សំណួរពីអ្នកអាន
សុភាសិត ២៤:១៦ចែងថា៖ «មនុស្សសុចរិត ទោះបើគេដួលដល់៧ដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន»។ តើនេះសំដៅទៅលើបុគ្គលដែលធ្វើអំពើខុសឆ្គងម្ដងហើយម្ដងទៀត តែក្រោយមកទទួលការអភ័យទោសពីព្រះឬទេ?
តាមការពិត នេះមិនមែនជាអត្ថន័យនៃខនេះទេ។ ផ្ទុយទៅវិញ ខនេះរៀបរាប់អំពីបុគ្គលដែលមានបញ្ហាជាច្រើន តែគាត់បានស៊ូទ្រាំ។
សូមគិតអំពីខមុននិងខក្រោយពីខនេះដែលចែងថា៖ «នែមនុស្សអាក្រក់អើយ កុំឲ្យលបចាំប្រទូស្តនឹងលំនៅរបស់មនុស្សសុចរិតឡើយ កុំឲ្យបំផ្លាញទីស្នាក់នៅរបស់គេឲ្យសោះ។ ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់៧ដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន តែមនុស្សអាក្រក់ត្រូវទំលាក់ទៅក្នុងសេចក្ដីអន្តរាយវិញ។ កុំឲ្យមានចិត្តរីករាយក្នុងកាលដែលខ្មាំងសត្រូវឯងដួលចុះឡើយ ក៏កុំឲ្យមានចិត្តសប្បាយក្នុងកាលដែលគេត្រូវទំលាក់ទៅដែរ»។—សុភ. ២៤:១៥-១៧, យើងកែជាអក្សរទ្រេតនិងដិត
អ្នកខ្លះគិតថាសុភាសិត ២៤:១៦ចែងអំពីបុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងតែប្រែចិត្ត ហើយមានចំណងមិត្តភាពល្អឡើងវិញជាមួយព្រះ។ ជាឧទាហរណ៍ អ្នកដឹកនាំសាសនាពីរនាក់ពីប្រទេសអង់គ្លេសសរសេរថា៖ «ទាំងសម័យបុរាណ ទាំងសម័យយើង អ្នកបង្រៀនសាសនាបានពន្យល់ខនេះ»តាមរបៀបនោះ។ អ្នកដឹកនាំសាសនាពីរនាក់នោះក៏បន្ថែមថា ទស្សនៈបែបនេះមានន័យថា«មនុស្សល្អម្នាក់ប្រហែលជាភ្លាត់ . . . ធ្វើខុសធ្ងន់ធ្ងរ ប៉ុន្តែគាត់នៅតែស្រឡាញ់ព្រះ ហើយដោយសាររាល់ដងគាត់ប្រែចិត្ត នោះព្រះនៅពេញចិត្តនឹងគាត់»។ មនុស្សដែលមិនចង់តយុទ្ធនឹងអំពើខុសឆ្គងប្រហែលជាចូលចិត្តការពន្យល់បែបនេះ។ គាត់ប្រហែលជាគិតថា ទោះជាគាត់ប្រព្រឹត្តអំពើខុសឆ្គងច្រើនដងក្ដី ព្រះនឹងតែងតែអភ័យទោសឲ្យគាត់។
ប៉ុន្តែ នេះមិនមែនជាអត្ថន័យនៃខគម្ពីរនេះទេ។
ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា«ដួល» *ក្នុងខ១៦និង១៧ អាចត្រូវប្រើក្នុងករណីផ្សេងៗ។ ជាឧទាហរណ៍ នេះអាចមានន័យថាដួលមែនទែន ដូចជាពេលគោដួលតាមផ្លូវ មនុស្សម្នាក់ធ្លាក់ពីដំបូល ឬគ្រាប់មួយធ្លាក់ដល់ដី។ (ចោ. ២២:៤, ៨; អេម. ៩:៩) ពាក្យនេះក៏អាចប្រើក្នុងន័យធៀបដែរ។ ជាឧទាហរណ៍ គម្ពីរចែងថា៖ «គឺព្រះយេហូវ៉ាដែលដំរូវអស់ទាំងជំហាននៃមនុស្សល្អ ហើយទ្រង់សព្វព្រះហឫទ័យនឹងផ្លូវដែលគេដើរដែរ។ ទោះបើគេភ្លាត់ដួល គង់តែមិនត្រូវដួលទាំងស្រុងទេ ដ្បិតព្រះយេហូវ៉ាទ្រង់ទ្រអ្នកនោះដោយព្រះហស្ត»។—ទំនុក. ៣៧:២៣, ២៤; សុភ. ១១:៥; ១៣:១៧; ១៧:២០
ប៉ុន្តែ សូមកត់សម្គាល់អំពីចំណុចមួយដែលបណ្ឌិតម្នាក់ឈ្មោះអេឌវ៉ាដ ផ្លាំត្រាលើកឡើង គឺថា៖ «ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា[«ដួល»] មិនដែលប្រើដើម្បីសំដៅទៅលើការប្រព្រឹត្តអំពើខុសឆ្គងទេ»។ ដូច្នេះ បណ្ឌិតម្នាក់ទៀតសង្ខេបខ១៦ថា៖ «ការប្រព្រឹត្តអាក្រក់ទៅលើរាស្ត្ររបស់ព្រះ គឺគ្មានប្រយោជន៍ទេ ពីព្រោះពួកគេនឹងតែងតែទទួលជ័យជម្នះ។ តែមនុស្សអាក្រក់នឹងបរាជ័យ»។
ហេតុនេះ ជាជាងសំដៅទៅលើការ«ដួល»ក្នុងរឿងសីលធម៌ ឬប្រព្រឹត្តអំពើខុសឆ្គង សុភាសិត ២៤:១៦សំដៅទៅលើការជួបបញ្ហាឬការពិបាក មិនថាច្រើនដងក៏ដោយ។ ក្នុងរបៀបរបបពិភពលោកដ៏អាក្រក់នេះ មនុស្សសុចរិតប្រហែលជាមានបញ្ហាសុខភាព ឬបញ្ហាផ្សេងទៀត ហើយក៏ប្រហែលជាថែមទាំងបានត្រូវរដ្ឋាភិបាលបៀតបៀនយ៉ាងខ្លាំងទៀតផង។ ប៉ុន្តែ អ្នកនោះអាចមានទំនុកចិត្តថា ព្រះជាអ្នកគាំទ្រគាត់ ហើយថាលោកនឹងជួយគាត់ឲ្យស៊ូទ្រាំនិងយកឈ្នះការពិបាក។ អ្នកទំនងជាធ្លាប់ឃើញថា អ្នកបម្រើព្រះច្រើនតែទទួលជោគជ័យ មែនទេ? ហេតុអ្វី? ពីព្រោះយើងជឿជាក់ថា«ព្រះយេហូវ៉ាទ្រង់គាំទ្រដល់អស់អ្នកដែលដួល ក៏លើកពួកអ្នកដែលត្រូវឱនឡើងវិញ»។—ទំនុក. ៤១:១-៣; ១៤៥:១៤-១៩
«មនុស្សសុចរិត»មិនទទួលការសម្រាលទុក្ខដោយឃើញអ្នកឯទៀតមានបញ្ហានោះទេ។ ផ្ទុយទៅវិញ អ្នកនោះទទួលការសម្រាលទុក្ខដោយដឹងថា «ពួកអ្នកដែលកោតខ្លាចដល់ព្រះ គឺដែលកោតខ្លាចនៅចំពោះទ្រង់ គេនឹងមានសេចក្ដីសុខស្រួល»។—សាស្ដ. ៨:១១-១៣; យ៉ូប ៣១:៣-៦; ទំនុក. ២៧:៥, ៦
^ វគ្គ 5 ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែជាភាសាខ្មែរថា«ដួល»ក៏អាចបកប្រែថា«ធ្លាក់»ដែរ។