ការធ្វើឲ្យមានចំណងមិត្តភាពឡើងវិញជាមួយព្រះយេហូវ៉ា
ជារៀងរាល់ឆ្នាំ បុគ្គលជាច្រើនដែលប្រៀបដូចជាចៀមដ៏មានតម្លៃចូលមកក្រុមជំនុំឡើងវិញ។ សូមស្រមៃគិតថា«នៅស្ថានសួគ៌នឹងមានអំណរ»ខ្លាំងយ៉ាងណា រាល់ដងពេលបុគ្គលម្នាក់ត្រឡប់មកវិញ! (លូក. ១៥:៧, ១០) បើអ្នកបានចូលក្រុមជំនុំឡើងវិញ អ្នកអាចប្រាកដថាព្រះយេហូវ៉ា លោកយេស៊ូ និងបណ្ដាទេវតាអរសប្បាយខ្លាំងណាស់។ ទោះជាយ៉ាងនេះក្ដី កាលដែលអ្នកផ្សះផ្សាចំណងមិត្តភាពជាមួយព្រះឡើងវិញ អ្នកប្រហែលជានឹងជួបការពិបាកផ្សេងៗ។ តើមានការពិបាកអ្វីខ្លះ ហើយតើអ្វីអាចជួយអ្នក?
តើមានការពិបាកអ្វីខ្លះ?
បងប្អូនជាច្រើននៅតែធ្លាក់ទឹកចិត្ត ទោះជាពួកគេបានត្រឡប់មកក្រុមជំនុំវិញក្ដី។ អ្នកប្រហែលជាយល់អំពីអារម្មណ៍របស់ស្ដេចដាវីឌ។ សូម្បីតែក្រោយពីព្រះបានអភ័យទោសឲ្យគាត់ ក៏គាត់និយាយថា៖ «កំហុសរបស់ខ្ញុំមានច្រើនពន់ពេក»។ (ចសព. ៤០:១២; ៦៥:៣) ក្រោយពីបុគ្គលម្នាក់ត្រឡប់មកព្រះយេហូវ៉ាវិញ គាត់ប្រហែលជាបន្ទោសខ្លួន ឬខ្មាសគេអស់ជាច្រើនឆ្នាំ។ បងស្រីអ៊ីស្សាបេឡេ *បានត្រូវបណ្ដាច់មិត្តភាពអស់ជាង២០ឆ្នាំ ហើយគាត់និយាយថា៖ «ខ្ញុំពិបាកជឿថាព្រះយេហូវ៉ាអាចអភ័យទោសឲ្យខ្ញុំ»។ បើអ្នកធ្លាក់ទឹកចិត្ត ចំណងមិត្តភាពរបស់អ្នកជាមួយព្រះយេហូវ៉ាអាចចុះខ្សោយម្ដងទៀត។ (សុភ. ២៤:១០) សូមព្យាយាមកុំឲ្យរឿងនេះកើតឡើងចំពោះអ្នកឡើយ។
បងប្អូនផ្សេងទៀតព្រួយបារម្ភថា ពួកគេមិនអាចធ្វើអ្វីទាំងអស់ដែលពួកគេត្រូវធ្វើដើម្បីមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ាឡើងវិញឡើយ។ ក្រោយពីបងប្រុសម្នាក់ឈ្មោះអេនធ្វានបានចូលក្រុមជំនុំឡើងវិញ គាត់និយាយថា៖ «ខ្ញុំបានភ្លេចអ្វីៗជាច្រើនដែលខ្ញុំធ្លាប់រៀននិងធ្វើពេលខ្ញុំជាសាក្សី»។ ដោយសារបងប្អូនខ្លះមានអារម្មណ៍បែបនេះ ពួកគេមិនសូវខំប្រឹងក្នុងកិច្ចបម្រើព្រះយេហូវ៉ាទេ។
សូមគិតអំពីឧទាហរណ៍មួយ។ ផ្ទះមួយខ្នងបានត្រូវបំផ្លាញខ្ទេចខ្ទីដោយសារខ្យល់ព្យុះដ៏ខ្លាំងមួយ។ ពេលម្ចាស់ផ្ទះគិតអំពីពេលវេលានិង
កម្លាំងដែលនឹងត្រូវការដើម្បីសាងសង់ផ្ទះនោះឡើងវិញ គាត់ប្រហែលជាមានអារម្មណ៍ថានោះគឺពិបាកបាត់ទៅហើយ។ ស្រដៀងគ្នាដែរ បើអ្នកបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយត្រឡប់មកព្រះយេហូវ៉ាវិញ អ្នកប្រហែលជាមានអារម្មណ៍ថា អ្នកត្រូវខំប្រឹងយ៉ាងខ្លាំង ដើម្បីផ្សះផ្សាចំណងមិត្តភាពរបស់អ្នកជាមួយនឹងលោក។ ប៉ុន្តែ អ្នកអាចទទួលជំនួយបាន។ព្រះយេហូវ៉ាអញ្ជើញយើងថា៖ «សូមមក យើងនឹងសម្រុះសម្រួលគ្នា»។ (អេ. ១:១៨) ពេលអ្នកត្រឡប់មកឯព្រះយេហូវ៉ាវិញ អ្នកបានខំប្រឹង«សម្រុះសម្រួល»ជាមួយលោក។ ព្រះយេហូវ៉ាស្រឡាញ់អ្នក ដោយសារអ្នកបានខំប្រឹងធ្វើដូច្នេះ។ សូមគិត ដោយសារអ្នកបានត្រឡប់មកឯព្រះយេហូវ៉ាវិញ លោកអាចប្រើអ្នកជាគំរូដើម្បីបង្ហាញថាសាថានជាអ្នកកុហក!—សុភ. ២៧:១១
ដោយត្រឡប់មកព្រះយេហូវ៉ាវិញ អ្នកបានបង្ហាញថាអ្នកបានចូលកាន់តែជិតលោក ហើយលោកសន្យាថាលោកនឹងចូលមកជិតអ្នកផងដែរ។ (យ៉ា. ៤:៨) ជាការល្អដែលអ្នកឯទៀតឃើញថាអ្នកបានត្រឡប់មកក្រុមជំនុំវិញ តែអ្នកត្រូវធ្វើអ្វីទៀត។ តើនោះជាអ្វី? គឺអ្នកត្រូវបន្តបង្កើនសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា ដែលជាបិតានិងមិត្តសម្លាញ់របស់អ្នកឲ្យកាន់តែខ្លាំងឡើងៗ។ តើអ្នកអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
ចូរកំណត់គោលដៅដែលអ្នកអាចសម្រេចបាន
សូមព្យាយាមកំណត់គោលដៅដែលអ្នកអាចសម្រេចបាន។ អ្នកប្រហែលជានៅចាំសេចក្ដីបង្រៀនជាមូលដ្ឋានអំពីព្រះយេហូវ៉ា និងសេចក្ដីសន្យារបស់លោកអំពីថ្ងៃអនាគត។ ប៉ុន្តែឥឡូវនេះ អ្នកត្រូវមានទម្លាប់ល្អឡើងវិញក្នុងការគោរពប្រណិប័តន៍ព្រះ ដូចជាផ្សព្វផ្សាយជាទៀងទាត់ ចូលរួមកិច្ចប្រជុំ និងសេពគប់ជាមួយបងប្អូនរួមជំនឿជារឿយៗ។ ឥឡូវ សូមយើងពិចារណាអំពីគោលដៅមួយចំនួនដែលអ្នកអាចសម្រេចបាន។
សូមនិយាយទៅព្រះយេហូវ៉ាជារឿយៗ។ បិតារបស់អ្នកយល់ថា បើអ្នកបន្តបន្ទោសខ្លួន នេះអាចធ្វើឲ្យអ្នកពិបាកអធិដ្ឋានទៅលោក។ (រ៉ូម ៨:២៦) ដូច្នេះ«ចូរតស៊ូក្នុងការអធិដ្ឋាន» ដោយប្រាប់លោកថាអ្នកពិតជាចង់មានចំណងមិត្តភាពជាមួយលោក។ (រ៉ូម ១២:១២) បងប្រុសអាន់ទ្រេនឹកចាំថា៖ «ខ្ញុំមានអារម្មណ៍អៀនខ្មាសនិងបន្ទោសខ្លួនយ៉ាងខ្លាំង។ ប៉ុន្តែ រាល់ដងក្រោយពីខ្ញុំអធិដ្ឋានទៅព្រះយេហូវ៉ា ខ្ញុំមានអារម្មណ៍ធូរជាង និងមានសេចក្ដីសុខសាន្តក្នុងចិត្តច្រើនជាង»។ បើអ្នកមិនដឹងថាអ្នកគួរអធិដ្ឋានអំពីអ្វីទេ សូមគិតពិចារណាអំពីសេចក្ដីអធិដ្ឋានរបស់ស្ដេចដាវីឌនៅចម្រៀងសរសើរព្រះ បទទី៥១ និង៦៥ ដែលបង្ហាញអំពីការប្រែចិត្តរបស់គាត់។
ចូរសិក្សាគម្ពីរជារឿយៗ។ នេះនឹងជួយអ្នកឲ្យមានជំនឿរឹងមាំ ហើយសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ានឹងកាន់តែខ្លាំងឡើង។ (ចសព. ១៩:៧-១១) បងប្រុសហ្វេលេភេនិយាយថា៖ «ដោយសារពីមុន ខ្ញុំមិនមានទម្លាប់ល្អក្នុងការសិក្សាផ្ទាល់ខ្លួននិងការអានគម្ពីរ ជំនឿរបស់ខ្ញុំបានចុះខ្សោយទៅ ហើយក្រោយមកខ្ញុំបានធ្វើឲ្យព្រះយេហូវ៉ាឈឺចិត្ត។ ខ្ញុំមិនចង់ធ្វើខុសម្ដងទៀតទេ ដូច្នេះខ្ញុំធ្វើឲ្យប្រាកដថាខ្ញុំសិក្សាគម្ពីរផ្ទាល់ខ្លួនជារឿយៗ»។ អ្នកក៏អាចធ្វើដូចបងហ្វេលេភេដែរ។ បើអ្នកមិនដឹងថាគួរសិក្សាប្រធានបទណាខ្លះ អ្នកអាចសុំជំនួយពីមិត្តភក្តិណាម្នាក់ដែលមានភាពចាស់ទុំ។
ចូរព្យាយាមមានចំណងមិត្តភាពឡើងវិញជាមួយបងប្អូនរួមជំនឿ។ អ្នកខ្លះដែលត្រឡប់មកក្រុមជំនុំវិញបារម្ភថាអ្នកឯទៀតអាចគិតមិនល្អមកលើពួកគេ។ បងស្រីឡារិស្សាបានសារភាពថា៖ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាបានក្បត់បងប្អូនក្នុងក្រុមជំនុំ ដូច្នេះខ្ញុំមានអារម្មណ៍អៀនខ្មាសខ្លាំងណាស់ ហើយអារម្មណ៍នេះដក់ជាប់ក្នុងចិត្តខ្ញុំអស់រយៈពេលជាយូរ»។ ទោះជាអ្នកមានអារម្មណ៍យ៉ាងណាក្ដី សូមជឿជាក់ថាអ្នកចាស់ទុំនិងបងប្អូនឯទៀតដែលមានភាពចាស់ទុំ ចង់ជួយអ្នកឲ្យមានចំណងមិត្តភាពល្អឡើងវិញជាមួយព្រះយេហូវ៉ា។ (សូមមើលប្រអប់ដែលមានចំណងជើងថា « តើពួកអ្នកចាស់ទុំអាចធ្វើអ្វីខ្លះ?») ពួកគេសប្បាយចិត្តដែលអ្នកមកវិញ ហើយពួកគេក៏ចង់ឃើញអ្នកសប្បាយរីករាយដែរ!—សុភ. ១៧:១៧
តើអ្វីអាចជួយអ្នកឲ្យចូលកាន់តែជិតបងប្អូនក្នុងក្រុមជំនុំ? សូមទៅកិច្ចប្រជុំទាំងអស់ និងផ្សព្វផ្សាយជាមួយបងប្អូនជាទៀងទាត់។ តើនេះនឹងជួយអ្នកយ៉ាងដូចម្ដេច? បងប្រុសហ្វេលីចនិយាយថា៖ «បងប្អូនក្រុមជំនុំទន្ទឹងរង់ចាំឲ្យខ្ញុំត្រឡប់មកវិញ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំមានតម្លៃ។ ពួកគេទាំងអស់គ្នាបានជួយខ្ញុំឲ្យចូលក្រុមគ្រួសាររបស់ព្រះឡើងវិញ ជួយខ្ញុំមានអារម្មណ៍ថាខ្ញុំបានទទួលការអភ័យទោស ហើយជួយខ្ញុំឲ្យឈានទៅមុខ» (សូមមើលប្រអប់ដែលមានចំណងជើងថា« តើអ្នកអាចធ្វើអ្វីខ្លះ?»)។
សូមកុំឈប់ព្យាយាមឡើយ!
ពេលអ្នកផ្សះផ្សាចំណងមិត្តភាពរបស់អ្នកជាមួយព្រះយេហូវ៉ា សាថាននឹងបន្តព្យាយាមបណ្ដាលឲ្យមានបញ្ហាផ្សេងៗដើម្បីនាំឲ្យជំនឿរបស់អ្នកចុះខ្សោយទៅ។ (លូក. ៤:១៣) សូមត្រៀមខ្លួននៅឥឡូវនេះ ដោយពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយនឹងលោក។
ស្ដីអំពីចៀមរបស់លោក ព្រះយេហូវ៉ាសន្យាថា៖ «ចៀមណាដែលបាត់ ខ្ញុំនឹងស្វែងរក។ ចៀមណាដែលវង្វេង ខ្ញុំនឹងនាំត្រឡប់មកវិញ។ ចៀមណាដែលមានរបួស ខ្ញុំនឹងរុំរបួសឲ្យ។ ចៀមណាដែលខ្សោយ ខ្ញុំនឹងពង្រឹងកម្លាំង»។ (អេគ. ៣៤:១៦) ព្រះយេហូវ៉ាបានជួយបុគ្គលជាច្រើនឲ្យផ្សះផ្សាចំណងមិត្តភាពរបស់ពួកគេជាមួយលោក។ ដូច្នេះ ចូរជឿជាក់ថាលោកចង់ជួយអ្នកឲ្យបន្តពង្រឹងចំណងមិត្តភាពជាមួយលោក។
^ វគ្គ 4 ឈ្មោះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។