ព្រះយេហូវ៉ាបានហៅគាត់ថា‹សម្លាញ់របស់ខ្ញុំ›
«ឯង ឱអ៊ីស្រាអែល ជាអ្នកបំរើអញអើយ ព្រមទាំងយ៉ាកុបដែលអញបានរើស ជាពូជអ័ប្រាហាំដ៏ជាសំឡាញ់របស់អញផង»។—អេសាយ ៤១:៨
ចម្រៀងលេខ: ៥១, ២២
១, ២. (ក) តើយើងដឹងយ៉ាងដូចម្ដេចថាមនុស្សអាចទៅជាមិត្ដសម្លាញ់របស់ព្រះ? (ខ) ក្នុងអត្ថបទនេះ តើយើងនឹងពិចារណាអំពីអ្វី?
តាំងពីពេលយើងកើតរហូតដល់ពេលយើងស្លាប់ យើងត្រូវការសេចក្ដីស្រឡាញ់។ មនុស្សត្រូវការចំណងមិត្ដភាពដ៏ជិតស្និទ្ធនិងដែលប្រកបដោយសេចក្ដីស្រឡាញ់ មិនគ្រាន់តែសេចក្ដីស្រឡាញ់ក្នុងទំនាក់ទងស្នេហាប៉ុណ្ណោះទេ។ ប៉ុន្ដែ សំខាន់បំផុតយើងត្រូវការសេចក្ដីស្រឡាញ់ពីព្រះយេហូវ៉ា។ មនុស្សជាច្រើនមិនជឿថាមនុស្សអាចមានចំណងមិត្ដភាពដ៏ជិតស្និទ្ធនិងដែលប្រកបដោយសេចក្ដីស្រឡាញ់ជាមួយនឹងព្រះ ពីព្រោះលោកមានឫទ្ធានុភាពខ្លាំងក្លាបំផុត ហើយមនុស្សពុំអាចមើលឃើញលោកឡើយ។ ប៉ុន្ដែយើងមិនជឿដូច្នេះទេ ដោយសារយើងដឹងការពិតអំពីរឿងនេះ!
២ យើងដឹងពីគម្ពីរថាមនុស្សបានទៅជាមិត្ដសម្លាញ់របស់ព្រះ។ យើងគួរតែរៀនពីគំរូរបស់ពួកគេ។ ហេតុអ្វី? ពីព្រោះចំណងមិត្ដភាពជាមួយនឹងព្រះគឺជាគោលដៅសំខាន់បំផុតដែលយើងអាចមានក្នុងជីវិតរបស់យើង។ ដូច្នេះ សូមយើងពិចារណាអំពីគំរូរបស់អាប្រាហាំ។ (សូមអាន យ៉ាកុប ២:២៣) តើគាត់បានទៅជាមិត្ដសម្លាញ់របស់ព្រះយ៉ាង ដូចម្ដេច? ចំណងមិត្ដភាពដ៏ជិតស្និទ្ធរបស់អាប្រាហាំជាមួយនឹងព្រះមានមូលដ្ឋានលើជំនឿ ហើយគម្ពីរបានហៅគាត់ថា «ឪពុករបស់អស់អ្នកណាដែលមានជំនឿ»។ (រ៉ូម ៤:១១) កាលដែលអ្នកពិចារណាគំរូរបស់គាត់ សូមសួរខ្លួនអ្នកថា ‹តើតាមរបៀបណាខ្ញុំអាចមានជំនឿដូចអាប្រាហាំ ហើយពង្រឹងចំណងមិត្ដភាពរបស់ខ្ញុំជាមួយនឹងព្រះយេហូវ៉ា?›។
តើអាប្រាហាំបានទៅជាសម្លាញ់របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៣, ៤. (ក) សូមរៀបរាប់អំពីការល្បងលដែលទំនងជាការល្បងលដ៏ធំបំផុតនៃជំនឿរបស់អាប្រាហាំ។ (ខ) ហេតុអ្វីអាប្រាហាំសុខចិត្ដជូនអ៊ីសាកជាគ្រឿងបូជា?
៣ សូមស្រមៃគិតថា អាប្រាហាំដែលមានអាយុប្រហែលជា១២៥ឆ្នាំកំពុងធ្វើដំណើរយឺតៗឡើងភ្នំមួយ។ [១] (សូមមើលកំណត់នៅចុងអត្ថបទ) នៅខាងក្រោយគាត់គឺអ៊ីសាកកូនប្រុសរបស់គាត់ ដែលមានអាយុប្រហែលជា២៥ឆ្នាំ។ អ៊ីសាកបានលីឧស ហើយអាប្រាហាំបានស្ពាយកាំបិតនិងវត្ថុខ្លះដែលគាត់ត្រូវការដើម្បីដុតភ្លើង។ ការធ្វើដំណើរនេះគឺទំនងជាការធ្វើដំណើរដ៏ពិបាកបំផុតក្នុងជីវិតរបស់អាប្រាហាំ។ ប៉ុន្ដែ នេះគឺមិនមែនដោយសារគាត់មានវ័យចាស់ទេ។ គាត់នៅតែមានកម្លាំង។ ផ្ទុយទៅវិញ ការធ្វើដំណើរនេះគឺពិបាកដោយសារព្រះយេហូវ៉ាបានសុំគាត់ឲ្យជូនកូនប្រុសរបស់គាត់ជាគ្រឿងបូជា!—លោកុប្បត្ដិ ២២:១-៨
អាប្រាហាំមិនបានស្តាប់បង្គាប់ព្រះដោយឥតគិតពិចារណាឡើយ
៤ នោះគឺទំនងជាការល្បងលដ៏ធំបំផុតនៃជំនឿរបស់អាប្រាហាំ។ មនុស្សខ្លះនិយាយថា ព្រះគ្មានមេត្ដា ដោយសារលោកបានសុំអាប្រាហាំឲ្យជូនកូនប្រុសរបស់គាត់ជាគ្រឿងបូជា។ ម្យ៉ាងទៀត អ្នកខ្លះនិយាយថា អាប្រាហាំសុខចិត្ដធ្វើដូច្នេះ ពីព្រោះគាត់មិនស្រឡាញ់កូនប្រុសរបស់គាត់។ មនុស្សនិយាយដូច្នេះ ពីព្រោះពួកគេគ្មានជំនឿ ហើយមិនដឹងថាជំនឿពិតគឺជាអ្វី ឬមិនដឹងថាជំនឿពិតនាំឲ្យមនុស្សប្រព្រឹត្ដយ៉ាងណាឡើយ។ (កូរិនថូសទី១ ២:១៤-១៦) ប៉ុន្ដែ អាប្រាហាំមិនបានស្តាប់បង្គាប់ព្រះដោយឥតគិតពិចារណាឡើយ។ គាត់បានស្តាប់បង្គាប់ ដោយសារគាត់មានជំនឿពិត។ គាត់បានដឹងថាព្រះយេហូវ៉ានឹងមិនសុំគាត់ឲ្យធ្វើអ្វីណាក៏ដោយដែលនឹងនាំឲ្យមានការឈឺចាប់ជារៀងរហូតឡើយ។ អាប្រាហាំបានដឹងថា បើគាត់ស្តាប់បង្គាប់ ព្រះយេហូវ៉ានឹងផ្ដល់ពរឲ្យគាត់និងកូនប្រុសជាទីស្រឡាញ់របស់គាត់។ តើអាប្រាហាំត្រូវការអ្វី ដើម្បីមានជំនឿមាំមួនបែបនេះ? គាត់ត្រូវការចំណេះដឹងនិងបទពិសោធន៍។
៥. តើអាប្រាហាំប្រហែលជាបានរៀនអំពីព្រះយេហូវ៉ាយ៉ាងដូចម្ដេច ហើយតើចំណេះដឹងនេះធ្វើឲ្យគាត់មានអារម្មណ៍យ៉ាងណា?
៥ ចំណេះដឹង។ អាប្រាហាំបានធំឡើងនៅក្រុងអ៊ើរ។ បណ្ដាជននៅទីនោះបានគោរពបូជាព្រះមិនពិត ហើយឪពុកយ៉ូស្វេ ២៤:២) ដូច្នេះ តើអាប្រាហាំបានរៀនអំពីព្រះយេហូវ៉ាយ៉ាងដូចម្ដេច? គម្ពីរបង្ហាញថាសិមដែលជាកូនប្រុសរបស់ណូអេគឺជាសាច់ញាតិរបស់អាប្រាហាំ ហើយគាត់បានរស់នៅរហូតដល់អាប្រាហាំមានអាយុប្រហែលជា១៥០ឆ្នាំ។ សិមជាបុរសដែលមានជំនឿខ្លាំង ហើយគាត់ទំនងជាបាននិយាយប្រាប់សាច់ញាតិរបស់គាត់អំពីព្រះយេហូវ៉ា។ យើងមិនដឹងច្បាស់ទេ ប៉ុន្ដែនេះប្រហែលជារបៀបដែលអាប្រាហាំបានរៀនអំពីព្រះយេហូវ៉ា។ អ្វីដែលអាប្រាហាំរៀនបានធ្វើឲ្យគាត់ស្រឡាញ់ព្រះយេហូវ៉ា ហើយចំណេះដឹងនេះបានជួយគាត់ឲ្យពង្រឹងជំនឿរបស់គាត់។
របស់គាត់ក៏ដូច្នេះដែរ។ (៦, ៧. តើបទពិសោធន៍របស់អាប្រាហាំបានពង្រឹងជំនឿរបស់គាត់យ៉ាងដូចម្ដេច?
៦ បទពិសោធន៍។ តើតាមរបៀបណាអាប្រាហាំបានទទួលបទពិសោធន៍ដែលបានពង្រឹងជំនឿរបស់គាត់ទៅលើព្រះយេហូវ៉ា? អ្នកខ្លះនិយាយថាគំនិតនាំឲ្យមានអារម្មណ៍ ហើយអារម្មណ៍នាំឲ្យមានការប្រព្រឹត្ដ។ អ្វីដែលអាប្រាហាំបានរៀនអំពីព្រះបានជំរុញចិត្ដគាត់ ហើយនោះធ្វើឲ្យគាត់មានការគោរពយ៉ាងជ្រាលជ្រៅចំពោះ‹ព្រះយេហូវ៉ាដែលជាព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌នឹងផែនដី›។ (លោកុប្បត្ដិ ១៤:២២) គម្ពីរហៅការគោរពយ៉ាងជ្រាលជ្រៅបែបនេះថា ‹ការកោតខ្លាចព្រះ›។ (ហេប្រឺ ៥:៧) ដើម្បីមានចំណងមិត្ដភាពដ៏ជិតស្និទ្ធជាមួយនឹងព្រះ យើងត្រូវកោតខ្លាចព្រះ។ (ទំនុកតម្កើង ២៥:១៤) គុណសម្បត្ដិនោះបានជំរុញចិត្ដអាប្រាហាំឲ្យស្តាប់បង្គាប់ព្រះយេហូវ៉ា។
៧ ព្រះបានប្រាប់អាប្រាហាំនិងសារ៉ាឲ្យចាកចេញពីផ្ទះរបស់ពួកគាត់នៅក្រុងអ៊ើរ ហើយរើទៅប្រទេសក្រៅ។ ពួកគាត់មិនមែនក្មេងទៀតទេ ហើយពួកគាត់នឹងត្រូវរស់នៅក្នុងត្រសាលអស់មួយជីវិតរបស់ពួកគាត់។ ទោះបីជាអាប្រាហាំបានដឹងថានឹងមានគ្រោះថ្នាក់ច្រើនក្ដី គាត់បានតាំងចិត្ដស្តាប់បង្គាប់ព្រះយេហូវ៉ា។ ដោយសារគាត់បានស្តាប់បង្គាប់ព្រះ លោកបានឲ្យពរនិងបានការពារគាត់។ ជាឧទាហរណ៍ ពេលសារ៉ាដែលជាប្រពន្ធដ៏ស្អាតរបស់អាប្រាហាំបានត្រូវគេចាប់យកចេញពីគាត់ ហើយអាប្រាហាំអាចត្រូវគេសម្លាប់ ជាច្រើនដងព្រះយេហូវ៉ាបានធ្វើអព្ភូតហេតុការពារអាប្រាហាំនិងសារ៉ា។ (លោកុប្បត្ដិ ១២:១០-២០; ២០:២-៧, ១០-១២, ១៧, ១៨) បទពិសោធន៍ទាំងនោះបានពង្រឹងជំនឿរបស់អាប្រាហាំ។
៨. តើយើងអាចទទួលចំណេះដឹងនិងបទពិសោធន៍ដែលនឹងពង្រឹងចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៨ តើយើងអាចធ្វើជាមិត្ដជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាបានឬទេ? យើងច្បាស់ជាអាចធ្វើបាន! ដូចអាប្រាហាំដែរ យើងត្រូវរៀនអំពីព្រះយេហូវ៉ា។ ម្យ៉ាងទៀត យើងក៏អាចទទួលចំណេះដឹងនិងបទពិសោធន៍ដែលយើងត្រូវការដែរ។ នៅសព្វថ្ងៃនេះ មានចំណេះដឹងនិងបទពិសោធន៍ច្រើនជាងនៅសម័យអាប្រាហាំ។ (ដានីយ៉ែល ១២:៤; រ៉ូម ១១:៣៣) គម្ពីរពោរពេញទៅដោយចំណេះដឹងអំពី«ម្ចាស់នៃស្ថានសួគ៌នឹងផែនដី»។ អ្វីដែលយើងរៀនធ្វើឲ្យយើងស្រឡាញ់ព្រះយេហូវ៉ា ហើយជួយយើងឲ្យមានការគោរពយ៉ាង ជ្រាលជ្រៅចំពោះលោក។ សេចក្ដីស្រឡាញ់និងការគោរពនេះចំពោះព្រះជំរុញចិត្ដយើងឲ្យស្តាប់បង្គាប់លោក។ ពេលយើងស្តាប់បង្គាប់លោក យើងឃើញរបៀបដែលលោកការពារនិងឲ្យពរយើង ហើយនេះផ្ដល់ឲ្យយើងនូវបទពិសោធន៍ដែលធ្វើឲ្យជំនឿរបស់យើងកាន់តែមាំមួន។ ពេលយើងបម្រើព្រះយេហូវ៉ាយ៉ាងពេញលេញ យើងនឹងមានការស្កប់ចិត្ដ សេចក្ដីសុខសាន្ដ និងអំណរ។ (ទំនុកតម្កើង ៣៤:៨; សុភាសិត ១០:២២) កាលដែលយើងមានចំណេះដឹងនិងបទពិសោធន៍កាន់តែច្រើន នោះចំណងមិត្ដភាពរបស់យើងជាមួយនឹងលោកនឹងកាន់តែមាំមួន។
របៀបដែលអាប្រាហាំបានរក្សាចំណងមិត្ដភាពរបស់គាត់ជាមួយនឹងព្រះ
៩, ១០. (ក) តើយើងត្រូវធ្វើអ្វីដើម្បីឲ្យចំណងមិត្ដភាពកាន់តែមាំមួន? (ខ) តើអ្វីបង្ហាញថាអាប្រាហាំបានចាត់ទុកចំណងមិត្ដភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាថាជាអ្វីដ៏មានតម្លៃ ហើយថាគាត់បានពង្រឹងចំណងមិត្ដភាពនោះ?
៩ ចំណងមិត្ដភាពដ៏ជិតស្និទ្ធអាចប្រៀបដូចជាទ្រព្យវិសេសមួយដ៏មានតម្លៃ។ (សូមអាន សុភាសិត ១៧:១៧) នេះមិនមែនប្រៀបដូចជាថូថ្លៃដែលប្រើសម្រាប់តែតុបតែងលំអប៉ុណ្ណោះទេ។ នេះគឺប្រៀបដូចជាផ្កាដ៏ស្រស់ស្អាតមួយដែលត្រូវការទឹកនិងការថែរក្សាដើម្បីចេញផ្កា។ អាប្រាហាំបានចាត់ទុកចំណងមិត្ដភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាថាជាអ្វីដែលមានតម្លៃ ហើយបានរក្សាចំណងមិត្ដភាពនោះ។ តើគាត់ធ្វើដូច្នេះយ៉ាងដូចម្ដេច?
ចំណងមិត្ដភាពគឺប្រៀបដូចជាផ្កាដ៏ស្រស់ស្អាតមួយដែលត្រូវការទឹកនិងការថែរក្សាដើម្បីចេញផ្កា
១០ អាប្រាហាំបានស្តាប់បង្គាប់និងកោតខ្លាចព្រះកាន់តែខ្លាំងឡើងៗ។ ជាឧទាហរណ៍ កាលដែលគាត់ធ្វើដំណើរទៅស្រុកកាណានជាមួយនឹងក្រុមគ្រួសារនិងអ្នកបម្រើរបស់គាត់ គាត់បានបន្ដឲ្យព្រះយេហូវ៉ាណែនាំគាត់ពេលធ្វើការសម្រេចចិត្ដផ្សេងៗទាំងរឿងធំទាំងរឿងតូច។ មួយឆ្នាំមុនអ៊ីសាកបានកើត ពេលអាប្រាហាំមានអាយុ៩៩ឆ្នាំ ព្រះយេហូវ៉ាបានប្រាប់គាត់ឲ្យកាត់ចុងស្បែកបុរសទាំងអស់ដែលជាពួកអ្នកផ្ទះរបស់គាត់។ តើអាប្រាហាំបានសង្ស័យព្រះយេហូវ៉ា ឬព្យាមយាមរកលេសមិនធ្វើអ្វីដែលលោកបានសុំឬទេ? មិនមែនទេ។ គាត់បានទុកចិត្ដព្រះយេហូវ៉ា ហើយបានធ្វើតាម«នៅថ្ងៃនោះឯង»។—លោកុប្បត្ដិ ១៧:១០-១៤, ២៣
១១. ហេតុអ្វីអាប្រាហាំបានព្រួយបារម្ភអំពីក្រុងសូដុមនិងក្រុងកូម៉ូរ៉ា ហើយតើព្រះយេហូវ៉ាបានជួយគាត់យ៉ាងដូចម្ដេច?
១១ ដោយសារអាប្រាហាំតែងតែស្តាប់បង្គាប់ព្រះយេហូវ៉ាសូម្បីតែក្នុងរឿងតូចក្ដី នោះចំណងមិត្ដភាពរវាងគាត់នឹងលោកកាន់តែមាំមួន។ គាត់មានអារម្មណ៍ថាគាត់អាចនិយាយទៅព្រះយេហូវ៉ាអំពីអ្វីណាក៏បាន សូម្បីតែពេលគាត់ឆ្ងល់អំពីសំណួរដ៏ពិបាក។ ជាឧទាហរណ៍ ពេលព្រះយេហូវ៉ាបានមានប្រសាសន៍ថាលោកនឹងបំផ្លាញក្រុងសូដុមនិងក្រុងកូម៉ូរ៉ាចោល អាប្រាហាំបានព្រួយបារម្ភ។ ហេតុអ្វី? គាត់បារម្ភថាមនុស្សល្អនឹងស្លាប់ជាមួយនឹងមនុស្សអាក្រក់។ គាត់ទំនងជាបារម្ភអំពីឡុតដែលជាក្មួយប្រុសរបស់គាត់និងក្រុមគ្រួសាររបស់ឡុត ដែលរស់នៅក្រុងសូដុម។ អាប្រាហាំបានទុកចិត្ដព្រះយេហូវ៉ាដែល«ជាចៅក្រមនៃផែនដីទាំងមូល» ដូច្នេះ ដោយចិត្ដរាបទាប គាត់បាននិយាយទៅព្រះយេហូវ៉ាអំពីការព្រួយបារម្ភរបស់គាត់។ ព្រះយេហូវ៉ាបានបង្ហាញចិត្ដអត់ធ្មត់ចំពោះមិត្ដសម្លាញ់របស់លោក ហើយបានបង្ហាញគាត់ថាលោកមានចិត្ដមេត្ដាករុណា។ ព្រះយេហូវ៉ាបានពន្យល់ថាទោះជាពេលដែលលោកវិនិច្ឆ័យក៏ដោយ លោកស្វែងរកមនុស្សល្អនិងសង្គ្រោះពួកគេ។—លោកុប្បត្ដិ ១៨:២២-៣៣
១២, ១៣. (ក) តើចំណេះដឹងនិងបទពិសោធន៍របស់អាប្រាហាំបានជួយគាត់នៅពេលក្រោយមកយ៉ាងដូចម្ដេច? (ខ) តើអ្វីបង្ហាញថាអាប្រាហាំមានទំនុកចិត្ដលើព្រះយេហូវ៉ា?
១២ យើងឃើញច្បាស់ថាចំណេះដឹងនិងបទពិសោធន៍ទាំងអស់ដែលអាប្រាហាំមាន បានជួយគាត់រក្សាចំណងមិត្ដភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាឲ្យមាំមួន។ ដូច្នេះក្រោយមក ពេលដែលព្រះយេហូវ៉ាបានសុំអាប្រាហាំឲ្យជូនកូនប្រុសរបស់គាត់ជាគ្រឿងបូជា គាត់បានដឹងថាព្រះយេហូវ៉ាតែងតែការពារ មានចិត្ដអត់ធ្មត់ មេត្ដាករុណា និងគួរឲ្យទុកចិត្ដ។ អាប្រាហាំបានជឿជាក់ទាំងស្រុងថាព្រះយេហូវ៉ាមិនបានទៅជាបុគ្គលដែលគ្មានមេត្ដា ឬឃោរឃៅភ្លាមៗឡើយ! ហេតុអ្វីយើងនិយាយដូច្នេះ?
១៣ មុនចាកចេញពីអ្នកបម្រើរបស់គាត់ អាប្រាហាំបាននិយាយថា៖ «ចូរឯងនៅទីនេះសិនមើលលាផង អញនឹងទៅឯណោះថ្វាយបង្គំជាមួយនឹងកូនអញរួចសឹមមកឯឯងវិញ»។ (លោកុប្បត្ដិ ២២:៥) តើអាប្រាហាំចង់មានន័យយ៉ាងណា? ដោយដឹងថាគាត់នឹងជូនអ៊ីសាកជាគ្រឿងបូជា តើអាប្រាហាំបាននិយាយកុហកពេលគាត់និយាយថាគាត់នឹងត្រឡប់មកវិញជាមួយនឹងអ៊ីសាកឬ? មិនមែនទេ។ គម្ពីរចែងថាអាប្រាហាំបានដឹងថា ព្រះយេហូវ៉ាអាចប្រោសអ៊ីសាកឲ្យរស់ឡើងវិញ។ (សូមអាន ហេប្រឺ ១១:១៩) អាប្រាហាំដឹងថាព្រះយេហូវ៉ាបានឲ្យគាត់មានសមត្ថភាពបង្កើតកូនប្រុសមួយ ទោះបីជាគាត់និងសារ៉ាមានវ័យចាស់ណាស់ក៏ដោយ។ (ហេប្រឺ ១១:១១, ១២, ១៨) ដូច្នេះ គាត់ទទួលស្គាល់ថាគ្មានអ្វីណាដែលព្រះយេហូវ៉ាមិនអាចធ្វើបានឡើយ។ អាប្រាហាំមិនបានដឹងថាអ្វីនឹងកើតឡើងនៅថ្ងៃនោះទេ។ ប៉ុន្ដែ គាត់បានជឿថាប្រសិនបើចាំបាច់ព្រះយេហូវ៉ានឹងប្រោសកូនប្រុសរបស់គាត់ឲ្យរស់ឡើងវិញដើម្បីឲ្យសេចក្ដីសន្យាទាំងអស់របស់ព្រះក្លាយទៅជាការពិត។ នេះគឺជាមូលហេតុដែលអាប្រាហាំបានត្រូវហៅថា«ឪពុករបស់អស់អ្នកណាដែលមានជំនឿ»។
អាប្រាហាំបានជឿថាប្រសិនបើចាំបាច់ព្រះយេហូវ៉ានឹងប្រោសកូនប្រុសរបស់គាត់ឲ្យរស់ឡើងវិញដើម្បីឲ្យសេចក្ដីសន្យាទាំងអស់របស់ព្រះក្លាយទៅជាការពិត
១៤. តើអ្នកជួបប្រទះការពិបាកណាខ្លះក្នុងការបម្រើព្រះយេហូវ៉ា ហើយតើគំរូរបស់អាប្រាហាំអាចជួយអ្នកយ៉ាងដូចម្ដេច?
១៤ នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាមិនសុំយើងឲ្យជូនកូនរបស់យើងជាគ្រឿងបូជាទេ ប៉ុន្ដែលោកសុំយើងឲ្យធ្វើតាមបង្គាប់របស់លោក។ ជួនកាល យើងប្រហែលជាមិនយល់អំពីមូលហេតុដែលមានបង្គាប់ទាំងនោះ ឬយើងប្រហែលជាគិតថាបង្គាប់ទាំងនោះពិបាកធ្វើតាម។ តើអ្នកធ្លាប់មានអារម្មណ៍ដូច្នេះឬទេ? ចំពោះអ្នកខ្លះ កិច្ចការផ្សព្វផ្សាយគឺពិបាក។ ប្រហែលជាពួកគេជាមនុស្សអៀនខ្មាស ហើយពិបាកនិយាយទៅកាន់មនុស្សដែលពួកគេមិនស្គាល់។ អ្នកខ្លះទៀតភ័យខ្លាចធ្វើជាមនុស្សខុសប្លែកពីគេនៅកន្លែងធ្វើការ ឬនៅសាលារៀន។ (និក្ខមនំ ២៣:២; ថែស្សាឡូនិចទី១ ២:២) ពេលអ្នកបានត្រូវសុំឲ្យធ្វើអ្វីមួយដែលពិបាក សូមគិតអំពីគំរូដ៏ប្រសើររបស់អាប្រាហាំស្ដីអំពីជំនឿនិងចិត្ដក្លាហាន។ ពេលដែលយើងរំពឹងគិតអំពីគំរូរបស់បុរសនិងស្ដ្រីដ៏ស្មោះត្រង់ នេះអាចជំរុញចិត្ដយើងឲ្យយកតម្រាប់ពួកគេ ហើយចូលកាន់តែជិតមិត្ដសម្លាញ់របស់យើង ពោលគឺព្រះយេហូវ៉ា។—ហេប្រឺ ១២:១, ២
ចំណងមិត្ដភាពដែលនាំឲ្យទទួលពរ
១៥. ហេតុអ្វីយើងអាចជឿជាក់ថាអាប្រាហាំមិនបានស្តាយក្រោយចំពោះការស្តាប់បង្គាប់ព្រះយេហូវ៉ាដោយចិត្ដស្មោះត្រង់?
១៥ តើអាប្រាហាំបានស្តាយក្រោយដែលគាត់បានធ្វើតាមលោកុប្បត្ដិ ២៥:៨) ពេលអាប្រាហាំមានអាយុ១៧៥ឆ្នាំ គាត់បាននឹកគិតអំពីអ្វីៗដែលបានកើតឡើងក្នុងជីវិតដ៏វែងរបស់គាត់ ហើយមានអារម្មណ៍ស្កប់ស្កល់។ ហេតុអ្វី? ពីព្រោះចំណងមិត្ដភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាតែងតែជាអ្វីដ៏សំខាន់បំផុតចំពោះគាត់។ ប៉ុន្ដែ ពេលយើងអានថាអាប្រាហាំបាន«ស្កប់ស្កល់នឹងអាយុរបស់ខ្លួន» នេះមិនមានន័យថាគាត់មិនមានបំណងប្រាថ្នារស់នៅនាពេលអនាគតឡើយ។
បង្គាប់របស់ព្រះយេហូវ៉ាឬទេ? គម្ពីរចែងថា អាប្រាហាំ«បានអាយុវែងល្អ ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ នោះក៏ផុតដង្ហើមស្លាប់ទៅ»។ (១៦. ក្នុងសួនឧទ្យាន តើអាប្រាហាំនឹងមានអំណរយ៉ាងណា?
១៦ គម្ពីរចែងថា អាប្រាហាំបាន«រង់ចាំក្រុងដែលមានគ្រឹះដ៏ពិត ជាក្រុងដែលមានព្រះជាអ្នកសង់និងជាអ្នកបង្កើត»។ (ហេប្រឺ ១១:១០) អាប្រាហាំបានជឿថានៅថ្ងៃមួយគាត់នឹងឃើញក្រុងនោះ ពោលគឺរាជាណាចក្ររបស់ព្រះគ្រប់គ្រងលើផែនដី។ គាត់នឹងឃើញមែន! សូមស្រមៃគិតថាអាប្រាហាំនឹងមានអំណរយ៉ាងណា ពេលគាត់រស់នៅលើផែនដីជាសួនឧទ្យាន ហើយធ្វើឲ្យចំណងមិត្ដភាពរបស់គាត់ជាមួយនឹងព្រះកាន់តែមាំមួនឡើងៗ។ គាត់នឹងសប្បាយរីករាយដោយដឹងថាគំរូរបស់គាត់ស្ដីអំពីជំនឿបានជួយអ្នកបម្រើរបស់ព្រះអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ! ក្នុងសួនឧទ្យានគាត់នឹងដឹងថាការជូនគ្រឿងបូជានៅលើភ្នំម៉ូរីយ៉ាជាតំណាងអ្វីមួយដែលប្រសើរជាងឆ្ងាយណាស់។ (ហេប្រឺ ១១:១៩) ម្យ៉ាងទៀត គាត់នឹងយល់អំពីរបៀបដែលការឈឺចាប់របស់គាត់ពេលដែលគាត់បម្រុងនឹងបូជាអ៊ីសាកដែលជាកូនប្រុសរបស់គាត់ បានជួយមនុស្សស្មោះត្រង់រាប់លាននាក់ឲ្យយល់អំពីការឈឺចាប់របស់ព្រះយេហូវ៉ា ពេលលោកឲ្យលោកយេស៊ូគ្រិស្ដដែលជាបុត្ររបស់លោកជាថ្លៃលោះសម្រាប់មនុស្សជាតិ។ (យ៉ូហាន ៣:១៦) គំរូរបស់អាប្រាហាំបានជួយយើងទាំងអស់គ្នាឲ្យកាន់តែមានចិត្ដកតញ្ញូចំពោះថ្លៃលោះដែលជាទង្វើដែលបង្ហាញនូវសេចក្ដីស្រឡាញ់ដ៏ធំបំផុត!
១៧. តើអ្នកតាំងចិត្ដធ្វើអ្វី ហើយក្នុងអត្ថបទបន្ទាប់ តើយើងនឹងពិចារណាអ្វី?
១៧ សូមឲ្យយើងម្នាក់ៗតាំងចិត្ដមានជំនឿដូចអាប្រាហាំ។ ដូចគាត់ដែរ យើងត្រូវការចំណេះដឹងនិងបទពិសោធន៍។ កាលដែលយើងបន្ដរៀនអំពីព្រះយេហូវ៉ា ហើយបន្ដស្តាប់បង្គាប់លោក នោះយើងនឹងឃើញរបៀបដែលលោកឲ្យពរនិងការពារយើង។ (សូមអាន ហេប្រឺ ៦:១០-១២) សូមឲ្យព្រះយេហូវ៉ាធ្វើជាមិត្ដសម្លាញ់របស់យើងជារៀងរហូត! នៅក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាគំរូរបស់អ្នកស្មោះត្រង់បីនាក់ទៀតដែលបានទៅជាមិត្ដដ៏ជិតស្និទ្ធរបស់ព្រះ។
^ [១] (វគ្គ៣) អាប្រាហាំនិងសារ៉ាពីដើមបានត្រូវហៅថាអាប់រ៉ាមនិងសារ៉ាយ។ ប៉ុន្ដែ ក្នុងអត្ថបទនេះយើងនឹងប្រើឈ្មោះដែលព្រះយេហូវ៉ាបានដាក់ឲ្យពួកគាត់ក្រោយមក។