លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​អំណរ

ចូរ​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​អំណរ

សូម​គិត​អំពី​ថ្ងៃ​ដ៏​សប្បាយ​បំផុត​ក្នុង​ជីវិត​របស់​អ្នក។ តើ​នោះ​គឺ​ថ្ងៃ​រៀប​ការ​របស់​អ្នក ឬ​ថ្ងៃ​កំណើត​កូន​ដំបូង​របស់​អ្នក​ឬ? ឬ​តើ​នោះ​គឺ​ថ្ងៃ​ដែល​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក? ថ្ងៃ​ដែល​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ទំនង​ជា​ថ្ងៃ​ដ៏​សំខាន់​បំផុត​និង​អរ​សប្បាយ​បំផុត​ក្នុង​ជីវិត​របស់​អ្នក។ នៅ​ថ្ងៃ​នោះ បង​ប្អូន​របស់​អ្នក​សប្បាយ​រីក​រាយ​ណាស់​ពេល​ឃើញ​អ្នក​បង្ហាញ​ថា​អ្នក​ស្រឡាញ់​ព្រះ​អស់​ពី​ដួង​ចិត្ដ អស់​ពី​ព្រលឹង អស់​ពី​សមត្ថភាព​រិះ​គិត និង​អស់​ពី​កម្លាំង​កាយ!—ម៉ាកុស ១២:៣០

អ្នក​ទំនង​ជា​មាន​អំណរ​ច្រើន​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​តាំង​ពី​ពេល​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ប៉ុន្ដែ អ្នក​ផ្សាយ​ខ្លះ​លែង​សូវ​មាន​អំណរ​ដូច​ពី​មុន។ ហេតុ​អ្វី​ដូច្នេះ? តើ​យើង​មាន​មូលហេតុ​អ្វី​ខ្លះ ដើម្បី​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​អំណរ?

មូលហេតុ​ដែល​អ្នក​ខ្លះ​បាត់​បង់​អំណរ

ដំណឹង​អំពី​រាជាណាចក្រ​នាំ​ឲ្យ​យើង​មាន​អំណរ​ច្រើន។ ហេតុ​អ្វី? ពី​ព្រោះ​ព្រះ​យេហូវ៉ា​សន្យា​ថា​មិន​យូរ​ទៀត​រាជាណាចក្រ​នោះ​នឹង​បំផ្លាញ​ពិភព​លោក​ដ៏​អាក្រក់​នេះ ហើយ​នាំ​ឲ្យ​មាន​ពិភព​លោក​ថ្មី។ សេផានា ១:១៤ ប្រាប់​យើង​ថា​៖ ​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់ គឺ​បាន​មក​ជិត​ហើយ ក៏​ប្រញឹក​ណាស់​ដែរ!​»។ ប៉ុន្ដែ បើ​យើង​មាន​អារម្មណ៍​ថា​យើង​ត្រូវ​ចាំ​យូរ​ជាង​អ្វី​ដែល​យើង​បាន​គិត​ស្មាន យើង​អាច​បាត់​បង់​អំណរ​ដែល​យើង​ធ្លាប់​មាន។ នេះ​អាច​នាំ​ឲ្យ​យើង​បន្ថយ​សកម្មភាព​របស់​យើង​ក្នុង​កិច្ច​បម្រើ​ព្រះ។—សុភាសិត ១៣:១២

ពេល​យើង​ចំណាយ​ពេល​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង យើង​ទទួល​ការ​លើក​ទឹក​ចិត្ដ​ដើម្បី​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​អំណរ។ ការ​ប្រព្រឹត្ដ​ដ៏​ល្អ​របស់​រាស្ដ្រ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​បាន​ទាក់​ទាញ​ចិត្ដ​យើង​ឲ្យ​មក​ការ​គោរព​ប្រណិប័តន៍​ពិត ហើយ​បាន​ជួយ​យើង​ចាប់​ផ្ដើម​បម្រើ​ព្រះ​ដោយ​មាន​អំណរ។ (​ពេត្រុស​ទី១ ២:១២​) ប៉ុន្ដែ តើ​អ្វី​អាច​កើត​ឡើង​បើ​បង​ប្អូន​ម្នាក់​របស់​យើង​ទទួល​ការ​ប្រដៅ​ដោយ​សារ​គាត់​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ? នេះ​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ក្នុង​ក្រុម​ជំនុំ​ធ្លាក់​ទឹក​ចិត្ដ ហើយ​នាំ​ឲ្យ​ពួក​គេ​បាត់​បង់​អំណរ។

ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ​ក៏​អាច​នាំ​ឲ្យ​យើង​បាត់​បង់​អំណរ​ដែរ។ តើ​តាម​របៀប​ណា? ពិភព​លោក​របស់​សាថាន​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា​យើង​គួរ​ទិញ​របស់​ដែល​យើង​មិន​ត្រូវ​ការ។ ដូច្នេះ​សូម​ឲ្យ​យើង​នឹក​ចាំ​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​គ្មាន​អ្នក​ណា​អាច​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ពីរ​បាន​ឡើយ ព្រោះ​អ្នក​នោះ​នឹង​ស្រឡាញ់​ម្ចាស់​មួយ​ហើយ​ស្អប់​ម្ចាស់​មួយ ឬ​ក៏​ស្មោះ​ត្រង់​នឹង​ម្ចាស់​មួយ​ហើយ​មើល​ងាយ​ម្ចាស់​មួយ។ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្ដិ​ផង​បាន​ឡើយ​»។ (​ម៉ាថាយ ៦:២៤​) យើង​មិន​អាច​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​អំណរ​និង​ព្យាយាម​រក​ប្រយោជន៍​ឲ្យ​បាន​ច្រើន​បំផុត​ពី​ពិភព​លោក​នេះ​នៅ​ពេល​ដំណាល​គ្នា​បាន​ទេ។

អំណរ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា

ការ​បម្រើ​ព្រះ​យេហូវ៉ា​មិន​មែន​ជា​បន្ទុក​ធ្ងន់​សម្រាប់​អ្នក​ដែល​ស្រឡាញ់​លោក​ទេ។ (​យ៉ូហាន​ទី១ ៥:៣​) សូម​ចាំ​ថា លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ហើយ​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​ឯ​ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ដ​ឡើង​វិញ។ ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​ស្លូត ក៏​មាន​ចិត្ដ​រាប​ទាប​ផង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ចិត្ដ​ឡើង​វិញ។ ពី​ព្រោះ​នឹម​របស់​ខ្ញុំ​ស្រួល​ពាក់ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល​»។ (​ម៉ាថាយ ១១:២៨​-​៣០​) ការធ្វើ​ជា​គ្រិស្ដ​សាសនិក​ពិត​នាំ​ឲ្យ​យើង​មាន​អំណរ​និង​មាន​កម្លាំង​ចិត្ដ​ឡើង​វិញ។ យើង​ពិត​ជា​មាន​មូលហេតុ​ល្អ​ដើម្បី​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ឥឡូវ​សូម​ឲ្យ​យើង​ពិចារណា​អំពី​មូលហេតុ​បី។—ហាបាគុក ៣:១៨

យើង​បម្រើ​ព្រះ​ដែល​ផ្ដល់​ជីវិត​ឲ្យ​យើង ជា​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ។ (​សកម្មភាព ១៧:២៨; ធីម៉ូថេ​ទី១ ១:១១​) យើង​ទទួល​ស្គាល់​ថា​ជីវិត​របស់​យើង​មក​ពី​អ្នក​បង្កើត។ ដូច្នេះ សូម​យើង​បន្ដ​បម្រើ​លោក​ដោយ​មាន​អំណរ ទោះ​បី​ជា​ប៉ុន្មាន​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ តាំង​ពី​ពេល​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក៏​ដោយ។

បង​ហិចតឺ​រក្សា​អំណរ​របស់​គាត់​ដោយ​នឹក​ចាំ​អំពី​សេចក្ដី​សង្ឃឹម​នៃ​រាជាណាចក្រ​និង​ដោយ​នៅ​តែ​មាន​សកម្មភាព​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ

សូម​ពិចារណា​អំពី​គំរូ​របស់​បង​ប្រុស​ហិចតឺ​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​អស់​រយៈ​ពេល​៤០​ឆ្នាំ។ សូម្បី​តែ​«​កាល​ណា​ចាស់​ហើយ​»​ គាត់​នៅ​តែ​មាន​អំណរ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ (​ទំនុក​តម្កើង ៩២:១២​-​១៤​) ដោយ​សារ​ប្រពន្ធ​របស់​គាត់​ឈឺ គាត់​បាន​បន្ថយ​សកម្មភាព​ក្នុង​កិច្ច​បម្រើ​ព្រះ ប៉ុន្ដែ​បង​ហិចតឺ​មិន​បាន​បាត់​បង់​អំណរ​របស់​គាត់​ទេ។ គាត់​និយាយ​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​ព្រួយ​ចិត្ដ​ពេល​ឃើញ​សុខភាព​របស់​ប្រពន្ធ​ខ្ញុំ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​ខ្ញុំ​មិន​ស្រួល​មើល​ថែ​នាង​ក្ដី ខ្ញុំ​មិន​បាន​អនុញ្ញាត​ឲ្យ​បញ្ហា​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​លែង​មាន​អំណរ​ក្នុង​ការ​បម្រើ​ព្រះ​ដ៏​ពិត​ទេ។ ដោយ​ដឹង​ថា​ជីវិត​របស់​ខ្ញុំ​មក​ពី​ព្រះ​យេហូវ៉ា ដែល​ជា​អ្នក​ដែល​បាន​បង្កើត​មនុស្ស​ដោយ​មាន​គោល​បំណង​ចំពោះ​ពួក​គេ នោះ​គឺ​ជា​ហេតុ​ឲ្យ​ខ្ញុំ​ស្រឡាញ់​លោក​យ៉ាង​ជ្រាល​ជ្រៅ​និង​បម្រើ​លោក​អស់​ពី​ចិត្ដ។ ដើម្បី​មិន​ឲ្យ​ខ្ញុំ​បាត់​បង់​អំណរ ខ្ញុំ​ព្យាយាម​នៅ​តែ​មាន​សកម្មភាព​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​ព្យាយាម​ចាត់​ទុក​សេចក្ដី​សង្ឃឹម​នៃ​រាជាណាចក្រ​ថា​សំខាន់​បំផុត​ជា​និច្ច​»។

ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ថ្លៃ​លោះ ដែល​បើក​ឱកាស​ឲ្យ​យើង​មាន​ជីវិត​ដ៏​សប្បាយ។ ​«​ពី​ព្រោះ​ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម៉្លេះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។ (​យ៉ូហាន ៣:១៦​) មែន​ហើយ យើង​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង ហើយ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពេល​យើង​បង្ហាញ​ជំនឿ​លើ​ថ្លៃ​លោះ​ដែល​ជា​អំណោយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ។ នេះ​ពិត​ជា​មូលហេតុ​ដ៏​ល្អ​ប្រសើរ​ដើម្បី​ឲ្យ​យើង​មាន​ចិត្ដ​កតញ្ញូ! ម្យ៉ាង​ទៀត ចិត្ដ​កតញ្ញូ​របស់​យើង​ចំពោះ​ថ្លៃ​លោះ នឹង​ជំរុញ​ចិត្ដ​យើង​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​អំណរ។

បង​ខេស៊ូស​បាន​ធ្វើ​ឲ្យ​របៀប​រស់​នៅ​របស់​គាត់​សាមញ្ញ​ជាង ហើយ​បាន​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​អំណរ​អស់​ជា​ច្រើន​ឆ្នាំ

បង​ប្រុស​ខេស៊ូស​ដែល​បាន​រស់​នៅ​ប្រទេស​ម៉ិកស៊ិក​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ដូច​ជា​ខ្ញុំ​បម្រើ​នៃ​ការ​ងារ​របស់​ខ្ញុំ។ នៅ​ពេល​ខ្លះ​ខ្ញុំ​បាន​ធ្វើ​ការ​ប្រាំ​វេន​ជាប់​គ្នា ទោះ​ជា​ខ្ញុំ​មិន​ត្រូវ​តែ​ធ្វើ​ដូច្នេះ​ក៏​ដោយ។ ខ្ញុំ​គ្រាន់​តែ​ធ្វើ​ដើម្បី​បាន​លុយ​ច្រើន​ជាង។ ក្រោយ​មក ខ្ញុំ​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​អំពី​របៀប​ដែល​លោក​បាន​ឲ្យ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​ដើម្បី​មនុស្សជាតិ។ ខ្ញុំ​មាន​បំណង​ចិត្ដ​យ៉ាង​ខ្លាំង​ដើម្បី​បម្រើ​លោក។ ដូច្នេះ ខ្ញុំ​បាន​ប្រគល់​ជីវិត​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ក្រោយ​ពី​ខ្ញុំ​បាន​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​នោះ​អស់​រយៈ​ពេល​២៨​ឆ្នាំ ខ្ញុំ​បាន​សម្រេច​ចិត្ដ​លា​ឈប់​ពី​ការ​ងារ​នោះ​និង​ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល​»។ ដោយ​ធ្វើ​ដូច្នេះ គាត់​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​អំណរ។

យើង​មាន​របៀប​រស់​នៅ​ស្អាត​ស្អំ​ខាង​សីលធម៌​ដែល​នាំ​ឲ្យ​យើង​សប្បាយ។ តើ​អ្នក​ចាំ​ឬ​ទេ​ថា​ជីវិត​របស់​អ្នក​គឺ​យ៉ាង​ណា​មុន​អ្នក​បាន​ស្គាល់​ព្រះ​យេហូវ៉ា? សាវ័ក​ប៉ូល​បាន​រំលឹក​គ្រិស្ដ​សាសនិក​នៅ​ក្រុង​រ៉ូម​ថា​ពួក​គេ​«​ធ្លាប់​ធ្វើ​ជា​ខ្ញុំ​បម្រើ​ភាព​ខុស​ឆ្គង​»​ ប៉ុន្ដែ​ពួក​គេ​«​បាន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​សេចក្ដី​សុចរិត​»។ ដោយ​សារ​ពួក​គេ​កំពុង​មាន​របៀប​រស់​នៅ​ដ៏​ស្អាត​ស្អំ ពួក​គេ​អាច​ទន្ទឹង​រង់​ចាំជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​រ៉ូម ៦:១៧​-​២២​) យើង​ក៏​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ដែរ ដូច្នេះ​យើង​រួច​ផុត​ពី​ទុក្ខ​ព្រួយ​ដែល​មក​ពី​របៀប​រស់​នៅ​ដ៏​ប្រាស​ចាក​សីលធម៌ ឬ​ដ៏​ឃោរ​ឃៅ។ នេះ​ពិត​ជា​ហេតុ​នាំ​ឲ្យ​មាន​អំណរ​មែន!

​«​ឆ្នាំ​ដ៏​សប្បាយ​បំផុត​ក្នុង​ជីវិត​ខ្ញុំ​គឺ​ជា​ឆ្នាំ​ដែល​ខ្ញុំ​បាន​បម្រើ​ព្រះ​យេហូវ៉ា​»​ (​បង​ខែមេ​)

សូម​ពិចារណា​អំពី​គំរូ​របស់​បង​ប្រុស​ខែមេ​ដែល​ធ្លាប់​ជឿ​ការ​វិវត្ដន៍ មិន​ជឿ​ថា​មាន​ព្រះ ហើយ​ក៏​ជា​អ្នក​ប្រដាល់​ដែរ។ បង​ខែមេ​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ ហើយ​គាត់​មាន​អារម្មណ៍​កក់​ក្ដៅ​ពេល​បាន​ឃើញ​បង​ប្អូន​បង្ហាញ​សេចក្ដី​ស្រឡាញ់​នៅ​ទី​នោះ។ ដើម្បី​លះ​ចោល​របៀប​រស់​នៅ​ពី​មុន​របស់​គាត់ បង​ខែមេ​ត្រូវ​សុំ​ព្រះ​យេហូវ៉ា​ជួយ​គាត់​ឲ្យ​មាន​ជំនឿ​លើ​លោក។ បង​ខែមេ​និយាយ​ថា​៖ ​«​បន្ដិច​ម្ដង​ៗ ខ្ញុំ​បាន​រក​ឃើញ​ថា​មាន​ព្រះ​ដែល​ជា​បិតា​ដែល​មាន​សេចក្ដី​ស្រឡាញ់​និង​មេត្ដា​ករុណា។ ការ​ធ្វើ​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​បាន​ជួយ​ការពារ​ខ្ញុំ។ បើ​ខ្ញុំ​មិន​បាន​កែ​ប្រែ ខ្ញុំ​ប្រហែល​ជា​ត្រូវ​គេ​សម្លាប់ ដូច​ដែល​បាន​កើត​ឡើង​ចំពោះ​អ្នក​ប្រដាល់​ខ្លះ​ដែល​ខ្ញុំ​ធ្លាប់​រាប់​អាន​ជា​មិត្ដ។ ឆ្នាំ​ដ៏​សប្បាយ​បំផុត​ក្នុង​ជីវិត​ខ្ញុំ​គឺ​ជា​ឆ្នាំ​ដែល​ខ្ញុំ​បាន​បម្រើ​ព្រះ​យេហូវ៉ា​»។

ចូរ​កុំ​ឈប់​ព្យាយាម!

តើ​យើង​គួរ​មាន​អារម្មណ៍​យ៉ាង​ណា​កាល​ដែល​យើង​រង់​ចាំ​ទី​បញ្ចប់​នៃ​ពិភព​លោក​ដ៏​អាក្រក់​នេះ? សូម​ចាំ​ថា យើង​កំពុង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​ទន្ទឹង​រង់​ចាំ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ​«​ដូច្នេះ យើង​មិន​ត្រូវ​ឈប់​ព្យាយាម​ធ្វើ​អ្វី​ដែល​ល្អ​ប្រសើរ​ឡើយ ព្រោះ​នៅ​ពេល​កំណត់​យើង​នឹង​ទទួល​ផល បើ​យើង​មិន​រសាយ​ចិត្ដ​ទេ​»។ (​កាឡាទី ៦:៨, ៩​) ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា សូម​យើង​ស៊ូ​ទ្រាំ ខំ​ព្យាយាម​ឲ្យ​មាន​គុណ​សម្បត្ដិ​ដែល​យើង​ត្រូវ​ការ​ដើម្បី​រួច​ជីវិត​ពី​«​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​»​ ហើយ​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​មាន​អំណរ។—ការ​បើក​បង្ហាញ ៧:៩,១៣, ១៤; យ៉ាកុប ១:២​-​៤

យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​យើង​ចំពោះ​ការ​ស៊ូ​ទ្រាំ​របស់​យើង ដោយ​សារ​លោក​ដឹង​អំពី​ការ​ដែល​យើង​ធ្វើ​និង​សេចក្ដី​ស្រឡាញ់​ដែល​យើង​បង្ហាញ​ចំពោះ​លោក​និង​ចំពោះ​នាម​របស់​លោក។ បើ​យើង​បន្ដ​បម្រើ​លោក​ដោយ​មាន​អំណរ យើង​នឹង​ដូច​ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុក​តម្កើង ដែល​បាន​និយាយ​ថា​៖ ​«​ទូល​បង្គំ​បាន​តាំង​ព្រះ​យេហូវ៉ា​នៅ​មុខ​ទូល​បង្គំ​ជា​ដរាប ហើយ​ដោយ​ព្រោះ​ទ្រង់​គង់​នៅ​ខាង​ស្ដាំ​ទូល​បង្គំ​បាន​ជា​ទូល​បង្គំ​មិន​ត្រូវ​រង្គើ​ឡើយ។ ហេតុ​នោះ​ចិត្ដ​ទូល​បង្គំ​អរ​សប្បាយ ហើយ​កិត្ដិយស​នៃ​ទូល​បង្គំ​បាន​រីក​រាយ​ឡើង។ រូប​សាច់​នៃ​ទូល​បង្គំ​ក៏​នឹង​នៅ​ដោយ​សាន្ដ​ត្រាណ​ដែរ​»។—ទំនុក​តម្កើង ១៦:៨, ៩