លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​រៀន​ពី​គំរូ​របស់​ពួក​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​ភក្ដី

ចូរ​រៀន​ពី​គំរូ​របស់​ពួក​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​ភក្ដី

​«​ត្រូវ​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី ដែល​បាន​ត្រូវ​បង្កើត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ដោយ​សេចក្ដី​សុចរិត​និង​ភក្ដី​ភាព​ដ៏​ពិត​ប្រាកដ​»។—អេភេសូរ ៤:២៤

ចម្រៀង​លេខ: ១៨, ៤៣

១, ២​. តើ​ដាវីឌ​បាន​បង្ហាញ​យ៉ាង​ណា​ថា​គាត់​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

សុល[​សូល​]និង​ទាហាន​របស់​គាត់​៣.០០០​នាក់​កំពុង​រក​ដាវីឌ​នៅ​តំបន់​ស្ងាត់​ជ្រងំ​យូដា​ដើម្បី​សម្លាប់​គាត់។ ប៉ុន្ដែ​នៅ​យប់​មួយ ដាវីឌ​និង​ពួក​បុរស​របស់​គាត់​បាន​រក​ឃើញ​កន្លែង​ដែល​សុល​និង​ទាហាន​របស់​គាត់​បាន​បោះ​ជំរំ។ ពួក​គេ​ដេក​លក់​ទាំង​អស់​គ្នា ដូច្នេះ​ដាវីឌ​និង​អ័ប៊ីសាយ​បាន​ដើរ​លប​ៗ​កាត់​ពួក​ទាហាន ហើយ​បាន​រក​ឃើញ​សុល។ អ័ប៊ីសាយ​បាន​ខ្សឹប​ដាក់​ដាវីឌ​ថា​៖ ​«​សូម​បើក​ឲ្យ​ខ្ញុំ​ចាក់​នឹង​លំពែង​ឲ្យ​ធ្លុះ​ដល់​ដី​តែ​១​ដង​ទៅ ដើម្បី​កុំ​ឲ្យ​អំពល់​ទៅ​មុខ​ទៀត​»។ ប៉ុន្ដែ​ដាវីឌ​មិន​បាន​អនុញ្ញាត​ឲ្យ​គាត់​សម្លាប់​សុល​ទេ។ គាត់​បាន​ប្រាប់​អ័ប៊ីសាយ​ថា​៖ ​«​កុំ​ឲ្យ​បំផ្លាញ​ជីវិត​ទ្រង់​ឡើយ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​អាច​នឹង​លូក​ដៃ​ទៅ​ទាស់​នឹង​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ ហើយ​ឥត​មាន​ទោស​បាន​ឬ​ទេ?​»។ បន្ទាប់​មក​ដាវីឌ​បាន​និយាយ​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ឃាត់ កុំ​ឲ្យ​ខ្ញុំ​លូក​ដៃ​ទៅ​ទាស់​នឹង​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ឡើយ!​»។—សាំយូអែល​ទី១ ២៦:៨​-​១២

ដាវីឌ​បាន​យល់​អំពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​ដើម្បី​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ គាត់​ដឹង​ថា​គាត់​គួរ​គោរព​សុល ហើយ​គាត់​មិន​ទាំង​គិត​ថា​នឹង​ធ្វើ​បាប​សុល​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​ព្រះ​បាន​ជ្រើស​រើស​សុល​ឲ្យ​ធ្វើ​ជា​ស្ដេច​នៃ​អ៊ីស្រាអែល។ ដូច​សម័យ​មុន នៅ​សព្វ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​បម្រើ​ទាំង​អស់​របស់​លោក​បង្ហាញ​ភក្ដី​ភាព​ចំពោះ​លោក ហើយ​គោរព​ពួក​អ្នក​ដែល​លោក​អនុញ្ញាត​ឲ្យ​មាន​អំណាច។—សូម​អាន អេភេសូរ ៤:២៤

៣​. តើ​អ័ប៊ីសាយ​បាន​បង្ហាញ​ភក្ដី​ភាព​យ៉ាង​ដូច​ម្ដេច​ចំពោះ​ដាវីឌ?

អ័ប៊ីសាយ​បាន​គោរព​ដាវីឌ ដោយ​សារ​គាត់​ដឹង​ថា​ព្រះ​បាន​ជ្រើស​រើស​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច។ ប៉ុន្ដែ ក្រោយ​ពី​ដាវីឌ​បាន​ទៅ​ជា​ស្ដេច គាត់​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ គាត់​បាន​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​របស់​អ៊ូរី ហើយ​ក្រោយ​មក​បាន​ប្រាប់​យ៉ូអាប់​ឲ្យ​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ៊ូរី​នឹង​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ។ (​សាំយូអែល​ទី២ ១១:២​-​៤, ១៤, ១៥; របា​ក្សត្រ​ទី១ ២:១៦​) យ៉ូអាប់​គឺ​ជា​ប្អូន​ប្រុស​របស់​អ័ប៊ីសាយ ដូច្នេះ​អ័ប៊ីសាយ​ប្រហែល​ជា​បាន​ឮ​អំពី​អ្វី​ដែល​ដាវីឌ​បាន​ធ្វើ ប៉ុន្ដែ​គាត់​នៅ​តែ​គោរព​ដាវីឌ។ បន្ថែម​ទៅ​ទៀត អ័ប៊ីសាយ​គឺ​ជា​មេ​ទ័ព ហើយ​គាត់​អាច​ប្រើ​អំណាច​របស់​គាត់​ដើម្បី​តាំង​ខ្លួន​ជា​ស្ដេច ប៉ុន្ដែ​គាត់​មិន​ដែល​ធ្វើ​ដូច្នេះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បម្រើ​ដាវីឌ ហើយ​បាន​ការពារ​ដាវីឌ​ពី​សត្រូវ។—សាំយូអែល​ទី២ ១០:១០; ២០:៦; ២១:១៥​-​១៧

៤​. (​ក​) ស្ដី​អំពី​ការ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ តើ​ដាវីឌ​ជា​គំរូ​ល្អ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​នឹង​ពិចារណា​គំរូ​ណា​ទៀត?

ដាវីឌ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​អស់​មួយ​ជីវិត​របស់​គាត់។ ពេល​គាត់​នៅ​ក្មេង គាត់​បាន​សម្លាប់​កូលីយ៉ាត​ដែល​ជា​មនុស្ស​ធំ​សម្បើម ដែល​បាន​ប្រមាថ​ព្រះ​យេហូវ៉ា​និង​ជន​ជាតិ​អ៊ីស្រាអែល។ (​សាំយូអែល​ទី១ ១៧:២៣, ២៦, ៤៨​-​៥១​) ក្រោយ​ពី​ដាវីឌ​បាន​ធ្វើ​ជា​ស្ដេច គាត់​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង ដូច្នេះ​ណាថាន់​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​បាន​កែ​តម្រង់​គាត់។ ភ្លាម​ៗ ដាវីឌ​បាន​ទទួល​ស្គាល់​ថា​គាត់​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង ហើយ​គាត់​បាន​កែ​ប្រែ។ (​សាំយូអែល​ទី២ ១២:១​-​៥, ១៣​) ក្រោយ​មក ពេល​ដាវីឌ​មាន​វ័យ​ចាស់ គាត់​បាន​ផ្ដល់​ឲ្យ​វត្ថុ​ជា​ច្រើន​ដែល​មាន​តម្លៃ​ដើម្បី​ជួយ​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា។ (​របា​ក្សត្រ​ទី១ ២៩:១​-​៥​) យើង​អាច​ឃើញ​ច្បាស់​ថា ទោះ​ជា​ដាវីឌ​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ក្នុង​ជីវិត​របស់​គាត់​ក្ដី គាត់​មិន​ដែល​ឈប់​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​ទេ។ (​ទំនុក​តម្កើង ៥១:៤, ១០; ៨៦:២​) ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​គំរូ​របស់​ដាវីឌ​និង​អ្នក​ឯ​ទៀត​ដែល​បាន​រស់​នៅ​សម័យ​គាត់ ហើយ​រៀន​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ច្រើន​ជាង​អ្នក​ណា​ទៀត។ ម្យ៉ាង​ទៀត យើង​នឹង​ពិចារណា​គុណ​សម្បត្ដិ​ផ្សេង​ទៀត​ដែល​នឹង​ជួយ​យើង​ធ្វើ​ដូច្នេះ។

តើ​អ្នក​នឹង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ទេ?

៥​. តើ​កំហុស​របស់​អ័ប៊ីសាយ​បង្រៀន​យើង​អ្វី?

ពេល​ដែល​អ័ប៊ីសាយ​ចង់​សម្លាប់​សុល គាត់​បាន​ព្យាយាម​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ដាវីឌ។ ប៉ុន្ដែ ដោយ​សារ​ដាវីឌ​ដឹង​ថា​គឺ​ជា​ការ​ខុស​បើ​ធ្វើ​បាប​«​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​»​ នោះ​គាត់​មិន​ឲ្យ​អ័ប៊ីសាយ​សម្លាប់​ស្ដេច​សុល​ទេ។ (​សាំយូអែល​ទី១ ២៦:៨​-​១១​) នេះ​បង្រៀន​យើង​នូវ​មេ​រៀន​ដ៏​សំខាន់​មួយ​គឺ ពេល​យើង​ត្រូវ​សម្រេច​ចិត្ដ​ថា​យើង​នឹង​មាន​ភក្ដី​ភាព​ខ្លាំង​បំផុត​ចំពោះ​អ្នក​ណា យើង​ត្រូវ​គិត​អំពី​គោល​ការណ៍​ខ្លះ​ក្នុង​គម្ពីរ​ដែល​អាច​ជួយ​យើង​ក្នុង​ស្ថានភាព​នោះ។

គឺ​សំខាន់​ដែល​យើង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ជាង​អ្នក​ណា​ទៀត

៦​. ទោះ​ជា​តាម​ធម្មតា​យើង​មាន​ភក្ដី​ភាព​ចំពោះ​ក្រុម​គ្រួសារ​និង​មិត្ដ​ភក្ដិ​របស់​យើង​ក្ដី ហេតុ​អ្វី​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន?

គឺ​ជា​ការ​ធម្មតា​ដែល​យើង​មាន​ភក្ដី​ភាព​ចំពោះ​អ្នក​ដែល​យើង​ស្រឡាញ់​ដូច​ជា​មិត្ដ​ភក្ដិ ឬ​សមាជិក​ក្រុម​គ្រួសារ​ជា​ដើម។ ប៉ុន្ដែ ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ចិត្ដ​របស់​យើង​អាច​បំភាន់​យើង។ (​យេរេមា ១៧:៩​) ដូច្នេះ បើ​បុគ្គល​ម្នាក់​ដែល​យើង​ស្រឡាញ់​កំពុង​ធ្វើ​អ្វី​ដ៏​អាក្រក់ ហើយ​ចាក​ចេញ​ពី​សេចក្ដី​ពិត យើង​ត្រូវ​ចាំ​ថា​គឺ​សំខាន់​ដែល​យើង​មានភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ជាង​អ្នក​ណា​ទៀត។—សូម​អាន ម៉ាថាយ ២២:៣៧

៧​. តើ​តាម​របៀប​ណា​បង​ស្រី​ម្នាក់​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​ក្នុង​ស្ថានភាព​ដ៏​ពិបាក?

បើ​បុគ្គល​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព​ពី​ក្រុម​ជំនុំ អ្នក​អាច​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​អ្នក​មាន​ភក្ដី​ភាព​ចំពោះ​លោក។ ជា​ឧទាហរណ៍ ម្ដាយ​របស់​បង​ស្រី​អាន​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព។ នៅ​ថ្ងៃ​មួយ​គាត់​បាន​ទូរស័ព្ទ​មក​បង​អាន​ដើម្បី​និយាយ​ថា​គាត់​ចង់​មក​លេង​បង​អាន។  [១](​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​) ម្ដាយ​របស់​បង​អាន​បាន​និយាយ​ថា​គាត់​មិន​សប្បាយ​ចិត្ដ​សោះ ដោយ​សារ​ក្រុម​គ្រួសារ​គាត់​មិន​ព្រម​និយាយ​ជា​មួយ​គាត់។ នេះ​បាន​ធ្វើ​ឲ្យ​បង​អាន​ព្រួយ​ចិត្ដ ហើយ​គាត់​បាន​សន្យា​ថា​គាត់​នឹង​តប​ឆ្លើយ​ទៅ​ម្ដាយ​វិញ​ដោយ​សរសេរ​សំបុត្រ​មួយ។ មុន​បង​អាន​សរសេរ​សំបុត្រ​នោះ គាត់​បាន​រំពឹង​គិត​អំពី​គោល​ការណ៍​គម្ពីរ​ខ្លះ។ (​កូរិនថូស​ទី១ ៥:១១; យ៉ូហាន​ទី២ ៩​-​១១​) បន្ទាប់​មក ក្នុង​សំបុត្រ​នោះ គាត់​បាន​ពន្យល់​ដោយ​សេចក្ដី​សប្បុរស​ថា​គឺ​ជា​ម្ដាយ​គាត់​ដែល​ជា​អ្នក​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​នៅ​ពេល​ដែល​ម្ដាយ​គាត់​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង ហើយ​មិន​ព្រម​កែ​ប្រែ។ បង​អាន​បាន​ប្រាប់​ម្ដាយ​របស់​គាត់​ថា វិធី​តែ​មួយ​គត់​ដែល​គាត់​អាច​សប្បាយ​រីក​រាយ​ឡើង​វិញ​គឺ​ដោយ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ។—យ៉ាកុប ៤:៨

៨​. តើ​គុណ​សម្បត្ដិ​អ្វី​ខ្លះ​នឹង​ជួយ​យើង​ឲ្យ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ?

អ្នក​បម្រើ​ព្រះ​ដ៏​ស្មោះ​ភក្ដី​នៅ​សម័យ​ដាវីឌ​ក៏​សប្បុរស មាន​ចិត្ដ​រាប​ទាប និង​ចិត្ដ​ក្លាហាន។ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​គុណ​សម្បត្ដិ​ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។

យើង​ត្រូវ​មាន​ចិត្ដ​រាប​ទាប

៩​. ហេតុ​អ្វី​អ័ប៊ីនើរ​បាន​ព្យាយាម​សម្លាប់​ដាវីឌ?

យ៉ូណាថាន​ដែល​ជា​កូន​ប្រុស​របស់​សុល និង​អ័ប៊ីនើរ​ដែល​ជា​មេ​បញ្ជាការ​នៃ​ពល​ទ័ព​អ៊ីស្រាអែល បាន​ឃើញ​ដាវីឌ​យក​ក្បាល​របស់​កូលីយ៉ាត​មក​ឯ​ស្ដេច​សុល។ យ៉ូណាថាន​បាន​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ដាវីឌ ហើយ​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​គាត់។ (​សាំយូអែល​ទី១ ១៧:៥៧–១៨:៣​) ប៉ុន្ដែ​អ័ប៊ីនើរ​មិន​បាន​ធ្វើ​ដូច្នេះ​ឡើយ។ តាម​ពិត ក្រោយ​មក​គាត់​ថែម​ទាំង​បាន​ជួយ​សុល​ដែល​ចង់​សម្លាប់​ដាវីឌ។ (​សាំយូអែល​ទី១ ២៦:១​-​៥; ទំនុក​តម្កើង ៥៤:៣​) យ៉ូណាថាន​និង​អ័ប៊ីនើរ​ដឹង​ថា​ព្រះ​ចង់​ឲ្យ​ដាវីឌ​ធ្វើ​ជា​ស្ដេច​បន្ទាប់​នៃ​អ៊ីស្រាអែល។ ប៉ុន្ដែ​ក្រោយ​ពី​សុល​ស្លាប់ អ័ប៊ីនើរ​មិន​បាន​គាំ​ទ្រ​ដាវីឌ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ព្យាយាម​ធ្វើ​ឲ្យ​អ៊ី​ស​បូ​សែត​ដែល​ជា​កូន​ប្រុស​របស់​សុល​ទៅ​ជា​ស្ដេច។ ក្រោយ​មក ប្រហែល​ជា​អ័ប៊ីនើរ​ចង់​តាំង​ខ្លួន​គាត់​ធ្វើ​ជា​ស្ដេច ហើយ​ប្រហែល​នេះ​ជា​មូលហេតុដែល​គាត់​បាន​រួម​ដំណេក​ជា​មួយ​នឹង​អ្នក​ម្នាង​ម្នាក់​របស់​ស្ដេច​សុល។ (​សាំយូអែល​ទី២ ២:៨​-​១០; ៣:៦​-​១១​) ហេតុ​អ្វី​យ៉ូណាថាន​និង​អ័ប៊ីនើរ​មាន​អារម្មណ៍​ខុស​គ្នា​យ៉ាង​ខ្លាំង​ចំពោះ​ដាវីឌ? ពី​ព្រោះ​យ៉ូណាថាន​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​មាន​ចិត្ដ​រាប​ទាប តែ​អ័ប៊ីនើរ​មិន​មែន​ដូច្នេះ​ទេ។

១០​. ហេតុ​អ្វី​អាប់សាឡំម​មិន​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ?

១០ អាប់សាឡំម​ដែល​ជា​កូន​ប្រុស​របស់​ស្ដេច​ដាវីឌ មិន​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​ទេ ពី​ព្រោះ​គាត់​មិន​មាន​ចិត្ដ​រាប​ទាប។ គាត់​ចង់​ធ្វើ​ជា​ស្ដេច ដូច្នេះ​គាត់​បាន‹ចាត់​ចែង​រទេះ​នឹង​សេះ ហើយ​មនុស្ស​៥០​នាក់​សំ​រាប់​រត់​ខាង​មុខ​គាត់›។ (​សាំយូអែល​ទី២ ១៥:១​) គាត់​ក៏​បាន​បញ្ចុះ​បញ្ចូល​ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន​នាក់​ឲ្យ​មាន​ភក្ដី​ភាព​ចំពោះ​គាត់។ គាត់​ថែម​ទាំង​ព្យាយាម​សម្លាប់​ឪ​ពុក​គាត់ ទោះ​ជា​គាត់​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ដាវីឌ​ជា​ស្ដេច​នៃ​អ៊ីស្រាអែល​ក្ដី។—សាំយូអែល​ទី២ ១៥:១៣, ១៤; ១៧:១​-​៤

១១​. តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ពី​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​អ័ប៊ីនើរ អាប់សាឡំម និង​បារូក?

១១ ពេល​ដែល​បុគ្គល​ម្នាក់​មិន​មាន​ចិត្ដ​រាប​ទាប​និង​ចង់​មាន​អំណាច​ច្រើន​ជាង គឺ​ពិបាក​ឲ្យ​គាត់​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ។ យើង​ច្បាស់​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​មិន​ចង់​ប្រព្រឹត្ដ​អាក្រក់​និង​គិត​តែ​ប្រយោជន៍​ខ្លួន​ដូច​អ័ប៊ីនើរ​និង​អាប់សាឡំម​ទេ។ ប៉ុន្ដែ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ចាប់​ផ្ដើម​មាន​ចិត្ដ​ចង់​បាន​លុយ​ច្រើន ឬ​ការ​ងារ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ខ្លួន​គឺ​ជា​បុគ្គល​សំខាន់។ នេះ​នឹង​បង្ខូច​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ អស់​មួយ​រយៈ​ពេល បារូក​ដែល​ជា​លេខាធិការ​របស់​យេរេមា​ចង់​បាន​អ្វី​មួយ​ដែល​គាត់​មិន​មាន ហើយ​គាត់​លែង​សប្បាយ​ក្នុង​ការ​បម្រើ​ព្រះ។ នៅ​ពេល​នោះ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​បារូក​ថា​៖ ​«​មើល! របស់​អ្វី​ដែល​អញ​បាន​ស្អាង​ឡើង នោះ​អញ​នឹង​រំលំ​ចុះ ហើយ​របស់​អ្វី​ដែល​អញ​បាន​ដាំ នោះ​អញ​នឹង​ដក​រំលើង​វិញ ក៏​នឹង​ធ្វើ​យ៉ាង​នោះ​នៅ​ពេញ​ក្នុង​ស្រុក​ផង។ ដូច្នេះ តើ​ឯង​ស្វែង​រក​ការ​យ៉ាង​ធំ​សំ​រាប់​ខ្លួន​ឬ? កុំ​ឡើយ​»។ (​យេរេមា ៤៥:៤, ៥​) បារូក​បាន​ស្តាប់​ព្រះ​យេហូវ៉ា។ យើង​ក៏​ត្រូវ​ស្តាប់​លោក​ដែរ ពី​ព្រោះ​បន្ដិច​ទៀត​លោក​នឹង​បំផ្លាញ​ពិភព​លោក​ដ៏​អាក្រក់​នេះ។

ពេល​អ្នក​លើក​ទឹក​ចិត្ដ​បង​ប្អូន​ណា​ម្នាក់​ឲ្យ​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ អ្នក​កំពុង​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​គាត់ ហើយ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា

១២​. សូម​បង្ហាញ​អំពី​មូលហេតុ​ដែល​យើង​មិន​អាច​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​បើ​យើង​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។

១២ បង​ប្រុស​ដានីយ៉ែល​ដែល​រស់​នៅ​ប្រទេស​ម៉ិកស៊ិក ត្រូវ​សម្រេច​ចិត្ដ​ថា​គាត់​នឹង​បង្ហាញ​ភក្ដី​ភាព​ចំពោះ​អ្នក​ណា។ គាត់​ចង់​រៀប​ការ​ជា​មួយ​នឹង​នារី​ម្នាក់​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ បង​ដានីយ៉ែល​និយាយ​ថា​៖ ​«​ខ្ញុំ​បន្ដ​សរសេរ​សំបុត្រ​ឲ្យ​នាង សូម្បី​តែ​ក្រោយ​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ក្ដី​»។ ប៉ុន្ដែ ក្រោយ​មក​គាត់​បាន​យល់​ថា​គាត់​កំពុង​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដោយ​ធ្វើ​អ្វី​ដែល​គាត់​ចង់​ធ្វើ គាត់​មិន​បាន​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ថា​គាត់​ត្រូវ​មាន​ចិត្ដ​រាប​ទាប។ ដូច្នេះ គាត់​បាន​ប្រាប់​អំពី​នារី​នោះ​ដល់​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​ច្រើន។ បង​ដានីយ៉ែល​ពន្យល់​ថា​៖ ​«​គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ថា​ដើម្បី​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ ខ្ញុំ​ត្រូវ​ឈប់​សរសេរ​សំបុត្រ​ឲ្យ​នាង។ ក្រោយ​ពី​ខ្ញុំ​បាន​យំ​និង​អធិដ្ឋាន​ច្រើន​ដង ខ្ញុំ​បាន​ធ្វើ​ដូច្នេះ​មែន។ មិន​យូរ​ក្រោយ​មក ខ្ញុំ​មាន​អំណរ​កាន់​តែ​ច្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ​»។ ឥឡូវ បង​ដានីយ៉ែល​មាន​ប្រពន្ធ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​គាត់​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។

ភក្ដី​ភាព​ចំពោះ​ព្រះ​ជួយ​យើង​ឲ្យ​បង្ហាញ​ចិត្ដ​សប្បុរស

បើ​អ្នក​ឃើញ​ថា​មិត្ដ​ភក្ដិ​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ តើ​អ្នក​នឹង​និយាយ​ជា​មួយ​នឹង​គាត់ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​គាត់​ទទួល​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ​ឬ​ទេ? (​សូម​មើល​វគ្គ​១៤​)

១៣​. នៅ​ពេល​ដាវីឌ​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង តើ​ណាថាន់​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​និង​ដាវីឌ​យ៉ាង​ដូច​ម្ដេច?

១៣ ពេល​យើង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា យើង​ក៏​អាច​មាន​ភក្ដី​ភាព​ចំពោះ​អ្នក​ឯ​ទៀត​ដែរ ហើយ​ជួយ​ពួក​គេ​តាម​របៀប​ដ៏​ល្អ​បំផុត។ ណាថាន់​ដែល​ជា​អ្នក​ប្រកាស​ទំនាយ បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ក៏​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ដាវីឌ​ដែរ។ ក្រោយ​ដាវីឌ​បាន​យក​ប្រពន្ធ​របស់​បុរស​ម្នាក់ ហើយ​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ស្លាប់ ព្រះ​យេហូវ៉ា​បាន​ចាត់​ណាថាន់​ឲ្យ​ផ្ដល់​ឱវាទ​ដល់​ដាវីឌ។ ណាថាន់​មាន​ចិត្ដ​ក្លាហាន ហើយ​បាន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ​គាត់​ក៏​ប្រព្រឹត្ដ​ដោយ​ឈ្លាស​វៃ​និង​និយាយ​ទៅ​ដាវីឌ​យ៉ាង​សប្បុរស​ដែរ។ គាត់​ចង់​ជួយ​ដាវីឌ​ឲ្យ​យល់​ថា​អំពើ​ខុស​ឆ្គង​របស់​ដាវីឌ​គឺ​ធ្ងន់​ធ្ងរ​យ៉ាង​ខ្លាំង។ ដូច្នេះ គាត់​បាន​ប្រាប់​ដាវីឌ​រឿង​មួយ​អំពី​អ្នក​មាន​ម្នាក់​ដែល​បាន​លួច​កូន​ចៀម​តែ​មួយ​គត់​របស់​អ្នក​ក្រ​ម្នាក់។ ពេល​ដាវីឌ​បាន​ស្តាប់​រឿង​នោះ ដាវីឌ​ខឹង​អ្នក​មាន​នោះ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ។ បន្ទាប់​មក​ណាថាន់​បាន​និយាយ​ថា​៖ ​«​ឯ​មនុស្ស​នោះ គឺ​ជា​អង្គ​ទ្រង់​នេះ​ហើយ!​»។ ដាវីឌ​បាន​ទទួល​ស្គាល់​ថា​គាត់​បាន​ធ្វើ​ខុស​នឹង​ព្រះ​យេហូវ៉ា។—សាំយូអែល​ទី២ ១២:១​-​៧, ១៣

១៤​. តើ​អ្នក​អាច​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​មិត្ដ​ភក្ដិ​ឬ​សាច់​ញាតិ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច?

១៤ អ្នក​ក៏​អាច​មាន​ភក្ដី​ភាព​ខ្លាំង​បំផុត​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​មាន​ភក្ដី​ភាព​ចំពោះ​អ្នក​ឯ​ទៀត ដោយ​បង្ហាញ​ចិត្ដ​សប្បុរស។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​មាន​ភ័ស្ដុតាង​ថា​បង​ប្អូន​ម្នាក់​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ អ្នក​ប្រហែល​ជា​ចង់​រក្សា​ភក្ដី​ភាព​ចំពោះ​គាត់ ជា​ពិសេស​បើ​គាត់​ជា​មិត្ដ​ជិត​ស្និទ្ធ​ឬ​សមាជិក​ក្រុម​គ្រួសារ​អ្នក។ ប៉ុន្ដែ អ្នក​ក៏​ដឹង​ដែរ​ថា​គឺ​សំខាន់​ជាង​ដែល​អ្នក​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ ដូច្នេះ​ដូច​ណាថាន់ ចូរ​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា ប៉ុន្ដែ​ចូរ​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​បង​ប្អូន​នោះ។ ចូរ​ប្រាប់​គាត់​ថា​គាត់​គួរ​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ ហើយ​គាត់​គួរ​និយាយ​ជា​មួយ​ពួក​គាត់​ភ្លាម​ៗ។ បើ​គាត់​មិន​ធ្វើ​ដូច្នេះ អ្នក​គួរ​ប្រាប់​ពួក​អ្នក​ចាស់​ទុំ។ ដោយ​ធ្វើ​ដូច្នេះ អ្នក​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​នៅ​ពេល​ដំណាល​គ្នា​អ្នក​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​បង​ប្អូន​នោះ ដោយ​សារ​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​គាត់​ឲ្យ​មាន​ចំណង​មិត្ដភាព​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឡើង​វិញ។ ពួក​គាត់​នឹង​កែ​តម្រង់​គាត់​ដោយ​ស្លូតបូត។—សូម​អាន លេវីវិន័យ ៥:១; កាឡាទី ៦:១

យើង​ត្រូវ​មាន​ចិត្ដ​ក្លាហាន​ដើម្បី​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ

១៥, ១៦​. ហេតុ​អ្វី​ហ៊ូ​សាយ​ត្រូវ​ការ​ចិត្ដ​ក្លាហាន​ដើម្បី​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ?

១៥ ហ៊ូ​សាយ​គឺ​ជា​មិត្ដ​ស្មោះ​ភក្ដី​ម្នាក់​របស់​ដាវីឌ។ នៅ​ពេល​ដែល​បណ្ដា​ជន​ជា​ច្រើន​នាក់​ចង់​លើក​អាប់សាឡំម​ធ្វើ​ជា​ស្ដេច ហ៊ូ​សាយ​ត្រូវ​ការ​ចិត្ដ​ក្លាហាន​ដើម្បី​រក្សា​ភក្ដី​ភាព​ចំពោះ​ដាវីឌនិង​ចំពោះ​ព្រះ។ គាត់​ដឹង​ថា​អាប់សាឡំម​បាន​មក​ឯ​ក្រុង​យេរូសាឡិម​ជា​មួយ​នឹង​ទាហាន​របស់​គាត់ ហើយ​ដាវីឌ​បាន​រត់​គេច​ខ្លួន។ (​សាំយូអែល​ទី២ ១៥:១៣; ១៦:១៥​) តើ​ហ៊ូ​សាយ​បាន​ធ្វើ​អ្វី? តើ​គាត់​បាន​បោះ​បង់​ដាវីឌ ហើយ​គាំ​ទ្រ​អាប់សាឡំម​ឬ? មិន​មែន​ទេ។ ទោះ​ជា​ដាវីឌ​មាន​វ័យ​ចាស់ ហើយ​មនុស្ស​ជា​ច្រើន​នាក់​ចង់​សម្លាប់​គាត់​ក៏​ដោយ ហ៊ូ​សាយ​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​គាត់​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច។ ដូច្នេះ​ហ៊ូ​សាយ​បាន​ទៅ​ភ្នំ​ដើម​អូលីវ​ដើម្បី​ជួប​ដាវីឌ។—សាំយូអែល​ទី២ ១៥:៣០, ៣២

១៦ ដាវីឌ​បាន​សុំ​ហ៊ូ​សាយ​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​ធ្វើ​ពុត​ជា​មិត្ដ​ភក្ដិ​របស់​អាប់សាឡំម ដើម្បី​គាត់​អាច​បញ្ចុះ​បញ្ចូល​អាប់សាឡំម​ឲ្យ​ស្តាប់​ឱវាទ​របស់​គាត់​ជា​ជាង​ស្តាប់​ឱវាទ​របស់​អ័ហ៊ីថូផែល។ ហ៊ូ​សាយ​មាន​ចិត្ដ​ក្លាហាន ហើយ​បាន​ប្រថុយ​ជីវិត​ដើម្បី​ស្តាប់​បង្គាប់​ដាវីឌ​និង​ដើម្បី​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ ដាវីឌ​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​ហ៊ូ​សាយ ហើយ​នោះ​ជា​អ្វី​ដែល​បាន​កើត​ឡើង។ អាប់សាឡំម​បាន​ស្តាប់​ហ៊ូ​សាយ​ជា​ជាង​ស្តាប់​អ័ហ៊ីថូផែល។—សាំយូអែល​ទី២ ១៥:៣១; ១៧:១៤

១៧​. ហេតុ​អ្វី​យើង​ត្រូវ​ការ​ចិត្ដ​ក្លាហាន​ដើម្បី​មាន​ភក្ដី​ភាព?

១៧ យើង​ត្រូវ​ការ​ចិត្ដ​ក្លាហាន​ដើម្បី​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ដើម្បី​ស្តាប់​បង្គាប់​លោក​ជា​ជាង​ធ្វើ​អ្វី​ដែល​សមាជិក​ក្រុម​គ្រួសារ អ្នក​រួម​ការ​ងារ ឬ​ពួក​អាជ្ញាធរ​រដ្ឋាភិបាល​ចង់​ឲ្យ​យើង​ធ្វើ។ ជា​ឧទាហរណ៍ នៅ​ប្រទេស​ជប៉ុន តាំង​ពី​បង​ប្រុស​ថារ៉ូ​នៅ​ក្មេង គាត់​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ឪ​ពុក​ម្ដាយ​សប្បាយ​ចិត្ដ។ បង​ថារ៉ូ​បាន​ស្តាប់​បង្គាប់​ពួក​គាត់​និង​មាន​ភក្ដី​ភាព​ចំពោះ​ពួក​គាត់ មិន​គ្រាន់​តែ​ដោយ​សារ​គាត់​ត្រូវ​ធ្វើ​ដូច្នេះ​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​គាត់​ស្រឡាញ់​ពួក​គាត់។ ប៉ុន្ដែ ពេល​គាត់​ចាប់​ផ្ដើម​សិក្សា​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា ឪ​ពុក​ម្ដាយ​របស់​គាត់​ចង់​ឲ្យ​គាត់​ឈប់។ នេះ​បាន​ធ្វើ​ឲ្យ​បង​ថារ៉ូ​ព្រួយ​ចិត្ដ។ គាត់​ក៏​ពិបាក​ប្រាប់​ឪ​ពុក​ម្ដាយ​ថា​គាត់​បាន​សម្រេច​ចិត្ដ​ទៅ​ប្រជុំ។ បង​ថារ៉ូ​និយាយ​ថា​៖ ​«​ពួក​គាត់​ខឹង​ដល់​ម៉្លេះ​បាន​ជា​ពួក​គាត់​បាន​ហាមឃាត់​ខ្ញុំ​មិន​ឲ្យ​ទៅ​លេង​ផ្ទះ​របស់​ពួក​គាត់​អស់​ប៉ុន្មាន​ឆ្នាំ។ ខ្ញុំ​បាន​អធិដ្ឋាន​សុំ​ឲ្យ​មាន​ចិត្ដ​ក្លាហាន​ដើម្បី​បន្ដ​ធ្វើ​តាម​ការ​សម្រេច​ចិត្ដ​របស់​ខ្ញុំ។ ឥឡូវ​ចិត្ដ​គំនិត​របស់​ពួក​គាត់​ល្អ​ជាង​មុន ហើយ​ខ្ញុំ​អាច​ទៅ​លេង​ពួក​គាត់​ជា​ទៀង​ទាត់​»។—សូម​អាន សុភាសិត ២៩:២៥

១៨​. តើ​អ្នក​បាន​ទទួល​ប្រយោជន៍​អ្វី​ពី​អត្ថបទ​សិក្សា​នេះ?

១៨ ដូច​ដាវីឌ យ៉ូណាថាន ណាថាន់ និង​ហ៊ូ​សាយ​ដែរ សូម​ឲ្យ​យើង​មាន​អំណរ​ដែល​មក​ពី​ការ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ យើង​មិន​ចង់​ធ្វើ​តាម​អ័ប៊ីនើរ​និង​អាប់សាឡំម​ដែល​មិន​មាន​ភក្ដី​ភាព​ឡើយ។ ពិត​មែន​តែ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ចេះ​ធ្វើ​ខុស ប៉ុន្ដែ​សូម​យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​ការ​មាន​ភក្ដី​ភាព​ចំពោះ​លោក​គឺ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។

^ [​១​] (​វគ្គ​៧​) ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។