លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៥២

របៀបយកឈ្នះការធ្លាក់ទឹកចិត្ត

របៀបយកឈ្នះការធ្លាក់ទឹកចិត្ត

​«​ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់​ទល់​អ្នក​»។—ទំនុក. ៥៥:២២

ចម្រៀង​លេខ​៣៣ ចូរ​ផ្ទេរ​បន្ទុក​ទៅ​លើ​ព្រះ​យេហូវ៉ា

សេចក្ដី​សង្ខេប *

១. តើ​ការ​ធ្លាក់​ទឹក​ចិត្ត​ប្រហែល​ជា​មាន​ឥទ្ធិ​ព​ល​យ៉ាង​ណា​មក​លើ​យើង?

រាល់​ថ្ងៃ​យើង​ប្រឈម​មុខ​នឹង​បញ្ហា ហើយ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ត​ស៊ូ​នឹង​បញ្ហា​ទាំង​នោះ។ ប៉ុន្តែ ពេល​យើង​ធ្លាក់​ទឹក​ចិត្ត យើង​ពិបាក​ដោះ​ស្រាយ​បញ្ហា​របស់​យើង មែន​ទេ? ដូច្នេះ យើង​ត្រូវ​ចាត់​ទុក​ការ​ធ្លាក់​ទឹក​ចិត្ត​ថា​ហាក់​ដូច​ជា​ចោរ​ដែល​អាច​ឆក់​យក​ទំនុក​ចិត្ត ចិត្ត​ក្លាហាន និង​អំណរ​របស់​យើង។ សុភាសិត ២៤:១០ ចែង​ថា​៖ ​«​បើ​ឯង​អន់​ថយ​ក្នុង​ថ្ងៃ​លំបាក នោះ​ឈ្មោះ​ថា​ឯង​មាន​កំឡាំង​តិច​ទេ​»។ ដូច្នេះ ការ​ធ្លាក់​ទឹក​ចិត្ត​អាច​ធ្វើ​ឲ្យ​យើង​បាក់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​យក​ឈ្នះ​បញ្ហា​ក្នុង​ជីវិត។

២. តើ​អ្វី​អាច​នាំ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

មាន​អ្វី​ៗ​ជា​ច្រើន​ដែល​អាច​នាំ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត ដូច​ជា​កំហុស​របស់​យើង ភាព​ទន់​ខ្សោយ និង​បញ្ហា​សុខភាព។ ឬ​យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត ដោយ​សារ​យើង​មិន​ទទួល​ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ដែល​យើង​ចង់​ទទួល ឬ​យើង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ផ្សាយ​ដែល​មើល​ទៅ​មិន​សូវ​បង្កើត​ផល។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​ដើម្បី​យក​ឈ្នះ​ការ​ធ្លាក់​ទឹក​ចិត្ត។

ពេល​ត​យុទ្ធ​នឹង​កំហុស​និង​ភាព​ទន់​ខ្សោយ

៣. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​កំហុស​របស់​យើង?

គឺ​ងាយ​ស្រួល​ឲ្យ​យើង​ចាប់​ផ្ដើម​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​កំហុស​និង​ភាព​ទន់​ខ្សោយ​របស់​យើង ហើយ​គិត​ថា​ដោយ​សារ​យើង​ធ្វើ​ខុស ព្រះ​យេហូវ៉ា​នឹង​មិន​ចង់​ឲ្យ​យើង​ចូល​ក្នុង​ពិភព​លោក​ថ្មី​ទេ។ ប៉ុន្តែ គំនិត​បែប​នេះ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ដូច្នេះ តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​កំហុស​របស់​យើង? គម្ពីរ​ចែង​ថា ក្រៅ​ពី​លោក​យេស៊ូ​គ្រិស្ត មនុស្ស​គ្រប់​រូប​«​ធ្លាប់​ធ្វើ​ខុស​»។ (​រ៉ូម ៣:២៣​) ប៉ុន្តែ អ្នក​និពន្ធ​គម្ពីរ​មិន​មែន​ជា​បុគ្គល​ដែល​ចាំ​ចាប់​កំហុស ឬ​តម្រូវ​ឲ្យ​ល្អ​ឥត​ខ្ចោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ជា​បិតា​ដែល​ស្រឡាញ់​យើង​និង​ចង់​ជួយ​យើង។ លោក​ក៏​អត់​ធ្មត់​នឹង​យើង​ដែរ។ លោក​ឃើញ​ថា​យើង​ខំ​ប្រឹង​ត​យុទ្ធ​នឹង​ភាព​ទន់​ខ្សោយ និង​យក​ឈ្នះ​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង ហើយ​លោក​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​ជួយ​យើង។—រ៉ូម ៧:១៨, ១៩

ព្រះ​យេហូវ៉ា​ដឹង​ទាំង​ការ​ល្អ​ដែល​យើង​ធ្វើ​នៅ​អតីតកាល​ទាំង​ការ​ល្អ​ដែល​យើង​កំពុង​ធ្វើ​នៅ​ឥឡូវ​នេះ (​សូម​មើល​វគ្គ​៥​) *

៤​-​៥. តើ​ពាក្យ​អ្វី​នៅ​យ៉ូហាន​ទី​១ ៣:១៩, ២០​បាន​ជួយ​បង​ស្រី​ពីរ​នាក់​ឲ្យ​យក​ឈ្នះ​ការ​ធ្លាក់​ទឹក​ចិត្ត?

សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ដេបូរ៉ា​និង​បង​ស្រី​ម៉ារៀ។ * ពេល​បង​ដេបូរ៉ា​នៅ​ក្មេង ក្រុម​គ្រួសារ​របស់​គាត់​មិន​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់​ទេ ហើយ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ។ គាត់​កម្រ​ទទួល​ការ​សរសើរ​ណាស់។ ដូច្នេះ ពេល​ដែល​គាត់​ពេញ​វ័យ គាត់​មាន​ទស្សនៈ​មិន​ល្អ​ចំពោះ​ខ្លួន​ឯង។ ពេល​គាត់​ធ្វើ​ខុស​តិច​តួច គាត់​មាន​អារម្មណ៍​ថា​គាត់​ជា​មនុស្ស​គ្មាន​បាន​ការ​សោះ។ បង​ម៉ារៀ​មាន​បញ្ហា​ស្រដៀង​គ្នា។ សាច់​ញាតិ​របស់​គាត់​ធ្វើ​ឲ្យ​គាត់​មិន​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន​ឯង។ ដូច្នេះ គាត់​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​ប្រយោជន៍។ សូម្បី​តែ​ក្រោយ​ពី​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក ក៏​គាត់​គិត​ថា​គាត់​មិន​សម​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ទេ!

ប៉ុន្តែ បង​ស្រី​ទាំង​ពីរ​នាក់​នេះ​មិន​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ ហេតុ​អ្វី? មូលហេតុ​មួយ​គឺ ពួក​គាត់​បាន​ផ្ទេរ​បន្ទុក​របស់​ពួក​គាត់​ទៅ​លើ​ព្រះ​យេហូវ៉ា ដោយ​អធិដ្ឋាន​អស់​ពី​ចិត្ត។ (​ទំនុក. ៥៥:២២​) ពួក​គាត់​ទទួល​ស្គាល់​ថា​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​យើង​ដឹង​អំពី​អតីតកាល​មិន​ល្អ​របស់​យើង ហើយ​ថា​នោះ​អាច​នាំ​ឲ្យ​យើង​មាន​គំនិត​មិន​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន។ ប៉ុន្តែ លោក​ក៏​ឃើញ​គុណ​សម្បត្តិ​របស់​យើង ទោះ​ជា​យើង​គិត​ថា​យើង​មិន​មាន​គុណ​សម្បត្តិ​ក្ដី។—សូម​អាន យ៉ូហាន​ទី​១ ៣:១៩, ២០

៦. តើ​អ្នក​ដែល​ធ្លាក់​ខ្លួន​ធ្វើ​ខុស​ម្ដង​ទៀត​អាច​ធ្វើ​អ្វី?

បុគ្គល​ខ្លះ​ព្យាយាម​យក​ឈ្នះ​ទម្លាប់​អាក្រក់​ដែល​គាត់​មាន​ជា​យូរ​មក​ហើយ តែ​គាត់​ប្រហែល​ជា​ធ្វើ​ខុស​នោះ​ម្ដង​ទៀត ហើយ​ធ្លាក់​ទឹក​ចិត្ត។ ពិត​មែន​ថា​គឺ​ជា​រឿង​ធម្មតា​ទេ ដែល​យើង​ស្ដាយ​ក្រោយ​ពេល​យើង​ធ្វើ​ខុស។ (​២កូ. ៧:១០​) តែ​យើង​មិន​គួរ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក រហូត​ដល់​យើង​គិត​ថា ‹ខ្ញុំ​គ្មាន​តម្លៃ ព្រះ​យេហូវ៉ា​ប្រាកដ​ជា​មិន​អាច​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ទេ›។ គំនិត​បែប​នេះ​មិន​មែន​ជា​ការ​ពិត​ទេ ហើយ​អាច​ធ្វើ​ឲ្យ​យើង​ឈប់​បម្រើ​ព្រះ​យេហូវ៉ា។ សូម​ចាំ​ពាក្យ​នៅ​សុភាសិត ២៤:១០​ដែល​ថា ពេល​យើង​ធ្លាក់​ទឹក​ចិត្ត យើង​មាន​កម្លាំង​តិច។ ផ្ទុយ​ទៅ​វិញ ចូរ​អធិដ្ឋាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​អ្នក។ (​អេ. ១:១៨​) ពេល​ព្រះ​យេហូវ៉ា​ឃើញ​ថា​អ្នក​ពិត​ជា​ស្ដាយ​ក្រោយ ហើយ​ខំ​ប្រែ​ចិត្ត នោះ​លោក​នឹង​អភ័យ​ទោស​ឲ្យ​អ្នក។ បន្ថែម​ទៅ​ទៀត សូម​ទៅ​ជួប​ពួក​អ្នក​ចាស់​ទុំ។ ពួក​គេ​នឹង​បង្ហាញ​ចិត្ត​អត់​ធ្មត់ ពេល​ពួក​គេ​ជួយ​អ្នក​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ឡើង​វិញ​ជា​មួយ​ព្រះ​យេហូវ៉ា។—យ៉ា. ៥:១៤, ១៥

៧. ហេតុ​អ្វី​យើង​មិន​គួរ​ធ្លាក់​ទឹក​ចិត្ត​បើ​យើង​ពិបាក​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ?

បង​ប្រុស​ហ្សនលូក​ដែល​ជា​អ្នក​ចាស់​ទុំ​នៅ​ប្រទេស​បារាំង និយាយ​ទៅ​កាន់​ពួក​អ្នក​ដែល​ព្យាយាម​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​ណា​មួយ ថា​៖ ​«​បុគ្គល​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​ជា​មនុស្ស​សុចរិត មិន​មែន​ជា​បុគ្គល​ដែល​មិន​ចេះ​ធ្វើ​ខុស​ទេ តែ​ជា​បុគ្គល​ដែល​ស្ដាយ​ក្រោយ​ពេល​គាត់​ធ្វើ​ខុស និង​តែង​តែ​ប្រែ​ចិត្ត​»។ (​រ៉ូម ៧:២១​-​២៥​) ដូច្នេះ សូម​កុំ​គិត​ថា​អ្នក​គ្មាន​តម្លៃ បើ​អ្នក​កំពុង​ខំ​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​ណា​មួយ​របស់​អ្នក។ សូម​ចាំ​ថា​គ្មាន​យើង​ណា​ម្នាក់​ដែល​សម​រាប់​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ​ទេ។ យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ ដែល​លោក​ផ្ដល់​ឲ្យ​ដោយ​ផ្អែក​លើ​ថ្លៃ​លោះ។—អេភ. ១:៧; ១យ៉ូន. ៤:១០

៨. ពេល​យើង​ធ្លាក់​ទឹក​ចិត្ត តើ​យើង​អាច​រក​ជំនួយ​ពី​អ្នក​ណា?

យើង​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​បង​ប្អូន​រួម​ជំនឿ​ដែល​ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ​របស់​យើង! ពួក​គេ​អាច​ស្ដាប់​យើង​ពេល​យើង​មាន​អ្វី​ត្រូវ​និយាយ ហើយ​អាច​លើក​ទឹក​ចិត្ត​យើង។ (​សុភ. ១២:២៥; ១ថែ. ៥:១៤​) បង​ស្រី​ជយ​ដែល​រស់​នៅ​ប្រទេស​នីហ្សេរីយ៉ា ធ្លាប់​ធ្លាក់​ទឹក​ចិត្ត។ គាត់​និយាយ​ថា​៖ ​«​បើ​គ្មាន​បង​ប្អូន ខ្ញុំ​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​ទេ។ បង​ប្អូន​រួម​ជំនឿ​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា ព្រះ​យេហូវ៉ា​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ។ ខ្ញុំ​ក៏​បាន​រៀន​ពី​ពួក​គេ​អំពី​របៀប​លើក​ទឹក​ចិត្ត​ពួក​អ្នក​ធ្លាក់​ទឹក​ចិត្ត​ផង​ដែរ​»។ ប៉ុន្តែ យើង​ត្រូវ​ចាំ​ថា​បង​ប្អូន​របស់​យើង​មិន​តែង​តែ​ដឹង​ថា​យើង​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​នៅ​ពេល​ណា​ទេ។ ដូច្នេះ យើង​ប្រហែល​ជា​ត្រូវ​ទៅ​រក​បង​ប្អូន​ដែល​មាន​ភាព​ចាស់​ទុំ ហើយ​ប្រាប់​ថា​យើង​ត្រូវ​ការ​ជំនួយ។

ពេល​មាន​បញ្ហា​សុខភាព

៩. តើ​ទំនុក​តម្កើង ៤១:៣ និង​៩៤:១៩​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ណា?

ចូរ​ស្វែង​រក​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា។ ពេល​យើង​មិន​សូវ​ស្រួល​ខ្លួន ហើយ​ជា​ពិសេស​បើ​យើង​ឈឺ​ជា​យូរ​មក​ហើយ យើង​ប្រហែល​ជា​ពិបាក​មាន​ទស្សនៈ​ត្រឹម​ត្រូវ។ ព្រះ​យេហូវ៉ា​មិន​ធ្វើ​អព្ភូតហេតុ​ឲ្យ​យើង​ជា​សះ​ស្បើយ​ពី​ជំងឺ​នៅ​ឥឡូវ​នេះ​ទេ។ ប៉ុន្តែ​លោក​សម្រាល​ទុក្ខ​យើង ហើយ​អាច​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ។ (​សូម​អាន ទំនុក​តម្កើង ៤១:៣; ៩៤:១៩) ជា​ឧទាហរណ៍ លោក​ប្រហែល​ជា​ជំរុញ​ចិត្ត​បង​ប្អូន​ឲ្យ​មក​ជួយ​យើង​នៅ​ផ្ទះ ឬ​ជួយ​ទៅ​ផ្សារ។ ឬ​ក៏​លោក​ប្រហែល​ជា​ជំរុញ​ចិត្ត​បង​ប្អូន​ឲ្យ​អធិដ្ឋាន​ជា​មួយ​យើង។ មួយ​វិញ​ទៀត លោក​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​នឹក​ចាំ​អំពី​ព័ត៌មាន​ដែល​អាច​សម្រាល​ទុក្ខ​យើង​ពី​បណ្ដាំ​របស់​លោក ដូច​ជា​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​អំពី​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​គ្មាន​ជំងឺ​និង​ការ​ឈឺ​ចាប់ ក្នុង​ពិភព​លោក​ថ្មី​ដែល​ជិត​មក​ដល់។—រ៉ូម ១៥:៤

១០. ក្រោយ​ពី​បង​អ៊ីសាង​ជួប​គ្រោះ​ថ្នាក់ ហេតុ​អ្វី​គាត់​មិន​ធ្លាក់​ទឹក​ចិត្ត​យូរ?

១០ បង​ប្រុស​អ៊ីសាង​ដែល​រស់​នៅ​ប្រទេស​នីហ្សេរីយ៉ា ជួប​គ្រោះ​ថ្នាក់​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​ពិការ។ គ្រូ​ពេទ្យ​បាន​ប្រាប់​គាត់​ថា​គាត់​មិន​អាច​ដើរ​រួច​ទៀត​ទេ។ បង​អ៊ីសាង​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​ចិត្ត​សង្រេង​និង​ខ្ទេច​ខ្ទាំ​»។ ប៉ុន្តែ​តើ​គាត់​បន្ត​ធ្លាក់​ទឹក​ចិត្ត​ឬ​ទេ? មិន​មែន​ទេ។ តើ​អ្វី​បាន​ជួយ​គាត់? បង​អ៊ីសាង​ពន្យល់​ថា​៖ ​«​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​មិន​ដែល​ឈប់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​និង​សិក្សា​បណ្ដាំ​របស់​លោក​ទេ។ យើង​ក៏​តាំង​ចិត្ត​មាន​អំណរ​គុណ​ចំពោះ​អ្វី​ល្អ​ៗ​ដែល​យើង​មាន រួម​ទាំង​សេចក្ដី​សង្ឃឹម​ឲ្យ​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ​»។

សូម្បី​តែ​ពួក​អ្នក​ដែល​មាន​បញ្ហា​សុខភាព ក៏​អាច​មាន​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​កិច្ច​បម្រើ​ផ្សាយ​បង្កើត​ផល ហើយ​មាន​អំណរ (​សូម​មើល​វគ្គ​១១​-​១៣​)

១១. ហេតុ​អ្វី​បង​ស៊ីនឌី​មាន​អំណរ​ទោះ​ជា​មាន​បញ្ហា​សុខភាព​ក្ដី?

១១ បង​ស្រី​ស៊ីនឌី​ដែល​រស់​នៅ​ប្រទេស​ម៉ិកស៊ិក បាន​ត្រូវ​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​គាត់​មាន​ជំងឺ​មួយ​ដែល​អាច​បណ្ដាល​ឲ្យ​គាត់​ស្លាប់។ តើ​គាត់​បាន​ស៊ូ​ទ្រាំ​តាម​របៀប​ណា? គាត់​មាន​គោល​ដៅ​ផ្សព្វ​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​អំឡុង​គ្រា​ដែល​គាត់​ទទួល​ការ​ព្យាបាល។ គាត់​រៀប​រាប់​ថា​៖ ​«​នេះ​ជួយ​ខ្ញុំ​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្នក​ឯ​ទៀត ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​វះ​កាត់ ការ​ឈឺ​ចាប់ ឬ​អារម្មណ៍​មិន​ល្អ​របស់​ខ្ញុំ។ អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ក្នុង​អំឡុង​ការ​សន្ទនា​ជា​មួយ​គ្រូ​ពេទ្យ ឬ​គិលានុបដ្ឋាក ខ្ញុំ​សួរ​សុខ​ទុក្ខ​អំពី​ក្រុម​គ្រួសារ​របស់​ពួក​គេ។ រួច​មក​ខ្ញុំ​សួរ​ពួក​គេ​អំពី​មូលហេតុ​ដែល​ពួក​គេ​ជ្រើស​រើស​ការងារ​ដ៏​ពិបាក​នេះ។ យ៉ាង​នេះ ខ្ញុំ​ស្រួល​ដឹង​ថា​ប្រធានបទ​មួយ​ណា​អាច​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ពួក​គេ។ ពួក​គេ​ជា​ច្រើន​នាក់​និយាយ​ថា​កម្រ​មាន​អ្នក​ជំងឺ​សួរ​សុខ​ទុក្ខ​ពួក​គេ​ណាស់ ហើយ​ពួក​គេ​អរគុណ​ខ្ញុំ​ដែល​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ។ អ្នក​ខ្លះ​ថែម​ទាំង​ឲ្យ​ព័ត៌មាន​ដល់​ខ្ញុំ​ដើម្បី​ទាក់​ទង​ពួក​គេ​ត​ទៅ​ទៀត។ ដូច្នេះ​នៅ​គ្រា​ដ៏​ពិបាក​នោះ​ក្នុង​ជីវិត​ខ្ញុំ ព្រះ​យេហូវ៉ា​ឲ្យ​ខ្ញុំ​មាន​អំណរ​យ៉ាង​ខ្លាំង​ដែល​ខ្ញុំ​នឹក​ស្មាន​មិន​ដល់!​»។—សុភ. ១៥:១៥

១២​-​១៣. តើ​បង​ប្អូន​ខ្លះ​ដែល​ឈឺ ឬ​មាន​សុខភាព​មិន​សូវ​មាំ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច ហើយ​តើ​នោះ​មាន​លទ្ធផល​អ្វី?

១២ ពួក​អ្នក​ដែល​ឈឺ​ឬ​ពួក​អ្នក​ដែល​មាន​សុខភាព​មិន​សូវ​មាំ ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​ពួក​គេ​មិន​អាច​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដូច​ដែល​ពួក​គេ​ចង់​ធ្វើ​ទេ។ ប៉ុន្តែ​ពួក​គេ​ជា​ច្រើន​នាក់​បាន​រក​វិធី​ផ្សេង​ៗ​ដើម្បី​ផ្សព្វ​ផ្សាយ។ នៅ​សហ​រដ្ឋ​អាម៉េរិក បង​ស្រី​ម្នាក់​ឈ្មោះ​ឡូរិល​ត្រូវ​ដេក​ជាប់​ក្នុង​ម៉ាស៊ីន​ដែល​ជួយ​គាត់​ដក​ដង្ហើម​អស់​៣៧​ឆ្នាំ​ដោយ​គ្មាន​សកម្មភាព។ គាត់​ក៏​មាន​ជំងឺ​មហា​រីក វះ​កាត់​ជា​ច្រើន​ដង និង​មាន​ជំងឺ​សើ​ស្បែក​ដែរ។ ទោះ​ជា​គាត់​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ទាំង​នេះ​ក្ដី គាត់​មិន​បាន​ឈប់​ផ្សព្វ​ផ្សាយ​ទេ។ គាត់​បាន​ផ្សព្វ​ផ្សាយ​ដល់​គិលានុបដ្ឋាក និង​អ្នក​ថែ​ទាំ​គាត់​ដែល​មក​ផ្ទះ​គាត់។ ជា​លទ្ធផល យ៉ាង​ហោច​ណាស់​មាន​មនុស្ស​១៧​នាក់​ដែល​គាត់​បាន​ជួយ​ឲ្យ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា!

១៣ បង​ប្រុស​រីឆឺដ​ដែល​ជា​អ្នក​ចាស់​ទុំ​ម្នាក់​នៅ​ប្រទេស​បារាំង​មាន​យោបល់​ល្អ​សម្រាប់​បង​ប្អូន​ដែល​មិន​អាច​ចេញ​ពី​ផ្ទះ ឬ​ដែល​រស់​នៅ​មណ្ឌល​ចាស់​ជរា។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ជូន​យោបល់​ពួក​គេ​ឲ្យ​ដាក់​តាំង​បង្ហាញ​សៀវភៅ​នៅ​កន្លែង​ណា​មួយ។ ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​មនុស្ស​ឆ្ងល់​ចង់​ដឹង ហើយ​មក​សួរ។ នេះ​អាច​លើក​ទឹក​ចិត្ត​បង​ប្អូន​ជា​ទី​ស្រឡាញ់​ដែល​មិន​អាច​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​»។ បង​ប្អូន​ដែល​មិន​អាច​ចេញ​ពី​ផ្ទះ​ក៏​អាច​ផ្សព្វ​ផ្សាយ​ដោយ​សរសេរ​សំបុត្រ ឬ​តាម​ទូរស័ព្ទ។

ពេល​មិន​ទទួល​ឯកសិទ្ធិ​ដែល​ចង់​បាន

១៤. តើ​ស្ដេច​ដាវីឌ​បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​អ្វី?

១៤ មាន​មូលហេតុ​ជា​ច្រើន​ដែល​យើង​ប្រហែល​ជា​មិន​ទទួល​ឯកសិទ្ធិ​ណា​មួយ​ដែល​យើង​ចង់​បាន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​ចាស់​ពេក មាន​បញ្ហា​សុខភាព ឬ​ប្រហែល​ជា​មាន​មូលហេតុ​ផ្សេង​ទៀត។ បើ​យើង​ស្ថិត​ក្នុង​ស្ថានភាព​ណា​មួយ​នេះ យើង​អាច​រៀន​ពី​គំរូ​របស់​ស្ដេច​ដាវីឌ។ ដាវីឌ​ពិត​ជា​ចង់​សង់​វិហារ​របស់​ព្រះ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អ្នក​ផ្សេង​ឲ្យ​ធ្វើ​កិច្ច​ការ​នោះ។ ដាវីឌ​បាន​គាំទ្រ​អ្នក​ដែល​ព្រះ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​កិច្ច​ការ​នោះ យ៉ាង​ពេញ​ទំហឹង។ គាត់​ថែម​ទាំង​បាន​ជូន​វិភាគទាន​ជា​ច្រើន​សម្រាប់​គម្រោង​សាង​សង់​នោះ។ គាត់​ពិត​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​ចំពោះ​យើង​មែន!—២សាំ. ៧:១២, ១៣; ១រប. ២៩:១, ៣​-​៥

១៥. តើ​បង​អ៊ូក​បាន​យក​ឈ្នះ​ការ​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១៥ ដោយ​សារ​បញ្ហា​សុខភាព បង​ប្រុស​អ៊ូក​នៅ​ប្រទេស​បារាំង​ត្រូវ​ឈប់​បម្រើ​ជា​អ្នក​ចាស់​ទុំ។ គាត់​ថែម​ទាំង​មិន​អាច​ធ្វើ​កិច្ច​ការ​ស្រួល​ៗ​នៅ​ផ្ទះ​ទៀត​ផង។ គាត់​សរសេរ​ថា​៖ ​«​ដំបូង ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​គ្មាន​តម្លៃ​សោះ ហើយ​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​យល់​ថា គឺ​សំខាន់​ដែល​ខ្ញុំ​ទទួល​ស្គាល់​កម្រិត​សមត្ថភាព​ខ្លួន​ឯង។ បន្ទាប់​មក ខ្ញុំ​អាច​មាន​អំណរ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​តាម​កម្រិត​សមត្ថភាព​ទាំង​នោះ។ ខ្ញុំ​តាំង​ចិត្ត​មិន​ឈប់​ព្យាយាម​ទេ។ ខ្ញុំ​នឹង​ត​ស៊ូ​ទៅ​មុខ​ទៀត ដូច​គេឌាន​និង​ពួក​បុរស​៣០០​នាក់​របស់​គាត់​ដែល​នឿយ​ហត់!​»។—ចៅ. ៨:៤

១៦. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ពួក​ទេវតា?

១៦ ទេវតា​ដ៏​ស្មោះ​ត្រង់​គឺ​ជា​គំរូ​ដ៏​ល្អ។ ក្នុង​អំឡុង​ការ​គ្រប់​គ្រង​របស់​ស្ដេច​អ័ហាប់ ព្រះ​យេហូវ៉ា​បាន​អញ្ជើញ​ពួក​ទេវតា​ឲ្យ​ជូន​យោបល់​អំពី​របៀប​បញ្ឆោត​ស្ដេច​អាក្រក់​នោះ។ ទេវតា​មួយ​ចំនួន​បាន​ឲ្យ​យោបល់ ប៉ុន្តែ​ព្រះ​បាន​ជ្រើស​រើស​យោបល់​របស់​ទេវតា​មួយ​រូប ហើយ​ប្រាប់​ថា​នោះ​នឹង​បាន​សម្រេច។ (​១ព. ២២:១៩​-​២២​) តើ​ទេវតា​ដ៏​ស្មោះ​ត្រង់​ឯ​ទៀត​បាន​ធ្លាក់​ទឹក​ចិត្ត ដោយ​គិត​ថា ‹ខ្ញុំ​ខំ​ឲ្យ​យោបល់ តែ​ឥត​ប្រយោជន៍›​ឬ​ទេ? ពួក​គេ​ច្បាស់​ជា​មិន​គិត​បែប​នេះ​ទេ។ ពួក​ទេវតា​ពិត​ជា​មាន​ចិត្ត​រាប​ទាប ហើយ​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​កិត្តិយស​ទាំង​អស់។—ចៅ. ១៣:១៦​-​១៨; បប. ១៩:១០

១៧. តើ​យើង​គួរ​ធ្វើ​អ្វី​បើ​យើង​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​យើង​មិន​ទទួល​ឯកសិទ្ធិ​ណា​មួយ​ក្នុង​កិច្ច​បម្រើ?

១៧ សូម​ចាំ​អំពី​ឯកសិទ្ធិ​ដែល​យើង​មាន​ក្នុង​ការ​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​និង​ប្រកាស​អំពី​រាជាណាចក្រ​របស់​លោក។ ភារកិច្ច​អាច​មាន​ឬ​អាច​បាត់​ទៅ​វិញ តែ​ព្រះ​មិន​ចាត់​ទុក​យើង​ថា​មាន​តម្លៃ ដោយ​សារ​ភារកិច្ច​ដែល​យើង​មាន​ទេ។ គឺ​ការ​មាន​ចិត្ត​សុភាព​រាប​ទាប​ដែល​ធ្វើ​ឲ្យ​យើង​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​របស់​យើង។ ដូច្នេះ ចូរ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​រក្សា​ចិត្ត​សុភាព​រាប​ទាប។ សូម​រំពឹង​គិត​អំពី​គំរូ​ដ៏​ល្អ​ជា​ច្រើន​ស្ដី​អំពី​ចិត្ត​សុភាព​រាប​ទាប​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​បណ្ដាំ​របស់​លោក។ សូម​បម្រើ​បង​ប្អូន​ដោយ​អស់​ពី​សមត្ថភាព​តាម​របៀប​ណា​ដែល​អ្នក​អាច​ធ្វើ​បាន។—ទំនុក. ១៣៨:៦; ១ពេ. ៥:៥

ពេល​តំបន់​ផ្សាយ​មិន​សូវ​បង្កើត​ផល

១៨​-​១៩. តើ​អ្នក​អាច​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច សូម្បី​តែ​ពេល​តំបន់​ផ្សាយ​របស់​អ្នក​មើល​ទៅ​មិន​បង្កើត​ផល​ក្ដី?

១៨ តើ​អ្នក​ធ្លាប់​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​តំបន់​ផ្សាយ​របស់​អ្នក​មើល​ទៅ​មិន​បង្កើត​ផល ឬ​ដោយ​សារ​មិន​សូវ​មាន​មនុស្ស​នៅ​ផ្ទះ​ឬ​ទេ? ក្នុង​កាលៈទេសៈ​បែប​នោះ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​រក្សា​អំណរ ឬ​កាន់​តែ​មាន​អំណរ? មាន​យោបល់​ផ្សេង​ៗ​ក្នុង​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ របៀប​កាន់​តែ​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​»។ ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​កិច្ច​បម្រើ​ផ្សាយ​ក៏​សំខាន់​ដែរ។ តើ​នោះ​រួម​បញ្ចូល​អ្វី​ខ្លះ?

១៩ ចូរ​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រកាស​នាម​របស់​ព្រះ​និង​រាជាណាចក្រ​របស់​លោក។ លោក​យេស៊ូ​បាន​បញ្ជាក់​ថា នឹង​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ឃើញ​ផ្លូវ​ទៅ​ឯ​ជីវិត។ (​ម៉ាថ. ៧:១៣, ១៤​) ពេល​យើង​ផ្សព្វ​ផ្សាយ យើង​មាន​កិត្តិយស​រួម​ការងារ​ជា​មួយ​ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​ពួក​ទេវតា។ (​ម៉ាថ. ២៨:១៩, ២០; ១កូ. ៣:៩; បប. ១៤:៦, ៧​) ព្រះ​យេហូវ៉ា​កំពុង​ស្វែង​រក​មនុស្ស​ដែល​ចង់​បម្រើ​លោក។ (​យ៉ូន. ៦:៤៤​) ដូច្នេះ បើ​បុគ្គល​ម្នាក់​មិន​ចង់​ស្ដាប់​ដំណឹង​ដែល​យើង​ផ្សាយ​នៅ​លើក​នេះ​ទេ គាត់​ប្រហែល​ជា​នឹង​ស្ដាប់​យើង​នៅ​លើក​ក្រោយ។

២០. តើ​យេរេមា ២០:៨, ៩​អាច​បង្រៀន​យើង​អ្វី​អំពី​ការ​យក​ឈ្នះ​ការ​ធ្លាក់​ទឹក​ចិត្ត?

២០ យើង​អាច​រៀន​ច្រើន​ពី​យេរេមា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ គាត់​មាន​ភារកិច្ច​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដ៏​ពិបាក​ណាស់។ នៅ​ទី​នោះ បណ្ដា​ជន​បាន​មើល​ងាយ និង​សើច​ចំអក​គាត់​«​ជា​និច្ច​រាល់​ថ្ងៃ​»។ (​សូម​អាន យេរេមា ២០:៨, ៩) នៅ​ពេល​មួយ គាត់​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​ចង់​ឈប់​ផ្សព្វ​ផ្សាយ។ ប៉ុន្តែ​គាត់​មិន​បាន​ឈប់​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​«​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​»​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​ដែល​យេរេមា​កប់​ទុក​ក្នុង​ខ្លួន​មិន​បាន! យើង​អាច​មាន​អារម្មណ៍​ដូច​គាត់ បើ​យើង​សិក្សា​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ​និង​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អ្វី​ដែល​យើង​សិក្សា។ យ៉ាង​នេះ យើង​នឹង​កាន់​តែ​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​មនុស្ស​កាន់​តែ​ច្រើន​ប្រហែល​ជា​ស្ដាប់​យើង។—យេ. ១៥:១៦

២១. តើ​យើង​អាច​យក​ឈ្នះ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​របៀប​ណា?

២១ បង​ដេបូរ៉ា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ និយាយ​ថា​៖ ​«​ការ​ធ្លាក់​ទឹក​ចិត្ត​ប្រៀប​ដូច​ជា​អាវុធ​ដ៏​ខ្លាំង​ក្លា​របស់​សាថាន​»។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​ជាង​សាថាន​និង​អាវុធ​ទាំង​អស់​របស់​វា។ ដូច្នេះ បើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ទឹក​ចិត្ត ចូរ​អង្វរ​សុំ​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា។ លោក​នឹង​ជួយ​អ្នក​ឲ្យ​ត​យុទ្ធ​នឹង​កំហុស​និង​ភាព​ទន់​ខ្សោយ​របស់​អ្នក។ លោក​នឹង​គាំទ្រ​អ្នក​ពេល​អ្នក​ឈឺ។ លោក​នឹង​ជួយ​អ្នក​ឲ្យ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ភារកិច្ច​ក្នុង​កិច្ច​បម្រើ​លោក។ លោក​ក៏​នឹង​ជួយ​អ្នក​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​កិច្ច​បម្រើ​ផ្សាយ។ ម្យ៉ាង​ទៀត ចូរ​ប្រាប់​បិតា​របស់​អ្នក​នៅ​ស្ថាន​សួគ៌​អំពី​ការ​ខ្វល់​ខ្វាយ​ទាំង​អស់​របស់​អ្នក។ ដោយ​មាន​ជំនួយ​ពី​លោក អ្នក​អាច​យក​ឈ្នះ​ការ​ធ្លាក់​ទឹក​ចិត្ត​បាន។

ចម្រៀង​លេខ​៤១ សូម​លោក​ស្ដាប់​ខ្ញុំ​អធិដ្ឋាន

^ វគ្គ 5 ជួន​កាល​យើង​ទាំង​អស់​គ្នា​ធ្លាក់​ទឹក​ចិត្ត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​នៅ​ពេល​នោះ។ យើង​នឹង​ឃើញ​ថា ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​យក​ឈ្នះ​ការ​ធ្លាក់​ទឹក​ចិត្ត។

^ វគ្គ 4 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 68 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​ម្នាក់​ធ្លាក់​ទឹក​ចិត្ត​អស់​មួយ​រយៈ​ពេល ប៉ុន្តែ​គាត់​នឹក​រឭក​អំពី​កិច្ច​បម្រើ​របស់​គាត់​នៅ​អតីតកាល ហើយ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ គាត់​ប្រាកដ​ថា​លោក​ដឹង​អំពី​អ្វី​ដែល​គាត់​ធ្លាប់​ធ្វើ និង​អ្វី​ដែល​គាត់​ធ្វើ​នៅ​ឥឡូវ​នេះ។