សំណួរពីអ្នកអាន
តើពាក្យរបស់សាវ័កប៉ូលនៅកូរិនថូសទី១ ១៥:២៩ មានន័យថាគ្រិស្តសាសនិកខ្លះនៅសម័យរបស់គាត់បានទទួលការជ្រមុជទឹកជំនួសបុគ្គលដែលបានស្លាប់ឬទេ?
មិនមែនទេ។ ទាំងគម្ពីរទាំងប្រវត្តិសាស្ត្រមិនបានបញ្ជាក់ថានេះបានត្រូវធ្វើឡើងទេ។
របៀបដែលខគម្ពីរនេះបានត្រូវបកប្រែក្នុងគម្ពីរជាច្រើន នាំឲ្យអ្នកខ្លះគិតថា មនុស្សនៅសម័យប៉ូលបានទទួលការជ្រមុជទឹកជំនួសអ្នកស្លាប់។ ជាឧទាហរណ៍ ខគម្ពីរនេះក្នុងព្រះគម្ពីរភាសាខ្មែរសម្រាយ ចែងថា៖ «ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទាល់តែសោះ ហេតុដូចម្ដេចបានជាមានគេទទួលពិធីជ្រមុជទឹកសំរាប់ពួកអ្នកដែលស្លាប់ទៅហើយ?»។
ក៏ប៉ុន្តែ សូមគិតអំពីពាក្យសម្ដីរបស់បណ្ឌិតខាងគម្ពីរពីរនាក់។ បណ្ឌិតម្នាក់ឈ្មោះហ្គ្រេហ្គោរី ឡាក់វ៉ូតនិយាយថា៖ «គ្មានភ័ស្តុតាងក្នុងគម្ពីរឬក្នុងប្រវត្តិសាស្ត្រដែលបង្ហាញថា គ្រិស្តសាសនិកបានទទួលការជ្រមុជទឹកជំនួសអ្នកស្លាប់ទេ»។ ស្រដៀងគ្នាដែរ បណ្ឌិតម្នាក់ទៀតឈ្មោះហ្គ័រដឺន ហ្វីបានប្រាប់ថា៖ «គ្មានការរៀបរាប់ណាអំពីការជ្រមុជទឹកបែបនេះក្នុងគម្ពីរឬក្នុងប្រវត្តិសាស្ត្រទេ»។ គាត់បន្ថែមទៀតថា៖ «សញ្ញាថ្មីមិនដែលលើកឡើងអំពីរឿងនោះទេ ហើយគ្មានភ័ស្តុតាងដែលបង្ហាញថា ការជ្រមុជទឹកបែបនោះបានត្រូវធ្វើឡើងដោយគ្រិស្តសាសនិកនៅសម័យដើម ឬដោយវិហារផ្សេងៗដែលបានត្រូវបង្កើតឡើងមិនយូរក្រោយពីពួកសាវ័កបានស្លាប់ឡើយ»។
គម្ពីរចែងថា អ្នកកាន់តាមលោកយេស៊ូនឹង«ទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាម[លោក] ហើយជ្រមុជទឹកឲ្យពួកគេ . . . ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់»ដែលលោកបានបង្គាប់។ (ម៉ាថ. ២៨:១៩, ២០) មុនបុគ្គលម្នាក់អាចទទួលការជ្រមុជទឹកជាអ្នកកាន់តាមលោកយេស៊ូ គាត់ត្រូវរៀនអំពីព្រះយេហូវ៉ានិងបុត្ររបស់លោក ជឿទៅលើលោកទាំងពីរ ព្រមទាំងស្ដាប់បង្គាប់លោកទាំងពីរដែរ។ បុគ្គលដែលបានស្លាប់រួចទៅហើយមិនអាចធ្វើដូច្នេះបានទេ ហើយគ្រិស្តសាសនិកដែលនៅរស់ ក៏មិនអាចធ្វើដូច្នេះជំនួសអ្នកនោះបានដែរ។—សាស្ដ. ៩:៥, ១០; យ៉ូន. ៤:១; ១កូ. ១:១៤-១៦
ដូច្នេះ តើពាក្យរបស់ប៉ូលមានន័យយ៉ាងណា?
គ្រិស្តសាសនិកខ្លះនៅក្រុងកូរិនថូសនិយាយថា មនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញទេ។ (១កូ. ១៥:១២) ប៉ូលបញ្ជាក់ថាអ្វីដែលពួកគេនិយាយគឺខុស។ គាត់និយាយថា គាត់«ប្រឈមមុខនឹងសេចក្ដីស្លាប់ជារៀងរាល់ថ្ងៃ»។ ទោះជាយ៉ាងនេះក្ដី គាត់ជឿជាក់ថាក្រោយពីគាត់ស្លាប់ គាត់នឹងត្រូវប្រោសឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណដ៏ខ្លាំងក្លា ដូចដែលបានកើតឡើងដល់លោកយេស៊ូ។—១កូ. ១៥:៣០-៣២, ៤២-៤៤
បងប្អូននៅក្រុងកូរិនថូសត្រូវទទួលស្គាល់ថា ការធ្វើជាគ្រិស្តសាសនិកដែលព្រះបានរើសតាំង មានន័យថាពួកគេនឹងជួបទុក្ខលំបាកជារៀងរាល់ថ្ងៃ ហើយស្លាប់មុនដែលពួកគេអាចត្រូវប្រោសឲ្យរស់ឡើងវិញ។ ការ«ទទួលការជ្រមុជក្នុងគ្រិស្តយេស៊ូ» រួមបញ្ចូលការ«ទទួលការជ្រមុជដើម្បីរួមចំណែកក្នុងសេចក្ដីស្លាប់របស់លោក»។ (រ៉ូម ៦:៣) នេះមានន័យថាដូចលោកយេស៊ូ ពួកគេនឹងជួបទុក្ខលំបាក ហើយស្លាប់ ដើម្បីទទួលការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌។
ជាងពីរឆ្នាំក្រោយពីលោកយេស៊ូបានទទួលការជ្រមុជទឹក លោកបានប្រាប់សាវ័កពីរនាក់របស់លោកថា៖ «អ្នករាល់គ្នា . . . នឹងទទួលការជ្រមុជ ដែលខ្ញុំកំពុងទទួល»។ (ម៉ាក. ១០:៣៨, ៣៩) ខនេះមិនមានន័យថាលោកយេស៊ូកំពុងទទួលការជ្រមុជទឹកទេ។ លោកកំពុងមានប្រសាសន៍អំពី‹ការជ្រមុជដើម្បីសេចក្ដីស្លាប់›។ លោកចង់មានន័យថា ការរក្សាចិត្តស្មោះត្រង់ចំពោះព្រះ នឹងនាំឲ្យលោកស្លាប់។ ប៉ូលបានសរសេរថា គ្រិស្តសាសនិកដែលបានត្រូវរើសតាំងនឹង«រងទុក្ខជាមួយនឹងលោក ដើម្បីឲ្យ[ពួកគេ]ទទួលសិរីរុងរឿងជាមួយនឹងលោក»។ (រ៉ូម ៨:១៦, ១៧; ២កូ. ៤:១៧) ដូច្នេះ ពួកគេក៏នឹងត្រូវស្លាប់ដែរដើម្បីទទួលការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌។
ដូច្នេះ ពាក្យរបស់ប៉ូលអាចត្រូវបកប្រែយ៉ាងត្រឹមត្រូវថា៖ «ពុំនោះ តើពួកគេបានប្រយោជន៍អ្វីដោយទទួលការជ្រមុជដើម្បីទៅជាមនុស្សស្លាប់? ប្រសិនបើមនុស្សស្លាប់នឹងមិនត្រូវប្រោសឲ្យរស់ឡើងវិញសោះ ហេតុអ្វីពួកគេទទួលការជ្រមុជដើម្បីទៅជាមនុស្សស្លាប់?»។