លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​បង្ហាញ​ថា​អ្នក​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា

ចូរ​បង្ហាញ​ថា​អ្នក​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា

​«​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​គង់​កណ្ដាល​ខ្ញុំ​ហើយ​នឹង​អ្នក ហើយ​កណ្ដាល​ពូជ​ខ្ញុំ​នឹង​ពូជ​របស់​អ្នក​ជា​ដរាប​ត​ទៅ​»។—សាំយូអែល​ទី១ ២០:៤២

ចម្រៀង​លេខ: ៤៣, ៣១

១, ២​. ហេតុ​អ្វី​ចំណង​មិត្ដភាព​របស់​យ៉ូណាថាន​ជា​មួយ​នឹង​ដាវីឌ​គឺ​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​ស្ដី​អំពី​ភក្ដី​ភាព?

យ៉ូណាថាន​ច្បាស់​ជា​កោត​ស្ងើច​នឹង​ភាព​ក្លាហាន​របស់​ដាវីឌ​ដែល​ជា​មនុស្ស​វ័យ​ក្មេង។ ដាវីឌ​បាន​សម្លាប់​កូលីយ៉ាត​ដែល​ជា​មនុស្ស​ធំ​សម្បើម ហើយ​បាន​យក​«​ក្បាល​នៃ​សាសន៍​ភីលីស្ទីន​នោះ​»​ទៅ​ឲ្យ​ស្ដេច​សុល​នៃ​អ៊ីស្រាអែល​ដែល​ជា​ឪ​ពុក​របស់​យ៉ូណាថាន។ (​សាំយូអែល​ទី១ ១៧:៥៧​) យ៉ូណាថាន​បាន​ជឿ​ជាក់​ថា​ព្រះ​នៅ​ជា​មួយ​នឹង​ដាវីឌ ហើយ​ចាប់​ពី​ពេល​នោះ​មក​យ៉ូណាថាន​និង​ដាវីឌ​បាន​ទៅ​ជា​មិត្ដ​ដ៏​ជិត​ស្និទ្ធ។ ពួក​គេ​បាន​សន្យា​ថា ពួក​គេ​នឹង​មាន​ភក្ដី​ភាព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច។ (​សាំយូអែល​ទី១ ១៨:១​-​៣​) អស់​មួយ​ជីវិត​របស់​គាត់ យ៉ូណាថាន​មាន​ភក្ដី​ភាព​ចំពោះ​ដាវីឌ។

យ៉ូណាថាន​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ដាវីឌ ទោះ​បី​ជា​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច​បន្ទាប់​នៃ​អ៊ីស្រាអែល មិន​មែន​ជ្រើស​រើស​យ៉ូណាថាន​ក៏​ដោយ។ ម្យ៉ាង​ទៀត ពេល​ដែល​សុល​ព្យាយាម​សម្លាប់​ដាវីឌ យ៉ូណាថាន​បាន​ព្រួយ​បារម្ភ​អំពី​មិត្ដ​របស់​គាត់។ គាត់​បាន​ដឹង​ថា​ដាវីឌ​បាន​លាក់​ខ្លួន​នៅ​តំបន់​ស្ងាត់​ជ្រងំ​នៅ​ហូរ៉េស ដូច្នេះ​យ៉ូណាថាន​បាន​ទៅ​ទី​នោះ​ដើម្បី​លើក​ទឹក​ចិត្ដ​គាត់​ឲ្យ​បន្ដ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ យ៉ូណាថាន​បាន​ប្រាប់​ដាវីឌ​ថា​៖ ​«​កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ដៃ​របស់​បិតា​ខ្ញុំ​នឹង​រាវ​រក​អ្នក​មិន​ឃើញ​ទេ អ្នក​នឹង​បាន​ធ្វើ​ជា​ស្ដេច​លើ​សាសន៍​អ៊ីស្រាអែល ហើយ​ខ្ញុំ​នឹង​បាន​ជា​បន្ទាប់​របស់​អ្នក​»។—សាំយូអែល​ទី១ ២៣:១៦, ១៧

៣​. ចំពោះ​យ៉ូណាថាន តើ​អ្វី​គឺ​សំខាន់​ជាង​ភក្ដី​ភាព​ចំពោះ​ដាវីឌ ហើយ​ហេតុ​អ្វី​យើង​ដឹង​ដូច្នេះ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ជា​ធម្មតា យើង​កោត​ស្ងើច​មនុស្ស​ដែល​មាន​ភក្ដី​ភាព។ ប៉ុន្ដែ តើ​យើង​កោត​ស្ងើច​យ៉ូណាថាន ដោយ​សារ​តែ​គាត់​មាន​ភក្ដី​ភាព​ចំពោះ​ដាវីឌ​ឬ? មិន​មែន​ទេ។ ភក្ដី​ភាព​ចំពោះ​ព្រះ​គឺ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យ៉ូណាថាន។ តាម​ពិត នេះ​គឺ​ជា​មូលហេតុ​ដែល​យ៉ូណាថាន​មាន​ភក្ដី​ភាព​ចំពោះ​ដាវីឌ ហើយ​មិន​បាន​ច្រណែន​គាត់ ទោះ​បី​ជា​ដាវីឌ​នឹង​ទៅ​ជា​ស្ដេច​ជំនួស​គាត់​ក៏​ដោយ។ យ៉ូណាថាន​ថែម​ទាំង​បាន​ជួយ​ដាវីឌ​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ បុរស​ទាំង​ពីរ​នាក់​នេះ​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា និង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ពួក​គាត់​បាន​រក្សា​ពាក្យ​សន្យា​ដែល​ពួក​គាត់​បាន​ធ្វើ ដែល​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​គង់​កណ្ដាល​ខ្ញុំ​ហើយ​នឹង​អ្នក ហើយ​កណ្ដាល​ពូជ​ខ្ញុំ​នឹង​ពូជ​របស់​អ្នក​ជា​ដរាប​ត​ទៅ​»។—សាំយូអែល​ទី១ ២០:៤២

៤​. (​ក​) តើ​អ្វី​នឹង​ធ្វើ​ឲ្យ​យើង​ពិត​ជា​សប្បាយ​រីក​រាយ​និង​ស្កប់​ចិត្ដ? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​នេះ?

យើង​ក៏​ត្រូវ​តែ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ក្រុម​គ្រួសារ មិត្ដ​ភក្ដិ និង​បង​ប្អូន​របស់​យើង​ក្នុង​ក្រុម​ជំនុំ។ (​ថែស្សាឡូនិច​ទី១ ២:១០, ១១​) ប៉ុន្ដែ អ្វី​ដ៏​សំខាន់​បំផុត​គឺ​យើង​ត្រូវ​តែ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ លោក​គឺ​ជា​អ្នក​ដែល​បាន​ផ្ដល់​ជីវិត​ឲ្យ​យើង! (​ការ​បើក​បង្ហាញ ៤:១១​) ពេល​ដែល​យើង​បង្ហាញ​ភក្ដី​ភាព​ចំពោះ​លោក យើង​ពិត​ជា​សប្បាយ​រីក​រាយ​និង​ស្កប់​ចិត្ដ។ ប៉ុន្ដែ យើង​ដឹង​ថា​យើង​ត្រូវ​តែ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ សូម្បី​តែ​នៅ​ពេល​ពិបាក​ក៏​ដោយ។ នៅ​អត្ថបទ​នេះ យើង​នឹង​ពិចារណា​របៀប​ដែល​គំរូ​របស់​យ៉ូណាថាន​អាច​ជួយ​យើង​ឲ្យ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ក្នុង​ស្ថានភាព​បួន​យ៉ាង​គឺ​៖ (​១​) ពេល​យើង​មាន​អារម្មណ៍​ថា​បុគ្គល​ម្នាក់​ដែល​មាន​អំណាច​មិន​សម​នឹង​ទទួល​ការ​គោរព​ពី​យើង (​២​) ពេល​យើង​ត្រូវ​សម្រេច​ចិត្ដ​ថា​យើង​គួរ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​អ្នក​ណា (​៣​) ពេល​បង​ប្អូន​ប្រុស​ម្នាក់​ដែល​កំពុង​នាំ​មុខ​យល់​ច្រឡំ​នឹង​យើង ឬ​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​ចំពោះ​យើង និង (​៤​) ពេល​យើង​មាន​អារម្មណ៍​ថា​យើង​ពិបាក​រក្សា​ពាក្យ​សន្យា។

ពេល​យើង​មាន​អារម្មណ៍​ថា​បុគ្គល​ម្នាក់​ដែល​មាន​អំណាច មិន​សម​នឹង​ទទួល​ការ​គោរព​ពី​យើង

៥​. ហេតុ​អ្វី​បណ្ដា​ជន​អ៊ីស្រាអែល​ពិបាក​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ កាល​ដែល​សុល​ជា​ស្ដេច?

យ៉ូណាថាន​និង​បណ្ដា​ជន​អ៊ីស្រាអែល​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​មួយ។ ស្ដេច​សុល​ដែល​ជា​ឪ​ពុក​របស់​យ៉ូណាថាន​មិន​បាន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​លោក​បាន​បដិសេធ​គាត់។ (​សាំយូអែល​ទី១ ១៥:១៧​-​២៣​) ប៉ុន្ដែ ព្រះ​បាន​អនុញ្ញាត​ឲ្យ​សុល​បន្ដ​គ្រប់​គ្រង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ដូច្នេះ បណ្ដា​ជន​អ៊ីស្រាអែល​ពិបាក​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ ពេល​ដែល​ស្ដេច​ដែល​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​អង្គុយ​លើ​«​បល្ល័ង្ក​នៃ​ព្រះ​យេហូវ៉ា​»​កំពុង​ធ្វើ​អ្វី​ដ៏​អាក្រក់។—របា​ក្សត្រ​ទី១ ២៩:២៣

៦​. តើ​អ្វី​បង្ហាញ​ថា​យ៉ូណាថាន​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា?

យ៉ូណាថាន​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ សូម​គិត​អំពី​អ្វី​ដែល​យ៉ូណាថាន​បាន​ធ្វើ​មិន​យូរ​ក្រោយ​ពី​សុល​បាន​ចាប់​ផ្ដើម​មិន​ស្តាប់​បង្គាប់​ព្រះ។ (​សាំយូអែល​ទី១ ១៣:១៣, ១៤​) នៅ​ពេល​នោះ កង​ទ័ព​ដ៏​ធំ​នៃ​ជន​ជាតិ​ភីលីស្ទីន​បាន​មក​ដោយ​មាន​ទាំង​រទេះ​ចម្បាំង​៣០.០០០​ដើម្បី​វាយ​ប្រហារ​ជន​ជាតិ​អ៊ីស្រាអែល។ សុល​មាន​ទាហាន​តែ​៦០០​នាក់ ហើយ​មាន​តែ​គាត់​និង​យ៉ូណាថាន​ប៉ុណ្ណោះ​ដែល​មាន​អាវុធ។ ប៉ុន្ដែ យ៉ូណាថាន​មិន​បាន​ភ័យ​ខ្លាច​ឡើយ។ គាត់​បាន​នឹក​ចាំ​ពាក្យ​សម្ដី​របស់​សាំយូអែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ដែល​ថា​៖ ​«​ដ្បិត​ព្រះ​យេហូវ៉ា​ទ្រង់​មិន​បោះ​បង់​ចោល​រាស្ដ្រ​ទ្រង់​ឡើយ ដោយ​ព្រោះ​ទ្រង់​យល់​ដល់​ព្រះ​នាម​ទ្រង់​ដ៏​ជា​ធំ​»។ (​សាំយូអែល​ទី១ ១២:២២​) យ៉ូណាថាន​បាន​និយាយ​ទៅ​កាន់​ទ័ព​ម្នាក់​ទៀត​ថា​៖ ​«​គ្មាន​អ្វី​ឃាត់​ឃាំង​ដល់​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ដោយ​សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ​»។ ដូច្នេះ គាត់​និង​ទ័ព​ម្នាក់​នោះ​បាន​វាយ​ប្រហារ​ក្រុម​មួយ​របស់​ជន​ជាតិ​ភីលីស្ទីន ហើយ​បាន​សម្លាប់​ពួក​គេ​អស់​ប្រហែល​ជា​២០​នាក់។ យ៉ូណាថាន​មាន​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​រញ្ជួយ​ដី​មួយ​កើត​ឡើង ហើយ​ជន​ជាតិ​ភីលីស្ទីន​បាន​ភ័យ​ញាប់​ញ័រ។ ក្រោយ​មក ពួក​គេ​បាន​វាយ​ប្រហារ​និង​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ច្បាំង​ឈ្នះ។—សាំយូអែល​ទី១ ១៣:៥, ១៥, ២២; ១៤:១, ២, ៦, ១៤, ១៥, ២០

៧​. តើ​យ៉ូណាថាន​បាន​ប្រព្រឹត្ដ​យ៉ាង​ណា​ចំពោះ​ឪ​ពុក​របស់​គាត់?

ទោះ​ជា​សុល​នៅ​តែ​មិន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ក៏​ដោយ យ៉ូណាថាន​នៅ​តែ​ស្តាប់​បង្គាប់​ឪ​ពុក​របស់​គាត់​ពេល​ណា​ដែល​គាត់​អាច​ធ្វើ​បាន។ ជា​ឧទាហរណ៍ ពួក​គេ​បាន​រួម​គ្នា​ច្បាំង​ដើម្បី​ការពារ​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា។—សាំយូអែល​ទី១ ៣១:១, ២

៨, ៩​. ពេល​យើង​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ដែល​មាន​អំណាច តើ​តាម​របៀប​ណា​យើង​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ?

ដូច​យ៉ូណាថាន​ដែរ យើង​អាច​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​ស្តាប់​បង្គាប់​រដ្ឋាភិបាល​របស់​ប្រទេស​ដែល​យើង​រស់​នៅ ពេល​ណា​ដែល​អាច​ធ្វើ​បាន។ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​«​ពួក​អាជ្ញាធរ​»​ទាំង​នេះ​មាន​អំណាច​លើ​យើង ហើយ​លោក​តម្រូវ​ឲ្យ​យើង​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គេ។ (​សូម​អាន រ៉ូម ១៣:១, ២) នេះ​គឺ​ជា​មូលហេតុ​ដែល​យើង​គួរ​ប្រព្រឹត្ដ​ដោយ​គោរព​ចំពោះ​មន្ដ្រី​រដ្ឋាភិបាល សូម្បី​តែ​នៅ​ពេល​ដែល​គាត់​មិន​ទៀង​ត្រង់ និង​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា​គាត់​មិន​សម​នឹង​ទទួល​ការ​គោរព​ពី​យើង​ក៏​ដោយ។ តាម​ពិត យើង​គួរ​បង្ហាញ​ការ​គោរព​ចំពោះ​អស់​អ្នក​ដែល​បាន​ទទួល​អំណាច​ពី​ព្រះ​យេហូវ៉ា។—កូរិនថូស​ទី១ ១១:៣; ហេប្រឺ ១៣:១៧

វិធី​មួយ​ដែល​យើង​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​ដោយ​បង្ហាញ​ការ​គោរព​ចំពោះ​ប្ដី​ឬ​ប្រពន្ធ​របស់​យើង ទោះ​បី​ជា​គាត់​មិន​បម្រើ​ព្រះ​យេហូវ៉ា​ក៏​ដោយ (​សូម​មើល​វគ្គ​៩​)

បង​ស្រី​អូលហ្គា​ដែល​រស់​នៅ​ទ្វីប​អាម៉េរិក​ខាង​ត្បូង បាន​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​គោរព​ប្ដី​របស់​នាង ទោះ​ជា​គាត់​បាន​ប្រព្រឹត្ដ​មិន​ល្អ​ចំពោះ​នាង​ក្ដី។  [១] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​) ជួន​កាល គាត់​មិន​ព្រម​និយាយ​ជាមួយ​នឹង​នាង ឬ​បាន​និយាយ​អ្វី​ដ៏​អាក្រក់​ទៅ​កាន់​នាង ព្រោះ​នាង​គឺ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់។ គាត់​ថែម​ទាំង​បាន​ប្រាប់​នាង​ថា​គាត់​នឹង​ចុះ​ចោល​នាង ហើយ​យក​កូន​ទៅ​ជា​មួយ​នឹង​គាត់។ ប៉ុន្ដែ បង​អូលហ្គា​មិន​បាន​«​តប​ស្នង​ការ​អាក្រក់​»​ឡើយ។ នាង​បាន​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ជា​ប្រពន្ធ​ដ៏​ល្អ។ នាង​បាន​ចម្អិន​អាហារ​សម្រាប់​ប្ដី​នាង បោក​សម្លៀក​បំពាក់​របស់​គាត់ និង​មើល​ថែ​រក្សា​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់។ (​រ៉ូម ១២:១៧​) ម្យ៉ាង​ទៀត ពេល​ណា​អាច​ធ្វើ​បាន នាង​បាន​ទៅ​ជា​មួយ​នឹង​ប្ដី​នាង​ដើម្បី​ជួប​ក្រុម​គ្រួសារ​និង​មិត្ដ​ភក្ដិ​របស់​គាត់។ ជា​ឧទាហរណ៍ ពេល​ដែល​ប្ដី​នាង​ចង់​ទៅ​ក្រុង​ផ្សេង​ទៀត​ដើម្បី​ចូល​រួម​ពិធី​បុណ្យ​សព​ឪ​ពុក​របស់​គាត់ បង​អូលហ្គា​បាន​រៀប​ចំ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ធ្វើ​ដំណើរ។ ក្រោយ​មក​នៅ​ឯ​ពិធី​បុណ្យ​សព នាង​បាន​រង់​ចាំ​គាត់​នៅ​ខាង​ក្រៅ​វិហារ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ប្ដី​របស់​បង​អូលហ្គា​បាន​ចាប់​ផ្ដើម​ប្រព្រឹត្ដ​ល្អ​ជាង​មុន​ចំពោះ​នាង ពី​ព្រោះ​នាង​បាន​អត់​ធ្មត់​យ៉ាង​ខ្លាំង​នឹង​គាត់ ហើយ​តែង​តែ​បង្ហាញ​ការ​គោរព​ចំពោះ​គាត់។ ឥឡូវ គាត់​លើក​ទឹក​ចិត្ដ​នាង​ឲ្យ​ទៅ​កិច្ច​ប្រជុំ ហើយ​ជូន​នាង​ទៅ​ទី​នោះ។ ជួន​កាល គាត់​ថែម​ទាំង​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​នឹង​នាង​ដែរ។—ពេត្រុស​ទី១ ៣:១

ពេល​យើង​ត្រូវ​សម្រេច​ចិត្ដ​ថា​យើង​គួរ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​អ្នក​ណា

១០​. តើ​តាម​របៀប​ណា​យ៉ូណាថាន​ដឹង​ថា​គាត់​គួរ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​អ្នក​ណា?

១០ ពេល​ដែល​សុល​បាន​និយាយ​ថា​គាត់​នឹង​សម្លាប់​ដាវីឌ យ៉ូណាថាន​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ពិបាក។ គាត់​ចង់​មាន​ភក្ដី​ភាព​ចំពោះ​ឪ​ពុក​របស់​គាត់ ប៉ុន្ដែ​គាត់​ក៏​ចង់​មាន​ភក្ដី​ភាព​ចំពោះ​ដាវីឌ​ដែរ។ យ៉ូណាថាន​បាន​ដឹង​ថា ព្រះ​បាន​នៅ​ជា​មួយ​នឹង​ដាវីឌ មិន​មែន​ជា​មួយ​នឹង​សុល​ឡើយ ដូច្នេះ​គាត់​បាន​សម្រេច​ចិត្ដ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ដាវីឌ។ យ៉ូណាថាន​បាន​ប្រាប់​ដាវីឌ​ឲ្យ​លាក់​ខ្លួន ហើយ​ក្រោយ​មក​បាន​ប្រាប់​សុល​អំពី​មូលហេតុ​ដែល​គាត់​មិន​គួរ​សម្លាប់​ដាវីឌ។—សូម​អាន សាំយូអែល​ទី១ ១៩:១​-​៦

១១, ១២​. តើ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ជួយ​យើង​ឲ្យ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​លោក​យ៉ាង​ដូច​ម្ដេច?

១១ បង​ស្រី​អាលអឺស​ដែល​មក​ពី​ប្រទេស​អូស្ត្រាលី​ត្រូវ​សម្រេច​ចិត្ដ​ថា​គាត់​នឹង​បង្ហាញ​ភក្ដី​ភាព​ចំពោះ​អ្នក​ណា។ កាល​ដែល​គាត់​កំពុង​សិក្សា​គម្ពីរ គាត់​បាន​ប្រាប់​ក្រុម​គ្រួសារ​របស់​គាត់​អំពី​អ្វី​ដែល​គាត់​កំពុង​រៀន។ គាត់​ក៏​បាន​ប្រាប់​ពួក​គេ​ដែរ​ថា គាត់​នឹង​មិន​ធ្វើ​បុណ្យ​ណូអែល​ជា​មួយ​នឹង​ពួក​គេ​ទេ ហើយ​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​គាត់​មិន​ធ្វើ​បុណ្យ​នោះ។ នៅ​ពេល​ដំបូង​សមាជិក​ក្រុម​គ្រួសារ​របស់​គាត់​បាន​ខក​ចិត្ដ ប៉ុន្ដែ​ក្រោយ​មក​ពួក​គេ​បាន​ខឹង​គាត់​យ៉ាង​ខ្លាំង។ ពួក​គេ​មាន​អារម្មណ៍​ថា​បង​អាលអឺស​លែង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ពួក​គេ​ទៀត​ហើយ។ ក្រោយ​មក​ទៀត ម្ដាយ​របស់​គាត់​បាន​និយាយ​ថា​គាត់​មិន​ចង់​ឃើញ​បង​អាលអឺស​ទៀត​ទេ។ បង​អាលអឺស​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​តក់​ស្លុត​និង​ឈឺ​ចាប់​យ៉ាង​ខ្លាំង ពី​ព្រោះ​ខ្ញុំ​ពិត​ជា​ស្រឡាញ់​ក្រុម​គ្រួសារ​របស់​ខ្ញុំ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ខ្ញុំ​បាន​តាំង​ចិត្ដ​ចាត់​ទុក​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​ថា​ជា​បុគ្គល​សំខាន់​បំផុត​ក្នុង​ចិត្ដ​របស់​ខ្ញុំ ហើយ​នៅ​សន្និបាត​បន្ទាប់​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​»។—ម៉ាថាយ ១០:៣៧

១២ យើង​មិន​គួរ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​អ្វី​ៗ​ដូច​ជា​ក្រុម​កីឡា សាលា​រៀន ឬ​ប្រទេស​មួយ ជា​ជាង​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ។ ជា​ឧទាហរណ៍ ប្អូន​ប្រុស​ហេនរី​ចូល​ចិត្ដ​លេង​អុក​ជា​មួយ​នឹង​ក្រុម​សាលា​របស់​គាត់ ហើយ​គាត់​ចង់​ជួយ​ឲ្យ​សាលា​របស់​គាត់​ជាប់​លេខ​មួយ។ ប៉ុន្ដែ ដោយ​សារ​គាត់​បាន​លេង​អុក​ជា​រៀង​រាល់​ចុង​សប្ដាហ៍ គាត់​មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ផ្សព្វ​ផ្សាយ ឬ​ចូល​រួម​កិច្ច​ប្រជុំ​ឡើយ។ ប្អូន​ហេនរី​បាន​និយាយ​ថា ភក្ដី​ភាព​របស់​គាត់​ចំពោះ​សាលា​បាន​ទៅ​ជា​សំខាន់​ជាង​ភក្ដី​ភាព​ចំពោះ​ព្រះ។ ដូច្នេះ គាត់​បាន​សម្រេច​ចិត្ដ​ឈប់​លេង​អុក​ជា​តំណាង​សាលា​របស់​គាត់​ទៀត។—ម៉ាថាយ ៦:៣៣

១៣​. តើ​តាម​របៀប​ណា​ការ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ក្នុង​ក្រុម​គ្រួសារ?

១៣ ជួន​កាល យើង​ពិបាក​បង្ហាញ​ភក្ដី​ភាព​ចំពោះ​សមាជិក​ផ្សេង​ៗ​នៃ​ក្រុម​គ្រួសារ​របស់​យើង​នៅ​ពេល​ដំណាល​គ្នា។ ជាឧទាហរណ៍ បង​ប្រុស​ខេណ​និយាយ​ថា​៖ ​«​ខ្ញុំ​ចង់​ទៅ​សួរ​សុខ​ទុក្ខ​ម្ដាយ​របស់​ខ្ញុំ​ដែល​មាន​វ័យ​ចាស់​ជា​ទៀង​ទាត់ ហើយ​ចង់​ឲ្យ​គាត់​ស្នាក់​នៅ​ជា​មួយ​នឹង​យើង​ម្ដង​ម្កាល។ ប៉ុន្ដែ ម្ដាយ​របស់​ខ្ញុំ​និង​ប្រពន្ធ​របស់​ខ្ញុំ​មិន​ត្រូវ​គ្នា​ទេ​»។ គាត់​បាន​និយាយ​បន្ដ​ទៀត​ថា​៖ ​«​ខ្ញុំ​មិន​អាច​ធ្វើ​ឲ្យ​ទាំង​ពីរ​នាក់​សប្បាយ​ចិត្ដ​បាន​ទេ បើ​ម្នាក់​សប្បាយ​ចិត្ដ ម្នាក់​ទៀត​មិន​សប្បាយ​ចិត្ដ​ឡើយ​»។ បង​ខេណ​បាន​គិត​អំពី​អ្វី​ដែល​គម្ពីរ​បាន​ចែង ហើយ​បាន​ទទួល​ស្គាល់​ថា​ក្នុង​ស្ថានភាព​នេះ គាត់​ត្រូវ​ធ្វើ​ឲ្យ​ប្រពន្ធ​របស់​គាត់​ពេញ​ចិត្ដ​និង​មាន​ភក្ដី​ភាព​ចំពោះ​នាង។ ដូច្នេះ គាត់​បាន​រក​ឃើញ​ដំណោះ​ស្រាយ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រពន្ធ​របស់​គាត់​ពេញ​ចិត្ដ។ ក្រោយ​មក គាត់​បាន​ប្រាប់​នាង​អំពី​មូលហេតុ​ដែល​នាង​គួរ​និយាយ​ដោយ​ស្លូតបូត​ទៅ​កាន់​ម្ដាយ​របស់​គាត់។ គាត់​ក៏​បាន​ប្រាប់​ម្ដាយ​របស់​គាត់​ដែរ​អំពី​មូលហេតុ​ដែល​ម្ដាយ​គាត់​គួរ​ឲ្យ​តម្លៃ​ប្រពន្ធ​របស់​គាត់។—សូម​អាន លោកុប្បត្ដិ ២:២៤; កូរិនថូស​ទី១ ១៣:៤, ៥

ពេល​បង​ប្អូន​ប្រុស​ម្នាក់​យល់​ច្រឡំ​នឹង​យើង ឬ​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​ចំពោះ​យើង

១៤​. តើ​សុល​បាន​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​ចំពោះ​យ៉ូណាថាន​យ៉ាង​ដូច​ម្ដេច?

១៤ យើង​ក៏​អាច​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ បើ​បង​ប្អូន​ប្រុស​ម្នាក់​ដែល​កំពុង​នាំ​មុខ​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​ចំពោះ​យើង។ ស្ដេច​សុល​បាន​ទទួល​ការ​តែង​តាំង​ពី​ព្រះ ក៏​ប៉ុន្ដែ​គាត់​បាន​ប្រព្រឹត្ដ​មិន​ល្អ​ចំពោះ​កូន​ប្រុស​ខ្លួន​ឯង។ គាត់​មិន​យល់​អំពី​មូលហេតុ​ដែល​យ៉ូណាថាន​ស្រឡាញ់​ដាវីឌ​ឡើយ។ ដូច្នេះ ពេល​ដែល​យ៉ូណាថាន​បាន​ព្យាយាម​ជួយ​ដាវីឌ នោះ​សុល​បាន​ខឹង​យ៉ាង​ខ្លាំង ហើយ​ធ្វើ​ឲ្យ​កូន​ប្រុស​គាត់​ខ្មាស​គេ​នៅ​មុខ​មនុស្ស​ជា​ច្រើន។ ប៉ុន្ដែ យ៉ូណាថាន​នៅ​តែ​បង្ហាញ​ការ​គោរព​ចំពោះ​ឪ​ពុក​របស់​គាត់។ នៅ​ពេល​ដំណាល​គ្នា​នោះ យ៉ូណាថាន​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​ដាវីឌ​ដែល​ជាអ្នក​ដែល​ព្រះ​បាន​ជ្រើស​រើស​ដើម្បី​ធ្វើ​ជា​ស្ដេច​បន្ទាប់​នៃ​អ៊ីស្រាអែល។—សាំយូអែល​ទី១ ២០:៣០​-​៤១

១៥​. បើ​បង​ប្អូន​ប្រុស​ម្នាក់​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​ចំពោះ​យើង តើ​យើង​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា?

១៥ សព្វ​ថ្ងៃ​នេះ នៅ​ក្រុម​ជំនុំ​របស់​យើង​បង​ប្អូន​ប្រុស​ដែល​កំពុង​នាំ​មុខ​ព្យាយាម​ប្រព្រឹត្ដ​ដោយ​មិន​លម្អៀង​ចំពោះ​បង​ប្អូន​ទាំង​អស់។ ប៉ុន្ដែ បង​ប្អូន​ប្រុស​ទាំង​នេះ​គឺ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ហេតុ​នេះ ពួក​គេ​ប្រហែល​ជា​មិន​យល់​អំពី​មូលហេតុ​ដែល​យើង​បាន​ធ្វើ​អ្វី​មួយ​ឡើយ។ (​សាំយូអែល​ទី១ ១:១៣​-​១៧​) ដូច្នេះ បើ​អ្នក​ណា​ម្នាក់​យល់​ច្រឡំ​នឹង​យើង ឬ​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​ចំពោះ​យើង សូម​យើង​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។

ពេល​ដែល​យើង​ពិបាក​រក្សា​ពាក្យ​សន្យា​របស់​យើង

១៦​. តើ​យើង​ត្រូវ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​និង​មិន​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ក្នុង​ស្ថានភាព​អ្វី​ខ្លះ?

១៦ សុល​ចង់​ឲ្យ​យ៉ូណាថាន​ធ្វើ​ជា​ស្ដេច​បន្ទាប់​ជា​ជាង​ដាវីឌ។ (​សាំយូអែល​ទី១ ២០:៣១​) ប៉ុន្ដែ យ៉ូណាថាន​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​មាន​ភក្ដី​ភាព​ចំពោះ​លោក។ ដូច្នេះ ជា​ជាង​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន យ៉ូណាថាន​បាន​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ដាវីឌ​និង​បាន​រក្សា​ពាក្យ​សន្យា​របស់​គាត់​ចំពោះ​ដាវីឌ។ តាម​ពិត អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​មាន​ភក្ដី​ភាព​ចំពោះ​លោក​នឹង​«​ហ៊ាន​ទាំង​ស្បថ​ដល់​បង់​ប្រយោជន៍​ខ្លួន​ផង ឥត​ប្រែ​ព្រួល​ឡើយ​»។ (​ទំនុក​តម្កើង ១៥:៤​) ដោយ​សារ​យើង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ យើង​នឹង​រក្សា​ពាក្យ​សន្យា​របស់​យើង។ ជា​ឧទាហរណ៍ បើ​យើង​ធ្វើ​កិច្ច​ព្រម​ព្រៀង​មុខ​ជំនួញ​មួយ យើង​នឹង​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​យល់​ព្រម​ធ្វើ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ ទោះ​ជា​ក្រោយ​មក​យើង​ពិបាក​ធ្វើ​ក៏​ដោយ។ ម្យ៉ាង​ទៀត បើ​យើង​មាន​បញ្ហា​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ យើង​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​រក្សា​ភក្ដី​ភាព​ចំពោះ​ប្ដី ឬ​ប្រពន្ធ​របស់​យើង។—សូម​អាន ម៉ាឡាគី ២:១៣​-​១៦

បើ​យើង​ធ្វើ​កិច្ច​ព្រម​ព្រៀង​មុខ​ជំនួញ​មួយ យើង​នឹង​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​យល់​ព្រម​ធ្វើ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ ដោយ​សារ​យើង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ (​សូម​មើល​វគ្គ​១៦​)

១៧​. តើ​អត្ថបទ​សិក្សា​នេះ​បាន​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

១៧ ដូច​យ៉ូណាថាន យើង​ចង់​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ សូម្បី​តែ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ក៏​ដោយ។ ដូច្នេះ ពេល​ដែល​បង​ប្អូន​រួម​ជំនឿ​ធ្វើ​ឲ្យ​យើង​ខក​ចិត្ដ សូម​យើង​រក្សា​ភក្ដី​ភាព​ចំពោះ​ពួក​គេ។ ម្យ៉ាង​ទៀត សូម​យើង​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា សូម្បី​តែ​នៅ​ក្នុង​ស្ថានភាព​ពិបាក​ក្ដី។ យ៉ាង​នេះ​យើង​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ដ ហើយ​នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​រីក​រាយ​ខ្លាំង​បំផុត។ (​សុភាសិត ២៧:១១​) យើង​អាច​ប្រាកដ​ថា​លោក​នឹង​តែង​តែ​ធ្វើ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង​និង​ថែ​រក្សា​យើង។ នៅ​ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អ្វី​ដែល​យើង​អាច​រៀន​ពី​បុគ្គល​ខ្លះ​នៅ​សម័យ​ដាវីឌ​ដែល​បាន​បង្ហាញ​ភក្ដី​ភាព និង​បុគ្គល​ខ្លះ​ទៀត​ដែល​មិន​បាន​បង្ហាញ​ភក្ដី​ភាព។

^ [​១​] (​វគ្គ​៩​) ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។