លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤០

តើការប្រែចិត្តដ៏ស្មោះមានន័យយ៉ាងណា?

តើការប្រែចិត្តដ៏ស្មោះមានន័យយ៉ាងណា?

​«​ខ្ញុំ... បាន​មក​ដើម្បី​ហៅ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ប្រែ​ចិត្ត​»។—លូក. ៥:៣២

ចម្រៀង​លេខ​៣៦ យើង​ការ​ពារ​ចិត្ត

សេចក្ដី​សង្ខេប *

១​-​២. តើ​ស្ដេច​ពីរ​រូប​ខុស​គ្នា​ត្រង់​ណា ហើយ​តើ​យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ?

សូម​យើង​ពិចារណា​អំពី​ស្ដេច​ពីរ​រូប​នៅ​សម័យ​បុរាណ។ ស្ដេច​មួយ​រូប​បាន​គ្រប់​គ្រង​លើ​កុលសម្ព័ន្ធ​១០​នៃ​រាជាណាចក្រ​អ៊ីស្រាអែល។ ស្ដេច​មួយ​រូប​ទៀត​បាន​គ្រប់​គ្រង​លើ​កុលសម្ព័ន្ធ​ពីរ​នៃ​រាជាណាចក្រ​យូដា។ ទោះ​ជា​ពួក​គាត់​រស់​នៅ​សម័យ​កាល​ខុស​គ្នា​ក្ដី ពួក​គាត់​បាន​ធ្វើ​អ្វី​ជា​ច្រើន​ដែល​ស្រដៀង​គ្នា។ ស្ដេច​ទាំង​ពីរ​រូប​បាន​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា ហើយ​បាន​បង្ខូច​រាស្ត្រ​របស់​លោក។ ពួក​គាត់​ទាំង​ពីរ​នាក់​បាន​គោរព​បូជា​រូប​ព្រះ ហើយ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម។ ប៉ុន្តែ មាន​ភាព​ខុស​គ្នា​រវាង​បុរស​ទាំង​ពីរ​នាក់​នេះ។ បុរស​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ពេញ​មួយ​ជីវិត ប៉ុន្តែ​បុរស​ម្នាក់​ទៀត​បាន​ប្រែ​ចិត្ត ហើយ​បាន​ទទួល​ការ​អភ័យ​ទោស​ចំពោះ​អំពើ​អាក្រក់​របស់​គាត់។ តើ​ស្ដេច​ទាំង​ពីរ​រូប​នេះ​ជា​អ្នក​ណា?

ពួក​គាត់​គឺ​អាហាប់​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល និង​ម៉ាណាសេ​ជា​ស្ដេច​ស្រុក​យូដា។ ភាព​ខុស​គ្នា​រវាង​បុរស​ទាំង​ពីរ​នាក់​នេះ​អាច​បង្រៀន​យើង​អំពី​រឿង​ដ៏​សំខាន់​ណាស់ ពោល​គឺ​ការ​ប្រែ​ចិត្ត។ (​សកម្ម. ១៧:៣០; រ៉ូម ៣:២៣​) តើ​ការ​ប្រែ​ចិត្ត​គឺ​ជា​អ្វី ហើយ​តើ​យើង​បង្ហាញ​ថា​យើង​ប្រែ​ចិត្ត​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​ដឹង ដោយ​សារ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង បើ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ដើម្បី​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ យើង​នឹង​ពិចារណា​អំពី​ជីវិត​របស់​ស្ដេច​ទាំង​ពីរ​រូប​នេះ ហើយ​ទាញ​មេ​រៀន​ពី​គំរូ​របស់​ពួក​គាត់។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​អំពី​ការ​ប្រែ​ចិត្ត។

អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​ស្ដេច​អាហាប់

៣. តើ​អាហាប់​ជា​ស្ដេច​បែប​ណា?

អាហាប់​ជា​ស្ដេច​ទី​៧​លើ​កុលសម្ព័ន្ធ​១០​នៃ​រាជាណាចក្រ​អ៊ីស្រាអែល។ គាត់​បាន​រៀប​ការ​ជា​មួយ​យេសិបិល​ដែល​ជា​កូន​ស្រី​របស់​ស្ដេច​ស៊ីដូន ដែល​ជា​ប្រជា​ជាតិ​អ្នក​មាន​នៅ​ភាគ​ខាង​ជើង​ស្រុក​អ៊ីស្រាអែល។ ចំណង​អាពាហ៍ពិពាហ៍​នោះ​ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​ស្រុក​អ៊ីស្រាអែល​មាន​បាន។ ប៉ុន្តែ នោះ​ក៏​បាន​បង្ខូច​ចំណង​មិត្តភាព​របស់​ប្រជា​ជាតិ​អ៊ីស្រាអែល​ជា​មួយ​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ដែរ។ យេសិបិល​ជា​អ្នក​គោរព​បូជា​ព្រះ​បាល។ នាង​បាន​បញ្ចុះ​បញ្ចូល​អាហាប់​ឲ្យ​លើក​ស្ទួយ​សាសនា​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​នោះ ដែល​រួម​បញ្ចូល​ការ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ហើយ​ថែម​ទាំង​ការ​ដុត​កូន​ជូន​ជា​គ្រឿង​បូជា​ទៀត​ផង។ កាល​ដែល​យេសិបិល​កាន់​អំណាច គ្មាន​អ្នក​ប្រកាស​ទំនាយ​ណា​ម្នាក់​របស់​ព្រះ​យេហូវ៉ា​មាន​សុវត្ថិភាព​ទេ។ នាង​បាន​សម្លាប់​ពួក​គេ​ជា​ច្រើន​នាក់។ (​១បស. ១៨:១៣​) អាហាប់​ផ្ទាល់​«​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត គឺ​អាក្រក់​លើស​អស់​អ្នក​ដែល​នៅ​មុន​ៗ​គាត់​ទៅ​ទៀត​»។ (​១បស. ១៦:៣០​) ព្រះ​យេហូវ៉ា​មិន​ព្រងើយ​កន្តើយ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​អាហាប់​និង​យេសិបិល​ទេ។ លោក​ដឹង​ច្បាស់​អំពី​អ្វី​ដែល​ពួក​គាត់​ធ្វើ។ ប៉ុន្តែ​ដោយ​សេចក្ដី​មេត្តា​ករុណា ព្រះ​យេហូវ៉ា​បាន​ចាត់​អេលីយ៉ា​ជា​អ្នក​ប្រកាស​ទំនាយ​ឲ្យ​ទៅ​ព្រមាន​ពួក​គាត់​និង​បណ្ដា​ជន ដើម្បី​ឲ្យ​ពួក​គេ​កែ​ប្រែ​មុន​ហួស​ពេល។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អាហាប់​និង​យេសិបិល​មិន​ព្រម​ស្ដាប់​តាម​ឡើយ។

៤. តើ​ព្រះ​យេហូវ៉ា​បាន​វិនិច្ឆ័យ​ទោស​អាហាប់​យ៉ាង​ណា ហើយ​តើ​គាត់​មាន​ប្រតិកម្ម​អ្វី?

មក​ដល់​គ្រា​មួយ​ដែល​ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​ចាត់​វិធានការ។ លោក​បាន​ចាត់​អេលីយ៉ា​ឲ្យ​ប្រកាស​ការ​វិនិច្ឆ័យ​ទោស​លើ​អាហាប់​និង​យេសិបិល។ ពូជ​ពង្ស​របស់​ពួក​គាត់​នឹង​ត្រូវ​គេ​សម្លាប់។ ពាក្យ​របស់​អេលីយ៉ា​បាន​ធ្វើ​ឲ្យ​អាហាប់​កើត​ទុក្ខ​យ៉ាង​ខ្លាំង! គួរ​ឲ្យ​ភ្ញាក់​ផ្អើល បុរស​ដែល​មាន​អំណួត​នេះ​បាន​«​បន្ទាប​ខ្លួន​»។—១បស. ២១:១៩​-​២៩

ដោយ​សារ​ស្ដេច​អាហាប់​មិន​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ គាត់​ចាប់​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​ដាក់​គុក (​សូម​មើល​វគ្គ​៥​-​៦​) *

៥​-​៦. ហេតុ​អ្វី​យើង​ដឹង​ថា​អាហាប់​មិន​បាន​ប្រែ​ចិត្ត​ពិត​ប្រាកដ?

ទោះ​ជា​អាហាប់​បាន​បន្ទាប​ខ្លួន​ក្ដី ការ​ប្រព្រឹត្ត​របស់​គាត់​ក្រោយ​មក​បង្ហាញ​ថា​គាត់​មិន​បាន​ប្រែ​ចិត្ត​ពិត​ប្រាកដ​ទេ។ គាត់​មិន​បាន​ព្យាយាម​បំផ្លាញ​ការ​គោរព​បូជា​ព្រះ​បាល​ពី​រាជាណាចក្រ​របស់​គាត់​ទេ ហើយ​គាត់​មិន​បាន​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដែរ។ អ្វី​ផ្សេង​ទៀត​ដែល​អាហាប់​បាន​ធ្វើ​ក៏​បង្ហាញ​ថា​គាត់​មិន​បាន​ប្រែ​ចិត្ត​ឡើយ។

ក្រោយ​មក ពេល​អាហាប់​បាន​អញ្ជើញ​យេហូសាផាត​ដែល​ជា​ស្ដេច​ល្អ​នៃ​ស្រុក​យូដា​ឲ្យ​ចូល​ធ្វើ​សង្គ្រាម​ជា​មួយ​គាត់​ដើម្បី​ប្រឆាំង​នឹង​ពួក​ស៊ីរី ស្ដេច​យេហូសាផាត​បាន​ឲ្យ​យោបល់​ថា ពួក​គាត់​គួរ​សុំ​យោបល់​ពី​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ជា​មុន​សិន។ ប៉ុន្តែ​អាហាប់​មិន​ចង់​ធ្វើ​ដូច្នេះ​ទេ ហើយ​និយាយ​ថា​៖ ​«​នៅ​មាន​បុរស​ម្នាក់​ទៀត ដែល​យើង​អាច​សួរ​ព្រះ​យេហូវ៉ា​តាម​រយៈ​គាត់។ ប៉ុន្តែ ខ្ញុំ​ស្អប់​គាត់​ណាស់ ព្រោះ​គាត់​មិន​ដែល​ប្រកាស​ទំនាយ​ល្អ​អំពី​ខ្ញុំ​ទេ មាន​តែ​ទំនាយ​អាក្រក់​ប៉ុណ្ណោះ​»។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គាត់​បាន​សួរ​យោបល់​មីកាយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ អាហាប់​បាន​និយាយ​ត្រូវ​មែន អ្នក​ប្រកាស​ទំនាយ​នោះ​របស់​ព្រះ​បាន​ប្រកាស​ព័ត៌មាន​មិន​ល្អ​អំពី​អាហាប់! ជា​ជាង​ប្រែ​ចិត្ត ហើយ​សុំ​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា អាហាប់​បាន​ប្រាប់​គេ​ឲ្យ​ចាប់​អ្នក​ប្រកាស​ទំនាយ​នោះ​ដាក់​គុក។ (​១បស. ២២:៧​-​៩, ២៣, ២៧​) អាហាប់​អាច​ចាប់​អ្នក​ប្រកាស​ទំនាយ​នោះ​របស់​ព្រះ​យេហូវ៉ា​ដាក់​គុក​បាន ក៏​ប៉ុន្តែ​គាត់​មិន​អាច​រា​រាំង​ទំនាយ​នោះ​មិន​ឲ្យ​កើត​ឡើង​ទេ។ បន្ទាប់​មក ពេល​អាហាប់​ចូល​ទៅ​ក្នុង​ចម្បាំង គាត់​បាន​ត្រូវ​គេ​សម្លាប់។—១បស. ២២:៣៤​-​៣៨

៧. តើ​ព្រះ​យេហូវ៉ា​បាន​រៀប​រាប់​យ៉ាង​ណា​អំពី​អាហាប់​ក្រោយ​ពី​គាត់​បាន​ស្លាប់?

ក្រោយ​ពី​អាហាប់​ស្លាប់ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​អំពី​ទស្សនៈ​របស់​លោក​ចំពោះ​គាត់។ បន្ទាប់​ពី​ស្ដេច​យេហូសាផាត​ត្រឡប់​ទៅ​វិមាន​របស់​គាត់​ដោយ​សុវត្ថិភាព ព្រះ​យេហូវ៉ា​បាន​ចាត់​យេហ៊ូ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ឲ្យ​ប្រាប់​គាត់​ថា ការ​ជួយ​អាហាប់​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ យេហ៊ូ​បាន​និយាយ​ថា​៖ ​«​តើ​ជា​ការ​ត្រឹម​ត្រូវ​ទេ​ដែល​លោក​ទៅ​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​អ្នក​ដែល​ស្អប់​ព្រះ​យេហូវ៉ា?​»។ (​២ប្រ. ១៩:១, ២​) ឥឡូវ សូម​គិត​អំពី​ចំណុច​នេះ​៖ បើ​អាហាប់​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ អ្នក​ប្រកាស​ទំនាយ​នោះ​ទំនង​ជា​នឹង​មិន​រៀប​រាប់​អំពី​គាត់​ថា​ជា​មនុស្ស​អាក្រក់​ដែល​ស្អប់​ព្រះ​យេហូវ៉ា​ឡើយ។ យើង​ឃើញ​ច្បាស់​ថា ទោះ​ជា​អាហាប់​បាន​បង្ហាញ​ថា​គាត់​ស្ដាយ​ក្រោយ​ខ្លះ​ៗ​ក្ដី គាត់​មិន​បាន​ប្រែ​ចិត្ត​ទាំង​ស្រុង​ទេ។

៨. តើ​យើង​អាច​រៀន​អ្វី​អំពី​ការ​ប្រែ​ចិត្ត​ពី​គំរូ​របស់​អាហាប់?

តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​អាហាប់? នៅ​ដើម​ដំបូង ពេល​អាហាប់​ឮ​អេលីយ៉ា​និយាយ​ថា​ពូជ​ពង្ស​របស់​គាត់​នឹង​ត្រូវ​អន្តរាយ គាត់​បាន​បន្ទាប​ខ្លួន។ នោះ​គឺ​ជា​ការ​ល្អ។ ប៉ុន្តែ​ការ​ប្រព្រឹត្ត​របស់​គាត់​នៅ​ពេល​ក្រោយ​មក​បាន​បង្ហាញ​ថា គាត់​មិន​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ទេ។ ដូច្នេះ​ដើម្បី​ប្រែ​ចិត្ត យើង​មិន​គ្រាន់​តែ​ត្រូវ​និយាយ​ថា យើង​ស្ដាយ​ក្រោយ​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ​ប៉ុណ្ណោះ​ទេ។ សូម​យើង​ពិចារណា​អំពី​គំរូ​មួយ​ទៀត​ដែល​នឹង​ជួយ​យើង​ឲ្យ​យល់​ថា ការ​ប្រែ​ចិត្ត​ដ៏​ពិត​រួម​បញ្ចូល​អ្វី​ខ្លះ។

អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​ស្ដេច​ម៉ាណាសេ

៩. តើ​ម៉ាណាសេ​ជា​ស្ដេច​បែប​ណា?

ប្រហែល​ជា​២០០​ឆ្នាំ​ក្រោយ​មក ម៉ាណាសេ​បាន​ទៅ​ជា​ស្ដេច​ស្រុក​យូដា។ គាត់​ប្រហែល​ជា​អាក្រក់​ជាង​អាហាប់​ទៅ​ទៀត! គម្ពីរ​ចែង​ថា​៖ ​«​គាត់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ច្រើន​ក្រៃ​លែង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​មាន​កំហឹង​ជា​ខ្លាំង​»។ (​២ប្រ. ៣៣:១​-​៩​) ម៉ាណាសេ​បាន​សង់​ទី​បូជា​សម្រាប់​គោរព​បូជា​ព្រះ​មិន​ពិត គាត់​ថែម​ទាំង​បាន​ឆ្លាក់​រូប​ព្រះ​នៅ​លើ​បង្គោល​ឈើ​ពិសិដ្ឋ ហើយ​យក​ទៅ​ដាក់​នៅ​ក្នុង​វិហារ​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ បង្គោល​ឈើ​ពិសិដ្ឋ​នោះ​ទំនង​ជា​តំណាង​ព្រះ​នាង​ដែល​គេ​ជឿ​ថា​អាច​ជួយ​ឲ្យ​មាន​កូន! ម៉ាណាសេ​មើល​ប្រផ្នូល​និង​ប្រើ​វេទមន្ត ហើយ​«​ក៏​បាន​សម្លាប់​មនុស្ស​ដែល​គ្មាន​ទោស​យ៉ាង​ច្រើន​សន្ធឹក​»​ ដែល​រួម​បញ្ចូល​ការ​«​ដុត​កូន​ប្រុស​ៗ​របស់​គាត់​ជូន​ជា​គ្រឿង​បូជា​»​ដល់​ព្រះ​មិន​ពិត។—២បស. ២១:៦, ៧, ១០, ១១, ១៦

១០. តើ​ព្រះ​យេហូវ៉ា​បាន​ប្រៀន​ប្រដៅ​ម៉ាណាសេ​យ៉ាង​ដូច​ម្ដេច ហើយ​តើ​គាត់​មាន​ប្រតិកម្ម​យ៉ាង​ណា?

១០ ដូច​អាហាប់ ម៉ាណាសេ​មិន​ព្រម​ស្ដាប់​ការ​ព្រមាន​ពី​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ទេ។ ក្រោយ​មក ​«​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ពួក​មេ​ទ័ព​ស្ដេច​ស្រុក​អាស៊ីរី មក​ច្បាំង​នឹង​ពួក​យូដា។ ពេល​នោះ គេ​ចាប់​បាន​ម៉ាណាសេ ហើយ​ដាក់​កន្លុះ​គាត់ ព្រម​ទាំង​ដាក់​ខ្នោះ​ស្ពាន់ រួច​នាំ​យក​ទៅ​ស្រុក​បាប៊ីឡូន​»។ តាម​មើល​ទៅ ម៉ាណាសេ​បាន​គិត​ពិចារណា​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ ពេល​គាត់​ជាប់​គុក​នៅ​ស្រុក​បាប៊ីឡូន។ ​«​គាត់​បាន​បន្ទាប​ខ្លួន​យ៉ាង​ខ្លាំង​នៅ​ចំពោះ​មុខ​ព្រះ​នៃ​បុព្វ​បុរស​របស់​គាត់​»។ លើស​ពីនេះ​ទៅ​ទៀត ​«​គាត់​បាន​អង្វរ​សុំ​សេចក្ដី​មេត្តា​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​»​ ដោយ​«​អធិដ្ឋាន​អង្វរ​ព្រះ​ឥត​ឈប់​»។ បុរស​ដ៏​អាក្រក់​នោះ​កំពុង​កែ​ប្រែ។ គាត់​ចាប់​ផ្ដើម​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​របស់​គាត់​»​ ហើយ​បាន​អធិដ្ឋាន​ទៅ​លោក​ជា​និច្ច។—២ប្រ. ៣៣:១០​-​១៣

ដោយ​សារ​ស្ដេច​ម៉ាណាសេ​ពិត​ជា​ប្រែ​ចិត្ត​យ៉ាង​ស្មោះ គាត់​ប្រឆាំង​ការ​គោរព​បូជា​ព្រះ​មិន​ពិត (​សូម​មើល​វគ្គ​១១​) *

១១. យោង​ទៅ​តាម​ប្រវត្តិហេតុ​ទី​២ ៣៣:១៥, ១៦ តើ​ម៉ាណាសេ​បាន​បង្ហាញ​យ៉ាង​ណា​ថា​គាត់​ពិត​ជា​បាន​ប្រែ​ចិត្ត?

១១ នៅ​ពេល​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ម៉ាណាសេ។ លោក​បាន​ឃើញ​ថា​ម៉ាណាសេ​ប្រែ​ចិត្ត ហើយ​នេះ​ជា​អ្វី​ដែល​លោក​ឃើញ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​គាត់។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ស្ដាប់​ម៉ាណាសេ​ពេល​ដែល​គាត់​បាន​សុំ​ការ​អភ័យ​ទោស ហើយ​លោក​បាន​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ជា​ស្ដេច​ម្ដង​ទៀត។ ម៉ាណាសេ​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​ថា គាត់​ពិត​ជា​បាន​ប្រែ​ចិត្ត។ គាត់​ធ្វើ​អ្វី​ដែល​អាហាប់​មិន​បាន​ធ្វើ ពោល​គឺ​គាត់​បាន​ផ្លាស់​ប្ដូរ​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ គាត់​បាន​ប្រឆាំង​នឹង​ការ​គោរព​បូជា​ព្រះ​មិន​ពិត ហើយ​លើក​ទឹក​ចិត្ត​បណ្ដា​ជន​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ (​សូម​អាន ប្រវត្តិហេតុ​ទី​២ ៣៣:១៥, ១៦) ពេល​ម៉ាណាសេ​មាន​វ័យ​ចាស់ គាត់​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ខ្លះ​ដែល​គាត់​បាន​បង្ក​ឡើង។ នោះ​មិន​ស្រួល​ទេ ហើយ​ទំនង​ជា​តម្រូវ​ឲ្យ​គាត់​មាន​ជំនឿ​និង​ចិត្ត​ក្លាហាន។ ហេតុ​អ្វី? ដោយ​សារ​គាត់​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ក្រុម​គ្រួសារ​របស់​គាត់ ពួក​អ្នក​មាន​ឋានៈ​ខ្ពស់ និង​បណ្ដា​ជន​អស់​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ ម៉ាណាសេ​ទំនង​ជា​ជះ​ឥទ្ធិពល​ល្អ​ទៅ​លើ​ចៅ​របស់​គាត់​យ៉ូសៀស​ដែល​នៅ​វ័យ​ក្មេង ហើយ​ដែល​ក្រោយ​មក​បាន​ទៅ​ជា​ស្ដេច​ដ៏​ល្អ។—២បស. ២២:១, ២

១២. តើ​យើង​អាច​រៀន​អ្វី​អំពី​ការ​ប្រែ​ចិត្ត​ពី​គំរូ​របស់​ម៉ាណាសេ?

១២ តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ម៉ាណាសេ? គាត់​បាន​បន្ទាប​ខ្លួន ហើយ​ក៏​បាន​ធ្វើ​លើស​ពី​នេះ​ទៅ​ទៀត។ គាត់​បាន​អធិដ្ឋាន​អង្វរ​សុំ​សេចក្ដី​មេត្តា​ករុណា ហើយ​បាន​ផ្លាស់​ប្ដូរ​ការ​ប្រព្រឹត្ត​របស់​គាត់។ គាត់​បាន​ខំ​ដោះ​ស្រាយ​បញ្ហា​ដែល​គាត់​បាន​បណ្ដាល​ឲ្យ​មាន ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា និង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ គំរូ​របស់​ម៉ាណាសេ​អាច​លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​បាន​ធ្វើ​អំពើ​អាក្រក់​ធ្ងន់​ធ្ងរ។ បទ​ពិសោធន៍​របស់​គាត់​បង្ហាញ​ថា ព្រះ​យេហូវ៉ា​គឺ​«​ល្អ​ពិត​មែន ហើយ​លោក​បម្រុង​តែ​នឹង​អភ័យ​ទោស​»។ (​ចសព. ៨៦:៥​) ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​ពួក​អ្នក​ដែល​ប្រែ​ចិត្ត​ពិត​ប្រាកដ។

១៣. សូម​លើក​ឧទាហរណ៍​មួយ​ដែល​ជួយ​យើង​ឲ្យ​យល់​ចំណុច​សំខាន់​អំពី​ការ​ប្រែ​ចិត្ត។

១៣ ម៉ាណាសេ​បាន​ធ្វើ​អ្វី​លើស​ពី​ការ​គ្រាន់​តែ​ស្ដាយ​ក្រោយ​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​គាត់។ នេះ​បង្រៀន​យើង​មេ​រៀន​ដ៏​សំខាន់​អំពី​ការ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ។ សូម​គិត​អំពី​ឧទាហរណ៍​មួយ​៖ អ្នក​ទៅ​ហាង​មួយ​ដើម្បី​ទិញ​នំ ដូច​ជា​នំ​ពង​ទា​ជា​ដើម។ ប៉ុន្តែ​ជា​ជាង​ឲ្យ​នំ អ្នក​លក់​នំ​នៅ​ហាង​នោះ​ឲ្យ​ពង​ទា​ដល់​អ្នក​វិញ។ តើ​អ្នក​នឹង​ស្កប់​ចិត្ត​ឬ​ទេ? អ្នក​ច្បាស់​ជា​មិន​ស្កប់​ចិត្ត​ទេ! បើ​អ្នក​លក់​នោះ​ពន្យល់​ថា ពង​ទា​គឺ​ជា​គ្រឿង​ផ្សំ​ដ៏​សំខាន់​ដើម្បី​ធ្វើ​នំ​នោះ តើ​នេះ​ជួយ​ឬ​ទេ? ច្បាស់​ជា​មិន​មែន​ទេ! ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រែ​ចិត្ត​យ៉ាង​ស្មោះ។ បើ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ស្ដាយ​ក្រោយ​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ នោះ​ជា​ការ​ល្អ។ អារម្មណ៍​នោះ​គឺ​ជា​ផ្នែក​សំខាន់​នៃ​ការ​ប្រែ​ចិត្ត ប៉ុន្តែ​នេះ​មិន​គ្រប់​គ្រាន់​ទេ។ តើ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ត្រូវ​ធ្វើ​អ្វី​ទៀត? យើង​អាច​រៀន​ច្រើន​ពី​ឧទាហរណ៍​មួយ​របស់​លោក​យេស៊ូ។

របៀប​ដឹង​ថា​បុគ្គល​ម្នាក់​ប្រែ​ចិត្ត​យ៉ាង​ស្មោះ

ក្រោយ​ពី​កូន​ប្រុស​ដែល​វង្វេង​បាត់​ភ្ញាក់​ខ្លួន គាត់​បាន​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ (​សូម​មើល​វគ្គ​១៤​-​១៥​) *

១៤. ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ តើ​កូន​ប្រុស​ដែល​វង្វេង​បាត់​ចាប់​ផ្ដើម​បង្ហាញ​យ៉ាង​ណា​ថា​គាត់​ប្រែ​ចិត្ត?

១៤ លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​មួយ​អំពី​កូន​ប្រុស​វង្វេង​បាត់​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​លូកា ១៥:​១១​-​៣២។ ឧទាហរណ៍​នេះ​គឺ​ដូច​ត​ទៅ​៖ បុរស​វ័យ​ក្មេង​ម្នាក់​បាន​បះ​បោរ​នឹង​ឪពុក​គាត់ ចាក​ចេញ​ពី​ផ្ទះ និង​ធ្វើ​ដំណើរ​«​ទៅ​ស្រុក​ឆ្ងាយ​»។ នៅ​ទី​នោះ គាត់​មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​សីលធម៌។ ប៉ុន្តែ​ពេល​គាត់​ធ្លាក់​ខ្លួន​ពិបាក គាត់​ចាប់​ផ្ដើម​គិត​ពិចារណា​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ។ គាត់​យល់​ថា ជីវិត​របស់​គាត់​ល្អ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់​ពេល​គាត់​នៅ​ផ្ទះ​ឪពុក​គាត់។ យ៉ាង​នេះ ដូច​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ បុរស​វ័យ​ក្មេង​នោះ​«​ភ្ញាក់​ខ្លួន​»។ គាត់​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​សុំ​ឪពុក​គាត់​ឲ្យ​អភ័យ​ទោស​គាត់។ គឺ​សំខាន់​ណាស់​ដែល​កូន​ប្រុស​នោះ​ទទួល​ស្គាល់​ថា គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ​ជា​ច្រើន។ ប៉ុន្តែ នោះ​មិន​គ្រប់​គ្រាន់​ទេ។ គាត់​ត្រូវ​តែ​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​គាត់​ផង​ដែរ!

១៥. តើ​កូន​ប្រុស​ដែល​វង្វេង​បាត់​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​គាត់​ប្រែ​ចិត្ត?

១៥ កូន​ប្រុស​ដែល​វង្វេង​បាត់​នោះ​បាន​បង្ហាញ​ថា​គាត់​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ។ គាត់​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ដើម្បី​ទៅ​ផ្ទះ​គាត់។ បន្ទាប់​មក ពេល​គាត់​ជួប​ឪពុក គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​ខុស​នឹង​ព្រះ និង​លោក​ឪពុក។ ខ្ញុំ​មិន​សម​នឹង​ហៅ​ជា​កូន​របស់​លោក​ឪពុក​ទៀត​ទេ​»។ (​លូក. ១៥:២១​) ការ​សារភាព​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​របស់​បុរស​វ័យ​ក្មេង​នោះ​បង្ហាញ​ថា គាត់​ចង់​ផ្សះ​ផ្សា​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា។ គាត់​ក៏​ទទួល​ស្គាល់​ថា​ការ​ប្រព្រឹត្ត​របស់​គាត់​បាន​ធ្វើ​ឲ្យ​ឪពុក​ឈឺ​ចិត្ត។ គាត់​សុខ​ចិត្ត​ខំ​ព្យាយាម​ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ឪពុក​របស់​គាត់​ឡើង​វិញ ហើយ​គាត់​ថែម​ទាំង​សុខ​ចិត្ត​ធ្វើ​ជា​កូន​ឈ្នួល​របស់​ឪពុក​គាត់​ទៀត​ផង! (​លូក. ១៥:១៩​) ឧទាហរណ៍​នេះ​មិន​គ្រាន់​តែ​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​កក់​ក្ដៅ​ក្នុង​ចិត្ត​ប៉ុណ្ណោះ​ទេ។ ឧទាហរណ៍​នេះ​អាច​ជួយ​ពួក​អ្នក​ចាស់​ទុំ​ច្រើន​ណាស់​នៅ​ពេល​ពួក​គេ​ព្យាយាម​ស្វែង​យល់​ថា តើ​បង​ប្អូន​ណា​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ពិត​ជា​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ឬ​ទេ?

១៦. ហេតុ​អ្វី​ពួក​អ្នក​ចាស់​ទុំ​ប្រហែល​ជា​ពិបាក​ដឹង​ថា​បុគ្គល​ណា​ម្នាក់​ពិត​ជា​បាន​ប្រែ​ចិត្ត​ឬ​មិន​មែន?

១៦ គឺ​មិន​ស្រួល​ទេ​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ដឹង​ថា បុគ្គល​ណា​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ពិត​ជា​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​នៅ​ឥឡូវ​នេះ​ឬ​យ៉ាង​ណា។ ហេតុ​អ្វី? ពីព្រោះ​ពួក​អ្នក​ចាស់​ទុំ​មិន​អាច​មើល​ចិត្ត​ធ្លុះ​ទេ។ ដូច្នេះ ពួក​គេ​ត្រូវ​ផ្អែក​ទៅ​លើ​ទី​សំអាង​ដែល​បង្ហាញ​ថា​បុគ្គល​នោះ​ពិត​ជា​បាន​រៀន​ឲ្យ​ស្អប់​អ្វី​ដែល​គាត់​បាន​ធ្វើ​ឬ​យ៉ាង​ណា។ ក្នុង​ករណី​ខ្លះ បុគ្គល​ណា​ម្នាក់​ប្រហែល​ជា​ធ្វើ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដោយ​ឥត​កោត​ក្រែង រហូត​ដល់​ពួក​អ្នក​ចាស់​ទុំ​ដែល​ជួប​ជា​មួយ​គាត់​មិន​អាច​ប្រាកដ​ថា​គាត់​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ឬ​យ៉ាង​ណា​ទេ។

១៧. (​ក​) តើ​ឧទាហរណ៍​អ្វី​បង្ហាញ​ថា ទោះ​ជា​បុគ្គល​ម្នាក់​និយាយ​ថា​គាត់​បាន​ស្ដាយ​ក្រោយ​ក្ដី គាត់​ប្រហែល​ជា​មិន​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ? (​ខ​) ដូច​បាន​រៀប​រាប់​នៅ​កូរិនថូស​ទី​២ ៧:១១ តើ​បុគ្គល​ដែល​ពិត​ជា​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ត្រូវ​ធ្វើ​អ្វី?

១៧ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ បង​ប្រុស​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​អស់​ជា​ច្រើន​ឆ្នាំ។ ជា​ជាង​ស្វែង​រក​ជំនួយ គាត់​លាក់​បាំង​អំពើ​ប្រាស​ចាក​សីលធម៌​របស់​គាត់​ពី​ប្រពន្ធ មិត្ត​ភក្តិ និង​ពួក​អ្នក​ចាស់​ទុំ។ នៅ​ទី​បំផុត អ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត​បាន​ត្រូវ​បក​អាក្រាត។ ពេល​ពួក​អ្នក​ចាស់​ទុំ​ប្រាប់​គាត់​ថា ពួក​គេ​មាន​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​គាត់​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ គាត់​បាន​សារភាព​អំពី​រឿង​នេះ ហើយ​ថែម​ទាំង​មើល​ទៅ​ស្ដាយ​ក្រោយ​យ៉ាង​ខ្លាំង។ តើ​នេះ​បញ្ជាក់​ថា​គាត់​បាន​ប្រែ​ចិត្ត​ឬ​ទេ? មិន​មែន​ទេ។ ពួក​អ្នក​ចាស់​ទុំ​ដែល​ដោះ​ស្រាយ​រឿង​នោះ​នឹង​ត្រូវ​ឃើញ​ទី​សំអាង​លើស​ជាង​ការ​ស្ដាយ​ក្រោយ​របស់​គាត់​ទៅ​ទៀត។ ហេតុ​អ្វី? ពីព្រោះ​បុរស​នោះ​មិន​បាន​សារភាព​កំហុស​របស់​គាត់​ទេ តែ​មាន​គេ​បក​អាក្រាត​គាត់​ទៅ​វិញ។ ម្យ៉ាង​ទៀត គាត់​មិន​មែន​ភ្លាត់​ធ្វើ​អំពើ​ខុស​ឆ្គង​ដោយ​សារ​ការ​សម្រេច​ចិត្ត​មិន​ល្អ​មួយ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​អស់​ជា​ច្រើន​ដង​សម្រាប់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ដូច្នេះ ពួក​អ្នក​ចាស់​ទុំ​នឹង​ត្រូវ​ឃើញ​ទី​សំអាង​ដែល​បង្ហាញ​ថា អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​បាន​កែ​ប្រែ​គំនិត អារម្មណ៍ និង​ការ​ប្រព្រឹត្ត​យ៉ាង​ស្មោះ។ (​សូម​អាន កូរិនថូស​ទី២ ៧:១១) បុរស​នោះ​ប្រហែល​ជា​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ធ្វើ​ការ​កែ​ប្រែ​ដែល​សំខាន់​ចាំ​បាច់។ គាត់​ទំនង​ជា​នឹង​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​អស់​មួយ​រយៈ​ពេល។—១កូ. ៥:១១​-​១៣; ៦:៩, ១០

១៨. តើ​បុគ្គល​ណា​ម្នាក់​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​អាច​បង្ហាញ​យ៉ាង​ណា​ថា​គាត់​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ហើយ​តើ​នោះ​នឹង​មាន​លទ្ធផល​អ្វី?

១៨ ដើម្បី​បង្ហាញ​ថា​ខ្លួន​គាត់​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ បុគ្គល​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​នឹង​មក​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់ ព្រម​ទាំង​ធ្វើ​តាម​យោបល់​ពី​ពួក​អ្នក​ចាស់​ទុំ​អំពី​ការ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​អធិដ្ឋាន​និង​ការ​សិក្សា​គម្ពីរ។ គាត់​ក៏​នឹង​ខំ​ព្យាយាម​ជៀស​វាង​ពី​អ្វី​ដែល​អាច​ល្បួង​គាត់​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ម្ដង​ទៀត។ បើ​គាត់​ខំ​ព្យាយាម​ផ្សះ​ផ្សា​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា គាត់​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​គាត់​ទាំង​ស្រុង ហើយ​ថា​ពួក​អ្នក​ចាស់​ទុំ​នឹង​ជួយ​គាត់​ឲ្យ​ចូល​ក្រុម​ជំនុំ​ឡើង​វិញ។ ពេល​ពួក​អ្នក​ចាស់​ទុំ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ពួក​គេ​គិត​ពិចារណា​អំពី​ស្ថានភាព​របស់​បុគ្គល​ម្នាក់​ៗ ហើយ​ជៀស​វាង​ពី​ការ​វិនិច្ឆ័យ​ដោយ​គ្មាន​មេត្តា។

១៩. តើ​ការ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​រួម​បញ្ចូល​អ្វី​ខ្លះ? (​អេសេគាល ៣៣:១៤​-​១៦​)

១៩ ដូច​ដែល​យើង​បាន​រៀន ការ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ មិន​គ្រាន់​តែ​ជា​ការ​និយាយ​ថា​យើង​ស្ដាយ​ក្រោយ​ចំពោះ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដែល​យើង​បាន​ប្រព្រឹត្ត​នោះ​ទេ។ បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ត្រូវ​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ​និង​អារម្មណ៍​របស់​គាត់ ហើយ​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត​របស់​គាត់​ថា​គាត់​ប្រែ​ចិត្ត។ នេះ​រួម​បញ្ចូល​ការ​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​វិញ។ (​សូម​អាន អេសេគាល ៣៣:១៤​-​១៦) អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​គឺ ការ​មាន​ចំណង​មិត្តភាព​ឡើង​វិញ​ជា​មួយ​ព្រះ​យេហូវ៉ា។

ចូរ​ជួយ​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ប្រែ​ចិត្ត

២០​-​២១. តើ​យើង​អាច​ជួយ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​តាម​របៀប​ណា?

២០ លោក​យេស៊ូ​បាន​ពន្យល់​អំពី​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កិច្ច​បម្រើ​របស់​លោក ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ... បាន​មក​ដើម្បី​ហៅ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ប្រែ​ចិត្ត​»។ (​លូក. ៥:​៣២​) យើង​ក៏​គួរ​មាន​បំណង​ចិត្ត​ដូច​នេះ​ដែរ។ ចុះ​បើ​យើង​ដឹង​ថា​មិត្ត​ជិត​ស្និទ្ធ​របស់​យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ តើ​យើង​គួរ​ធ្វើ​អ្វី?

២១ បើ​យើង​ព្យាយាម​លាក់​បាំង​អំពើ​ខុស​ឆ្គង​របស់​មិត្ត​ភក្តិ នោះ​យើង​មិន​ជួយ​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ យើង​កំពុង​នាំ​ឲ្យ​គាត់​អន្តរាយ។ យើង​មិន​អាច​លាក់​បាំង​អំពើ​ខុស​ឆ្គង​បាន​ទេ ដោយ​សារ​ព្រះ​យេហូវ៉ា​កំពុង​មើល។ (​សុភ. ៥:២១, ២២; ២៨:១៣​) អ្នក​អាច​ជួយ​មិត្ត​ភក្តិ​របស់​អ្នក​ដោយ​ប្រាប់​គាត់​ថា ពួក​អ្នក​ចាស់​ទុំ​ចង់​ជួយ​គាត់។ បើ​មិត្ត​នោះ​មិន​ព្រម​សារភាព​ទៅ​ពួក​អ្នក​ចាស់​ទុំ អ្នក​គួរ​ប្រាប់​ពួក​គេ​អំពី​រឿង​នេះ។ យ៉ាង​នេះ អ្នក​បង្ហាញ​ថា​អ្នក​ពិត​ជា​ចង់​ជួយ​គាត់។ នេះ​គឺ​សំខាន់​ណាស់ ដោយ​សារ​បើ​គាត់​មិន​ទទួល​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ ហើយ​មិន​ប្រែ​ចិត្ត គាត់​អាច​បាត់​បង់​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា!

២២. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

២២ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​បុគ្គល​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ខ្លាំង​ដល់​ម្ល៉េះ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ បាន​ជា​ពួក​អ្នក​ចាស់​ទុំ​សម្រេច​ចិត្ត​ថា​នឹង​បណ្ដាច់​មិត្តភាព​គាត់? តើ​នេះ​មាន​ន័យ​ថា​ពួក​អ្នក​ចាស់​ទុំ​បាន​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្តា​ទៅ​លើ​គាត់​ឬ? ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ក្នុង​ការ​ប្រៀន​ប្រដៅ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​របៀប​ដែល​យើង​អាច​ធ្វើ​តាម​គំរូ​របស់​លោក។

ចម្រៀង​លេខ​១០៣ ពួក​គង្វាល​គឺ​អំណោយ​ជា​មនុស្ស

^ វគ្គ 5 ការ​ប្រែ​ចិត្ត​ដ៏​ស្មោះ​មិន​គ្រាន់​តែ​ជា​ការ​និយាយ​ថា យើង​សោក​ស្ដាយ​ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​យើង​បាន​ប្រព្រឹត្ត​ប៉ុណ្ណោះ​ទេ។ អត្ថបទ​នេះ​នឹង​ជួយ​យើង​ឲ្យ​យល់​ថា​តើ​ការ​ប្រែ​ចិត្ត​ដ៏​ស្មោះ​មាន​ន័យ​យ៉ាង​ណា? យើង​នឹង​ពិចារណា​អំពី​គំរូ​របស់​ស្ដេច​អាហាប់ ស្ដេច​ម៉ាណាសេ និង​កូន​ប្រុស​វង្វេង​បាត់​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ។ ក្នុង​អត្ថបទ​នេះ យើង​ក៏​នឹង​ពិចារណា​អំពី​អ្វី​មួយ​ចំនួន​ដែល​ពួក​អ្នក​ចាស់​ទុំ​ត្រូវ​គិត​ពិចារណា ពេល​ពួក​គេ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​បង​ប្អូន​ណា​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ពិត​ជា​បាន​ប្រែ​ចិត្ត​ឬ​យ៉ាង​ណា។

^ វគ្គ 60 ការ​ពណ៌នា​អំពី​រូប​ភាព: ដោយ​កំហឹង ស្ដេច​អាហាប់​បង្គាប់​អង្គរក្ស​របស់​គាត់​ឲ្យ​ចាប់​មីកាយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ដាក់​គុក។

^ វគ្គ 62 ការ​ពណ៌នា​អំពី​រូប​ភាព: ស្ដេច​ម៉ាណាសេ​បង្គាប់​គេ​ឲ្យ​បំផ្លាញ​រូប​ព្រះ​ដែល​គាត់​បាន​ដាក់​ក្នុង​វិហារ។

^ វគ្គ 64 ការ​ពណ៌នា​អំពី​រូប​ភាព: កូន​ប្រុស​ដែល​វង្វេង​បាត់​អស់​កម្លាំង​ក្រោយ​ពី​ធ្វើ​ដំណើរ​ឆ្ងាយ ហើយ​នៅ​ទី​បំផុត​ពេល​ឃើញ​ផ្ទះ​ពី​ចម្ងាយ គាត់​ធូរ​ចិត្ត។