លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤២

ចូរកាន់ខ្ជាប់តាមសេចក្ដីពិតដោយជឿជាក់យ៉ាងមុតមាំ

ចូរកាន់ខ្ជាប់តាមសេចក្ដីពិតដោយជឿជាក់យ៉ាងមុតមាំ

​«​ចូរ​ពិចារណា​អ្វី​ៗ​ទាំង​អស់​ឲ្យ​ប្រាកដ​ថា​ត្រឹម​ត្រូវ ចូរ​កាន់​ខ្ជាប់​តាម​អ្វី​ៗ​ដែល​ប្រសើរ​»។—១ថែ. ៥:២១

ចម្រៀង​លេខ​១៤២ ចូរ​រក្សា​សេចក្ដី​សង្ឃឹម​ជា​និច្ច

សេចក្ដី​សង្ខេប *

១. ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​ភាន់​ច្រឡំ?

មាន​គ្រិស្ត​សាសនា​រាប់​ពាន់​និកាយ​ដែល​អះអាង​ថា​ពួក​គេ​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត។ នេះ​ជា​មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​ភាន់​ច្រឡំ! ពួក​គេ​សួរ​ថា​៖ ​«​តើ​មាន​សាសនា​ពិត​តែ​មួយ ឬ​តើ​សាសនា​ទាំង​អស់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត?​»។ តើ​យើង​ជឿ​ជាក់​យ៉ាង​មុត​មាំ​ក្នុង​ចិត្ត​ថា​អ្វី​ដែល​យើង​កំពុង​បង្រៀន​គឺ​ជា​សេចក្ដី​ពិត ហើយ​ថា​លំនាំ​នៃ​ការ​គោរព​ប្រណិប័តន៍​ដែល​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​តាម​នៅ​សព្វ​ថ្ងៃ​នេះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ឬ​ទេ? តើ​យើង​ពិត​ជា​អាច​មាន​ការ​ជឿ​ជាក់​បែប​នេះ​ឬ? សូម​យើង​ពិចារណា​អំពី​ទី​សំអាង​ខ្លះ។

២. យោង​ទៅ​តាម​ថែស្សាឡូនិច​ទី​១ ១:៥ ហេតុ​អ្វី​សាវ័ក​ប៉ូល​បាន​ជឿ​ជាក់​ថា​គាត់​មាន​សេចក្ដី​ពិត?

សាវ័ក​ប៉ូល​បាន​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​គាត់​មាន​សេចក្ដី​ពិត។ (​សូម​អាន ថែស្សាឡូនិច​ទី​១ ១:៥) ការ​ជឿ​ជាក់​នោះ​មិន​មែន​ដោយ​សារ​អារម្មណ៍​ទេ។ ផ្ទុយ​ទៅ​វិញ ប៉ូល​បាន​សិក្សា​បណ្ដាំ​របស់​ព្រះ​យ៉ាង​ដិត​ដល់។ គាត់​បាន​ជឿ​ថា​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​»។ (​២ធី. ៣:១៦​) តើ​គាត់​បាន​រៀន​អ្វី​ខ្លះ? ក្នុង​បទ​គម្ពីរ ប៉ូល​បាន​រក​ឃើញ​ភ័ស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន​ថា លោក​យេស៊ូ​គឺ​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា ជា​ភ័ស្តុតាង​ដែល​ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា​មិន​ព្រម​អើពើ។ មនុស្ស​លាក់​ពុត​ទាំង​នោះ​បាន​អះអាង​ថា ពួក​គេ​ជា​តំណាង​ព្រះ តែ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​បង្ហាញ​ថា​ពួក​គេ​មិន​ទទួល​ស្គាល់​ព្រះ​ទេ។ (​ទីត. ១:១៦​) ប៉ូល​មិន​ដូច​ពួក​បុរស​ទាំង​នោះ​ទេ។ គាត់​មិន​បាន​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​គាត់​ចង់​ជឿ​និង​អ្វី​ដែល​គាត់​មិន​ចង់​ជឿ​ពី​បណ្ដាំ​របស់​ព្រះ​ឡើយ។ គាត់​ប្រុង​ប្រៀប​បង្រៀន​និង​ធ្វើ​តាម​‹ឱវាទ​ទាំង​អស់​របស់​ព្រះ›។—សកម្ម. ២០:២៧

៣. ដើម្បី​មាន​ការ​ជឿ​ជាក់​យ៉ាង​មុត​មាំ តើ​យើង​ត្រូវ​ស្គាល់​ចម្លើយ​ចំពោះ​សំណួរ​ទាំង​អស់​ឬ​ទេ? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ យើង​‹រៀប​រាប់​មិន​អស់›​អំពី​ស្នា​ដៃ​និង​គំនិត​របស់​ព្រះ​យេហូវ៉ា​»​)

អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​សាសនា​ពិត​គួរ​តែ​ចេះ​ឆ្លើយ​រាល់​សំណួរ​ទាំង​អស់ ថែម​ទាំង​សំណួរ​ដែល​មិន​មាន​ចម្លើយ​ក្នុង​គម្ពីរ​ផង​ដែរ។ តើ​នេះ​សម​ហេតុ​ផល​ឬ​ទេ? សូម​គិត​អំពី​គំរូ​របស់​ប៉ូល។ គាត់​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ឲ្យ​«​ពិចារណា​អ្វី​ៗ​ទាំង​អស់​ឲ្យ​ប្រាកដ​ថា​ត្រឹម​ត្រូវ​»​ ប៉ុន្តែ​គាត់​ក៏​បាន​សារភាព​ថា​មាន​អ្វី​ជា​ច្រើន​ដែល​គាត់​មិន​យល់។ (​១ថែ. ៥:២១​) គាត់​បាន​សរសេរ​ថា​៖ ​«​ចំណេះ​របស់​យើង​គឺ​មិន​ទាន់​សព្វ​គ្រប់​»។ គាត់​ក៏​បាន​បន្ត​ទៀត​ថា​៖ ​«​យើង​មើល​ឃើញ​ស្រពិល​ៗ​ដូច​មើល​ក្នុង​ដែក​ឆ្លុះ​មុខ​»។ (​១កូ. ១៣:៩, ១២​) ប៉ូល​មិន​បាន​យល់​អ្វី​ៗ​ទាំង​អស់​ទេ ហើយ​យើង​ក៏​ដូច​គ្នា​ដែរ។ ប៉ុន្តែ ប៉ូល​បាន​យល់​សេចក្ដី​ពិត​សំខាន់​ៗ​អំពី​ព្រះ​យេហូវ៉ា។ គាត់​ដឹង​ព័ត៌មាន​គ្រប់​គ្រាន់​ដើម្បី​ជឿ​ជាក់​ថា​គាត់​មាន​សេចក្ដី​ពិត។

៤. តើ​យើង​អាច​ពង្រឹង​ការ​ជឿ​ជាក់​របស់​យើង​ថា​យើង​បាន​រក​ឃើញ​សេចក្ដី​ពិត​តាម​របៀប​ណា ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​អំពី​គ្រិស្ត​សាសនិក​ពិត?

របៀប​មួយ​ដែល​យើង​អាច​ពង្រឹង​ការ​ជឿ​ជាក់​របស់​យើង​ថា​យើង​បាន​រក​ឃើញ​សេចក្ដី​ពិត គឺ​ដោយ​ប្រៀប​ធៀប​លំនាំ​នៃ​ការ​គោរព​ប្រណិប័តន៍​ដែល​លោក​យេស៊ូ​បាន​ទុក​ឲ្យ ទៅ​នឹង​របៀប​ដែល​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​គោរព​ប្រណិប័តន៍​នៅ​សព្វ​ថ្ងៃ​នេះ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ឃើញ​ថា​គ្រិស្ត​សាសនិក​ពិត (​១​)​មិន​គោរព​បូជា​រូប​ព្រះ (​២​)​គោរព​នាម​របស់​ព្រះ​យេហូវ៉ា (​៣​)​ស្រឡាញ់​សេចក្ដី​ពិត និង​(​៤​)​ស្រឡាញ់​គ្នា​យ៉ាង​ខ្លាំង។

យើង​មិន​គោរព​បូជា​រូប​ព្រះ

៥. តើ​យើង​រៀន​អ្វី​ពី​លោក​យេស៊ូ​អំពី​របៀប​ត្រឹម​ត្រូវ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ ហើយ​តើ​យើង​អាច​ធ្វើ​តាម​អ្វី​ដែល​លោក​បាន​បង្រៀន​យ៉ាង​ដូច​ម្ដេច?

ដោយ​សារ​លោក​យេស៊ូ​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង លោក​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ ទាំង​ពេល​លោក​នៅ​ស្ថាន​សួគ៌ ទាំង​ពេល​លោក​នៅ​ផែនដី។ (​លូក. ៤:៨​) លោក​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ ទាំង​លោក​យេស៊ូ ទាំង​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក មិន​ដែល​ប្រើ​រូប​ព្រះ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ឡើយ។ យើង​មើល​ព្រះ​មិន​ឃើញ ដូច្នេះ​គ្មាន​អ្នក​ណា​អាច​ធ្វើ​អ្វី​ដែល​មើល​ទៅ​ឲ្យ​ដូច​លោក​បាន​ទេ! (​អេ. ៤៦:៥​) ប៉ុន្តែ ចុះ​យ៉ាង​ណា ការ​ធ្វើ​រូប​របស់​ពួក​អ្នក​ដែល​គេ​ហៅ​ថា​អ្នក​បរិសុទ្ធ ហើយ​អធិដ្ឋាន​ទៅ​រូប​ទាំង​នោះ? ក្នុង​បញ្ញត្ដិ​ទី​២​នៃ​បញ្ញត្ដិ​ទាំង​១០​ប្រការ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឆ្លាក់​រូប​ណា​មួយ ឬ​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​មាន​រាង​ដូច​អ្វី​នៅ​លើ​មេឃ [​ឬ​]​នៅ​ផែនដី... ឡើយ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ក្រាប​គោរព... រូប​ទាំង​នោះ​ឡើយ​»។ (​ដច. ២០:៤, ៥​) ពាក្យ​ទាំង​នោះ​គឺ​ច្បាស់​ចំពោះ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។

៦. នៅ​សព្វ​ថ្ងៃ​នេះ តើ​សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​តាម​លំនាំ​អ្វី​នៃ​ការ​គោរព​ប្រណិប័តន៍?

ប្រវត្តិ​វិទូ​បាន​ទទួល​ស្គាល់​ថា​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ។ ជា​ឧទាហរណ៍ សៀវ​ភៅ​ប្រវត្តិសាស្ត្រ​មួយ​ចែង​ថា គ្រិស្ត​សាសនិក​ទាំង​នោះ​«​ស្អប់​ខ្ពើម​»​ការ​ប្រើ​រូប​ព្រះ​ក្នុង​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ។ (​History of the Christian Church​) សព្វ​ថ្ងៃ​នេះ សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​តាម​លំនាំ​របស់​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១។ យើង​មិន​អធិដ្ឋាន​ទៅ​រូប​អ្នក​បរិសុទ្ធ​ឬ​ពួក​ទេវតា ហើយ​យើង​ថែម​ទាំង​មិន​អធិដ្ឋាន​ទៅ​លោក​យេស៊ូ​ផង​ដែរ។ ម្យ៉ាង​ទៀត យើង​មិន​គោរព​ទង់​ជាតិ ឬ​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​ហាក់​ដូច​ជា​គោរព​ប្រណិប័តន៍​រដ្ឋាភិបាល​ឡើយ។ ទោះ​ជា​អ្នក​ណា​ព្យាយាម​ឲ្យ​យើង​ធ្វើ​អ្វី​ក្ដី យើង​តាំង​ចិត្ត​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​គឺ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​អ្នក​ត្រូវ​គោរព​ប្រណិប័តន៍​»។—ម៉ាថ. ៤:១០

៧. តើ​សាក្សី​ព្រះ​យេហូវ៉ា​ខុស​គ្នា​យ៉ាង​ណា​ពី​សាសនា​ឯ​ទៀត​ទាំង​អស់?

សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ធ្វើ​តាម​ពួក​អ្នក​ដឹក​នាំ​វិហារ​ដ៏​ល្បី​ល្បាញ។ ពួក​គេ​កោត​ស្ងើច​ពួក​អ្នក​ដឹក​នាំ​ទាំង​នេះ​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ពួក​គេ​ស្ទើរ​តែ​គោរព​ប្រណិប័តន៍​បុគ្គល​ទាំង​នោះ។ មនុស្ស​ជា​ច្រើន​ទៅ​វិហារ ទិញ​សៀវ​ភៅ​របស់​ពួក​អ្នក​ដឹក​នាំ​ទាំង​នោះ និង​ដាក់​វិភាគទាន​ច្រើន​ដើម្បី​លើក​ស្ទួយ​កិច្ច​ការ​របស់​ពួក​គេ។ មនុស្ស​ខ្លះ​កោត​ស្ងើច​និង​ជឿ​គ្រប់​ពាក្យ​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ ហាក់​ដូច​ជា​ពួក​គេ​បាន​ជួប​លោក​យេស៊ូ​ដោយ​ផ្ទាល់! ផ្ទុយ​ទៅ​វិញ អ្នក​គោរព​ប្រណិប័តន៍​ពិត​របស់​ព្រះ​យេហូវ៉ា​គ្មាន​បព្វជិត​ទេ។ ទោះ​ជា​យើង​គោរព​ពួក​អ្នក​នាំ​មុខ​ក្ដី យើង​ធ្វើ​តាម​សេចក្ដី​បង្រៀន​ដ៏​ច្បាស់​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា​»។ (​ម៉ាថ. ២៣:៨​-​១០​) យើង​មិន​គោរព​ប្រណិប័តន៍​មនុស្ស​ទេ មិន​ថា​ពួក​គេ​ជា​អ្នក​ដឹក​នាំ​សាសនា ឬ​អ្នក​នយោបាយ​ក្ដី។ ម្យ៉ាង​ទៀត យើង​មិន​គាំទ្រ​គោល​ដៅ​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា ឬ​គោល​នយោបាយ​របស់​ពួក​អ្នក​ដឹក​នាំ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​រក្សា​អព្យាក្រឹតភាព និង​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​នេះ​ឡើយ។ ក្នុង​ករណី​ទាំង​នេះ យើង​ខុស​ពី​និកាយ​ជា​ច្រើន​ដែល​អះអាង​ថា​ពួក​គេ​កាន់​គ្រិស្ត​សាសនា។—យ៉ូន. ១៨:៣៦

យើង​គោរព​នាម​របស់​ព្រះ​យេហូវ៉ា

គ្រិស្ត​សាសនិក​ពិត​មាន​មោទនភាព​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​៨​-​១០​) *

៨. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​លើក​តម្កើង​នាម​របស់​លោក និង​ប្រាប់​នាម​លោក​ដល់​បុគ្គល​គ្រប់​រូប?

នៅ​ពេល​មួយ លោក​យេស៊ូ​បាន​អធិដ្ឋាន​ថា​៖ ​«​បិតា​អើយ សូម​លើក​តម្កើង​នាម​របស់​លោក​»។ ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​នោះ​យ៉ាង​ឮ​ៗ​ពី​លើ​មេឃ ដោយ​សន្យា​ថា​លោក​នឹង​លើក​តម្កើង​នាម​របស់​លោក។ (​យ៉ូន. ១២:២៨​) ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ លោក​បាន​លើក​តម្កើង​នាម​របស់​បិតា​លោក។ (​យ៉ូន. ១៧:២៦​) ដូច្នេះ គ្រិស្ត​សាសនិក​ពិត​យល់​ថា​ការ​ប្រើ​នាម​របស់​ព្រះ​និង​ប្រាប់​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​នាម​នោះ​គឺ​ជា​ឯកសិទ្ធិ។

៩. តើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​គោរព​នាម​ព្រះ?

នៅ​សតវត្សរ៍​ទី​១ គ.ស. មិន​យូរ​ក្រោយ​ពី​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​ស្ថាបនា​ឡើង ព្រះ​យេហូវ៉ា​«​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ជា​លើក​ដំបូង​ទៅ​លើ​ប្រជា​ជាតិ​នានា ដើម្បី​ជ្រើស​រើស​រាស្ដ្រ​មួយ​ជា​តំណាង​នាម​របស់​លោក​»។ (​សកម្ម. ១៥:១៤​) គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ទាំង​នោះ មាន​មោទនភាព​ប្រើ​នាម​របស់​ព្រះ និង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​នាម​នោះ។ ពួក​គេ​បាន​ប្រើ​នាម​លោក​ក្នុង​កិច្ច​បម្រើ​ផ្សាយ និង​ក្នុង​សំណេរ​របស់​ពួក​គេ។ * យ៉ាង​នេះ ពួក​គេ​បាន​បង្ហាញ​ថា​ពួក​គេ​គឺ​ជា​រាស្ត្រ​តែ​មួយ​ដែល​ជា​តំណាង​នាម​លោក។—សកម្ម. ២:​១៤, ២១

១០. តើ​មាន​ភ័ស្តុតាង​អ្វី​ដែល​បង្ហាញ​ថា​សាក្សី​ព្រះ​យេហូវ៉ា​គឺ​ជា​រាស្ត្រ​មួយ​ជា​តំណាង​នាម​ព្រះ​យេហូវ៉ា?

១០ តើ​សាក្សី​ព្រះ​យេហូវ៉ា​គឺ​ជា​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? សូម​ពិចារណា​អំពី​ភ័ស្តុតាង។ សព្វថ្ងៃនេះ ពួក​អ្នក​ដឹក​នាំ​សាសនា​ជា​ច្រើន​បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បីបិទ​បាំង​នាម​ព្រះ។ ពួក​គេ​បាន​ដក​នាម​ព្រះ​ចេញ​ពី​សេចក្ដី​បក​ប្រែ​គម្ពីរ​របស់​ពួក​គេ ហើយ​ក្នុង​ករណី​ខ្លះ​បាន​ហាម​មិន​ឲ្យ​ប្រើ​នាម​ព្រះ​ក្នុង​កម្ម​វិធី​សាសនា។ * យើង​ឃើញ​ច្បាស់​ថា​មាន​តែ​សាក្សី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​គោរព​នាម​ព្រះ​យ៉ាង​ត្រឹម​ត្រូវ។ យើង​កំពុង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​នាម​របស់​លោក​ច្រើន​ជាង​សាសនា​ណា​ទាំង​អស់! យ៉ាង​នេះ យើង​កំពុង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រស់​នៅ​ស្រប​តាម​ឈ្មោះ​របស់​យើង ពោល​គឺ​សាក្សី​ព្រះ​យេហូវ៉ា។ (​អេ. ៤៣:១០​-​១២​) យើង​បាន​បោះ​ពុម្ព​គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ជាង​២៤០​លាន​ក្បាល ដែល​ដាក់​បញ្ចូល​នាម​របស់​ព្រះ​យេហូវ៉ា​នៅ​កន្លែង​ដែល​អ្នក​បក​ប្រែ​គម្ពីរ​ឯ​ទៀត​បាន​ដក​ចេញ។ មួយ​វិញ​ទៀត យើង​បោះ​ពុម្ព​សៀវ​ភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដែល​ប្រើ​នាម​របស់​ព្រះ​យេហូវ៉ា ជាង​១.០០០​ភាសា!

យើង​ស្រឡាញ់​សេចក្ដី​ពិត

១១. តើ​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​បាន​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​ស្រឡាញ់​សេចក្ដី​ពិត?

១១ លោក​យេស៊ូ​ស្រឡាញ់​សេចក្ដី​ពិត ពោល​គឺ​សេចក្ដី​ពិត​អំពី​ព្រះ​និង​គោល​បំណង​របស់​លោក។ លោក​យេស៊ូ​រស់​នៅ​ស្រប​តាម​សេចក្ដី​ពិត ហើយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​នោះ។ (​យ៉ូន. ១៨:៣៧​) អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ​នៅ​សម័យ​ដើម​ក៏​ស្រឡាញ់​សេចក្ដី​ពិត​យ៉ាង​ជ្រាល​ជ្រៅ​ដែរ។ (​យ៉ូន. ៤:២៣, ២៤​) តាម​ការ​ពិត សាវ័ក​ពេត្រុស​បាន​ហៅ​គ្រិស្ត​សាសនា​ថា​«​មាគ៌ា​នៃ​សេចក្ដី​ពិត​»។ (​២ពេ. ២:២​) ដោយ​សារ​គ្រិស្ត​សាសនិក​ទាំង​នោះ​ស្រឡាញ់​សេចក្ដី​ពិត​យ៉ាង​ខ្លាំង ពួក​គេ​មិន​ទទួល​យក​គំនិត​សាសនា វប្បធម៌ និង​ទស្សនៈ​ដែល​មិន​សម​ស្រប​តាម​សេចក្ដី​ពិត​ឡើយ។ (​កូឡ. ២:៨​) ដូច​គ្នា​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ពិត​ព្យាយាម​«​បន្ត​រស់​នៅ​ស្រប​តាម​សេចក្ដី​ពិត​»​ ដោយ​យក​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ជា​មូលដ្ឋាន​សម្រាប់​របៀប​រស់​នៅ​និង​ជំនឿ​ទាំង​អស់​របស់​ពួក​គេ។—៣យ៉ូន. ៣, ៤

១២. តើ​មាន​អ្វី​កើត​ឡើង​ពេល​ពួក​អ្នក​នាំ​មុខ​ក្នុង​អង្គការ​របស់​ព្រះ​ទទួល​ស្គាល់​ថា​ការ​យល់​ដឹង​របស់​យើង​ត្រូវ​ការ​កែ​តម្រូវ ហើយ​ហេតុ​អ្វី​ពួក​គេ​ធ្វើ​ការ​កែ​ប្រែ​ទាំង​នោះ?

១២ រាស្ត្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ​មិន​អះអាង​ថា​ពួក​គេ​មាន​ចំណេះ​សព្វ​គ្រប់​អំពី​សេចក្ដី​ពិត​ទេ។ ជួន​កាល ពួក​គេ​មាន​កំហុស​ក្នុង​ការ​ពន្យល់​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ ឬ​របៀប​ដែល​ក្រុម​ជំនុំ​បាន​ត្រូវ​រៀបចំ​ឡើង។ នោះ​មិន​គួរ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ឡើយ។ គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ចំណេះ​ត្រឹម​ត្រូវ​កាន់​តែ​ច្រើន​ឡើង​ៗ​តាម​ពេល​វេលា។ (​កូឡ. ១:៩, ១០​) ព្រះ​យេហូវ៉ា​បើក​បង្ហាញ​សេចក្ដី​ពិត​បន្តិច​ម្ដង​ៗ ដូច្នេះ​យើង​ត្រូវ​សុខ​ចិត្ត​រង់​ចាំ​ដោយ​អត់​ធ្មត់​ឲ្យ​ពន្លឺ​នៃ​សេចក្ដី​ពិត​កាន់​តែ​ភ្លឺ​ឡើង។ (​សុភ. ៤:១៨​) ពេល​ពួក​អ្នក​នាំ​មុខ​ក្នុង​អង្គការ​របស់​ព្រះ​ទទួល​ស្គាល់​ថា​ការ​យល់​ដឹង​របស់​យើង​អំពី​សេចក្ដី​បង្រៀន​ណា​មួយ​ត្រូវ​ការ​កែ​តម្រូវ ពួក​គេ​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​ការ​កែ​តម្រូវ​ទេ។ និកាយ​ជា​ច្រើន​នៃ​ពិភព​គ្រិស្ត​សាសនា​នៅ​សព្វ​ថ្ងៃ​នេះ កែ​ប្រែ​សេចក្ដី​បង្រៀន​របស់​ពួក​គេ​ដើម្បី​ផ្គាប់​ចិត្ត​សមាជិក ឬ​ឲ្យ​ទាន់​ការ​ពេញ​និយម​ក្នុង​ពិភព​លោក។ ផ្ទុយ​ទៅ​វិញ សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​ការ​កែ​ប្រែ​សេចក្ដី​បង្រៀន​ដើម្បី​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ និង​ធ្វើ​តាម​លំនាំ​នៃ​ការ​គោរព​ប្រណិប័តន៍​ដែល​លោក​យេស៊ូ​បាន​ទុក​ឲ្យ។ (​យ៉ា. ៤:៤​) ការ​ផ្លាស់​ប្ដូរ​ដែល​ធ្វើ​ឡើង មិន​មែន​ដោយ​សារ​ការ​ប្រែ​ប្រួល​នៃ​ទស្សនៈ​របស់​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ទេ តែ​ដោយ​សារ​យើង​យល់​គម្ពីរ​ច្បាស់​ជាង។ នេះ​បង្ហាញ​ថា យើង​ស្រឡាញ់​សេចក្ដី​ពិត!—១ថែ. ២:៣, ៤

យើង​ស្រឡាញ់​គ្នា​យ៉ាង​ខ្លាំង

១៣. តើ​គ្រិស្ត​សាសនិក​ពិត​បង្ហាញ​គុណ​សម្បត្តិ​ដ៏​សំខាន់​បំផុត​អ្វី ហើយ​នៅ​សព្វ​ថ្ងៃ​នេះ តើ​សាក្សី​ព្រះ​យេហូវ៉ា​បង្ហាញ​គុណ​សម្បត្តិ​នេះ​យ៉ាង​ដូច​ម្ដេច?

១៣ គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ បាន​ត្រូវ​គេ​ស្គាល់​ដោយ​ព្រោះ​គុណ​សម្បត្តិ​ជា​ច្រើន​ដែល​ពួក​គេ​បាន​បង្ហាញ តែ​អ្វី​ដែល​គេ​កត់​សម្គាល់​ខ្លាំង​បំផុត​គឺ​សេចក្ដី​ស្រឡាញ់។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។ (​យ៉ូន. ១៣:៣៤, ៣៥​) សព្វ​ថ្ងៃ​នេះ សាក្សី​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​និង​សាមគ្គីភាព​នៅ​ទូទាំង​ពិភព​លោក។ យើង​ខុស​ពី​សាសនា​ណា​ទាំង​អស់ ដោយ​សារ​យើង​ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ​មួយ ទោះ​ជា​យើង​មក​ពី​ប្រទេស​ផ្សេង​ៗ និង​មាន​វប្បធម៌​ខុស​ៗ​គ្នា​ក៏​ដោយ។ យើង​ឃើញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​នេះ​នៅ​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត​របស់​យើង។ ភ័ស្តុតាង​នេះ​ពង្រឹង​ការ​ជឿ​ជាក់​របស់​យើង​ថា របៀប​គោរព​ប្រណិប័តន៍​របស់​យើង​គឺ​ជា​របៀប​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

១៤. យោង​ទៅ​តាម​កូឡុស ៣:១២​-​១៤ តើ​អ្វី​ជា​របៀប​ដ៏​សំខាន់​មួយ​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ខ្លាំង?

១៤ បទ​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ខ្លាំង​»។ (​១ពេ. ៤:៨​) របៀប​មួយ​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ គឺ​ដោយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ទ្រាំ​ទ្រ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​គ្នា។ ម្យ៉ាង​ទៀត យើង​ស្វែង​រក​ឱកាស​ដើម្បី​បង្ហាញ​ចិត្ត​ទូលាយ និង​ទទួល​បុគ្គល​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​ដោយ​រាក់​ទាក់ សូម្បី​តែ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត ក៏​យើង​ធ្វើ​ដូច្នេះ​ចំពោះ​ពួក​គេ​ដែរ។ (​សូម​អាន កូឡុស ៣:១២​-​១៤) ពេល​យើង​មាន​សេចក្ដី​ស្រឡាញ់​បែប​នេះ យើង​បង្ហាញ​ថា​យើង​ជា​គ្រិស្ត​សាសនិក​ពិត។

​«​ជំនឿ​តែ​មួយ​»​

១៥. តើ​យើង​ធ្វើ​តាម​លំនាំ​នៃ​ការ​គោរព​ប្រណិប័តន៍​ដែល​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​ទុក​ឲ្យ​តាម​របៀប​ណា​ខ្លះ​ទៀត?

១៥ យើង​ធ្វើ​តាម​លំនាំ​នៃ​ការ​គោរព​ប្រណិប័តន៍​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​ធ្វើ តាម​របៀប​ផ្សេង​ទៀត​ដែរ។ ជា​ឧទាហរណ៍ របៀប​រៀបចំ​ក្នុង​អង្គការ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ ឆ្លុះ​បញ្ចាំង​អំពី​របៀប​រៀបចំ​របស់​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ដែល​រួម​បញ្ចូល​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ អ្នក​ចាស់​ទុំ និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ (​ភី. ១:១; ទីត. ១:៥​) ម្យ៉ាង​ទៀត​ដូច​ពួក​គេ យើង​គោរព​ច្បាប់​របស់​ព្រះ​យេហូវ៉ា​អំពី​ការ​រួម​ភេទ​និង​អាពាហ៍ពិពាហ៍ ព្រម​ទាំង​អ្វី​ដែល​ព្រះ​មាន​ប្រសាសន៍​អំពី​ការ​ប្រើ​ឈាម ហើយ​យើង​ការ​ពារ​ក្រុម​ជំនុំ​ពី​ពួក​អ្នក​ដែល​មិន​ចង់​ធ្វើ​តាម​ច្បាប់​របស់​ព្រះ។—សកម្ម. ១៥:២៨, ២៩; ១កូ. ៥:១១​-​១៣; ៦:៩, ១០; ហេ. ១៣:៤

១៦. តើ​យើង​រៀន​អ្វី​ពី​អេភេសូរ ៤:៤​-​៦?

១៦ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា មនុស្ស​ជា​ច្រើន​នឹង​អះអាង​ថា​ពួក​គេ​ជា​អ្នក​កាន់​តាម​លោក ប៉ុន្តែ​មិន​មែន​ពួក​គេ​ទាំង​អស់​ជា​អ្នក​កាន់​តាម​ពិត​ទេ។ (​ម៉ាថ. ៧:២១​-​២៣​) បទ​គម្ពីរ​ក៏​ប្រាប់​យើង​ដែរ​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់​មនុស្ស​ជា​ច្រើន​នឹង​«​ធ្វើ​ឫកពា​ជា​មនុស្ស​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​»​ តែ​តាម​ពិត​ពួក​គេ​គ្មាន​ចិត្ត​ស្មោះ​ទេ។ (​២ធី. ៣:១,​) គម្ពីរ​ប្រាប់​យើង​យ៉ាង​ច្បាស់​ថា​មាន​«​ជំនឿ​តែ​មួយ​»​ដែល​ព្រះ​ពេញ​ចិត្ត។—សូម​អាន អេភេសូរ ៤:៤​-​៦

១៧. តើ​អ្នក​ណា​កំពុង​កាន់​តាម​លោក​យេស៊ូ និង​បង្ហាញ​ជំនឿ​ពិត​តែ​មួយ​នៅ​សព្វ​ថ្ងៃ​នេះ?

១៧ តើ​អ្នក​ណា​ជា​អ្នក​កាន់​សាសនា​ពិត​តែ​មួយ​គត់​នៅ​សព្វ​ថ្ងៃ​នេះ? យើង​បាន​ពិនិត្យ​ពិចារណា​អំពី​ភ័ស្តុតាង​រួច​ហើយ។ យើង​ក៏​បាន​ពិនិត្យ​មើល​លំនាំ​នៃ​ការ​គោរព​ប្រណិប័តន៍​ដែល​លោក​យេស៊ូ​បាន​បង្រៀន និង​ដែល​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​ធ្វើ។ ដូច្នេះ ចម្លើយ​មាន​តែ​មួយ​គត់​គឺ​សាក្សី​ព្រះ​យេហូវ៉ា។ យើង​មាន​ឯកសិទ្ធិ​នៅ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ស្គាល់​សេចក្ដី​ពិត​អំពី​លោក​និង​គោល​បំណង​របស់​លោក! សូម​យើង​បន្ត​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត ដោយ​មាន​ការ​ជឿ​ជាក់​យ៉ាង​មុត​មាំ។

ចម្រៀង​លេខ​៣ ព្រះ​ជា​កម្លាំង ជា​សេចក្ដី​សង្ឃឹម និង​ជា​ទី​ពឹង​របស់​យើង

^ វគ្គ 5 ក្នុង​អត្ថបទ​នេះ​យើង​នឹង​មើល​លំនាំ​នៃ​ការ​គោរព​ប្រណិប័តន៍​ដែល​លោក​យេស៊ូ​បាន​ទុក​ឲ្យ ហើយ​ពិចារណា​អំពី​របៀប​ដែល​អ្នក​កាន់​តាម​លោក​នៅ​សតវត្សរ៍​ទី​១​បាន​ធ្វើ​តាម​លំនាំ​នោះ។ យើង​ក៏​នឹង​ផ្ដល់​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​តាម​លំនាំ​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត​នោះ​នៅ​សព្វ​ថ្ងៃ​នេះ។

^ វគ្គ 9 សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​តើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ប្រើ​នាម​របស់​ព្រះ​ឬ​ទេ?​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១០ ទំព័រ​៦។

^ វគ្គ 10 ជា​ឧទាហរណ៍ នៅ​ឆ្នាំ​២០០៨​សម្ដេច​ប៉ាប​បេណេឌិច​ទី​១៦​បាន​បង្គាប់​ថា សាសនា​កាតូលិក​«​មិន​គួរ​ប្រើ​»​នាម​របស់​ព្រះ​ក្នុង​កម្ម​វិធី​សាសនា បទ​ចម្រៀង ឬ​សេចក្ដី​អធិដ្ឋាន​ឡើយ។

^ វគ្គ 63 ការ​ពណ៌នា​អំពី​រូប​ភាព: អង្គការ​ព្រះ​យេហូវ៉ា​បាន​ចេញ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជាង​២០០​ភាសា ដើម្បី​មនុស្ស​អាច​អាន​គម្ពីរ​ដែល​មាន​នាម​របស់​ព្រះ​ជា​ភាសា​កំណើត​របស់​ពួក​គេ។