លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤១

អ្នកអាចរកឃើញសុភមង្គលពិត

អ្នកអាចរកឃើញសុភមង្គលពិត

«​មាន​សុភមង្គល​ហើយ មនុស្ស​គ្រប់​រូប​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា គឺ​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​លោក​»។—ចសព. ១២៨:១

ចម្រៀង​លេខ​១១០ «​អំណរ​ពី​ព្រះ​យេហូវ៉ា​»​

សេចក្ដី​សង្ខេប *

១. ហេតុ​អ្វី​សុភមង្គល​របស់​យើង​អាស្រ័យ​ទៅ​លើ​‹ការ​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ›?

 សុភមង្គល​ពិត​មិន​គ្រាន់​តែ​ជា​អារម្មណ៍​សប្បាយ​មួយ​ពេល ដែល​ក្រោយ​មក​បាត់​ទៅ​វិញ​នោះ​ទេ។ សុភមង្គល​ពិត​អាច​ស្ថិត​ស្ថេរ​ពេញ​មួយ​ជីវិត។ តើ​តាម​របៀប​ណា? លោក​យេស៊ូ​បាន​ពន្យល់​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​លើ​ភ្នំ​ថា​៖ ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ!​»។ (​ម៉ាថ. ៥:៣​) លោក​យេស៊ូ​ដឹង​ថា​មនុស្ស​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​បំណង​ចិត្ត​យ៉ាង​ខ្លាំង ដើម្បី​ស្គាល់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​របស់​ពួក​គេ និង​គោរព​ប្រណិប័តន៍​លោក។ ម្យ៉ាង​ទៀត ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»​ ពួក​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក ក៏​អាច​សប្បាយ​ដែរ។—១ធី. ១:១១

«​អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន​ដោយ​សារ​សេចក្ដី​សុចរិត នោះ​មាន​សុភមង្គល​ហើយ!​»។—ម៉ាថ. ៥:១០ (​សូម​មើល​វគ្គ ២​-​៣​) *

២​-​៣. (​ក​) យោង​ទៅ​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ តើ​អ្នក​ណា​ទៀត​អាច​មាន​សុភមង្គល? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ ហើយ​ហេតុ​អ្វី​នេះ​សំខាន់​ចាំ​បាច់?

តើ​យើង​អាច​មាន​សុភមង្គល​លុះ​ត្រា​តែ​យើង​គ្មាន​បញ្ហា​ឬ? មិន​មែន​ទេ។ ក្នុង​សុន្ទរកថា​របស់​លោក​យេស៊ូ លោក​បាន​និយាយ​អំពី​អ្វី​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ លោក​បាន​មាន​ប្រសាសន៍​ថា សូម្បី​តែ​«​អស់​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ​»​ប្រហែល​ជា​ដោយ​សារ​ពួក​គេ​បន្ទោស​ខ្លួន​ជា​ខ្លាំង​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ឬ​ដោយ​សារ​ពួក​គេ​មាន​បញ្ហា​ធ្ងន់​ធ្ងរ ក៏​អាច​មាន​សុភមង្គល​ដែរ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ដូច​គ្នា​ចំពោះ​«​អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន​ដោយ​សារ​សេចក្ដី​សុចរិត​»​ ឬ​អស់​អ្នក​ដែល​រង​ការ​«​តិះ​ដៀល​»​ដោយ​សារ​ពួក​គេ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ (​ម៉ាថ. ៥:៤, ១០, ១១​) ប៉ុន្តែ តើ​តាម​របៀប​ណា​យើង​អាច​មាន​សុភមង្គល​ពិត​ពេល​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ?

លោក​យេស៊ូ​កំពុង​បង្រៀន​យើង​ថា សុភមង្គល​មិន​មែន​មក​ពី​ការ​គ្មាន​បញ្ហា​ក្នុង​ជីវិត​ទេ ប៉ុន្តែ​មក​ពី​ការ​បំពេញ​ការ​ស្រេក​ឃ្លាន​របស់​យើង​ចំពោះ​ការ​ណែនាំ​ពី​ព្រះ​និង​ការ​ចូល​ទៅ​ជិត​លោក។ (​យ៉ា. ៤:៨​) តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ចំណុច​បី​យ៉ាង​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​ពិត។

សូម​អាន​និង​សិក្សា​គម្ពីរ

៤. ដើម្បី​មាន​សុភមង្គល​ពិត តើ​យើង​ត្រូវ​ធ្វើ​អ្វី? (​ចម្រៀង​សរសើរ​ព្រះ ១:១​-​៣​)

ទី​១: ដើម្បី​មាន​សុភមង្គល​ពិត យើង​ត្រូវ​អាន​និង​សិក្សា​បណ្ដាំ​របស់​ព្រះ។ លោក​យេស៊ូ​បាន​ប្រដូច​បណ្ដាំ​របស់​ព្រះ​ទៅ​នឹង​អាហារ។ ទាំង​មនុស្ស ទាំង​សត្វ​ត្រូវ​ការ​អាហារ​ដើម្បី​រស់។ ប៉ុន្តែ មាន​តែ​មនុស្ស​ប៉ុណ្ណោះ​អាច​អាន​បណ្ដាំ​របស់​ព្រះ ហើយ​នេះ​ជា​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ។ ហេតុ​នេះ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​មិន​ត្រូវ​រស់​ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​គ្រប់​ទាំង​ប្រសាសន៍​ដែល​ចេញ​ពី​មាត់​របស់​ព្រះ​យេហូវ៉ា​»។ (​ម៉ាថ. ៤:៤​) ដូច្នេះ យើង​មិន​គួរ​រំលង​មួយ​ថ្ងៃ​ដោយ​មិន​អាន​គម្ពីរ​ដែល​ជា​បណ្ដាំ​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ​ឡើយ។ អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​និយាយ​ថា​៖ ‹អ្នក​ណា​ដែល​មាន​សុភមង្គល គឺ​ជា​អ្នក​ដែល​ស្រឡាញ់​ច្បាប់​របស់​ព្រះ​យេហូវ៉ា គាត់​រំពឹង​គិត​អំពី​ច្បាប់​របស់​លោក​ទាំង​ថ្ងៃ​ទាំង​យប់›។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ១:១​-​៣

៥​-​៦. (​ក​) តើ​យើង​អាច​រៀន​អ្វី​ពី​គម្ពីរ? (​ខ​) តើ​ការ​អាន​គម្ពីរ​អាច​ជួយ​យើង​តាម​របៀប​ណា​ខ្លះ?

ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង លោក​បាន​បង្ហាញ​យើង​ក្នុង​គម្ពីរ​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​មាន​ជីវិត​សប្បាយ។ យើង​រៀន​អំពី​អ្វី​ជា​គោល​បំណង​របស់​លោក​សម្រាប់​ជីវិត​យើង របៀប​ចូល​ទៅ​ជិត​លោក និង​ទទួល​ការ​អភ័យ​ទោស​ពី​លោក​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង។ ម្យ៉ាង​ទៀត យើង​រៀន​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​លោក​បាន​សន្យា​សម្រាប់​ថ្ងៃ​អនាគត។ (​យេ. ២៩:១១​) សេចក្ដី​ពិត​ទាំង​នេះ​ដែល​មក​ពី​ការ​សិក្សា​គម្ពីរ​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​ពេញ​ទៅ​ដោយ​អំណរ!

យើង​ដឹង​ថា​គម្ពីរ​ពេញ​ទៅ​ដោយ​យោបល់​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ។ ពេល​យើង​ធ្វើ​តាម​យោបល់​នោះ យើង​អាច​មាន​សុភមង្គល។ ពេល​អ្នក​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​បញ្ហា​ជីវិត សូម​ចំណាយ​ពេល​កាន់​តែ​ច្រើន​ដើម្បី​អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ ហើយ​ធ្វើ​តាម ទើប​មាន​សុភមង្គល!​»។—លូក. ១១:២៨

៧. តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​អាន​បណ្ដាំ​របស់​ព្រះ?

ពេល​អ្នក​អាន​បណ្ដាំ​របស់​ព្រះ សូម​លៃ​ទុក​ពេល​ក្រេប​ជញ្ជក់​ដើម្បី​អរ​សប្បាយ​នឹង​អ្វី​ដែល​អ្នក​អាន។ ជា​ឧទាហរណ៍ តើ​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​នេះ​ឬ​ទេ? មាន​គេ​ធ្វើ​ម្ហូប​ដែល​អ្នក​ចូល​ចិត្ត​ជាង​គេ​ឲ្យ​អ្នក។ ប៉ុន្តែ ប្រហែល​ជា​អ្នក​មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​បរិភោគ ឬ​អារម្មណ៍​អ្នក​ហោះហើរ​គិត​អំពី​អ្វី​ផ្សេង ដូច្នេះ​អ្នក​បរិភោគ​ម្ហូប​នោះ​លឿន​ៗ​ដោយ​មិន​បាន​ទំពា​វា​ឲ្យ​ដឹង​រស​ជាតិ​ទេ។ ក្រោយ​ពី​អ្នក​បរិភោគ​រួច​ហើយ អ្នក​ដឹង​ខ្លួន​ថា​អ្នក​បាន​បរិភោគ​លឿន ហើយ​អ្នក​ស្ដាយ​ក្រោយ​ដែល​អ្នក​មិន​បាន​ទំពា​វា​មួយ​ៗ។ បញ្ហា​ស្រដៀង​នឹង​នេះ​អាច​កើត​ឡើង​ពេល​ដែល​យើង​អាន​គម្ពីរ។ ជួន​កាល យើង​អាន​យ៉ាង​លឿន​រហូត​ដល់​យើង​មិន​ទុក​ឱកាស​ឲ្យ​យល់​និង​សប្បាយ​នឹង​អ្វី​ដែល​អាន។ សូម​លៃ​ទុក​ពេល​អាន​បណ្ដាំ​របស់​ព្រះ ស្រមៃ​គិត​អំពី​អ្វី​ដែល​កើត​ឡើង​ក្នុង​កំណត់​ហេតុ​នោះ ស្រមៃ​គិត​អំពី​សំឡេង និង​គិត​អំពី​អ្វី​ដែល​អ្នក​បាន​អាន។ ពេល​អ្នក​ធ្វើ​ដូច្នេះ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ជាង។

៨. តើ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​កំពុង​បំពេញ​តួ​នាទី​ដែល​ពួក​គេ​បាន​ទទួល​តាម​របៀប​ណា? (​សូម​មើល​កំណត់​សម្គាល់​ផង​ដែរ​)

លោក​យេស៊ូ​បាន​តែង​តាំង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ ដើម្បី​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​នៅ​ពេល​ត្រឹម​ត្រូវ ហើយ​យើង​ទទួល​សេចក្ដី​បង្រៀន​ទាំង​នោះ​ជា​បរិបូរ។ * (​ម៉ាថ. ២៤:៤៥​) បទ​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ គឺ​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​សេចក្ដី​បង្រៀន​ទាំង​អស់​ដែល​ប្រៀប​ដូច​ជា​អាហារ​ដែល​ខ្ញុំ​បម្រើ​នោះ​ផ្ដល់​ឲ្យ។ (​១ថែ. ២:១៣​) យ៉ាង​នេះ សេចក្ដី​បង្រៀន​ទាំង​នោះ​ជួយ​យើង​ឲ្យ​ស្គាល់​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា​ដែល​ស​ឲ្យ​ឃើញ​ក្នុង​គម្ពីរ។ នេះ​ជា​មូលហេតុ​ដែល​យើង​អាន​ទស្សនាវដ្ដី​ប៉ម​យាម និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ព្រម​ទាំង​អត្ថបទ​ផ្សេង​ៗ​នៅ​លើ​គេហទំព័រ​ jw.org ។ យើង​ក៏​រៀបចំ​មុន​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក និង​កិច្ច​ប្រជុំ​សម្រាប់​សុន្ទរកថា​សាធារណៈ​និង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម។ ម្យ៉ាង​ទៀត យើង​មើល​កម្ម​វិធី​JW​ទូរទស្សន៍​ប្រចាំ​ខែ​បើ​មាន​ជា​ភាសា​យើង។ បើ​យើង​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​បន្ដ​អាន​និង​សិក្សា​គម្ពីរ នោះ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ចំណុច​ទី​២​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​មាន​សុភមង្គល​ពិត។

ចូរ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា

៩. តើ​ចំណុច​ទី​២​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​ពិត​គឺ​ជា​អ្វី?

ទី​២: ដើម្បី​មាន​សុភមង្គល​ពិត យើង​ត្រូវ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​សរសេរ​ថា​៖ ​«​មាន​សុភមង្គល​ហើយ មនុស្ស​គ្រប់​រូប​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា គឺ​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​លោក​»។ (​ចសព. ១២៨:១​) ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​មាន​ន័យ​ថា យើង​គោរព​លោក​យ៉ាង​ជ្រាល​ជ្រៅ​បាន​ជា​យើង​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី​ណា​ដែល​នាំ​ឲ្យ​លោក​មិន​ពេញ​ចិត្ត។ (​សុភ. ១៦:៦​) យ៉ាង​នេះ យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​ដែល​លោក​បាន​ពន្យល់​ក្នុង​គម្ពីរ។ (​២កូ. ៧:១​) បើ​យើង​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់ ហើយ​ជៀស​ចេញ​ពី​អ្វី​ដែល​លោក​ស្អប់ យើង​នឹង​សប្បាយ។—ចសព. ៣៧:២៧; ៩៧:១០; រ៉ូម ១២:៩

១០. ក្រៅ​ពី​ដឹង​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ តើ​យើង​ត្រូវ​ធ្វើ​អ្វី? (​រ៉ូម ១២:២​)

១០ សូម​អាន រ៉ូម ១២:២ បុគ្គល​ម្នាក់​ប្រហែល​ជា​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ប៉ុន្តែ​គាត់​ក៏​ត្រូវ​សម្រេច​ចិត្ត​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដែរ។ ជា​ឧទាហរណ៍ បុគ្គល​ម្នាក់​ប្រហែល​ជា​ដឹង​ថា​រដ្ឋាភិបាល​មាន​សិទ្ធិ​កំណត់​ល្បឿន​បើក​បរ។ ប៉ុន្តែ គាត់​ប្រហែល​ជា​មិន​ចង់​ធ្វើ​តាម​ល្បឿន​កំណត់​នោះ​ទេ។ ជា​លទ្ធផល គាត់​បើក​បរ​ហួស​ល្បឿន​កំណត់។ ស្រដៀង​គ្នា​ដែរ យើង​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត​របស់​យើង​ថា យើង​ពិត​ជា​ជឿ​ថា​ការ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត។ (​សុភ. ១២:២៨​) ដាវីឌ​មាន​អារម្មណ៍​បែប​នេះ ហេតុ​នេះ​គាត់​បាន​និយាយ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​លោក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត ពេល​លោក​មើល​មក​ខ្ញុំ​ដោយ​ក្ដី​ពេញ​ចិត្ត ខ្ញុំ​ត្រេក​អរ​ពន់​ពេក។ ខ្ញុំ​មាន​សុភមង្គល​ជា​រៀង​រហូត ដោយ​សារ​ខ្ញុំ​នៅ​ខាង​ស្ដាំ​ដៃ​លោក​»។—ចសព. ១៦:១១

១១​-​១២. (​ក​) ពេល​យើង​ព្រួយ​បារម្ភ​ឬ​ធ្លាក់​ទឹក​ចិត្ត តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​អំពី​អ្វី? (​ខ​) តើ​ពាក្យ​នៅ​ភីលីព ៤:៨​អាច​ជួយ​យើង​យ៉ាង​ណា​ពេល​ជ្រើស​រើស​ការ​កម្សាន្ត?

១១ ពេល​យើង​មាន​បញ្ហា​ឬ​ធ្លាក់​ទឹក​ចិត្ត យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​អ្វី​ណា​មួយ​ដែល​ជួយ​យើង​ឲ្យ​ឈប់​ព្រួយ​បារម្ភ​អំពី​បញ្ហា​របស់​យើង។ នោះ​គឺ​សម​ហេតុ​សម​ផល។ ប៉ុន្តែ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់។—អេភ. ៥:​១០​-​១២, ១៥​-​១៧

១២ ក្នុង​សំបុត្រ​របស់​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បន្ដ​ពិចារណា​អំពី​«​អ្វី​ៗ​ដែល​សុចរិត . . . បរិសុទ្ធ . . . គួរ​ឲ្យ​ស្រឡាញ់ [​និង​]​ប្រកប​ដោយ​គុណធម៌​»។ (​សូម​អាន ភីលីព ៤:៨) ទោះ​ជា​ប៉ូល​មិន​សរសេរ​ចំ​ៗ​អំពី​ការ​កម្សាន្ត​នៅ​ក្នុង​ខ​នេះ​ក្ដី យើង​គួរ​គិត​អំពី​របៀប​ដែល​ខ​នេះ​ជាប់​ទាក់​ទង​នឹង​ការ​កម្សាន្ត​ដែល​យើង​ជ្រើស​រើស។ សូម​សាក​ធ្វើ​ដូច​ត​ទៅ​នេះ​៖ កន្លែង​ណា​ដែល​មាន​ពាក្យ​«​អ្វី​ៗ​»​ក្នុង​ខ​នេះ សូម​ជំនួស​វា​ដោយ​ពាក្យ​«​ចម្រៀង​»​ ​«​ភាពយន្ត​»​ ​«​រឿង​ប្រលោម​លោក​»​ ឬ​«​វីដេអូ​ហ្គេម​»។ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ថា​អ្វី​មួយ​ណា​អាច​ទទួល​យក​បាន ហើយ​អ្វី​មួយ​ណា​មិន​អាច​ទទួល​យក​បាន​តាម​ទស្សនៈ​របស់​ព្រះ។ យើង​ចង់​ធ្វើ​តាម​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា។ (​ចសព. ១១៩:១​-​៣​) យ៉ាង​នេះ យើង​អាច​ធ្វើ​តាម​ចំណុច​បន្ទាប់​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​ពិត ដោយ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។—សកម្ម. ២៣:១

ចូរ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត

១៣. តើ​អ្វី​ជា​ចំណុច​ទី​៣​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​ពិត? (​យ៉ូន. ៤:​២៣, ២៤​)

១៣ ទី​៣: ចូរ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​អ្នក។ ក្នុង​នាម​ជា​អ្នក​បង្កើត​របស់​យើង ព្រះ​យេហូវ៉ា​ពិត​ជា​សម​នឹង​ទទួល​ការ​គោរព​ពី​យើង។ (​បប. ៤:១១; ១៤:៦, ៧​) ដូច្នេះ​ក្នុង​ជីវិត​របស់​យើង អ្វី​ដ៏​សំខាន់​បំផុត​គួរ​ជា​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត ពោល​គឺ​«​ដោយ​មាន​ការ​ដឹក​នាំ​ពី​ឫទ្ធានុភាព​របស់​លោក​និង​ដោយ​សេចក្ដី​ពិត​»។ (​សូម​អាន យ៉ូហាន ៤:២៣, ២៤) យើង​ចង់​ឲ្យ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​ដឹក​នាំ​ការ​គោរព​ប្រណិប័តន៍​របស់​យើង ដើម្បី​ឲ្យ​នោះ​សម​ស្រប​តាម​សេចក្ដី​ពិត​ដែល​មាន​ក្នុង​បណ្ដាំ​របស់​លោក។ យើង​ត្រូវ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ថា​សំខាន់​បំផុត ទោះ​ជា​យើង​រស់​នៅ​ប្រទេស​ដែល​ដាក់​កម្រិត ឬ​ដាក់​បម្រាម​លើ​កិច្ច​ការ​របស់​យើង​ក្ដី។ ឥឡូវ​នេះ បង​ប្អូន​របស់​យើង​ជាង​១០០​នាក់​បាន​ត្រូវ​ជាប់​គុក​ដោយ​សារ​តែ​ពួក​គេ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ * ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​នៅ​តែ​ធ្វើ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដើម្បី​អធិដ្ឋាន សិក្សា ហើយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​របស់​យើង​និង​រាជាណាចក្រ​លោក។ ពេល​យើង​ត្រូវ​គេ​ជេរ​ប្រមាថ​ឬ​បៀតបៀន យើង​អាច​អរ​សប្បាយ​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​យើង ហើយ​ថា​លោក​នឹង​ឲ្យ​ពរ​យើង។—យ៉ា. ១:១២; ១ពេ. ៤:១៤

គំរូ​ពី​ជីវិត​ពិត

១៤. តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​នៅ​ប្រទេស​តាហ្ស៊ីគីស្ថាន ហើយ​ហេតុ​អ្វី?

១៤ បទ​ពិសោធន៍​ជីវិត​ពិត​បង្ហាញ​ថា​ចំណុច​បី​យ៉ាង​ដែល​យើង​ទើប​តែ​បាន​ពិចារណា​នាំ​ឲ្យ​មាន​សុភមង្គល​ពិត ទោះ​ជា​យើង​មាន​ស្ថានភាព​បែប​ណា​ក្ដី។ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ប្អូន​ប្រុស​ម្នាក់​អាយុ​១៩​ឆ្នាំ​ពី​ប្រទេស​តាហ្ស៊ីគីស្ថាន ឈ្មោះ​ចូវីដុន បាបាចូណូវ​ដែល​មិន​ព្រម​បំពេញ​កាតព្វកិច្ច​យោធា។ នៅ​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៩ គាត់​បាន​ត្រូវ​គេ​ចាប់​ខ្លួន​ពី​ផ្ទះ ជាប់​គុក​អស់​ជា​ច្រើន​ខែ ហើយ​ត្រូវ​គេ​ប្រព្រឹត្ត​មក​លើ​គាត់​ហាក់​ដូច​ជា​ឧក្រិដ្ឋជន​ម្នាក់។ អំពើ​អយុត្តិធម៌​នេះ​បាន​ត្រូវ​ផ្សាយ​ក្នុង​ព័ត៌មាន​នៅ​ប្រទេស​មួយ​ចំនួន។ គេ​បាន​រៀប​រាប់​ថា គាត់​បាន​ត្រូវ​គេ​វាយ ក្នុង​បំណង​បង្ខំ​គាត់​ឲ្យ​សច្ចា​ប្រណិធាន និង​ស្លៀក​សម្លៀក​បំពាក់​ទាហាន។ ក្រោយ​ពី​នោះ គាត់​បាន​ត្រូវ​ជាប់​ទោស ហើយ​បញ្ជូន​ទៅ​ជំរំ​ពលកម្ម។ គាត់​ជាប់​នៅ​ជំរំ​នោះ​រហូត​ដល់​ប្រធានាធិបតី​នៃ​ប្រទេស​នោះ​លើក​លែង​ទោស ព្រម​ទាំង​បង្គាប់​គេ​ឲ្យ​ដោះ​លែង​គាត់។ ក្នុង​អំឡុង​ពេល​នោះ ប្អូន​ចូវីដុន​បាន​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​និង​អំណរ​របស់​គាត់។ តើ​តាម​របៀប​ណា? គឺ​ដោយ​តែង​តែ​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ។

ប្អូន​ចូវីដុន​បាន​អាន​និង​សិក្សា​បណ្ដាំ​របស់​ព្រះ រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក និង​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់ (​សូម​មើល​វគ្គ ១៥​-​១៧​)

១៥. តើ​ប្អូន​ចូវីដុន​បាន​បន្ត​រៀន​អំពី​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​ពេល​គាត់​ជាប់​គុក?

១៥ កាល​ដែល​ជាប់​គុក ប្អូន​ចូវីដុន​បាន​បន្ត​រៀន​អំពី​ព្រះ​យេហូវ៉ា ទោះ​ជា​ពេល​គាត់​មិន​មាន​គម្ពីរ​ឬ​សៀវភៅ​របស់​យើង​ក្ដី។ តើ​នោះ​អាច​ធ្វើ​ទៅ​រួច​យ៉ាង​ដូច​ម្ដេច? ពេល​បង​ប្អូន​នៅ​តំបន់​របស់​គាត់​បាន​យក​អាហារ​ឲ្យ​គាត់ ពួក​គេ​បាន​សរសេរ​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​លើ​ថង់​អាហារ​នោះ។ យ៉ាង​នេះ គាត់​អាច​អាន​និង​រំពឹង​គិត​អំពី​គម្ពីរ​រាល់​ថ្ងៃ។ ក្រោយ​ពី​គាត់​បាន​ត្រូវ​គេ​ដោះ​លែង​ចេញ​ពី​គុក គាត់​បាន​ឲ្យ​យោបល់​មួយ​ដល់​ពួក​អ្នក​ដែល​មិន​ទាន់​ជួប​ទុក្ខ​លំបាក​ធ្ងន់​ធ្ងរ ថា​៖ ​«​គឺ​សំខាន់​ចាំ​បាច់​ដែល​អ្នក​ប្រើ​សេរី​ភាព​របស់​អ្នក​ឲ្យ​បាន​ពេញ​លេញ ដើម្បី​បង្កើន​ចំណេះ​របស់​អ្នក​អំពី​ព្រះ​យេហូវ៉ា​ដោយ​អាន​បណ្ដាំ​លោក និង​សៀវភៅ​របស់​យើង​»។

១៦. តើ​ប្អូន​ចូវីដុន​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី?

១៦ ប្អូន​ចូវីដុន​បាន​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ ជា​ជាង​គិត​អំពី​បំណង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ ហើយ​ប្រព្រឹត្ត​មិន​ល្អ គាត់​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះ​យេហូវ៉ា និង​អ្វី​ដែល​លោក​ឲ្យ​តម្លៃ។ ប្អូន​ចូវីដុន​កោត​ស្ងើច​ចំពោះ​ភាព​ស្រស់​ស្អាត​នៃ​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត។ ជា​រៀង​រាល់​ព្រឹក គាត់​ភ្ញាក់​ឡើង​ឮ​សំឡេង​ចាប​យំ​ល្វើយ​ៗ។ យប់​ឡើង គាត់​សម្លឹង​មើល​ទៅ​ដួង​ខែ​និង​ផ្កាយ។ គាត់​និយាយ​ថា​៖ ​«​អំណោយ​ទាំង​នេះ​ដែល​មក​ពី​ព្រះ​យេហូវ៉ា ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​និង​ទទួល​ការ​លើក​ទឹក​ចិត្ត​»។ ពេល​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ រួម​ទាំង​អ្វី​ដែល​យើង​ត្រូវ​ការ​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក នោះ​យើង​មាន​អំណរ ហើយ​អំណរ​នោះ​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ។

១៧. ពេល​យើង​ស្ថិត​ក្នុង​ស្ថានភាព​ស្រដៀង​នឹង​ប្អូន​ចូវីដុន តើ​មាន​លទ្ធផល​អ្វី​បើ​យើង​បន្ត​ស៊ូ​ទ្រាំ? (​ពេត្រុស​ទី១ ១:៦, ៧​)

១៧ ប្អូន​ចូវីដុន​ក៏​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ដែរ។ គាត់​ដឹង​អំពី​សារៈ​សំខាន់​នៃ​ការ​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​របស់​គាត់​ចំពោះ​ព្រះ​ដ៏​ពិត។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គឺ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់អ្នក ដែល​អ្នក​ត្រូវ​គោរព​ប្រណិប័តន៍ ហើយ​គឺ​សម្រាប់​តែ​លោក​ប៉ុណ្ណោះ ដែល​អ្នក​ត្រូវ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​»។ (​លូក. ៤:៨​) ពួក​មេ​បញ្ជាការ​កង​ទ័ព​និង​ពួក​ទាហាន ចង់​ឲ្យ​ប្អូន​ចូវីដុន​លះ​ចោល​សាសនា​របស់​គាត់។ ប៉ុន្តែ គាត់​បាន​អធិដ្ឋាន​អស់​ពី​ចិត្ត​រាល់​ថ្ងៃ​រាល់​យប់ ដោយ​សុំ​ព្រះ​យេហូវ៉ា​ជួយ​គាត់​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​និង​មិន​ឈប់​ព្យាយាម។ ទោះ​ជា​ប្អូន​ចូវីដុន​បាន​រង​អំពើ​អយុត្តិធម៌​ក្ដី គាត់​មិន​បាន​លះ​ចោល​ជំនឿ​របស់​គាត់​ទេ។ ជា​លទ្ធផល ឥឡូវ​គាត់​មាន​អំណរ​ជា​ខ្លាំង ដោយ​សារ​គាត់​មាន​អ្វី​ដែល​គាត់​មិន​ធ្លាប់​មាន​មុន​ដែល​គាត់​បាន​ត្រូវ​គេ​ចាប់ វាយ និង​ដាក់​គុក ពោល​គឺ​ជំនឿ​ដែល​បាន​ត្រូវ​សាក​ល្បង។—សូម​អាន ពេត្រុស​ទី១ ១:៦, ៧

១៨. តើ​យើង​អាច​រក្សា​សុភមង្គល​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១៨ ព្រះ​យេហូវ៉ា​ដឹង​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​មាន​សុភមង្គល​ពិត។ បើ​អ្នក​ធ្វើ​តាម​ចំណុច​បី​យ៉ាង​ដែល​នាំ​ឲ្យ​មាន​សុភមង្គល អ្នក​អាច​រក្សា​សុភមង្គល​របស់​អ្នក ទោះ​ជា​ជួប​ការ​ពិបាក​ក្ដី។ យ៉ាង​នេះ អ្នក​ក៏​នឹង​អាច​និយាយ​ថា​៖ ​«​ជន​ជាតិ​ណា​ដែល​មាន​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ នោះ​មាន​សុភមង្គល​ហើយ!​»។—ចសព. ១៤៤:១៥

ចម្រៀង​លេខ​៨៩ បើ​អ្នក​ស្ដាប់​បង្គាប់ អ្នក​នឹង​ទទួល​ពរ​បវរ

^ ចំពោះ​មនុស្ស​ជា​ច្រើន សុភមង្គល​ពិត​ប្រាកដ​មិន​ងាយ​រក​ឃើញ​ទេ ដោយ​សារ​ពួក​គេ​ព្យាយាម​ស្វែង​រក​វា​តាម​របៀប​មិន​ត្រឹម​ត្រូវ ដូច​ជា​តាម​រយៈ​ការ​សប្បាយ ទ្រព្យ​សម្បត្តិ ឈ្មោះ​ល្បី ឬ​អំណាច។ ប៉ុន្តែ ពេល​ដែល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​ប្រាប់​មនុស្ស​អំពី​របៀប​រក​ឃើញ​សុភមង្គល​ពិត​ប្រាកដ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ចំណុច​បី​យ៉ាង​ដែល​អាច​ជួយ​យើង​ឲ្យ​រក​ឃើញ​សុភមង្គល​ពិត។

^ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​អ្នក​កំពុង​ទទួល​‹អាហារ​តាម​ត្រូវ​ពេល›​ឬ​ទេ?​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៤។

^ ដើម្បី​បាន​ព័ត៌មាន​បន្ថែម សូម​វាយ​ពាក្យ​«​Imprisoned for Their Faith​»​នៅ​គេហទំព័រ jw.org/en ជា​ភាសា​អង់គ្លេស។

^ ការ​ពណ៌នា​អំពី​រូប​ភាព: ក្នុង​ការ​សម្ដែង​ពី​បទ​ពិសោធន៍​ពិត​នេះ បង​ប្អូន​សាក្សី​ឯ​ទៀត​គាំទ្រ​បង​ប្រុស​ម្នាក់​ដែល​បាន​ត្រូវ​គេ​ចាប់​ខ្លួន ហើយ​នាំ​ទៅ​តុលាការ​ដើម្បី​កាត់​ក្ដី។