លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៨

របៀបរក្សាអំណរពេលមានទុក្ខលំបាក

របៀបរក្សាអំណរពេលមានទុក្ខលំបាក

​«​បង​ប្អូន​ខ្ញុំ​អើយ ពេល​ដែល​ជួប​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ ចូរ​ចាត់​ទុក​ការ​នោះ​ជា​អំណរ​សុទ្ធ​សាធ​»។—យ៉ា. ១:២

ចម្រៀង​លេខ​១១១ មូលហេតុ​ដែល​យើង​មាន​អំណរ

សេចក្ដី​សង្ខេប *

១​-​២. យោង​ទៅ​តាម​ម៉ាថាយ ៥:១១ តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ទុក្ខ​លំបាក?

លោក​យេស៊ូ​បាន​សន្យា​នឹង​អ្នក​កាន់​តាម​លោក​ថា ពួក​គេ​នឹង​មាន​សុភមង្គល​ពិត​ប្រាកដ តែ​លោក​ក៏​បាន​ប្រាប់​ពួក​គេ​ថា​ពួក​គេ​នឹង​មាន​ទុក្ខ​លំបាក​ដែរ។ (​ម៉ាថ. ១០:២២, ២៣; លូក. ៦:២០​-​២៣​) យើង​សប្បាយ​ចិត្ត​ធ្វើ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ ប៉ុន្តែ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​គិត​អំពី​ការ​ទទួល​ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ ការ​បៀត​បៀន​ពី​រដ្ឋាភិបាល ឬ​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស ពី​សិស្ស​រួម​ថ្នាក់​ឬ​ពី​អ្នក​រួម​ការងារ? យើង​ប្រហែល​ជា​ខ្វល់​ចិត្ត ពេល​គិត​អំពី​អ្វី​ទាំង​នេះ។

តាម​ធម្មតា មនុស្ស​មិន​ចាត់​ទុក​ការ​បៀត​បៀន​ជា​ហេតុ​នាំ​ឲ្យ​មាន​អំណរ​ទេ តែ​បណ្ដាំ​របស់​ព្រះ​ប្រាប់​យើង​ឲ្យ​ធ្វើ​ដូច្នេះ។ ជា​ឧទាហរណ៍ យ៉ាកុប​បាន​សរសេរ​ថា​យើង​មិន​គួរ​អស់​សង្ឃឹម​ឡើយ តែ​គួរ​មាន​អំណរ​ពេល​ជួប​ទុក្ខ​លំបាក។ (​យ៉ា. ១:២, ១២​) លោក​យេស៊ូ​ក៏​បាន​មាន​ប្រសាសន៍​ថា យើង​គួរ​មាន​សុភមង្គល​ទោះ​ជា​ពេល​យើង​ទទួល​ការ​បៀត​បៀន​ក្ដី។ (​សូម​អាន ម៉ាថាយ ៥:១១) តើ​យើង​អាច​រក្សា​អំណរ​យ៉ាង​ដូច​ម្ដេច​មិន​ថា​មាន​ទុក្ខ​លំបាក​ក្ដី? យើង​អាច​រៀន​ច្រើន ដោយ​ពិចារណា​អំពី​អ្វី​មួយ​ចំនួន​ដែល​យ៉ាកុប​បាន​សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ទៅ​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម។ មុន​ដំបូង សូម​យើង​គិត​អំពី​ការ​ពិបាក​ដែល​គ្រិស្ត​សាសនិក​ទាំង​នោះ​បាន​ជួប​ប្រទះ។

តើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ជួប​ទុក្ខ​លំបាក​អ្វី?

៣. តើ​អ្វី​កើត​ឡើង​មិន​យូរ​ក្រោយ​ពី​យ៉ាកុប​បាន​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ?

មិន​យូរ​ក្រោយ​ពី​យ៉ាកុប​ដែល​ជា​ប្អូន​ប្រុស​របស់​លោក​យេស៊ូ​បាន​ទៅ​ជា​អ្នក​កាន់​តាម ការ​ប្រឆាំង​បាន​ផ្ទុះ​ឡើង​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ក្រុង​យេរូសាឡិម។ (​សកម្ម. ១:១៤; ៥:១៧, ១៨​) ពេល​ស្ទេផាន​បាន​ត្រូវ​គេ​សម្លាប់ គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់​បាន​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​នោះ ហើយ​«​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ​ពេញ​តំបន់​យូឌា​និង​តំបន់​សាម៉ារី​»​ និង​ទី​បំផុត​បាន​ទៅ​រហូត​ដល់​កោះ​គីប្រុស​និង​ក្រុង​អាន់ទីយ៉ូក។ (​សកម្ម. ៧:៥៨–៨:១; ១១:១៩​) អ្នក​កាន់​តាម​មាន​ការ​ពិបាក​ជា​ច្រើន តែ​ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​ខ្នះ​ខ្នែង​នៅ​កន្លែង​ដែល​ពួក​គេ​ទៅ ហើយ​ក្រុម​ជំនុំ​បាន​ត្រូវ​បង្កើត​ឡើង​ពេញ​ចក្រភព​រ៉ូម។ (​១ពេ. ១:១​) ប៉ុន្តែ គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​នឹង​ជួប​គ្រា​លំបាក​ច្រើន​ជាង​នេះ​ទៅ​ទៀត។

៤. តើ​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​ត្រូវ​ជួប​ទុក្ខ​លំបាក​អ្វី​ផ្សេង​ទៀត?

គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​បាន​ជួប​ទុក្ខ​លំបាក​ផ្សេង​ៗ​ជា​ច្រើន។ ជា​ឧទាហរណ៍ ប្រហែល​ជា​នៅ​ឆ្នាំ​៥០ គ.ស. អធិរាជ​រ៉ូម​ឈ្មោះ​ក្លូឌាស​បាន​បង្គាប់​ឲ្យ​ជនជាតិ​យូដា​ទាំង​អស់​ចាក​ចេញ​ពី​ក្រុង​រ៉ូម។ ដូច្នេះ ជនជាតិ​យូដា​ដែល​បាន​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ត្រូវ​លះ​ចោល​ផ្ទះ​សម្បែង និង​រើ​ទៅ​កន្លែង​ផ្សេង។ (​សកម្ម. ១៨:១​-​៣​) ប្រហែល​ជា​នៅ​ឆ្នាំ​៦១ គ.ស. សាវ័ក​ប៉ូល​បាន​សរសេរ​ថា​បង​ប្អូន​គ្រិស្ត​សាសនិក​បាន​ត្រូវ​គេ​ជេរ​ប្រមាថ​ជា​សាធារណៈ ចាប់​ដាក់​គុក និង​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ។ (​ហេ. ១០:៣២​-​៣៤​) ក្រៅ​ពី​នេះ គ្រិស្ត​សាសនិក​ក៏​ជា​អ្នក​ក្រ​និង​ចេះ​ឈឺ​ដូច​អ្នក​ឯ​ទៀត​ដែរ។—រ៉ូម ១៥:២៦; ភី. ២:២៥​-​២៧

៥. តើ​យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ?

ពេល​យ៉ាកុប​បាន​សរសេរ​សំបុត្រ​របស់​គាត់​មុន​ឆ្នាំ​៦២ គ.ស. គាត់​ដឹង​យ៉ាង​ច្បាស់​អំពី​ទុក្ខ​លំបាក​ដែល​បង​ប្អូន​របស់​គាត់​ជួប​ប្រទះ។ ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​យ៉ាកុប​ឲ្យ​សរសេរ​សំបុត្រ​ទៅ​គ្រិស្ត​សាសនិក​ទាំង​នោះ ដើម្បី​ផ្ដល់​យោបល់​ដែល​នឹង​ជួយ​ពួក​គេ​ឲ្យ​រក្សា​អំណរ ទោះ​ជា​ពេល​ជួប​ទុក្ខ​លំបាក​ក្ដី។ សូម​យើង​ពិចារណា​អំពី​សំបុត្រ​របស់​យ៉ាកុប​និង​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖ តើ​អ្វី​ជា​អំណរ​ដែល​យ៉ាកុប​បាន​សរសេរ? តើ​អ្វី​អាច​ឆក់​យក​អំណរ​នោះ​ពី​គ្រិស្ត​សាសនិក? តើ​ប្រាជ្ញា ជំនឿ និង​ចិត្ត​ក្លាហាន​អាច​ជួយ​យើង​ឲ្យ​រក្សា​អំណរ​យ៉ាង​ដូច​ម្ដេច មិន​ថា​យើង​ជួប​ទុក្ខ​លំបាក​ណា​ក្ដី?

តើ​អ្វី​ធ្វើ​ឲ្យ​គ្រិស្ត​សាសនិក​មាន​អំណរ?

ដូច​ភ្លើង​ដែល​មិន​រលត់​ដោយ​សារ​វា​នៅ​ក្នុង​កែវ​ប្រដាប់​ចង្កៀង នោះ​អំណរ​ដ៏​ខ្លាំង​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ បន្ត​ឆេះ​ក្នុង​ចិត្ត​គ្រិស្ត​សាសនិក (​សូម​មើល​វគ្គ​៦​)

៦. យោង​ទៅ​តាម​លូកា ៦:២២, ២៣ ហេតុ​អ្វី​គ្រិស្ត​សាសនិក​អាច​មាន​អំណរ​ពេល​ជួប​ទុក្ខ​លំបាក?

មនុស្ស​ប្រហែល​ជា​គិត​ថា​ពួក​គេ​អាច​មាន​សុភមង្គល​បាន លុះ​ត្រា​តែ​ពួក​គេ​មាន​សុខភាព​ល្អ លុយ​ច្រើន និង​មាន​គ្រួសារ​ដ៏​សុខ​សាន្ត។ ប៉ុន្តែ អំណរ​ដែល​យ៉ាកុប​បាន​រៀប​រាប់​គឺ​ជា​គុណ​សម្បត្តិ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ ហើយ​មិន​អាស្រ័យ​ទៅ​លើ​ស្ថានភាព​របស់​បុគ្គល​ណា​ម្នាក់​ទេ។ (​កាឡ. ៥:២២​) គ្រិស្ត​សាសនិក​អាច​មាន​អំណរ​ឬ​មាន​សុភមង្គល​ពិត​ប្រាកដ ដោយ​ដឹង​ថា​គាត់​កំពុង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ និង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ (​សូម​អាន លូកា ៦:២២, ២៣; កូឡ. ១:១០, ១១​) អំណរ​របស់​យើង​ប្រៀប​ដូច​ជា​ភ្លើង​ចង្កៀង។ ពេល​ភ្លើង​នៅ​ក្នុង​កែវ​ប្រដាប់​ចង្កៀង វា​បាន​ត្រូវ​ការ​ពារ​ពី​ខ្យល់​ឬ​ភ្លៀង។ អំណរ​របស់​យើង​ក៏​នឹង​មិន​រលត់​បាត់ ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក្នុង​ជីវិត​របស់​យើង​ក៏​ដោយ ដូច​ជា​បញ្ហា​សុខភាព ឬ​បញ្ហា​លុយ​កាក់​ជា​ដើម។ យើង​នឹង​ថែម​ទាំង​រក្សា​អំណរ ទោះ​ជា​ក្រុម​គ្រួសារ​ឬ​អ្នក​ឯ​ទៀត​ប្រមាថ​មើល​ងាយ​ឬ​ក៏​ប្រឆាំង​យើង​ក្ដី។ ជា​ជាង​រលត់​ទៅ អំណរ​របស់​យើង​កាន់​តែ​ភ្លឺ​ឡើង​រាល់​ដង​ដែល​អ្នក​ប្រឆាំង​ព្យាយាម​ពន្លត់​វា។ ទុក្ខ​លំបាក​ដែល​យើង​ជួប​ដោយ​សារ​ជំនឿ​របស់​យើង បញ្ជាក់​ថា​យើង​ជា​អ្នក​កាន់​តាម​ពិត​របស់​គ្រិស្ត។ (​ម៉ាថ. ១០:២២; ២៤:៩; យ៉ូន. ១៥:២០​) ហេតុ​នេះ យ៉ាកុប​អាច​សរសេរ​ថា​៖ ​«​បង​ប្អូន​ខ្ញុំ​អើយ ពេល​ដែល​ជួប​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ ចូរ​ចាត់​ទុក​ការ​នោះ​ជា​អំណរ​សុទ្ធ​សាធ​»។—យ៉ា. ១:២

ហេតុ​អ្វី​យើង​អាច​ប្រៀប​ប្រដូច​ទុក្ខ​លំបាក​ទៅ​នឹង​ភ្លើង​ដែល​គេ​ប្រើ​ដើម្បី​លត់​កាំបិត? (​សូម​មើល​វគ្គ​៧​) *

៧​-​៨. ហេតុ​អ្វី​ទុក្ខ​លំបាក​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​កាន់​តែ​រឹង​មាំ?

យ៉ាកុប​លើក​ឡើង​អំពី​មូលហេតុ​មួយ​ទៀត​ដែល​គ្រិស្ត​សាសនិក​សុខ​ចិត្ត​ជួប​ទុក្ខ​លំបាក​ធ្ងន់​ធ្ងរ។ គាត់​និយាយ​ថា​៖ ​«​ការ​សាក​ល្បងជំនឿ​របស់​អ្នក​រាល់​គ្នា​យ៉ាង​នេះ ធ្វើ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ​»។ (​យ៉ា. ១:៣​) ទុក្ខ​លំបាក​អាច​ប្រៀប​ដូច​ជា​ភ្លើង​ដែល​គេ​ប្រើ​ដើម្បី​លត់​កាំបិត។ ពេល​គេ​លត់​កាំបិត​នោះ​ឲ្យ​ក្ដៅ ហើយ​ជ្រលក់​ឲ្យ​ត្រជាក់ នោះ​កាំបិត​កាន់​តែ​រឹង​មាំ។ ស្រដៀង​គ្នា​ដែរ ពេល​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ជំនឿ​របស់​យើង​កាន់​តែ​រឹង​មាំ។ ហេតុ​នេះ​ហើយ យ៉ាកុប​បាន​សរសេរ​ថា​៖ ​«​ចូរ​ឲ្យ​ការ​ស៊ូ​ទ្រាំ​សម្រេច​គោល​បំណង​របស់​វា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ​លក្ខណៈ គ្មាន​គុណ​វិបត្តិ​»។ (​យ៉ា. ១:៤​) ពេល​យើង​ឃើញ​ថា ទុក្ខ​លំបាក​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​កាន់​តែ​រឹង​មាំ យើង​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​នោះ​ដោយ​មាន​អំណរ។

ក្នុង​សំបុត្រ​របស់​យ៉ាកុប គាត់​ក៏​បាន​លើក​បញ្ជាក់​អំពី​អ្វី​ខ្លះ​ដែល​អាច​នាំ​ឲ្យ​យើង​បាត់​បង់​អំណរ។ តើ​នោះ​ជា​អ្វី ហើយ​តើ​យើង​អាច​យក​ឈ្នះ​វា​យ៉ាង​ដូច​ម្ដេច?

របៀប​យក​ឈ្នះ​ការ​ពិបាក​ដែល​អាច​ឆក់​យក​អំណរ​របស់​យើង

៩. ហេតុ​អ្វី​យើង​ត្រូវ​ការ​ប្រាជ្ញា?

ការ​ពិបាក: ពេល​យើង​មិន​ដឹង​ថា​យើង​គួរ​ធ្វើ​អ្វី។ ពេល​មាន​ទុក្ខ​លំបាក យើង​ចង់​ស្វែង​រក​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​លោក​ពេញ​ចិត្ត ដែល​មាន​ប្រយោជន៍​ចំពោះ​បង​ប្អូន និង​ដែល​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ។ (​យេ. ១០:២៣​) យើង​ត្រូវ​ការ​ប្រាជ្ញា​ដើម្បី​ដឹង​ថា​យើង​គួរ​ធ្វើ​អ្វី​និង​គួរ​និយាយ​យ៉ាង​ណា​ទៅ​កាន់​ពួក​អ្នក​ដែល​ប្រឆាំង​យើង។ បើ​យើង​មិន​ដឹង​ថា​យើង​គួរ​ធ្វើ​អ្វី យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​យើង​ជា​ជន​រង​គ្រោះ​ដ៏​អស់​សង្ឃឹម ហើយ​យើង​អាច​បាត់​បង់​អំណរ​របស់​យើង​យ៉ាង​លឿន។

១០. ដើម្បី​បាន​ប្រាជ្ញា តើ​យ៉ាកុប ១:៥​ចែង​ថា​យើង​ត្រូវ​ធ្វើ​អ្វី?

១០ ដំណោះ​ស្រាយ: សុំ​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា។ ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដោយ​មាន​អំណរ ដំបូង​យើង​ត្រូវ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ប្រាជ្ញា​ដែល​យើង​ត្រូវ​ការ​ឲ្យ​ជួយ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។ (​សូម​អាន យ៉ាកុប ១:៥) តើ​យើង​គួរ​ធ្វើ​អ្វី បើ​យើង​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​មិន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ភ្លាម​ៗ​? យ៉ាកុប​និយាយ​ថា​យើង​គួរ​«​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​»។ ព្រះ​យេហូវ៉ា​មិន​ធុញ​ទ្រាន់ ពេល​យើង​សុំ​ប្រាជ្ញា​ពី​លោក​ម្ដង​ហើយ​ម្ដង​ទៀត​ឡើយ។ លោក​នឹង​មិន​ខឹង​យើង​ទេ។ បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​«​ឲ្យ​ដោយ​ចិត្ត​ទូលាយ​»​ នៅ​ពេល​យើង​សុំ​ប្រាជ្ញា​ពី​លោក​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក។ (​ទំនុក. ២៥:១២, ១៣​) លោក​ឃើញ​ទុក្ខ​លំបាក​របស់​យើង យល់​អារម្មណ៍​របស់​យើង ហើយ​ចង់​ជួយ​យើង។ នេះ​ពិត​ជា​ហេតុ​ដែល​ឲ្យ​យើង​អរ​សប្បាយ​មែន! ប៉ុន្តែ តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ប្រាជ្ញា​ឲ្យ​យើង​តាម​របៀប​ណា?

១១. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ទៀត​ដើម្បី​ទទួល​ប្រាជ្ញា?

១១ ព្រះ​យេហូវ៉ា​ផ្ដល់​ប្រាជ្ញា​ឲ្យ​យើង​តាម​រយៈ​បណ្ដាំ​របស់​លោក។ (​សុភ. ២:៦​) ដើម្បី​ទទួល​ប្រាជ្ញា​នោះ យើង​ត្រូវ​សិក្សា​បណ្ដាំ​របស់​ព្រះ​និង​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ប៉ុន្តែ យើង​មិន​គ្រាន់​តែ​ត្រូវ​សិក្សា​ប៉ុណ្ណោះ​ទេ។ យើង​ត្រូវ​ធ្វើ​តាម​យោបល់​ពី​ព្រះ​ក្នុង​ជីវិត​របស់​យើង។ យ៉ាកុប​បាន​សរសេរ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​អ្នក​ដែល​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​ព្រះ មិន​គ្រាន់​តែ​ជា​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ​»​ទេ។ (​យ៉ា. ១:២២​) ពេល​យើង​ធ្វើ​តាម​យោបល់​ពី​ព្រះ យើង​ទៅ​ជា​មនុស្ស​ដែល​កាន់​តែ​សម​ហេតុ​ផល មាន​សេចក្ដី​មេត្តា​ករុណា និង​ធ្វើ​ឲ្យ​មាន​សន្តិភាព។ (​យ៉ា. ៣:១៧​) គុណ​សម្បត្តិ​ទាំង​នោះ ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​យើង​ជួប​ប្រទះ​ដោយ​មិន​បាត់​បង់​អំណរ។

១២. ហេតុ​អ្វី​គឺ​សំខាន់​ដែល​យើង​ស្គាល់​គម្ពីរ​ច្បាស់?

១២ បណ្ដាំ​របស់​ព្រះ​ប្រៀប​ដូច​ជា​កញ្ចក់​ដែល​ជួយ​យើង​ឲ្យ​ឃើញ​ថា យើង​ត្រូវ​កែ​ប្រែ​អ្វី​ខ្លះ​និង​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ។ (​យ៉ា. ១:២៣​-​២៥​) ជា​ឧទាហរណ៍ ក្រោយ​ពី​សិក្សា​បណ្ដាំ​របស់​ព្រះ យើង​ប្រហែល​ជា​ឃើញ​ថា​យើង​ត្រូវ​រៀន​ឲ្យ​ចេះ​គ្រប់​គ្រង​កំហឹង។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​រៀន​ឲ្យ​ចេះ​ប្រព្រឹត្ត​ដោយ​ស្លូត​បូត ពេល​មនុស្ស​ឬ​បញ្ហា​ធ្វើ​ឲ្យ​យើង​ខឹង។ ដោយ​សារ​យើង​មាន​ចិត្ត​ស្លូត​បូត យើង​ប្រឈម​មុខ​នឹង​បញ្ហា​បាន​ល្អ​ប្រសើរ​ជាង យើង​អាច​គិត​ជ្រៅ​ជ្រះ​ជាង និង​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រសើរ​ជាង។ (​យ៉ា. ៣:១៣​) គឺ​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ស្គាល់​គម្ពីរ​យ៉ាង​ច្បាស់។

១៣. ហេតុ​អ្វី​យើង​គួរ​សិក្សា​គំរូ​របស់​បុគ្គល​ក្នុង​គម្ពីរ?

១៣ ជួន​កាល​យើង​រៀន​ឲ្យ​ជៀស​ពី​បញ្ហា ក្រោយ​ពី​យើង​ធ្វើ​ខុស។ ប៉ុន្តែ នេះ​មិន​មែន​ជា​របៀប​ល្អ​ដើម្បី​រៀន​ទេ។ គឺ​ល្អ​ប្រសើរ​ជាង​ឲ្យ​រៀន​ពី​កំហុស​និង​អ្វី​ល្អ​ដែល​អ្នក​ឯ​ទៀត​បាន​ធ្វើ​វិញ។ ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​បាន​ប្រាជ្ញា។ ហេតុ​នេះ​ហើយ​បាន​ជា​យ៉ាកុប​លើក​ទឹក​ចិត្ត​យើង​ឲ្យ​គិត​អំពី​គំរូ​របស់​បុគ្គល​ក្នុង​គម្ពីរ ដូច​ជា​អាប្រាហាំ រ៉ាហាប យ៉ូប និង​អេលីយ៉ា។ (​យ៉ា. ២:២១​-​២៦; ៥:១០, ១១, ១៧, ១៨​) អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ បាន​ស៊ូ​ទ្រាំ​ពេល​មាន​ទុក្ខ​លំបាក​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​លែង​មាន​អំណរ។ គំរូ​របស់​ពួក​គេ​អំពី​ការ​ស៊ូ​ទ្រាំ​បង្ហាញ​ថា ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​ក៏​អាច​ស៊ូ​ទ្រាំ​បាន​ដែរ។

១៤​-​១៥. ហេតុ​អ្វី​យើង​មិន​គួរ​ព្រងើយ​កន្តើយ​នឹង​ការ​សង្ស័យ​របស់​យើង?

១៤ ការ​ពិបាក: ពេល​មាន​ការ​សង្ស័យ។ ម្ដង​ម្កាល យើង​ប្រហែល​ជា​ពិបាក​យល់​អ្វី​មួយ​ក្នុង​គម្ពីរ ឬ​ក៏​ព្រះ​យេហូវ៉ា​ប្រហែល​ជា​មិន​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង​ដូច​ដែល​យើង​បាន​សង្ឃឹម​ទុក។ នេះ​អាច​នាំ​ឲ្យ​មាន​ការ​សង្ស័យ។ បើ​យើង​មិន​អើពើ​នឹង​ការ​សង្ស័យ​ទាំង​នោះ​ទេ នោះ​វា​នឹង​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​ចុះ​ខ្សោយ ហើយ​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។ (​យ៉ា. ១:៧, ៨​) វា​ក៏​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​ថ្ងៃ​អនាគត​ផង​ដែរ។

១៥ សាវ័ក​ប៉ូល​ប្រដូច​សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​ថ្ងៃ​អនាគត​ទៅ​នឹង​យុថ្កា។ (​ហេ. ៦:១៩​) តាម​ធម្មតា យុថ្កា​ធ្វើ​ឲ្យ​សំពៅ​នៅ​នឹង​មួយ​កន្លែង​ក្នុង​អំឡុង​ខ្យល់​ព្យុះ ហើយ​មិន​ឲ្យ​រសាត់​ទៅ​បុក​ច្រាំង​ថ្ម។ ប៉ុន្តែ​យុថ្កា​គឺ​មាន​ប្រយោជន៍​លុះ​ត្រា​តែ​ខ្សែ​ច្រវាក់​ដែល​ជាប់​នឹង​សំពៅ​មិន​ដាច់។ ដូច​ច្រែះ​ធ្វើ​ឲ្យ​ខ្សែ​ច្រវាក់​យុថ្កា​ខ្សោយ នោះ​ការ​មិន​អើពើ​នឹង​អ្វី​ដែល​យើង​សង្ស័យ ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​ចុះ​ខ្សោយ។ ពេល​មាន​ការ​ប្រឆាំង បុគ្គល​ដែល​មាន​ការ​សង្ស័យ​អាច​បាត់​បង់​ជំនឿ​ថា ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក។ បើ​យើង​បាត់​បង់​ជំនឿ នោះ​យើង​បាត់​បង់​សេចក្ដី​សង្ឃឹម​របស់​យើង។ យ៉ាកុប​និយាយ​ថា អ្នក​ដែល​សង្ស័យ​«​គឺ​ដូច​រលក​សមុទ្រ​ដែល​រំពើក​ចុះ​ឡើង​ទៅ​តាម​ខ្យល់​»។ (​យ៉ា. ១:៦​) បុគ្គល​ដែល​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ទំនង​ជា​នឹង​គ្មាន​អំណរ​ទាល់​តែ​សោះ!

១៦. តើ​យើង​គួរ​ធ្វើ​អ្វី​បើ​យើង​មាន​ការ​សង្ស័យ?

១៦ ដំណោះ​ស្រាយ: បំបាត់​ចោល​ការ​សង្ស័យ​និង​ពង្រឹង​ជំនឿ​របស់​អ្នក។ សូម​ចាត់​វិធានការ​យ៉ាង​ឆាប់​រហ័ស។ នៅ​សម័យ​របស់​អេលីយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ការ​សង្ស័យ​អំពី​ជំនឿ​របស់​ពួក​គេ។ អេលីយ៉ា​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​នៅ​តែ​ស្ទាក់​ស្ទើរ​នា​កណ្ដាល​ផ្លូវ​ទាំង​២​នេះ​ដល់​កាល​ណា​ទៀត? បើ​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ តែ​បើ​ព្រះ​បាល​ជា​ព្រះ​វិញ នោះ​ចូរ​ប្រតិបត្ដិ​តាម​ចុះ!​»។ (​១ព. ១៨:២១​) នៅ​សព្វ​ថ្ងៃ​នេះ​យើង​ក៏​ត្រូវ​ចាត់​វិធានការ​ដែរ។ យើង​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ពិត គម្ពីរ​គឺ​ជា​បណ្ដាំ​របស់​លោក ហើយ​ថា​សាក្សី​ព្រះ​យេហូវ៉ា​គឺ​ជា​រាស្ត្រ​របស់​លោក។ (​១ថែ. ៥:២១​) ការ​ធ្វើ​អ្វី​ទាំង​អស់​នោះ​នឹង​ពង្រឹង​ជំនឿ​របស់​យើង ហើយ​ធ្វើ​ឲ្យ​យើង​លែង​សង្ស័យ។ បើ​យើង​ត្រូវ​ការ​ជំនួយ​ដើម្បី​បំបាត់​ការ​សង្ស័យ យើង​អាច​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ។ យើង​ត្រូវ​ចាត់​វិធានការ​ភ្លាម​ៗ ដើម្បី​យើង​អាច​រក្សា​អំណរ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា!

១៧. តើ​អ្វី​នឹង​កើត​ឡើង​បើ​យើង​បាត់​បង់​ចិត្ត​ក្លាហាន?

១៧ ការ​ពិបាក: ពេល​ធ្លាក់​ទឹក​ចិត្ត។ បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​បើ​ឯង​អន់​ថយ​ក្នុង​ថ្ងៃ​លំបាក នោះ​ឈ្មោះ​ថា​ឯង​មាន​កំឡាំង​តិច​ទេ​»។ (​សុភ. ២៤:១០​) ពាក្យ​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​អន់​ថយ​»​ឬ​ធ្លាក់​ទឹក​ចិត្ត ក៏​អាច​មាន​ន័យ​ថា​បាត់​បង់​ចិត្ត​ក្លាហាន។ បើ​អ្នក​បាត់​បង់​ចិត្ត​ក្លាហាន អ្នក​នឹង​ឆាប់​បាត់​បង់​អំណរ។

១៨. តើ​ការ​ស៊ូ​ទ្រាំ​មាន​ន័យ​យ៉ាង​ណា?

១៨ ដំណោះ​ស្រាយ: ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​ចិត្ត​ក្លាហាន​ដល់​អ្នក​ដើម្បី​ស៊ូ​ទ្រាំ។ យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក។ (​យ៉ា. ៥:១១​) ពាក្យ​ដែល​យ៉ាកុប​បាន​ប្រើ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ស៊ូ​ទ្រាំ​»​ បង្កប់​អត្ថន័យ​ថា​បុគ្គល​ម្នាក់​ឈរ​នឹង​នៅ​មួយ​កន្លែង ដូច​ជា​ទាហាន​ម្នាក់​ដែល​ឈរ​ដោយ​ចិត្ត​ក្លាហាន ហើយ​មិន​រា​ថយ​ពេល​សត្រូវ​មក​វាយ​ប្រហារ។

១៩. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​សាវ័ក​ប៉ូល?

១៩ សាវ័ក​ប៉ូល​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​អំពី​ចិត្ត​ក្លាហាន​និង​ការ​ស៊ូ​ទ្រាំ។ ជួន​កាល គាត់​មាន​អារម្មណ៍​ថា​ខ្លួន​ខ្សោយ។ ប៉ុន្តែ​គាត់​អាច​ស៊ូ​ទ្រាំ ដោយ​សារ​គាត់​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​កម្លាំង​ដែល​គាត់​ត្រូវ​ការ។ (​២កូ. ១២:៨​-​១០; ភី. ៤:១៣​) យើង​អាច​មាន​កម្លាំង​និង​ចិត្ត​ក្លាហាន​បែប​នោះ បើ​យើង​ទទួល​ស្គាល់​ដោយ​ចិត្ត​រាប​ទាប​ថា​យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។—យ៉ា. ៤:១០

ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​រក្សា​អំណរ

២០​-​២១. តើ​យើង​អាច​ប្រាកដ​អំពី​អ្វី?

២០ យើង​អាច​ប្រាកដ​ថា​ទុក្ខ​លំបាក​ដែល​យើង​ជួប គឺ​មិន​មែន​ជា​ការ​ដាក់​ទោស​ពី​ព្រះ​យេហូវ៉ា​ទេ។ យ៉ាកុប​លើក​ទឹក​ចិត្ត​យើង​ថា​៖ ​«​ពេល​ដែល​ជួប​ទុក្ខ​លំបាក កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា​៖ ‹ព្រះ​កំពុង​ល្បង​ល​ខ្ញុំ›។ ព្រោះ​គ្មាន​អ្នក​ណា​អាច​ល្បង​ល​ព្រះ​ដោយ​សេចក្ដី​អាក្រក់​ឡើយ ហើយ​ព្រះ​ក៏​មិន​ល្បង​ល​អ្នក​ណា​ដោយ​សេចក្ដី​អាក្រក់​ដែរ​»។ (​យ៉ា. ១:១៣​) ពេល​យើង​ជឿ​ជាក់​ថា​នេះ​ជា​ការ​ពិត យើង​ចូល​កាន់​តែ​ជិត​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។—យ៉ា. ៤:៨

២១ ព្រះ​យេហូវ៉ា​«​មិន​ប្រែ​ប្រួល​»​ឡើយ។ (​យ៉ា. ១:១៧​) លោក​បាន​ជួយ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ពេល​មាន​ទុក្ខ​លំបាក ហើយ​លោក​នឹង​ជួយ​យើង​ម្នាក់​ៗ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ចូរ​សុំ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ឲ្យ​ជួយ​អ្នក​មាន​ប្រាជ្ញា ជំនឿ និង​ចិត្ត​ក្លាហាន។ លោក​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក។ យ៉ាង​នេះ អ្នក​អាច​ប្រាកដ​ថា​លោក​នឹង​ជួយ​អ្នក​ឲ្យ​រក្សា​អំណរ ពេល​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក!

ចម្រៀង​លេខ​១២៨ ចូរ​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់

^ វគ្គ 5 សៀវភៅ​យ៉ាកុប​ពោរ​ពេញ​ទៅ​ដោយ​យោបល់​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ពេល​មាន​ទុក្ខ​លំបាក។ អត្ថបទ​នេះ នឹង​រំលឹក​យើង​ឡើង​វិញ​អំពី​យោបល់​ពី​សៀវភៅ​យ៉ាកុប។ យោបល់​នេះ​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ពេល​មាន​ទុក្ខ​លំបាក ដោយ​មិន​បាត់​បង់​អំណរ​របស់​យើង​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។

^ វគ្គ 59 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​បាន​ត្រូវ​គេ​ចាប់​ខ្លួន​នៅ​ផ្ទះ​គាត់។ ប្រពន្ធ​និង​កូន​របស់​គាត់​សម្លឹង​មើល​កាល​ដែល​ប៉ូលិស​យក​គាត់​ទៅ។ ពេល​ប្ដី​ជាប់​គុក បង​ប្អូន​រួម​ជំនឿ​ក្នុង​ក្រុម​ជំនុំ​ចូល​រួម​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​មួយ​ប្រពន្ធ​និង​កូន​របស់​គាត់។ ប្រពន្ធ​និង​កូន​នោះ​អធិដ្ឋាន​សុំ​កម្លាំង​ពី​ព្រះ​យេហូវ៉ា​ជា​រឿយ​ៗ ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​នេះ។ ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​និង​ចិត្ត​ក្លាហាន។ ជា​លទ្ធផល ពួក​គេ​មាន​ជំនឿ​កាន់​តែ​រឹង​មាំ ហើយ​អាច​ស៊ូ​ទ្រាំ​ដោយ​មាន​អំណរ។