លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជនជាតិអ៊ីស្រាអែលសម័យបុរាណធ្វើសង្គ្រាម ហេតុអ្វីយើងមិនធ្វើ?

ជនជាតិអ៊ីស្រាអែលសម័យបុរាណធ្វើសង្គ្រាម ហេតុអ្វីយើងមិនធ្វើ?

ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ មេ​បញ្ជាការ​ណាត្ស៊ី​ម្នាក់​បាន​ស្រែក​ដាក់​សាក្សី​ព្រះ​យេហូវ៉ា​មួយ​ក្រុម​ថា​៖ ​«​ក្នុង​ចំណោម​ពួក​អ្នក បើ​មាន​អ្នក​ណា​ម្នាក់​មិន​ព្រម​ចូល​ប្រយុទ្ធ​នឹង​ពួក​បារាំង​ឬ​ពួក​អង់គ្លេស​ទេ អ្នក​ទាំង​អស់​គ្នា​ត្រូវ​តែ​ស្លាប់​»។ ទោះ​ជា​ពួក​ទាហាន​ណាត្ស៊ី​នៅ​ជិត​នោះ​ក្ដី គ្មាន​បង​ប្អូន​យើង​ណា​ម្នាក់​ព្រម​ធ្វើ​តាម​ឡើយ។ នេះ​ជា​ការ​ប្រព្រឹត្ត​ដ៏​ក្លាហាន​មែន! គំរូ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ទស្សនៈ​របស់​យើង​ក្នុង​នាម​ជា​សាក្សី​ព្រះ​យេហូវ៉ា​ចំពោះ​សង្គ្រាម។ យើង​មិន​ព្រម​ចូល​ប្រយុទ្ធ​ក្នុង​សង្គ្រាម​របស់​ពិភព​លោក​នេះ​ទេ។ ទោះ​ជា​គេ​គំរាម​សម្លាប់​យើង​ក្ដី យើង​មិន​ព្រម​គាំទ្រ​ខាង​ណា​មួយ​ក្នុង​ជម្លោះ​របស់​ពិភព​លោក​នេះ​ឡើយ។

ប៉ុន្តែ មិន​មែន​មនុស្ស​ទាំង​អស់​ដែល​អះអាង​ថា​ខ្លួន​ជាគ្រិស្ត​សាសនិក​យល់​ស្រប​នឹង​ទស្សនៈ​នេះ​ទេ។ មនុស្ស​ជា​ច្រើន​ជឿ​ថា​គ្រិស្ត​សាសនិក​អាច​ការ​ពារ​ប្រទេស​ជាតិ​ខ្លួន ហើយ​ថា​នេះ​ក៏​ជា​កាតព្វកិច្ច​ដែរ។ ពួក​គេ​ប្រហែល​ជា​វែក​ញែក​ថា ‹ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ​គឺ​ជា​រាស្ត្រ​របស់​ព្រះ ហើយ​ពួក​គេ​ធ្វើ​សង្គ្រាម ដូច្នេះ​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​អាច​ធ្វើ​បាន​ដែរ›។ តើ​អ្នក​នឹង​និយាយ​យ៉ាង​ណា? អ្នក​អាច​ពន្យល់​ថា​ស្ថានភាព​របស់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ស្ថានភាព​របស់​រាស្ត្រ​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ។ សូម​យើង​ពិចារណា​ភាព​ខុស​គ្នា​ប្រាំ​យ៉ាង។

១. រាស្ត្រ​ព្រះ​ជា​ប្រជា​ជាតិ​មួយ

នៅ​អតីតកាល ព្រះ​យេហូវ៉ា​បាន​ប្រមូល​រាស្ត្រ​លោក​ឲ្យ​ទៅ​ជា​ប្រជា​ជាតិ​មួយ គឺ​អ៊ីស្រាអែល។ លោក​បាន​ហៅ​ប្រជា​ជាតិ​អ៊ីស្រាអែល​ថា​៖ ‹ទ្រព្យ​វិសេស​របស់​លោក ពោល​គឺ​ប្រជា​រាស្ត្រ​ដែល​លោក​បាន​ជ្រើស​រើស​ពី​ប្រជា​ជាតិ​ទាំង​ឡាយ›។ (​ដច. ១៩:៥​) ព្រះ​ក៏​បាន​ឲ្យ​ទឹក​ដី​មួយ​ដល់​ពួក​គេ។ ដូច្នេះ ពេល​លោក​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ធ្វើ​សង្គ្រាម​នឹង​ជន​ជាតិ​ឯ​ទៀត ពួក​គេ​មិន​ប្រយុទ្ធ​ឬ​សម្លាប់​អ្នក​គោរព​ប្រណិប័តន៍​ដូច​គ្នា​ឡើយ។ *

នៅ​សព្វ​ថ្ងៃ​នេះ ពួក​អ្នក​គោរព​ប្រណិប័តន៍​ពិត​មក​ពី​«​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ជន​ជាតិ និង​គ្រប់​ភាសា​»។ (​បប. ៧:៩​) បើ​រាស្ត្រ​ព្រះ​ចូល​ធ្វើ​សង្គ្រាម ពួក​គេ​នឹង​ប្រយុទ្ធ​ជា​មួយ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ដូច​គ្នា ហើយ​ថែម​ទាំង​សម្លាប់​ពួក​អ្នក​ទាំង​នោះ​ទៀត​ផង។

២. ព្រះ​យេហូវ៉ា​បាន​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ធ្វើ​សង្គ្រាម

នៅ​អតីតកាល ព្រះ​យេហូវ៉ា​ជា​អ្នក​សម្រេច​ចិត្ត​ថា​ពេល​ណា​និង​មូលហេតុ​ណា​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ធ្វើ​សង្គ្រាម។ ជា​ឧទាហរណ៍ ព្រះ​បាន​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ដាក់​ទោស​ជន​ជាតិ​កាណាន​ដែល​ល្បី​ខាង​គោរព​បូជា​ពួក​វិញ្ញាណ​កំណាច ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ដ៏​ស្មោក​គ្រោក និង​បូជា​កូន។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​បំផ្លាញ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ទាំង​នេះ​ឲ្យ​បាត់​ពី​ស្រុក​ដែល​លោក​បាន​សន្យា ដើម្បី​ការ​ពារ​ជន​ជាតិ​អ៊ីស្រាអែល​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទាំង​នេះ។ (​ចល. ១៨:២៤, ២៥​) ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​បាន​តាំង​លំនៅ​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា ជួន​កាល​លោក​ប្រាប់​ពួក​គេ​ឲ្យ​ធ្វើ​សង្គ្រាម​ដើម្បី​ការ​ពារ​បណ្ដា​ជន​អ៊ីស្រាអែល​ពី​ពួក​សត្រូវ​ដែល​ជិះ​ជាន់​ពួក​គេ។ (​២សាំ. ៥:១៧​-​២៥​) ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​ដែល​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​សម្រេច​ចិត្ត​ធ្វើ​សង្គ្រាម​ដោយ​ខ្លួន​ឯង​នោះ​ទេ។ ពេល​ពួក​គេ​ធ្វើ​ដូច្នេះ នោះ​ពួក​គេ​ច្រើន​តែ​ទទួល​អន្តរាយ។—ជប. ១៤:៤១​-​៤៥; ២ប្រ. ៣៥:២០​-​២៤

នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​មិន​ប្រាប់​មនុស្ស​ឲ្យ​ធ្វើ​សង្គ្រាម​ទេ។ ប្រជា​ជាតិ​ផ្សេង​ៗ​ច្បាំង​គ្នា​ដើម្បី​ប្រយោជន៍​ខ្លួន មិន​មែន​ប្រយោជន៍​ព្រះ​ឡើយ។ ប្រជា​ជាតិ​ទាំង​នោះ​ប្រហែល​ជា​ធ្វើ​សង្គ្រាម​ដើម្បី​ដណ្ដើម​យក​ទឹក​ដី រក​លុយ​ឲ្យ​បាន​ច្រើន ឬ​លើក​ស្ទួយ​ទស្សនៈ​នយោបាយ។ ប៉ុន្តែ ចុះ​យ៉ាង​ណា​ពួក​អ្នក​ដែល​អះអាង​ថា​ពួក​គេ​ប្រយុទ្ធ​ដោយ​នូវ​នាម​របស់​ព្រះ​ដើម្បី​ការ​ពារ​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ ឬ​ដើម្បី​សម្លាប់​សត្រូវ​របស់​ព្រះ? ព្រះ​យេហូវ៉ា​នឹង​ការ​ពារ​ពួក​អ្នក​គោរព​ប្រណិប័តន៍​របស់​លោក ហើយ​បំផ្លាញ​ពួក​សត្រូវ​លោក​ក្នុង​សង្គ្រាម​មួយ​នៅ​ថ្ងៃ​អនាគត គឺ​សង្គ្រាម​អាម៉ាគេដូន។ (​បប. ១៦:១៤, ១៦​) ក្នុង​សង្គ្រាម​នោះ កង​ទ័ព​របស់​ព្រះ​នឹង​មាន​តែ​ពួក​បុគ្គល​វិញ្ញាណ​ប៉ុណ្ណោះ មិន​មាន​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក​ដែល​ជា​មនុស្ស​ឡើយ។—បប. ១៩:១១​-​១៥

៣. ជន​ជាតិ​អ៊ីស្រាអែល​បាន​ទុក​ជីវិត​ឲ្យ​ពួក​អ្នក​ដែល​បង្ហាញ​ជំនឿ

តើ​ទាហាន​ក្នុង​សង្គ្រាម​នៅ​សព្វ​ថ្ងៃ​នេះ​ទុក​ជីវិត​ឲ្យ​ពួក​អ្នក​ដែល​ស្មោះ​ត្រង់ ដូច​ដែល​អ្នក​ប្រយុទ្ធ​ក្នុង​សង្គ្រាម​របស់​ព្រះ​យេហូវ៉ា​នឹង​អ្នក​ក្រុង​យេរីខូ​ទុក​ជីវិត​ឲ្យ​រ៉ាហាប​និង​ក្រុម​គ្រួសារ​របស់​គាត់​ឬ​ទេ?

នៅ​អតីតកាល កង​ទ័ព​អ៊ីស្រាអែល​ច្រើន​តែ​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​ពួក​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​ព្រះ ហើយ​សម្លាប់​តែ​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​ថា​គួរ​នឹង​ស្លាប់។ សូម​កត់​សម្គាល់​អំពី​ឧទាហរណ៍​ពីរ។ ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​បំផ្លាញ​ក្រុង​យេរីខូ​ក្ដី ពួក​គេ​បាន​ទុក​ជីវិត​ឲ្យ​រ៉ាហាប​និង​ក្រុម​គ្រួសារ​របស់​គាត់ ដោយ​សារ​គាត់​មាន​ជំនឿ។ (​យ៉ូស. ២:៩​-​១៦; ៦:១៦, ១៧​) នៅ​ពេល​ក្រោយ​មក អ្នក​ក្រុង​គីបៀន​ទាំង​មូល​បាន​រួច​ជីវិត​ក្រោយ​ពី​ពួក​គេ​បាន​បង្ហាញ​ការ​គោរព​កោត​ខ្លាច​ចំពោះ​ព្រះ​អស់​ពី​ចិត្ត។—យ៉ូស. ៩:៣​-​៩, ១៧​-​១៩

នៅ​សព្វ​ថ្ងៃ​នេះ កង​ទ័ព​មិន​រា​រែក​សម្លាប់​មនុស្ស​ដែល​មាន​ជំនឿ ឬ​សូម្បី​តែ​រាស្ត្រ​ដែល​មិន​មែន​ជា​ទាហាន ក៏​ពួក​គេ​មិន​លើក​លែង​ដែរ។

៤. ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​អំពី​សង្គ្រាម

នៅ​អតីតកាល ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ទាហាន​អ៊ីស្រាអែល​ធ្វើ​សង្គ្រាម​ស្រប​តាម​ការ​ណែ​នាំ​របស់​លោក។ ជា​ឧទាហរណ៍ ជួន​កាល​ព្រះ​បាន​ប្រាប់​ពួក​គេ​ឲ្យ​ស្នើ​អ្នក​ក្រុង​ដែល​ប្រឆាំង​«​ចុះ​ចូល​ជា​មុន​សិន​»។ (​បច. ២០:១០​) ព្រះ​យេហូវ៉ា​ក៏​តម្រូវ​ឲ្យ​ពួក​ទាហាន​អ៊ីស្រាអែល​រក្សា​ខ្លួន​និង​ជំរំ​របស់​ពួក​គេ​ឲ្យ​មាន​អនាម័យ ព្រម​ទាំង​រក្សា​សីលធម៌​ស្អាត​ស្អំ។ (​បច. ២៣:៩​-​១៤​) កង​ទ័ព​របស់​ប្រជា​ជាតិ​ផ្សេង​ៗ​ច្រើន​តែ​ចាប់​រំលោភ​ស្ត្រី​ពី​ទឹក​ដី​ដែល​ពួក​គេ​បាន​ចាប់​យក ប៉ុន្តែ​ព្រះ​យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ដូច្នេះ​ទេ។ តាម​ពិត ពួក​អ៊ីស្រាអែល​មិន​អាច​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ដែល​ធ្វើ​ជា​ឈ្លើយ​សឹក​ទាល់​តែ​មួយ​ខែ​ក្រោយ​ពី​ពួក​គេ​ដណ្ដើម​យក​ក្រុង​ណា​មួយ​បាន។—បច. ២១:១០​-​១៣

នៅ​សព្វ​ថ្ងៃ​នេះ ប្រទេស​ភាគ​ច្រើន​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​សង្គ្រាម​ស្រប​តាម​ច្បាប់​មួយ​ចំនួន។ អ្វី​ទាំង​នេះ​មាន​គោល​បំណង​ការ​ពារ​ប្រជា​រាស្ត្រ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ប្រជា​ជាតិ​នានា​ច្រើន​តែ​បំពាន​ច្បាប់​ទាំង​នេះ។

៥. ព្រះ​បាន​ច្បាំង​ជំនួស​ប្រជា​ជាតិ​របស់​លោក

តើ​ព្រះ​ច្បាំង​ជំនួស​ប្រជា​ជាតិ​ណា​មួយ​នៅ​សព្វ​ថ្ងៃ​នេះ ដូច​ដែល​លោក​បាន​ច្បាំង​ជំនួស​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្រុង​យេរីខូ​ឬ​ទេ?

នៅ​អតីតកាល ព្រះ​យេហូវ៉ា​បាន​ប្រយុទ្ធ​ជំនួស​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ច្រើន​តែ​ធ្វើ​អព្ភូតហេតុ​ផ្សេង​ៗ​ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ជ័យ​ជម្នះ។ ជា​ឧទាហរណ៍ តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ចាប់​យក​ក្រុង​យេរីខូ​យ៉ាង​ដូច​ម្ដេច? ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍ ពេល​ជន​ជាតិ​អ៊ីស្រាអែល​«​បាន​ស្រែក​សម្រែក​សង្គ្រាម​យ៉ាង​ខ្លាំង . . . កំពែង​ក្រុង​ក៏​ដួល​រលំ​ទៅ​»។ នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​ស្រួល​ចាប់​យក​ក្រុង​នោះ។ (​យ៉ូស. ៦:២០​) ម្យ៉ាង​ទៀត តើ​ពួក​អ៊ីស្រាអែល​បាន​ច្បាំង​ឈ្នះ​នឹង​ជន​ជាតិ​អាម៉ូរី​យ៉ាង​ដូច​ម្ដេច? គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ទម្លាក់​ដុំ​ទឹក​កក​យ៉ាង​ច្រើន​ពី​លើ​មេឃ​មក​សម្លាប់​ពួក​គេ . . . អ្នក​ដែល​ស្លាប់​ដោយ​សារ​ដុំ​ទឹក​កក មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់​ដោយ​សារ​ដាវ​របស់​កង​ទ័ព​អ៊ីស្រាអែល​ទៅ​ទៀត​»។—យ៉ូស. ១០:៦​-​១១

នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​មិន​ច្បាំង​ឲ្យ​ប្រជា​ជាតិ​ណា​មួយ​នៅ​ផែនដី​ឡើយ។ រាជាណាចក្រ​លោក​ដែល​មាន​លោក​យេស៊ូ​ជា​ស្ដេច​«​មិន​មែន​ជា​របស់​ពិភព​លោក​នេះ​ទេ​»។ (​យ៉ូន. ១៨:៣៦​) ផ្ទុយ​ទៅ​វិញ សាថាន​ជា​បុគ្គល​ដែល​មាន​អំណាច​លើ​រដ្ឋាភិបាល​មនុស្ស​ទាំង​អស់។ សង្គ្រាម​ដ៏​សាហាវ​ឃោរ​ឃៅ​របស់​ពិភព​លោក​នេះ​បង្ហាញ​អំពី​ចិត្ត​គំនិត​ដ៏​អាក្រក់​របស់​វា។—លូក. ៤:៥, ៦; ១យ៉ូន. ៥:១៩

គ្រិស្ត​សាសនិក​ពិត​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព

ដូច​យើង​បាន​ឃើញ ស្ថានភាព​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ខុស​គ្នា​ឆ្ងាយ​ពី​ស្ថានភាព​របស់​ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ។ ប៉ុន្តែ ភាព​ខុស​គ្នា​ទាំង​នេះ​មិន​មែន​ជា​មូលហេតុ​តែ​មួយ​ដែល​យើង​មិន​ធ្វើ​សង្គ្រាម​ឡើយ។ មាន​មូលហេតុ​ផ្សេង​ទៀត​ដែរ។ ជា​ឧទាហរណ៍ ព្រះ​បាន​ប្រាប់​ទុក​ជា​មុន​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ពួក​អ្នក​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​លោក​នឹង​«​មិន​រៀន​ធ្វើ​សង្គ្រាម​ទៀត​»​ឡើយ។ ដូច្នេះ ពួក​គេ​ក៏​ច្បាស់​ជា​មិន​រួម​ចំណែក​ក្នុង​សង្គ្រាម​ដែរ។ (​អេ. ២:២​-​៤​) បន្ថែម​ទៅ​ទៀត គ្រិស្ត​បាន​មាន​ប្រសាសន៍​ថា​ពួក​អ្នក​កាន់​តាម​លោក​«​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ​»​ ពួក​គេ​នឹង​មិន​គាំទ្រ​ខាង​ណា​មួយ​ក្នុង​ជម្លោះ​របស់​ពិភព​លោក​នេះ​ឡើយ។—យ៉ូន. ១៥:១៩

គ្រិស្ត​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​លើស​ពី​នេះ​ទៀត។ លោក​បាន​បង្គាប់​ពួក​គេ​ឲ្យ​ជៀស​វាង​ពី​របៀប​គិត​គូរ​ដែល​អាច​បណ្ដាល​ឲ្យ​ចង​គំនុំ មាន​កំហឹង និង​ធ្វើ​សង្គ្រាម។ (​ម៉ាថ. ៥:២១, ២២​) លោក​ក៏​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​ជា​«​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព​»​ ហើយ​ឲ្យ​ស្រឡាញ់​សត្រូវ​របស់​ពួក​គេ។—ម៉ាថ. ៥:៩, ៤៤

តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? យើង​ទំនង​ជា​គ្មាន​បំណង​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ទេ ប៉ុន្តែ​តើ​យើង​ធ្លាប់​មាន​អារម្មណ៍​ថា​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ជា​សត្រូវ​យើង​ឬ​ទេ? បើ​ដូច្នេះ សូម​យើង​បន្ត​ខំ​ប្រឹង​លះ​ចោល​អារម្មណ៍​បែប​នេះ។—យ៉ា. ៤:១, ១១

យើង​មិន​រួម​ចំណែក​ក្នុង​សង្គ្រាម​របស់​ប្រជា​ជាតិ​នានា​ទេ។ ផ្ទុយ​ទៅ​វិញ​យើង​ខំ​ប្រឹង​ធ្វើ​ឲ្យ​មាន​សន្តិភាព​និង​ស្រឡាញ់​គ្នា។ (​យ៉ូន. ១៣:៣៤, ៣៥​) សូម​យើង​តាំង​ចិត្ត​រក្សា​អព្យាក្រឹតភាព កាល​ដែល​យើង​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​សង្គ្រាម​ទាំង​អស់​ជា​រៀង​រហូត។—ចសព. ៤៦:៩

^ ជួន​កាល កុលសម្ព័ន្ធ​អ៊ីស្រាអែល​ប្រយុទ្ធ​គ្នា។ ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​សង្គ្រាម​ផ្ទៃ​ក្នុង​ទាំង​នេះ​ទេ។ (​១បស. ១២:២៤​) ប៉ុន្តែ​ពេល​ខ្លះ លោក​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រយុទ្ធ​បែប​នេះ ដោយ​សារ​កុលសម្ព័ន្ធ​ខ្លះ​បាន​ប្រឆាំង​នឹង​លោក ឬ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត។—អសក. ២០:៣​-​៣៥; ២ប្រ. ១៣:៣​-​១៨; ២៥:១៤​-​២២; ២៨:១​-​៨