តើអ្នកចាំឬទេ?
តើអ្នកបានអានទស្សនាវដ្ដីប៉មយាមនៅឆ្នាំនេះដោយយកចិត្តទុកដាក់ឬទេ? សូមសាកឆ្លើយសំណួរដូចតទៅនេះ៖
តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះគ្រិស្តសាសនិកដែលព្រះបានរើសតាំង?
គំរូរបស់ពួកគេលើកទឹកចិត្តយើង ប៉ុន្តែយើងមិនយកចិត្តទុកដាក់ខ្លាំងពេកចំពោះពួកគេឡើយ។ យើងជៀសវាង«ផ្គាប់ផ្គុនអ្នកដទៃ»។ (យូ. ១៦) យើងមិនសួរពួកគេអំពីរឿងផ្ទាល់ខ្លួនដែលទាក់ទងនឹងសេចក្ដីសង្ឃឹមរបស់ពួកគេទេ។—w២០.០១ ទំ. ២៩
តើអ្វីគួរធ្វើឲ្យអ្នកជឿជាក់ថាព្រះយេហូវ៉ាកត់សម្គាល់អ្នក?
គម្ពីរបង្ហាញថាលោកកត់សម្គាល់អ្នក តាំងពីអ្នកមិនទាន់កើតមកម្ល៉េះ។ លោកក៏ស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកដែរ។ លោកស្គាល់គំនិតនិងអារម្មណ៍របស់អ្នក។ ការប្រព្រឹត្តរបស់អ្នកមានឥទ្ធិពលលើអារម្មណ៍របស់លោក។ (១រប. ២៨:៩; សុភ. ២៧:១១) លោកបានទាញនាំអ្នកមកឯលោក។—w២០.០២ ទំ. ១២
តើពេលណាខ្លះយើងគួរនិយាយនិងមិនគួរនិយាយ?
យើងចូលចិត្តនិយាយអំពីព្រះយេហូវ៉ា។ បើយើងឃើញបុគ្គលណាម្នាក់កំពុងដើរតាមផ្លូវខុស យើងនិយាយប្រាប់គាត់។ ពួកអ្នកចាស់ទុំនិយាយដើម្បីផ្ដល់ឱវាទ បើចាំបាច់។ យើងមិនសួរ(ឬប្រាប់)ព័ត៌មានអំពីកិច្ចការរបស់យើងនៅប្រទេសដែលគេដាក់បម្រាមទេ។ យើងមិនប្រាប់រឿងសម្ងាត់ឡើយ។—w២០.០៣ ទំ. ២០-២១
តើកណ្ដូបក្នុងសៀវភៅយ៉ូអែលជំពូកទី២ ខុសគ្នាយ៉ាងណាពីកណ្ដូបក្នុងសៀវភៅការបើកបង្ហាញជំពូកទី៩?
យ៉ូអែល ២:២០-២៩ ចែងថាព្រះកម្ចាត់កណ្ដូបចេញ ហើយសន្យាថានឹងសងចំពោះការខូចខាតដែលកណ្ដូបបានបំផ្លាញ។ ក្រោយមក ព្រះចាក់សកម្មពលរបស់លោក។ អ្វីទាំងនេះបានកើតឡើងពេលជនជាតិបាប៊ីឡូនវាយលុកស្រុកអ៊ីស្រាអែល និងនៅពេលក្រោយមកទៀត។ ការបើកបង្ហាញ ៩:១-១១ រៀបរាប់អំពីពួកអ្នកដែលបានត្រូវរើសតាំងនៅសម័យយើងដែលមានលក្ខណៈដូចកណ្ដូប កាលដែលពួកគេប្រកាសផ្សាយអំពីការវិនិច្ឆ័យរបស់ព្រះចំពោះរបៀបរបបពិភពលោកដ៏ទុច្ចរិតនេះ ហើយធ្វើឲ្យអស់អ្នកដែលនៅខាងពិភពលោកមិនស្រណុកក្នុងចិត្តសោះ។—W២០.០៤ ទំ. ៣-៦
នៅសព្វថ្ងៃនេះ តើអ្នកណាជាស្ដេចខាងជើង?
គឺរុស្ស៊ីនិងប្រទេសដែលសហការជាមួយ។ ពួកគេមានឥទ្ធិពលទៅលើរាស្ត្ររបស់ព្រះ ដោយដាក់បម្រាមលើកិច្ចការផ្សព្វផ្សាយ ហើយបង្ហាញថាពួកគេស្អប់សាក្សីព្រះយេហូវ៉ា។ ស្ដេចខាងជើងបន្តប្រកួតប្រជែងនឹងស្ដេចខាងត្បូង។—W២០.០៥ ទំ. ១៣
តើ«ផលដែលបង្កើតដោយសកម្មពលរបស់ព្រះ»មានតែគុណសម្បត្តិ៩ដែលបានត្រូវរៀបរាប់នៅកាឡាទី ៥:២២, ២៣ប៉ុណ្ណោះឬទេ?
មិនមែនទេ។ សកម្មពលរបស់ព្រះជួយយើងបណ្ដុះឲ្យមានគុណសម្បត្តិដ៏ប្រសើរឯទៀត ដូចជាភាពសុចរិតជាដើម។ (អេភ. ៥:៨, ៩)—W២០.០៦ ទំ. ១៧
តើការបង្ហោះព័ត៌មានអំពីខ្លួនឯងនៅលើបណ្ដាញគេហទំព័រសម្រាប់ទាក់ទងគ្នាមានគ្រោះថ្នាក់អ្វី?
ព័ត៌មានដែលអ្នកបង្ហោះប្រហែលជាធ្វើឲ្យអ្នកឯទៀតគិតថាអ្នកកំពុងអួតខ្លួន មិនមែនមានចិត្តរាបទាបទេ។—W២០.០៧ ទំ. ៦-៧
តើអ្នកផ្សព្វផ្សាយអាចរៀនអ្វីពីអ្នកនេសាទត្រីដ៏ចំណាន?
អ្នកនេសាទត្រីនេសាទនៅពេលនិងនៅកន្លែងដែលពួកគេទំនងជារកត្រីបានច្រើនបំផុត។ ពួកគេបានត្រូវបង្ហាត់បង្រៀនឲ្យប្រើឧបករណ៍ត្រឹមត្រូវ។ ម្យ៉ាងទៀត ពួកគេខំតស៊ូបំពេញកិច្ចការយ៉ាងអង់អាចក្លាហានក្នុងស្ថានភាពមិនទៀង។ យើងក៏អាចធ្វើដូច្នេះក្នុងកិច្ចបម្រើផ្សាយរបស់យើងដែរ។—W២០.០៩ ទំ. ៥
តើយើងអាចជួយសិស្សគម្ពីរឲ្យស្រឡាញ់ព្រះយេហូវ៉ាកាន់តែខ្លាំងឡើងតាមរបៀបណាខ្លះ?
យើងអាចលើកទឹកចិត្តពួកគេឲ្យអានគម្ពីរជារៀងរាល់ថ្ងៃនិងរំពឹងគិតអំពីអ្វីដែលពួកគេបានអាន។ យើងក៏អាចបង្រៀនពួកគេឲ្យអធិដ្ឋានដែរ។—W២០.១១ ទំ. ៤
តើពាក្យដែលចែងថា៖ «ទាំងអស់គ្នានឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញក្នុងគ្រិស្ត» រួមបញ្ចូលអ្នកណា?—១កូ. ១៥:២២
ពាក្យរបស់សាវ័កប៉ូលមិនមានន័យថាមនុស្សគ្រប់រូបនឹងត្រូវប្រោសឲ្យរស់ឡើងវិញទេ។ ពាក្យរបស់គាត់សំដៅទៅលើគ្រិស្តសាសនិកដែលបានត្រូវរើសតាំង គឺពួកអ្នកដែលបានត្រូវ«ញែកចេញជាបរិសុទ្ធក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ»។ (១កូ. ១:២; ១៥:១៨)—W២០.១២ ទំ. ៥-៦
តើពួកអ្នករើសតាំងនឹងធ្វើអ្វី ក្រោយពីពួកគេបានត្រូវ‹ផ្លាស់ប្រែក្នុងមួយប៉ប្រិចភ្នែក ក្នុងអំឡុងពេលដែលត្រែចុងក្រោយបន្លឺឡើង›?—១កូ. ១៥:៥១-៥៣
ពួកគេនឹងរួមចំណែកជាមួយគ្រិស្តក្នុងការឃ្វាលបណ្ដាជនដោយដំបងដែក។ (បប. ២:២៦, ២៧)—W២០.១២ ទំ. ១២-១៣