លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​រួម​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ គឺ​ជា​ហេតុ​ដែល​នាំ​ឲ្យ​អរ​សប្បាយ

ការ​រួម​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ គឺ​ជា​ហេតុ​ដែល​នាំ​ឲ្យ​អរ​សប្បាយ

​«​ដោយ​រួម​ធ្វើ​ការ​ជា​មួយ​នឹង​លោក យើង​ក៏​អង្វរ​អ្នក​រាល់​គ្នា​ថា កុំ​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដោយ​ឥត​ប្រយោជន៍​»។—កូរិនថូស​ទី២ ៦:១

ចម្រៀង​លេខ: ២៨, ១៤

១​. ទោះ​ជា​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ក៏​ដោយ តើ​លោក​បាន​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​អ្វី?

ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។ លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ ហើយ​លោក​មាន​ប្រាជ្ញា​និង​ឫទ្ធានុភាព​ដែល​គ្មាន​កម្រិត។ បន្ទាប់​ពី​លោក​បាន​ជួយ​យ៉ូប​យល់​ដូច្នេះ យ៉ូប​បាន​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​ទូល​បង្គំ​ដឹង​ថា​ទ្រង់​ធ្វើ​ទាំង​អស់​កើត ហើយ​ថា​នឹង​ឃាត់​ព្រះ​ដំ​រិះ​ទ្រង់​ណា​មួយ​មិន​បាន​»។ (​យ៉ូប ៤២:២​) ព្រះ​យេហូវ៉ា​អាច​ធ្វើ​អ្វី​ក៏​ដោយ​ដែល​លោក​ចង់​ធ្វើ ដោយ​មិន​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ណា​ផ្សេង​ទៀត។ ប៉ុន្ដែ​លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​រួម​ធ្វើ​ការ​ជា​មួយ​នឹង​លោក​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។

២​. តើ​ព្រះ​យេហូវ៉ា​បាន​អញ្ជើញ​លោក​យេស៊ូ​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​អ្វី?

ព្រះ​បាន​បង្កើត​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក មុន​លោក​បាន​បង្កើត​បុគ្គល​ឯ​ទៀត​និង​អ្វី​ៗ​ផ្សេង​ទៀត។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​បុត្រ​របស់​លោក​ជួយ​លោក​បង្កើត​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់។ (​យ៉ូហាន ១:១​-​៣, ១៨​) សាវ័ក​ប៉ូល​បាន​សរសេរ​អំពី​លោក​យេស៊ូ​ថា​៖ ​«​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​បាន​ត្រូវ​បង្កើត​មកតាម​រយៈ​លោក គឺ​អ្វី​ដែល​មនុស្ស​មើល​ឃើញ​និង​អ្វី​ដែល​មនុស្ស​មើល​មិន​ឃើញ ទោះ​ជា​បល្ល័ង្ក ការ​គ្រប់​គ្រង រដ្ឋាភិបាល ឬ​អាជ្ញាធរ​ក្ដី។ អ្វី​ៗ​ឯ​ទៀត​ទាំង​អស់​បាន​ត្រូវ​បង្កើត​តាម​រយៈ​លោក និង​សម្រាប់​លោក​»។ (​កូឡុស ១:១៥​-​១៧​) ដូច្នេះ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បាន​ឲ្យ​បុត្រ​លោក​នូវ​កិច្ច​ការ​ដ៏​សំខាន់​ប៉ុណ្ណោះ​ទេ តែ​លោក​បាន​ប្រាប់​អ្នក​ឯ​ទៀត​អំពី​កិច្ច​ការ​នោះ​ដែរ។ នោះ​ច្បាស់​ជា​កិត្ដិយស​មួយ!

៣​. តើ​ព្រះ​យេហូវ៉ា​បាន​អញ្ជើញ​អាដាម​ឲ្យ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

ព្រះ​យេហូវ៉ា​ក៏​បាន​អញ្ជើញ​មនុស្ស​ឲ្យ​រួម​ធ្វើ​ការ​ជា​មួយ​នឹង​លោក​ដែរ។ ជា​ឧទាហរណ៍ លោក​បាន​អនុញ្ញាត​ឲ្យ​អាដាម​ដាក់​ឈ្មោះ​ឲ្យ​សត្វ​ផ្សេង​ៗ។ (​លោកុប្បត្ដិ ២:១៩, ២០​) សូម​ស្រមៃ​គិត​អំពី​អំណរ​ដែល​អាដាម​មាន​ពេល​គាត់​ធ្វើ​កិច្ច​ការ​នោះ! គាត់​បាន​ពិនិត្យ​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​រូប​រាង​របស់​សត្វ​និង​សកម្មភាព​របស់​វា ហើយ​បន្ទាប់​មក​បាន​ជ្រើស​រើស​ឈ្មោះ​ឲ្យ​វា។ ព្រះ​យេហូវ៉ា​បាន​បង្កើត​សត្វ​ទាំង​ឡាយ ដូច្នេះ​លោក​អាច​ដាក់​ឈ្មោះ​ឲ្យ​ពួក​វា​បាន។ ប៉ុន្ដែ​លោក​បាន​បង្ហាញ​អាដាម​ថា​លោក​ស្រឡាញ់​គាត់​យ៉ាង​ខ្លាំង ដោយ​អនុញ្ញាត​ឲ្យ​គាត់​ដាក់​ឈ្មោះ​ឲ្យ​សត្វ។ ព្រះ​ក៏​បាន​ឲ្យ​អាដាម​នូវ​ភារកិច្ច​ធ្វើ​ឲ្យ​ផែន​ដី​ទាំង​មូល​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​ដែរ។ (​លោកុប្បត្ដិ ១:២៧, ២៨​) ប៉ុន្ដែ​នៅ​ទី​បំផុត អាដាម​បាន​សម្រេច​ចិត្ដ​ឈប់​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ ហើយ​នេះ​នាំ​ឲ្យ​គាត់​និង​កូន​ចៅ​ទាំង​អស់​របស់​គាត់​រង​ទុក្ខ​វេទនា។—លោកុប្បត្ដិ ៣:១៧​-​១៩, ២៣

៤​. តើ​អ្នក​ឯ​ទៀត​ដែល​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​លោក?

ក្រោយ​មក ព្រះ​បាន​អញ្ជើញ​មនុស្ស​ផ្សេង​ទៀត​ឲ្យ​ធ្វើ​ការ​ជា​មួយ​នឹង​លោក។ ណូអេ​បាន​សង់​ទូក​ធំ​ដើម្បី​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​រួច​ជីវិត​ក្នុង​អំឡុង​ពេល​មាន​ទឹក​ជំនន់។ ម៉ូសេ​បាន​រំដោះ​ប្រជា​ជាតិ​អ៊ីស្រាអែល​ពី​ស្រុក​អេស៊ីប។ យ៉ូស្វេ​បាន​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ចូល​ស្រុក​ដែល​ព្រះ​បាន​សន្យា។ សាឡូម៉ូន​បាន​សង់​វិហារ​នៅ​ក្រុង​យេរូសាឡិម។ ម៉ារៀ​បាន​ទៅ​ជា​ម្ដាយ​របស់​លោក​យេស៊ូ។ ពួក​អ្នក​ស្មោះ​ត្រង់​ទាំង​នេះ និង​អ្នក​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​ទៀត​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​លោក។

៥​. តើ​យើង​អាច​ចូល​រួម​ក្នុង​កិច្ច​ការ​អ្វី ហើយ​តើ​ព្រះ​យេហូវ៉ា​ត្រូវ​ការ​យើង​ដើម្បី​ធ្វើ​កិច្ច​ការ​នេះ​ឬ​ទេ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​ធ្វើ​អ្វី​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​គាំ​ទ្រ​រាជាណាចក្រ​របស់​លោក។ យើង​អាច​បម្រើ​ព្រះ​តាម​របៀប​ផ្សេង​ៗ​ជា​ច្រើន។ ម្យ៉ាង​ទៀត មិន​មែន​យើង​ទាំង​អស់​គ្នា​អាច​បម្រើ​ព្រះ​តាម​របៀប​ដូច​គ្នា​ទេ ទោះ​ជា​យ៉ាង​នេះ​ក្ដី​យើង​ទាំង​អស់​គ្នា​អាច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ។ ព្រះ​យេហូវ៉ា​អាច​ធ្វើ​កិច្ច​ការ​នេះ​ដោយ​ខ្លួន​លោក​បាន។ លោក​អាច​មាន​ប្រសាសន៍​ដោយ​ផ្ទាល់​ពី​ស្ថាន​សួគ៌​ទៅ​មនុស្ស​នៅ​លើ​ផែន​ដី។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ព្រះ​យេហូវ៉ា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ដុំ​ថ្ម​ប្រាប់​មនុស្ស​ឯ​ទៀត​អំពី​ស្ដេច​នៃ​រាជាណាចក្រ​របស់​លោក។ (​លូកា ១៩:៣៧​-​៤០​) ប៉ុន្ដែ ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ជា‹អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​លោក›។ (​កូរិនថូស​ទី១ ៣:៩​) សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​ដោយ​រួម​ធ្វើ​ការ​ជា​មួយ​នឹង​លោក យើង​ក៏​អង្វរ​អ្នក​រាល់​គ្នា​ថា កុំ​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ​ដោយ​ឥត​ប្រយោជន៍​»។ (​កូរិនថូស​ទី២ ៦:១​) គឺ​ជា​កិត្ដិយស​ដ៏​ខ្ពង់​ខ្ពស់​មួយ​ចំពោះ​យើង​ដែល​ព្រះ​បាន​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ការ​ជា​មួយ​នឹង​លោក។ សូម​ឲ្យ​យើង​ពិចារណា​អំពី​មូលហេតុ​ខ្លះ​ដែល​នេះ​នាំ​ឲ្យ​យើង​មាន​អំណរ​ក្រៃ​លែង។

ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​នាំ​ឲ្យ​យើង​សប្បាយ​រីក​រាយ

៦​. តើ​បុត្រ​ច្បង​របស់​ព្រះ​បាន​រៀប​រាប់​យ៉ាង​ណា​អំពី​អារម្មណ៍​របស់​លោក​ពេល​លោក​ធ្វើ​ការ​ជា​មួយ​នឹង​បិតា​លោក?

អ្នក​បម្រើ​ព្រះ​យេហូវ៉ា​តែង​តែ​សប្បាយ​ពេល​ពួក​គេ​ធ្វើ​ការ​ជា​មួយ​នឹង​លោក។ មុន​មក​ផែន​ដី បុត្រ​ច្បង​របស់​ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​បាន​តាំង​អញ​ឡើង​ជា​ដើម​ការ​នៃ​ទ្រង់ . . . អញ​បាន​នៅ​ជិត​ទ្រង់​ដូច​ជា​មេ​ជាង ហើយ​អញ​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ទ្រង់​រាល់​ៗ​ថ្ងៃ ព្រម​ទាំង​មានសេចក្ដី​រីក​រាយ​នៅ​ចំពោះ​ទ្រង់​ជា​និច្ច​»។ (​សុភាសិត ៨:២២, ៣០​) ពេល​លោក​យេស៊ូ​ធ្វើ​ការ​ជា​មួយ​នឹង​បិតា​លោក លោក​សប្បាយ​រីក​រាយ ព្រោះ​លោក​បាន​សម្រេច​កិច្ច​ការ​ជា​ច្រើន ហើយ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​លោក។ ប៉ុន្ដែ ចុះ​យើង​វិញ?

តើ​អ្វី​អាច​នាំ​ឲ្យ​សប្បាយ​ជាង​ការ​បង្រៀន​អ្នក​ណា​ម្នាក់​អំពី​សេចក្ដី​ពិត? (​សូម​មើល​វគ្គ​៧​)

៧​. ហេតុ​អ្វី​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នាំ​ឲ្យ​យើង​មាន​អំណរ?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​យើង​សប្បាយ​រីក​រាយ​ទាំង​ពេល​យើង​ទទួល ទាំង​ពេល​យើង​ឲ្យ​គេ។ (​សកម្មភាព ២០:៣៥​) យើង​មាន​អំណរ​ពេល​យើង​បាន​ទទួល​សេចក្ដី​ពិត ប៉ុន្ដែ​ហេតុ​អ្វី​ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ក៏​នាំ​ឲ្យ​យើង​មាន​អំណរ​ដែរ? ពី​ព្រោះ​យើង​ឃើញ​ពួក​គេ​ពិត​ជា​សប្បាយ​ចិត្ដ​ពេល​ពួក​គេ​យល់​អ្វី​ដែល​គម្ពីរ​បង្រៀន ហើយ​ចាប់​ផ្ដើម​មាន​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ។ យើង​រំភើប​ចិត្ដ​ពេល​យើង​ឃើញ​ពួក​គេ​កែ​ប្រែ​ទស្សនៈ​និង​របៀប​រស់​នៅ​របស់​ពួក​គេ។ កិច្ច​ការ​ផ្សព្វ​ផ្សាយ​គឺ​ជា​កិច្ច​ការ​ដ៏​សំខាន់​បំផុត​និង​ដែល​នាំ​ឲ្យ​យើង​ស្កប់​ចិត្ដ​បំផុត​ដែល​យើង​អាច​ធ្វើ​បាន។ កិច្ច​ការ​នេះ​នាំ​ឲ្យ​ពួក​អ្នក​ដែល​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—កូរិនថូស​ទី២ ៥:២០

៨​. ស្ដី​អំពី​អំណរ​ដែល​មក​ពី​ការ​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា តើ​បង​ប្អូន​ខ្លះ​បាន​និយាយ​យ៉ាង​ណា?

ពេល​យើង​ជួយ​អ្នក​ឯ​ទៀត​រៀន​អំពី​ព្រះ យើង​ដឹង​ថា​យើង​កំពុង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ ហើយ​ថា​លោក​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​របស់​យើង​ដើម្បី​បម្រើ​លោក។ នេះ​ក៏​នាំ​ឲ្យ​យើង​មាន​អំណរ​ដែរ។ (​សូម​អាន កូរិនថូស​ទី១ ១៥:៥៨) បង​ប្រុស​ម៉ាកូ​ដែល​រស់​នៅ​ប្រទេស​អ៊ីតាលី​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អំណរ​ក្រៃ​លែង​ដោយ​ដឹង​ថា​ខ្ញុំ​កំពុង​ឲ្យ​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដ៏​ល្អ​បំផុត មិន​មែន​ឲ្យ​ទៅ​បុគ្គល​ណា​ម្នាក់​ដែល​នឹង​ឆាប់​ភ្លេច​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ទេ​»។ ស្រដៀង​គ្នា​ដែរ បង​ប្រុស​ហ្រ្វាងកូ​ដែល​បម្រើ​នៅ​ប្រទេស​អ៊ីតាលី​ដែរ និយាយ​ថា​៖ ​«​តាម​រយៈ​បណ្ដាំ​របស់​ព្រះ និង​អ្វី​ៗ​ដែល​លោក​ផ្ដល់​ឲ្យ​យើង​ដើម្បី​រក្សា​ចំណង​មិត្ដភាព​ជា​មួយ​នឹង​លោក ព្រះ​យេហូវ៉ា​រំលឹក​យើង​រាល់​ថ្ងៃ​ថា​លោក​ស្រឡាញ់​យើង ហើយ​ថា​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ធ្វើ​ដើម្បី​លោក​គឺ​សំខាន់ ទោះ​បី​ជា​ចំពោះ​យើង​ការ​ខំ​ប្រឹង​របស់​យើង​មើល​ទៅ​ដូច​ជា​បន្ដិច​បន្ដួច​ក្ដី។ នេះ​ជា​មូលហេតុ​ដែល​ការ​រួម​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​នាំ​ឲ្យ​ខ្ញុំ​សប្បាយ​និង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ន័យ​ខ្លឹម​សារ​»។

ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​នាំ​ឲ្យ​យើង​ចូល​កាន់​តែ​ជិត​លោក​និង​អ្នក​ឯ​ទៀត

៩​. តើ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មាន​ចំណង​មិត្ដភាព​បែប​ណា ហើយ​ហេតុ​អ្វី?

ពេល​យើង​រួម​ធ្វើ​ការ​ជា​មួយ​នឹង​អ្នក​ដែល​យើង​ស្រឡាញ់ យើង​ចូល​កាន់​តែ​ជិត​ពួក​គេ។ យើង​កាន់​តែ​ស្គាល់​បុគ្គលិក​លក្ខណៈ​និង​គុណ​សម្បត្ដិ​របស់​ពួក​គេ។ យើង​ដឹង​អំពី​គោល​ដៅ​ផ្សេង​ៗ​ដែល​ពួក​គេ​មាន​និង​របៀប​ដែល​ពួក​គេ​ចង់​សម្រេច​គោល​ដៅ​ទាំង​នោះ។ លោក​យេស៊ូ​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​អស់​រយៈ​ពេល​ប្រហែល​ជា​រាប់​ពាន់​លាន​ឆ្នាំ។ សេចក្ដី​ស្រឡាញ់​ដែល​លោក​ទាំង​ពីរ​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​កាន់​តែ​ខ្លាំង​ឡើង​រហូត​ដល់​គ្មាន​អ្វី​អាច​បំផ្លាញ​ចំណង​មិត្ដភាព​របស់​លោក​ទាំង​ពីរ​បាន​ឡើយ។ លោក​យេស៊ូ​បាន​ពន្យល់​ថា​ចំណង​មិត្ដភាព​នោះ​គឺ​ជិត​ស្និទ្ធ​យ៉ាង​ណា​ពេល​ដែល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​និង​បិតា​នៅ​ស្ថាន​សួគ៌​គឺ​តែ​មួយ​»។ (​យ៉ូហាន ១០:៣០​) លោក​ទាំង​ពីរ​ពិត​ជា​មាន​សាមគ្គី​ភាព ហើយ​បាន​សហការ​គ្នា​យ៉ាង​ពេញ​លេញ​នៅ​ពេល​ធ្វើ​ការ​ជា​មួយ​គ្នា។

កិច្ច​ការ​ផ្សព្វ​ផ្សាយ​ពង្រឹង​ជំនឿ​របស់​យើង ពី​ព្រោះ​កិច្ច​ការ​នោះ​រំលឹក​យើង​អំពី​សេចក្ដី​សន្យា​របស់​ព្រះ និង​ខ្នាត​តម្រា​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​លោក

១០​. ហេតុ​អ្វី​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នាំ​ឲ្យ​យើង​ចូល​កាន់​តែ​ជិត​ព្រះ​និង​អ្នក​ឯ​ទៀត?

១០ លោក​យេស៊ូ​បាន​សុំ​ព្រះ​យេហូវ៉ា​ការពារ​ពួក​អ្នក​កាន់​តាម​លោក។ ហេតុ​អ្វី? លោក​បាន​អធិដ្ឋាន​ថា​៖ ​«​ដើម្បី​ឲ្យ​ពួក​គាត់​រួម​គ្នា​តែ​មួយ​ដូច​យើង​រួម​គ្នា​តែ​មួយ​ដែរ​»។ (​យ៉ូហាន ១៧:១១​) ពេល​យើង​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ ហើយ​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ យើង​កាន់​តែ​យល់​អំពី​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​របស់​លោក។ យើង​ដឹង​អំពី​មូលហេតុ​ដែល​ការ​ទុក​ចិត្ដ​ព្រះ​និង​ការ​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក គឺ​ជា​ការ​ឈ្លាស​វៃ។ ម្យ៉ាង​ទៀត ពេល​យើង​ចូល​ទៅ​ជិត​ព្រះ លោក​ក៏​ចូល​មក​ជិត​យើង​ដែរ។ (​សូម​អាន យ៉ាកុប ៤:៨) យើង​ក៏​ចូល​ទៅ​ជិត​បង​ប្អូន​របស់​យើង​ដែរ ដោយ​សារ​យើង​មាន​អំណរ​និង​បញ្ហា​ស្រដៀង​គ្នា ហើយ​ដោយ​សារ​យើង​មាន​គោល​ដៅ​ដូច​គ្នា។ យើង​រួម​ធ្វើ​ការ​ជា​មួយ​គ្នា អរ​សប្បាយ​ជា​មួយ​គ្នា ហើយ​ស៊ូ​ទ្រាំ​ជា​មួយ​គ្នា។ បង​ស្រី​អុកថេវីអា​ដែល​រស់​នៅ​ប្រទេស​អង់គ្លេស​និយាយ​ថា​៖ ​«​កាល​ដែល​ខ្ញុំ​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា នោះ​នាំ​ឲ្យ​ខ្ញុំ​ចូល​កាន់​តែ​ជិត​អ្នក​ឯ​ទៀត​»។ គាត់​ពន្យល់​ថា ព្រោះ​ពេល​នោះ​ចំណង​មិត្ដភាព​របស់​គាត់​មាន​មូលដ្ឋាន​ទៅ​លើ​«​គោល​ដៅ​តែ​មួយ​»។ យើង​ច្បាស់​ជា​មាន​ទស្សនៈ​ដូច​គាត់។ ពេល​យើង​ឃើញ​បង​ប្អូន​យើង​ខំ​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ នោះ​នាំ​ឲ្យ​យើង​ចូល​កាន់​តែ​ជិត​ពួក​គាត់។

១១​. ក្នុង​ពិភព​លោក​ថ្មី ហេតុ​អ្វី​យើង​នឹង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​របស់​យើង?

១១ ឥឡូវ​នេះ យើង​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ចំពោះ​ព្រះ​និង​បង​ប្អូន​របស់​យើង ប៉ុន្ដែ​ក្នុង​ពិភព​លោក​ថ្មី យើង​នឹង​មាន​សេចក្ដី​ស្រឡាញ់​នោះ​កាន់​តែ​ខ្លាំង។ សូម​គិត​អំពី​កិច្ច​ការ​ទាំង​អស់​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ដ​ដែល​យើង​នឹង​ធ្វើ​នៅ​ពេល​អនាគត! យើង​នឹង​ទទួល​ស្វាគមន៍​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​បង្រៀន​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា។ យើង​ក៏​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​ដែរ។ យើង​នឹង​មាន​អំណរ​ក្រៃ​លែង​ពេល​យើង​ធ្វើ​ការ​ជា​មួយ​គ្នា ហើយ​បន្ដិច​ម្ដង​ៗ​យើង​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រិស្ដ។ មនុស្ស​ទាំង​អស់​នឹង​ចូល​កាន់​តែ​ជិត​គ្នា និង​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ហើយ​លោក​ប្រាកដ​ជា​នឹង​«​បំពេញ​ចិត្ដ​ប្រាថ្នា​នៃ​ជីវិត​ទាំង​ឡាយ​»។—ទំនុក​តម្កើង ១៤៥:១៦

ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​ការពារ​យើង

១២​. តើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ការពារ​យើង​យ៉ាង​ដូច​ម្ដេច?

១២ យើង​ត្រូវ​ការពារ​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹងព្រះ​យេហូវ៉ា។ យើង​រស់​នៅ​ក្នុង​ពិភព​លោក​របស់​សាថាន ហើយ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហេតុ​នេះ​យើង​ងាយ​ស្រួល​ចាប់​ផ្ដើម​មាន​គំនិត​និង​ការ​ប្រព្រឹត្ដ​ដូច​ពិភព​លោក​នេះ។ គឺ​ប្រៀប​ដូច​ជា​យើង​ហែល​ក្នុង​ទឹក​ទន្លេ​ដែល​មាន​ខ្សែ​ទឹក​ហូរ​ខ្លាំង​ដែល​ទាញ​យើង​ឲ្យ​ទៅ​កន្លែង​ដែល​យើង​មិន​ចង់​ទៅ។ ដូច្នេះ យើង​ត្រូវ​ប្រើ​កម្លាំង​ទាំង​អស់​របស់​យើង​ដើម្បី​ហែល​បញ្ច្រាស​ទឹក។ ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​មិន​ឲ្យ​ពិភព​លោក​របស់​សាថាន​មាន​ឥទ្ធិពល​លើ​យើង។ ដូច្នេះ តើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ការពារ​យើង​យ៉ាង​ដូច​ម្ដេច? ពេល​យើង​និយាយ​អំពី​ព្រះ​យេហូវ៉ា​និង​គម្ពីរ យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ល្អ​និង​សំខាន់ មិន​មែន​ទៅ​លើ​អ្វី​ដែល​នឹង​នាំ​ឲ្យ​ជំនឿ​របស់​យើង​ចុះ​ខ្សោយ​ទេ។ (​ភីលីព ៤:៨​) កិច្ច​ការ​ផ្សព្វ​ផ្សាយ​ពង្រឹង​ជំនឿ​របស់​យើង ពី​ព្រោះ​កិច្ច​ការ​នោះ​រំលឹក​យើង​អំពី​សេចក្ដី​សន្យា​របស់​ព្រះ និង​ខ្នាត​តម្រា​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​លោក។ កិច្ច​ផ្សព្វ​ផ្សាយ​ក៏​ជួយ​យើង​រក្សា​គុណ​សម្បត្ដិ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ការពារ​ខ្លួន​ពី​សាថាន​និង​ពិភព​លោក​របស់​វា។—សូម​អាន អេភេសូរ ៦:១៤​-​១៧

ពេល​យើង​ជាប់​រវល់​ក្នុង​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា យើង​មិន​មាន​ពេល​ដើម្បី​បារម្ភ​ច្រើន​ពេក​អំពី​បញ្ហា​ផ្ទាល់​ខ្លួន

១៣​. តើ​សាក្សី​ម្នាក់​នៅ​ប្រទេស​អូស្ត្រាលី​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​កិច្ច​ផ្សព្វ​ផ្សាយ?

១៣ យើង​ទទួល​ការ​ការពារ ពេល​យើង​ជាប់​រវល់​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ សិក្សា​គម្ពីរ​និង​សៀវភៅ​របស់​យើង ហើយ​ធ្វើ​អ្វី​ផ្សេង​ៗ​សម្រាប់​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ ពី​ព្រោះ​យើង​មិន​មាន​ពេល​ដើម្បី​បារម្ភ​ច្រើន​ពេក​អំពី​បញ្ហា​ផ្ទាល់​ខ្លួន។ បង​ប្រុស​ជោអែល​ដែល​រស់​នៅ​ប្រទេស​អូស្ត្រាលី​និយាយ​ថា​៖ ​«​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ជួយ​ខ្ញុំ​មិន​ឲ្យ​ភ្លេច​អំពី​អ្វី​ដែល​ជា​ការ​ពិត ពោល​គឺ​រំលឹក​ខ្ញុំ​អំពី​បញ្ហា​ដែល​មនុស្ស​ជួប​ប្រទះ ហើយ​អំពី​ប្រយោជន៍​ដែល​ខ្ញុំ​បាន​ទទួល​ដោយ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត​របស់​ខ្ញុំ។ កិច្ច​ការ​ផ្សព្វ​ផ្សាយ​ជួយ​ខ្ញុំ​ខំ​ព្យាយាម​រក្សា​ចិត្ដ​រាប​ទាប ហើយ​បើក​ឱកាស​ឲ្យ​ខ្ញុំ​ពឹង​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​របស់​ខ្ញុំ​»។

១៤​. ហេតុ​អ្វី​ការ​តស៊ូ​ព្យាយាម​របស់​យើង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​បង្ហាញ​ថា​ព្រះ​កំពុង​ឲ្យ​សកម្មពល​របស់​លោក​ដល់​យើង?

១៤ ការ​ផ្សព្វ​ផ្សាយ​ក៏​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ច្រើន​ជាង​ថា​ព្រះ​កំពុង​ឲ្យ​សកម្មពល​របស់​លោក​ដល់​យើង។ ជា​ឧទាហរណ៍ សូម​ស្រមៃ​គិត​ថា​អ្នក​មាន​ភារកិច្ច​ឲ្យ​នំ​ប៉័ង​ដល់​មនុស្ស​ដែល​រស់​នៅ​ក្នុង​តំបន់​របស់​អ្នក។ អ្នក​មិន​ទទួល​ប្រាក់​ខែ​សម្រាប់​កិច្ច​ការ​នោះ​ទេ ហើយ​អ្នក​ត្រូវ​បង់​ចំណាយ​របស់​ខ្លួន។ ម្យ៉ាង​ទៀត មនុស្ស​ភាគ​ច្រើន​មិន​ចង់​បាន​នំ​ប៉័ង​នោះ​ទេ ហើយ​អ្នក​ខ្លះ​ថែម​ទាំង​ស្អប់​អ្នក​ដោយ​សារ​អ្នក​យក​វា​មក​ឲ្យ​ពួក​គេ។ តើ​អ្នក​នឹង​បន្ដ​ធ្វើ​កិច្ច​ការ​នោះ​រយៈ​ពេល​យូរ​ប៉ុន្មាន? មិន​យូរ​ប៉ុន្មាន​អ្នក​នឹង​ធ្លាក់​ទឹក​ចិត្ដ ហើយ​អ្នក​ទំនង​ជា​នឹង​ឈប់​ធ្វើ​កិច្ច​ការ​នោះ។ ប៉ុន្ដែ យើង​ជា​ច្រើន​នាក់​បន្ដ​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទោះ​ជា​យើង​ត្រូវ​ចំណាយ​ពេល​វេលា​និង​លុយ ហើយ​មនុស្ស​សើច​ចំអក​ឲ្យ​យើង ឬ​ខឹង​យើង​ក្ដី។ នេះ​បង្ហាញ​ថា​សកម្មពល​របស់​ព្រះ​កំពុង​ជួយ​យើង។

ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​បង្ហាញ​ថា យើង​ស្រឡាញ់​លោក​និង​អ្នក​ឯ​ទៀត

១៥​. តើ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​គោល​បំណង​របស់​ព្រះ​សម្រាប់​មនុស្សជាតិ?

១៥ តើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​សម្រាប់​មនុស្សជាតិ? គោល​បំណង​របស់​ព្រះ​គឺ​ឲ្យ​មនុស្ស​រស់​ជា​រៀង​រហូត ហើយ​ពេល​អាដាម​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង គោល​បំណង​នេះ​មិន​បាន​ផ្លាស់​ប្ដូរ​ទេ។ (​អេសាយ ៥៥:១១​) ព្រះ​បាន​រៀប​ចំ​រំដោះ​យើង​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ តើ​តាម​របៀប​ណា? លោក​យេស៊ូ​បាន​មក​ផែន​ដី ហើយ​ផ្ដល់​ជីវិត​ជា​គ្រឿង​បូជា។ ប៉ុន្ដែ​ដើម្បី​ទទួល​ប្រយោជន៍​ពី​គ្រឿង​បូជា​របស់​លោក មនុស្ស​ត្រូវស្តាប់​បង្គាប់​ព្រះ។ ដូច្នេះ លោក​យេស៊ូ​បាន​បង្រៀន​មនុស្ស​អំពី​អ្វី​ដែល​ព្រះ​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ ហើយ​លោក​បាន​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ សព្វ​ថ្ងៃ​នេះ ពេល​យើង​ផ្សព្វ​ផ្សាយ​និង​ជួយ​អ្នក​ឯ​ទៀត​ក្លាយ​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ យើង​កំពុង​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​តាម​ការ​រៀប​ចំ​របស់​លោក​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ដើម្បី​សង្គ្រោះ​មនុស្ស​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។

១៦​. តើ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​បញ្ញត្ដិ​សំខាន់​បំផុត?

១៦ ពេល​យើង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រក​ផ្លូវ​ដែល​ឆ្ពោះ​ទៅ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ពួក​គេ​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ​«​លោក​មាន​បំណង​ប្រាថ្នា​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ទទួល​សេចក្ដី​សង្គ្រោះ ហើយ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​»។ (​ធីម៉ូថេ​ទី១ ២:៤​) ពេល​ផារិស៊ី​ម្នាក់​បាន​សួរ​លោក​យេស៊ូ​អំពី​បញ្ញត្ដិ​មួយ​ណា​របស់​ព្រះ​ដែល​សំខាន់​ជាង​គេ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​‹អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ដ អស់​ពី​ព្រលឹង ហើយ​អស់​ពី​សមត្ថភាព​រិះ​គិត›។ នេះ​ជា​បញ្ញត្ដិ​ទី​មួយ ហើយ​ជា​បញ្ញត្ដិ​សំខាន់​ជាង​គេ។ បញ្ញត្ដិ​សំខាន់​ទី​ពីរ​ក៏​ស្រដៀង​នឹង​នេះ​ដែរ គឺ​៖ ‹អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក›​»។ (​ម៉ាថាយ ២២:៣៧​-​៣៩​) យើង​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​នេះ​ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។—សូម​អាន សកម្មភាព ១០:៤២

១៧​. តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ឯកសិទ្ធិ​ដែល​អ្នក​មាន​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ?

១៧ យើង​ពិត​ជា​បាន​ទទួល​ពរ​មែន! ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​កិច្ច​ការ​ដែល​នាំ​ឲ្យ​យើង​មាន​អំណរ ដែល​នាំ​ឲ្យ​យើង​ចូល​កាន់​តែ​ជិត​លោក​និង​បង​ប្អូន​របស់​យើង ហើយ​ដែល​ការពារ​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​លោក។ កិច្ច​ការ​នេះ​ក៏​បើក​ឱកាស​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​អ្នក​ឯ​ទៀត​ដែរ។ ព្រះ​យេហូវ៉ា​មាន​អ្នក​បម្រើ​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក ហើយ​ពួក​គេ​ទាំង​អស់​គ្នា​មាន​ស្ថានភាព​ខុស​គ្នា​ឆ្ងាយ​ណាស់។ ប៉ុន្ដែ ទោះ​ជា​យើង​ជា​មនុស្ស​វ័យ​ក្មេង​ឬ​ចាស់ មាន​ឬ​ក្រ ខ្លាំង​ឬ​ខ្សោយ​ក៏​ដោយ យើង​ធ្វើ​អ្វី​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​យើង។ យើង​មាន​ទស្សនៈ​ដូច​បង​ស្រី​ហ្សង់តែល​ដែល​មក​ពី​ប្រទេស​បារាំង ដែល​និយាយ​ថា​៖ ​«​បុគ្គល​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​បំផុត​ក្នុង​សកល​លោក ដែល​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់ ដែល​ជា​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹ចូរ​ទៅ! ចូរ​និយាយ! ចូរ​និយាយ​ជំនួស​ខ្ញុំ និយាយ​ចេញ​ពី​ចិត្ដ។ ខ្ញុំ​ឲ្យ​អ្នក​នូវ​ឫទ្ធានុភាព​របស់​ខ្ញុំ គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ខ្ញុំ ការ​គាំ​ទ្រ​ពី​បុគ្គល​នៅ​ស្ថាន​សួគ៌ អ្នក​រួម​ធ្វើ​ការ​នៅ​ផែន​ដី ការ​បង្ហាត់​បង្រៀន​បន្ដិច​ម្ដង​ៗ ហើយ​ការ​ណែនាំ​ជាក់​លាក់​តាម​ត្រូវ​ពេល›។ ការ​ដែល​យើង​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​សុំ​ឲ្យ​យើង​ធ្វើ និង​ការ​ដែល​យើង​រួម​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ​របស់​យើង នោះ​គឺ​ជា​ឯកសិទ្ធិ​ដ៏​ធំ​ណាស់!​»។