លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៧

ការយល់អំពីប្រមុខភាពក្នុងក្រុមជំនុំ

ការយល់អំពីប្រមុខភាពក្នុងក្រុមជំនុំ

​«​គ្រិស្ត​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ ជា​រូប​កាយ​របស់​លោក​ដែល​លោក​បាន​សង្គ្រោះ​»។—អេភ. ៥:២៣

ចម្រៀង​លេខ​១៣៧ ស្ត្រី​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់

សេចក្ដី​សង្ខេប *

១. ហេតុ​អ្វី​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​មាន​សាមគ្គីភាព?

យើង​សប្បាយ​ចិត្ត​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី​យើង​មាន​សន្តិភាព​និង​សាមគ្គីភាព​ខ្លាំង​ដល់​ម្ល៉េះ? មូលហេតុ​មួយ​គឺ​ថា​យើង​ទាំង​អស់​គ្នា​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អំណាច​មួយ​កម្រិត។ តាម​ការ​ពិត បើ​យើង​កាន់​តែ​យល់​អំពី​ប្រមុខភាព​ដែល​ជា​ការ​រៀបចំ​ពី​ព្រះ នោះ​យើង​កាន់​តែ​មាន​សាមគ្គីភាព។

២. តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ប្រមុខភាព​ក្នុង​ក្រុម​ជំនុំ។ យើង​ក៏​នឹង​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​នេះ​៖ តើ​បង​ប្អូន​ស្រី​មាន​តួ​នាទី​អ្វី? តើ​ជា​ការ​ពិត​ឬ​ទេ​ដែល​ថា​បង​ប្អូន​ប្រុស​ទាំង​អស់​គឺ​ជា​ប្រមុខ​របស់​បង​ប្អូន​ស្រី​ទាំង​ឡាយ? តើ​អ្នក​ចាស់​ទុំ​មាន​សិទ្ធិ​អំណាច​លើ​បង​ប្អូន​ដូច​ប្រមុខ​គ្រួសារ​មាន​ទៅ​លើ​ប្រពន្ធ​កូន​របស់​ពួក​គេ​ឬ​ទេ? តែ​ដំបូង​បង្អស់ សូម​យើង​ពិចារណា​អំពី​ទស្សនៈ​ដែល​យើង​គួរ​មាន​ចំពោះ​បង​ប្អូន​ស្រី។

តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​បង​ប្អូន​ស្រី?

៣. តើ​អ្វី​នឹង​ជួយ​យើង​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ការ​របស់​បង​ប្អូន​ស្រី?

យើង​ឲ្យ​តម្លៃ​ចំពោះ​បង​ប្អូន​ស្រី​ដែល​ខំ​មើល​ថែ​ក្រុម​គ្រួសារ​របស់​ពួក​គេ ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ និង​ជួយ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ។ យើង​អាច​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​ពួក​គេ​ដោយ​ពិចារណា​អំពី​ទស្សនៈ​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មាន​ចំពោះ​ពួក​គេ។ យើង​ក៏​នឹង​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​អំពី​របៀប​ដែល​សាវ័ក​ប៉ូល​ប្រព្រឹត្ត​ទៅ​លើ​ស្ត្រី។

៤. តើ​គម្ពីរ​បង្ហាញ​យ៉ាង​ណា​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ទាំង​ស្ត្រី​ទាំង​បុរស?

គម្ពីរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ទាំង​ស្ត្រី​ទាំង​បុរស។ ជា​ឧទាហរណ៍ គម្ពីរ​បង្ហាញ​ថា​នៅ​សតវត្សរ៍​ទី​១ ព្រះ​យេហូវ៉ា​បាន​ឲ្យ​សកម្មពល​បរិសុទ្ធ​ដល់​ស្ត្រី​និង​បុរស ហើយ​ឲ្យ​ពួក​គេ​មាន​សមត្ថភាព​ធ្វើ​អព្ភូតហេតុ​ដូច​ជា​និយាយ​ភាសា​ផ្សេង​ៗ។ (​សកម្ម. ២:១​-​៤, ១៥​-​១៨​) ទាំង​ស្ត្រី​ទាំង​បុរស​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ ហើយ​មាន​សេចក្ដី​សង្ឃឹម​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត។ (​កាឡ. ៣:២៦​-​២៩​) ម្យ៉ាង​ទៀត ស្ត្រី​និង​បុរស​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​លើ​ផែនដី។ (​បប. ៧:៩, ១០, ១៣​-​១៥​) ទាំង​បុរស​ទាំង​ស្ត្រី​ក៏​មាន​ភារកិច្ច​ផ្សព្វ​ផ្សាយ​និង​បង្រៀន​ដំណឹង​ល្អ។ (​ម៉ាថ. ២៨:១៩, ២០​) ជា​ឧទាហរណ៍ សៀវភៅ​សកម្មភាព​រៀប​រាប់​អំពី​បង​ស្រី​ម្នាក់​ឈ្មោះ​ព្រីស៊ីល។ គាត់​និង​ប្ដី​របស់​គាត់​អាគីឡា បាន​ជួយ​អាប៉ូឡុស​ដែល​ជា​អ្នក​ចេះ​ដឹង​ខ្ពង់​ខ្ពស់ ឲ្យ​យល់​សេចក្ដី​ពិត​បាន​ត្រឹម​ត្រូវ​ជាង។—សកម្ម. ១៨:២៤​-​២៦

៥. តើ​លូកា ១០:៣៨, ៣៩, ៤២​បង្ហាញ​យ៉ាង​ណា​អំពី​ទស្សនៈ​របស់​លោក​យេស៊ូ​ចំពោះ​ស្ត្រី?

លោក​យេស៊ូ​គោរព​និង​ផ្ដល់​កិត្តិយស​ដល់​ស្ត្រី។ លោក​មិន​បាន​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ពួក​ផារិស៊ី​ដែល​មើល​ងាយ និង​មិន​និយាយ​រក​ស្ត្រី​នៅ​ទី​សាធារណៈ​ទេ។ ម្យ៉ាង​ទៀត ពួក​ផារិស៊ី​មិន​និយាយ​អំពី​បទ​គម្ពីរ​ជា​មួយ​នឹង​ស្ត្រី​ឡើយ។ ផ្ទុយ​ពី​ពួក​គេ លោក​យេស៊ូ​និយាយ​អំពី​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ក្នុង​គម្ពីរ​ជា​មួយ​នឹង​ស្ត្រី ព្រម​ទាំង​អ្នក​កាន់​តាម​ឯ​ទៀត​ដែរ។ * (​សូម​អាន លូកា ១០:៣៨, ៣៩, ៤២) លោក​ក៏​ឲ្យ​ស្ត្រី​ធ្វើ​ដំណើរ​ជា​មួយ​លោក​ពេល​លោក​ផ្សព្វ​ផ្សាយ។ (​លូក. ៨:១​-​៣​) មួយ​វិញ​ទៀត លោក​យេស៊ូ​ឲ្យ​ស្ត្រី​មាន​កិត្តិយស​ប្រាប់​ពួក​សាវ័ក​ថា លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—យ៉ូន. ២០:១៦​-​១៨

៦. តើ​សាវ័ក​ប៉ូល​បាន​បង្ហាញ​យ៉ាង​ណា​ថា​គាត់​គោរព​ស្ត្រី?

សាវ័ក​ប៉ូល​បាន​រំលឹក​ធីម៉ូថេ​ឲ្យ​ផ្ដល់​កិត្តិយស​ដល់​ស្ត្រី។ ប៉ូល​បាន​ប្រាប់​គាត់​ឲ្យ​ប្រព្រឹត្ត​ទៅ​លើ​‹ស្ត្រី​វ័យ​ចាស់​ដូច​ម្ដាយ› និង​ប្រព្រឹត្ត​ទៅ​លើ​‹ស្ត្រី​វ័យ​ក្មេង​ដូច​បង​ស្រី›។ (​១ធី. ៥:១, ២​) ប៉ូល​បាន​ជួយ​ធីម៉ូថេ​យ៉ាង​ច្រើន​ដើម្បី​ឲ្យ​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ ប៉ុន្តែ​គាត់​ទទួល​ស្គាល់​ថា​គឺ​ម្ដាយ​និង​យាយ​របស់​ធីម៉ូថេ​ដែល​បាន​បង្រៀន​«​ឯកសារ​បរិសុទ្ធ​នា​នា​»​ដល់​ធីម៉ូថេ​នៅ​ដើម​ដំបូង។ (​២ធី. ១:៥; ៣:១៤, ១៥​) ក្នុង​សំបុត្រ​របស់​ប៉ូល​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​រ៉ូម គាត់​បាន​សួរ​សុខ​ទុក្ខ​បង​ប្អូន​ស្រី​ដោយ​លើក​ឈ្មោះ​ពួក​គេ។ គាត់​មិន​គ្រាន់​តែ​កត់​សម្គាល់​អំពី​កិច្ច​ការ​ដែល​បង​ប្អូន​ស្រី​បាន​ធ្វើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ក៏​មាន​ចិត្ត​កតញ្ញូ​ចំពោះ​កិច្ច​ការ​របស់​ពួក​គេ​ផង​ដែរ។—រ៉ូម ១៦:១​-​៤, ៦, ១២; ភី. ៤:៣

៧. តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ​នៅ​ឥឡូវ​នេះ?

ដូច​បាន​បង្ហាញ​នៅ​វគ្គ​មុន​ៗ គម្ពីរ​មិន​ចែង​ថា​បង​ប្អូន​ស្រី​គឺ​អន់​ជាង​បង​ប្អូន​ប្រុស​ទេ។ បង​ប្អូន​ស្រី​ជួយ​ក្រុម​ជំនុំ​ច្រើន​ណាស់ ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​ទូលាយ។ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ការ​ជំនួយ​ពី​ពួក​គេ​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​មាន​សន្តិភាព​និង​សាមគ្គីភាព។ ប៉ុន្តែ​គឺ​សំខាន់​ដែល​យើង​រក​ចម្លើយ​ចំពោះ​សំណួរ​ខ្លះ​ដូច​ជា​៖ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​បង​ប្អូន​ស្រី​ពាក់​អ្វី​លើ​ក្បាល​នៅ​ពេល​ខ្លះ? ដោយ​សារ​មាន​តែ​បង​ប្អូន​ប្រុស​ប៉ុណ្ណោះ​ដែល​បាន​ត្រូវ​តែង​តាំង​ជា​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ តើ​នេះ​មាន​ន័យ​ថា​បង​ប្អូន​ប្រុស​ទាំង​អស់​ជា​ប្រមុខ​របស់​បង​ប្អូន​ស្រី​ទាំង​ឡាយ​ក្នុង​ក្រុម​ជំនុំ​ឬ?

តើ​បង​ប្អូន​ប្រុស​ទាំង​អស់​ជា​ប្រមុខ​របស់​បង​ប្អូន​ស្រី​ទាំង​ឡាយ​ឬ​ទេ?

៨. យោង​ទៅ​តាម​អេភេសូរ ៥:២៣ តើ​បង​ប្អូន​ប្រុស​ទាំង​អស់​ជា​ប្រមុខ​របស់​បង​ប្អូន​ស្រី​ទាំង​ឡាយ​ឬ​ទេ? សូម​ពន្យល់។

និយាយ​ឲ្យ​ចំ​ទៅ​គឺ​មិន​មែន​ទេ! បង​ប្អូន​ប្រុស​មិន​មែន​ជា​ប្រមុខ​របស់​បង​ប្អូន​ស្រី​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​ទេ តែ​គឺ​ជា​គ្រិស្ត​វិញ។ (​សូម​អាន អេភេសូរ ៥:២៣) ក្នុង​ក្រុម​គ្រួសារ ប្ដី​មាន​សិទ្ធិ​អំណាច​លើ​ប្រពន្ធ។ កូន​ប្រុស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ មិន​មែន​ជា​ប្រមុខ​របស់​ម្ដាយ​គាត់​ទេ។ (​អេភ. ៦:១, ២​) ក្នុង​ក្រុម​ជំនុំ អ្នក​ចាស់​ទុំ​មាន​អំណាច​មួយ​កម្រិត​លើ​បង​ប្អូន​ប្រុស​ស្រី។ (​១ថែ. ៥:១២; ហេ. ១៣:១៧​) បង​ប្អូន​ស្រី​នៅ​លីវ​ដែល​លែង​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ​បន្ត​គោរព​ពួក​គាត់​និង​អ្នក​ចាស់​ទុំ។ ប៉ុន្តែ​ដូច​បង​ប្អូន​ប្រុស​ក្នុង​ក្រុម​ជំនុំ​ដែរ បង​ប្អូន​ស្រី​ទាំង​នោះ​មាន​ប្រមុខ​តែ​ម្នាក់​គត់​គឺ​លោក​យេស៊ូ។

បង​ប្អូន​នៅ​លីវ ដែល​ចាក​ចេញ​ពី​ឪពុក​ម្ដាយ នៅ​ក្រោម​ប្រមុខភាព​របស់​លោក​យេស៊ូ (​សូម​មើល​វគ្គ​៨​)

៩. ហេតុ​អ្វី​បង​ប្អូន​ស្រី​ត្រូវ​ពាក់​អ្វី​លើ​ក្បាល​នៅ​ពេល​ខ្លះ?

ពិត​មែន​ថា​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​បុរស​ឲ្យ​នាំ​មុខ​ក្នុង​ការ​បង្រៀន​និង​ការ​គោរព​ប្រណិប័តន៍​ក្នុង​ក្រុម​ជំនុំ តែ​លោក​មិន​បាន​ឲ្យ​បង​ប្អូន​ស្រី​មាន​សិទ្ធិ​អំណាច​នោះ​ទេ។ (​១ធី. ២:១២​) ហេតុ​អ្វី? មូលហេតុ​គឺ​ដូច​គ្នា​នឹង​មូលហេតុ​ដែល​លោក​បាន​តែង​តាំង​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​ប្រមុខ​នៃ​បុរស គឺ​ដើម្បី​រក្សា​ឲ្យ​មាន​របៀប​រៀប​រយ​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ។ បើ​បង​ប្អូន​ស្រី​ត្រូវ​បំពេញ​តួ​នាទី​ដែល​តាម​ធម្មតា​ជា​តួ​នាទី​របស់​បង​ប្អូន​ប្រុស នោះ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​គាត់​ពាក់​អ្វី​មួយ​លើ​ក្បាល។ * (​១កូ. ១១:៤​-​៧​) ព្រះ​យេហូវ៉ា​បាន​សុំ​ឲ្យ​បង​ប្អូន​ស្រី​ធ្វើ​ដូច្នេះ​មិន​មែន​ដើម្បី​ឲ្យ​ពួក​គេ​អាប់​ឱន​កិត្តិយស​ទេ ប៉ុន្តែ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​បង្ហាញ​ការ​គោរព​ចំពោះ​ប្រមុខភាព​ដែល​លោក​បាន​រៀបចំ។ ដោយ​គិត​អំពី​ចំណុច​ទាំង​នេះ យើង​នឹង​ឆ្លើយ​សំណួរ​ថា​៖ តើ​ប្រមុខ​គ្រួសារ​និង​អ្នក​ចាស់​ទុំ​មាន​សិទ្ធិ​អំណាច​ដល់​កម្រិត​ណា?

តួ​នាទី​របស់​ប្រមុខ​គ្រួសារ​និង​អ្នក​ចាស់​ទុំ

១០. ហេតុ​អ្វី​អ្នក​ចាស់​ទុំ​ណា​ម្នាក់​ប្រហែល​ជា​ចង់​បង្កើត​ច្បាប់​ឲ្យ​ក្រុម​ជំនុំ?

១០ ពួក​អ្នក​ចាស់​ទុំ​ស្រឡាញ់​គ្រិស្ត ហើយ​ពួក​គេ​ស្រឡាញ់​«​ចៀម​»​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ឲ្យ​ពួក​គេ​មើល​ថែ​រក្សា។ (​យ៉ូន. ២១:១៥​-​១៧​) ដោយ​មាន​បំណង​ល្អ អ្នក​ចាស់​ទុំ​ណា​ម្នាក់​ប្រហែល​ជា​ចាត់​ទុក​ខ្លួន​ជា​ឪពុក​នៃ​ក្រុម​ជំនុំ។ គាត់​ប្រហែល​ជា​សន្និដ្ឋាន​ថា​បើ​ប្រមុខ​គ្រួសារ​មាន​សិទ្ធិ​បង្កើត​ច្បាប់​ដើម្បី​ការ​ពារ​ក្រុម​គ្រួសារ​របស់​គាត់ នោះ​អ្នក​ចាស់​ទុំ​ក៏​អាច​បង្កើត​ច្បាប់​ដែល​គាត់​គិត​ថា​នឹង​ការ​ពារ​ចៀម​របស់​ព្រះ​ដែរ។ ម្យ៉ាង​ទៀត បង​ប្អូន​ខ្លះ​ប្រហែល​ជា​សុំ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​ពួក​គេ ហាក់​ដូច​ជា​ពួក​គេ​ចង់​ឲ្យ​អ្នក​ចាស់​ទុំ​ធ្វើ​ជា​ប្រមុខ​របស់​ពួក​គេ។ ប៉ុន្តែ តើ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​និង​ប្រមុខ​គ្រួសារ​មាន​សិទ្ធិ​អំណាច​ដូច​គ្នា​ឬ​ទេ?

ពួក​អ្នក​ចាស់​ទុំ ជួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា និង​ទទួល​សេចក្ដី​ស្រឡាញ់។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​រក្សា​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ក្នុង​ក្រុម​ជំនុំ (​សូម​មើល​វគ្គ​១១​-​១២​)

១១. តើ​ប្រមុខ​គ្រួសារ​និង​អ្នក​ចាស់​ទុំ​មាន​ភាព​ស្រដៀង​គ្នា​អ្វី​ខ្លះ?

១១ សាវ័ក​ប៉ូល​បង្ហាញ​ថា​មាន​ភាព​ស្រដៀង​គ្នា​ខ្លះ​រវាង​ប្រមុខ​គ្រួសារ​និង​អ្នក​ចាស់​ទុំ។ (​១ធី. ៣:៤, ៥​) ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​សមាជិក​គ្រួសារ​ស្ដាប់​បង្គាប់​ប្រមុខ​គ្រួសារ។ (​កូឡ. ៣:២០​) លោក​ក៏​ចង់​ឲ្យ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ ស្ដាប់​បង្គាប់​ពួក​អ្នក​ចាស់​ទុំ​ដែរ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ទាំង​ប្រមុខ​គ្រួសារ ទាំង​អ្នក​ចាស់​ទុំ ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​អ្នក​ដែល​នៅ​ក្រោម​ការ​មើល​ថែ​របស់​ពួក​គេ​មាន​ជំនឿ​រឹង​មាំ។ ពួក​អ្នក​ចាស់​ទុំ​និង​ប្រមុខ​គ្រួសារ​ក៏​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​ខាង​ផ្លូវ​ចិត្ត​របស់​ពួក​អ្នក​ដែល​នៅ​ក្រោម​អំណាច​របស់​ពួក​គេ។ មួយ​វិញ​ទៀត ដូច​ប្រមុខ​គ្រួសារ​ដ៏​ល្អ អ្នក​ចាស់​ទុំ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួក​អ្នក​ដែល​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​ពួក​គេ​ទទួល​ជំនួយ​ពេល​មាន​បញ្ហា។ (​យ៉ា. ២:១៥​-​១៧​) បន្ថែម​ទៅ​ទៀត ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​ចាស់​ទុំ​និង​ប្រមុខ​គ្រួសារ​លើក​ស្ទួយ​ខ្នាត​តម្រា​របស់​លោក ហើយ​មិន​«​ធ្វើ​លើស​ពី​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ទុក​»​ក្នុង​គម្ពីរ។—១កូ. ៤:៦

ប្រមុខ​គ្រួសារ បាន​ទទួល​សិទ្ធិ​អំណាច​ពី​ព្រះ​យេហូវ៉ា​ឲ្យ​នាំ​មុខ​ក្រុម​គ្រួសារ​របស់​ពួក​គេ។ មុន​ធ្វើ​ការ​សម្រេច​ចិត្ត ប្រមុខ​គ្រួសារ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​ពិភាក្សា​ជា​មួយ​ប្រពន្ធ​សិន (​សូម​មើល​វគ្គ​១៣​)

១២​-​១៣. ដូច​បាន​បង្ហាញ​នៅ​រ៉ូម ៧:២ តើ​មាន​ភាព​ខុស​គ្នា​អ្វី​រវាង​ប្រមុខ​គ្រួសារ​និង​ពួក​អ្នក​ចាស់​ទុំ?

១២ ពួក​អ្នក​ចាស់​ទុំ​និង​ប្រមុខ​គ្រួសារ​ក៏​មាន​ភាព​ខុស​គ្នា​ដែរ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ធ្វើ​ជា​អ្នក​វិនិច្ឆ័យ ហើយ​លោក​បាន​ឲ្យ​ពួក​គេ​មាន​ភារកិច្ច​ដក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត ចេញ​ពី​ក្រុម​ជំនុំ។—១កូ. ៥:១១​-​១៣

១៣ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ឲ្យ​សិទ្ធិ​អំណាច​ខ្លះ​ដល់​ប្រមុខ​គ្រួសារ​ដែល​លោក​មិន​បាន​ឲ្យ​ដល់​ពួក​អ្នក​ចាស់​ទុំ។ ជា​ឧទាហរណ៍ លោក​បាន​ឲ្យ​ប្រមុខ​គ្រួសារ​មាន​សិទ្ធិ​បង្កើត​ច្បាប់​ចំពោះ​ក្រុម​គ្រួសារ​របស់​គាត់ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​គេ​ធ្វើ​តាម​ច្បាប់​ទាំង​នោះ។ (​សូម​អាន រ៉ូម ៧:២) ប្រមុខ​គ្រួសារ​មាន​សិទ្ធិ​សម្រេច​ចិត្ត​ថា ម៉ោង​ណា​ដែល​កូន​របស់​គាត់​គួរ​មក​ដល់​ផ្ទះ​វិញ​នៅ​ពេល​យប់។ គាត់​ក៏​មាន​សិទ្ធិ​ប្រដៅ​កូន​របស់​គាត់ បើ​ពួក​គេ​មិន​ធ្វើ​តាម​ច្បាប់​នោះ។ (​អេភ. ៦:១​) ប្រមុខ​គ្រួសារ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ច្បាស់​ជា​នឹង​ពិភាក្សា​ជា​មួយ​ប្រពន្ធ​មុន​គាត់​បង្កើត​ច្បាប់​ក្នុង​ផ្ទះ ដោយ​សារ​ពួក​គេ​ទាំង​ពីរ​នាក់​ជា​«​សាច់​ឈាម​តែ​មួយ​»។ *ម៉ាថ. ១៩:៦

ចូរ​គោរព​គ្រិស្ត​ជា​ប្រមុខ​ក្រុម​ជំនុំ

លោក​យេស៊ូ ផ្ដល់​ការ​ណែនាំ​ដល់​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ក្រោម​ប្រមុខភាព​របស់​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​១៤​)

១៤. (​ក​) សម​ស្រប​តាម​អ្វី​ដែល​បាន​ចែង​នៅ​ម៉ាកុស ១០:៤៥ ហេតុ​អ្វី​គឺ​សម​ត្រឹម​ត្រូវ​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ? (​ខ​) តើ​គណៈ​អភិបាល​មាន​តួ​នាទី​អ្វី? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ តើ​គណៈ​អភិបាល​មាន​តួ​នាទី​អ្វី?​»​)

១៤ តាម​រយៈ​ថ្លៃ​លោះ ព្រះ​យេហូវ៉ា​បាន​ទិញ​បុគ្គល​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ។ (​សូម​អាន ម៉ាកុស ១០:៤៥; សកម្ម. ២០:២៨; ១កូ. ១៥:២១, ២២​) ដូច្នេះ​គឺ​សម​ត្រឹម​ត្រូវ​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​លោក​យេស៊ូ​ជា​អ្នក​ដែល​បាន​ប្រគល់​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ ឲ្យ​ធ្វើ​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ។ ក្នុង​នាម​ជា​ប្រមុខ​របស់​យើង លោក​យេស៊ូ​មាន​សិទ្ធិ​បង្កើត​ច្បាប់​ចំពោះ​បុគ្គល​ម្នាក់​ៗ ក្រុម​គ្រួសារ និង​ក្រុម​ជំនុំ​ទាំង​មូល​អំពី​អ្វី​ដែល​ពួក​គេ​គួរ​ធ្វើ ហើយ​លោក​មាន​សិទ្ធិ​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​ទាំង​អស់​គ្នា​ធ្វើ​តាម​ច្បាប់​ទាំង​នោះ។ (​កាឡ. ៦:២​) ប៉ុន្តែ​លោក​យេស៊ូ​មិន​គ្រាន់​តែ​បង្កើត​ច្បាប់​ប៉ុណ្ណោះ​ទេ លោក​ក៏​ចិញ្ចឹម​និង​ស្រឡាញ់​ថ្នាក់​ថ្នម​យើង​ម្នាក់​ៗ​ដែរ។—អេភ. ៥:២៩

១៥​-​១៦. តើ​អ្នក​រៀន​អ្វី​ពី​ពាក្យ​សម្ដី​របស់​បង​ម៉ាលី​និង​បង​បេនយ៉ាមីន?

១៥ បង​ប្អូន​ស្រី​បង្ហាញ​ថា​ពួក​គេ​គោរព​គ្រិស្ត ដោយ​ធ្វើ​តាម​ការ​ណែនាំ​ពី​បង​ប្អូន​ប្រុស​ដែល​លោក​បាន​តែង​តាំង​ឲ្យ​ថែ​រក្សា​ពួក​គេ។ បង​ស្រី​ម៉ាលី​ដែល​រស់​នៅ​សហរដ្ឋ​អាម៉េរិក​មាន​អារម្មណ៍​ដូច​បង​ស្រី​ជា​ច្រើន​នាក់​ទៀត ពេល​គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​តួ​នាទី​របស់​ខ្ញុំ​ជា​ប្រពន្ធ​និង​ជា​បង​ស្រី​ក្នុង​ក្រុម​ជំនុំ។ តែ​ខ្ញុំ​ត្រូវ​បន្ត​ខំ​ព្យាយាម​ជា​និច្ច​ដើម្បី​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា​អំពី​ប្រមុខភាព។ ប្ដី​ខ្ញុំ​និង​បង​ប្អូន​ប្រុស​ក្នុង​ក្រុម​ជំនុំ​គោរព​ខ្ញុំ​និង​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​កិច្ច​ការ​ដែល​ខ្ញុំ​ធ្វើ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រួល​បង្ហាញ​ការ​គោរព​ចំពោះ​សិទ្ធិ​អំណាច​របស់​ពួក​គាត់​ជាង​»។

១៦ បង​ប្អូន​ប្រុស​បង្ហាញ​ថា​ពួក​គេ​យល់​អំពី​ការ​រៀបចំ​របស់​ព្រះ​ស្ដី​អំពី​ប្រមុខភាព ដោយ​គោរព​និង​លើក​កិត្តិយស​បង​ប្អូន​ស្រី។ បង​ប្រុស​បេនយ៉ាមីន​ដែល​រស់​នៅ​ប្រទេស​អង់គ្លេស​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​រៀន​ច្រើន​ពី​ចម្លើយ​របស់​បង​ប្អូន​ស្រី​នៅ​កិច្ច​ប្រជុំ​និង​ពី​យោបល់​របស់​ពួក​គេ​អំពី​របៀប​បង្រៀន​គម្ពីរ ព្រម​ទាំង​របៀប​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ខ្ញុំ​គិត​ថា​កិច្ច​ការ​ដែល​ពួក​គេ​ធ្វើ​ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់​»។

១៧. ហេតុ​អ្វី​យើង​គួរ​ចុះ​ចូល​ចំពោះ​ការ​រៀបចំ​អំពី​ប្រមុខភាព?

១៧ ពេល​គ្រប់​គ្នា​នៅ​ក្នុង​ក្រុម​ជំនុំ មិន​ថា​បុរស ស្ត្រី ប្រមុខ​គ្រួសារ និង​ពួក​អ្នក​ចាស់​ទុំ យល់​និង​ចុះ​ចូល​ចំពោះ​ការ​រៀបចំ​អំពី​ប្រមុខភាព នោះ​ក្រុម​ជំនុំ​មាន​សន្តិភាព។ សំខាន់​ជាង​នេះ​ទៅ​ទៀត យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ទទួល​ការ​សរសើរ។—ទំនុក. ១៥០:៦

ចម្រៀង​លេខ​១២៣ ចុះ​ចូល​ដោយ​ស្មោះ​ក្រោម​ការ​រៀបចំ​របស់​ព្រះ

^ វគ្គ 5 តើ​បង​ប្អូន​ស្រី​មាន​តួ​នាទី​អ្វី​ក្នុង​ក្រុម​ជំនុំ? តើ​បង​ប្អូន​ប្រុស​ទាំង​អស់​ជា​ប្រមុខ​របស់​បង​ប្អូន​ស្រី​ទាំង​ឡាយ​ឬ​ទេ? តើ​អ្នក​ចាស់​ទុំ​និង​ប្រមុខ​គ្រួសារ​មាន​សិទ្ធិ​អំណាច​ដូច​គ្នា​ឬ​ទេ? ក្នុង​អត្ថបទ​នេះ យើង​នឹង​ឃើញ​ចម្លើយ​ពី​គម្ពីរ​ចំពោះ​សំណួរ​ទាំង​នេះ។

^ វគ្គ 5 សូម​មើល​វគ្គ​៦​ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ចូរ​គាំ​ទ្រ​បង​ប្អូន​ស្រី​គ្រិស្ត​សាសនិក​»​ ដែល​បោះ​ពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​កញ្ញា ឆ្នាំ​២០២០។

^ វគ្គ 9 សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ តើ​បង​ប្អូន​ស្រី​គួរ​ពាក់​អ្វី​លើ​ក្បាល​នៅ​ពេល​ណា​ខ្លះ?​»។

^ វគ្គ 13 ដើម្បី​អាន​ការ​ពន្យល់​អំពី​អ្នក​ណា​គួរ​សម្រេច​ចិត្ត​ថា​ក្រុម​គ្រួសារ​នឹង​ទៅ​ក្រុម​ជំនុំ​មួយ​ណា សូម​មើល​វគ្គ​១៧​-​១៩​នៃ​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ចូរ​ឲ្យ​តម្លៃ​ចំពោះ​តួ​នាទី​របស់​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ព្រះ​យេហូវ៉ា​»​ ដែល​បាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​សីហា ឆ្នាំ​២០២០។

^ វគ្គ 59 ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​រឿង​នេះ សូម​មើល​សៀវភៅ​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​»​ ទំព័រ​២៣៩​-​២៤២

^ វគ្គ 64 ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​តួ​នាទី​របស់​គណៈ​អភិបាល សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៣ ទំព័រ​២០​-​២៥