លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៥០

«អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»

«អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»

​«​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​នៅ​ថ្ងៃ​នេះ​ថា អ្នក​នឹង​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​សួន​ឧទ្យាន​»។—លូក. ២៣:៤៣

ចម្រៀង​លេខ​១៤៥ សេចក្ដី​សន្យា​របស់​ព្រះ​អំពី​សួន​ឧទ្យាន

សេចក្ដី​សង្ខេប a

១. មិន​យូរ​មុន​លោក​យេស៊ូ​ស្លាប់ តើ​លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​ទៅ​កាន់​ឧក្រិដ្ឋជន​ម្នាក់​ដែល​នៅ​ក្បែរ​លោក? (​លូកា ២៣:៣៩​-​៤៣​)

 លោក​យេស៊ូ​និង​ឧក្រិដ្ឋជន​ពីរ​នាក់​ដែល​នៅ​អម​សង​ខាង​លោក កំពុង​រង​ទុក្ខ​កាល​ដែល​ពួក​គេ​ស្លាប់​សន្សឹម​ៗ។ (​លូក. ២៣:៣២, ៣៣​) ឧក្រិដ្ឋជន​ទាំង​ពីរ​នាក់​នោះ​បាន​និយាយ​ប្រមាថ​លោក​យេស៊ូ ដូច្នេះ​ពួក​គេ​ច្បាស់​ជា​មិន​មែន​ជា​អ្នក​កាន់​តាម​លោក​ទេ។ (​ម៉ាថ. ២៧:៤៤; ម៉ាក. ១៥:៣២​) ប៉ុន្តែ ឧក្រិដ្ឋជន​ម្នាក់​បាន​កែ​ប្រែ​ចិត្ត​គំនិត។ គាត់​និយាយ​ថា​៖ ​«​លោក​យេស៊ូ សូម​នឹក​ឃើញ​ខ្ញុំ ពេល​ដែល​លោក​ទៅ​ជា​ស្ដេច​»។ លោក​បាន​តប​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​នៅ​ថ្ងៃ​នេះ​ថា អ្នក​នឹង​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​សួន​ឧទ្យាន​»។ (​សូម​អាន លូកា ២៣:៣៩​-​៤៣) ទោះ​ជា​ឧក្រិដ្ឋជន​នោះ​ប្រហែល​ជា​ឮ​ដំណឹង​អំពី​«​រាជាណាចក្រ​ស្ថាន​សួគ៌​»​ដែល​លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​ក្ដី គាត់​មិន​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក​ទេ។ ម្យ៉ាង​ទៀត លោក​យេស៊ូ​មិន​ដែល​មាន​ប្រសាសន៍​ថា បុរស​នោះ​នឹង​ចូល​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ។ (​ម៉ាថ. ៤:១៧​) លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​អំពី​សួន​ឧទ្យាន​នៅ​ផែនដី​នា​ថ្ងៃ​អនាគត។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ?

តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា​អំពី​ឧក្រិដ្ឋជន​ដែល​បាន​និយាយ ជា​មួយ​លោក​យេស៊ូ​និង​អំពី​អ្វី​ដែល​គាត់​ដឹង? (​សូម​មើល​វគ្គ​២​-​៣​)

២. ហេតុ​អ្វី​យើង​ដឹង​ថា​ឧក្រិដ្ឋជន​ដែល​ប្រែ​ចិត្ត​នោះ​ជា​ជន​ជាតិ​យូដា?

ឧក្រិដ្ឋជន​ដែល​ប្រែ​ចិត្ត​នោះ​ទំនង​ជា​ជន​ជាតិ​យូដា។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? ពីព្រោះ​ឧក្រិដ្ឋជន​នោះ​បាន​និយាយ​ទៅ​កាន់​ឧក្រិដ្ឋជន​ម្នាក់​ទៀត​ថា​៖ ​«​តើ​អ្នក​នៅ​តែ​មិន​កោត​ខ្លាច​ព្រះ​ទៀត​ឬ?​»។ (​លូក. ២៣:៤០​) ជន​ជាតិ​យូដា​គោរព​បូជា​ព្រះ​តែ​មួយ តែ​ប្រជា​ជាតិ​នានា​ជឿ​លើ​ព្រះ​ជា​ច្រើន។ (​ដច. ២០:២, ៣; ១កូ. ៨:៥, ៦​) បើ​ឧក្រិដ្ឋជន​ទាំង​នោះ​មិន​មែន​ជា​ជន​ជាតិ​យូដា ឧក្រិដ្ឋជន​ម្នាក់​ទំនង​ជា​សួរ​ម្នាក់​ទៀត​ថា​៖ ​«​តើ​អ្នក​នៅ​តែ​មិន​កោត​ខ្លាច​ព្រះ​នានា​ទៀត​ឬ?​»។ បន្ថែម​ទៅ​ទៀត លោក​យេស៊ូ​មិន​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ឯ​ប្រជា​ជាតិ​ផ្សេង​ៗ​ទេ ប៉ុន្តែ​ទៅ​ឯ​«​ចៀម​ដែល​វង្វេង​ផ្លូវ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​»។ (​ម៉ាថ. ១៥:២៤​) ព្រះ​បាន​បង្ហាញ​ជន​ជាតិ​អ៊ីស្រាអែល​ថា​លោក​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ឧក្រិដ្ឋជន​ដែល​ប្រែ​ចិត្ត​នោះ​ប្រហែល​ជា​បាន​ស្គាល់​អំពី​រឿង​នេះ ហើយ​ពាក្យ​សម្ដី​របស់​គាត់​បង្ហើប​ឲ្យ​ដឹង​ថា គាត់​សន្និដ្ឋាន​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ដើម្បី​គ្រប់​គ្រង​នៅ​រាជាណាចក្រ​របស់​ព្រះ។ បុរស​នោះ​ទំនង​ជា​សង្ឃឹម​ថា​ព្រះ​ក៏​នឹង​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ​ដែរ។

៣. តើ​ឧក្រិដ្ឋជន​ទំនង​ជា​បាន​គិត​អំពី​អ្វី​ពេល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​សួន​ឧទ្យាន? សូម​ពន្យល់។ (​ដើម​កំណើត ២:១៥​)

ដោយ​សារ​ឧក្រិដ្ឋជន​ដែល​ប្រែ​ចិត្ត​នោះ​ជា​ជន​ជាតិ​យូដា នោះ​គាត់​ដឹង​អំពី​អាដាម​និង​អេវ៉ា ព្រម​ទាំង​សួន​ឧទ្យាន​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ឲ្យ​ពួក​គាត់​រស់​នៅ។ ដូច្នេះ ឧក្រិដ្ឋជន​នោះ​ទំនង​ជា​បាន​ជឿ​ថា សួន​ឧទ្យាន​ដែល​លោក​យេស៊ូ​បាន​លើក​ឡើង​នោះ​នឹង​ជា​សួន​ដ៏​ស្រស់​ស្អាត​លើ​ផែនដី។—សូម​អាន ដើម​កំណើត ២:១៥

៤. តើ​ពាក្យ​របស់​លោក​យេស៊ូ​ទៅ​កាន់​ឧក្រិដ្ឋជន​ម្នាក់​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​គិត​អំពី​អ្វី?

ពាក្យ​របស់​លោក​យេស៊ូ​ទៅ​កាន់​ឧក្រិដ្ឋជន​ម្នាក់​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​គិត​អំពី​ជីវិត​ក្នុង​សួន​ឧទ្យាន​ថា​គឺ​យ៉ាង​ណា។ តាម​ពិត យើង​អាច​រៀន​ព័ត៌មាន​អំពី​សួន​ឧទ្យាន​ពី​ការ​គ្រប់​គ្រង​ដ៏​សុខ​សាន្ត​របស់​ស្ដេច​សាឡូម៉ូន។ ម្យ៉ាង​ទៀត យើង​អាច​រំពឹង​ថា​អ្នក​ដែល​ធំ​ជាង​សាឡូម៉ូន​ពោល​គឺ​លោក​យេស៊ូ នឹង​សហការ​ជា​មួយ​អ្នក​ដែល​គ្រប់​គ្រង​ជា​មួយ​លោក​ដើម្បី​នាំ​មក​នូវ​ស្ថានភាព​ដ៏​អស្ចារ្យ​នៅ​ផែនដី។ (​ម៉ាថ. ១២:៤២​) ច្បាស់​ណាស់ ​«​ចៀម​ឯ​ទៀត​»​គួរ​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឲ្យ​រស់​នៅ​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន។—យ៉ូន. ១០:១៦

តើ​ជីវិត​ក្នុង​សួន​ឧទ្យាន​គឺ​បែប​ណា?

៥. តើ​អ្នក​រំពឹង​ថា​ជីវិត​ក្នុង​សួន​ឧទ្យាន​នឹង​យ៉ាង​ណា?

តើ​អ្នក​ស្រមៃ​ឃើញ​អ្វី ពេល​គិត​អំពី​ជីវិត​ក្នុង​សួន​ឧទ្យាន? ប្រហែល​ជា​អ្នក​ស្រមៃ​គិត​អំពី​សួន​ដ៏​ស្រស់​ស្អាត ដូច​ជា​សួន​អេដែន។ (​ដក. ២:៧​-​៩​) អ្នក​ប្រហែល​ជា​នឹក​ចាំ​អំពី​ទំនាយ​ដែល​មីកា​បាន​កត់​ទុក ដែល​ថា​រាស្ត្រ​ព្រះ​នឹង​អង្គុយ​«​នៅ​ក្រោម​ដើម​ទំពាំង​បាយ​ជូរ​និង​ដើម​ល្វា​របស់​ខ្លួន​»។ (​មីកា ៤:៣, ៤​) អ្នក​ក៏​ប្រហែល​ជា​នឹក​ចាំ​ខ​គម្ពីរ​ដែល​ចែង​ថា​នឹង​មាន​អាហារ​ជា​បរិបូរ។ (​ចសព. ៧២:១៦; អេ. ៦៥:២១, ២២​) ដូច្នេះ អ្នក​ប្រហែល​ជា​ស្រមៃ​ឃើញ​ខ្លួន​អ្នក​អង្គុយ​នៅ​តុ​មួយ​ពេញ​ទៅ​ដោយ​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ក្នុង​សួន​ដ៏​ស្រស់​ស្អាត។ អ្នក​ក៏​ប្រហែល​ជា​ស្រមៃ​គិត​អំពី​ខ្យល់​កំពុង​បក់​ផាយ​ផាត់​នាំ​ក្លិន​ដ៏​ស្រស់​ស្រាយ​ពី​រុក្ខជាតិ​និង​ផ្កា។ ម្យ៉ាង​ទៀត អ្នក​ទំនង​ជា​អាច​ស្រមៃ​គិត​អំពី​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​អ្នក រួម​ទាំង​បុគ្គល​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ កំពុង​ចំណាយ​ពេល​សើច​សប្បាយ​ជា​មួយ​គ្នា។ អ្វី​ទាំង​អស់​នេះ​មិន​មែន​ជា​ការ​ស្រមើ​ស្រមៃ​ទេ។ យើង​អាច​ប្រាកដ​ថា​អ្វី​ទាំង​អស់​នេះ​នឹង​កើត​ឡើង​នៅ​លើ​ផែនដី។ ប៉ុន្តែ ជីវិត​ក្នុង​សួន​ឧទ្យាន​ក៏​នឹង​មាន​ការ​ងារ​ជា​ទី​គាប់​ចិត្ត​ដែរ។

យើង​នឹង​មាន​កិច្ច​ការ​ដ៏​សំខាន់ គឺ​បង្រៀន​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ (​សូម​មើល​វគ្គ​៦​)

៦. តើ​យើង​នឹង​ធ្វើ​អ្វី​ក្នុង​សួន​ឧទ្យាន? (​សូម​មើល​រូប​ភាព​)

ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង​ឲ្យ​មាន​សមត្ថភាព​សប្បាយ​រីករាយ​នឹង​កិច្ច​ការ​របស់​ខ្លួន។ (​អទ. ២:២៤​) យើង​នឹង​ជាប់​រវល់ ជា​ពិសេស​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត។ ពួកអ្នក​ដែល​រួច​រស់​ជីវិត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ព្រម​ទាំង​មនុស្ស​រាប់​លាន​នាក់​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​ត្រូវ​ការ​សម្លៀក​បំពាក់ ម្ហូប​អាហារ និង​កន្លែង​រស់​នៅ។ ដើម្បី​ផ្ដល់​អ្វី​ទាំង​នោះ យើង​នឹង​ត្រូវ​ធ្វើ​កិច្ច​ការ​ដ៏​សប្បាយ​ជា​ច្រើន។ ដូច​អាដាម​និង​អេវ៉ា​ត្រូវ​ដាំ​ដុះ​ថែ​ទាំ​សួន​ដែល​ជា​ទី​លំនៅ​របស់​ពួក​គេ យើង​នឹង​មាន​ឯកសិទ្ធិ​ដាំ​ដុះ​ថែ​ទាំ​សួន​ឧទ្យាន​នៅ​ផែនដី។ សូម​ស្រមៃ​គិត​ផង​ដែរ​អំពី​អំណរ​ដែល​យើង​នឹង​ទទួល​ពី​ការ​បង្រៀន​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ដែល​មិន​សូវ​ស្គាល់​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក ហើយ​ជួយ​ពួក​អ្នក​ស្មោះ​ត្រង់​ដែល​បាន​រស់​ជា​យូរ​មុន​សម័យ​លោក​យេស៊ូ​ឲ្យ​រៀន​ថែម​ទៀត។

៧. តើ​យើង​អាច​មាន​ទំនុក​ចិត្ត​អ្វី ហើយ​ហេតុ​អ្វី?

យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ពេល​យើង​រស់​នៅ​ក្នុង​សួន​ឧទ្យាន យើង​នឹង​មាន​សេចក្ដី​សុខ​សាន្ត មាន​អ្វី​ដែល​យើង​ត្រូវ​ការ​ជា​បរិបូរ និង​មាន​របៀប​រៀប​រយ។ ហេតុ​អ្វី? ពីព្រោះ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ទុក​ជា​មុន​ថា​ជីវិត​ក្រោម​ការ​គ្រប់​គ្រង​របស់​បុត្រ​លោក​គឺ​យ៉ាង​ណា។ នេះ​ស​ឲ្យ​ឃើញ​ក្នុង​កំណត់​ហេតុ​អំពី​ការ​គ្រប់​គ្រង​របស់​ស្ដេច​សាឡូម៉ូន។

ការ​គ្រប់​គ្រង​របស់​ស្ដេច​សាឡូម៉ូន​អាច​ជួយ​យើង​ឲ្យ​ដឹង​អំពី​ជីវិត​ក្នុង​សួន​ឧទ្យាន

៨. តើ​ពាក្យ​របស់​ស្ដេច​ដាវីឌ​នៅ​ចម្រៀង​សរសើរ​ព្រះ ៣៧:១០, ១១, ២៩ បាន​សម្រេច​នៅ​សម័យ​បុរាណ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​«​សំណួរ​ពី​អ្នក​អាន​»​ក្នុង​លេខ​នេះ​)

ស្ដេច​ដាវីឌ​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ថា​ជីវិត​គឺ​យ៉ាង​ណា ពេល​ស្ដេច​ដែល​មាន​ប្រាជ្ញា​និង​ចិត្ត​ស្មោះ​ត្រង់​គ្រង​រាជ្យ។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣៧:១០, ១១, ២៩) យើង​ច្រើន​តែ​អាន​ចម្រៀង​សរសើរ​ព្រះ ៣៧:១១​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់ ពេល​និយាយ​អំពី​សួន​ឧទ្យាន​នៅ​ថ្ងៃ​អនាគត។ យើង​មាន​មូលហេតុ​ល្អ​ឲ្យ​ធ្វើ​ដូច្នេះ ពីព្រោះ​លោក​យេស៊ូ​បាន​ដក​ស្រង់​ពាក្យ​នេះ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​លើ​ភ្នំ ហើយ​បញ្ជាក់​ថា​ពាក្យ​នោះ​នឹង​សម្រេច​នៅ​ថ្ងៃ​អនាគត។ (​ម៉ាថ. ៥:៥​) ប៉ុន្តែ ពាក្យ​របស់​ដាវីឌ​ក៏​បង្ហាញ​អំពី​ជីវិត​ក្នុង​អំឡុង​សម័យ​កាល​របស់​ស្ដេច​សាឡូម៉ូន​ដែរ។ ពេល​សាឡូម៉ូន​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល រាស្ត្រ​ព្រះ​មាន​សន្តិភាព​និង​ភាព​ចម្រុង​ចម្រើន​ជា​បរិបូរ​ក្នុង​ទឹក​ដី​ដែល​មាន​«​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​សម្បូរ​ហូរ​ហៀរ​»។ ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​បន្ត​កាន់​តាម​ច្បាប់​[​របស់​ខ្ញុំ​] . . . ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​សុខ​សន្តិភាព ហើយ​នឹង​គ្មាន​អ្នក​ណា​មក​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ទេ​»។ (​ចល. ២០:២៤; ២៦:៣,​) សេចក្ដី​សន្យា​ទាំង​នេះ​បាន​ក្លាយ​ជា​ការ​ពិត​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន។ (​១ប្រ. ២២:៩; ២៩:២៦​-​២៨​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​មនុស្ស​អាក្រក់​«​នឹង​លែង​មាន​»​ទៀត។ (​ចសព. ៣៧:១០​) ដូច្នេះ ពាក្យ​នៅ​ចម្រៀង​សរសើរ​ព្រះ ៣៧:១០, ១១, ២៩ បាន​សម្រេច​នៅ​សម័យ​បុរាណ ហើយ​ក៏​នឹង​សម្រេច​នៅ​ថ្ងៃ​អនាគត​ដែរ។

៩. តើ​មហា​ក្សត្រី​ស្រុក​សេបា​បាន​និយាយ​យ៉ាង​ណា​អំពី​ការ​គ្រប់​គ្រង​របស់​ស្ដេច​សាឡូម៉ូន?

មហា​ក្សត្រី​ស្រុក​សេបា​បាន​ឭ​អំពី​សន្តិភាព​និង​ភាព​ចម្រុង​ចម្រើន​នៃ​ប្រជា​ជាតិ​អ៊ីស្រាអែល​ក្រោម​ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន។ គាត់​បាន​ធ្វើ​ដំណើរ​ពី​កន្លែង​ឆ្ងាយ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​មើល​ស្ថានភាព​នោះ​ដោយ​ផ្ទាល់​ភ្នែក។ (​១បស. ១០:១​) ក្រោយ​ពី​ពិនិត្យ​មើល​រាជាណាចក្រ​របស់​សាឡូម៉ូន គាត់​និយាយ​ថា​៖ ​«​អ្វី​ដែល​គេ​បាន​ប្រាប់​គឺ​មិន​ទាំង​ដល់​ពាក់​កណ្ដាល​ផង។ . . . រាស្ត្រ​របស់​លោក​ពិត​ជា​មាន​សុភមង្គល​ហើយ! ចំណែក​ពួក​អ្នក​បម្រើ​របស់​លោក ក៏​មាន​សុភមង្គល​ដែរ! ព្រោះ​ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​បាន​ស្ដាប់​សម្ដី​របស់​លោក​ដែល​ប្រកប​ដោយ​ប្រាជ្ញា​»។ (​១បស. ១០:៦​-​៨​) ប៉ុន្តែ ស្ថានភាព​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្ដេច​សាឡូម៉ូន​គ្រាន់​តែ​ជា​គំរូ​មួយ​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​សម្រាប់​មនុស្សជាតិ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​ដែល​ជា​បុត្រ​លោក។

១០. តើ​លោក​យេស៊ូ​ប្រសើរ​ជាង​សាឡូម៉ូន​តាម​របៀប​ណា​ខ្លះ?

១០ លោក​យេស៊ូ​ល្អ​ប្រសើរ​ជាង​សាឡូម៉ូន​ក្នុង​គ្រប់​ការ​ទាំង​អស់។ សាឡូម៉ូន​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដែល​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​នៅ​ទី​បំផុត​នាំ​ទុក្ខ​ដល់​រាស្ត្រ​ព្រះ។ ប៉ុន្តែ លោក​យេស៊ូ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​មិន​ចេះ​ធ្វើ​ខុស។ (​លូក. ១:៣២; ហេ. ៤:១៤, ១៥​) លោក​យេស៊ូ​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ ទោះ​ជា​សាថាន​បាន​ល្បួង​លោក​យ៉ាង​ខ្លាំង​ក្ដី។ គ្រិស្ត​បាន​បង្ហាញ​ថា​លោក​នឹង​មិន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ឬ​ធ្វើ​អ្វី​ណា​ដែល​នឹង​នាំ​ទុក្ខ​ដល់​រាស្ត្រ​ដ៏​ស្មោះ​ភក្ដី​របស់​លោក​ឡើយ។ គឺ​ពិត​ជា​ឯកសិទ្ធិ​មែន​ដែល​មាន​លោក​ជា​ស្ដេច​របស់​យើង!

១១. តើ​អ្នក​ណា​នឹង​ជួយ​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ?

១១ លោក​យេស៊ូ​នឹង​មាន​អ្នក​គ្រប់​គ្រង​១៤៤.០០០​នាក់​សហការ​ជា​មួយ​លោក​ដើម្បី​បី​បាច់​រក្សា​មនុស្សជាតិ ព្រម​ទាំង​ធ្វើ​ឲ្យ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ផែនដី​បាន​សម្រេច។ (​បប. ១៤:១​-​៣​) ពួក​អ្នក​គ្រប់​គ្រង​ទាំង​នេះ​ធ្លាប់​ជួប​ការ​ពិបាក​ផ្សេង​ៗ​ជា​ច្រើន​ពេល​ពួក​គេ​នៅ​ផែនដី ដូច្នេះ​ពួក​គេ​នឹង​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ដែល​ចេះ​យល់​អារម្មណ៍។ តើ​ពួក​អ្នក​គ្រប់​គ្រង​ទាំង​នេះ​នឹង​ធ្វើ​អ្វី?

តើ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​នឹង​ធ្វើ​អ្វី?

១២. តើ​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ភារកិច្ច​អ្វី​ដល់​១៤៤.០០០​នាក់?

១២ ភារកិច្ច​របស់​លោក​យេស៊ូ​និង​១៤៤.០០០​នាក់​គឺ​ធំ​ជាង​ភារកិច្ច​របស់​សាឡូម៉ូន​ឆ្ងាយ​ណាស់។ ស្ដេច​ស្រុក​អ៊ីស្រាអែល​នោះ​ត្រូវ​បី​បាច់​រក្សា​មនុស្ស​រាប់​លាន​នាក់​ក្នុង​ស្រុក​មួយ។ ប៉ុន្តែ ពួក​អ្នក​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​ព្រះ​នឹង​ជួយ​បី​បាច់​រក្សា​មនុស្ស​រាប់​ពាន់​លាន​នាក់​នៅ​ទូទាំង​ផែនដី។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ឯកសិទ្ធិ​ដ៏​ថ្លៃ​ថ្លា​ដល់​១៤៤.០០០​នាក់​មែន!

១៣. តើ​ភារកិច្ច​ពិសេស​របស់​ពួក​អ្នក​ដែល​គ្រប់​គ្រង​ជា​មួយ​លោក​យេស៊ូ​នឹង​រួម​បញ្ចូល​អ្វី?

១៣ ដូច​លោក​យេស៊ូ ១៤៤.០០០​នាក់​នឹង​ធ្វើ​ជា​ស្ដេច​និង​សង្ឃ។ (​បប. ៥:១០​) ក្រោម​ច្បាប់​ម៉ូសេ ពួក​សង្ឃ​មាន​ភារកិច្ច​ចម្បង​ក្នុង​ការ​ជួយ​បណ្ដា​ជន​ឲ្យ​រក្សា​សុខភាព​ល្អ​និង​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។ ច្បាប់​ម៉ូសេ​គឺ​ជា​«​ស្រមោល​នៃ​ពរ​ដែល​នឹង​មក​ដល់​»​ ដូច្នេះ​គឺ​ជា​ការ​សម​ហេតុ​សម​ផល​ឲ្យ​សន្និដ្ឋាន​ថា​អ្នក​គ្រប់​គ្រង​ជា​មួយ​លោក​យេស៊ូ​នឹង​ជួយ​រាស្ត្រ​ព្រះ​ឲ្យ​រក្សា​សុខភាព​ល្អ​និង​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។ (​ហេ. ១០:១​) យើង​ត្រូវ​ចាំ​មើល​ថា​តើ​ពួក​អ្នក​ដែល​ជា​ស្ដេច​និង​សង្ឃ​ទាំង​នេះ​នឹង​ប្រាស្រ័យ​ទាក់​ទង​តាម​វិធី​ណា​ជា​មួយ​នឹង​ពួក​អ្នក​នៅ​ផែនដី​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ​ព្រះ។ ទោះ​ជា​ព្រះ​យេហូវ៉ា​រៀបចំ​យ៉ាង​ណា​ក៏​ដោយ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ក្នុង​សួន​ឧទ្យាន​នៅ​ថ្ងៃ​ខាង​មុខ ពួក​អ្នក​ដែល​នៅ​ផែនដី​នឹង​ទទួល​ការ​ណែនាំ​ដែល​ពួក​គេ​ត្រូវ​ការ។—បប. ២១:៣, ៤

តើ​«​ចៀម​ឯ​ទៀត​»​ត្រូវ​ធ្វើ​អ្វីដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​រស់​នៅ​ក្នុង​សួន​ឧទ្យាន?

១៤. តើ​«​ចៀម​ឯ​ទៀត​»​និង​«​ហ្វូង​តូច​»​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ណា?

១៤ លោក​យេស៊ូ​បាន​ហៅ​ពួក​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​លោក​ថា​«​ហ្វូង​តូច​»។ (​លូក. ១២:៣២​) លោក​ក៏​បាន​មាន​ប្រសាសន៍​អំពី​ក្រុម​ទី​២​ដែល​លោក​បាន​ហៅ​ថា​«​ចៀម​ឯ​ទៀត​»។ ក្រុម​ទាំង​ពីរ​នេះ​គឺ​ជា​ហ្វូង​តែ​មួយ​ដែល​មាន​សាមគ្គីភាព។ (​យ៉ូន. ១០:១៦​) ពួក​គេ​កំពុង​រួម​កិច្ច​ការ​ជា​មួយ​គ្នា​រួច​ហើយ ហើយ​ក៏​នឹង​បន្ត​ធ្វើ​ដូច្នេះ​ពេល​ដែល​ផែនដី​ទៅ​ជា​សួន​ឧទ្យាន។ នៅ​ពេល​នោះ ពួក​អ្នក​ដែល​ជា​«​ហ្វូង​តូច​»​នឹង​នៅ​ស្ថាន​សួគ៌ ហើយ​ពួក​អ្នក​ដែល​ជា​«​ចៀម​ឯ​ទៀត​»​នឹង​នៅ​ផែនដី​ដោយ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែនដី។ ប៉ុន្តែ មាន​អ្វី​ដែល​«​ចៀម​ឯ​ទៀត​»​ត្រូវ​ធ្វើ​នៅ​ឥឡូវ​នេះ​ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​រស់​នៅ​ក្នុង​សួន​ឧទ្យាន។

សូម្បី​តែ​នៅ​ឥឡូវ​នេះ ក៏​យើង​អាច បង្ហាញ​ថា​យើង​កំពុង​ត្រៀម​ខ្លួន ដើម្បី​រស់​នៅ​ក្នុង​សួន​ឧទ្យាន នា​ថ្ងៃ​ខាង​មុខ (​សូម​មើល​វគ្គ​១៥​) b

១៥. (​ក​) តើ​តាម​របៀប​ណា​«​ចៀម​ឯ​ទៀត​»​សហការ​ជា​មួយ​បង​ប្អូន​របស់​គ្រិស្ត? (​ខ​) តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​បង​ប្រុស​ដែល​ទៅ​ឱសថស្ថាន​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​)

១៥ ឧក្រិដ្ឋជន​ដែល​បាន​ប្រែ​ចិត្ត​បាន​ស្លាប់​មុន​ដែល​គាត់​មាន​ឱកាស​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​អ្វី​ដែល​គ្រិស្ត​បាន​ធ្វើ​សម្រាប់​គាត់។ ផ្ទុយ​ទៅ​វិញ យើង​ដែល​ជា​«​ចៀម​ឯ​ទៀត​»​មាន​ឱកាស​ជា​ច្រើន​នៅ​ឥឡូវ​នេះ​ដើម្បី​បង្ហាញ​អំពី​អារម្មណ៍​របស់​យើង​ចំពោះ​លោក​យេស៊ូ។ ជា​ឧទាហរណ៍ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​តាម​រយៈ​របៀប​ដែល​យើង​ប្រព្រឹត្ត​ទៅ​លើ​បង​ប្អូន​របស់​លោក​ដែល​ព្រះ​បាន​រើស​តាំង។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​វិនិច្ឆ័យ​ចៀម​ស្រប​ទៅ​តាម​របៀប​ដែល​ពួក​គេ​ប្រព្រឹត្ត​ទៅ​លើ​បង​ប្អូន​របស់​លោក។ (​ម៉ាថ. ២៥:៣១​-​៤០​) យើង​អាច​គាំ​ទ្រ​បង​ប្អូន​របស់​គ្រិស្ត​ដោយ​ជួយ​ពួក​គេ​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ (​ម៉ាថ. ២៨:១៨​-​២០​) នេះ​គឺ​ជា​មូលហេតុ​ដែល​យើង​ចង់​ប្រើ​សៀវភៅ​ផ្សេង​ៗ​ដែល​យើង​ទទួល​ដើម្បី​សិក្សា​គម្ពីរ ដូច​ជា​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!ជា​ដើម។ បើ​អ្នក​មិន​ទាន់​បាន​បង្រៀន​គម្ពីរ​ដល់​នរណា​ម្នាក់​ទេ សូម​មាន​គោល​ដៅ​ស្នើ​សុំ​បង្រៀន​គម្ពីរ​ដល់​មនុស្ស​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

១៦. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ពលរដ្ឋ​នៃ​រាជាណាចក្រ​ព្រះ​នៅ​ឥឡូវ​នេះ?

១៦ យើង​មិន​ចាំ​បាច់​ចាំ​រហូត​ដល់​យើង​រស់​នៅ​សួន​ឧទ្យាន ទើប​យើង​ធ្វើ​ជា​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​រស់​នៅ​ទី​នោះ​ទេ។ ឥឡូវ​នេះ យើង​អាច​ព្យាយាម​ទៀង​ត្រង់​ក្នុង​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង ហើយ​មាន​តុល្យភាព​ក្នុង​ជីវិត។ ម្យ៉ាង​ទៀត យើង​អាច​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា គូ​អាពាហ៍ពិពាហ៍ និង​បង​ប្អូន​រួម​ជំនឿ។ បើ​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​ក្នុង​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ នោះ​នឹង​ស្រួល​ជាង​ឲ្យ​យើង​ស្ដាប់​បង្គាប់​លោក​នៅ​សួន​ឧទ្យាន។ យើង​ក៏​អាច​បង្កើន​ជំនាញ​និង​គុណ​សម្បត្តិ​ផ្សេង​ៗ​ដើម្បី​បង្ហាញ​ថា យើង​កំពុង​ត្រៀម​ខ្លួន​រស់​នៅ​ទី​នោះ។ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​អ្នក​ត្រៀម​ខ្លួន​ទទួល​‹ផែនដី​ជា​មត៌ក›​ហើយ​ឬ​នៅ?​»​ក្នុង​លេខ​នេះ។

១៧. តើ​យើង​គួរ​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​អំពើ​ខុស​ឆ្គង​ពី​មុន​របស់​យើង​ឬ​ទេ? សូម​ពន្យល់។

១៧ យើង​ក៏​គួរ​ព្យាយាម​ឈប់​បន្ទោស​ខ្លួន ដោយ​សារ​យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​នៅ​អតីតកាល។ ពិត​មែន យើង​មិន​ចង់​យក​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​ដើម្បី​ធ្វើ​ជា​លេស​«​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​ចេតនា​»​ទេ។ (​ហេ. ១០:២៦​-​៣១​) ប៉ុន្តែ យើង​អាច​ទុក​ចិត្ត​ថា បើ​យើង​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ពី​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ បាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​និង​អ្នក​ចាស់​ទុំ ហើយ​បាន​កែ​ខ្លួន នោះ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង​ជា​បរិបូរ។ (​អេ. ៥៥:៧; សកម្ម. ៣:១៩​) សូម​នឹក​ចាំ​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ទៅ​កាន់​ពួក​ផារិស៊ី​ថា​៖ ​«​ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ឡើយ តែ​បាន​មក​ដើម្បី​ហៅ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​វិញ​»។ (​ម៉ាថ. ៩:១៣​) គ្រឿង​បូជា​លោះ​មាន​អំណាច​គ្រប់​គ្រាន់​ដើម្បី​គ្រប​បាំង​អំពើ​ខុស​ឆ្គង​ទាំង​អស់​របស់​យើង។

អ្នក​អាច​រស់​រហូត​ក្នុង​សួន​ឧទ្យាន

១៨. តើ​អ្នក​នឹង​ចង់​និយាយ​អ្វី​ជា​មួយ​ឧក្រិដ្ឋជន​ដែល​បាន​ស្លាប់​នៅ​ក្បែរ​លោក​យេស៊ូ?

១៨ តើ​អ្នក​អាច​ស្រមៃ​ឃើញ​ខ្លួន​អ្នក​នៅ​សួន​ឧទ្យាន​កំពុង​សន្ទនា​ជា​មួយ​ឧក្រិដ្ឋជន​ដែល​បាន​និយាយ​ជា​មួយ​លោក​យេស៊ូ​ឬ​ទេ? អ្នក​ទាំង​ពីរ​ច្បាស់​ជា​នឹង​និយាយ​គ្នា​អំពី​ចិត្ត​ដឹង​គុណ​ចំពោះ​គ្រឿង​បូជា​របស់​លោក​យេស៊ូ។ ម្យ៉ាង​ទៀត អ្នក​ប្រហែល​ជា​សុំ​គាត់​ឲ្យ​ប្រាប់​អ្នក​ថែម​ទៀត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែនដី និង​អារម្មណ៍​របស់​គាត់​ពេល​លោក​យេស៊ូ​ឆ្លើយ​តប​សំណូម​ពរ​របស់​គាត់។ ម្យ៉ាង​ទៀត គាត់​ប្រហែល​ជា​សួរ​អ្នក​វិញ​ថា តើ​ការ​រស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​របស់​សាថាន​គឺ​យ៉ាង​ណា។ គឺ​ពិត​ជា​ឯកសិទ្ធិ​ណាស់​ដែល​យើង​អាច​បង្រៀន​បណ្ដាំ​របស់​ព្រះ​ដល់​មនុស្ស​ដូច​បុរស​នោះ!—អេភ. ៤:២២​-​២៤

នៅ​ក្នុង​អំឡុង​គ្រា​១.០០០​ឆ្នាំ ដោយ​ទឹក​មុខ​រីករាយ បង​ប្រុស​ម្នាក់​ខំ​ព្យាយាម​បង្កើន​សមត្ថភាព​ដែល​គាត់​ទន្ទឹង​រង់​ចាំ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ​(​សូម​មើល​វគ្គ​១៩​)

១៩. ហេតុ​អ្វី​ជីវិត​ក្នុង​សួន​ឧទ្យាន​នឹង​មិន​ធ្វើ​ឲ្យ​យើង​អផ្សុក? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១៩ ជីវិត​ក្នុង​សួន​ឧទ្យាន​នឹង​មិន​ធ្វើ​ឲ្យ​យើង​អផ្សុក​ទេ។ យើង​នឹង​តែង​តែ​ជួប​មនុស្ស​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​ធ្វើ​កិច្ចការ​ដែល​មាន​ន័យ​ខ្លឹម​សារ។ សំខាន់​បំផុត រាល់​ថ្ងៃ​យើង​អាច​ស្គាល់​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ច្បាស់​ទៅ​ៗ ហើយ​រីករាយ​នឹង​អ្វី​ដែល​លោក​ផ្ដល់​ឲ្យ។ មាន​អ្វី​ដែល​យើង​អាច​រៀន​អំពី​លោក​មិន​ចេះ​អស់ ហើយ​មាន​អ្វី​ជា​ច្រើន​ដែល​យើង​អាច​រៀន​អំពី​អ្វី​ៗ​ដែល​លោក​បាន​បង្កើត។ កាល​ដែល​យើង​រស់​នៅ​កាន់​តែ​យូរ នោះ​យើង​នឹង​ស្រឡាញ់​ព្រះ​កាន់​តែ​ខ្លាំង។ យើង​មាន​ចិត្ត​ដឹង​គុណ​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ដែល​លោក​ទាំង​ពីរ​បាន​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សន្យា​ឲ្យ​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន។

ចម្រៀង​លេខ​២២ សូម​ឲ្យ​រាជាណាចក្រ​ព្រះ​មក​ដល់!

a តើ​អ្នក​ច្រើន​តែ​គិត​អំពី​ជីវិត​ក្នុង​សួន​ឧទ្យាន​ថា​នឹង​ទៅ​ជា​យ៉ាង​ណា​ឬ​ទេ? យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​ពេល​គិត​អំពី​រឿង​នេះ។ កាល​ដែល​យើង​កាន់​តែ​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​សម្រាប់​យើង នោះ​យើង​នឹង​កាន់​តែ​រំភើប​ចិត្ត​ពេល​យើង​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ពិភព​លោក​ថ្មី។ អត្ថបទ​នេះ​នឹង​ជួយ​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​សេចក្ដី​សន្យា​របស់​លោក​យេស៊ូ​អំពី​សួន​ឧទ្យាន​នៅ​ថ្ងៃ​ខាង​មុខ។

b ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ដែល​មាន​សេចក្ដី​សង្ឃឹម​ចូល​រួម​ក្នុង​ការ​បង្រៀន​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ កំពុង​បង្រៀន​អ្នក​ឯ​ទៀត។