លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​យក​តម្រាប់​មិត្ដ​ជិត​ស្និទ្ធ​របស់​ព្រះ​យេហូវ៉ា

ចូរ​យក​តម្រាប់​មិត្ដ​ជិត​ស្និទ្ធ​របស់​ព្រះ​យេហូវ៉ា

​«​សេចក្ដី​មេត្រី​មិត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ទ្រង់​»។ —ទំនុក​តម្កើង ២៥:១៤

ចម្រៀង​លេខ: ២៧, ២១

១​-​៣​. (​ក​) ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​យើង​អាច​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ? (​ខ​) តើ​យើង​នឹង​ពិចារណា​គំរូ​របស់​អ្នក​ណា​ខ្លះ​ក្នុង​អត្ថបទ​នេះ?

នៅ​ក្នុង​គម្ពីរ អាប្រាហាំ​បាន​ត្រូវ​ហៅ​ថា​សម្លាញ់​របស់​ព្រះ​អស់​បី​ដង។ (​របា​ក្សត្រ​ទី២ ២០:៧; អេសាយ ៤១:៨; យ៉ាកុប ២:២៣​) ក្នុង​គម្ពីរ គាត់​គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​បាន​ត្រូវ​ហៅ​យ៉ាង​ចំ​ៗ​ថា​សម្លាញ់​របស់​ព្រះ។ តើ​នេះ​មាន​ន័យ​ថា​អាប្រាហាំ​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​ឬ? មិន​មែន​ទេ។ គម្ពីរ​បង្ហាញ​ថា​យើង​ទាំង​អស់​គ្នា​អាច​មាន​ឯកសិទ្ធិ​នេះ។

បណ្ដាំ​របស់​ព្រះ​គឺ​ពេញ​ទៅ​ដោយ​កំណត់​ហេតុ​អំពី​បុរស​និង​ស្ដ្រី​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​ដែល​បាន​កោត​ខ្លាច​ព្រះ​យេហូវ៉ា ជឿ​លើ​លោក ហើយ​ទៅ​ជា​មិត្ដ​ជិត​ស្និទ្ធ​របស់​លោក។ (​សូម​អាន ទំនុក​តម្កើង ២៥:១៤) ពួក​គេ​គឺ​ជា​សមាជិក​នៃ​«​សាក្សី​មួយ​ក្រុម​ធំ​»​ដែល​ប៉ូល​បាន​រៀប​រាប់។ បុគ្គល​ទាំង​អស់​នេះ​បាន​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ។—ហេប្រឺ ១២:១

សូម​ឲ្យ​យើង​ពិនិត្យ​ពិចារណា​អំពី​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​បី​នាក់​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​គម្ពីរ​៖ (​១​) រូថ​ដែល​ជា​ស្ដ្រី​មេ​ម៉ាយ​វ័យ​ក្មេង​ដ៏​ស្មោះ​ភក្ដី​ដែល​មក​ពី​ស្រុក​ម៉ូអាប់ (​២​) ហេសេគា​ដែល​ជា​ស្ដេច​ស្មោះ​ត្រង់​នៃ​ស្រុក​យូដា ហើយ (​៣​) ម៉ារៀ​ដែល​ជា​ម្ដាយ​ដែល​មាន​ចិត្ដ​រាប​ទាប​របស់​លោក​យេស៊ូ។ តើ​យើង​អាច​រៀន​អ្វី​ពី​របៀប​ដែល​ពួក​គាត់​ម្នាក់​ៗ​បាន​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ?

គាត់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ

៤, ៥​. តើ​រូថ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ពិបាក​អ្វី ហើយ​ហេតុ​អ្វី​គាត់​ពិបាក​ធ្វើ​ការ​សម្រេច​ចិត្ដ​នោះ​ខ្លាំង​ម៉្លេះ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ន៉ាអូមី​ជា​មួយ​នឹង​រូថ​និង​អ័រប៉ា​ដែល​ជា​កូន​ប្រសា​ស្រី​របស់​គាត់ កំពុង​ដើរ​យ៉ាង​ឆ្ងាយ​ពី​ស្រុក​ម៉ូអាប់​ទៅ​ស្រុក​អ៊ីស្រាអែល។ នៅ​តាម​ផ្លូវ អ័រប៉ា​បាន​សម្រេច​ចិត្ដ​ទៅ​ស្រុក​ម៉ូអាប់​ដែល​ជា​ស្រុក​កំណើត​របស់​គាត់​វិញ។ ប៉ុន្ដែ ន៉ាអូមី​បាន​តាំង​ចិត្ដ​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​ដែល​ជា​ស្រុក​កំណើត​របស់​គាត់។ តើ​រូថ​បាន​សម្រេច​ចិត្ដ​ធ្វើ​អ្វី? គាត់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ពិបាក​មួយ។ តើ​គាត់​នឹង​ត្រឡប់​ទៅ​ផ្ទះ​នៅ​ស្រុក​ម៉ូអាប់​វិញ​ដើម្បី​នៅ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​គាត់ ឬ​ក៏​តើ​គាត់​នឹង​នៅ​ជា​មួយ​នឹង​ន៉ាអូមី​ដែល​ជា​ម្ដាយ​ក្មេក​របស់​គាត់ ហើយ​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម?—នាង​រស់ ១:១​-​៨, ១៤

ក្រុម​គ្រួសារ​របស់​រូថ​រស់​នៅ​ស្រុក​ម៉ូអាប់។ គាត់​អាច​ត្រឡប់​ទៅ​ឯ​ពួក​គេ​វិញ ហើយ​ពួក​គេ​ទំនង​ជា​នឹង​ថែ​រក្សា​គាត់។ គាត់​ស្គាល់​បណ្ដា​ជន ភាសា និង​វប្បធម៌​នៅ​ស្រុក​ម៉ូអាប់។ ន៉ាអូមី​មិន​អាច​ប្រាកដ​ថា​រូថ​នឹង​មាន​អ្វី​ទាំង​នេះ​ពេល​នៅ​ភូមិ​បេថ្លេហិម​ទេ។ ម្យ៉ាង​ទៀត ន៉ាអូមី​បារម្ភ​ថា​គាត់​នឹង​មិន​អាច​រក​ប្ដី ឬ​ផ្ទះ​ឲ្យ​រូថ​បាន។ ហេតុ​នេះ ន៉ាអូមី​បាន​ប្រាប់​គាត់​ឲ្យ​ត្រឡប់​ទៅ​ស្រុក​ម៉ូអាប់​វិញ។ អ័រប៉ា​«​បាន​វិល​ត្រឡប់​ទៅ​រក​ជន​ជាតិ​របស់​នាង និង​ទៅ​បំរើ​ព្រះ​របស់​នាង​វិញ​ហើយ​»។ (​នាង​រូថ ១:៩​-​១៥; ខ.ស. យើង​កែ​ជា​អក្សរ​ដិត​) ប៉ុន្ដែ រូថ​បាន​សម្រេច​ចិត្ដ​ថា​មិន​ត្រឡប់​ទៅ​ឯ​ជន​ជាតិ​របស់​គាត់​និង​ព្រះ​ក្លែង​ក្លាយ​របស់​ពួក​គេ​វិញ​ឡើយ។

៦​. (​ក​) តើ​រូថ​បាន​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ​អ្វី? (​ខ​) ហេតុ​អ្វី​បូអូស​និយាយ​ថា​រូថ​បាន​មក​ជ្រក​ក្រោម​ស្លាប​ព្រះ​យេហូវ៉ា?

តាម​មើល​ទៅ​រូថ​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​ពី​ប្ដី​របស់​គាត់ ឬ​ពី​ន៉ាអូមី។ គាត់​បាន​រៀន​ថា​ព្រះ​យេហូវ៉ា​គឺ​មិន​ដូច​ព្រះ​ផ្សេង​ៗ​នៅ​ស្រុក​ម៉ូអាប់​ទេ។ គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​បាន​ដឹង​ថា​លោក​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​ប្រណិប័តន៍​ពី​គាត់។ ដូច្នេះ រូថ​បាន​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ​មួយ។ គាត់​បាន​ប្រាប់​ន៉ាអូមី​ថា​៖ ​«​សាសន៍​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ​»។ (​នាង​រស់ ១:១៦​) ពេល​យើង​គិត​អំពី​សេចក្ដី​ស្រឡាញ់​ដែល​រូថ​មាន​ចំពោះ​ន៉ាអូមី នោះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ។ ប៉ុន្ដែ អ្វី​ដែល​គួរ​ឲ្យ​កោត​ស្ងើច​ជាង​នេះ​ទៅ​ទៀត​គឺ​សេចក្ដី​ស្រឡាញ់​ដែល​រូថ​មាន​ចំពោះ​ព្រះ​យេហូវ៉ា។ នេះ​ក៏​ធ្វើ​ឲ្យ​បូអូស​កោត​ស្ងើច​ដែរ ហើយ​ក្រោយ​មក​បូអូស​បាន​សរសើរ​រូថ​ដោយ​សារ​គាត់‹បាន​មក​ជ្រក​ក្រោម​ស្លាប​ព្រះ​យេហូវ៉ា›។ (​សូម​អាន នាង​រស់ ២:១២) ពាក្យ​ដែល​បូអូស​បាន​ប្រើ​ប្រហែល​ជា​រំលឹក​យើង​អំពី​របៀប​ដែល​កូន​បក្សី​ស្វែង​រក​ការ​ការពារ​ដោយ​ជ្រក​ក្រោម​ស្លាប​មេ​បា​របស់​វា។ (​ទំនុក​តម្កើង ៣៦:៧; ៩១:១​-​៤​) ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​ការពារ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដល់​រូថ ហើយ​បាន​ផ្ដល់​រង្វាន់​ឲ្យ​គាត់​ដោយ​សារ​ជំនឿ​របស់​គាត់។ រូថ​គ្មាន​មូលហេតុ​ស្តាយ​ក្រោយ​ចំពោះ​ការ​សម្រេច​ចិត្ដ​របស់​គាត់​ឡើយ។

៧​. តើ​អ្វី​អាច​ជួយ​ពួក​អ្នក​ដែល​ស្ទាក់​ស្ទើរ​ប្រគល់​ជីវិត​របស់​ពួក​គេ​ជូន​ព្រះ​យេហូវ៉ា?

មនុស្ស​ជា​ច្រើន​រៀន​អំពី​ព្រះ​យេហូវ៉ា ប៉ុន្ដែ​សម្រេច​ចិត្ដ​មិន​យក​លោក​ជា​ទី​ពឹង​ពំនាក់​ទេ។ ពួក​គេ​ស្ទាក់​ស្ទើរ​ប្រគល់​ជីវិត​របស់​ពួក​គេ​ជូន​លោក​និង​ទទួល​ការ​ជ្រមុជ​ទឹក។ បើ​អ្នក​មាន​អារម្មណ៍​ដូច្នេះ​ដែរ សូម​គិត​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ទាក់​ស្ទើរ។ បុគ្គល​គ្រប់​រូប​បម្រើ​ព្រះ​របស់​ពួក​គេ។ (​យ៉ូស្វេ ២៤:១៥​) ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ​គឺ​ការ​បម្រើ​ព្រះ​ពិត។ ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា អ្នក​បង្ហាញ​ថា​អ្នក​មាន​ជំនឿ​ថា​លោក​នឹង​ធ្វើ​ជា​ទី​ពឹង​ពំនាក់​សម្រាប់​អ្នក។ ម្យ៉ាង​ទៀត លោក​នឹង​ជួយ​អ្នក​បន្ដ​បម្រើ​លោក ទោះ​ជា​អ្នក​មាន​បញ្ហា​អ្វី​ក៏​ដោយ។ នោះ​គឺ​ជា​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ចំពោះ​រូថ។

«​ទ្រង់​កាន់​ខ្ជាប់​តាម​ព្រះ​យេហូវ៉ា​»

៨​. សូម​រៀប​រាប់​អំពី​ជីវប្រវត្ដិ​របស់​ហេសេគា។

ជីវប្រវត្ដិ​របស់​ហេសេគា​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ជីវប្រវត្ដិ​របស់​រូថ។ ហេសេគា​គឺ​ជា​សមាជិក​នៃ​ប្រជា​ជាតិ​មួយ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ។ ប៉ុន្ដែ មិន​មែន​ជន​ជាតិ​អ៊ីស្រាអែលទាំង​អស់​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ទេ។ ស្ដេច​អេហាស​ដែល​ជា​ឪ​ពុក​របស់​ហេសេគា​គឺ​ជា​មនុស្ស​ដ៏​អាក្រក់។ គាត់​មិន​បាន​បង្ហាញ​ការ​គោរព​ចំពោះ​វិហារ​របស់​ព្រះ​ទេ ហើយ​បាន​បញ្ចុះ​បញ្ចូល​បណ្ដា​ជន​ឲ្យ​គោរព​បូជា​ព្រះ​ផ្សេង​ទៀត។ អេហាស​ថែម​ទាំង​បាន​យក​បង​ប្អូន​ប្រុស​ខ្លះ​របស់​ហេសេគា​ទៅ​ដុត​ទាំង​រស់​ដើម្បី​ធ្វើ​ជា​គ្រឿង​បូជា​ទៅ​ព្រះ​មិន​ពិត។ ហេសេគា​បាន​ឆ្លង​កាត់​កុមារភាព​ដ៏​ខ្លោច​ផ្សា!—ពង្សាវតារ​ក្សត្រ​ទី២ ១៦:២​-​៤, ១០​-​១៧; របា​ក្សត្រ​ទី២ ២៨:១​-​៣

៩, ១០​. (​ក​) ហេតុ​អ្វី​ប្រហែល​ជា​ងាយ​ស្រួល​ឲ្យ​ហេសេគា​ខឹង​នឹង​ព្រះ? (​ខ​) ហេតុ​អ្វី​យើង​មិន​គួរ​ខឹង​នឹង​ព្រះ? (​គ​) ហេតុ​អ្វី​យើង​មិន​គួរ​គិត​ថា​ជីវប្រវត្ដិ​របស់​យើង​បញ្ជាក់​ថា​យើង​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​បែប​ណា?

គំរូ​អាក្រក់​របស់​អេហាស​អាច​ធ្វើ​ឲ្យ​ហេសេគា​ដែល​ជា​កូន​ប្រុស​របស់​គាត់​ខឹង​នឹង​ព្រះ​យេហូវ៉ា។ សព្វ​ថ្ងៃ​នេះ អ្នក​ខ្លះ​ដែល​បាន​រង​ទុក្ខ​តិច​ជាង​ហេសេគា​ឆ្ងាយ​ណាស់​មាន​ទស្សនៈ​ថា​ពួក​គេ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​«​អន់​ចិត្ដ​ចំពោះ​ព្រះ​យេហូវ៉ា​»​ ឬ​ខឹង​នឹង​អង្គ​ការ​របស់​លោក។ (​សុភាសិត ១៩:៣​) អ្នក​ខ្លះ​ទៀត​មាន​ទស្សនៈ​ថា​ជីវប្រវត្ដិ​មិន​ល្អ​របស់​ក្រុម​គ្រួសារ​ពួក​គេ​ប្រហែល​ជា​នឹង​នាំ​ឲ្យ​ពួក​គេ​មាន​ជីវិត​អាក្រក់ ឬ​ធ្វើ​ឲ្យ​ពួក​គេ​ប្រព្រឹត្ដ​ខុស​តាម​ឪ​ពុក​ម្ដាយ​របស់​ខ្លួន។ (​អេសេគាល ១៨:២, ៣​) ប៉ុន្ដែ តើ​ទស្សនៈ​ទាំង​នេះ​ត្រឹម​ត្រូវ​ឬ​ទេ?

១០ ជីវិត​របស់​ហេសេគា​បង្ហាញ​ថា​ចម្លើយ​ចំពោះ​សំណួរ​នោះ​គឺ​មិន​មែន​ទេ! គ្មាន​មូលហេតុ​ត្រឹម​ត្រូវ​ដើម្បី​ខឹង​នឹង​ព្រះ​យេហូវ៉ា​ឡើយ។ លោក​មិន​ធ្វើ​ឲ្យ​រឿង​អាក្រក់​កើត​ឡើង​ចំពោះ​មនុស្ស​ទេ។ (​យ៉ូប ៣៤:១០​) ពិត​មែន ឪ​ពុក​ម្ដាយ​អាច​បង្រៀន​កូន​របស់​ពួក​គេ​ឲ្យ​ធ្វើ​អំពើ​ល្អ​ឬ​អំពើ​អាក្រក់។ (​សុភាសិត ២២:៦; កូឡុស ៣:២១​) ប៉ុន្ដែ នេះ​មិន​មាន​ន័យ​ថា​ជីវប្រវត្ដិ​របស់​ក្រុម​គ្រួសារ​យើង​នឹង​បញ្ជាក់​ថា​យើង​នឹង​ទៅ​ជា​មនុស្ស​បែប​ណា​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អំណោយ​មួយ​ដល់​យើង ពោល​គឺ​ចិត្ដ​សេរី។ ចិត្ដ​សេរី​មាន​ន័យ​ថា​យើង​អាច​ជ្រើស​រើស​ធ្វើ​អ្វី​ដែល​ល្អ​ឬ​អ្វី​ដែល​អាក្រក់។ (​ចោទិយកថា ៣០:១៩​) តើ​ហេសេគា​បាន​ប្រើ​អំណោយ​ដ៏​មាន​តម្លៃ​នេះ​យ៉ាង​ដូច​ម្ដេច?

មនុស្ស​វ័យ​ក្មេង​ជា​ច្រើន​នាក់​ទទួល​យក​សេចក្ដី​ពិត ទោះ​ជា​ក្រុម​គ្រួសារ​របស់​ពួក​គេ​មាន​ជីវប្រវត្ដិ​យ៉ាង​ណា​ក៏​ដោយ (​សូម​មើល​វគ្គ​៩, ១០​)

១១​. តើ​អ្វី​បាន​នាំ​ឲ្យ​ហេសេគា​ធ្វើ​ជា​ស្ដេច​ដ៏​ល្អ​នៃ​ស្រុក​យូដា?

១១ ទោះ​ជា​ឪ​ពុក​របស់​ហេសេគា​គឺ​ជា​ស្ដេច​ដ៏​អាក្រក់​នៅ​ស្រុក​យូដា​ក៏​ដោយ ហេសេគា​បាន​ទៅ​ជា​ស្ដេច​ដ៏​ល្អ​ម្នាក់។ (​សូម​អាន ពង្សាវតារ​ក្សត្រ​ទី២ ១៨:៥, ៦) គាត់​បាន​សម្រេច​ចិត្ដ​មិន​ធ្វើ​តាម​គំរូ​អាក្រក់​របស់​ឪ​ពុក​គាត់។ ផ្ទុយ​ទៅ​វិញ គាត់​បាន​សម្រេច​ចិត្ដ​យក​ចិត្ដ​ទុក​ដាក់​ស្តាប់​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ដូច​ជា​អេសាយ មីកា និង​ហូសេ​ជា​ដើម។ គាត់​បាន​យក​ចិត្ដ​ទុក​ដាក់​យ៉ាង​ដិត​ដល់​នឹង​ឱវាទ​និង​ការ​កែ​តម្រង់​ដែល​ពួក​គេ​ផ្ដល់​ឲ្យ។ នេះ​បាន​ជំរុញ​ចិត្ដ​គាត់​ឲ្យ​កែ​តម្រូវ​អ្វី​មិន​ល្អ​ជា​ច្រើន​ដែល​ឪ​ពុក​គាត់​បាន​ធ្វើ។ គាត់​បានសម្អាត​វិហារ​របស់​ព្រះ បាន​សុំ​ព្រះ​ឲ្យ​អភ័យ​ទោស​ចំពោះ​ភាព​ខុស​ឆ្គង​របស់​បណ្ដា​ជន ហើយ​បាន​បំផ្លាញ​រូប​ព្រះ​ទូ​ទាំង​ស្រុក​នោះ។ (​របា​ក្សត្រ​ទី២ ២៩:១​-​១១, ១៨​-​២៤; ៣១:១​) ក្រោយ​មក ពេល​សានហេរីប​ដែល​ជា​ស្ដេច​ជន​ជាតិ​អាសស៊ើរ​បាន​គំរាម​វាយ​ប្រហារ​ក្រុង​យេរូសាឡិម ហេសេគា​បាន​បង្ហាញ​ចិត្ដ​ក្លាហាន​និង​ជំនឿ​យ៉ាង​ខ្លាំង។ គាត់​បាន​ទុក​ចិត្ដ​ថា​ព្រះ​យេហូវ៉ា​នឹង​ការពារ​ពួក​គេ ហើយ​គាត់​បាន​ពង្រឹង​កម្លាំង​រាស្ដ្រ​របស់​គាត់។ (​របា​ក្សត្រ​ទី២ ៣២:៧, ៨​) នៅ​ពេល​មួយ​ហេសេគា​មាន​ចិត្ដ​អំណួត ប៉ុន្ដែ​ពេល​ព្រះ​យេហូវ៉ា​បាន​កែ​តម្រង់​គាត់ គាត់​បាន​បន្ទាប​ខ្លួន។ (​របា​ក្សត្រ​ទី២ ៣២:២៤​-​២៦​) យើង​អាច​ឃើញ​ច្បាស់​ថា​ហេសេគា​គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​ដែល​យើង​អាច​ធ្វើ​តាម។ គាត់​មិន​បាន​ឲ្យ​ជីវប្រវត្ដិ​របស់​ក្រុម​គ្រួសារ​គាត់​មាន​ឥទ្ធិពល​អាក្រក់​លើ​ជីវិត​របស់​គាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បង្ហាញ​ថា​គាត់​គឺ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា។

១២​. ដូច​ហេសេគា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ​តើ​មនុស្ស​ជា​ច្រើន​នាក់​បាន​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​គឺ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា?

១២ ពិភព​លោក​សព្វ​ថ្ងៃ​នេះ​គឺ​ឃោរ​ឃៅ​និង​គ្មាន​សេចក្ដី​ស្រឡាញ់ ហើយ​កូន​ក្មេង​ជា​ច្រើន​នាក់​ធំ​ឡើង​ដោយ​គ្មាន​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ដ​ទុក​ដាក់​ពី​ឪ​ពុក​ម្ដាយ។ (​ធីម៉ូថេ​ទី២ ៣:១​-​៥​) ទោះ​ជា​គ្រិស្ដ​សាសនិក​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​មក​ពី​ក្រុម​គ្រួសារ​ដែល​មាន​ជីវប្រវត្ដិ​ពិបាក​ក្ដី ពួក​គេ​បាន​សម្រេច​ចិត្ដ​បង្កើត​ឲ្យ​មាន​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ដូច​ហេសេគា​ដែរ ពួក​គេ​បង្ហាញ​ថា​ជីវប្រវត្ដិ​របស់​ក្រុម​គ្រួសារ​ពួក​គេ​មិន​ចាំ​បាច់​បញ្ជាក់​ថា​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​បែប​ណា​នៅ​ពេល​អនាគត​ឡើយ។ ព្រះ​បាន​ឲ្យ​យើង​នូវ​ចិត្ដ​សេរី​ដែល​ជា​អំណោយ​មួយ ហើយ​យើង​អាច​សម្រេច​ចិត្ដ​បម្រើ​លោក​និង​លើក​កិត្ដិយស​លោក ដូច​ដែល​ហេសេគា​បាន​ធ្វើ។

«​មើល! ខ្ញុំ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​យេហូវ៉ា!​»

១៣, ១៤​. ហេតុ​អ្វី​ភារកិច្ច​របស់​ម៉ារៀ​ប្រហែល​ជា​មើល​ទៅ​ដូច​ជា​ពិបាក​ពេក ប៉ុន្ដែ​តើ​គាត់​បាន​តប​ឆ្លើយ​យ៉ាង​ណា​ពេល​កាព្រីយ៉ែល​និយាយ​ទៅ​កាន់​គាត់?

១៣ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោយ​ពី​សម័យ​ហេសេគា ម៉ារៀ​ដែល​ជា​ស្ដ្រី​វ័យ​ក្មេង​ដែល​មាន​ចិត្ដ​រាប​ទាប មាន​ចំណង​មិត្ដភាព​ពិសេស​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​ទទួល​ឯកសិទ្ធិ​ដ៏​ពិសេស​មួយ។ គាត់​នឹង​មាន​ផ្ទៃ​ពោះ ហើយ​នឹង​សម្រាល​បាន​បុត្រ​របស់​ព្រះ ព្រម​ទាំង​ចិញ្ចឹម​អប់រំ​បុត្រ​នោះ! ដើម្បី​ប្រគល់​ឲ្យ​ម៉ារៀ​នូវ​ភារកិច្ច​ដ៏​អស្ចារ្យ​បែប​នេះ ព្រះ​យេហូវ៉ា​ច្បាស់​ជា​ស្រឡាញ់​និង​ទុក​ចិត្ដ​គាត់​ខ្លាំង​ណាស់។ ប៉ុន្ដែ តើ​គាត់​បាន​ប្រព្រឹត្ដ​យ៉ាង​ណា​ពេល​គាត់​បាន​ឮ​អំពី​ភារកិច្ច​នោះ​ជា​លើក​ដំបូង?

​«​មើល! ខ្ញុំ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​យេហូវ៉ា!​»​ (​សូម​មើល​វគ្គ​១៣, ១៤​)

១៤ យើង​ច្រើន​តែ​និយាយ​អំពី​កិត្ដិយស​ដ៏​អស្ចារ្យ​ដែល​ម៉ារៀ​បាន​ទទួល។ ប៉ុន្ដែ តើ​គាត់​ប្រហែល​ជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​អ្វី​ខ្លះ? ជា​ឧទាហរណ៍ ទេវតា​កាព្រីយ៉ែល​បាន​និយាយ​ទៅ​កាន់​គាត់​ថា​គាត់​នឹង​មាន​ផ្ទៃ​ពោះ​ដោយ​មិន​បាន​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ណា​ឡើយ។ ប៉ុន្ដែ កាព្រីយ៉ែល​មិន​បាន​ពន្យល់​ប្រាប់​ដល់​ក្រុម​គ្រួសារ​និង​អ្នក​ជិត​ខាង​របស់​ម៉ារៀ​អំពី​របៀប​ដែល​គាត់​នឹង​មាន​ផ្ទៃ​ពោះ​ទេ។ តើ​ពួក​គេ​នឹង​គិត​យ៉ាង​ណា? តើ​តាម​របៀប​ណា​គាត់​នឹង​ធ្វើ​ឲ្យ​យ៉ូសែប​ជឿ​ជាក់​ថាគាត់​មិន​បាន​ក្បត់​យ៉ូសែប? លើស​ពី​នេះ​ទៅ​ទៀត គាត់​មាន​ភារកិច្ច​ដ៏​ធំ​មួយ ពោល​គឺ​ចិញ្ចឹម​អប់រំ​បុត្រ​របស់​ព្រះ​កាល​ដែល​បុត្រ​នោះ​ជា​មនុស្សជាតិ! យើង​មិន​ដឹង​អំពី​ការ​ព្រួយ​បារម្ភ​ទាំង​អស់​របស់​ម៉ារៀ​ទេ តែ​យើង​ដឹង​អំពី​អ្វី​ដែល​ម៉ារៀ​បាន​ធ្វើ​ក្រោយ​ពី​កាព្រីយ៉ែល​បាន​និយាយ​ទៅ​កាន់​គាត់។ គាត់​បាន​និយាយ​ថា​៖ ​«​មើល! ខ្ញុំ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​យេហូវ៉ា! សូម​ឲ្យ​ការ​នេះ​កើត​ឡើង​ដល់​ខ្ញុំ តាម​សេចក្ដី​ប្រកាស​របស់​អ្នក​ចុះ​»។—លូកា ១:២៦​-​៣៨

១៥​. ហេតុ​អ្វី​ជំនឿ​របស់​ម៉ារៀ​គឺ​អស្ចារ្យ​ម៉្លេះ?

១៥ ជំនឿ​របស់​ម៉ារៀ​ពិត​ជា​ល្អ​ប្រសើរ​ណាស់! គាត់​បាន​ត្រៀម​ខ្លួន​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​ព្រះ​សុំ ប្រៀប​ដូច​ជា​ខ្ញុំ​បម្រើ​ម្នាក់។ គាត់​បាន​ទុក​ចិត្ដ​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​និង​ការពារ​គាត់។ តើ​ម៉ារៀ​អាច​មាន​ជំនឿ​មាំ​មួន​បែប​នេះ​យ៉ាង​ដូច​ម្ដេច? យើង​មិន​មែន​កើត​មក​ដោយ​មាន​ជំនឿ​ទេ។ ប៉ុន្ដែ យើង​អាច​មាន​ជំនឿ​បាន បើ​យើង​បណ្ដុះ​ឲ្យ​មាន​ជំនឿ​និង​សុំ​ព្រះ​ផ្ដល់​ពរ​លើ​ការ​ខំ​ព្យាយាម​របស់​យើង។ (​កាឡាទី ៥:២២; អេភេសូរ ២:៨​) ម៉ារៀ​ខំ​ព្យាយាម​ពង្រឹង​ជំនឿ​របស់​គាត់។ ហេតុ​អ្វី​យើង​ដឹង? សូម​យើង​ពិចារណា​អំពី​របៀប​ដែល​គាត់​បាន​ស្តាប់​និង​អំពី​អ្វី​ដែល​គាត់​បាន​និយាយ។

១៦​. តើ​អ្វី​បង្ហាញ​ថា​ម៉ារៀ​ជា​មនុស្ស​ដែល​ពូកែ​ស្តាប់?

១៦ របៀប​ដែល​ម៉ារៀ​បាន​ស្តាប់។ គម្ពីរ​ចែង​ថា​យើង​«​ត្រូវ​រហ័ស​ស្តាប់ មិន​រហ័ស​និយាយ​»។ (​យ៉ាកុប ១:១៩​) ម៉ារៀ​ជា​មនុស្ស​ដែល​ពូកែ​ស្តាប់។ គម្ពីរ​បង្ហាញ​ថា​គាត់​បាន​ស្តាប់​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​អំពី​អ្វី​ដែល​គាត់​ឮ ជា​ពិសេស​អ្វី​ដែល​គាត់​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា។ គាត់​បាន​ទុក​ពេល​ដើម្បី​រំពឹង​គិត​ទៅ​លើ​អ្វី​ដែល​សំខាន់​ទាំង​នេះ។ ឧទាហរណ៍​មួយ​គឺ​កាល​ដែល​លោក​យេស៊ូ​កើត​មក គង្វាល​បាន​ប្រាប់​ម៉ារៀ​អំពី​ដំណឹង​ពី​ទេវតា​មួយ​រូប។ ក្រោយ​មក ពេល​លោក​យេស៊ូ​មាន​អាយុ​១២​ឆ្នាំ លោក​បាន​មាន​ប្រសាសន៍​អំពី​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ម៉ារៀ​កោត​ស្ងើច។ ក្នុង​ករណី​ទាំង​ពីរ​នេះ ម៉ារៀ​បាន​ស្តាប់ បាន​ចង​ចាំ ហើយ​បាន​គិត​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​អំពី​អ្វី​ដែល​គាត់​បាន​ឮ។—សូម​អាន លូកា ២:១៦​-​១៩, ៤៩, ៥១

១៧​. តើ​របៀប​ដែល​ម៉ារៀ​បាន​និយាយ​បង្រៀន​យើង​អ្វី​អំពី​គាត់?

១៧ អ្វី​ដែល​ម៉ារៀ​បាន​និយាយ។ គម្ពីរ​មិន​បាន​ប្រាប់​យើង​ច្រើន​អំពី​អ្វី​ដែល​ម៉ារៀ​បាន​និយាយ​ទេ។ ពាក្យ​សម្ដី​ដែល​វែង​ជាង​គេ​របស់​ម៉ារៀ​គឺ​នៅ​លូកា ១:៤៦​-​៥៥។ ពាក្យ​ទាំង​នេះ​បង្ហាញ​ថា​ម៉ារៀ​បាន​ស្គាល់​បទ​គម្ពីរ​ភាសា​ហេប្រឺ​យ៉ាង​ច្បាស់។ ដូច​ម្ដេច​បាន​ជា​យើង​ដឹង? ពាក្យ​សម្ដី​របស់​ម៉ារៀ​គឺ​ស្រដៀង​នឹង​ពាក្យ​សម្ដី​នៃ​សេចក្ដី​អធិដ្ឋាន​របស់​ហា​ណា​ដែល​ជា​ម្ដាយ​សាំយូអែល។ (​សាំយូអែល​ទី១ ២:១​-​១០​) តាម​មើល​ទៅ នៅ​ពេល​នោះ​ម៉ារៀ​បាន​ដក​ស្រង់​បទ​គម្ពីរ​ប្រហែល​ជា​២០​ដង។ យើង​ឃើញ​ច្បាស់​ថា​គាត់​ចូល​ចិត្ដ​និយាយ​អំពី​សេចក្ដី​ពិត​ដែល​គាត់​បាន​រៀន​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​មិត្ដ​សម្លាញ់​ដ៏​ល្អ​បំផុត​របស់​គាត់។

១៨​. តើ​តាម​របៀប​ណា​ខ្លះ​យើង​អាច​មាន​ជំនឿ​ដូច​ម៉ារៀ?

១៨ ដូច​ម៉ារៀ​ដែរ ជួន​កាល​យើង​ប្រហែល​ជា​ទទួល​ភារកិច្ច​ពី​ព្រះ​យេហូវ៉ា​ដែល​យើង​គិត​ថា​គឺ​ពិបាក​ពេក​សម្រាប់​យើង។ សូម​យើង​ធ្វើ​តាម​គំរូ​របស់​គាត់ ដោយ​ទទួល​យក​ភារកិច្ច​នោះ​ដោយ​ចិត្ដ​រាប​ទាប ហើយ​ទុក​ចិត្ដ​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង។ យើង​ក៏​អាច​មាន​ជំនឿ​ដូច​ម៉ារៀ​ដែរ​ពេល​យើង​យក​ចិត្ដ​ទុក​ដាក់​ស្តាប់​ព្រះ​យេហូវ៉ា ហើយ​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​បាន​រៀន​អំពី​លោក​និង​គោល​បំណង​របស់​លោក។ ពេល​នោះ យើង​អាច​ប្រាប់​អ្នក​ឯ​ទៀត​ដោយ​អំណរ​អំពី​អ្វី​ដែល​យើង​បាន​រៀន។—ទំនុក​តម្កើង ៧៧:១១, ១២; លូកា ៨:១៨; រ៉ូម ១០:១៥

១៩​. ពេល​យើង​ធ្វើ​តាម​គំរូ​ដ៏​ល្អ​ប្រសើរ​ស្ដី​អំពី​ជំនឿ​ដែល​មាន​នៅ​ក្នុង​គម្ពីរ តើ​យើង​អាច​ប្រាកដ​អំពី​អ្វី?

១៩ យើង​ឃើញ​ច្បាស់​ថា​រូថ ហេសេគា និង​ម៉ារៀ​បាន​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា ដូច​អាប្រាហាំ​ដែរ។ ពួក​គេ​រួម​ចំណែក​ក្នុង​«​សាក្សី​មួយ​ក្រុម​ធំ​»​ដែល​បាន​មាន​ឯកសិទ្ធិ​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ។ សូម​យើង​បន្ដ​ធ្វើ​តាម​គំរូ​ដ៏​ល្អ​ប្រសើរ​ទាំង​នេះ​ស្ដី​អំពី​ជំនឿ។ (​ហេប្រឺ ៦:១១, ១២​) បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​ទន្ទឹង​រង់​ចាំ​រង្វាន់ ពោល​គឺ​ការ​ធ្វើ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត!