លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៣

ប្រាជ្ញាពិតស្រែកឮៗ

ប្រាជ្ញាពិតស្រែកឮៗ

«​ប្រាជ្ញា​ពិត​ស្រែក​ឮ​ៗ​នៅ​តាម​ផ្លូវ ហើយ​បន្លឺ​សំឡេង​កាន់​តែ​ខ្លាំង​នៅ​ទី​លាន​សាធារណៈ​»។—សុភ. ១:២០

ចម្រៀង​លេខ​៨៨ សូម​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ​របស់​លោក

សេចក្ដី​សង្ខេប *

១. តើ​មនុស្ស​ជា​ច្រើន​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​ស្រែក​ឮ​ៗ​នៃ​ប្រាជ្ញា? (​សុភាសិត ១:​២០, ២១​)

 នៅ​ប្រទេស​ជា​ច្រើន យើង​ច្រើន​តែ​បាន​ឃើញ​បង​ប្អូន​យើង​ឈរ​នៅ​តំបន់​ដែល​មនុស្ស​ជា​ច្រើន​ធ្វើ​ដំណើរ​ឆ្លង​កាត់។ បង​ប្អូន​យើង​ញញឹម​ដាក់​អ្នក​ដំណើរ​ទាំង​នោះ ហើយ​ស្នើ​សុំ​ពួក​គេ​ឲ្យ​អាន​សៀវភៅ​របស់​យើង។ តើ​អ្នក​ធ្លាប់​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បែប​នេះ​ឬ​ទេ? បើ​អ្នក​ធ្លាប់ អ្នក​ច្បាស់​ជា​បាន​គិត​អំពី​ពាក្យ​ប្រដូច​នៅ​សៀវភៅ​សុភាសិត​គឺ​ថា ប្រាជ្ញា​ស្រែក​ឮ​ៗ​នៅ​ទី​សាធារណៈ​ដើម្បី​មនុស្ស​អាច​ស្ដាប់​យោបល់​ពី​វា។ (​សូម​អាន សុភាសិត ១:២០, ២១) គម្ពីរ​និង​សៀវភៅ​របស់​យើង​មាន​«​ប្រាជ្ញា​ពិត​»​ ពោល​គឺ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា។ នេះ​គឺ​ជា​អ្វី​ដែល​មនុស្ស​ត្រូវ​ការ​ដើម្បី​ពួក​គេ​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ យើង​សប្បាយ​ចិត្ត​ពេល​បុគ្គល​ណា​ម្នាក់​ព្រម​ទទួល​យក​សៀវភៅ​របស់​យើង។ ប៉ុន្តែ មិន​មែន​មនុស្ស​ទាំង​អស់​ចង់​បាន​សៀវភៅ​យើង​ទេ។ អ្នក​ខ្លះ​មិន​ចង់​ដឹង​អំពី​អ្វី​ដែល​គម្ពីរ​ចែង។ អ្នក​ខ្លះ​ទៀត​សើច​ចំអក​យើង។ ពួក​គេ​គិត​ថា​គម្ពីរ​គឺ​ហួស​សម័យ។ រីឯ​អ្នក​ខ្លះ​ទៀត រិះ​គន់​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​អំពី​រឿង​សីលធម៌ ដោយ​អះអាង​ថា​ពួក​អ្នក​ដែល​ធ្វើ​តាម​សេចក្ដី​បង្រៀន​ទាំង​នោះ​ជា​បុគ្គល​មិន​សប្បុរស និង​ឆាប់​វិនិច្ឆ័យ​គេ។ ប៉ុន្តែ​ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​បន្ត​ផ្ដល់​ប្រាជ្ញា​របស់​លោក​ដល់​មនុស្ស​ទាំង​អស់។ តើ​តាម​របៀប​ណា​ខ្លះ?

២. តើ​យើង​អាច​រក​ឃើញ​ប្រាជ្ញា​ពិត​នៅ​សព្វ​ថ្ងៃ​នេះ​នៅ​ឯ​ណា ប៉ុន្តែ​តើ​មនុស្ស​ភាគ​ច្រើន​សម្រេច​ចិត្ត​ធ្វើ​អ្វី?

របៀប​មួយ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ប្រាជ្ញា​ពិត​ឮ​សុសសាយ​គឺ​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ មនុស្ស​ស្ទើរ​តែ​ទាំង​អស់​អាច​មាន​ឱកាស​អាន​សៀវភៅ​នេះ។ ចុះ​យ៉ាង​ណា​សៀវភៅ​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ? សៀវភៅ​ទាំង​នោះ​មាន​ជាង​១.០០០​ភាសា ដោយ​សារ​ពរ​ពី​ព្រះ​យេហូវ៉ា។ ពួក​អ្នក​ដែល​ស្ដាប់ ពោល​គឺ​អ្នក​ដែល​អាន​និង​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​រៀន នឹង​ទទួល​ប្រយោជន៍។ ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​សម្រេច​ចិត្ត​មិន​អើពើ​នឹង​សំឡេង​ពី​ប្រាជ្ញា​ពិត​ទេ។ ពេល​ពួក​គេ​ធ្វើ​ការ​សម្រេច​ចិត្ត ពួក​គេ​ច្រើន​តែ​ចង់​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​ឬ​ស្ដាប់​តាម​មនុស្ស​ឯ​ទៀត។ ពួក​គេ​ប្រហែល​ជា​ថែម​ទាំង​ចាត់​ទុក​យើង​ថា​អន់​ជាង​ពួក​គេ ដោយ​សារ​យើង​សម្រេច​ចិត្ត​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​មនុស្ស​មាន​ប្រតិកម្ម​បែប​នេះ។ ប៉ុន្តែ ដំបូង​សូម​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ទទួល​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា។

ចំណេះ​អំពី​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​ប្រាជ្ញា

៣. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​មាន​ប្រាជ្ញា​ពិត?

ប្រាជ្ញា​អាច​សំដៅ​លើ​សមត្ថភាព​ប្រើ​ចំណេះ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។ ប៉ុន្តែ ប្រាជ្ញា​ពិត​មាន​ន័យ​ច្រើន​ជាង​នេះ។ គម្ពីរ​ចែង​ថា​៖ ​«​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ទី​ចាប់​ផ្ដើម​នៃ​ប្រាជ្ញា ហើយ​ការ​ស្គាល់​ព្រះ​ដ៏​បរិសុទ្ធ​បំផុត នាំ​ឲ្យ​មាន​ការ​យល់​ដឹង​»។ (​សុភ. ៩:១០​) ​«​ការ​ស្គាល់​ព្រះ​ដ៏​បរិសុទ្ធ​បំផុត​»​សំដៅ​លើ​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់ យើង​គួរ​ធ្វើ​ឲ្យ​គំនិត​របស់​លោក​ទៅ​ជា​គ្រឹះ​មូលដ្ឋាន​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​យើង។ យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​សិក្សា​គម្ពីរ​និង​សៀវភៅ​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ពេល​យើង​ធ្វើ​ដូច​នេះ យើង​កំពុង​បង្ហាញ​ប្រាជ្ញា​ពិត។—សុភ. ២:៥​-​៧

៤. ហេតុ​អ្វី​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​ឲ្យ​ប្រាជ្ញា​ពិត​ប្រាកដ​ដល់​យើង?

គឺ​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​ផ្ដល់​ប្រាជ្ញា​ពិត​ឲ្យ​យើង។ (​រ៉ូម ១៦:២៧​) ហេតុ​អ្វី​លោក​ជា​ប្រភព​នៃ​ប្រាជ្ញា? ទី១ ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត ហើយ​លោក​ដឹង​គ្រប់​យ៉ាង​អំពី​អ្វី​ទាំង​អស់​ដែល​លោក​បាន​បង្កើត។ (​ចសព. ១០៤:២៤​) ទី២ អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​បង្ហាញ​ថា​លោក​មាន​ប្រាជ្ញា។ (​រ៉ូម ១១:៣៣​) ទី​៣ យោបល់​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​ប្រាជ្ញា​តែង​តែ​ផ្ដល់​ប្រយោជន៍​ដល់​ពួក​អ្នក​ដែល​ធ្វើ​តាម។ (​សុភ. ២:១០​-​១២​) បើ​យើង​ចង់​រក​បាន​ប្រាជ្ញា​ពិត យើង​ត្រូវ​ព្រម​ទទួល​យក​សេចក្ដី​ពិត​បឋម​ទាំង​នេះ ហើយ​ឲ្យ​វា​ណែនាំ​យើង​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត ព្រម​ទាំង​ណែនាំ​ការ​ប្រព្រឹត្ត​របស់​យើង។

៥. តើ​មាន​លទ្ធផល​អ្វី​ពេល​មនុស្ស​មិន​ព្រម​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​ប្រាជ្ញា​ពិត?

មនុស្ស​ជា​ច្រើន​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ទទួល​ស្គាល់​ថា​មាន​របៀប​រៀប​រយ​ដ៏​អស្ចារ្យ​ក្នុង​ធម្មជាតិ។ តែ​ពួក​គេ​បែរ​ជា​និយាយ​ថា​គ្មាន​អ្នក​បង្កើត ហើយ​លើក​ស្ទួយ​ការ​វិវត្តន៍​ទៅ​វិញ។ អ្នក​ឯ​ទៀត​ដែល​យើង​ជួប អះអាង​ថា​ពួក​គេ​ជឿ​លើ​ព្រះ ក៏​ប៉ុន្តែ​ពួក​គេ​ចាត់​ទុក​ខ្នាត​តម្រា​ពី​គម្ពីរ​ថា​ហួស​សម័យ ហើយ​សម្រេច​ចិត្ត​ធ្វើ​តាម​ចិត្ត​ខ្លួន​ឯង។ តើ​មាន​លទ្ធផល​អ្វី? តើ​ពិភព​លោក​ល្អ​ប្រសើរ​ជាង​ដោយ​សារ​មនុស្ស​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​ខ្លួន​ជា​ជាង​ប្រាជ្ញា​របស់​ព្រះ​ឬ? តើ​ពួក​គេ​មាន​សុភមង្គល​ពិត ឬ​មាន​សេចក្ដី​សង្ឃឹម​ដ៏​រឹង​មាំ​សម្រាប់​ថ្ងៃ​អនាគត​ឬ​ទេ? អ្វី​ដែល​យើង​សង្កេត​ឃើញ​នៅ​ជុំ​វិញ​យើង​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​អំពី​ការ​ពិត​នេះ​ថា​៖ ​«​បើ​អ្នក​ណា​ប្រឆាំង​ព្រះ​យេហូវ៉ា អ្នក​នោះ​មិន​មាន​ប្រាជ្ញា សមត្ថភាព​វែក​ញែក ឬ​ឱវាទ​ទេ​»។ (​សុភ. ២១:៣០​) នេះ​ជំរុញ​ចិត្ត​យើង​ឲ្យ​បន្ត​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ប្រាជ្ញា​ពិត​ដល់​យើង។ គួរ​ឲ្យ​ស្ដាយ មនុស្ស​ភាគ​ច្រើន​មិន​ធ្វើ​ដូច្នេះ​ទេ។ ហេតុ​អ្វី?

មូលហេតុ​មនុស្ស​មិន​ព្រម​ទទួល​ប្រាជ្ញា​ពិត

៦. យោង​ទៅ​តាម​សុភាសិត ១:២២​-​២៥ តើ​អ្នក​ណា​ខ្លះ​មិន​ចង់​ស្ដាប់​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា?

មនុស្ស​ជា​ច្រើន​មិន​ចង់​ស្ដាប់​ពេល​ប្រាជ្ញា​ពិត​«​ស្រែក​ឮ​ៗ​នៅ​តាម​ផ្លូវ​»​ទេ។ យោង​ទៅ​តាម​គម្ពីរ មាន​មនុស្ស​បី​ក្រុម​ដែល​មិន​ព្រម​ទទួល​ប្រាជ្ញា​គឺ ​«​អ្នក​ដែល​ខ្វះ​បទ​ពិសោធន៍​»​ ​«​អ្នក​ដែល​ប្រមាថ​គេ​»​ និង​«​អ្នក​ដែល​ល្ងង់​ខ្លៅ​»។ (​សូម​អាន សុភាសិត ១:២២​-​២៥) សូម​យើង​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​ជាង​អំពី​មូលហេតុ​ដែល​មនុស្ស​ទាំង​នេះ​មិន​ព្រម​ទទួល​យក​ប្រាជ្ញា​របស់​ព្រះ ហើយ​ពិចារណា​ផង​ដែរ​អំពី​របៀប​ដែល​យើង​អាច​ជៀស​វាង​ពី​ការ​ធ្វើ​ដូច​ពួក​គេ។

៧. ហេតុ​អ្វី​អ្នក​ខ្លះ​សម្រេច​ចិត្ត​បន្ត​ធ្វើ​ជា​«​អ្នក​ដែល​ខ្វះ​បទ​ពិសោធន៍​»​?

ពួក​«​អ្នក​ដែល​ខ្វះ​បទ​ពិសោធន៍​»​គឺ​ឆោត ងាយ​បញ្ចុះ​បញ្ចូល ឬ​ឆាប់​ចាញ់​បោក​គេ។ (​សុភ. ១៤:១៥, កំ.ស.​) យើង​ច្រើន​តែ​ជួប​មនុស្ស​បែប​នេះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ ជា​ឧទាហរណ៍ សូម​គិត​អំពី​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ត្រូវ​បំភាន់​ដោយ​ពួក​អ្នក​ដឹក​នាំ​សាសនា ឬ​អ្នក​នយោបាយ។ អ្នក​ខ្លះ​តក់​ស្លុត​ពេល​ពួក​គេ​ដឹង​ថា​ពួក​អ្នក​ដឹក​នាំ​ទាំង​នោះ​បាន​កុហក​ពួក​គេ។ ប៉ុន្តែ ពួក​អ្នក​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​សុភាសិត ១:២២ សម្រេច​ចិត្ត​បន្ត​ធ្វើ​ជា​មនុស្ស​ខ្វះ​បទ​ពិសោធន៍ ដោយ​សារ​ពួក​គេ​ពេញ​ចិត្ត​ធ្វើ​ដូច្នេះ។ (​យេ. ៥:៣១​) ពួក​គេ​ចង់​ធ្វើ​តាម​ចិត្ត​ខ្លួន ហើយ​មិន​ចង់​រៀន​អ្វី​ដែល​គម្ពីរ​ចែង ឬ​ធ្វើ​តាម​ច្បាប់​ពី​គម្ពីរ​ទេ។ ពួក​គេ​ជា​ច្រើន​មាន​អារម្មណ៍​ដូច​ស្ត្រី​ម្នាក់​ពី​ខេត្ត​កេបិក ប្រទេស​កាណាដា ដែល​កាន់​ខ្ជាប់​នឹង​សាសនា​របស់​ខ្លួន ដែល​បាន​ប្រាប់​សាក្សី​ថា​៖ ​«​បើ​បូជាចារ្យ​យើង​បាន​បំភាន់​យើង មិន​មែន​កំហុស​យើង​ទេ គឺកំហុស​គាត់!​»។ យើង​ប្រាកដ​ជា​មិន​ចង់​ធ្វើ​តាម​ពួក​អ្នក​ដែលសប្បាយ​ធ្វើ​ជា​មនុស្ស​ល្ងង់​ខ្លៅ​ឡើយ។—សុភ. ១:៣២; ២៧:១២

៨. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ទទួល​បទ​ពិសោធន៍​ល្អ?

គឺ​សម​ហេតុ​ផល​ដែល​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​មិន​ឲ្យ​បន្ត​ធ្វើ​ជា​មនុស្ស​ខ្វះ​បទ​ពិសោធន៍ តែ​ឲ្យ​ធ្វើ​ជា​មនុស្ស​ពេញ​វ័យ​ចំពោះ​«​សមត្ថភាព​យល់​ដឹង​»​វិញ។ (​១កូ. ១៤:២០​) យើង​ទទួល​បទ​ពិសោធន៍​ល្អ​ដោយ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត​យើង។ បន្តិច​ម្ដង​ៗ យើង​នឹង​ឃើញ​របៀប​ដែល​គម្ពីរ​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​បញ្ហា​ផ្សេង​ៗ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។ គឺ​ជា​ការ​ល្អ​ឲ្យ​យើង​គិត​អំពី​ការ​សម្រេច​ចិត្ត​របស់​យើង។ បើ​យើង​បាន​សិក្សា​គម្ពីរ​និង​ចូល​រួម​កិច្ច​ប្រជុំ​អស់​មួយ​រយៈ​ពេល យើង​អាច​សួរ​ខ្លួន​អំពី​មូលហេតុ​ដែល​យើង​នៅ​តែ​មិន​ទាន់​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក។ បើ​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ តើ​យើង​កំពុង​រីក​ចម្រើន​ជា​អ្នក​ផ្សព្វ​ផ្សាយ​និង​ជា​អ្នក​បង្រៀន​ដំណឹង​ល្អ​ឬ​ទេ? តើ​ការ​សម្រេច​ចិត្ត​របស់​យើង​បង្ហាញ​ថា​យើង​បាន​ត្រូវ​ដឹក​នាំ​ដោយ​គោល​ការណ៍​គម្ពីរ​ឬ? តើ​យើង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដោយ​បង្ហាញ​គុណ​សម្បត្តិ​ជា​គ្រិស្ត​សាសនិក​ឬ​ទេ? បើ​យើង​ត្រូវ​ធ្វើ​ការ​កែ​ប្រែ យើង​គួរ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​សេចក្ដី​រំលឹក​របស់​ព្រះ​យេហូវ៉ា​ដែល​«​ធ្វើ​ឲ្យ​អ្នក​ដែល​ខ្វះ​បទ​ពិសោធន៍​មាន​ប្រាជ្ញា​»។—ចសព. ១៩:៧

៩. តើ​ពួក​«​អ្នក​ដែល​ប្រមាថ​គេ​»​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​បដិសេធ​មិន​ទទួល​យក​ប្រាជ្ញា?

ក្រុម​ទី​២​ដែល​មិន​អើពើ​នឹង​ប្រាជ្ញា​ពី​ព្រះ​គឺ​ពួក​«​អ្នក​ដែល​ប្រមាថ​គេ​»។ ជួន​កាល យើង​ជួប​បុគ្គល​បែប​នេះ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង។ ពួក​គេ​ចូល​ចិត្ត​តិះ​ដៀល​អ្នក​ឯ​ទៀត។ (​ចសព. ១២៣:៤​) គម្ពីរ​ព្រមាន​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ នឹង​មាន​អ្នក​ចំអក​ជា​ច្រើន។ (​២ពេ. ៣:៣, ៤​) ដូច​កូន​ប្រសា​ប្រុស​របស់​ឡុត មនុស្ស​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​មិន​ស្ដាប់​ការ​ព្រមាន​ពី​ព្រះ​ទេ។ (​ដក. ១៩:១៤​) ពួក​គេ​ជា​ច្រើន​នាក់​សើច​ចំអក​ពួក​អ្នក​ដែល​មាន​របៀប​រស់​នៅ​ស្រប​តាម​គោល​ការណ៍​គម្ពីរ។ ពួក​គេ​ធ្វើ​ដូច្នេះ ដោយ​សារ​ពួក​គេ​ចង់​បណ្ដែត​បណ្ដោយ​ខ្លួន​ទៅ​តាម​«​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​អំពើ​ទុច្ចរិត​»។ (​យូ. ៧, ១៧, ១៨​) ការ​រៀប​រាប់​ក្នុង​គម្ពីរ​អំពី​ពួក​អ្នក​ចំអក​ទាំង​នេះ គឺ​ដូច​នឹង​ចិត្ត​គំនិត​របស់​ពួក​អ្នក​ក្បត់​ជំនឿ​និង​អ្នក​ឯ​ទៀត​ដែល​បាន​បដិសេធ​ព្រះ​យេហូវ៉ា។

១០. ដូច​បាន​រៀប​រាប់​នៅ​ចម្រៀង​សរសើរ​ព្រះ ១:១ តើ​យើង​អាច​ជៀស​វាង​ពី​ការ​ទៅ​ជា​មនុស្ស​ដែល​ប្រមាថ​គេ​តាម​របៀប​ណា?

១០ តើ​យើង​អាច​ការ​ពារ​ខ្លួន​ពី​ការ​ធ្វើ​តាម​ពួក​អ្នក​ដែល​ប្រមាថ​គេ​តាម​របៀប​ណា​ខ្លះ? របៀប​មួយ​គឺ​ដោយ​ជៀស​វាង​ពី​ការ​សេព​គប់​ជា​មួយ​ពួក​អ្នក​ដែល​ចូល​ចិត្ត​រិះ​គន់។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១:១) នេះ​មាន​ន័យ​ថា​យើង​មិន​ស្ដាប់​ឬ​អាន​អ្វី​ណា​ទាំង​អស់​ពី​ពួក​អ្នក​ក្បត់​ជំនឿ។ យើង​ទទួល​ស្គាល់​ថា​បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ទេ យើង​អាច​ងាយ​ចាប់​ផ្ដើម​មាន​ចិត្ត​ចង់​រិះ​គន់ ហើយ​ចាប់​ផ្ដើម​សង្ស័យ​ព្រះ​យេហូវ៉ា​និង​ការ​ណែនាំ​ដែល​យើង​ទទួល​ពី​អង្គការ​លោក។ ដើម្បី​ជៀស​វាង​ពី​ការ​ធ្វើ​ដូច្នេះ យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តាម​ធម្មតា តើ​ខ្ញុំ​ត្អូញត្អែរ​ពេល​យើង​ទទួល​ការ​ណែនាំ ឬ​ការ​ពន្យល់​ថ្មី​ឬ​ទេ? តើ​ខ្ញុំ​មាន​ទំនោរ​ចិត្ត​ចង់​រក​កំហុស​របស់​ពួក​អ្នក​នាំ​មុខ​ឬ?›។ ពេល​យើង​ឆាប់​កែ​តម្រង់​ទំនោរ​ចិត្ត​បែប​នេះ ព្រះ​យេហូវ៉ា​នឹង​ពេញ​ចិត្ត​យើង។—សុភ. ៣:៣៤, ៣៥

១១. តើ​ពួក​«​អ្នក​ដែល​ល្ងង់​ខ្លៅ​»​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ​យេហូវ៉ា?

១១ ក្រុម​ទី​៣​ដែល​មិន​ព្រម​ទទួល​ប្រាជ្ញា​គឺ​ពួក​«​អ្នក​ដែល​ល្ងង់​ខ្លៅ​»។ ពួក​គេ​ល្ងង់​ខ្លៅ​ដោយ​សារ​ពួក​គេ​មិន​ព្រម​រស់​នៅ​ស្រប​តាម​ច្បាប់​សីលធម៌​របស់​ព្រះ។ ពួក​គេ​ធ្វើ​អ្វី​ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា​ផ្លូវ​ត្រឹម​ត្រូវ។ (​សុភ. ១២:១៥​) បុគ្គល​បែប​នេះ​បដិសេធ​ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​ប្រាជ្ញា។ (​ចសព. ៥៣:១​) ពេល​យើង​ជួប​ពួក​គេ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ពួក​គេ​ច្រើន​តែ​រិះ​គន់​យើង​យ៉ាង​ចាស់​ដៃ ដោយ​សារ​យើង​គោរព​ខ្នាត​តម្រា​ពី​គម្ពីរ។ ប៉ុន្តែ ពួក​គេ​មិន​អាច​ឲ្យ​យើង​នូវ​ជីវិត​ល្អ​ប្រសើរ​ជាង​បាន​ទេ។ គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ល្ងង់​ខ្លៅ​មិន​អាច​ឈោង​ដល់​ប្រាជ្ញា​ពិត​បាន​ទេ គាត់​គ្មាន​ពាក្យ​និយាយ​នៅ​ឯ​ទ្វារ​កំពែង​ក្រុង​ឡើយ​»។ (​សុភ. ២៤:៧​) មនុស្ស​ល្ងង់​ខ្លៅ​គ្មាន​យោបល់​ល្អ​ឲ្យ​អ្នក​ឯ​ទៀត​ទេ។ ហេតុ​នេះ ព្រះ​យេហូវ៉ា​ព្រមាន​យើង​ថា​៖ ​«​ចូរ​ជៀស​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ល្ងង់​ខ្លៅ​»​!—សុភ. ១៤:៧

១២. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​មិន​ប្រព្រឹត្ត​ដូច​ពួក​អ្នក​ល្ងង់​ខ្លៅ?

១២ យើង​មិន​មែន​ដូច​ពួក​អ្នក​ដែល​ស្អប់​យោបល់​ពី​ព្រះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​រៀន​ស្រឡាញ់​របៀប​គិត​គូរ​របស់​លោក រួម​ទាំង​ច្បាប់​ទាំង​អស់​របស់​លោក។ យើង​អាច​ពង្រឹង​សេចក្ដី​ស្រឡាញ់​នេះ​ដោយ​ប្រៀប​ធៀប​លទ្ធផល​នៃ​ការ​ស្ដាប់​បង្គាប់​ទៅ​នឹង​លទ្ធផល​នៃ​ការ​មិន​ស្ដាប់​បង្គាប់។ សូម​សង្កេត​មើល​បញ្ហា​ផ្សេង​ៗ​ដែល​មនុស្ស​នាំ​ទុក្ខ​ដាក់​ខ្លួន ដោយ​សារ​ពួក​គេ​មិន​ព្រម​ទទួល​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា។ បន្ទាប់​មក សូម​ពិចារណា​ថា​ជីវិត​របស់​អ្នក​ល្អ​ប្រសើរ​ជាង​យ៉ាង​ណា​ដោយ​សារ​អ្នក​ស្ដាប់​បង្គាប់​ព្រះ។—ចសព. ៣២:៨, ១០

១៣. តើ​ព្រះ​យេហូវ៉ា​បង្ខំ​យើង​ឲ្យ​ធ្វើ​តាម​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ពី​លោក​ឬ​ទេ?

១៣ ព្រះ​យេហូវ៉ា​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​ប្រាជ្ញា​ពី​លោក ប៉ុន្តែ​លោក​មិន​បង្ខំ​អ្នក​ណា​ឲ្យ​ទទួល​វា​ឡើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​រៀប​រាប់​អំពី​អ្វី​ដែល​កើត​ឡើង​ពេល​មនុស្ស​មិន​ស្ដាប់​ប្រាជ្ញា​របស់​លោក។ (​សុភ. ១:​២៩​-​៣២​) ពួក​អ្នក​ដែល​សម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា នឹង​«​ទទួល​ផល​ដែល​មក​ពី​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​»។ របៀប​រស់​នៅ​របស់​ពួក​គេ​នឹង​នាំ​ឲ្យ​ពួក​គេ​ឈឺ​ចាប់​និង​រង​ទុក្ខ​ជា​ខ្លាំង ហើយ​នៅ​ទី​បំផុត​ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ពួក​គេ​ចោល។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​សន្យា​ចំពោះ​ពួក​អ្នក​ដែល​ស្ដាប់​និង​ធ្វើ​តាម​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ពី​លោក ថា​៖ ​«​អ្នក​ណា​ដែល​ស្ដាប់​ខ្ញុំ អ្នក​នោះ​នឹង​រស់​នៅ​ដោយ​សុខ​សាន្ត ហើយ​អ្នក​នោះ​នឹង​មិន​ភ័យ​ខ្លាច​អន្តរាយ​ឡើយ​»។—សុភ. ១:៣៣

ប្រាជ្ញា​ពិត​មាន​ប្រយោជន៍​ចំពោះ​យើង

ពេល​យើង​ឆ្លើយ​នៅ​កិច្ច​ប្រជុំ នោះ​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​១៥​)

១៤​-​១៥. តើ​យើង​រៀន​អ្វី​ពី​សុភាសិត ៤:២៣?

១៤ ពេល​យើង​ធ្វើ​តាម​ប្រាជ្ញា​របស់​ព្រះ យើង​តែង​តែ​ទទួល​ប្រយោជន៍។ ដូច​យើង​បាន​ពិចារណា ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​របស់​លោក​ងាយ​ស្រួល​រក​ឃើញ។ ជា​ឧទាហរណ៍ ក្នុង​សៀវភៅ​សុភាសិត លោក​ផ្ដល់​យោបល់​មិន​ចេះ​ហួស​សម័យ​ដែល​នឹង​ធ្វើ​ឲ្យ​ជីវិត​យើង​ល្អ​ប្រសើរ បើ​យើង​ធ្វើ​តាម។ សូម​យើង​ពិចារណា​ឧទាហរណ៍​បួន​អំពី​យោបល់​ទាំង​នេះ។

១៥ ចូរ​ការ​ពារ​ចិត្ត​របស់​អ្នក។ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ការ​ពារ​ចិត្ត​របស់​កូន​ឲ្យ​លើស​ពី​អ្វី​ទាំង​អស់ ព្រោះ​ជីវិត​អាស្រ័យ​លើ​ចិត្ត​របស់​កូន​»។ (​សុភ. ៤:២៣​) សូម​គិត​អំពី​អ្វី​ដែល​យើងត្រូវ​ធ្វើ​ដើម្បី​ការ​ពារ​បេះ​ដូង​របស់​យើង​ឲ្យ​បាន​ល្អ។ ជា​ឧទាហរណ៍ យើង​ត្រូវ​បរិ​ភោគ​អាហារ​ដែល​មាន​ជីវជាតិ ហាត់​ប្រាណ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ជៀស​វាង​ពី​ទម្លាប់​អាក្រក់​ផ្សេង​ៗ។ យើង​ធ្វើ​អ្វី​ដែល​ស្រដៀង​នឹង​នេះ​ដើម្បី​ការ​ពារ​ចិត្ត​របស់​យើង។ ជា​រៀង​រាល់​ថ្ងៃ យើង​ក្រេប​ជញ្ជក់​បណ្ដាំ​របស់​ព្រះ។ យើង​រៀបចំ​និង​ចូល​រួម​កិច្ច​ប្រជុំ ហើយ​ក៏​មាន​ចំណែក​ក្នុង​កិច្ច​ប្រជុំ​ដែរ។ យើង​ខំ​ប្រឹង​ជាប់​រវល់​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់។ ម្យ៉ាង​ទៀត យើង​ជៀស​វាង​ពី​ការ​បណ្ដុះ​ឲ្យ​មាន​ទម្លាប់​អាក្រក់ ដោយ​ជៀស​ឆ្ងាយ​ពី​អ្វី​ណា​ដែល​អាច​បង្ខូច​របៀប​គិត​គូរ​របស់​យើង​ដូច​ជា​ការ​កម្សាន្ត​ដែល​ប្រាស​ចាក​សីលធម៌ និង​ការ​សេព​គប់​អាក្រក់​ជា​ដើម។

ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ​ជួយ​យើង​ឲ្យ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​យើង​មាន (​សូម​មើល​វគ្គ​១៦​)

១៦. ហេតុ​អ្វី​សុភាសិត ២៣:៤, ៥​មាន​ប្រយោជន៍​ចំពោះ​យើង​នៅ​សព្វ​ថ្ងៃ​នេះ?

១៦ ចូរ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​អ្នក​មាន។ គម្ពីរ​ឲ្យ​យោបល់​នេះ​ថា​៖ ​«​កុំ​ធ្វើ​ការ​ហួស​កម្លាំង ដោយ​សារ​តែ​លោភ​ចង់​បាន​ទ្រព្យ​សម្បត្តិ​ឡើយ . . . ពេល​អ្នក​សម្លឹង​មើល​ទ្រព្យ ទ្រព្យ​នឹង​មិន​នៅ​ទៀត​ទេ ព្រោះ​ទ្រព្យ​នឹង​ដុះ​ស្លាប​ដូច​ឥន្ទ្រី រួច​ហោះ​ឡើង​ទៅ​លើ​មេឃ​បាត់​»។ (​សុភ. ២៣:៤, ៥​) ទ្រព្យ​សម្បត្តិ​មិន​តែង​តែ​នៅ​ស្ថិត​ស្ថេរ​ទេ។ ប៉ុន្តែ ទាំង​អ្នក​មាន​ទាំង​អ្នក​ក្រ​នៅ​សព្វ​ថ្ងៃ​នេះ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​អំពី​ការ​រក​លុយ។ ហេតុ​នេះ ពួក​គេ​ច្រើន​តែ​ធ្វើ​អ្វី​ដែល​បង្ខូច​កេរ្តិ៍​ឈ្មោះ ចំណង​មិត្តភាព និង​ថែម​ទាំង​សុខភាព​របស់​ពួក​គេ​ទៀត​ផង។ (​សុភ. ២៨:២០; ១ធី. ៦:៩, ១០​) ផ្ទុយ​ទៅ​វិញ ប្រាជ្ញា​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ។ ទស្សនៈ​បែប​នេះ​ការ​ពារ​យើង​មិន​ឲ្យ​លោភ​លន់ ហើយ​នាំ​ឲ្យ​យើង​ស្កប់​ចិត្ត​និង​មាន​សុភមង្គល។—អទ. ៧:១២

ការ​គិត​មុន​និយាយ​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​នាំ​ទុក្ខ​ដល់​អ្នក​ឯ​ទៀត (​សូម​មើល​វគ្គ​១៧​)

១៧. ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​សុភាសិត ១២:១៨ តើ​យើង​អាច​មាន​«​ពាក្យ​ពេចន៍​របស់​មនុស្ស​មាន​ប្រាជ្ញា​»​តាម​របៀប​ណា?

១៧ ចូរ​គិត​មុន​និយាយ។ បើ​មិន​ប្រុង​ប្រយ័ត្ន​ទេ ពាក្យ​សម្ដី​របស់​យើង​អាច​នាំ​ទុក្ខ​ជា​ខ្លាំង​ដល់​អ្នក​ឯ​ទៀត។ គម្ពីរ​ចែង​ថា​៖ ​«​ការ​និយាយ​ដោយ​ឥត​គិត​ពិចារណា ប្រៀប​ដូច​ជា​ការ​ចាក់​ដោយ​ដាវ តែ​ពាក្យ​ពេចន៍​របស់​មនុស្ស​មាន​ប្រាជ្ញា​នឹង​ជួយ​ឲ្យ​ជា​សះ​ស្បើយ​»។ (​សុភ. ១២:១៨​) យើង​រក្សា​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ ពេល​យើង​ជៀស​វាង​ពី​ការ​និយាយ​អំពី​កំហុស​របស់​អ្នក​ឯ​ទៀត​នៅ​ពី​ក្រោយ​ខ្នង​ពួក​គេ។ (​សុភ. ២០:១៩​) បើ​យើង​ចង់​ឲ្យ​ពាក្យ​សម្ដី​របស់​យើង​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត​ជា​ជាង​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចិត្ត យើង​គួរ​អាន​និង​គិត​ជា​ទៀង​ទាត់​អំពី​បណ្ដាំ​ព្រះ។ (​លូក. ៦:៤៥​) ពេល​យើង​រំពឹង​គិត​អំពី​អ្វី​ដែល​គម្ពីរ​ចែង ពាក្យ​សម្ដី​របស់​យើង​អាច​ប្រៀប​ដូច​ជា​«​ប្រភព​នៃ​ប្រាជ្ញា​»​ដែល​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត។—សុភ. ១៨:៤

ការ​ធ្វើ​តាម​ការ​ណែនាំ​ពី​អង្គការ​ព្រះ​អាច​ជួយ​យើង​ឲ្យ​រីក​ចម្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ (​សូម​មើល​វគ្គ​១៨​)

១៨. តើ​ការ​ធ្វើ​តាម​សុភាសិត ២៤:៦​អាច​ជួយ​យើង​យ៉ាង​ណា​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១៨ ចូរ​ធ្វើ​តាម​ការ​ណែនាំ។ គម្ពីរ​ផ្ដល់​យោបល់​ដ៏​មាន​ប្រយោជន៍​នេះ​ថា​៖ ​«​បើ​មាន​ការ​ណែនាំ​ពី​អ្នក​ដែល​ឈ្លាស​វៃ នោះ​ការ​ធ្វើ​សង្គ្រាម​នឹង​បាន​ជោគ​ជ័យ ហើយ​បើ​មាន​មនុស្ស​ច្រើន​នាក់​ឲ្យ​យោបល់ នោះ​នឹង​បាន​សម្រេច​»។ (​សុភ. ២៤:៦, កំ.ស.​) តើ​ការ​ធ្វើ​តាម​ខ​នេះ​ជួយ​យើង​យ៉ាង​ណា​ឲ្យ​ទៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ​និង​អ្នក​បង្រៀន​ដ៏​ល្អ​ប្រសើរ​ជាង? ជា​ជាងបំពេញ​កិច្ច​បម្រើ​ផ្សាយ​តាម​តែ​ចិត្ត​ខ្លួន​ឯង យើង​ព្យាយាម​ធ្វើ​តាម​យោបល់​ដែល​យើង​បាន​ទទួល។ យើង​ទទួល​ការ​ណែនាំ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​នៅ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក។ នៅ​ទី​នោះ​យើង​អាច​រៀន​ពី​របៀប​ដែល​អ្នក​មាន​បទ​ពិសោធន៍​បង្រៀន​គម្ពីរ។ បន្ថែម​ទៅ​ទៀត អង្គការ​ព្រះ​យេហូវ៉ា​ផ្ដល់​ឧបករណ៍​ផ្សេង​ៗ​ដែល​មាន​ប្រយោជន៍ ពោល​គឺ​សៀវភៅ​និង​វីដេអូ​ដែល​អាច​ជួយ​មនុស្ស​ឲ្យ​យល់​គម្ពីរ។ តើ​អ្នក​កំពុង​រៀន​ឲ្យ​ចេះ​ប្រើ​ឧបករណ៍​ទាំង​នេះ​យ៉ាង​ប៉ិន​ប្រសប់​ឬ​ទេ?

១៩. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ប្រាជ្ញា​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ? (​សុភាសិត ៣:១៣​-​១៨​)

១៩ សូម​អាន សុភាសិត ៣:១៣​-​១៨ យើង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​មាន​យោបល់​ល្អ​ក្នុង​បណ្ដាំ​ព្រះ។ បើ​គ្មាន​យោបល់​នោះ ជីវិត​យើង​គឺ​គ្មាន​ន័យ​ឡើយ។ ក្នុង​អត្ថបទ​នេះ យើង​បាន​ឃើញ​ឧទាហរណ៍​ខ្លះ​អំពី​ប្រាជ្ញា​ដែល​មាន​ក្នុង​សៀវភៅ​សុភាសិត។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ពាក្យ​ពេចន៍​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ក្នុង​គម្ពីរ​ទាំង​មូល។ សូម​ឲ្យ​យើង​តែង​តែ​តាំង​ចិត្ត​ប្រព្រឹត្ត​តាម​ប្រាជ្ញា​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ។ ទស្សនៈ​របស់​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ចំពោះ​ប្រាជ្ញា​ពី​ព្រះ គឺ​មិន​សំខាន់​ចំពោះ​យើង​ទេ។ យើង​ជឿ​ជាក់​ថា​«​អ្នក​ណា​ដែល​កាន់​ខ្ជាប់​តាម​ប្រាជ្ញា អ្នក​នោះ​នឹង​មាន​ជីវិត​រស់​នៅ ហើយ​មាន​សុភមង្គល​»។

ចម្រៀង​លេខ​៣៦ យើង​ការ​ពារ​ចិត្ត

^ ប្រាជ្ញា​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​គឺ​ប្រសើរ​ជាង​ឆ្ងាយ​ពី​អ្វី​ៗ​ដែល​ពិភព​លោក​នេះ​អាច​ផ្ដល់​ឲ្យ​យើង។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ពាក្យ​ប្រដូច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​សៀវភៅ​សុភាសិត​គឺ​ថា ប្រាជ្ញា​ពិត​ស្រែក​ឮ​ៗ​នៅ​ទី​លាន​ក្រុង​មួយ។ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​រក​បាន​ប្រាជ្ញា​ពិត មូលហេតុ​ដែល​អ្នក​ខ្លះ​មិន​ចង់​ស្ដាប់​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា និង​ប្រយោជន៍​ដែល​យើង​ទទួល​ពេល​យើង​ធ្វើ​តាម​ប្រាជ្ញា​នោះ។