លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ព្រះ​យេហូវ៉ា​បាន​ឲ្យ​ខ្ញុំ​ទទួល​ជោគ​ជ័យ​ក្នុង​កិច្ច​បម្រើ​លោក

ព្រះ​យេហូវ៉ា​បាន​ឲ្យ​ខ្ញុំ​ទទួល​ជោគ​ជ័យ​ក្នុង​កិច្ច​បម្រើ​លោក

ខ្ញុំ​បាន​ប្រាប់​នាយ​ទាហាន​ថា​ខ្ញុំ​បាន​ចូល​ក្នុង​គុក​ម្ដង​ហើយ ដោយ​សារ​ខ្ញុំ​មិន​ចូល​ប្រយុទ្ធ។ ខ្ញុំ​បាន​សួរ​គាត់​ថា​៖ ​«​តើ​លោក​នឹង​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​ដូច្នេះ​ម្ដង​ទៀត​ឬ?​»។ នេះ​គឺ​ជា​លើក​ទី២​ដែល​ខ្ញុំ​បាន​ត្រូវ​បង្គាប់​ឲ្យ​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​សហរដ្ឋ​អាម៉េរិក។

ខ្ញុំ​បាន​កើត​នៅ​ឆ្នាំ​១៩២៦ នា​ភូមិ​គ្រូកស៊្វីល រដ្ឋ​អូហៃយ៉ូ នៅ​សហរដ្ឋ​អាម៉េរិក។ ឪ​ពុក​ម្ដាយ​ខ្ញុំ​មិន​មែន​ជា​អ្នក​កាន់​សាសនា​ទេ ប៉ុន្ដែ​ពួក​គាត់​បាន​ប្រាប់​យើង​ដែល​ជា​កូន​ទាំង​៨​នាក់​ឲ្យ​ទៅ​វិហារ។ ខ្ញុំ​បាន​ទៅ​វិហារ​មេតូឌីស្ទ។ ពេល​ខ្ញុំ​មាន​អាយុ​១៤​ឆ្នាំ គ្រូ​គង្វាល​បាន​ឲ្យ​រង្វាន់​មួយ​ដល់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​បាន​ទៅ​វិហារ​រាល់​ថ្ងៃ​អាទិត្យ​អស់​រយៈ​ពេល​មួយ​ឆ្នាំ។

បង​ម៉ាគ្រិត វ៉លខឺ (​រាប់​ពី​ខាង​ឆ្វេង បង​ស្រី​ទី២​) បាន​ជួយ​ខ្ញុំ​រៀន​សេចក្ដី​ពិត

នៅ​ពេល​នោះ បង​ស្រី​ម៉ាគ្រិត វ៉លខឺ​ដែល​ជា​អ្នក​ជិត​ខាង​យើង ហើយ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​បាន​ចាប់​ផ្ដើម​មក​ជួប​ម្ដាយ​ខ្ញុំ​ហើយ​និយាយ​ជា​មួយ​នឹង​គាត់​អំពី​គម្ពីរ។ ថ្ងៃ​មួយ ខ្ញុំ​បាន​សម្រេច​ចិត្ដ​ចូល​រួម​ជា​មួយ​នឹង​ពួក​គាត់។ ម្ដាយ​ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​នឹង​រំខាន​ពួក​គាត់​ពេល​សិក្សា ដូច្នេះ​គាត់​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ចេញ​ទៅ​ក្រៅ​ផ្ទះ។ ប៉ុន្ដែ ខ្ញុំ​បន្ដ​ព្យាយាម​ស្តាប់​ការ​ពិភាក្សា​របស់​ពួក​គាត់។ ក្រោយ​ពី​បង​ម៉ាគ្រិត​បាន​មក​ជួប​ម្ដាយ​ខ្ញុំ​ពីរ​បី​ដង​ទៀត គាត់​បាន​សួរ​ខ្ញុំ​ថា​៖ ​«​តើ​ប្អូន​ស្គាល់​ឈ្មោះ​ព្រះ​ទេ?​»។ ខ្ញុំ​បាន​និយាយ​ថា​៖ ​«​អ្នក​ណា​ក៏​ស្គាល់​ដែរ គឺ​ព្រះ​»។ គាត់​បាន​និយាយ​ថា​៖ ​«​សូម​យក​គម្ពីរ​ប្អូន​មក ហើយ​សូម​បើក​មើល​ទំនុក​តម្កើង ៨៣:១៨​»។ ខ្ញុំ​បាន​បើក​មើល ហើយ​ខ្ញុំ​បាន​រក​ឃើញ​ថា​នាម​ព្រះ​គឺ​យេហូវ៉ា។ ខ្ញុំ​បាន​រត់​ទៅ​ប្រាប់​មិត្ដ​ភក្ដិ​របស់​ខ្ញុំ​ថា​៖ ​«​យប់​នេះ​ពេល​ពួក​ឯង​ទៅ​ដល់​ផ្ទះ​វិញ សូម​បើក​មើល​គម្ពីរ​នៅ​ទំនុក​តម្កើង ៨៣:១៨ ហើយ​មើល​ថា​ឈ្មោះ​ព្រះ​ជា​អ្វី​»។ អ្នក​អាច​និយាយ​ថា​ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ភ្លាម​ៗ។

ខ្ញុំ​បាន​សិក្សា​គម្ពីរ ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៤១។ មិន​យូរ​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ភារកិច្ច​ដឹក​នាំ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ។ ខ្ញុំ​បាន​លើក​ទឹក​ចិត្ដ​ម្ដាយ​ខ្ញុំ​និង​បង​ប្អូន​ខ្ញុំ​ឲ្យ​មក​កិច្ច​ប្រជុំ​នោះ ហើយ​ពួក​គាត់​ទាំង​អស់​បាន​ចាប់​ផ្ដើម​មក​ចូល​រួម​ក្រុម​សិក្សា​សៀវភៅ​ដែល​ខ្ញុំ​បាន​ដឹក​នាំ។ ក៏​ប៉ុន្ដែ ឪ​ពុក​របស់​ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​ទេ។

ការ​ប្រឆាំង​ក្នុង​ផ្ទះ

ខ្ញុំ​បាន​ទទួល​ភារកិច្ច​ថែម​ទៀត​ក្នុង​ក្រុម​ជំនុំ ហើយ​ខ្ញុំ​បាន​ប្រមូល​ទុក​សៀវភៅ​ជា​ច្រើន​ដែល​បោះ​ពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។ ថ្ងៃ​មួយ ឪ​ពុក​ខ្ញុំ​បាន​ចង្អុល​ទៅ​សៀវភៅ​របស់​ខ្ញុំ ហើយ​និយាយ​ថា​៖ ​«​ឯង​ឃើញ​សៀវភៅ​ទាំង​អស់​នោះ​ទេ? ពុក​ចង់​ឲ្យ​យក​វា​ចេញ​ពី​ផ្ទះ​នេះ​ទៅ ហើយ​ឯង​ក៏​ចេញ​ដែរ​ទៅ​»។ ខ្ញុំ​បាន​ចេញ​ពី​ផ្ទះ ហើយ​បាន​ទៅ​រស់​នៅ​ភូមិ​ស៊េនស៊្វីល​ដែល​នៅ​ជិត​នោះ នា​រដ្ឋ​អូហៃយ៉ូ ប៉ុន្ដែ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ដើម្បី​លើក​ទឹក​ចិត្ដ​ក្រុម​គ្រួសារ​របស់​ខ្ញុំ។

ឪ​ពុក​ខ្ញុំ​បាន​ព្យាយាម​បញ្ឈប់​ម្ដាយ​ខ្ញុំ​មិន​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ។ ជួន​កាល ពេល​ម្ដាយ​ខ្ញុំ​កំពុង​ចេញ​ទៅ​កិច្ច​ប្រជុំ ឪ​ពុក​បាន​រត់​តាម​ពី​ក្រោយ​គាត់ ហើយ​ចាប់​ទាញ​គាត់​ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ។ ប៉ុន្ដែ ម្ដាយ​ខ្ញុំ​រត់​ចេញ​ទៅ​តាម​ទ្វារមួយ​ទៀត ហើយ​ទៅ​កិច្ច​ប្រជុំ។ ខ្ញុំ​បាន​ប្រាប់​ម្ដាយ​ខ្ញុំ​ថា​៖ ​«​កុំ​បារម្ភ​ម៉ែ គាត់​នឹង​ហត់​លែង​រត់​តាម​ទៀត​»។ ក្រោយ​មក ឪ​ពុក​ខ្ញុំ​លែង​ព្យាយាម​បញ្ឈប់​ម្ដាយ​ខ្ញុំ​ទៀត ហើយ​ម្ដាយ​ខ្ញុំ​បាន​ចូល​រួម​កិច្ច​ប្រជុំ​ដោយ​សេរី។

ពេល​សាលា​កិច្ច​បម្រើ​ផ្សាយ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៤៣ ខ្ញុំ​បាន​ចាប់​ផ្ដើម​ថ្លែង​សុន្ទរកថា​ក្នុង​សាលា​នោះ​នៅ​ក្រុម​ជំនុំ​ខ្ញុំ។ ឱវាទ​ដែល​ខ្ញុំ​បាន​ទទួល​បន្ទាប់​ពី​ផ្នែក​របស់​ខ្ញុំ​នៅ​សាលា​នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ថ្លែង​សុន្ទរកថា​បាន​ប្រសើរ​ជាង។

អព្យាក្រឹតភាព​ក្នុង​អំឡុង​សង្គ្រាម

នៅ​ឆ្នាំ​១៩៤៤ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២ ខ្ញុំ​បាន​ត្រូវ​បង្គាប់​ឲ្យ​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព។ ខ្ញុំ​បាន​ទៅ​បន្ទាយ​ទាហាន​ហ្វត ហេស នា​ក្រុង​កូឡាំបឺស រដ្ឋ​អូហៃយ៉ូ បាន​ពិនិត្យ​សុខភាព ហើយ​បាន​បំពេញ​ឯកសារ។ ខ្ញុំ​ក៏​បាន​ប្រាប់​នាយ​ទាហាន​នៅ​ទី​នោះ​ថា​ខ្ញុំ​នឹង​មិន​ចូល​ធ្វើ​ទាហាន​ទេ។ ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ផ្ទះ។ ប៉ុន្ដែ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ប៉ូលិស​ម្នាក់​បាន​មក​ផ្ទះ​របស់​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា​៖ ​«​ខូវិណ រ៉ូបិសិន ខ្ញុំ​មាន​ដីកា​ចាប់​ខ្លួន​អ្នក​»។

ពីរ​សប្ដាហ៍​ក្រោយ​មក នៅ​តុលាការ​ចៅ​ក្រម​បាន​និយាយ​ថា​៖ ​«​បើ​នោះ​ស្រេច​លើ​ខ្ញុំ ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត។ តើ​អ្នក​មាន​អ្វី​ចង់​និយាយ​ទេ?​»។ ខ្ញុំ​បាន​តប​ឆ្លើយ​ថា​៖ ​«​សូម​គោរព​លោក​ចៅ​ក្រម រដ្ឋាភិបាល​គួរ​តែ​ចាត់​ទុក​ខ្ញុំ​ជា​អ្នក​បង្ហាត់​បង្រៀន​សាសនា។ ខ្ញុំ​បង្រៀន​មនុស្ស​គ្រប់​គ្នា​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ពួក​គេ ហើយ​ខ្ញុំ​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ដល់​មនុស្ស​ជា​ច្រើន​»។ * (​សូម​មើល​កំណត់​សម្គាល់​) ចៅ​ក្រម​នោះ​បាន​ប្រាប់​គណៈ​វិនិច្ឆ័យ​ថា​៖ ​«​អ្នក​ទាំង​អស់​គ្នា​មិន​មែន​នៅ​ទី​នេះ​ដើម្បី​សម្រេច​ចិត្ដ​ថា​បុរស​វ័យ​ក្មេង​ម្នាក់​នេះ​ជា​អ្នក​បង្ហាត់​បង្រៀន​សាសនា​ឬ​មិន​មែន​ទេ។ អ្នក​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ដើម្បី​សម្រេច​ចិត្ដ​ថា​បុរស​នេះ​ព្រម​ចូល​បម្រើ​ក្នុង​កង​ទ័ព​ឬ​មិន​ព្រម​»។ មិន​ដល់​កន្លះ​ម៉ោង​ផង គណៈ​វិនិច្ឆ័យ​បាន​សម្រេច​ចិត្ដ​ថា​ខ្ញុំ​មាន​ទោស។ ចៅ​ក្រម​បាន​កាត់​ទោស​ខ្ញុំ​ឲ្យ​ជាប់​គុក​រយៈ​ពេល​ប្រាំ​ឆ្នាំ​នៅ​ក្រុង​អាសឡិន រដ្ឋ​កិនថឹកគី។

ព្រះ​យេហូវ៉ា​ការពារ​ខ្ញុំ​នៅ​ក្នុង​គុក

អស់​រយៈ​ពេល​ពីរ​សប្ដាហ៍​ដំបូង​ខ្ញុំ​បាន​នៅ​ក្នុង​គុក​នា​ក្រុង​កូឡាំបឺស រដ្ឋ​អូហៃយ៉ូ ហើយ​នៅ​ថ្ងៃ​ដំបូង​ខ្ញុំ​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​គុក។ ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ខ្ញុំ​មិន​អាច​នៅ​ក្នុង​បន្ទប់​គុក​ប្រាំ​ឆ្នាំ​បាន​ទេ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ឡើយ​»។

នៅ​ថ្ងៃ​បន្ទាប់ អ្នក​យាម​គុក​បាន​ឲ្យ​ខ្ញុំ​ចេញ​ពី​បន្ទប់​គុក។ ខ្ញុំ​បាន​ដើរ​ទៅ​ជិត​បុរស​អ្នក​ទោស​ម្នាក់​ដែល​ខ្ពស់​និង​មាន​ស្មា​ធំ ហើយ​យើង​បាន​ឈរ​នៅ​ទី​នោះ​មើល​ទៅ​ក្រៅ​បង្អួច។ គាត់​បាន​សួរ​ខ្ញុំ​ថា​៖ ​«​មាន​ទោស​អី អា​តឿ?​»។ ខ្ញុំ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​»។ គាត់​បាន​និយាយ​ថា​៖ ​«​អីចឹង​ហេតុ​អ្វី​ឯង​នៅ​ទី​នេះ?​»។ ខ្ញុំ​បាន​និយាយ​ថា​៖ ​«​សាក្សី​ព្រះ​យេហូវ៉ា​មិន​ចូល​ធ្វើ​សង្គ្រាម​និង​មិន​សម្លាប់​មនុស្ស​ទេ​»។ គាត់​បាន​និយាយ​ថា​៖ ​«​ពួក​គេ​ដាក់​គុក​ឯង​ដោយ​សារ​ឯង​មិន​សម្លាប់​មនុស្ស។ តែ​ពួក​គេ​ដាក់​គុក​មនុស្ស​ឯ​ទៀត​ដោយ​សារ​មនុស្ស​ទាំង​នោះ​សម្លាប់​អ្នក​ឯ​ទៀត។ តើ​នេះ​សម​ហេតុ​ផល​ទេ?​»។ ខ្ញុំ​បាន​និយាយ​ថា​៖ ​«​អត់​ទេ​»។

បន្ទាប់​មក គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ជាប់​គុក​មួយ​ទៀត​អស់​រយៈ​ពេល​១៥​ឆ្នាំ ហើយ​នៅ​ទី​នោះ​ខ្ញុំ​បាន​អាន​សៀវភៅ​ខ្លះ​របស់​ពួក​ឯង​»។ ពេល​ខ្ញុំ​ឮ​ដូច្នេះ ខ្ញុំ​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា សូម​ជួយ​ខ្ញុំ​ធ្វើ​ឲ្យ​បុរស​នេះ​នៅ​ខាង​ខ្ញុំ​ផង​»។ រំពេច​នោះ ផល​ដែល​ជា​អ្នក​ទោស​នោះ បាន​និយាយ​ថា​៖ ​«​បើ​មនុស្ស​ទាំង​នេះ​ធ្វើ​បាប​ឯង ឯង​គ្រាន់​តែ​ប្រាប់​ខ្ញុំ​មក។ ខ្ញុំ​នឹង​ចាត់​ការ​ពួក​គេ​»។ ដូច្នេះ​ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​នៅ​ទី​នោះ ខ្ញុំ​មិន​មាន​បញ្ហា​ជា​មួយ​នឹង​ក្រុម​អ្នក​ទោស​៥០​នាក់​ទាំង​នោះ​ឡើយ។

ខ្ញុំ​នៅ​ក្នុង​ចំណោម​សាក្សី​ដែល​ជាប់​គុក​ដោយ​សារ​អព្យាក្រឹតភាព នៅ​ក្រុង​អាសឡិន រដ្ឋ​កិនថឹកគី

ពេល​មន្ដ្រី​គុក​បាន​ផ្លាស់​ខ្ញុំ​ទៅ​គុក​នៅ​ក្រុង​អាសឡិន ខ្ញុំ​បាន​ជួប​បង​ប្អូន​ខ្លះ​ដែល​មាន​ភាព​ចាស់​ទុំ​ដែល​នៅ​ទី​នោះ​រួច​ហើយ។ ពួក​គាត់​បាន​ជួយ​ខ្ញុំ​និង​អ្នក​ឯ​ទៀត​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។ ពួក​គាត់​បាន​ឲ្យ​យើង​អាន​អំណាន​គម្ពីរ​ប្រចាំ​សប្ដាហ៍ ហើយ​យើង​បាន​រៀប​ចំ​សំណួរ​និង​ចម្លើយ​សម្រាប់​ការ​ជួប​ជុំ​គ្នា​នោះ​ដែល​យើង​ហៅ​ថា​ការ​ជួប​ជុំ​គ្នា​ដើម្បី​ពិគ្រោះ​គម្ពីរ។ យើង​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​គុក​ធំ​ដែល​មាន​គ្រែ​នៅ​ជាប់​នឹង​ជញ្ជាំង។ មាន​បង​ប្រុស​ម្នាក់​ដែល​បាន​រៀប​ចំ​តំបន់​ផ្សាយ​របស់​យើង។ គាត់​ប្រាប់​ខ្ញុំ​ថា​៖ ​«​រ៉ូបិសិន ប្អូន​មាន​ភារកិច្ច​ចំពោះ​គ្រែ​ប៉ុន្មាន​នេះ។ អ្នក​ណា​ដែល​មក​គ្រែ​នោះ​គឺ​ជា​តំបន់​ផ្សាយ​របស់​ប្អូន។ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​ប្អូន​ផ្សព្វ​ផ្សាយ​ឲ្យ​គាត់​មុន​គាត់​ចេញ​»។ នោះ​គឺ​ជា​របៀប​ដែល​យើង​ផ្សព្វ​ផ្សាយ​ដោយ​មាន​របៀប​រៀប​រយ។

អ្វី​ដែល​ខ្ញុំ​បាន​រក​ឃើញ​នៅ​ក្រៅ​គុក

សង្គ្រាម​លោក​លើក​ទី២​បាន​ចប់​នៅ​ឆ្នាំ​១៩៤៥ ប៉ុន្ដែ​ខ្ញុំ​នៅ​តែ​ជាប់​គុក​អស់​មួយ​រយៈ​ពេល​ក្រោយ​មក។ ខ្ញុំ​ព្រួយ​បារម្ភ​អំពី​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ដោយ​សារ​ឪ​ពុក​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា​៖ ​«​បើ​អាច​ចាត់​ការ​ឯង​បាន ស្រួល​បញ្ឈប់​សមាជិក​ផ្សេង​ទៀត​»។ ក្រោយ​ពី​ខ្ញុំ​បាន​ត្រូវ​ដោះ​លែង ខ្ញុំ​ភ្ញាក់​ផ្អើល​និង​សប្បាយ​ចិត្ដ​ដោយ​សារ​សមាជិក​៧​នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ ហើយ​ប្អូន​ស្រី​ម្នាក់​របស់​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ទោះ​ជា​ឪ​ពុក​ប្រឆាំង​ក៏​ដោយ។

ពេល​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ដេមេទ្រាស ផាផាចូច​ដែល​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​បាន​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ឆ្នាំ​១៩១៣

ពេល​សង្គ្រាម​នៅ​ប្រទេស​កូរ៉េ​បាន​ចាប់​ផ្ដើម​នា​ឆ្នាំ​១៩៥០ ខ្ញុំ​បាន​ត្រូវ​បង្គាប់​ឲ្យ​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​ជា​លើក​ទី២។ គេ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​បន្ទាយ​ទាហាន​ហ្វត ហេស​ម្ដង​ទៀត។ ក្រោយ​ពី​សាកល្បង​សមត្ថភាព​របស់​ខ្ញុំ នាយ​ទាហាន​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា​៖ ​«​ក្នុង​ក្រុម​របស់​អ្នក អ្នក​មាន​ពិន្ទុ​ខ្ពស់​»។ ខ្ញុំ​បាន​និយាយ​ថា​៖ ​«​ទោះ​ជា​យ៉ាង​នេះ​ក្ដី ខ្ញុំ​នឹង​មិន​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​ទេ​»។ ខ្ញុំ​បាន​ដក​ស្រង់​បទ​គម្ពីរ​នៅ​ធីម៉ូថេ​ទី២ ២:៣ ហើយ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ជា​ទាហាន​របស់​គ្រិស្ដ​រួច​ហើយ​»។ បន្ទាប់​ពី​គាត់​នៅ​ស្ងៀម​យ៉ាង​យូរ គាត់​បាន​និយាយ​ថា​៖ ​«​អ្នក​អាច​ចេញ​ទៅ​បាន​»។

មិន​យូរ​ក្រោយ​មក ខ្ញុំ​បាន​ចូល​រួម​ប្រជុំ​បេតអែល​នៅ​មហា​សន្និបាត​មួយ​នា​ក្រុង​ស៊ីនស៊ីនណាធី រដ្ឋ​អូហៃយ៉ូ។ បង​ប្រុស​មីលថុន ហេនសូល​បាន​ប្រាប់​យើង​ថា​នៅ​បេតអែល​ត្រូវ​ការ​បង​ប្អូន​ប្រុស​ដែល​ចង់​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​រាជាណាចក្រ។ ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​បម្រើ​នៅ​បេតអែល ហើយ​បាន​ទទួល​សេចក្ដី​អញ្ជើញ​ឲ្យ​ចូល។ ខ្ញុំ​បាន​ចាប់​ផ្ដើម​បម្រើ​នៅ​បេតអែល​នា​តំបន់​ប៊្រុគ្លីន នៅ​ខែ​សីហា ឆ្នាំ​១៩៥៤ ហើយ​ខ្ញុំ​បាន​បម្រើ​នៅ​បេតអែល​តាំង​ពី​ពេល​នោះ​មក។

ខ្ញុំ​តែង​តែ​មាន​កិច្ច​ការ​ជា​ច្រើន​នៅ​បេតអែល។ អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ ខ្ញុំ​បាន​ត្រួត​ពិនិត្យ​ម៉ាស៊ីន​ចំហាយ​កម្ដៅ​នៅ​ក្នុង​កន្លែង​បោះ​ពុម្ព​និង​អគារ​ការិយាល័យ ហើយ​ធ្វើ​ជា​ជាង​ជួស​ជុល​ម៉ាស៊ីន​និង​សោ​ផ្សេង​ៗ។ ខ្ញុំ​ក៏​បាន​ធ្វើ​ការ​នៅ​សាល​សន្និបាត​ផ្សេង​ៗ​នា​ក្រុង​ញូវយ៉ក។

ពេល​ថែ​រក្សា​ម៉ាស៊ីន​ចំហាយ​កម្ដៅ​នៅ​អគារ​ការិយាល័យ​នៅ​បេតអែល​នា​តំបន់​ប៊្រុគ្លីន

ខ្ញុំ​ពិត​ជា​ចូល​ចិត្ដ​កម្ម​វិធី​នៅ​បេតអែល​ខ្លាំង​ណាស់​ដូច​ជា​ការ​គោរព​ប្រណិប័តន៍​ពេល​ព្រឹក និង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​ជា​ក្រុម​គ្រួសារ​បេតអែល ព្រម​ទាំង​ការ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ក្រុម​ជំនុំ​ផង​ដែរ។ អ្វី​ៗ​ទាំង​នេះ​គឺ​ជា​អ្វី​ដែល​គ្រប់​ក្រុម​គ្រួសារ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​គួរ​តែ​ធ្វើ​ជា​ទៀង​ទាត់។ ពេល​ឪ​ពុក​ម្ដាយ​និង​កូន​ពិចារណា​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​ជា​មួយ​គ្នា គោរព​ប្រណិប័តន៍​ជាក្រុម​គ្រួសារ​ជា​ទៀង​ទាត់ រួម​ចំណែក​ក្នុង​កិច្ច​ប្រជុំ ហើយ​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ នោះ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​ទំនង​ជា​នឹង​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​ជា​និច្ច។

ខ្ញុំ​មាន​មិត្ដ​ភក្ដិ​ជា​ច្រើន​នៅ​បេតអែល​និង​នៅ​ក្រុម​ជំនុំ។ មិត្ដ​ភក្ដិ​ខ្លះ​គឺ​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ហើយ​បាន​ទៅ​ស្ថាន​សួគ៌​រួច​ហើយ។ មិត្ដ​ភក្ដិ​ខ្លះ​ទៀត​មិន​មែន​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ទេ។ ប៉ុន្ដែ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទាំង​អស់​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ រួម​ទាំង​សមាជិក​បេតអែល​ដែរ។ បើ​ខ្ញុំ​មាន​ទំនាស់​ជា​មួយ​នឹង​បង​ប្អូន​ម្នាក់ ខ្ញុំ​តែង​តែ​ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព។ ខ្ញុំ​គិត​អំពី​បទ​គម្ពីរ​នៅ​ម៉ាថាយ ៥:២៣, ២៤​និង​របៀប​ដែល​យើង​គួរ​ដោះ​ស្រាយ​ទំនាស់​របស់​យើង។ គឺ​មិន​ងាយ​ស្រួល​ឲ្យ​យើង​និយាយ​ពាក្យ​«​សុំ​ទោស​»​ទេ ប៉ុន្ដែ​ទំនាស់​ភាគ​ច្រើន​បាន​ត្រូវ​ដោះ​ស្រាយ​តាម​របៀប​នេះ។

លទ្ធផល​ល្អ​ដែល​មក​ពី​កិច្ច​បម្រើ​របស់​ខ្ញុំ

ឥឡូវ​ខ្ញុំ​ពិបាក​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ដោយ​សារ​អាយុ​របស់​ខ្ញុំ ប៉ុន្ដែ​ខ្ញុំ​មិន​បាន​ឈប់​ព្យាយាម​ទេ។ ខ្ញុំ​បាន​រៀន​ភាសា​ចិនកុកងឺ​បន្ដិច​បន្ដួច ហើយ​ចូល​ចិត្ដ​ជួប​ជន​ជាតិ​ចិន​នៅ​តាម​ផ្លូវ។ នៅ​ព្រឹក​ខ្លះ​ខ្ញុំ​ចែក​ទស្សនាវដ្ដី​អស់​៣០​ឬ​៤០​ក្បាល​ដល់​អ្នក​ដែល​ចាប់​អារម្មណ៍។

ពេល​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​ចិន នៅ​តំបន់​ប៊្រុគ្លីន រដ្ឋ​ញូវយ៉ក

ខ្ញុំ​ថែម​ទាំង​បាន​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​នៅ​ប្រទេស​ចិន! ថ្ងៃ​មួយ ក្មេង​ស្រី​រួស​រាយ​ម្នាក់​បាន​ញញឹម​ដាក់​ខ្ញុំ កាល​ដែល​នាង​បាន​ដើរ​ចែក​ចាយ​ក្រដាស​ផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​កន្លែង​លក់​ផ្លែ​ឈើ។ ខ្ញុំ​បាន​ញញឹម​ហើយ​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉ម​យាម​និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! (​Awake!​) ជា​ភាសា​ចិន​ដល់​នាង។ នាង​បាន​យក​ទស្សនាវដ្ដី​ទាំង​នោះ​ហើយ​បាន​ប្រាប់​ខ្ញុំ​ថា​នាង​ឈ្មោះ​ខេធី។ ក្រោយ​មក ពេល​ណា​ខេធី​ឃើញ​ខ្ញុំ នាង​បាន​មក​និយាយ​ជា​មួយ​នឹង​ខ្ញុំ។ ខ្ញុំ​បាន​បង្រៀន​នាង​អំពី​ឈ្មោះ​នៃ​ផ្លែ​ឈើ​និង​បន្លែ​ជា​ភាសា​អង់គ្លេស ហើយ​នាង​បាន​ថា​តាម​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ពន្យល់​បទ​គម្ពីរ​ដល់​នាង​ដែរ ហើយ​នាង​បាន​ទទួល​យក​សៀវភៅ​ព្រះ​គម្ពីរ​បង្រៀន។ ប៉ុន្ដែ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក ខ្ញុំ​លែង​ឃើញ​នាង​ទៀត។

ប៉ុន្មាន​ខែ​ក្រោយ​មក ខ្ញុំ​បាន​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ដល់​ក្មេង​ស្រី​ម្នាក់​ទៀត​ដែល​ដើរ​ចែក​ចាយ​ក្រដាស​ផ្សាយ​ពាណិជ្ជកម្ម ហើយ​នាង​បាន​ទទួល​យក​ទស្សនាវដ្ដី​ទាំង​នោះ។ មួយ​សប្ដាហ៍​ក្រោយ​មក នាង​បាន​ហុច​ទូរស័ព្ទ​របស់​នាង​ឲ្យ​ខ្ញុំ​ហើយ​បាន​និយាយ​ថា​៖ ​«​សូម​និយាយ​ទៅ​ប្រទេស​ចិន​»។ ខ្ញុំ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ស្គាល់​អ្នក​ណា​នៅ​ប្រទេស​ចិន​ទេ​»។ ប៉ុន្ដែ នាង​បាន​បង្ខំ​ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​យក​ទូរស័ព្ទ​នោះ​ហើយ​បាន​និយាយ​ថា​៖ ​«​អា​ឡូ ខ្ញុំ​គឺ​រ៉ូបិសិន​»។ សំឡេង​ម្ខាង​ទៀត​ថា​៖ ​«​ពូ​រ៉ូប៊ី ខ្ញុំ​គឺ​ខេធី។ ខ្ញុំ​មក​ប្រទេស​ចិន​វិញ​ហើយ​»។ ខ្ញុំ​បាន​និយាយ​ថា​៖ ​«​ប្រទេស​ចិន?​»។ ខេធី​បាន​ឆ្លើយ​ថា​៖ ​«​ចាស! ពូ​រ៉ូប៊ី ពូ​ឃើញ​ក្មេង​ស្រី​ដែល​ហុច​ទូរស័ព្ទ​ឲ្យ​ពូ​ទេ? នាង​គឺ​ជា​ប្អូន​ស្រី​ខ្ញុំ។ ពូ​បាន​បង្រៀន​ខ្ញុំ​អំពី​អ្វី​ៗ​ល្អ​ជា​ច្រើន។ សូម​បង្រៀន​នាង​ដូច​ដែល​ពូ​បាន​បង្រៀន​ខ្ញុំ​»។ ខ្ញុំ​បាន​និយាយ​ថា​៖ ​«​ខេធី ពូ​នឹង​ព្យាយាម​អស់​ពី​សមត្ថភាព។ អរគុណ​ដែល​ប្រាប់​ពូ​ថា​ក្មួយ​នៅ​ឯ​ណា​»។ មិន​យូរ​ក្រោយ​មក ខ្ញុំ​បាន​និយាយ​ជា​មួយ​នឹង​ប្អូន​ស្រី​របស់​ខេធី​ជា​លើក​ចុង​ក្រោយ។ ទោះ​ជា​ឥឡូវ​ក្មេង​ស្រី​ទាំង​ពីរ​នាក់​នេះ​នៅ​ទី​ណា​ក៏​ដោយ ខ្ញុំ​សង្ឃឹម​ថា​ពួក​គេ​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា។

ខ្ញុំ​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​រយៈ​ពេល​៧៣​ឆ្នាំ ហើយ​ខ្ញុំ​សប្បាយ​ដែល​លោក​បាន​ជួយ​ខ្ញុំ​ឲ្យ​រក្សា​អព្យាក្រឹតភាព និង​នៅ​ស្មោះ​ត្រង់​ពេល​នៅ​ក្នុង​គុក។ ម្យ៉ាង​ទៀត បង​ប្អូន​បង្កើត​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា​ពួក​គេ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ដ ពេល​ឃើញ​ខ្ញុំ​ស៊ូ​ទ្រាំ​នឹង​ការ​ប្រឆាំង​ពី​ឪ​ពុក​ដោយ​មិន​ឈប់​ព្យាយាម។ នៅ​ទី​បំផុត ម្ដាយ​ខ្ញុំ​និង​បង​ប្អូន​៦​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ សូម្បី​តែ​ចិត្ដ​គំនិត​របស់​ឪ​ពុក​ខ្ញុំ​ក៏​ផ្លាស់​ប្ដូរ​បន្ដិច​ដែរ ហើយ​គាត់​បាន​ចូល​រួម​កិច្ច​ប្រជុំ​ខ្លះ​មុន​គាត់​ស្លាប់។

ប្រសិន​បើ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ សមាជិក​ក្រុម​គ្រួសារ​និង​មិត្ដ​ភក្ដិ​របស់​ខ្ញុំ​ដែល​បាន​ស្លាប់​នឹង​មាន​ជីវិត​ឡើង​វិញ​នៅ​ពិភព​លោក​ថ្មី។ សូម​ស្រមៃ​គិត​ថា យើង​នឹង​មាន​អំណរ​យ៉ាង​ណា​កាល​ដែល​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត​ជា​មួយ​នឹង​ពួក​អ្នក​ដែល​យើង​ស្រឡាញ់! * (​សូម​មើល​កំណត់​សម្គាល់​)

^ វគ្គ 14 នៅ​សហរដ្ឋ​អាម៉េរិក រដ្ឋាភិបាល​មិន​បាន​តម្រូវ​ឲ្យ​អ្នក​បង្ហាត់​បង្រៀន​សាសនា​បំពេញ​កាតព្វកិច្ច​យោធា​ទេ។

^ វគ្គ 32 កាល​ដែល​អត្ថបទ​នេះ​បាន​ត្រូវ​រៀប​ចំ​ដើម្បី​បោះ​ពុម្ព បង​ខូវិណ រ៉ូបិសិន​បាន​ស្លាប់​ដោយ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។