លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​តាំង​ចិត្ដ​«​បន្ដ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​»​!

ចូរ​តាំង​ចិត្ដ​«​បន្ដ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​»​!

​«​ចូរ​បន្ដ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​»។—ហេប្រឺ ១៣:១

ចម្រៀង​លេខ: ៣, ២០

១, ២​. ហេតុ​អ្វី​ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​គ្រិស្ដ​សាសនិកជន​ជាតិ​ហេប្រឺ?

នៅ​ឆ្នាំ​៦១​គ.ស. ក្រុម​ជំនុំ​ទូ​ទាំង​ស្រុក​អ៊ីស្រាអែល​មាន​សេចក្ដី​សុខ​សាន្ដ​មួយ​កម្រិត។ ទោះ​ជា​សាវ័ក​ប៉ូល​បាន​ជាប់​គុក​នៅ​ក្រុង​រ៉ូម​ក៏​ដោយ គាត់​បាន​សង្ឃឹម​ថា​មិន​យូរ​ទៀត​គេ​នឹង​ដោះ​លែង​គាត់។ ធីម៉ូថេ​ដែល​ជា​អ្នក​រួម​ដំណើរ​ជា​មួយ​នឹង​គាត់​ទើប​តែ​បាន​ត្រូវ​ដោះ​លែង​ពី​គុក ហើយ​ពួក​គាត់​សង្ឃឹម​ថា​នឹង​ទៅ​ជួប​បង​ប្អូន​នៅ​តំបន់​យូឌា​ជា​មួយ​គ្នា។ (​ហេប្រឺ ១៣:២៣​) ប៉ុន្ដែ នៅ​តែ​ប្រាំ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ គ្រិស្ដ​សាសនិក​នៅ​តំបន់​យូឌា ហើយ​ជា​ពិសេស​ពួក​អ្នក​ដែល​កំពុង​រស់​នៅ​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​ចាត់​វិធានការ​ភ្លាម​ៗ។ ហេតុ​អ្វី? ពី​មុន លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា កាល​ណា​ពួក​គាត់​ឃើញ​ពួក​ទាហាន​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម នោះ​ពួក​គាត់​ត្រូវ​រត់​ចេញ​ភ្លាម​ៗ។—លូកា ២១:២០​-​២៤

ម្ភៃ​ប្រាំ​បី​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ​ចាប់​តាំង​ពី​លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​នូវ​ទំនាយ​នោះ។ ក្នុង​អំឡុង​ពេល​នោះ គ្រិស្ដ​សាសនិក​នៅ​ស្រុក​អ៊ីស្រាអែល​បាន​រក្សា​ភក្ដី​ភាព ទោះ​ជា​ពួក​គាត់​ទទួល​រង​ការ​បៀត​បៀន​និង​ទុក្ខ​លំបាក​ជា​ច្រើន​ក្ដី។ (​ហេប្រឺ ១០:៣២​-​៣៤​) ប៉ុន្ដែ ប៉ូល​ចង់​ជួយ​ពួក​គាត់​ឲ្យ​ត្រៀម​លក្ខណៈ​សម្រាប់​អ្វី​ដែល​នឹង​កើត​ឡើង​នា​ពេល​អនាគត។ ពួក​គាត់​ហៀបនឹង​ឆ្លង​កាត់​ការ​ល្បង​ល​ខ្លាំង​បំផុត​មួយ​នៃ​ជំនឿ​របស់​ពួក​គាត់។ (​ម៉ាថាយ ២៤:២០, ២១; ហេប្រឺ ១២:៤​) គ្រិស្ដ​សាសនិក​ទាំង​នោះ​នឹង​ត្រូវ​ការ​ជំនឿ​និង​ការ​ស៊ូ​ទ្រាំ​លើស​ពី​ពេល​មុន​ៗ​ទៅ​ទៀត​ដើម្បី​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​ដែល​ឲ្យ​រត់​ចេញ ហើយ​បើ​ពួក​គាត់​ធ្វើ​ដូច្នោះ ពួក​គាត់​នឹង​រួច​ជីវិត។ (​សូម​អាន ហេប្រឺ ១០:៣៦​-​៣៩) ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ប៉ូល​ឲ្យ​សរសេរ​សំបុត្រ​ទៅ​បង​ប្អូនជា​ទី​ស្រឡាញ់​ទាំង​នោះ។ សំបុត្រ​នោះ​ដែល​ឥឡូវ​នេះ​ហៅ​ថា​សៀវភៅ​ហេប្រឺ​បាន​ត្រូវ​សរសេរ​ដើម្បី​ពង្រឹង​ពួក​គាត់​សម្រាប់​អ្វី​ដែល​នឹង​កើត​ឡើង។

៣​. ហេតុ​អ្វី​យើង​គួរ​ចាប់​អារម្មណ៍​នឹង​សៀវភៅ​ហេប្រឺ?

ក្នុង​នាម​ជា​រាស្ដ្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ យើង​គួរ​ចាប់​អារម្មណ៍​នឹង​សៀវភៅ​ហេប្រឺ។ ហេតុ​អ្វី? ពី​ព្រោះ​ស្ថានភាព​របស់​យើង​គឺ​ស្រដៀង​នឹង​ស្ថានភាព​របស់​គ្រិស្ដ​សាសនិក​នៅ​តំបន់​យូឌា។ យើង​កំពុង​រស់​នៅ‹គ្រា​ចុង​ក្រោយ​បង្អស់​ដែល​លំបាក​ណាស់› ហើយ​បង​ប្អូន​ជា​ច្រើន​នាក់​បាន​នៅ​ស្មោះ​ត្រង់​ជា​និច្ច​នៅ​ពេល​ពួក​គាត់​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដ៏​ខ្លាំង ឬ​ការ​បៀត​បៀន។ (​ធីម៉ូថេ​ទី២ ៣:១, ១២​) ប៉ុន្ដែ​ពួក​យើង​ភាគ​ច្រើន​រស់​នៅ​ដោយ​សុខ​សាន្ដ ហើយ​មិន​ទទួល​ការ​បៀត​បៀន​ចំ​ៗ​ឡើយ។ ដូច្នេះ ដូច​គ្រិស្ដ​សាសនិក​នៅ​សម័យ​ប៉ូល​ដែរ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន។ ហេតុ​អ្វី? ពី​ព្រោះ​មិន​យូរ​ទៀត យើង​នឹង​ឆ្លង​កាត់​ការ​ល្បង​ល​ដ៏​ខ្លាំង​បំផុត​នៃ​ជំនឿ​របស់​យើង!—សូម​អាន លូកា ២១:៣៤​-​៣៦

៤​. តើ​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០១៦​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​ខ​គម្ពីរ​នេះ​គឺ​សម​ត្រឹម​ត្រូវ?

តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្ដិការណ៍​នេះ​ដែល​នឹង​កើត​ឡើង​នៅ​អនាគត? នៅ​សៀវភៅ​ហេប្រឺ ប៉ូល​បាន​បញ្ជាក់​អំពី​អ្វី​ៗ​ជា​ច្រើន​ដែល​នឹង​ជួយ​ពង្រឹង​ជំនឿ​របស់​យើង។ សេចក្ដី​រំលឹក​មួយ​ដ៏​សំខាន់​ណាស់ គឺ​នៅ​ហេប្រឺ ១៣:១។ ខ​គម្ពីរ​នេះ​លើក​ទឹក​ចិត្ដ​យើង​ថា​៖ ​«​ចូរ​បន្ដ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​»។ ខ​គម្ពីរ​នេះ​បាន​ត្រូវ​ជ្រើស​រើស​ជា​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០១៦។

បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​របស់​យើង​សម្រាប់​ឆ្នាំ​២០១៦​គឺ: ​«​ចូរ​បន្ដ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​»។—ហេប្រឺ ១៣:១

តើ​អ្វី​ជា​ការ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន?

៥​. តើ​អ្វី​ជា​ការ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន?

តើ​អ្វី​ជា​ការ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន? ពាក្យ​ដើម​ជា​ភាសា​ក្រិច​ដែល​ប៉ូល​បាន​ប្រើ​មាន​ន័យ​ត្រង់​ថា​«​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​ម្នាក់​»។ ការ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​គឺ​ជា​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​រវាង​សមាជិក​គ្រួសារ ឬ​រវាង​មិត្ដ​ជិត​ស្និទ្ធ។ (​យ៉ូហាន ១១:៣៦​) យើង​មិន​ធ្វើ​ពុត​ជា​បង​ប្អូន​ទេ។ យើង​គឺ​ជា​បង​ប្អូន​នឹង​គ្នា។ (​ម៉ាថាយ ២៣:៨​) ប៉ូល​និយាយ​ថា​៖ ​«​ចូរ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ដោយ​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ។ ក្នុង​ការ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​លើក​កិត្ដិយស​គេ​មុន​»។ (​រ៉ូម ១២:១០​) ពាក្យ​ទាំង​នេះ​បង្ហាញ​ថា​យើង​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​បង​ប្អូន​របស់​យើង។ ការ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​នេះ​គួប​ផ្សំ​ជា​មួយ​នឹង​សេចក្ដី​ស្រឡាញ់​ដែល​មាន​មូលដ្ឋាន​លើ​គោល​ការណ៍​គ្រិស្ដ​សាសនិក ជួយ​រាស្ដ្រ​របស់​ព្រះ​ឲ្យ​ធ្វើ​ជា​មិត្ដ​ជិត​ស្និទ្ធ​នឹង​គ្នា ហើយ​មាន​សាមគ្គី​ភាព។

៦​. តើ​គ្រិស្ដ​សាសនិក​ពិត​យល់​យ៉ាង​ណា​អំពី​អត្ថន័យ​នៃ​ការ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន?

ពាក្យ​ថា​«​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​»​ ភាគ​ច្រើន​គឺ​មាន​នៅ​ក្នុង​សៀវភៅ​របស់​គ្រិស្ដ​សាសនិក។ ចំពោះ​ជន​ជាតិ​យូដា​នៅ​អតីតកាល ធម្មតា​ពាក្យ​«​បង​ប្អូន​»​សំដៅ​លើ​សាច់​ញាតិ ហើយ​ជួន​កាល​សំដៅ​លើ​បុគ្គល​ម្នាក់​ក្រៅ​ក្រុម​គ្រួសារ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពាក្យ​នេះ​មិន​ដែល​រួម​បញ្ចូល​បុគ្គល​ណា​ម្នាក់​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា​ឡើយ។ ប៉ុន្ដែ ក្នុង​នាម​ជា​គ្រិស្ដ​សាសនិក​ពិត ​«​បង​ប្អូន​»​របស់​យើង​គឺ​ជា​គ្រិស្ដ​សាសនិក​ពិត​ឯ​ទៀត​ទាំង​អស់ ទោះ​ជា​គាត់​មក​ពី​ប្រទេស​ណា​ក៏​ដោយ។ (​រ៉ូម ១០:១២​) ព្រះ​យេហូវ៉ា​បាន​បង្រៀន​យើង​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​បង​ប្អូន។ (​ថែស្សាឡូនិច​ទី១ ៤:៩​) ប៉ុន្ដែ​ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​បន្ដ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន?

ហេតុ​អ្វី​គឺ​សំខាន់​ណាស់​ដែល​យើង​បន្ដ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន?

៧​. (​ក​) តើ​អ្វី​ជា​មូលហេតុ​សំខាន់​បំផុត​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន? (​ខ​) សូម​ប្រាប់​អំពី​មូលហេតុ​មួយ​ទៀត​ដែល​ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង​គឺ​សំខាន់។

មូលហេតុ​សំខាន់​បំផុត​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​ប្រាប់​យើង​ឲ្យ​ធ្វើ​ដូច្នេះ។ យើង​មិន​អាច​អះអាង​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​បាន​ឡើយ បើ​យើង​មិន​ព្រម​ស្រឡាញ់​បង​ប្អូន​យើង។ (​យ៉ូហាន​ទី១ ៤:៧, ២០, ២១​) មូលហេតុ​មួយ​ទៀត​គឺ​យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ក្នុង​អំឡុង​គ្រា​ដ៏​លំបាក។ ពេល​ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​គ្រិស្ដ​សាសនិកជន​ជាតិ​ហេប្រឺ គាត់​បាន​ដឹង​ថា​មិន​យូរ​ទៀត បង​ប្អូន​ខ្លះ​នឹង​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ ហើយ​ត្រូវ​លះ​ចោល​វត្ថុ​ទ្រព្យ​របស់​ខ្លួន។ លោក​យេស៊ូ​បាន​រៀប​រាប់​ថា​គ្រា​នោះ​នឹង​ពិបាក​យ៉ាង​ខ្លាំង។ (​ម៉ាកុស ១៣:១៤​-​១៨; លូកា ២១:២១​-​២៣​) ហេតុ​នេះ មុន​គ្រា​នោះ​មក​ដល់ គ្រិស្ដ​សាសនិក​ទាំង​នោះ​នឹង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​កាន់​តែ​ខ្លាំង។—រ៉ូម ១២:៩

ឥឡូវ​នេះ យើង​ត្រូវ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ឲ្យ​កាន់​តែ​ខ្លាំង ពី​ព្រោះ​នេះ​នឹង​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​យើង​នឹង​ជួប​ប្រទះ​នៅ​ពេល​អនាគត

៨​. តើ​យើង​ត្រូវ​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ​មុន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម?

គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​របស់​មនុស្សជាតិ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ (​ម៉ាកុស ១៣:១៩; ការ​បើក​បង្ហាញ ៧:១​-​៣​) យើង​នឹង​ត្រូវ​ធ្វើ​តាម​ឱវាទ​ដែល​ថា​៖ ​«​ចូរ​មក​ជន​ជាតិ​ខ្ញុំ​អើយ ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ។ ត្រូវ​ឲ្យ​ពួន​ខ្លួន​បន្ដិច​សិន ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ​»។ (​អេសាយ ២៦:២០​) ​«​បន្ទប់​»​ទាំង​នោះ​ប្រហែល​ជា​សំដៅ​លើ​ក្រុម​ជំនុំ​នា​នា​របស់​យើង។ នៅ​ទី​នោះ​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​បង​ប្អូន​យើង។ ប៉ុន្ដែ​យើង​មិន​គ្រាន់​តែ​ត្រូវ​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់​ប៉ុណ្ណោះ​ទេ។ ប៉ូល​បាន​រំលឹក​គ្រិស្ដ​សាសនិកជន​ជាតិ​ហេប្រឺ​ថា​ពួក​គាត់​គួរ​លើក​ទឹក​ចិត្ដ​គ្នា​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ឲ្យ​ធ្វើ​អំពើ​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ (​ហេប្រឺ ១០:២៤, ២៥​) ឥឡូវ​នេះ យើង​ត្រូវ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ឲ្យ​កាន់​តែ​ខ្លាំង ពី​ព្រោះ​នេះ​នឹង​ជួយ​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ​ដែល​យើង​នឹង​ជួប​ប្រទះ​នៅ​ពេល​អនាគត។

៩​. (​ក​) នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​មាន​ឱកាស​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន? (​ខ​) សូម​លើក​ឧទាហរណ៍​ខ្លះ​អំពី​របៀប​ដែល​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន។

សូម្បី​តែ​នៅ​សព្វ​ថ្ងៃ​នេះ​ក្ដី​មុន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម យើង​មាន​ឱកាស​ជា​ច្រើន​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន។ បង​ប្អូន​យើង​ជា​ច្រើន​នាក់​រង​ទុក្ខ​ដោយ​សារ​ការ​រញ្ជួយ​ដី ទឹក​ជំនន់ ព្យុះ​សង្ឃរា រលក​យក្ស​ស៊ូណាមី ឬ​មហន្ដរាយ​ធម្មជាតិ​ឯ​ទៀត។ បង​ប្អូន​ខ្លះ​ស៊ូ​ទ្រាំ​នឹង​ការ​បៀត​បៀន។ (​ម៉ាថាយ ២៤:៦​-​៩​) ម្យ៉ាង​ទៀត ជា​រៀង​រាល់​ថ្ងៃ យើង​មាន​បញ្ហា​ខាង​លុយ​កាក់​ដោយ​សារ​យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​ដ៏​ខូច​អាក្រក់​នេះ។ (​ការ​បើក​បង្ហាញ ៦:៥, ៦​) ប៉ុន្ដែ កាល​ណា​បង​ប្អូន​យើង​មាន​បញ្ហា​កាន់​តែ​ច្រើន នោះ​យើង​កាន់​តែ​មាន​ឱកាស​ដើម្បី​បង្ហាញ​ថា​យើង​ស្រឡាញ់​ពួក​គេ​យ៉ាង​ខ្លាំង។ ទោះ​ជា​ពិភព​លោក​នេះ​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ក៏​ដោយ យើង​ត្រូវ​បន្ដ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន [១] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​)។—ម៉ាថាយ ២៤:១២

តើ​តាម​របៀប​ណា​យើង​អាច​បន្ដ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន?

១០​. តើ​យើង​នឹង​ពិចារណា​អ្វី​ឥឡូវ​នេះ?

១០ ទោះ​ជា​យើង​មាន​បញ្ហា​ផ្សេង​ៗ​ក៏​ដោយ តើ​តាម​របៀប​ណា​យើង​អាច​ប្រាកដ​ថា​យើង​បន្ដ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន? តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​មាន​សេចក្ដី​ស្រឡាញ់​បែប​នេះ​ចំពោះ​បង​ប្អូន​យើង? ក្រោយ​ពី​សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ​«​ចូរ​បន្ដ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​»​ គាត់​បាន​រៀប​រាប់​ជា​បន្ដ​បន្ទាប់​អំពី​របៀប​មួយ​ចំនួន​ដែល​គ្រិស្ដ​សាសនិក​អាច​ធ្វើ​ដូច្នេះ។ សូម​យើង​ពិចារណា​របៀប​៦​យ៉ាង​ក្នុង​ចំណោម​របៀប​ទាំង​នោះ។

១១, ១២​. តើ​ការ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​មាន​ន័យ​យ៉ាង​ណា? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

១១ ​«​កុំ​ភ្លេច​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​»។ (​សូម​អាន ហេប្រឺ ១៣:២) តើ​ពាក្យ​ថា​«​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​»​មាន​ន័យ​យ៉ាង​ណា? ពាក្យ​ដែល​ប៉ូល​បាន​ប្រើ​មាន​ន័យ​ត្រង់​ថា​«​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​អ្នក​ដែល​យើង​មិន​ស្គាល់​»។ ពាក្យ​នោះ​ប្រហែល​ជា​រំលឹក​យើង​អំពី​អាប្រាហាំ​និង​ឡុត។ បុរស​ទាំង​ពីរ​នាក់​នោះ​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​ភ្ញៀវ​ដែល​ពួក​គាត់​មិន​បាន​ស្គាល់។ នៅ​ទី​បំផុត អាប្រាហាំ​និង​ឡុត​បាន​ដឹង​ថា តាម​ពិត​ភ្ញៀវ​ទាំង​នោះ​គឺ​ជា​ពួក​ទេវតា។ (​លោកុប្បត្ដិ ១៨:២​-​៥; ១៩:១​-​៣​) ឧទាហរណ៍​ទាំង​នេះ​បាន​លើក​ទឹក​ចិត្ដ​គ្រិស្ដ​សាសនិកជន​ជាតិ​ហេប្រឺ​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ដោយ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។

១២ តើ​តាម​របៀប​ណា​យើង​អាច​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់? យើង​អាច​អញ្ជើញ​បង​ប្អូន​យើង​ឲ្យ​មក​ផ្ទះ​របស់​យើង​ដើម្បី​ពិសា​អាហារ ឬ​ដើម្បី​លើក​ទឹក​ចិត្ដ​គ្នា។ ទោះ​ជា​យើង​ប្រហែល​ជា​មិន​ស្គាល់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​ប្រពន្ធ​របស់​គាត់​ច្បាស់​ក៏​ដោយ យើង​អាច​អញ្ជើញ​ពួក​គាត់ ពេល​ពួក​គាត់​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុម​ជំនុំ​របស់​យើង។ (​យ៉ូហាន​ទី៣ ៥​-​៨​) យើង​មិន​ចាំ​បាច់​ធ្វើ​អាហារ​ច្រើន​មុខ ឬ​ចំណាយ​លុយ​ច្រើន​ដើម្បី​រៀប​ចំ​អាហារ​ឡើយ។ គោល​ដៅ​របស់​យើង​គឺ​ដើម្បី​លើក​ទឹក​ចិត្ដ​បង​ប្អូន​យើង មិន​មែន​ដើម្បី​ឲ្យ​ពួក​គាត់​កោត​ស្ងើច​ចំពោះ​អ្វី​ដែល​យើង​មាន​ទេ។ ម្យ៉ាង​ទៀត យើង​មិន​គួរ​អញ្ជើញ​តែ​ពួក​អ្នក​ដែល​អាច​តប​ស្នង​យើង​វិញ​ឡើយ។ (​លូកា ១០:៤២; ១៤:១២​-​១៤​) អ្វី​ដ៏​សំខាន់​បំផុត​គឺ ទោះ​ជា​យើង​ជាប់​រវល់​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ភ្លេច​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់​ទេ!

១៣, ១៤​. តើ​តាម​របៀប​ណា​យើង​អាច​«​ចាំ​ជា​និច្ច​អំពី​ពួក​អ្នក​ដែល​ជាប់​ចំណង​»​?

១៣ ​«​ចូរ​ចាំ​ជា​និច្ច​អំពី​ពួក​អ្នក​ដែល​ជាប់​ចំណង​»។ (​សូម​អាន ហេប្រឺ ១៣:៣) ពេល​ប៉ូល​បាន​សរសេរ​ឃ្លា​នេះ គាត់​បាន​សំដៅ​លើ​បង​ប្អូន​ដែល​ជាប់​គុក​ដោយ​សារ​ជំនឿ​របស់​ពួក​គាត់។ ប៉ូល​បាន​សរសើរ​ក្រុម​ជំនុំ​នោះ​ដោយ​សារ​ពួក​គាត់​បាន​បង្ហាញ​«​ចិត្ដ​អាណិត​អាសូរ​ចំពោះ​អ្នក​ដែល​ជាប់​គុក​»។ (​ហេប្រឺ ១០:៣៤​) បង​ប្អូន​ខ្លះ​បាន​ជួយ​ប៉ូល​ក្នុង​អំឡុង​ពេល​បួន​ឆ្នាំ​ដែល​គាត់​ជាប់​គុក ប៉ុន្ដែ​បង​ប្អូន​ឯ​ទៀត​រស់​នៅ​ឆ្ងាយ។ តើ​ពួក​គាត់​អាច​ជួយ​ប៉ូល​យ៉ាង​ដូច​ម្ដេច? ពួក​គាត់​អាច​អធិដ្ឋាន​អស់​ពី​ចិត្ដ​ដើម្បី​ប៉ូល។—ភីលីព ១:១២​-​១៤; ហេប្រឺ ១៣:១៨, ១៩

យើង​អាច​អធិដ្ឋាន​ឲ្យ​បង​ប្អូន​ប្រុស​ស្រី​ព្រម​ទាំង​កុមារ​ដែល​ជាប់​គុក​នៅ​ប្រទេស​អេរីត្រេ

១៤ សព្វ​ថ្ងៃ​នេះ សាក្សី​ជា​ច្រើន​នាក់​ជាប់​គុក​ដោយ​សារ​ជំនឿ​របស់​ពួក​គាត់។ បង​ប្អូន​ដែល​រស់​នៅ​ជិត​អាច​ជួយ​ពួក​គាត់​ដោយ​ផ្ដល់​អ្វី​ដែល​ពួក​គាត់​ត្រូវ​ការ។ ប៉ុន្ដែ​ពួក​យើង​ជា​ច្រើន​នាក់​រស់​នៅ​ឆ្ងាយ​ពី​បង​ប្អូន​ដែល​ជាប់​គុក។ តើ​តាម​របៀប​ណា​យើង​អាច​ជួយ​ពួក​គាត់ ហើយ​មិន​ភ្លេច​ពួក​គាត់? ការ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​នឹង​ជំរុញ​ចិត្ដ​យើង​ឲ្យ​អធិដ្ឋាន​អស់​ពី​ចិត្ដ​ដើម្បី​ពួក​គាត់។ ជា​ឧទាហរណ៍ យើង​អាច​អធិដ្ឋាន​ឲ្យ​បង​ប្អូន​ប្រុស​ស្រី ព្រម​ទាំង​កុមារ​ដែល​ជាប់​គុក​នៅ​ប្រទេស​អេរីត្រេ រួម​ទាំង​បង​ប្រុស​ប៉ោឡុស អ៊ីយ៉ាស៊ូ បង​ប្រុស​អ៊ីសាក ម៉ូហ្គុស​និង​បង​ប្រុស​ណេហ្គេដេ ថេកឡេម៉ារីយ៉ាម ដែល​នៅ​តែ​ជាប់​គុក​២០​ឆ្នាំ​ហើយ។

១៥​. តើ​តាម​របៀប​ណា​យើង​អាច​ចាត់​ទុក​ចំណង​អាពាហ៍ពិពាហ៍​របស់​យើង​ជា​អ្វី​ដែល​មាន​តម្លៃ?

១៥ ​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ចាត់​ទុក​អាពាហ៍ពិពាហ៍​ជា​អ្វី​ដែល​មាន​តម្លៃ​»។ (​សូម​អាន ហេប្រឺ ១៣:៤) យើង​ក៏​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ដោយ​មាន​ភាព​ស្អាត​ស្អំ​ខាង​សីលធម៌​ដែរ។ (​ធីម៉ូថេ​ទី១ ៥:១, ២​) ជា​ឧទាហរណ៍ បើ​យើង​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​មួយ​នឹង​បង​ប្អូន​ប្រុស ឬ​បង​ប្អូន​ស្រី​ណា​ម្នាក់ យើង​នឹង​ធ្វើ​ឲ្យ​បុគ្គលនោះ​និង​ក្រុម​គ្រួសារ​គាត់​មាន​ទុក្ខ​លំបាក។ យើង​នឹង​ធ្វើ​ឲ្យ​បង​ប្អូន​យើង​លែង​ទុក​ចិត្ដ​គ្នា។ (​ថែស្សាឡូនិច​ទី១ ៤:៣​-​៨​) សូម​គិត​ផង​ដែរ​អំពី​អារម្មណ៍​របស់​ប្រពន្ធ​ម្នាក់ បើ​នាង​រក​ឃើញ​ថា​ប្ដី​នាង​មើល​រូប​អាសអាភាស។ តើ​នាង​នឹង​មាន​អារម្មណ៍​ថា​ប្ដី​នាង​ស្រឡាញ់​នាង ហើយ​ឲ្យ​តម្លៃ​ចំពោះ​របៀប​រៀប​ចំ​របស់​ព្រះ​សម្រាប់​អាពាហ៍ពិពាហ៍​ឬ​ទេ?—ម៉ាថាយ ៥:២៨

១៦​. តើ​តាម​របៀប​ណា​ការ​ចេះ​ស្កប់​ចិត្ដ​ជួយ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន?

១៦ ​«​ចូរ​ស្កប់​ចិត្ដ​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​មាន​»។ (​សូម​អាន ហេប្រឺ ១៣:៥) ទំនុក​ចិត្ដ​លើ​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​ចេះ​ស្កប់​ចិត្ដ ពោល​គឺ​យើង​យល់​ថា​អ្វី​ដែល​យើង​មាន​គឺ​គ្រប់​គ្រាន់។ តើ​តាម​របៀប​ណា​ការ​ចេះ​ស្កប់​ចិត្ដ​នឹង​ជួយ​យើង​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន? ពេល​យើង​ស្កប់​ចិត្ដ យើង​នឹង​ចាំ​ថា​បង​ប្អូន​គ្រិស្ដ​សាសនិក​របស់​យើង​គឺ​សំខាន់​ជាង​លុយ ឬ​វត្ថុ​ទ្រព្យ​ឆ្ងាយ​ណាស់។ (​ធីម៉ូថេ​ទី១ ៦:៦​-​៨​) យើង​នឹង​មិន​ត្អូញត្អែរ​អំពី​បង​ប្អូន​យើង ឬ​អំពី​ស្ថានភាព​របស់​យើង​ក្នុង​ជីវិត​ឡើយ។ ម្យ៉ាង​ទៀត យើង​នឹង​មិន​ច្រណែន​អ្នក​ឯ​ទៀត ឬ​មិន​លោភ​លន់​ទេ។ ផ្ទុយ​ទៅ​វិញ កាល​ណា​យើង​ស្កប់​ចិត្ដ យើង​នឹង​មាន​ចិត្ដ​ទូលាយ។—ធីម៉ូថេ​ទី១ ៦:១៧​-​១៩

១៧​. តើ​តាម​របៀប​ណា​ការ​«​មាន​ចិត្ដ​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ក្លាហាន​»​ជួយ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន?

១៧ ចូរ​«​មាន​ចិត្ដ​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ក្លាហាន​»។ (​សូម​អាន ហេប្រឺ ១៣:៦) ទំនុក​ចិត្ដ​លើ​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​ចិត្ដ​ក្លាហាន​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ។ ចិត្ដ​ក្លាហាន​នេះ​ជួយ​យើង​មាន​ចិត្ដ​គំនិត​ល្អ។ ម្យ៉ាង​ទៀត កាល​ណា​យើង​មាន​ចិត្ដ​គំនិត​ល្អ យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ដោយ​លើក​ទឹក​ចិត្ដ​និង​ដោយ​សម្រាល​ទុក្ខ​បង​ប្អូន​យើង។ (​ថែស្សាឡូនិច​ទី១ ៥:១៤, ១៥​) សូម្បី​តែ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ក៏​ដោយ យើង​អាច​មាន​ចិត្ដ​ក្លាហាន ដោយ​ដឹង​ថា​សេចក្ដី​សង្គ្រោះ​របស់​យើង​គឺ​ជិត​ដល់​ហើយ។—លូកា ២១:២៥​-​២៨

យើង​អាច​មាន​ចិត្ដ​ក្លាហាន ដោយ​ដឹង​ថា​សេចក្ដី​សង្គ្រោះ​របស់​យើង​គឺ​ជិត​ដល់​ហើយ

១៨​. តើ​តាម​របៀប​ណា​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​កាន់​តែ​ខ្លាំង​ចំពោះ​ពួក​អ្នក​ចាស់​ទុំ​របស់​យើង?

១៨ ​«​ចូរ​ចាំ​អំពី​ពួក​អ្នក​ដែល​កំពុង​នាំ​មុខ​»។ (​សូម​អាន ហេប្រឺ ១៣:៧, ១៧) ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​របស់​យើង​ប្រើ​ពេល​វេលា​របស់​ពួក​គាត់​ដើម្បី​ខំ​ប្រឹង​បំពេញ​ភារកិច្ច​ផ្សេង​ៗ​ជា​ប្រយោជន៍​ដល់​យើង។ ពេល​យើង​គិត​អំពី​អ្វី​ទាំង​អស់​ដែល​ពួក​គាត់​ធ្វើ យើង​មាន​សេចក្ដី​ស្រឡាញ់​និង​មាន​អំណរ​គុណ​កាន់​តែ​ខ្លាំង​ចំពោះ​ពួក​គាត់។ យើង​នឹង​មិន​ចង់​ឲ្យ​ពួក​គាត់​បាត់​បង់​អំណរ ឬ​ខក​ចិត្ដ​ដោយ​សារ​អ្វី​មួយ​ដែល​យើង​ធ្វើ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​ចង់​ស្តាប់​បង្គាប់​ដោយ​ស្ម័គ្រ​ចិត្ដ។ យ៉ាង​នេះ យើង​«​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ពួក​គាត់​ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​សារ​កិច្ច​ការ​របស់​ពួក​គាត់​»។—ថែស្សាឡូនិច​ទី១ ៥:១៣

តើ​អ្នក​មាន​អំណរ​គុណ​ចំពោះ​កិច្ច​ការ​ដែល​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​ដើម្បី​យើង​ឬ​ទេ? (​សូម​មើល​វគ្គ​១៨​)

ចូរ​បន្ដ​ធ្វើ​ដូច្នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត

១៩, ២០​. តើ​តាម​របៀប​ណា​យើង​អាច​បន្ដ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​តាម​វិធី​ដែល​ប្រសើរ​ជាង?

១៩ គេ​ស្គាល់​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​ថា​ជា​ពួក​អ្នក​ដែល​ស្រឡាញ់​គ្នា​ជា​បង​ប្អូន។ នៅ​សម័យ​ប៉ូល​ក៏​ដូច​គ្នា​ដែរ។ ប៉ុន្ដែ​ប៉ូល​បាន​លើក​ទឹក​ចិត្ដ​បង​ប្អូន​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​វិធី​ដែល​ប្រសើរ​ជាង។ គាត់​បាន​និយាយ​ថា​៖ ‹ចូរ​ធ្វើ​ដូច្នោះ​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត›។ (​ថែស្សាឡូនិច​ទី១ ៤:៩, ១០​) ហេតុ​នេះ យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង!

២០ ដូច្នេះ ក្នុង​អំឡុង​ឆ្នាំ​នេះ​កាល​ដែល​យើង​មើល​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​របស់​យើង​នៅ​សាល​ប្រជុំ ចូរ​យើង​រំពឹង​គិត​អំពី​សំណួរ​ទាំង​នេះ​៖ តើ​ខ្ញុំ​អាច​ទទួល​អ្នក​ឯ​ទៀត​កាន់​តែ​រាក់​ទាក់​ជាង​ឬ​ទេ? តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ជួយ​បង​ប្អូន​យើង​ដែល​ជាប់​គុក? តើ​ខ្ញុំ​ចាត់​ទុក​អាពាហ៍ពិពាហ៍​ដែល​ជា​ការ​រៀប​ចំ​របស់​ព្រះ​ជា​អ្វី​ដែល​មាន​តម្លៃ​ឬ​ទេ? តើ​អ្វី​នឹង​ជួយ​ខ្ញុំ​ឲ្យ​ពិត​ជា​ស្កប់​ចិត្ដ? តើ​តាម​របៀប​ណា​ខ្ញុំ​អាច​មាន​ទំនុក​ចិត្ដ​ទៅ​លើ​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង? តើ​តាម​របៀប​ណា​ខ្ញុំ​អាច​កាន់​តែ​ស្តាប់​បង្គាប់​ពួក​អ្នក​ដែល​នាំ​មុខ? បើ​យើង​ខំ​ប្រឹង​ធ្វើ​តាម​ចំណុច​ទាំង​៦​យ៉ាង​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង នោះ​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​នឹង​មិន​គ្រាន់​តែ​ជា​ស្លាក​សញ្ញា​មួយ​ដែល​នៅ​លើ​ជញ្ជាំង​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​រំលឹក​យើង​ឲ្យ​ធ្វើ​តាម​ពាក្យ​របស់​ប៉ូល​ដែល​ថា​៖ ​«​ចូរ​បន្ដ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​»។—ហេប្រឺ ១៣:១

^ [​១​] (​វគ្គ​៩​) ដើម្បី​ដឹង​ព័ត៌មាន​អំពី​របៀប​ដែល​សាក្សី​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ក្នុង​គ្រា​ដែល​មាន​មហន្ដរាយ សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០០៩ ទំព័រ​២០ វគ្គ​១៤ និង​សៀវភៅ​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​ហើយ! ជំពូក​ទី​២០