែលប្រកបដោយសេចក្ដីស្រឡាញ់? (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា « ការបណ្ដាច់មិត្តភាព បង្ហាញអំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះយើង»)
១១ ចូរគាំទ្រការសម្រេចចិត្តរបស់ពួកអ្នកចាស់ទុំ។ ការបណ្ដាច់ហេប្រឺ ១២:១១) បុគ្គលខ្លះក្នុងក្រុមជំនុំប្រហែលជានិយាយថា ពួកអ្នកចាស់ទុំធ្វើការសម្រេចចិត្តមិនត្រឹមត្រូវចំពោះការបណ្ដាច់មិត្តភាពបុគ្គលណាម្នាក់។ ប៉ុន្តែសូមចាំថាតាមធម្មតា បុគ្គលទាំងនោះមិនចង់លើកឡើងអ្វីអាក្រក់ៗអំពីបុគ្គលដែលបានធ្វើខុសនោះទេ។ យើងមិនដឹងរឿងទាំងអស់ឡើយ។ ដូច្នេះ គឺជាការឈ្លាសវៃឲ្យទុកចិត្តថាពួកអ្នកចាស់ទុំដែលធ្វើជាគណៈកម្មាធិការវិនិច្ឆ័យបានខំព្យាយាមធ្វើតាមគោលការណ៍គម្ពីរយ៉ាងដិតដល់ ហើយវិនិច្ឆ័យ‹តាងនាមព្រះយេហូវ៉ា›។—២ប្រ. ១៩:៦
មិត្តភាពគឺជាការរៀបចំមួយរបស់ព្រះយេហូវ៉ា។ ការកែតម្រង់ដែលប្រកបដោយសេចក្ដីស្រឡាញ់របស់លោក គឺផ្ដល់ប្រយោជន៍ច្រើនបំផុតដល់បុគ្គលគ្រប់រូប រួមទាំងអ្នកប្រព្រឹត្តអំពើខុសឆ្គងដែរ។ (សូមអាន១២. តើបងប្អូនខ្លះបានទទួលប្រយោជន៍យ៉ាងណា ដោយសារពួកគេបានគាំទ្រការប្រៀនប្រដៅពីព្រះយេហូវ៉ា?
១២ តាមការពិត អ្នកប្រហែលជាអាចជួយបុគ្គលជាទីស្រឡាញ់របស់អ្នកឲ្យត្រឡប់មកព្រះយេហូវ៉ាវិញ ពេលអ្នកគាំទ្រការសម្រេចចិត្តរបស់ពួកអ្នកចាស់ទុំចំពោះការបណ្ដាច់មិត្តភាពគាត់។ បងអេលីសាបិតដែលបានត្រូវរៀបរាប់នៅខាងលើសារភាពថា៖ «ការផ្ដាច់ទំនាក់ទំនងជាមួយកូនប្រុសរបស់យើងគឺពិបាកខ្លាំងណាស់។ ប៉ុន្តែ ក្រោយពីគាត់ត្រឡប់មកព្រះយេហូវ៉ាវិញ គាត់សារភាពថាគាត់សមនឹងបណ្ដាច់មិត្តភាព។ នៅពេលក្រោយមក គាត់បាននិយាយថា គាត់បានទាញមេរៀនជាច្រើនពីបទពិសោធន៍របស់គាត់។ ឥឡូវ ខ្ញុំយល់ថាការប្រៀនប្រដៅពីព្រះយេហូវ៉ាគឺតែងតែត្រឹមត្រូវ»។ បងម៉ាកដែលជាប្ដីរបស់បងអេលីសាបិតនិយាយបន្ថែមថា៖ «មួយរយៈពេលក្រោយមក កូនរបស់យើងបានប្រាប់ខ្ញុំថា មូលហេតុមួយដែលគាត់ចង់ត្រឡប់មកព្រះយេហូវ៉ាវិញ គឺដោយសារយើងមិនបានសេពគប់គាត់ទាល់តែសោះ។ ខ្ញុំសប្បាយណាស់ដែលព្រះយេហូវ៉ាបានជួយយើងឲ្យស្ដាប់បង្គាប់លោក»។
១៣. តើអ្វីអាចជួយអ្នកឲ្យស៊ូទ្រាំនឹងអារម្មណ៍ឈឺចាប់?
១៣ ចូរនិយាយជាមួយមិត្តភក្ដិដែលយល់អារម្មណ៍របស់អ្នក។ ចូរសេពគប់ជាមួយនឹងគ្រិស្តសាសនិកដែលមានភាពចាស់ទុំ ដែលអាចជួយអ្នកឲ្យរក្សាទស្សនៈត្រឹមត្រូវ។ (សុភ. ១២:២៥; ១៧:១៧) បងចូអាណាដែលបានត្រូវរៀបរាប់នៅខាងលើនិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាខ្ញុំនៅតែឯង។ ប៉ុន្តែ ការនិយាយជាមួយមិត្តភក្ដិដែលគួរឲ្យទុកចិត្តបានជួយខ្ញុំឲ្យស៊ូទ្រាំ»។ តែចុះយ៉ាងណា បើបងប្អូនខ្លះក្នុងក្រុមជំនុំនិយាយអ្វីដែលធ្វើឲ្យអ្នកកាន់តែពិបាកចិត្ត?
១៤. ហេតុអ្វីយើងត្រូវ«ទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ»?
១៤ សូមមានចិត្តអត់ធ្មត់ចំពោះបងប្អូនឯទៀត។ យើងមិនអាចរំពឹងថាមនុស្សគ្រប់រូបនឹងនិយាយត្រឹមត្រូវគ្រប់ពេលវេលាទេ។ (យ៉ា. ៣:២) យើងទាំងអស់គ្នាជាមនុស្សមិនល្អឥតខ្ចោះ ដូច្នេះសូមកុំភ្ញាក់ផ្អើល បើអ្នកខ្លះមិនដឹងនិយាយអ្វី ឬថែមទាំងនិយាយអ្វីមួយដោយអចេតនាដែលធ្វើឲ្យអ្នកឈឺចិត្ត។ សូមចាំយោបល់របស់សាវ័កប៉ូលដែលថា៖ «ទោះជាអ្នកណាមានហេតុត្អូញត្អែរអំពីអ្នកណាម្នាក់ក៏ដោយ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ»។ (កូឡ. ៣:១៣) បងស្រីម្នាក់ដែលមានសាច់ញាតិដែលបានត្រូវបណ្ដាច់មិត្តភាព ពន្យល់ថា៖ «ព្រះយេហូវ៉ាបានជួយខ្ញុំឲ្យអភ័យទោសឲ្យបងប្អូនដែលព្យាយាមលើកទឹកចិត្តខ្ញុំ តែបែរជាធ្វើឲ្យខ្ញុំឈឺចិត្តទៅវិញ»។ តើក្រុមជំនុំអាចធ្វើអ្វីដើម្បីជួយសមាជិកក្រុមគ្រួសារដ៏ស្មោះត្រង់?
ក្រុមជំនុំអាចជួយ
១៥. តើមានអ្វីខ្លះដែលអាចជួយសមាជិកក្រុមគ្រួសារដែលមានបុគ្គលជាទីស្រឡាញ់បានត្រូវបណ្ដាច់មិត្តភាពថ្មីៗនេះ?
១៥ សូមបង្ហាញសេចក្ដីសប្បុរសនិងការរួសរាយរាក់ទាក់ចំពោះសមាជិកក្រុមគ្រួសារដ៏ស្មោះត្រង់។ បងស្រីម្នាក់ឈ្មោះមៀរាមសារភាពថា គាត់ព្រួយបារម្ភអំពីការទៅកិច្ចប្រជុំក្រោយពីប្អូនប្រុសរបស់គាត់បានត្រូវបណ្ដាច់មិត្តភាព។ គាត់និយាយថា៖ «ខ្ញុំភ័យខ្លាចចំពោះអ្វីដែលអ្នកឯទៀតនឹងនិយាយ។ ប៉ុន្តែ បងប្អូនជាច្រើនបានមករួមទុក្ខជាមួយខ្ញុំ ដោយមិនខឹងចំពោះប្អូនប្រុសខ្ញុំដែលបានត្រូវបណ្ដាច់មិត្តភាពទេ។ ដោយសារពួកគេ ខ្ញុំមិនមានអារម្មណ៍ថាខ្ញុំកើតទុក្ខម្នាក់ឯងទេ»។ បងស្រីម្នាក់ទៀតនឹកចាំថា៖ «ក្រោយពីកូនប្រុសរបស់យើងបានត្រូវបណ្ដាច់មិត្តភាព បងប្អូនជាទីស្រឡាញ់បានមកសម្រាលទុក្ខយើង។ បងប្អូនខ្លះបានសារភាពថា ពួកគេមិនដឹងនិយាយយ៉ាងណាទេ។ ពួកគេបានយំជាមួយខ្ញុំ ឬសរសេរកាតមួយឲ្យខ្ញុំ។ អ្វីដែលពួកគេបានធ្វើជួយខ្ញុំច្រើនណាស់!»។
១៦. តើក្រុមជំនុំអាចបន្តផ្ដល់ជំនួយនិងការសម្រាលទុក្ខយ៉ាងដូចម្ដេច?
១៦ ចូរបន្តគាំទ្រសមាជិកក្រុមគ្រួសារដ៏ស្មោះត្រង់។ ពួកគេត្រូវការសេចក្ដីស្រឡាញ់ និងការលើកទឹកចិត្តពីអ្នកច្រើនជាងពេលមុនទៅទៀត។ (ហេ. ១០:២៤, ២៥) ជួនកាល សមាជិកក្រុមគ្រួសាររបស់បុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាពមានអារម្មណ៍ថា ពួកគេក៏បានត្រូវក្រុមជំនុំឈប់សេពគប់ជាមួយដែរ។ សូមកុំឲ្យរឿងនេះកើតឡើង! ជាពិសេស បងប្អូនវ័យក្មេងដែលមានឪពុកម្ដាយបានចាកចេញពីសេចក្ដីពិត ត្រូវការពាក្យសរសើរនិងការលើកទឹកចិត្ត។ បងស្រីម៉ារៀមានប្ដីដែលបានត្រូវបណ្ដាច់មិត្តភាព ហើយចុះចោលក្រុមគ្រួសារ។ បងម៉ារៀនិយាយថា៖ «មិត្តភក្ដិខ្លះបានមកផ្ទះខ្ញុំ ធ្វើម្ហូប និងជួយខ្ញុំឲ្យសិក្សាគម្ពីរជាមួយកូនខ្ញុំ។ ពួកគេយល់អារម្មណ៍ខ្ញុំនិងយំជាមួយខ្ញុំ ហើយនិយាយការពារខ្ញុំពេលអ្នកឯទៀតនិយាយមិនពិតអំពីខ្ញុំ។ ពួកគេបានលើកទឹកចិត្តខ្ញុំខ្លាំងណាស់!»។—រ៉ូម ១២:១៣, ១៥
១៧. តើពួកអ្នកចាស់ទុំអាចបង្ហាញសេចក្ដីអាណិតមេត្តានិងការគាំទ្រតាមរបៀបណា?
១៧ ពួកអ្នកចាស់ទុំ សូមប្រើគ្រប់ឱកាសដើម្បីពង្រឹងកម្លាំងសមាជិកក្រុមគ្រួសារដ៏ស្មោះត្រង់ដែលមានបុគ្គលជាទីស្រឡាញ់បានចាកចេញពីព្រះយេហូវ៉ា។ អ្នកមានភារកិច្ចពិសេសដើម្បីសម្រាលទុក្ខបងប្អូនបែបនេះ។ (១ថែ. ៥:១៤) ចូរទៅលើកទឹកចិត្តពួកគេមុននិងក្រោយកិច្ចប្រជុំ។ ចូរទៅលេងសួរសុខទុក្ខពួកគេ ហើយអធិដ្ឋានជាមួយពួកគេ។ ចូរផ្សព្វផ្សាយជាមួយពួកគេ ឬនៅពេលខ្លះអញ្ជើញពួកគេឲ្យចូលរួមការគោរពប្រណិប័តន៍ជាមួយក្រុមគ្រួសារអ្នក។ ពួកអ្នកចាស់ទុំដែលប្រៀបដូចជាគង្វាលត្រូវឃ្វាលពួកអ្នកដែលឈឺចិត្ត ហើយបង្ហាញសេចក្ដីអាណិតមេត្តា សេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ដែលពួកគេត្រូវការ។—១ថែ. ២:៧, ៨
ចូរកុំអស់សង្ឃឹម ហើយចូរបន្តទុកចិត្តព្រះយេហូវ៉ា
១៨. យោងទៅតាមពេត្រុសទី២ ៣:៩ តើព្រះចង់ឲ្យបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងធ្វើអ្វី?
១៨ ព្រះយេហូវ៉ា«មិនចង់ឲ្យអ្នកណាម្នាក់ត្រូវបំផ្លាញចោលឡើយ តែចង់ឲ្យមនុស្សទាំងអស់មានឱកាសប្រែចិត្ត»។ (សូមអាន ពេត្រុសទី២ ៣:៩) ទោះជាបុគ្គលម្នាក់ប្រព្រឹត្តអំពើខុសធ្ងន់ធ្ងរក្ដី ជីវិតរបស់គាត់នៅតែមានតម្លៃចំពោះព្រះ។ សូមគិតអំពីតម្លៃដ៏ថ្លៃវិសេសដែលព្រះយេហូវ៉ាបានបង់ចំពោះពួកអ្នកដែលមានការខុសឆ្គង ពោលគឺគ្រឿងបូជាលោះនៃបុត្រជាទីស្រឡាញ់របស់លោក។ ដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាព្យាយាមជួយពួកអ្នកដែលបានចាកចេញពីលោកឲ្យត្រឡប់មកឯលោកវិញ។ លោកសង្ឃឹមថាពួកគេនឹងសម្រេចចិត្តធ្វើដូច្នេះ ដូចដែលយើងឃើញក្នុងឧទាហរណ៍របស់លោកយេស៊ូអំពីកូនវង្វេងបាត់។ (លូក. ១៥:១១-៣២) បុគ្គលជាច្រើនដែលបានចាកចេញពីសេចក្ដីពិត ក្រោយមកបានត្រឡប់មកឯបិតារបស់ពួកគេនៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយក្រុមជំនុំបានស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅ។ បងអេលីសាបិតដែលបានត្រូវរៀបរាប់នៅខាងលើសប្បាយចិត្ត ពេលឃើញកូនប្រុសរបស់គាត់ចូលក្រុមជំនុំឡើងវិញ។ គាត់និយាយថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលបងប្អូនជាច្រើនលើកទឹកចិត្តយើងកុំឲ្យអស់សង្ឃឹម»។
១៩. ហេតុអ្វីយើងអាចបន្តទុកចិត្តព្រះយេហូវ៉ា?
១៩ យើងអាចទុកចិត្តព្រះយេហូវ៉ាជានិច្ច។ លោកមិនដែលឲ្យការណែនាំដែលនឹងធ្វើឲ្យយើងរងទុក្ខទេ។ លោកជាបិតាដែលមានចិត្តទូលាយ និងសេចក្ដីអាណិតមេត្តា ហើយដែលមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះអស់អ្នកដែលស្រឡាញ់លោកនិងគោរពប្រណិប័តន៍លោក។ សូមជឿជាក់ថាព្រះយេហូវ៉ានឹងមិនបោះបង់ចោលអ្នកនៅពេលដែលអ្នកមានទុក្ខលំបាកទេ។ (ហេ. ១៣:៥, ៦) បងម៉ាកដែលបានត្រូវរៀបរាប់នៅខាងលើនិយាយថា៖ «ព្រះយេហូវ៉ាមិនដែលបោះបង់ចោលយើងទេ។ លោកតែងតែនៅជិតយើងពេលយើងជួបការពិបាក»។ ព្រះយេហូវ៉ានឹងបន្តឲ្យអ្នកនូវ«ឫទ្ធានុភាពដែលលើសពីធម្មតា»។ (២កូ. ៤:៧) មែនហើយ អ្នកអាចរក្សាភាពស្មោះត្រង់និងសេចក្ដីសង្ឃឹម ទោះជាពេលបុគ្គលជាទីស្រឡាញ់ចាកចេញពីព្រះយេហូវ៉ាក្ដី។
ចម្រៀងលេខ៤៤ សេចក្ដីអធិដ្ឋានរបស់មនុស្សទន់ទាប
^ វគ្គ 5 ពេលបុគ្គលជាទីស្រឡាញ់ចាកចេញពីព្រះយេហូវ៉ា យើងឈឺចិត្តខ្លាំងណាស់! ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអារម្មណ៍របស់ព្រះពេលរឿងនេះកើតឡើង។ យើងនឹងរៀនអំពីអ្វីដែលក្រុមគ្រួសាររបស់បុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាពអាចធ្វើ ដើម្បីទទួលការសម្រាលទុក្ខ ហើយរក្សាជំនឿរឹងមាំ។ ក្នុងអត្ថបទនេះ យើងក៏នឹងពិចារណាអំពីរបៀបដែលបងប្អូនទាំងអស់ក្នុងក្រុមជំនុំអាចគាំទ្រ និងផ្ដល់ការសម្រាលទុក្ខដល់ក្រុមគ្រួសារអ្នកនោះ។
^ វគ្គ 1 ឈ្មោះខ្លះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។