លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៤

ចូររក្សាសេចក្ដីសង្ឃឹមរបស់អ្នកជាគ្រិស្តសាសនិកឲ្យមាំមួន

ចូររក្សាសេចក្ដីសង្ឃឹមរបស់អ្នកជាគ្រិស្តសាសនិកឲ្យមាំមួន

​«​ចូរ​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា​ចុះ​»។—ចសព. ២៧:១៤

ចម្រៀង​លេខ​១៤៤ ចូរ​ផ្ដោត​អារម្មណ៍​លើ​រង្វាន់!

សេចក្ដី​សង្ខេប *

១. តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​សេចក្ដី​សង្ឃឹម​អ្វី?

 ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ អ្នក​ខ្លះ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ស្ថាន​សួគ៌​ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​ជីវិត​អមតៈ។ (​១កូ. ១៥:៥០, ៥៣​) ប៉ុន្តែ​យើង​ភាគ​ច្រើន​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​លើ​ផែនដី ដោយ​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ​និង​សុភមង្គល។ (​បប. ២១:៣, ៤​) មិន​ថា​យើង​ទន្ទឹង​រង់​ចាំ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ក្ដី សេចក្ដី​សង្ឃឹម​របស់​យើង​មាន​តម្លៃ​ចំពោះ​យើង។

២. តើ​សេចក្ដី​សង្ឃឹម​របស់​យើង​មាន​មូលដ្ឋាន​លើ​អ្វី ហើយ​ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ?

ក្នុង​គម្ពីរ​ពាក្យ​«​សេចក្ដី​សង្ឃឹម​»​ អាច​មាន​ន័យ​ថា​ការ​រំពឹង​ទុក​ថា​នឹង​មាន​អ្វី​ល្អ​ៗ​កើត​ឡើង។ យើង​អាច​ប្រាកដ​ថា​សេចក្ដី​សង្ឃឹម​របស់​យើង​សម្រាប់​ថ្ងៃ​អនាគត​នឹង​កើត​ឡើង​ពិត​មែន ដោយ​សារ​នោះ​មក​ពី​ព្រះ​យេហូវ៉ា។ (​រ៉ូម ១៥:១៣​) យើង​ដឹង​អំពី​អ្វី​ដែល​លោក​បាន​សន្យា ហើយ​យើង​ដឹង​ថា​លោក​តែង​តែ​រក្សា​ពាក្យ​សន្យា​របស់​លោក។ (​ជប. ២៣:១៩​) យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​មាន​ទាំង​បំណង​ប្រាថ្នា​ទាំង​ឫទ្ធានុភាព ដើម្បី​សម្រេច​អ្វី​ទាំង​អស់​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​ធ្វើ។ ដូច្នេះ សេចក្ដី​សង្ឃឹម​របស់​យើង​មិន​មក​ពី​ការ​ស្រមើ​ស្រមៃ​របស់​យើង ឬ​មិន​គ្រាន់​តែ​ជា​អ្វី​ដែល​យើង​ចង់​ឲ្យ​កើត​ឡើង​នោះ​ទេ តែ​មាន​មូលដ្ឋាន​លើ​ទី​សំអាង​និង​ពី​អ្វី​ដែល​យើង​ដឹង​ថា​គឺ​ពិត។

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ? (​ចម្រៀង​សរសើរ​ព្រះ ២៧:១៤​)

បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​យើង ហើយ​លោក​ចង់​ឲ្យ​យើង​ទុក​ចិត្ត​លោក។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ២៧:១៤) ពេល​សេចក្ដី​សង្ឃឹម​របស់​យើង​លើ​ព្រះ​យេហូវ៉ា​រឹង​មាំ យើង​នឹង​អាច​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​ផ្សេង​ៗ ហើយ​មាន​ចិត្ត​ក្លាហាន​និង​អំណរ ទោះ​ជា​មាន​អ្វី​កើត​ឡើង​ចំពោះ​យើង​ក្ដី។ សូម​យើង​គិត​ពិចារណា​អំពី​របៀប​ដែល​សេចក្ដី​សង្ឃឹម​របស់​យើង​ការ​ពារ​យើង។ ដំបូង យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​សេចក្ដី​សង្ឃឹម​បាន​ត្រូវ​ប្រដូច​ទៅ​នឹង​យុថ្កា​និង​មួក​ការ​ពារ​ក្បាល។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​យើង។

សេចក្ដី​សង្ឃឹម​របស់​យើង​ប្រៀប​ដូច​ជា​យុថ្កា

៤. តើ​សេចក្ដី​សង្ឃឹម​ប្រៀប​ដូច​ជា​យុថ្កា​តាម​របៀប​ណា? (​ហេប្រឺ ៦:១៩​)

ក្នុង​សំបុត្រ​របស់​សាវ័ក​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ គាត់​បាន​ប្រដូច​សេចក្ដី​សង្ឃឹម​របស់​យើង​ទៅ​នឹង​យុថ្កា។ (​សូម​អាន ហេប្រឺ ៦:១៩) ប៉ូល​ច្រើន​តែ​បាន​ធ្វើ​ដំណើរ​តាម​សមុទ្រ ដូច្នេះ​គាត់​ដឹង​ថា​គេ​ប្រើ​យុថ្កា​ដើម្បី​មិន​ឲ្យ​សំពៅ​រសាត់​ចេញ។ នៅ​ពេល​មួយ គាត់​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​សំពៅ​ពេល​ដែល​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​បាន​បក់​បោក។ ក្នុង​អំឡុង​ខ្យល់​ព្យុះ​នោះ គាត់​បាន​ឃើញ​អ្នក​បើក​សំពៅ​ទម្លាក់​យុថ្កា​ចូល​ក្នុង​ទឹក​ដើម្បី​មិន​ឲ្យ​សំពៅ​កឿង​លើ​ថ្ម​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ (​សកម្ម. ២៧:២៩, ៣៩​-​៤១​) ដូច​យុថ្កា​ធ្វើ​ឲ្យ​សំពៅ​មាន​លំនឹង សេចក្ដី​សង្ឃឹម​របស់​យើង​ធ្វើ​ឲ្យ​យើង​នៅ​នឹង​នរ ដើម្បី​យើង​មិន​រសាត់​ចេញ​ពី​ព្រះ​យេហូវ៉ា​ពេល​យើង​ជួប​បញ្ហា​ដ៏​ធំ​ដែល​ប្រៀប​ដូច​ជា​ខ្យល់​ព្យុះ។ សេចក្ដី​សង្ឃឹម​ដ៏​មុត​មាំ​របស់​យើង​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្ងប់​ពេល​យើង​មាន​បញ្ហា ដោយ​សារ​យើង​ជឿ​ជាក់​ថា​អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ឡើង។ សូម​ចាំ​ថា លោក​យេស៊ូ​បាន​ព្រមាន​ថា​យើង​នឹង​ទទួល​ការ​បៀតបៀន។ (​យ៉ូន. ១៥:២០​) ដូច្នេះ ការ​រំពឹង​គិត​អំពី​រង្វាន់​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ឲ្យ​យើង ជួយ​យើង​ឲ្យ​បន្ត​បម្រើ​លោក។

៥. តើ​សេចក្ដី​សង្ឃឹម​បាន​ជួយ​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច ពេល​លោក​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់?

សូម​គិត​អំពី​របៀប​ដែល​សេចក្ដី​សង្ឃឹម​បាន​ជួយ​លោក​យេស៊ូ​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់ ទោះ​ជា​លោក​ដឹង​ថា​លោក​នឹង​ស្លាប់​យ៉ាង​ឈឺ​ចាប់​ក្ដី។ នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. សាវ័ក​ពេត្រុស​បាន​ដក​ស្រង់​ទំនាយ​មួយ​ពី​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ ដែល​រៀប​រាប់​អំពី​ចិត្ត​ស្ងប់​និង​ទំនុក​ចិត្ត​របស់​លោក​យេស៊ូ ដែល​ថា​៖ ​«​ខ្ញុំ​នឹង​រស់​ដោយ​មាន​សេចក្ដី​សង្ឃឹម ពីព្រោះ​លោក​នឹង​មិន​ទុក​ខ្ញុំ​ចោល​ក្នុង​ផ្នូរ​ឡើយ ហើយ​លោក​ក៏​នឹង​មិន​ឲ្យ​រូប​កាយ​របស់​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក​ត្រូវ​ខូច​ទៅ​ដែរ។ . . . ពេល​លោក​មើល​មក​ខ្ញុំ​ដោយ​ក្ដី​ពេញ​ចិត្ត ខ្ញុំ​ត្រេក​អរ​ពន់​ពេក​»។ (​សកម្ម. ២:២៥​-​២៨; ចសព. ១៦:៨​-​១១​) ទោះ​ជា​លោក​យេស៊ូ​ដឹង​ខ្លួន​ថា​លោក​នឹង​ស្លាប់​ក្ដី លោក​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ព្រះ​នឹង​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ហើយ​ថា​លោក​នឹង​មាន​អំណរ​ពី​ការ​ជួប​ជុំ​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌​ម្ដង​ទៀត។—ហេ. ១២:២, ៣

៦. តើ​បង​ប្រុស​ម្នាក់​បាន​រៀប​រាប់​យ៉ាង​ណា​អំពី​សេចក្ដី​សង្ឃឹម?

សេចក្ដី​សង្ឃឹម​របស់​យើង​ជា​គ្រិស្ត​សាសនិក​បាន​ជួយ​បង​ប្អូន​យើង​ជា​ច្រើន​នាក់​ឲ្យ​ស៊ូ​ទ្រាំ។ សូម​គិត​អំពី​គំរូ​របស់​បង​ប្រុស​ដ៏​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​ឡេនណឺត ឈីន​ដែល​បាន​រស់​នៅ​ប្រទេស​អង់គ្លេស។ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១ គាត់​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក ដោយ​សារ​គាត់​មិន​ព្រម​ចូល​ធ្វើ​ទាហាន។ អស់​ពីរ​ខែ គាត់​បាន​ត្រូវ​គេ​ឃុំ​ឃាំង​ឲ្យ​នៅ​តែ​ម្នាក់​ឯង។ បន្ទាប់​មក​គាត់​បាន​ត្រូវ​គេ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​ការ​ធ្ងន់។ ក្រោយ​មក គាត់​បាន​សរសេរ​ថា​៖ ​«​បទ​ពិសោធន៍​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា ដើម្បី​ស៊ូ​ទ្រាំ​យើង​ពិត​ជា​ត្រូវ​ការ​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង។ យើង​មាន​គំរូ​របស់​លោក​យេស៊ូ ពួក​សាវ័ក​និង​ពួក​អ្នក​ប្រកាស​ទំនាយ ព្រម​ទាំង​មាន​សេចក្ដី​សន្យា​ដ៏​វិសេស​វិសាល​នៅ​ក្នុង​គម្ពីរ។ អ្វី​ទាំង​អស់​នេះ​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​មុត​មាំ​សម្រាប់​ថ្ងៃ​អនាគត និង​ពង្រឹង​កម្លាំង​យើង​ឲ្យ​ស៊ូ​ទ្រាំ​»។ សេចក្ដី​សង្ឃឹម​ប្រៀប​ដូច​ជា​យុថ្កា​ចំពោះ​បង​ឡេនណឺត ហើយ​ក៏​អាច​ប្រៀប​ដូច​ជា​យុថ្កា​ចំពោះ​យើង​ដែរ។

៧. តើ​ទុក្ខ​លំបាក​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​យើង​យ៉ាង​ដូច​ម្ដេច? (​រ៉ូម ៥:៣​-​៥; យ៉ាកុប ១:១២​)

សេចក្ដី​សង្ឃឹម​របស់​យើង​កាន់​តែ​រឹង​មាំ​ឡើង​ក្រោយ​ពី​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ ហើយ​ទទួល​ជំនួយ​និង​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ (​សូម​អាន រ៉ូម ៥:៣​-​៥; យ៉ាកុប ១:១២) ដូច្នេះ​ក្រោយ​ពី​នោះ សេចក្ដី​សង្ឃឹម​របស់​យើង​គឺ​រឹង​មាំ​ជាង​ពេល​ដែល​យើង​បាន​ទទួល​ដំណឹង​ល្អ​នៅ​ដើម​ដំបូង។ សាថាន​ចង់​ឲ្យ​យើង​មាន​អារម្មណ៍​ថា ទុក្ខ​លំបាក​របស់​យើង​គឺ​ច្រើន​ពន់​ពេក។ ប៉ុន្តែ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​នីមួយ​ៗ​ដោយ​ជោគ​ជ័យ។

សេចក្ដី​សង្ឃឹម​របស់​យើង​ប្រៀប​ដូច​ជា​មួក​ការ​ពារ​ក្បាល

៨. តើ​សេចក្ដី​សង្ឃឹម​ប្រៀប​ដូច​ជា​មួក​ការ​ពារ​ក្បាល​តាម​របៀប​ណា? (​ថែស្សាឡូនិច​ទី១ ៥:៨​)

គម្ពីរ​ក៏​ប្រដូច​សេចក្ដី​សង្ឃឹម​របស់​យើង​ទៅ​នឹង​មួក​ការ​ពារ​ក្បាល។ (​សូម​អាន ថែស្សាឡូនិច​ទី១ ៥:៨) ទាហាន​ពាក់​មួក​ដើម្បី​ការ​ពារ​ពី​ការ​វាយ​របស់​ពួក​សត្រូវ​ចំ​ក្បាល​គាត់។ ស្រដៀង​គ្នា​ដែរ ក្នុង​ចម្បាំង​របស់​យើង​ជា​មួយ​នឹង​សាថាន យើង​ត្រូវ​ការ​ពារ​ចិត្ត​គំនិត​របស់​យើង​ពី​ការ​វាយ​ប្រហារ​របស់​វា។ វា​ប្រើ​អ្វី​ផ្សេង​ៗ​ជា​ច្រើន​ដើម្បី​ល្បួង​យើង ហើយ​បង្ខូច​របៀប​គិត​គូរ​របស់​យើង។ ដូច​ដែល​មួក​ការ​ពារ​ក្បាល​របស់​ទាហាន សេចក្ដី​សង្ឃឹម​របស់​យើង​ការ​ពារ​របៀប​គិត​គូរ​របស់​យើង ដើម្បី​យើង​អាច​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។

៩. តើ​អ្វី​កើត​ឡើង​ពេល​មនុស្ស​គ្មាន​សេចក្ដី​សង្ឃឹម?

សេចក្ដី​សង្ឃឹម​របស់​យើង​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នឹង​ជួយ​យើង​ឲ្យ​ប្រព្រឹត្ត​ដោយ​ឈ្លាស​វៃ​និង​ដោយ​មាន​សមត្ថភាព​វែក​ញែក។ ផ្ទុយ​ទៅ​វិញ បើ​សេចក្ដី​សង្ឃឹម​របស់​យើង​ចុះ​ខ្សោយ ហើយ​យើង​ចាប់​ផ្ដើម​គិត​តែ​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន យើង​នឹង​ងាយ​ភ្លេច​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​ជីវិតដែល​គ្មាន​ទី​បញ្ចប់។ សូម​គិត​អំពី​គ្រិស្ត​សាសនិក​ខ្លះ​ដែល​រស់​នៅ​ក្រុង​កូរិនថូស​នា​សម័យ​បុរាណ។ ពួក​គេ​បាន​បាត់​បង់​ជំនឿ​លើ​សេចក្ដី​សន្យា​ដ៏​សំខាន់​មួយ​របស់​ព្រះ ពោល​គឺ​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​១កូ. ១៥:១២​) ប៉ូល​បាន​សរសេរ​ថា មនុស្ស​ដែល​គ្មាន​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​នៅ​ថ្ងៃ​អនាគត រស់​នៅ​ដើម្បី​តែ​បំពេញ​បំណង​ចិត្ត​ខ្លួន​ប៉ុណ្ណោះ។ (​១កូ. ១៥:៣២​) នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ដែល​គ្មាន​សេចក្ដី​សង្ឃឹម​លើ​សេចក្ដី​សន្យា​របស់​ព្រះ ខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ជីវិត​របស់​ពួក​គេ​សប្បាយ​នៅ​ឥឡូវ​នេះ។ ប៉ុន្តែ​យើង​ខុស​ពី​ពួក​គេ ដោយ​សារ​យើង​មាន​ទំនុក​ចិត្ត​លើ​សេចក្ដី​សន្យា​ពី​ព្រះ​សម្រាប់​ថ្ងៃ​អនាគត។ សេចក្ដី​សង្ឃឹម​របស់​យើង​ប្រៀប​ដូច​ជា​មួក​ការ​ពារ​ក្បាល​ដែល​ការ​ពារ​របៀប​គិត​គូរ​របស់​យើង ហើយ​ជួយ​យើង​មិន​ឲ្យ​ចេះ​តែ​គិត​អំពី​ខ្លួន​ឯង ព្រោះ​នោះ​នឹង​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។—១កូ. ១៥:៣៣, ៣៤

១០. តើ​សេចក្ដី​សង្ឃឹម​អាច​ការ​ពារ​យើង​ពី​ការ​វែក​ញែក​ខុស​យ៉ាង​ដូច​ម្ដេច?

១០ សេចក្ដី​សង្ឃឹម​របស់​យើង​ក៏​អាច​ការ​ពារ​យើង​មិន​ឲ្យ​គិត​ថា យើង​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​ប្រហែល​ជា​វែក​ញែក​ថា ‹ទោះ​ជា​ខ្ញុំ​ខំ​ប្រឹង​យ៉ាង​ណា​ក្ដី ខ្ញុំ​នឹង​មិន​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​រស់​នៅ​ជា​រៀង​រហូត​ទេ។ ខ្ញុំ​មិន​មែន​ជា​មនុស្ស​ល្អ។ ខ្ញុំ​នឹង​មិន​អាច​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​បាន​ទេ ទោះ​ជា​ខំ​ប្រឹង​ម៉េច​ក៏​ដោយ›។ សូម​នឹក​ចាំ​ថា​អេលីផាស​ដែល​ជា​អ្នក​សម្រាល​ទុក្ខ​ក្លែង​ក្លាយ​បាន​ប្រើ​ការ​វែក​ញែក​ស្រដៀង​នឹង​នេះ​ជា​មួយ​យ៉ូប។ អេលីផាស​បាន​និយាយ​ថា​៖ ​«​តើ​មនុស្ស​អាច​ស្អាត​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​បាន​ទេ?​»។ គាត់​ក៏​បាន​និយាយ​បន្ត​ទៀត​អំពី​ព្រះ​ថា​៖ ​«​មើល! លោក​មិន​ទុក​ចិត្ត​ទេវតា​របស់​លោក​ទេ ឯ​ស្ថាន​សួគ៌​ក៏​លោក​ចាត់​ទុក​ថា​មិន​បរិសុទ្ធ​ដែរ​»។ (​យ៉ូប ១៥:១៤, ១៥​) នោះ​ជា​ពាក្យ​កុហក​ដ៏​អាក្រក់​ណាស់! សូម​ចាំ​ថា គឺ​សាថាន​ដែល​ចង់​ឲ្យ​អ្នក​គិត​បែប​នេះ។ វា​ដឹង​ថា​បើ​អ្នក​បន្ត​គិត​បែប​នេះ សេចក្ដី​សង្ឃឹម​របស់​អ្នក​នឹង​ចាប់​ផ្ដើម​រសាយ។ ដូច្នេះ ចូរ​បដិសេធ​ការ​កុហក​បែប​នេះ ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា។ សូម​ជឿ​ជាក់​ថា លោក​ចង់​ឲ្យ​អ្នក​រស់​ជា​រៀង​រហូត ហើយ​ថា​លោក​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—១ធី. ២:៣, ៤

ចូរ​រក្សា​សេចក្ដី​សង្ឃឹម​របស់​អ្នក​ឲ្យ​មុត​មាំ

១១. ហេតុ​អ្វី​យើង​គួរ​បង្ហាញ​ចិត្ត​អត់​ធ្មត់ កាល​ដែល​យើង​រង់​ចាំ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​យើង​បាន​សម្រេច?

១១ គឺ​មិន​តែង​តែ​ស្រួល​ឲ្យ​រក្សា​សេចក្ដី​សង្ឃឹម​របស់​យើង​ឲ្យ​នៅ​មុត​មាំ​ទេ។ យើង​ប្រហែល​ជា​ពិបាក​មាន​ចិត្ត​អត់​ធ្មត់​កាល​ដែល​យើង​រង់​ចាំ​ព្រះ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​រស់​ជា​រៀង​រហូត ហើយ​ទស្សនៈ​របស់​លោក​ចំពោះ​ពេល​វេលា​គឺ​ខុស​គ្នា​ពី​ទស្សនៈ​របស់​យើង។ (​២ពេ. ៣:៨, ៩​) លោក​នឹង​សម្រេច​គោល​បំណង​របស់​លោក​តាម​របៀប​ដ៏​ល្អ​បំផុត ប៉ុន្តែ​លោក​ប្រហែល​ជា​មិន​ចាត់​វិធានការ​ពេល​ដែល​យើង​រំពឹង​ថា​លោក​នឹង​ធ្វើ​ឡើយ។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​សង្ឃឹម​របស់​យើង​ឲ្យ​មុត​មាំ កាល​ដែល​យើង​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​ឲ្យ​ព្រះ​ធ្វើ​តាម​ពាក្យ​សន្យា​របស់​លោក?—យ៉ា. ៥:៧, ៨

១២. យោង​ទៅ​តាម​ហេប្រឺ ១១:១, តើ​សេចក្ដី​សង្ឃឹម​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ជំនឿ?

១២ យើង​នឹង​រក្សា​សេចក្ដី​សង្ឃឹម​របស់​យើង​ឲ្យ​មុត​មាំ បើ​យើង​បន្ត​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា ដោយ​សារ​លោក​ជា​បុគ្គល​ដែល​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​យើង​ក្លាយ​ជា​ការ​ពិត។ តាម​ពិត គម្ពីរ​បង្ហាញ​ថា​សេចក្ដី​សង្ឃឹម​ជាប់​ទាក់​ទង​យ៉ាង​ខ្លាំង​ទៅ​នឹង​ជំនឿ​ថា​មាន​ព្រះ​យេហូវ៉ា ហើយ​ថា​លោក​«​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​ខំ​ស្វែង​រក​លោក​អស់​ពី​ចិត្ត​»។ (​សូម​អាន ហេប្រឺ ១១:១, ) បើ​យើង​ពិត​ជា​ជឿ​ថា​មាន​ព្រះ​យេហូវ៉ា យើង​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត​ថា លោក​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​ទាំង​អស់​របស់​លោក។ សូម​យើង​ពិចារណា​អំពី​របៀប​ខ្លះ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​យ៉ាង​នេះ​រក្សា​សេចក្ដី​សង្ឃឹម​របស់​យើង​ឲ្យ​មុត​មាំ។

ការ​អធិដ្ឋាន​និង​ការ​រំពឹង​គិត​នឹង​ជួយ​យើង​រក្សា​សេចក្ដី​សង្ឃឹម​របស់​យើង​ឲ្យ​រឹង​មាំ (​សូម​មើល​វគ្គ ១៣​-​១៥​) *

១៣. តើ​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​តាម​របៀប​ណា?

១៣ ចូរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​និង​អាន​បណ្ដាំ​របស់​លោក។ ទោះ​ជា​យើង​មិន​អាច​ឃើញ​ព្រះ​យេហូវ៉ា​ក្ដី យើង​អាច​ចូល​ទៅ​ជិត​លោក​បាន។ យើង​អាច​និយាយ​ជា​មួយ​លោក​ក្នុង​សេចក្ដី​អធិដ្ឋាន ហើយ​ជឿ​ជាក់​ថា​លោក​នឹង​ស្ដាប់​យើង។ (​យេ. ២៩:១១, ១២​) យើង​អាច​ស្ដាប់​ព្រះ​យេហូវ៉ា ដោយ​អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​លោក។ កាល​ដែល​យើង​អាន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ថែ​រក្សា​ពួក​អ្នក​ស្មោះ​ត្រង់​ចំពោះ​លោក​នៅ​អតីតកាល សេចក្ដី​សង្ឃឹម​របស់​យើង​នឹង​កាន់​តែ​រឹង​មាំ​ឡើង។ អ្វី​ៗ​ទាំង​អស់​ក្នុង​បណ្ដាំ​ព្រះ​«​បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម តាម​រយៈ​ការ​ស៊ូ​ទ្រាំ​របស់​យើង និង​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​»។—រ៉ូម ១៥:៤

១៤. ហេតុ​អ្វី​យើង​គួរ​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​អ្នក​ឯ​ទៀត?

១៤ ចូរ​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​រក្សា​ពាក្យ​សន្យា​របស់​លោក។ សូម​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​អាប្រាហាំ​និង​សារ៉ា។ ពួក​គាត់​ដល់​អាយុ​ដែល​មិន​អាច​មាន​កូន។ ប៉ុន្តែ ព្រះ​បាន​សន្យា​ថា​ពួក​គាត់​នឹង​មាន​កូន។ (​ដក. ១៨:១០​) គម្ពីរ​ចែង​អំពី​ទស្សនៈ​របស់​អាប្រាហាំ​ថា​៖ ​«​គាត់​បាន​ជឿ​ជាក់​ថា​គាត់​នឹង​ទៅ​ជា​ឪពុក​របស់​ប្រជា​ជាតិ​ជា​ច្រើន​»។ (​រ៉ូម ៤:១៨​) ទោះ​ជា​អាប្រាហាំ​មិន​ដឹង​ថា​សេចក្ដី​សន្យា​របស់​ព្រះ​អាច​កើត​ឡើង​តាម​របៀប​ណា​ក្ដី គាត់​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​សម្រេច​សេចក្ដី​សន្យា​របស់​លោក។ បុរស​ដ៏​ស្មោះ​ត្រង់​នេះ​មិន​បាន​ខក​ចិត្ត​ឡើយ។ (​រ៉ូម ៤:១៩​-​២១​) កំណត់​ហេតុ​បែប​នេះ​បង្រៀន​យើង​ថា យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​តែង​តែ​សម្រេច​សេចក្ដី​សន្យា​របស់​លោក ទោះ​ជា​នោះ​មើល​ទៅ​មិន​អាច​កើត​ឡើង​ក៏​ដោយ។

១៥. ហេតុ​អ្វី​យើង​គួរ​គិត​ពិចារណា​អំពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ចំពោះ​យើង?

១៥ ចូរ​គិត​ពិចារណា​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​អ្នក។ សូម​គិត​អំពី​ប្រយោជន៍​ដែល​អ្នក​បាន​ទទួល​ដោយ​ផ្ទាល់​ពី​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​សន្យា​ថា បិតា​នៅ​ស្ថាន​សួគ៌​របស់​លោក​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ។ (​ម៉ាថ. ៦:៣២, ៣៣​) លោក​យេស៊ូ​ក៏​បាន​សន្យា​ដែរ​ថា ព្រះ​យេហូវ៉ា​នឹង​ឲ្យ​អ្នក​ឫទ្ធានុភាព​បរិសុទ្ធ​ពេល​អ្នក​សុំ​ពី​លោក។ (​លូក. ១១:១៣​) ព្រះ​យេហូវ៉ា​បាន​រក្សា​ពាក្យ​សន្យា​ទាំង​នោះ។ អ្នក​ទំនង​ជា​អាច​គិត​អំពី​សេចក្ដី​សន្យា​ផ្សេង​ទៀត​ដែល​លោក​បាន​សម្រេច ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក។ ជា​ឧទាហរណ៍ លោក​សន្យា​ថា​លោក​នឹង​អភ័យ​ទោស​ឲ្យ​អ្នក សម្រាល​ទុក្ខ​អ្នក និង​ផ្ដល់​អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​បន្ត​នៅ​ជិត​ស្និទ្ធ​នឹង​លោក។ (​ម៉ាថ. ៦:១៤; ២៤:៤៥; ២កូ. ១:៣​) ពេល​អ្នក​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​អ្នក​រួច​ហើយ អ្នក​នឹង​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​អ្នក​ទៅ​លើ​អ្វី​ដែល​លោក​នឹង​ធ្វើ​ចំពោះ​អ្នក​នៅ​ថ្ងៃ​អនាគត។

ចូរ​អរ​សប្បាយ​នឹង​សេចក្ដី​សង្ឃឹម

១៦. ហេតុ​អ្វី​សេចក្ដី​សង្ឃឹម​ជា​អំណោយ​ដ៏​វិសេស​វិសាល​មួយ?

១៦ សេចក្ដី​សង្ឃឹម​របស់​យើង​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ គឺ​ជា​អំណោយ​ដ៏​វិសេស​វិសាល​ពី​ព្រះ។ យើង​ទន្ទឹង​រង់​ចាំ​អនាគត​ដ៏​អស្ចារ្យ ជា​អ្វី​ដែល​យើង​ដឹង​ថា​នឹង​កើត​ឡើង។ សេចក្ដី​សង្ឃឹម​នេះ​ប្រៀប​ដូច​ជា​យុថ្កា​ដែល​ធ្វើ​ឲ្យ​យើង​នៅ​នឹង​នរ ដើម្បី​យើង​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ទប់​ទល់​នឹង​ការ​បៀតបៀន និង​ថែម​ទាំង​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​ផង​ដែរ។ សេចក្ដី​សង្ឃឹម​នេះ​ប្រៀប​ដូច​ជា​មួក​ការ​ពារ​ក្បាល ក្នុង​ន័យ​ថា​វា​ការ​ពារ​របៀប​គិត​គូរ​របស់​យើង ដើម្បី​យើង​អាច​បដិសេធ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ ហើយ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ សេចក្ដី​សង្ឃឹម​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ ហើយ​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​លោក​ចំពោះ​យើង។ យើង​ពិត​ជា​ទទួល​ប្រយោជន៍ កាល​ដែល​យើង​រក្សា​សេចក្ដី​សង្ឃឹម​របស់​យើង​ឲ្យ​រឹង​មាំ។

១៧. ហេតុ​អ្វី​សេចក្ដី​សង្ឃឹម​របស់​យើង​នាំ​ឲ្យ​យើង​អរ​សប្បាយ?

១៧ ក្នុង​សំបុត្រ​របស់​សាវ័ក​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម គាត់​បាន​និយាយ​ថា​៖ ​«​ចូរ​អរ​សប្បាយ​នឹង​សេចក្ដី​សង្ឃឹម​»។ (​រ៉ូម ១២:១២​) ប៉ូល​អាច​អរ​សប្បាយ​បាន ដោយ​សារ​គាត់​ជឿ​ជាក់​ថា​បើ​គាត់​រក្សា​ភាព​ស្មោះ​ត្រង់ គាត់​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ស្ថាន​សួគ៌។ យើង​ក៏​អាច​អរ​សប្បាយ​នឹង​សេចក្ដី​សង្ឃឹម​របស់​យើង​ដែរ ដោយ​សារ​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​រក្សា​ពាក្យ​សន្យា​របស់​លោក។ ដូច​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​សរសេរ​ថា​៖ ​«​មាន​សុភមង្គល​ហើយ . . . អ្នក​ដែល​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់។ . . . លោក​ជា​ព្រះ​ដែល​ស្មោះ​ត្រង់​ជា​និច្ច​»។—ចសព. ១៤៦:៥, ៦

ចម្រៀង​លេខ​១៣៩ សូម​ស្រមៃ​ឃើញ​ខ្លួន​នៅ​ពិភព​លោក​ថ្មី

^ ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​សម្រាប់​ថ្ងៃ​អនាគត។ សេចក្ដី​សង្ឃឹម​នេះ​លើក​ទឹក​ចិត្ត​យើង ហើយ​ជួយ​យើង​មិន​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​បញ្ហា​ដែល​យើង​មាន​នៅ​ឥឡូវ​នេះ។ សេចក្ដី​សង្ឃឹម​នេះ​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដើម្បី​បន្ត​បម្រើ​ព្រះ​យេហូវ៉ា មិន​ថា​យើង​ជួប​ការ​ពិបាក​អ្វី​ក៏​ដោយ។ ម្យ៉ាង​ទៀត សេចក្ដី​សង្ឃឹម​នេះ​អាច​ការ​ពារ​យើង​ពី​ការ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ដែល​អាច​បង្ខូច​របៀប​គិត​គូរ​របស់​យើង។ ដូច​ដែល​យើង​នឹង​រៀន​ក្នុង​អត្ថបទ​នេះ អ្វី​ទាំង​នេះ​ជា​មូលហេតុ​ល្អ​ឲ្យ​យើង​រក្សា​សេចក្ដី​សង្ឃឹម​របស់​យើង​ជា​គ្រិស្ត​សាសនិក​ឲ្យ​រឹង​មាំ។

^ ការ​ពណ៌នា​អំពី​រូប​ភាព: ដូច​មួក​ដែល​ការ​ពារ​ក្បាល​ទាហាន​និង​យុថ្កា​ដែល​ធ្វើ​ឲ្យ​សំពៅ​មាន​លំនឹង សេចក្ដី​សង្ឃឹម​របស់​យើង​ការ​ពារ​របៀប​គិត​គូរ​របស់​យើង​និង​ធ្វើ​ឲ្យ​យើង​នៅ​នឹង​នរ​ពេល​មាន​ទុក្ខ​លំបាក។ បង​ស្រី​ម្នាក់​អធិដ្ឋាន​ដោយ​មាន​ទំនុក​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា។ បង​ប្រុស​ម្នាក់​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ចំពោះ​អាប្រាហាំ។ បង​ប្រុស​ម្នាក់​ទៀត​គិត​ពិចារណា​អំពី​ពរ​ដែល​គាត់​បាន​ទទួល។