លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៥១

អ្នកអាចមានសេចក្ដីសុខសាន្តក្នុងគ្រាពិបាក

អ្នកអាចមានសេចក្ដីសុខសាន្តក្នុងគ្រាពិបាក

​«​កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ថប់​បារម្ភ ហើយ​កុំ​មាន​ចិត្ត​រួញ​រា​ឡើយ​»។—យ៉ូន. ១៤:២៧

ចម្រៀង​លេខ​១១២ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត

សេចក្ដី​សង្ខេប a

១. តើ​អ្វី​ជា​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​»​ ហើយ​តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​នោះ? (​ភីលីព ៤:៦, ៧​)

 មាន​សេចក្ដី​សុខ​សាន្ត​មួយ​ប្រភេទ​ដែល​មនុស្ស​ក្នុង​ពិភព​លោក​នេះ​មិន​ស្គាល់​ទាល់​តែ​សោះ។ នោះ​គឺ​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​»​ ពោល​គឺ​ចិត្ត​ស្ងប់​ដែល​មក​ពី​ការ​មាន​ចំណង​មិត្តភាព​ដ៏​ថ្លៃ​ថ្លា​ជា​មួយ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ ពេល​យើង​មាន​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ យើង​មាន​អារម្មណ៍​សុវត្ថិភាព។ (​សូម​អាន ភីលីព ៤:៦, ៧) យើង​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ឯ​ទៀត​ដែល​ស្រឡាញ់​លោក។ ម្យ៉ាង​ទៀត យើង​មាន​ចំណង​មិត្តភាព​កក់​ក្ដៅ​ជា​មួយ​«​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​»។ (​១ថែ. ៥:២៣​) ពេល​យើង​ស្គាល់ ទុក​ចិត្ត និង​ស្ដាប់​បង្គាប់​បិតា​របស់​យើង សេចក្ដី​សុខ​សាន្ត​របស់​លោក​អាច​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ស្ងប់​ពេល​យើង​ប្រឈម​មុខ​នឹង​បញ្ហា​ណា​មួយ។

២. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​យើង​អាច​មាន​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ?

តើ​ពិត​ជា​អាច​មាន​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ ពេល​ដែល​យើង​ជួប​បញ្ហា​ផ្សេង​ៗ ដូច​ជា​ការ​ផ្ទុះ​ឡើង​នៃ​រោគ​រាត​ត្បាត គ្រោះ​មហន្តរាយ ភាព​ចលាចល ឬ​ការ​បៀតបៀន​ឬ​ទេ? បញ្ហា​ណា​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។ ប៉ុន្តែ លោក​យេស៊ូ​បាន​ឲ្យ​យោបល់​ដល់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ថប់​បារម្ភ ហើយ​កុំ​មាន​ចិត្ត​រួញ​រា​ឡើយ​»។ (​យ៉ូន. ១៤:២៧​) គួរ​ឲ្យ​សប្បាយ​រីករាយ​មែន បង​ប្អូន​ប្រុស​ស្រី​របស់​យើង​បាន​ធ្វើ​តាម​យោបល់​នេះ​របស់​លោក​យេស៊ូ។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ពួក​គេ​អាច​មាន​សេចក្ដី​សុខ​សាន្ត​កាល​ដែល​ពួក​គេ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ធ្ងន់​ធ្ងរ។

របៀប​មាន​សេចក្ដី​សុខ​សាន្ត​ពេល​រោគ​រាត​ត្បាត​ផ្ទុះ​ឡើង

៣. តើ​រោគ​រាត​ត្បាត​អាច​ធ្វើ​ឲ្យ​យើង​លែង​មាន​សេចក្ដី​សុខ​សាន្ត​យ៉ាង​ដូច​ម្ដេច?

ការ​ឆ្លង​រាល​ដាល​នៃ​រោគ​រាត​ត្បាត​អាច​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ធំ​ទៅ​លើ​ស្ទើរ​តែ​គ្រប់​ផ្នែក​នៃ​ជីវិត​មនុស្ស។ សូម​គិត​អំពី​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ​-​១៩​ទៅ​លើ​មនុស្ស​ជា​ច្រើន។ ការ​ស្ទង់​មតិ​មួយ​ប្រាប់​ថា ចំនួន​មនុស្ស​ជាង​ពាក់​កណ្ដាល​បាន​រាយ​ការណ៍​ថា ពួក​គេ​មាន​បញ្ហា​ដេក​មិន​លក់​ក្នុង​អំឡុង​រោគ​រាត​ត្បាត​នោះ។ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នោះ​បាន​បង្ក​ឲ្យ​មនុស្ស​ជា​ច្រើន​កាន់​តែ​មាន​ការ​តាន​តឹង​ចិត្ត កើត​ជំងឺ​បាក់​ទឹក​ចិត្ត ផឹក​ស្រា​ហួស​ប្រមាណ ប្រើ​គ្រឿង​ញៀន ប្រើ​អំពើ​ហិង្សា​ក្នុង​ក្រុម​គ្រួសារ និង​ប៉ុន​ប៉ង​សម្លាប់​ខ្លួន។ បើ​នៅ​តំបន់​ដែល​អ្នក​រស់​នៅ​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ណា​មួយ តើ​តាម​របៀប​ណា​អ្នក​អាច​កាត់​បន្ថយ​ការ​ខ្វល់​ចិត្ត ហើយ​មាន​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ?

៤. ហេតុ​អ្វី​ការ​យល់​ទំនាយ​របស់​លោក​យេស៊ូ​អំពី​គ្រា​ចុង​ក្រោយ​បង្អស់​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​សាន្ត?

លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នឹង​មាន​រោគ​រាត​ត្បាត​«​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​»។ (​លូក. ២១:១១​) តើ​ការ​ដឹង​អំពី​ចំណុច​នេះ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​សាន្ត​យ៉ាង​ដូច​ម្ដេច? គឺ​ថា​យើង​មិន​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្សេង​ៗ​ទេ។ យើង​ទទួល​ស្គាល់​ថា​អ្វី​ទាំង​នេះ​គឺ​កំពុង​កើត​ឡើង​ដូច​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍។ ដូច្នេះ យើង​នឹង​ធ្វើ​តាម​យោបល់​របស់​លោក​យេស៊ូ​សម្រាប់​ពួក​អ្នក​ដែល​រស់​នៅ​គ្រា​ចុង​បញ្ចប់​ថា​៖ ​«​កុំ​ភ័យ​ស្លុត​ឡើយ​»។—ម៉ាថ. ២៤:៦

ការ​ស្ដាប់​អំណាន​គម្ពីរ​ជា​ឯកសារ​សំឡេង​អាច​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ក្នុង​អំឡុង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ (​សូម​មើល​វគ្គ​៥​)

៥. (​ក​) យោង​ទៅ​តាម​ភីលីព ៤:៨, ៩ តើ​យើង​គួរ​អធិដ្ឋាន​អំពី​អ្វី​ពេល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ? (​ខ​) តើ​បង​ស្រី​ម្នាក់​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ស្ដាប់​អំណាន​គម្ពីរ​ជា​ឯកសារ​សំឡេង ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​គាត់?

ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ណា​មួយ​អាច​ងាយ​ធ្វើ​ឲ្យ​យើង​ព្រួយ​បារម្ភ​និង​ភ័យ​ខ្លាច​ជា​ខ្លាំង។ នេះ​បាន​កើត​ឡើង​ចំពោះ​បង​ស្រី​ម្នាក់​ឈ្មោះ​ដេស៊ី។ b ក្រោយ​ពី​ពូ បង​ប្អូន​ជីដូន​មួយ និង​គ្រូ​ពេទ្យ​របស់​គាត់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​-​១៩ គាត់​ខ្លាច​ថា​គាត់​នឹង​ឆ្លង​វីរុស​នេះ ហើយ​ចម្លង​ទៅ​ម្ដាយ​វ័យ​ចាស់​របស់​គាត់។ ដោយ​សារ​រោគ​រាត​ត្បាត​នេះ គាត់​បារម្ភ​ថា​គាត់​អាច​នឹង​បាត់​បង់​ការ​ងារ​ធ្វើ ហើយ​មិន​ដឹង​ថា​តើ​គាត់​នឹង​បាន​លុយ​មក​ពី​ណា​ដើម្បី​ទិញ​អាហារ​និង​បង់​ថ្លៃ​ជួល​ផ្ទះ។ គាត់​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​រឿង​ទាំង​នេះ​រហូត​ដល់​យប់​ឡើង​ដេក​មិន​លក់។ ប៉ុន្តែ គាត់​មាន​សេចក្ដី​សុខ​សាន្ត​ឡើង​វិញ។ តើ​តាម​របៀប​ណា? បង​ដេស៊ី​បាន​អធិដ្ឋាន​ចំ​ៗ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​គាត់​មាន​ចិត្ត​ស្ងប់​និង​គិត​អ្វី​ដែល​ល្អ​ៗ។ (​សូម​អាន ភីលីព ៤:៨, ៩) គាត់​បាន​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​មក​កាន់​គាត់​តាម​រយៈ​អំណាន​គម្ពីរ​ជា​ឯកសារ​សំឡេង។ គាត់​និយាយ​ថា​៖ ​«​សំឡេង​ស្រាល​ស្រទន់​របស់​អ្នក​អាន​ធ្វើ​ឲ្យ​ចិត្ត​របស់​ខ្ញុំ​ស្ងប់ ហើយ​រំលឹក​ខ្ញុំ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​»។—ចសព. ៩៤:១៩

៦. តើ​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​ការ​ចូល​រួម​កិច្ច​ប្រជុំ​នឹង​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

ក្នុង​អំឡុង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ គឺ​មិន​តែង​តែ​ស្រួល​ឲ្យ​ធ្វើ​អ្វី​ទាំង​អស់​ដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន​ទេ ប៉ុន្តែ​សូម​កុំ​ឲ្យ​វា​រា​រាំង​អ្នក​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន ឬ​ការ​ចូល​រួម​កិច្ច​ប្រជុំ​ឡើយ។ បទ​ពិសោធន៍​ជីវិត​ពិត​ក្នុង​សៀវភៅ​ផ្សេង​ៗ​និង​វីដេអូ​របស់​យើង​នឹង​រំលឹក​អ្នក​ថា បង​ប្អូន​របស់​អ្នក​កំពុង​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ ទោះ​ជា​ជួប​បញ្ហា​ស្រដៀង​នឹង​អ្នក​ក៏​ដោយ។ (​១ពេ. ៥:៩​) កិច្ច​ប្រជុំ​នឹង​ជួយ​អ្នក​ឲ្យ​គិត​អំពី​អ្វី​ដែល​លើក​ទឹក​ចិត្ត​ពី​គម្ពីរ។ កិច្ច​ប្រជុំ​ក៏​នឹង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត ហើយ​ទទួល​ការ​លើក​ទឹក​ចិត្ត​វិញ​ផង​ដែរ។ (​រ៉ូម ១:១១, ១២​) ពេល​អ្នក​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​គាំទ្រ​ពួក​អ្នក​គោរព​ប្រណិប័តន៍​របស់​លោក​នៅ​ពេល​ដែល​ពួក​គេ​ធ្លាក់​ខ្លួន​ឈឺ ភ័យ​ខ្លាច ឬ​ឯកោ នោះ​នឹង​ពង្រឹង​ជំនឿ​របស់​អ្នក​ឲ្យ​មាំ​មួន​ឡើង ហើយ​អ្នក​នឹង​ជឿ​ជាក់​ថា​លោក​ក៏​នឹង​គាំទ្រ​អ្នក​ដែរ។

៧. តើ​អ្នក​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​សាវ័ក​យ៉ូហាន?

សូម​ព្យាយាម​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ប្រហែល​ជា​តម្រូវ​ឲ្យ​យើង​រក្សា​គម្លាត មិន​ថា​ពេល​យើង​នៅ​ជា​មួយ​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ក៏​ដោយ។ នៅ​គ្រា​ដូច​នេះ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​សាវ័ក​យ៉ូហាន។ គាត់​ចង់​ជួប​មិត្ត​សម្លាញ់​របស់​គាត់​ឈ្មោះ​កៃយុស​ដោយ​ផ្ទាល់។ (​៣យ៉ូន. ១៣, ១៤​) ប៉ុន្តែ គាត់​ទទួល​ស្គាល់​ថា​អស់​មួយ​រយៈ​ពេល គាត់​មិន​អាច​ជួប​កៃយុស​ទេ។ ដូច្នេះ យ៉ូហាន​បាន​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ គឺ​គាត់​បាន​សរសេរ​សំបុត្រ​ឲ្យ​កៃយុស។ បើ​អ្នក​មិន​តែង​តែ​អាច​ទៅ​ជួប​បង​ប្អូន​ដោយ​ផ្ទាល់ សូម​ព្យាយាម​ទាក់​ទង​ពួក​គេ​តាម​ទូរស័ព្ទ វីដេអូ​ខល ឬ​ផ្ញើ​សារ។ ពេល​អ្នក​រក្សា​ទំនាក់​ទំនង​ជា​មួយ​បង​ប្អូន​រួម​ជំនឿ អ្នក​នឹង​មិន​សូវ​មាន​អារម្មណ៍​ឯកោ ហើយ​មាន​ចិត្ត​ស្ងប់​ជាង។ សូម​ទាក់​ទង​ទៅ​ពួក​អ្នក​ចាស់​ទុំ​បើ​អ្នក​ខ្វល់​ចិត្ត​ជា​ខ្លាំង ហើយ​សូម​ទទួល​យក​ការ​លើក​ទឹក​ចិត្ត​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ពួក​គេ។—អេ. ៣២:១, ២

របៀប​មាន​សេចក្ដី​សុខ​សាន្ត​ពេល​ជួប​មហន្តរាយ

៨. តើ​គ្រោះ​មហន្តរាយ​អាច​ធ្វើ​ឲ្យ​អ្នក​លែង​មាន​សេចក្ដី​សុខ​សាន្ត​តាម​របៀប​ណា?

បើ​អ្នក​ធ្លាប់​ជួប​គ្រោះ​ទឹក​ជំនន់ រញ្ជួយ​ដី ឬ​ភ្លើង​ឆេះ​ផ្ទះ អ្នក​ប្រហែល​ជា​ខ្វល់​ចិត្ត​អស់​រយៈ​ពេល​ជា​យូរ។ បើ​អ្នក​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ឬ​ទ្រព្យ​សម្បត្តិ​របស់​អ្នក អ្នក​ប្រហែល​ជា​កើត​ទុក្ខ អស់​សង្ឃឹម ឬ​ថែម​ទាំង​ខឹង​ទៀត​ផង។ នេះ​មិន​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្តិ ឬ​ខ្វះ​ជំនឿ​ទេ។ ការ​ដែល​អ្នក​បាន​ឆ្លង​កាត់​គ្រា​ដ៏​លំបាក​មួយ នោះ​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ខ្លះ​រំពឹង​ថា​អ្នក​នឹង​មាន​ប្រតិកម្ម​មិន​ល្អ។ (​យ៉ូប ១:១១​) ប៉ុន្តែ ទោះ​ជា​ជួប​ស្ថានភាព​តាន​តឹង​ក្ដី អ្នក​នៅ​តែ​អាច​មាន​សេចក្ដី​សុខ​សាន្ត។ តើ​តាម​របៀប​ណា?

៩. តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​ដើម្បី​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​ចំពោះ​មហន្តរាយ?

សូម​នឹក​ចាំ​អំពី​ទំនាយ​របស់​លោក​យេស៊ូ។ មនុស្ស​ខ្លះ​ក្នុង​ពិភព​លោក​គិត​ថា​ពួក​គេ​នឹង​មិន​ជួប​មហន្តរាយ​ទេ។ ប៉ុន្តែ​យើង​ដឹង​ថា​នឹង​មាន​មហន្តរាយ​កាន់​តែ​ច្រើន​ឡើង​នៅ​សម័យ​របស់​យើង ហើយ​យើង​អាច​ជួប​មហន្តរាយ​ខ្លះ។ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​នឹង​មាន​រញ្ជួយ​ដី​ជា​ខ្លាំង​»​ និង​មហន្តរាយ​ឯ​ទៀត​កើត​ឡើង​មុន​ទី​បញ្ចប់​មក​ដល់។ (​លូក. ២១:១១​) លោក​ក៏​បាន​ប្រកាស​ទុក​ជា​មុន​ដែរ​ថា​៖ ​«​ការ​ប្រឆាំង​ច្បាប់​នឹង​មាន​កាន់​តែ​ច្រើន​ឡើង​»​ ហើយ​នេះ​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ។ ជា​ឧទាហរណ៍ យើង​ឃើញ​ឧក្រិដ្ឋកម្ម អំពើ​ឃោរឃៅ និង​ភេរវកម្ម។ (​ម៉ាថ. ២៤:១២​) អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​របស់​ព្រះ​យេហូវ៉ា​រង​គ្រោះ​ពី​មហន្តរាយ ហើយ​ជួប​ទុក្ខ​លំបាក​ផ្សេង​ៗ។ លោក​យេស៊ូ​មិន​ដែល​មាន​ប្រសាសន៍​ថា បើ​យើង​រង​ទុក្ខ​លំបាក​ទាំង​នេះ នេះ​គឺ​ដោយ​សារ​តែ​ព្រះ​យេហូវ៉ា​បោះ​បង់​យើង​ទេ។ (​អេ. ៥៧:១; ២កូ. ១១:២៥​) ព្រះ​យេហូវ៉ា​ប្រហែល​ជា​មិន​ធ្វើ​អព្ភូតហេតុ​ការ​ពារ​យើង​ពី​មហន្តរាយ​ទាំង​អស់​ឡើយ ប៉ុន្តែ​លោក​នឹង​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ចិត្ត​ស្ងប់​និង​មាន​សេចក្ដី​សុខ​សាន្ត។

១០. ហេតុ​អ្វី​ការ​រៀបចំ​នៅ​ឥឡូវ​នេះ​ចំពោះ​មហន្តរាយ​បង្ហាញ​ថា​យើង​មាន​ជំនឿ? (​សុភាសិត ២២:៣​)

១០ បើ​យើង​បាន​រៀបចំ​ទុក​ជា​មុន យើង​ស្រួល​រក្សា​ចិត្ត​ស្ងប់​ជាង​ពេល​មាន​រឿង​បន្ទាន់។ ប៉ុន្តែ តើ​ការ​រៀបចំ​ទុក​ជា​មុន​បង្ហាញ​ថា​យើង​ខ្វះ​ជំនឿ​លើ​ព្រះ​យេហូវ៉ា​ឬ? មិន​មែន​ទេ។ តាម​ពិត ការ​រៀបចំ​ទុក​ជា​មុន​ចំពោះ​មហន្តរាយ​បង្ហាញ​ថា​យើង​មាន​ជំនឿ​ថា លោក​មាន​សមត្ថភាព​ថែ​រក្សា​យើង។ តើ​តាម​របៀប​ណា? បណ្ដាំ​របស់​ព្រះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​រៀបចំ​ទុក​ជា​មុន​ចំពោះ​មហន្តរាយ​ដែល​អាច​នឹង​កើត​ឡើង។ (​សូម​អាន សុភាសិត ២២:៣) ម្យ៉ាង​ទៀត តាម​រយៈ​អត្ថបទ​ក្នុង​ទស្សនាវដ្ដី កិច្ច​ប្រជុំ និង​សេចក្ដី​ជូន​ដំណឹង​ចំ​ពេល អង្គការ​របស់​ព្រះ​លើក​ទឹក​ចិត្ត​យើង​ជា​ច្រើន​ដង​ឲ្យ​រៀបចំ​ទុក​ជា​មុន​សម្រាប់​គ្រា​បន្ទាន់។ c តើ​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ឬ​ទេ? បើ​ដូច្នេះ យើង​នឹង​ធ្វើ​តាម​យោបល់​នេះ​នៅ​ឥឡូវ​នេះ​មុន​មហន្តរាយ​កើត​ឡើង។

ការ​ត្រៀម​ខ្លួន​អាច​ជួយ​អ្នក​ឲ្យ​រួច​ជីវិត​ពី​មហន្តរាយ (​សូម​មើល​វគ្គ​១១​) d

១១. តើ​អ្នក​រៀន​អ្វី​ពី​គំរូ​របស់​បង​ម៉ាគ្រិត?

១១ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ម្នាក់​ឈ្មោះ​ម៉ាគ្រិត។ ពួក​អាជ្ញាធរ​បាន​បង្គាប់​គាត់​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ ដោយ​សារ​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​របស់​គាត់។ ពេល​នោះ​មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​សម្រុក​ចេញ​ក្នុង​ពេល​តែ​មួយ ដូច្នេះ​នៅ​លើ​ផ្លូវ​មាន​ឡាន​ច្រើន​ពេក​បាន​ជា​គ្មាន​អ្នក​ណា​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​រួច​បាន​ទេ។ មាន​ផ្សែង​អ័ព្ទ​ខ្មៅ​ជា​ច្រើន ហើយ​បង​ម៉ាគ្រិត​មិន​អាច​ចេញ​ពី​ឡាន​របស់​គាត់​ឡើយ។ ប៉ុន្តែ​គាត់​បាន​រួច​ជីវិត ដោយ​សារ​គាត់​បាន​រៀបចំ​ទុក​ជា​មុន។ គាត់​បាន​ទុក​ផែន​ទី​នៅ​ក្នុង​កាបូប​របស់​គាត់ ដែល​គាត់​អាច​រក​មើល​ថា​មាន​ផ្លូវ​ណា​ផ្សេង​ដែល​គាត់​អាច​ទៅ។ គាត់​ថែម​ទាំង​ធ្លាប់​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​នោះ​ពី​មុន ដើម្បី​ដឹង​ថា​ទៅ​ណា​ក្នុង​ករណី​មាន​រឿង​បន្ទាន់។ ដោយ​សារ​បង​ម៉ាគ្រិត​បាន​រៀបចំ​ទុក​ជា​មុន គាត់​បាន​រួច​ជីវិត​ពី​មហន្តរាយ​នោះ។

១២. ហេតុ​អ្វី​យើង​ធ្វើ​តាម​ការ​ណែនាំ​អំពី​សុវត្ថិភាព?

១២ ដើម្បី​រក្សា​សុវត្ថិភាព​យើង​និង​អ្នក​ឯ​ទៀត ពួក​អាជ្ញាធរ​ប្រហែល​ជា​សុំ​យើង​ឲ្យ​ធ្វើ​តាម​បម្រាម​គោចរ ជម្លៀស​ខ្លួន ឬ​ធ្វើ​តាម​ការ​ណែនាំ​ផ្សេង​ទៀត។ អ្នក​ខ្លះ​មិន​ធ្វើ​តាម​ការ​ណែនាំ​ទាំង​នោះ​ទេ ដោយ​សារ​ពួក​គេ​មិន​ចង់​ទុក​ចោល​របស់​របរ​ដែល​ពួក​គេ​មាន។ ប៉ុន្តែ តើ​គ្រិស្ត​សាសនិក​មាន​ប្រតិកម្ម​យ៉ាង​ណា? គម្ពីរ​ប្រាប់​យើង​ថា​៖ ​«​ដើម្បី​លោក​ម្ចាស់ ចូរ​អ្នក​រាល់​គ្នា​ចុះ​ចូល​នឹង​អស់​អ្នក​ដែល​មាន​អំណាច គឺ​ចុះ​ចូល​នឹង​ស្ដេច ដោយ​សារ​គាត់​មាន​ឋានៈ​ខ្ពស់​ជាង​អ្នក ហើយ​ក៏​ត្រូវ​ចុះ​ចូល​នឹង​អភិបាល ដោយ​សារ​ស្ដេច​ចាត់​ពួក​គេ​»។ (​១ពេ. ២:១៣, ១៤​) អង្គការ​របស់​ព្រះ​ក៏​ផ្ដល់​ការ​ណែនាំ​ដើម្បី​រក្សា​សុវត្ថិភាព​របស់​យើង។ ជា​ទៀង​ទាត់ យើង​ទទួល​ការ​រំលឹក​ឲ្យ​ផ្ដល់​ព័ត៌មាន​ទាក់​ទង​ថ្មី​បំផុត​របស់​យើង​ដល់​ពួក​អ្នក​ចាស់​ទុំ​ដើម្បី​ពួក​គេ​អាច​ទាក់​ទង​យើង​ក្នុង​គ្រា​បន្ទាន់។ តើ​អ្នក​បាន​ធ្វើ​ដូច្នេះ​ឬ​ទេ? យើង​ក៏​ប្រហែល​ជា​ទទួល​ការ​ណែនាំ​ឲ្យ​ជម្លៀស​ខ្លួន​ឬ​ក៏​មិន​ចេញ​ពី​កន្លែង​ស្នាក់​នៅ និង​ការ​ណែនាំ​អំពី​របៀប​ទទួល​ស្បៀង​អាហារ ឬ​របៀប​និង​ពេល​ណា​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ បើ​យើង​មិន​ស្ដាប់​បង្គាប់ យើង​អាច​ប្រថុយ​ជីវិត​ខ្លួន​និង​ជីវិត​របស់​ពួក​អ្នក​ចាស់​ទុំ។ សូម​ចាំ​ថា​បុរស​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​កំពុង​មើល​ថែ​រក្សា​យើង។ (​ហេ. ១៣:១៧​) បង​ម៉ាគ្រិត​បាន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​ការ​ធ្វើ​តាម​ការ​ណែនាំ​ពី​ពួក​អ្នក​ចាស់​ទុំ​និង​អង្គការ​របស់​ព្រះ​បាន​សង្គ្រោះ​ជីវិត​ខ្ញុំ​»។

១៣. តើ​អ្វី​បាន​ជួយ​គ្រិស្ត​សាសនិក​ដែល​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ឲ្យ​មាន​អំណរ​និង​សេចក្ដី​សុខ​សាន្ត?

១៣ បង​ប្អូន​ជា​ច្រើន​ដែល​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ ដោយ​សារ​មហន្តរាយ សង្គ្រាម ឬ​ភាព​ចលាចល បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​សម្រប​ខ្លួន​នឹង​ស្ថានភាព​ថ្មី​របស់​ពួក​គេ ហើយ​រួម​ចំណែក​ភ្លាម​ៗ​ក្នុង​សកម្មភាព​កិច្ច​បម្រើ​ព្រះ។ ដូច​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ដែល​បាន​ត្រូវ​ខ្ចាត់​ខ្ចាយ​ដោយ​សារ​ការ​បៀតបៀន ពួក​គេ​បន្ត​«​ប្រកាស​ដំណឹង​ល្អ​អំពី​បណ្ដាំ​របស់​ព្រះ​»។ (​សកម្ម. ៨:៤​) ការ​ផ្សព្វ​ផ្សាយ​ជួយ​ពួក​គេ​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​រាជាណាចក្រ​ព្រះ ជា​ជាង​ទៅ​លើ​ស្ថានភាព​ពិបាក​របស់​ខ្លួន។ ជា​លទ្ធផល ពួក​គេ​បាន​រក្សា​អំណរ​និង​សេចក្ដី​សុខ​សាន្ត។

របៀប​មាន​សេចក្ដី​សុខ​សាន្ត​ពេល​ត្រូវ​គេ​បៀតបៀន

១៤. តើ​ការ​បៀតបៀន​អាច​ប៉ះ​ពាល់​ដល់​សេចក្ដី​សុខ​សាន្ត​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១៤ ពេល​យើង​ត្រូវ​គេ​បៀតបៀន យើង​អាច​បាត់​បង់​អ្វី​ជា​ច្រើន​ដែល​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត។ យើង​សប្បាយ​ចិត្ត ពេល​យើង​អាច​ជួប​ជុំ​គ្នា​ដោយ​សេរី ផ្សព្វ​ផ្សាយ​ដោយ​បើក​ចំហ និង​ធ្វើ​កិច្ច​ការ​ធម្មតា​ដោយ​មិន​ភ័យ​ខ្លាច​ថា​គេ​ចាប់​ខ្លួន​យើង។ ប៉ុន្តែ បើ​សេរី​ភាព​ទាំង​នេះ​បាន​ត្រូវ​គេ​ដក​ហូត យើង​ប្រហែល​ជា​ខ្វល់​ចិត្ត ហើយ​ភ័យ​ខ្លាច​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​មក។ នេះ​គឺ​ជា​អារម្មណ៍​ធម្មតា​ទេ។ ប៉ុន្តែ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន។ លោក​យេស៊ូ​បាន​លើក​ឡើង​ថា ការ​បៀតបៀន​អាច​នាំ​ឲ្យ​អ្នក​កាន់​តាម​លោក​ជំពប់​ដួល។ (​យ៉ូន. ១៦:១, ២​) ដូច្នេះ តើ​តាម​របៀប​ណា​យើង​អាច​រក្សា​សេចក្ដី​សុខ​សាន្ត កាល​ដែល​ត្រូវ​គេ​បៀតបៀន?

១៥. ហេតុ​អ្វី​យើង​មិន​គួរ​ភ័យ​ខ្លាច​ចំពោះ​ការ​បៀតបៀន? (​យ៉ូហាន ១៥:២០; ១៦:៣៣​)

១៥ បណ្ដាំ​របស់​ព្រះ​ប្រាប់​យើង​ថា​៖ ​«​អស់​អ្នក​ដែល​ចង់​រស់​នៅ​ដោយ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ នឹង​ទទួល​ការ​បៀតបៀន​»។ (​២ធី. ៣:១២​) បង​ប្រុស​ម្នាក់​ឈ្មោះ​អាន់ទ្រេ​ពិបាក​ទទួល​យក​ការ​ពិត​អំពី​ចំណុច​នេះ ក្រោយ​ពី​កិច្ច​ការ​របស់​យើង​បាន​ត្រូវ​គេ​ដាក់​បម្រាម​នៅ​ប្រទេស​របស់​គាត់។ គាត់​បាន​វែក​ញែក​ថា​៖ ‹មាន​សាក្សី​ច្រើន​ណាស់​នៅ​ទី​នេះ។ ធ្វើ​ម៉េច​ពួក​អាជ្ញាធរ​អាច​ចាប់​យើង​ទាំង​អស់​គ្នា​បាន?›។ ការ​គិត​ដូច​នេះ​មិន​បាន​នាំ​ឲ្យ​បង​អាន់ទ្រេ​មាន​សេចក្ដី​សុខ​សាន្ត​ទេ តែ​ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​គាត់​ព្រួយ​ចិត្ត​ឥត​ស្រាន្ត។ បង​ប្អូន​ឯ​ទៀត​បាន​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​មិន​គិត​ថា​ពួក​គេ​នឹង​មិន​ត្រូវ​ចាប់​ខ្លួន​ឡើយ។ ពួក​គេ​ទទួល​ស្គាល់​ថា​ពួក​គេ​អាច​ត្រូវ​គេ​ចាប់​ខ្លួន ប៉ុន្តែ​ពួក​គេ​មិន​សូវ​ព្រួយ​ចិត្ត​ដូច​បង​អាន់ទ្រេ​ទេ។ ដូច្នេះ បង​អាន់ទ្រេ​បាន​ព្យាយាម​គិត​ដូច​ពួក​គេ ហើយ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា។ មិន​យូរ​ក្រោយ​មក គាត់​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត ហើយ​ឥឡូវ​គាត់​មាន​អំណរ ទោះ​ជា​នៅ​តែ​មាន​បញ្ហា​ជា​ច្រើន​ក៏​ដោយ។ នេះ​ក៏​អាច​កើត​ឡើង​ចំពោះ​យើង​ដែរ។ ទោះ​ជា​លោក​យេស៊ូ​ប្រាប់​យើង​ឲ្យ​រំពឹង​ថា​យើង​នឹង​ត្រូវ​គេ​បៀតបៀន​ក្ដី លោក​ក៏​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​យើង​អាច​រក្សា​ភាព​ស្មោះ​ត្រង់​បាន។—សូម​អាន យ៉ូហាន ១៥:២០; ១៦:៣៣

១៦. តើ​យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​អ្វី​នៅ​ពេល​ត្រូវ​គេ​បៀតបៀន?

១៦ ពេល​កិច្ច​ការ​របស់​យើង​បាន​ត្រូវ​គេ​ដាក់​បម្រាម ឬ​បាន​ត្រូវ​គេ​ដាក់​កម្រិត​យ៉ាង​តឹង​រ៉ឹង យើង​ប្រហែល​ជា​ទទួល​ការ​ណែនាំ​ពី​ការិយាល័យ​សាខា​និង​ពួក​អ្នក​ចាស់​ទុំ។ ការ​ណែនាំ​ទាំង​នេះ​គឺ​ដើម្បី​ការ​ពារ​យើង ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​បន្ត​ទទួល​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ និង​ដើម្បី​ជួយ​យើង​ឲ្យ​បន្ត​ផ្សព្វ​ផ្សាយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ សូម​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ការ​ណែនាំ​ដែល​អ្នក​ទទួល ទោះ​ជា​អ្នក​មិន​យល់​ទាំង​ស្រុង​អំពី​មូលហេតុ​ដែល​មាន​ការ​ណែនាំ​ទាំង​នោះ​ក្ដី។ (​យ៉ា. ៣:១៧​) ម្យ៉ាង​ទៀត សូម​កុំ​ប្រាប់​ព័ត៌មាន​អំពី​បង​ប្អូន​របស់​យើង ឬ​អំពី​សកម្មភាព​ក្រុម​ជំនុំ​ដល់​ពួក​អ្នក​ដែល​គ្មាន​សិទ្ធិ​ដឹង​ឡើយ។—អទ. ៣:៧

តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ទោះ​ជា​នៅ​ក្នុង​គ្រា​ពិបាក​ក្ដី? (​សូម​មើល​វគ្គ​១៧​) e

១៧. ដូច​ពួក​សាវ័ក​នៅ​សតវត្សរ៍​ទី​១ តើ​យើង​តាំង​ចិត្ត​ធ្វើ​អ្វី?

១៧ មូលហេតុ​ចម្បង​មួយ​ដែល​សាថាន​ប្រយុទ្ធ​នឹង​រាស្ត្រ​របស់​ព្រះ​គឺ​ថា​ពួក​គេ​«​មាន​កិច្ច​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ​»។ (​បប. ១២:១៧​) សូម​កុំ​ឲ្យ​សាថាន​និង​ពិភព​លោក​របស់​វា​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច​ឡើយ។ ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​ទោះ​ជា​មាន​ការ​ប្រឆាំង​ក្ដី នាំ​ឲ្យ​យើង​មាន​អំណរ​និង​សេចក្ដី​សុខ​សាន្ត។ នៅ​សតវត្សរ៍​ទី​១ ពេល​ពួក​អ្នក​ដឹក​នាំ​ជន​ជាតិ​យូដា​បាន​បង្គាប់​ពួក​សាវ័ក​ឲ្យ​ឈប់​ផ្សព្វ​ផ្សាយ បុរស​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​បាន​ជ្រើស​រើស​ស្ដាប់​បង្គាប់​ព្រះ។ ពួក​គេ​បាន​បន្ត​ផ្សព្វ​ផ្សាយ ហើយ​កិច្ច​ការ​នោះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ។ (​សកម្ម. ៥:២៧​-​២៩, ៤១, ៤២​) ពិត​មែន​ហើយ ពេល​កិច្ច​ការ​របស់​យើង​បាន​ត្រូវ​គេ​ដាក់​កម្រិត យើង​ត្រូវ​តែ​ចេះ​ប្រុង​ប្រយ័ត្ន​កាល​ដែល​ផ្សព្វ​ផ្សាយ។ (​ម៉ាថ. ១០:១៦​) ប៉ុន្តែ បើ​យើង​ខំ​អស់​ពី​សមត្ថភាព យើង​នឹង​មាន​សេចក្ដី​សុខ​សាន្ត​ដែល​មក​ពី​ការ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​និង​ពី​ការ​ប្រាប់​ដំណឹង​ដែល​សង្គ្រោះ​ជីវិត​មនុស្ស។

​«​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​ នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»​

១៨. តើ​អ្នក​ណា​អាច​ផ្ដល់​សេចក្ដី​សុខ​សាន្ត​ពិត​ប្រាកដ​ឲ្យ​យើង?

១៨ សូម​មាន​ទំនុក​ចិត្ត​ថា សូម្បី​តែ​ក្នុង​អំឡុង​ពេល​ដ៏​ពិបាក​បំផុត ក៏​យើង​អាច​មាន​សេចក្ដី​សុខ​សាន្ត​បាន។ នៅ​គ្រា​បែប​នោះ យើង​ត្រូវ​ចាំ​ថា​សេចក្ដី​សុខ​សាន្ត​ដែល​យើង​ត្រូវ​ការ​គឺ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ ពោល​គឺ​សេចក្ដី​សុខ​សាន្ត​ដែល​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​អាច​ផ្ដល់​ឲ្យ។ សូម​ពឹង​ផ្អែក​លើ​លោក​ពេល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ គ្រោះ​មហន្តរាយ ឬ​ការ​បៀតបៀន។ សូម​នៅ​ជាប់​នឹង​អង្គការ​របស់​លោក។ សូម​ទន្ទឹង​រង់​ចាំ​អនាគត​ដ៏​អស្ចារ្យ​នៅ​ខាង​មុខ​អ្នក។ កាល​ដែល​អ្នក​ធ្វើ​ដូច្នេះ ​«​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​នឹង​នៅ​ជា​មួយ​នឹង​អ្នក​»។ (​ភី. ៤:៩​) ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ជួយ​គ្រិស្ត​សាសនិក​ឯ​ទៀត​ដែល​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ។

ចម្រៀង​លេខ​៣៨ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

a ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ផ្ដល់​សេចក្ដី​សុខ​សាន្ត​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​លោក។ តើ​សេចក្ដី​សុខ​សាន្ត​ដែល​លោក​ផ្ដល់​ឲ្យ​នោះ​គឺ​ជា​អ្វី? ហើយ​តើ​យើង​អាច​មាន​វា​យ៉ាង​ដូច​ម្ដេច? តើ​ការ​មាន​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​អាច​ជួយ​យើង​យ៉ាង​ណា ពេល​យើង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ មហន្តរាយ ឬ​ការ​បៀតបៀន? ក្នុង​អត្ថបទ​នេះ យើង​នឹង​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។

b ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

c សូម​ទស្សនា​វីដេអូ​«​តើ​អ្នក​បាន​ត្រៀម​ខ្លួន​សម្រាប់​គ្រោះ​មហន្តរាយ​ឬ​ទេ?​»​ ក្នុង​គេហទំព័រ​jw.org/km។

d ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​ម្នាក់​បាន​រៀបចំ​ទុក​ជា​មុន​ដើម្បី​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ​របស់​គាត់។

e ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ដែល​រស់​នៅ​តំបន់​ដែល​កិច្ច​ការ​របស់​យើង​បាន​ត្រូវ​គេ​ដាក់​កម្រិត​បន្ត​ផ្សព្វ​ផ្សាយ​ដោយ​ចេះ​ប្រុង​ប្រយ័ត្ន។