អត្ថបទសិក្សា ៥២
ចូរជួយអ្នកឯទៀតឲ្យស៊ូទ្រាំក្នុងគ្រាពិបាក
«កុំបង្ខាំងទុកអ្វីល្អពីអ្នកណាដែលសមនឹងទទួល ពេលកូនមានកម្លាំងអាចជួយអ្នកនោះបាន»។—សុភ. ៣:២៧
ចម្រៀងលេខ១០៣ ពួកគង្វាលគឺអំណោយជាមនុស្ស
សេចក្ដីសង្ខេប a
១. តើព្រះយេហូវ៉ាច្រើនតែតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អ្នកបម្រើលោកតាមរបៀបណា?
តើអ្នកដឹងឬទេថា ព្រះយេហូវ៉ាអាចប្រើអ្នកដើម្បីតបឆ្លើយសេចក្ដីអធិដ្ឋានដ៏ស្មោះរបស់បុគ្គលណាម្នាក់? អ្នកអាចជួយអ្នកឯទៀត មិនថាអ្នកគឺជាអ្នកចាស់ទុំ ជំនួយការខាងកិច្ចបម្រើ អ្នកត្រួសត្រាយ ឬអ្នកផ្សាយក្នុងក្រុមជំនុំក្ដី។ អ្នកក៏អាចជួយទោះជាអ្នកក្មេងឬចាស់ ប្រុសឬស្រីក៏ដោយ។ ពេលបុគ្គលដែលស្រឡាញ់ព្រះយេហូវ៉ាស្រែកសុំជំនួយពីលោក លោកច្រើនតែប្រើអ្នកចាស់ទុំ និងអ្នកបម្រើស្មោះត្រង់ឯទៀតដើម្បីទៅជា«ប្រភពនៃការសម្រាលទុក្ខដ៏ធំ»ដល់បុគ្គលនោះ។ (កូឡ. ៤:១១) យើងសប្បាយចិត្តបម្រើព្រះយេហូវ៉ានិងបងប្អូនយើងតាមរបៀបនេះ! យើងប្រហែលជាអាចជួយនិងសម្រាលទុក្ខបងប្អូនយើងនៅពេលដែលមានការផ្ទុះឡើងនៃជំងឺ គ្រោះមហន្តរាយ ឬការបៀតបៀន។
ចូរជួយអ្នកឯទៀតពេលជំងឺផ្ទុះឡើង
២. ហេតុអ្វីប្រហែលជាពិបាកឲ្យយើងជួយអ្នកឯទៀតក្នុងអំឡុងការផ្ទុះឡើងនៃជំងឺ?
២ ការផ្ទុះឡើងនៃជំងឺអាចធ្វើឲ្យយើងពិបាកជួយគ្នាទៅវិញទៅមក។ ជាឧទាហរណ៍ យើងប្រហែលជាចង់ទៅលេងមិត្តភក្ដិរបស់យើង ប៉ុន្តែការធ្វើដូច្នេះមិនមានសុវត្ថិភាពទេ។ យើងប្រហែលជាចង់អញ្ជើញពួកអ្នកដែលមិនសូវមានលុយឲ្យមកពិសាអាហារជាមួយគ្នា ប៉ុន្តែនេះក៏មិនអាចទៅរួចដែរ។ យើងប្រហែលជាចង់ជួយអ្នកឯទៀត ប៉ុន្តែសមាជិកក្រុមគ្រួសាររបស់យើងក៏កំពុងជួបទុក្ខលំបាកដែរ។ ទោះជាយ៉ាងនោះក្ដី យើងចង់ជួយបងប្អូនរបស់យើង ហើយព្រះយេហូវ៉ាពេញចិត្តពេលយើងធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីពួកគេ។ (សុភ. ៣:២៧; ១៩:១៧) តើយើងអាចធ្វើអ្វី?
៣. តើយើងរៀនអ្វីពីគំរូរបស់ពួកអ្នកចាស់ទុំក្នុងក្រុមជំនុំរបស់បងដេស៊ី? (យេរេមា ២៣:៤)
៣ អ្វីដែលអ្នកចាស់ទុំអាចធ្វើ។ បើអ្នកជាអ្នកចាស់ទុំ សូមស្គាល់ចៀមឲ្យបាន ច្បាស់។ (សូមអាន យេរេមា ២៣:៤) បងស្រីដេស៊ី bដែលបានត្រូវរៀបរាប់នៅអត្ថបទមុននិយាយថា៖ «កាលពីមុន ពួកអ្នកចាស់ទុំក្នុងក្រុមផ្សាយរបស់ខ្ញុំបានផ្សព្វផ្សាយជាមួយខ្ញុំនិងអ្នកឯទៀត ហើយបានចំណាយពេលធ្វើអ្វីផ្សេងៗជាមួយគ្នា»។ ដោយសារការខំប្រឹងរបស់គង្វាលទាំងនេះ ពួកគេស្រួលជួយបងដេស៊ីជាង ក្រោយពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងនៅពេលដែលបងដេស៊ីបានបាត់បង់សមាជិកក្រុមគ្រួសារខ្លះដោយសារវីរុសនោះ។
៤. ហេតុអ្វីពួកអ្នកចាស់ទុំអាចជួយបងដេស៊ី ហើយតើយើងអាចទាញយកមេរៀនអ្វី?
៤ បងដេស៊ីពន្យល់ថា៖ «ដោយសារខ្ញុំនិងអ្នកចាស់ទុំដូចជាមិត្តភក្ដិនឹងគ្នា ខ្ញុំស្រួលប្រាប់អារម្មណ៍និងការព្រួយបារម្ភរបស់ខ្ញុំទៅពួកគាត់»។ តើមានមេរៀនអ្វីសម្រាប់ពួកអ្នកចាស់ទុំ? សូមឃ្វាលពួកអ្នកដែលនៅក្រោមការថែរក្សារបស់អ្នកមុនបញ្ហាកើតឡើង។ សូមធ្វើជាមិត្តភក្ដិនឹងពួកគេ។ បើការផ្ទុះឡើងនៃជំងឺធ្វើឲ្យអ្នកមិនអាចទៅសួរសុខទុក្ខបងប្អូនដោយផ្ទាល់ សូមរកវិធីផ្សេង។ បងដេស៊ីនិយាយថា៖ «ជួនកាល អ្នកចាស់ទុំប៉ុន្មាននាក់បានទូរស័ព្ទឬផ្ញើសារមកខ្ញុំនៅថ្ងៃតែមួយ។ បទគម្ពីរដែលពួកគាត់ប្រាប់ខ្ញុំមានឥទ្ធិពលលើចិត្តខ្ញុំ ទោះជាខ្ញុំស្គាល់ខទាំងនោះច្បាស់ហើយក្ដី»។
៥. តើពួកអ្នកចាស់ទុំអាចដឹងអំពីសេចក្ដីត្រូវការរបស់បងប្អូននិងជួយពួកគេតាមរបៀបណា?
៥ របៀបមួយដែលអ្នកអាចដឹងអំពីសេចក្ដីត្រូវការរបស់បងប្អូន គឺដោយសួរសំណួរដែលមិនធ្វើឲ្យទើសចិត្ត។ (សុភ. ២០:៥) ជាឧទាហរណ៍ តើពួកគេមានថ្នាំ អាហារគ្រប់គ្រាន់ ឬអ្វីផ្សេងទៀតឬទេ? តើពួកគេអាចបាត់បង់ការងារធ្វើ ឬថែមទាំងផ្ទះសម្បែងឬ? តើពួកគេត្រូវការឲ្យយើងជួយដើម្បីសុំជំនួយពីរដ្ឋាភិបាលឬទេ? បងដេស៊ីបានទទួលជំនួយពីបងប្អូនរួមជំនឿសម្រាប់សេចក្ដីត្រូវការប្រចាំថ្ងៃរបស់គាត់។ ប៉ុន្តែ សេចក្ដីស្រឡាញ់ដែលពួកអ្នកចាស់ទុំបង្ហាញ និងការលើកទឹកចិត្តដែលពួកគេឲ្យពីគម្ពីរ បានជួយគាត់ច្រើនបំផុត។ គាត់និយាយថា៖ «ពួកអ្នកចាស់ទុំអធិដ្ឋានជាមួយខ្ញុំ។ ខ្ញុំមិនចាំច្បាស់អំពីអ្វីដែលពួកគេនិយាយទេ តែខ្ញុំចាំអំពីអារម្មណ៍របស់ខ្ញុំ គឺហាក់ដូចជាព្រះយេហូវ៉ានិយាយមកខ្ញុំថា ‹អ្នកមិននៅតែឯងទេ›»។—អេ. ៤១:១០, ១៣
៦. តើបងប្អូនជាច្រើនក្នុងក្រុមជំនុំអាចធ្វើអ្វីដើម្បីជួយអ្នកឯទៀត? (សូមមើលរូបភាព)
៦ អ្វីដែលអ្នកឯទៀតអាចធ្វើ។ យើងរំពឹងថាពួកអ្នកចាស់ទុំនឹងថែរក្សាបងប្អូនក្នុងក្រុមជំនុំ។ ប៉ុន្តែ ព្រះយេហូវ៉ាចង់ឲ្យយើងទាំងអស់គ្នាលើកទឹកចិត្តនិងជួយអ្នកឯទៀត។ (កាឡ. ៦:១០) សូម្បីតែការប្រព្រឹត្តតូចតាចដែលបង្ហាញសេចក្ដីស្រឡាញ់ ក៏អាចលើកទឹកចិត្តយ៉ាងខ្លាំងដល់បងប្អូនដែលឈឺ បានដែរ។ ក្មេងៗប្រហែលជាអាចសរសេរកាតឬគូររូបដើម្បីលើកទឹកចិត្តបងប្រុសណាម្នាក់។ ប្អូនៗយុវវ័យប្រហែលជាអាចជួយដើរផ្សារទិញរបស់របរ ឬអ្វីផ្សេងទៀតឲ្យបងស្រីណាម្នាក់។ អ្នកខ្លះទៀតក្នុងក្រុមជំនុំប្រហែលជាអាចធ្វើម្ហូបឲ្យបងប្អូនដែលឈឺ ហើយយកទៅឲ្យពួកគេដល់ផ្ទះ។ គឺពិតមែនពេលដែលជំងឺឆ្លងរាលដាល គ្រប់គ្នានៅក្នុងក្រុមជំនុំត្រូវការការលើកទឹកចិត្ត។ ដូច្នេះក្រោយកិច្ចប្រជុំ យើងប្រហែលជាអាចនៅយូរជាងបន្តិចដើម្បីនិយាយជាមួយបងប្អូនមិនថាដោយផ្ទាល់ឬតាមវីដេអូដោយប្រើប្រព័ន្ធអ៊ីនធឺណិតក្ដី។ អ្នកចាស់ទុំក៏ត្រូវការការលើកទឹកចិត្តដែរ។ បងប្អូនខ្លះសរសេរពាក្យអរគុណនៅលើកាតឲ្យពួកអ្នកចាស់ទុំដែលច្រើនតែជាប់រវល់ខ្លាំងជាងក្នុងការជួយបងប្អូនក្នុងអំឡុងការផ្ទុះឡើងនៃជំងឺ។ គឺជាការល្អមែនពេលយើងខំប្រឹង«បន្តលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក»!—១ថែ. ៥:១១
ចូរជួយអ្នកឯទៀតដែលជួបគ្រោះមហន្តរាយ
៧. តើអាចមានការពិបាកអ្វីក្រោយពីគ្រោះមហន្តរាយ?
៧ គ្រោះមហន្តរាយអាចធ្វើឲ្យជីវិតមនុស្សម្នាក់រងទុក្ខក្នុងមួយប៉ប្រិចភ្នែក។ ជនរងគ្រោះពីមហន្តរាយប្រហែលជាបាត់បង់ទ្រព្យសម្បត្តិ ផ្ទះសម្បែង ឬថែមទាំងមនុស្សជាទីស្រឡាញ់ទៀតផង។ បងប្អូនប្រុសស្រីរបស់យើងក៏ជួបរឿងខ្លោចផ្សាទាំងនេះដែរ។ តើយើងអាចធ្វើអ្វីដើម្បីជួយពួកគេ?
៨. តើពួកអ្នកចាស់ទុំនិងប្រមុខគ្រួសារអាចធ្វើអ្វីមុនគ្រោះមហន្តរាយកើតឡើង?
៨ អ្វីដែលអ្នកចាស់ទុំអាចធ្វើ។ អ្នកចាស់ទុំ ចូរជួយបងប្អូនឲ្យត្រៀមខ្លួនមុនមានគ្រោះមហន្តរាយ។ សូមធ្វើឲ្យប្រាកដថាបងប្អូនទាំងអស់ក្នុងក្រុមជំនុំដឹងអំពីអ្វីដែលពួកគេត្រូវធ្វើដើម្បីរក្សាសុវត្ថិភាព ហើយស្គាល់របៀបទាក់ទងជាមួយពួកអ្នកចាស់ទុំ។ បងស្រីម៉ាគ្រិតដែលបានត្រូវរៀបរាប់ក្នុងអត្ថបទមុននិយាយថា៖ «អ្នកចាស់ទុំរបស់យើងបានថ្លែងសុន្ទរកថាអំពីសេចក្ដីត្រូវការក្នុងតំបន់ដោយព្រមានយើងថាអាចមានភ្លើងឆេះព្រៃច្រើនកើតឡើងនៅតំបន់របស់យើង។ ពួកគេនិយាយថា បើពួកអាជ្ញាធរបង្គាប់យើងឲ្យចេញពីផ្ទះ ឬបើស្ថានភាពណាមួយអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ យើងត្រូវចាកចេញជាប្រញាប់»។ នោះគឺជាព័ត៌មានចំពេលមែន ដោយសារប្រាំសប្តាហ៍ក្រោយមក មានភ្លើងឆេះព្រៃកើតឡើង។ ក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ប្រមុខគ្រួសារអាចពិគ្រោះអំពីអ្វីដែលសមាជិកម្នាក់ៗក្នុងក្រុមគ្រួសារត្រូវធ្វើ។ បើអ្នកនិងកូនៗរបស់អ្នកបានត្រៀមខ្លួនទុកជាមុន អ្នកនឹងកាន់តែស្រួលរក្សាចិត្តស្ងប់ពេលមហន្តរាយកើតឡើង។
៩. តើពួកអ្នកចាស់ទុំអាចរៀបចំយ៉ាងណាខ្លះមុននិងក្រោយមហន្តរាយ?
៩ បើអ្នកជាអ្នកត្រួតពិនិត្យក្រុមផ្សាយ សូមធ្វើឲ្យប្រាកដថាអ្នកមានលេខទូរស័ព្ទនិងអាសយដ្ឋានត្រឹមត្រូវរបស់អស់អ្នកដែលនៅក្នុងក្រុមផ្សាយរបស់អ្នក មុនមហន្តរាយកើតឡើង។ សូមធ្វើបញ្ជី ហើយម្ដងម្កាលឆែកមើលថាតើព័ត៌មានអំពីបងប្អូននៅតែត្រឹមត្រូវឬទេ។ យ៉ាងនេះ ពេលមានមហន្តរាយ អ្នកអាចទាក់ទងអ្នកផ្សាយម្នាក់ៗ ហើយដឹងថាពួកគេត្រូវការអ្វី។ សូមទាក់ទងភ្លាមៗទៅអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំ ហើយគាត់នឹងទាក់ទងទៅអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។ ពេលបងប្អូនប្រុសទាំងនេះសហការគ្នា ពួកគេអាចជួយបានយ៉ាងល្អបំផុត។ ក្រោយពីភ្លើងឆេះព្រៃ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលរបស់បងម៉ាគ្រិតមិនបានដេកអស់៣៦ម៉ោង។ គាត់ជាប់រវល់រៀបចំកិច្ចការពួកអ្នកចាស់ទុំកាលដែលពួកគេព្យាយាមទាក់ទង និងជួយបងប្អូន៤៥០នាក់ដែលត្រូវចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ (២កូ. ១១:២៧) តាមរបៀបនេះ បងប្អូនគ្រប់គ្នាអាចមានកន្លែងស្នាក់នៅបាន។
១០. ហេតុអ្វីពួកអ្នកចាស់ទុំចាត់ទុកការឃ្វាលបងប្អូនជាអ្វីសំខាន់? (យ៉ូហាន ២១:១៥)
១០ ពួកអ្នកចាស់ទុំមានភារកិច្ចផ្ដល់ការលើកទឹកចិត្តពីគម្ពីរដល់បងប្អូន និងជួយពួកអ្នកដែលមានកង្វល់។ (១ពេ. ៥:២) ពេលមានគ្រោះមហន្តរាយ ពួកអ្នកចាស់ទុំគួរធ្វើឲ្យប្រាកដថាបងប្អូនម្នាក់ៗមានសុវត្ថិភាព ម្ហូបអាហារ សម្លៀកបំពាក់ និងកន្លែងស្នាក់នៅ។ ប៉ុន្តែអស់ជាច្រើនខែក្រោយមក បងប្អូនទាំងនោះនឹងនៅតែត្រូវការការលើកទឹកចិត្តពីគម្ពីរនិងត្រូវការកម្លាំងចិត្ត។ (សូមអាន យ៉ូហាន ២១:១៥) បងប្រុសហារ៉ូលដែលបម្រើជាសមាជិកគណៈកម្មាធិការការិយាល័យ សាខា និងដែលបានជួបជាមួយបងប្អូនជាច្រើននាក់ដែលរងគ្រោះពីមហន្តរាយ និយាយថា៖ «គឺត្រូវការពេលដើម្បីត្រឡប់ទៅដូចដើមវិញ។ ពួកគេប្រហែលជាចាប់ផ្ដើមមានរបៀបរស់នៅធម្មតាម្ដងទៀត ប៉ុន្តែការបាត់បង់មនុស្សជាទីស្រឡាញ់ វត្ថុដែលពួកគេឲ្យតម្លៃ ឬស្ថានភាពដែលហៀបនឹងធ្វើឲ្យពួកគេមានគ្រោះថ្នាក់ ជាការចងចាំដែលដក់ជាប់ក្នុងចិត្តរបស់ពួកគេ។ ការនឹកឃើញអំពីអ្វីទាំងនេះអាចធ្វើឲ្យពួកគេកើតទុក្ខម្ដងទៀត។ នោះមិនមែនជាការខ្វះជំនឿទេ តែជាអារម្មណ៍ធម្មតារបស់មនុស្សទូទៅ»។
១១. តើក្រុមគ្រួសារដែលរងគ្រោះប្រហែលជានៅតែត្រូវការអ្វី?
១១ ពួកអ្នកចាស់ទុំធ្វើតាមយោបល់ដែលថា៖ «ចូរយំជាមួយនឹងអ្នកដែលកំពុងយំ»។ (រ៉ូម ១២:១៥) ពួកគេត្រូវពង្រឹងទំនុកចិត្តពួកអ្នកដែលជួបគ្រោះមហន្តរាយថាព្រះយេហូវ៉ានិងបងប្អូនរួមជំនឿនៅតែស្រឡាញ់ពួកគេ។ ពួកអ្នកចាស់ទុំនឹងចង់ជួយក្រុមគ្រួសារនានាឲ្យរក្សាទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ព្រះ ដែលរួមមានការអធិដ្ឋាន ការសិក្សាគម្ពីរ ការចូលរួមកិច្ចប្រជុំ និងការផ្សព្វផ្សាយ។ ពួកគេក៏លើកទឹកចិត្តឪពុកម្ដាយឲ្យជួយកូនៗផ្ដោតអារម្មណ៍ទៅលើអ្វីៗដែលមហន្តរាយមិនអាចបំផ្លាញបាន។ រីឯឪពុកម្ដាយ សូមរំលឹកកូនៗថាព្រះយេហូវ៉ាតែងតែធ្វើជាមិត្តសម្លាញ់របស់ពួកគេ ហើយថាលោកនៅក្បែរពួកគេជានិច្ច។ ម្យ៉ាងទៀត សូមពន្យល់កូនៗថាពួកគេមានបងប្អូនប្រុសស្រីដែលជាក្រុមគ្រួសារនៅទូទាំងពិភពលោកដែលប្រុងប្រៀបជួយពួកគេ។—១ពេ. ២:១៧
១២. តើអ្នកឯទៀតអាចធ្វើអ្វីដើម្បីជួយខាងកិច្ចការផ្ដល់ជំនួយពេលមានមហន្តរាយ? (សូមមើលរូបភាព)
១២ អ្វីដែលអ្នកឯទៀតអាចធ្វើ។ បើគ្រោះមហន្តរាយកើតឡើងនៅតំបន់ដែលនៅជិតអ្នក សូមសួរអ្នកចាស់ទុំថាតើអ្នកអាចជួយអ្វីបាន។ ប្រហែលជាអ្នកអាចឲ្យកន្លែងស្នាក់នៅបណ្ដោះអាសន្នដល់ពួកអ្នកដែលត្រូវចាកចេញពីផ្ទះរបស់ពួកគេ ឬពួកអ្នកដែលកំពុងជួយកិច្ចការខាងផ្ដល់ជំនួយពេលមហន្តរាយ។ អ្នកប្រហែលជាអាចឲ្យអាហារនិងរបស់របរដែលអ្នកផ្សាយត្រូវការ។ បើគ្រោះមហន្តរាយកើតឡើងនៅតំបន់ឆ្ងាយជាង អ្នកនៅតែអាចជួយ។ តើតាមរបៀបណា? គឺដោយអធិដ្ឋានឲ្យពួកអ្នកដែលរងគ្រោះ។ (២កូ. ១:៨-១១) អ្នកប្រហែលជាអាចគាំទ្រកិច្ចការខាងផ្ដល់ជំនួយដោយឲ្យវិភាគទានជាលុយសម្រាប់កិច្ចការទូទាំងពិភពលោក។ (២កូ. ៨:២-៥) បើអ្នកអាចធ្វើដំណើរទៅជួយនៅតំបន់ដែលមានមហន្តរាយ សូមសួរពួកអ្នកចាស់ទុំអំពីអ្វីដែលអ្នកអាចធ្វើដើម្បីផ្ដល់ជំនួយ។ បើអ្នកបានត្រូវអញ្ជើញឲ្យធ្វើដូច្នេះ អ្នកទំនងជានឹងទទួលការបង្ហាត់បង្រៀនខ្លះៗដើម្បីអ្នកអាចជួយតាមរបៀបដ៏ល្អបំផុត។
ចូរជួយបងប្អូនឲ្យស៊ូទ្រាំនឹងការបៀតបៀន
១៣. តើបងប្អូននៅតំបន់ដែលគេដាក់បម្រាមលើកិច្ចការរបស់យើងជួបបញ្ហាអ្វីខ្លះ?
១៣ នៅតំបន់ដែលកិច្ចការរបស់យើងបានត្រូវដាក់បម្រាម ការបៀតបៀនធ្វើឲ្យជីវិតកាន់តែយ៉ាប់យ៉ឺន។ បងប្អូនរបស់ យើងដែលនៅតំបន់ទាំងនោះ នៅតែមានបញ្ហាលុយកាក់ ធ្លាក់ខ្លួនឈឺ និងបាត់បង់មនុស្សជាទីស្រឡាញ់ដោយសារស្លាប់។ ប៉ុន្តែ ដោយសារការដាក់បម្រាម ពួកអ្នកចាស់ទុំប្រហែលជាពិបាកទៅសួរសុខទុក្ខ ឬប្រាស្រ័យទាក់ទងដោយបើកចំហដើម្បីលើកទឹកចិត្តដល់ពួកអ្នកដែលត្រូវការ។ នេះបានកើតឡើងចំពោះបងប្រុសអាន់ទ្រេដែលបានត្រូវរៀបរាប់នៅអត្ថបទមុន។ បងស្រីម្នាក់ក្នុងក្រុមផ្សាយរបស់គាត់មានបញ្ហាលុយកាក់។ ក្រោយមក បងស្រីនោះបានជួបគ្រោះថ្នាក់ចរាចរណ៍។ គាត់ត្រូវវះកាត់អស់ប៉ុន្មានដង ហើយមិនអាចធ្វើការបានទេ។ ទោះជាមានការដាក់បម្រាមនិងរោគរាតត្បាតក្ដី បងប្អូនខំធ្វើអ្វីដែលពួកគេអាចធ្វើបានដើម្បីជួយបងស្រីនោះ។ ព្រះយេហូវ៉ាសង្កេតឃើញស្ថានភាពរបស់គាត់ ហើយជំរុញចិត្តបងប្អូនឲ្យជួយគាត់។
១៤. តើពួកអ្នកចាស់ទុំអាចទុកគំរូយ៉ាងដូចម្ដេចស្ដីអំពីការពឹងផ្អែកលើព្រះយេហូវ៉ា?
១៤ អ្វីដែលអ្នកចាស់ទុំអាចធ្វើ។ បងអាន់ទ្រេបានអធិដ្ឋាន ហើយធ្វើអ្វីដែលគាត់អាចធ្វើបាន។ តើព្រះយេហូវ៉ាបានតបឆ្លើយយ៉ាងណា? លោកបានជំរុញចិត្តបងប្អូនផ្សេងៗក្នុងក្រុមជំនុំដែលអាចធ្វើច្រើនជាងឲ្យជួយគាត់។ អ្នកខ្លះបានជួយដឹកគាត់ទៅជួបគ្រូពេទ្យ។ ខ្លះទៀតបានឲ្យលុយគាត់។ ព្រះយេហូវ៉ាបានជំរុញចិត្តបងប្អូនទាំងនោះឲ្យធ្វើអ្វីដែលពួកគេអាចធ្វើបានដើម្បីជួយបងស្រីនោះ ហើយលោកបានធ្វើឲ្យប្រាកដថាការខំប្រឹងរបស់បងប្អូនក្នុងក្រុមជំនុំបានផ្ដល់អ្វីៗដែលបងស្រីនោះត្រូវការ។ (ហេ. ១៣:១៦) អ្នកចាស់ទុំ ពេលកិច្ចការរបស់យើងបានត្រូវដាក់កម្រិត សូមសុំអ្នកឯទៀតឲ្យជួយ។ (យេ. ៣៦:៥, ៦) សំខាន់បំផុត ចូរពឹងផ្អែកលើព្រះយេហូវ៉ា។ លោកអាចជួយអ្នកឲ្យបំពេញសេចក្ដីត្រូវការរបស់បងប្អូនយើង។
១៥. តើយើងអាចរក្សាសាមគ្គីភាពជាមួយបងប្អូនពេលយើងត្រូវគេបៀតបៀនយ៉ាងដូចម្ដេច?
១៥ អ្វីដែលអ្នកឯទៀតអាចធ្វើ។ ក្រោមការដាក់បម្រាម យើងប្រហែលជាត្រូវជួបបងប្អូនរបស់យើងជាក្រុមតូចជាង។ ហេតុនេះគឺសំខាន់ជាងពេលណាទាំងអស់ឲ្យយើងរក្សាសន្តិភាពជាមួយគ្នា។ ចូរតយុទ្ធនឹងសាថាន មិនមែនតយុទ្ធគ្នាទៅវិញទៅមកទេ។ សូមមើលរំលងកំហុសរបស់បងប្អូន ឬដោះស្រាយការខ្វែងគំនិតគ្នាឲ្យបានឆាប់បំផុត។ (សុភ. ១៩:១១; អេភ. ៤:២៦) ចូរសុខចិត្តជួយគ្នាទៅវិញទៅមក។ (ទីត. ៣:១៤) ជំនួយដែលបងស្រីនោះបានទទួលមានឥទ្ធិពលល្អទៅលើក្រុមផ្សាយទាំងមូល។ ពួកគេបានជិតស្និទ្ធគ្នាជាង ដូចក្រុមគ្រួសារ។—ចសព. ១៣៣:១
១៦. ស្របទៅតាមកូឡុស ៤:៣, ១៨ តើយើងអាចជួយបងប្អូនរបស់យើងដែលត្រូវគេបៀតបៀនយ៉ាងដូចម្ដេច?
១៦ បងប្អូនរបស់យើងរាប់ម៉ឺននាក់បម្រើព្រះយេហូវ៉ា ទោះជារដ្ឋាភិបាលដាក់កម្រិតក្ដី។ បងប្អូនទាំងនោះខ្លះបានត្រូវគេដាក់គុកដោយសារជំនឿរបស់ពួកគេ។ យើងអាចអធិដ្ឋានឲ្យពួកគេ និងក្រុមគ្រួសាររបស់ពួកគេ។ យើងក៏អាចអធិដ្ឋានឲ្យពួកអ្នកដែលបង្ហាញចិត្តក្លាហានដើម្បីគាំទ្របងប្អូនដែលបានជាប់គុក ទោះជាពួកគេអាចត្រូវគេចាប់ខ្លួនក៏ដោយ។ ពួកអ្នកទាំងនោះលើកទឹកចិត្តបងប្អូនដែលជាប់គុកឲ្យបន្តទុកចិត្តព្រះយេហូវ៉ា ផ្ដល់អ្វីៗដែលពួកគេត្រូវការ និងនិយាយការពារពួកគេនៅតុលាការ។ c (សូមអាន កូឡុស ៤:៣, ១៨) សូមចាំថាសេចក្ដីអធិដ្ឋានរបស់អ្នកអាចជួយបងប្អូនទាំងអស់នោះ!—២ថែ. ៣:១, ២; ១ធី. ២:១, ២
១៧. តើតាមរបៀបណាអ្នកអាចត្រៀមខ្លួននៅឥឡូវនេះសម្រាប់ការបៀតបៀន?
១៧ អ្នកនិងក្រុមគ្រួសាររបស់អ្នកអាចត្រៀមខ្លួននៅឥឡូវនេះសម្រាប់ការបៀតបៀន។ (សកម្ម. ១៤:២២) សូមកុំព្យាយាមស្រមៃគិតអំពីការអាក្រក់ទាំងអស់ដែលអាចកើតឡើងឡើយ។ ផ្ទុយទៅវិញ សូមពង្រឹងចំណងមិត្តភាពរបស់អ្នកជាមួយព្រះយេហូវ៉ា ហើយជួយកូនៗរបស់អ្នកឲ្យធ្វើដូច្នេះដែរ។ បើពេលខ្លះអ្នកខ្វល់ខ្វាយ សូមអធិដ្ឋានយ៉ាងអស់ពីចិត្តទៅព្រះ។ (ចសព. ៦២:៧, ៨) សូមពិចារណាជាក្រុមគ្រួសារអំពីមូលហេតុដែលសមាជិកម្នាក់ៗអាចទុកចិត្តលើលោក។ d ដូចក្នុងករណីមានមហន្តរាយ ការរៀបចំទុកជាមុននិងការទុកចិត្តព្រះយេហូវ៉ានឹងជួយកូនរបស់អ្នកឲ្យមានចិត្តក្លាហាននិងចិត្តស្ងប់។
១៨. តើយើងនឹងមានអនាគតបែបណា?
១៨ សេចក្ដីសុខសាន្តរបស់ព្រះធ្វើឲ្យយើងមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាព។ (ភី. ៤:៦, ៧) តាមរយៈនេះ ព្រះយេហូវ៉ាធ្វើឲ្យយើងមានចិត្តស្ងប់ ទោះជាជំងឺ គ្រោះមហន្តរាយ និងការបៀតបៀនអាចមានឥទ្ធិពលមកលើយើងនៅសព្វថ្ងៃនេះក្ដី។ លោកប្រើពួកអ្នកចាស់ទុំដែលខំប្រឹងធ្វើការយ៉ាងនឿយហត់ឲ្យឃ្វាលយើង។ ម្យ៉ាងទៀត លោកឲ្យយើងទាំងអស់គ្នាមានឯកសិទ្ធិជួយគ្នាទៅវិញទៅមក។ សេចក្ដីសុខសាន្តដែលយើងមាននៅឥឡូវនេះ នឹងជួយយើងឲ្យត្រៀមខ្លួនសម្រាប់ទុក្ខលំបាកធំជាងនៅថ្ងៃអនាគត សូម្បីតែនៅក្នុងគ្រា«ទុក្ខវេទនាជាខ្លាំង»ក្ដី។ (ម៉ាថ. ២៤:២១) នៅគ្រានោះ យើងនឹងត្រូវរក្សាសេចក្ដីសុខសាន្តរបស់យើង ហើយជួយអ្នកឯទៀតឲ្យធ្វើដូចគ្នាដែរ។ ប៉ុន្តែ ក្រោយពីព្រឹត្តិការណ៍នោះ យើងនឹងមិនមានបញ្ហាផ្សេងៗដែលធ្វើឲ្យយើងខ្វល់ខ្វាយទៀតឡើយ។ យើងនឹងមានអ្វីដែលព្រះយេហូវ៉ាចង់ឲ្យយើងមានតាំងពីដើមដំបូង ពោលគឺសេចក្ដីសុខសាន្តដ៏ពិតប្រាកដដែលនឹងស្ថិតស្ថេរជារៀងរហូត។—អេ. ២៦:៣, ៤
ចម្រៀងលេខ១០៩ ចូរស្រឡាញ់គ្នាឲ្យខ្លាំងដោយស្មោះពីចិត្ត
a ព្រះយេហូវ៉ាច្រើនតែប្រើអ្នកបម្រើដ៏ស្មោះត្រង់របស់លោកដើម្បីជួយពួកអ្នកដែលកំពុងជួបប្រទះបញ្ហា។ លោកអាចប្រើអ្នកឲ្យលើកទឹកចិត្តបងប្អូន។ សូមយើងពិចារណាអំពីរបៀបដែលយើងអាចជួយអ្នកឯទៀតពេលពួកគេត្រូវការជំនួយ។
b ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
c ការិយាល័យសាខាឬមន្ទីរចាត់ការពិភពលោកមិនអាចផ្ញើសំបុត្រពីបងប្អូនទៅបងប្អូនម្នាក់ៗដែលជាប់គុកបានទេ។
d សូមមើលអត្ថបទដែលមានចំណងជើងថា «ចូរត្រៀមខ្លួននៅឥឡូវនេះសម្រាប់ការបៀតបៀន» ក្នុងទស្សនាវដ្ដីប៉មយាម ខែកក្កដា ឆ្នាំ២០១៩។
e ការពណ៌នាអំពីរូបភាព: ប្ដីប្រពន្ធមួយគូយកអាហារខ្លះឲ្យក្រុមគ្រួសារមួយដែលស្នាក់នៅជម្រកបណ្ដោះអាសន្នក្រោយពីគ្រោះមហន្តរាយ។