អត្ថបទសិក្សា ៤
ចូរបង្កើនមនោសញ្ចេតនាដ៏ជ្រាលជ្រៅជានិច្ច
«ចូរស្រឡាញ់គ្នាជាបងប្អូនដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ»។—រ៉ូម ១២:១០
ចម្រៀងលេខ១០៩ ចូរស្រឡាញ់គ្នាឲ្យខ្លាំងដោយស្មោះពីចិត្ត
សេចក្ដីសង្ខេប *
១. នៅសព្វថ្ងៃនេះ តើតាមរបៀបណាខ្លះមនុស្សគ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិ?
គម្ពីរប្រាប់ទុកជាមុនថា នៅគ្រាចុងក្រោយបង្អស់មនុស្សនឹង«គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិ»។ (២ធី. ៣:១, ៣) យើងឃើញថាទំនាយនេះកំពុងក្លាយជាការពិតនៅសព្វថ្ងៃនេះ។ ជាឧទាហរណ៍ រាប់លានក្រុមគ្រួសារបានបែកបាក់គ្នាដោយសារការលែងលះ។ នេះនាំឲ្យប្ដីប្រពន្ធខឹងគ្នា និងធ្វើឲ្យកូនមានអារម្មណ៍ថាគ្មានអ្នកណាស្រឡាញ់ពួកគេ។ សូម្បីតែក្រុមគ្រួសារដែលរស់នៅផ្ទះជាមួយគ្នា ក៏មិនសូវជិតស្និទ្ធនឹងគ្នា។ អ្នកប្រឹក្សាយោបល់ម្នាក់សម្រាប់គ្រួសារនិយាយថា៖ «ឪពុក ម្ដាយ និងកូនមិនសូវនិយាយរកគ្នាទេ ហើយពួកគេចំណាយពេលភាគច្រើនទៅលើការប្រើកុំព្យូទ័រ ទូរស័ព្ទ ឬហ្គេមវីដេអូ។ ទោះជាក្រុមគ្រួសារទាំងនេះរស់នៅក្រោមដំបូលផ្ទះតែមួយក្ដី ពួកគេមិនសូវដឹងសុខទុក្ខអំពីគ្នាទេ»។
២-៣. (ក) យោងទៅតាមរ៉ូម ១២:១០ តើយើងគួរមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះអ្នកណាខ្លះ? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
២ យើងមិនចង់មានចិត្តគំនិតដូចពិភពលោកនេះ ដែលមិនបង្ហាញសេចក្ដីស្រឡាញ់ទេ។ (រ៉ូម ១២:២) ផ្ទុយទៅវិញ យើងត្រូវបង្កើនសេចក្ដីស្រឡាញ់ឬមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ មិនគ្រាន់តែចំពោះសមាជិកក្រុមគ្រួសាររបស់យើងប៉ុណ្ណោះទេ តែចំពោះបងប្អូនរួមជំនឿផងដែរ។ (សូមអាន រ៉ូម ១២:១០) តើមនោសញ្ចេតនាដ៏ជ្រាលជ្រៅគឺជាអ្វី? ពាក្យនេះអាចសំដៅទៅលើទំនាក់ទំនងដ៏កក់ក្ដៅនៅក្នុងក្រុមគ្រួសារដ៏ជិតស្និទ្ធ។ យើងគួរមានសេចក្ដីស្រឡាញ់បែបនេះចំពោះក្រុមគ្រួសាររួមជំនឿរបស់យើងផងដែរ។ ពេលយើងបង្ហាញមនោសញ្ចេតនាដ៏ជ្រាលជ្រៅ យើងជួយបងប្អូនទាំងអស់ឲ្យបម្រើព្រះយេហូវ៉ាជាមួយគ្នាយ៉ាងសប្បាយ។—មីកា ២:១២
៣ សូមយើងមើលគំរូផ្សេងៗក្នុងគម្ពីរដើម្បីដឹងថា តើយើងអាចរៀនអ្វីខ្លះដែល
នឹងជួយយើងឲ្យបង្កើននិងបង្ហាញមនោសញ្ចេតនាដ៏ជ្រាលជ្រៅ?«ព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ»
៤. តើយ៉ាកុប ៥:១១បញ្ជាក់យ៉ាងណាអំពីសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះយេហូវ៉ា?
៤ គម្ពីរប្រាប់យើងអំពីគុណសម្បត្តិដ៏ល្អប្រសើររបស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ គម្ពីរចែងថា៖ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ (១យ៉ូន. ៤:៨) ខគម្ពីរនេះធ្វើឲ្យយើងចង់ចូលទៅជិតព្រះយេហូវ៉ា។ គម្ពីរក៏ចែងដែរថា៖ «ព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ»។ (សូមអាន យ៉ាកុប ៥:១១) ខគម្ពីរនេះបង្ហាញថាព្រះយេហូវ៉ាស្រឡាញ់យើងខ្លាំងណាស់!
៥. តើព្រះយេហូវ៉ាបង្ហាញសេចក្ដីមេត្តាករុណាយ៉ាងដូចម្ដេច ហើយតើយើងអាចយកតម្រាប់លោកតាមរបៀបណា?
៥ សូមកត់សម្គាល់ថា យ៉ាកុប ៥:១១លើកឡើងអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ព្រះយេហូវ៉ា ព្រមទាំងសេចក្ដីមេត្តាករុណារបស់លោក ដែលជាគុណសម្បត្តិមួយទៀតដែលនាំឲ្យយើងចូលទៅជិតលោក។ (និក្ខ. ៣៤:៦) របៀបមួយដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីមេត្តាករុណាចំពោះយើង គឺដោយអភ័យទោសឲ្យយើងពេលយើងធ្វើខុស។ (ទំនុក. ៥១:១) ក្នុងគម្ពីរ សេចក្ដីមេត្តាករុណាមិនគ្រាន់តែសំដៅទៅលើការអភ័យទោសឲ្យអ្នកឯទៀតប៉ុណ្ណោះទេ។ សេចក្ដីមេត្តាករុណាគឺផុសចេញពីចិត្តរបស់បុគ្គលម្នាក់ ពេលគាត់ឃើញអ្នកឯទៀតមានទុក្ខលំបាក ហើយនោះជំរុញគាត់ឲ្យព្យាយាមជួយបុគ្គលនោះ។ ព្រះយេហូវ៉ាពណ៌នាអំពីបំណងចិត្តរបស់លោកដែលចង់ជួយយើងថា គឺខ្លាំងជាងអារម្មណ៍ដែលម្ដាយមានចំពោះកូន។ (អេ. ៤៩:១៥) ពេលយើងឈឺចាប់ សេចក្ដីមេត្តាករុណារបស់ព្រះយេហូវ៉ាជំរុញចិត្តលោកឲ្យជួយយើង។ (ទំនុក. ៣៧:៣៩; ១កូ. ១០:១៣) យើងអាចបង្ហាញសេចក្ដីមេត្តាករុណាចំពោះបងប្អូនរបស់យើង ដោយអភ័យទោសឲ្យពួកគេនិងមិនខឹងងំ ពេលដែលពួកគេធ្វើឲ្យយើងខកចិត្ត។ (អេភ. ៤:៣២) របៀបដ៏សំខាន់មួយទៀតដែលយើងអាចបង្ហាញសេចក្ដីមេត្តាករុណា គឺដោយគាំទ្របងប្អូនរបស់យើងពេលពួកគេមានទុក្ខលំបាក។ ពេលយើងមានសេចក្ដីមេត្តាករុណាចំពោះអ្នកឯទៀតដែលផុសចេញពីសេចក្ដីស្រឡាញ់ នោះយើងយកតម្រាប់ព្រះយេហូវ៉ាដែលជាគំរូដ៏ល្អបំផុតស្ដីអំពីការមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។—អេភ. ៥:១
ចិត្តរបស់យ៉ូណាថាននិងដាវីឌ«មូលជាប់»ជាមួយគ្នា
៦. តើយ៉ូណាថាននិងដាវីឌបានបង្ហាញមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះគ្នាយ៉ាងដូចម្ដេច?
៦ គម្ពីរមានកំណត់ហេតុអំពីមនុស្សមិនល្អឥតខ្ចោះដែលបង្ហាញមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។ សូមគិតអំពីគំរូរបស់យ៉ូណាថាននិងដាវីឌ។ គម្ពីរចែងថា៖ «ចិត្តយ៉ូណាថានក៏មូលជាប់នឹងចិត្ត[ដាវីឌ] ហើយយ៉ូណាថានបានស្រឡាញ់ដាវីឌទុកដូចជាខ្លួនលោកដែរ»។ (១សាំ. ១៨:១) ដាវីឌបានត្រូវតែងតាំងឲ្យធ្វើជាស្ដេចបន្ទាប់ពីសុល។ សុលច្រណែនដាវីឌ ហើយព្យាយាមសម្លាប់គាត់។ ប៉ុន្តែ យ៉ូណាថានដែលជាកូនរបស់សុលមិនបានរួមដៃជាមួយឪពុកក្នុងការព្យាយាមធ្វើឃាតដាវីឌទេ។ យ៉ូណាថាននិងដាវីឌបានសន្យានឹងគ្នាថាពួកគាត់នឹងបន្តធ្វើជាមិត្ត ហើយគាំទ្រគ្នាជានិច្ច។—១សាំ. ២០:៤២
៧. តើអ្វីអាចរារាំងយ៉ូណាថាននិងដាវីឌមិនឲ្យធ្វើជាមិត្តនឹងគ្នា?
៧ គឺគួរឲ្យភ្ញាក់ផ្អើលដែលយ៉ូណាថាននិងដាវីឌជាមិត្តជិតស្និទ្ធ ដោយសារមានអ្វីជាច្រើនដែលអាចរារាំងពួកគាត់មិនឲ្យធ្វើជាមិត្តនឹងគ្នា។ ជាឧទាហរណ៍ យ៉ូណាថានប្រហែលជាមានអាយុបងដាវីឌ៣០ឆ្នាំ។ យ៉ូណាថានអាចសន្និដ្ឋានថា គាត់មិនអាចទៅជាមិត្តជិតស្និទ្ធជាមួយបុរសវ័យក្មេងដែលមិនសូវមានបទពិសោធន៍នេះទេ។ ប៉ុន្តែ យ៉ូណាថានមិនគិតបែបនោះឡើយ។ គាត់គោរពដាវីឌយ៉ាងជ្រាលជ្រៅ។
៨. ហេតុអ្វីអ្នកគិតថាយ៉ូណាថានគឺជាមិត្តល្អចំពោះដាវីឌ?
៨ យ៉ូណាថានអាចច្រណែននឹងដាវីឌ។ ក្នុងនាមជាកូនស្ដេចសុល យ៉ូណាថានអាចទាមទារសិទ្ធិរបស់គាត់ដើម្បីស្នងតំណែងជាស្ដេច។ (១សាំ. ២០:៣១) ប៉ុន្តែ យ៉ូណាថានមានចិត្តរាបទាប ហើយក៏មានភក្ដីភាពចំពោះព្រះយេហូវ៉ា។ ដូច្នេះ គាត់គាំទ្រយ៉ាងពេញលេញចំពោះការជ្រើសរើសរបស់ព្រះយេហូវ៉ាដែលឲ្យដាវីឌធ្វើជាស្ដេចបន្ទាប់។ គាត់ក៏មានភក្ដីភាពចំពោះដាវីឌដែរ ទោះជាការធ្វើដូច្នេះនាំឲ្យសុលខឹងក្ដី។—១សាំ. ២០:៣២-៣៤
៩. តើយ៉ូណាថានចាត់ទុកដាវីឌជាគូប្រជែងឬទេ? សូមពន្យល់។
៩ ដោយសារយ៉ូណាថានស្រឡាញ់ដាវីឌ គាត់មិនចាត់ទុកដាវីឌជាគូប្រជែងទេ។ យ៉ូណាថានជាអ្នកបាញ់ធ្នូដ៏ចំណាននិងជាទាហានដ៏អង់អាចក្លាហាន។ គាត់និងសុលដែលជាឪពុករបស់គាត់មានកេរ្តិ៍ឈ្មោះជាបុគ្គលដែល«រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ»។ (២សាំ. ១:២២, ២៣) ដូច្នេះ យ៉ូណាថានអាចអួតអំពីភាពអង់អាចរបស់គាត់។ ប៉ុន្តែ យ៉ូណាថានមិនប្រកួតប្រជែងឬមានគំនុំនឹងដាវីឌទេ។ ផ្ទុយទៅវិញ យ៉ូណាថានបានកោតស្ងើចដាវីឌចំពោះចិត្តក្លាហានរបស់គាត់ ហើយគាត់ក៏កោតស្ងើចដាវីឌដែរ ពេលឃើញដាវីឌពឹងផ្អែកទៅលើព្រះយេហូវ៉ា។ តាមពិត គឺក្រោយពីដាវីឌសម្លាប់កូលីយ៉ាត ទើបយ៉ូណាថានចាប់ផ្ដើមស្រឡាញ់ដាវីឌដូចខ្លួនឯង។ តើយើងអាចបង្ហាញមនោសញ្ចេតនាដ៏ជ្រាលជ្រៅបែបនេះចំពោះបងប្អូនរបស់យើងយ៉ាងដូចម្ដេច?
តើយើងអាចបង្ហាញមនោសញ្ចេតនាដ៏ជ្រាលជ្រៅយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?
១០. តើការ«ស្រឡាញ់គ្នាឲ្យខ្លាំងដោយស្មោះពីចិត្ត»មានន័យយ៉ាងណា?
១០ គម្ពីរប្រាប់យើងឲ្យ«ស្រឡាញ់គ្នាឲ្យខ្លាំងដោយស្មោះពីចិត្ត»។ (១ពេ. ១:២២) ព្រះយេហូវ៉ាទុកគំរូសម្រាប់យើង។ សេចក្ដីស្រឡាញ់របស់លោកគឺខ្លាំងដល់ម្ល៉េះបានជាបើយើងស្មោះត្រង់នឹងលោក នោះគ្មានអ្វីអាចផ្ដាច់ចំណងមិត្តភាពរបស់យើងជាមួយនឹងលោកបានទេ។ (រ៉ូម ៨:៣៨, ៣៩) ពាក្យ«ឲ្យខ្លាំង»បង្កប់អត្ថន័យថា បុគ្គលម្នាក់ខំប្រឹងណាស់ដើម្បីបង្ហាញសេចក្ដីស្រឡាញ់។ ជួនកាល គឺមិនស្រួលឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនយើងទេ។ ពេលអ្នកឯទៀតធ្វើឲ្យយើងឈឺចិត្ត យើងត្រូវបន្ត«ទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ ព្រមទាំងព្យាយាមរក្សាឲ្យមានសាមគ្គីភាពដែលមកពីសកម្មពលរបស់ព្រះ ដោយមានសេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានឯកភាព»។ (អេភ. ៤:១-៣) ពេលយើងខំរក្សា«សេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានឯកភាព» យើងនឹងមិនផ្ដោតអារម្មណ៍ ទៅលើកំហុសរបស់បងប្អូនទេ។ យើងនឹងព្យាយាមអស់ពីសមត្ថភាពឲ្យមានទស្សនៈដូចព្រះយេហូវ៉ាចំពោះពួកគេ។—១សាំ. ១៦:៧; ទំនុក. ១៣០:៣
១១. ហេតុអ្វីជួនកាលប្រហែលជាពិបាកបង្ហាញមនោសញ្ចេតនាដ៏ជ្រាលជ្រៅ?
១១ គឺមិនតែងតែស្រួលឲ្យបង្ហាញមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះបងប្អូនរបស់យើងទេ ជាពិសេសពេលយើងដឹងអំពីកំហុសរបស់ពួកគេ។ តាមមើលទៅ គ្រិស្តសាសនិកខ្លះនៅសតវត្សរ៍ទី១មានបញ្ហានេះ។ ជាឧទាហរណ៍ អឺរ៉ូឌានិងស៊ីនទីច«បានរួមជាមួយនឹង[ប៉ូល]ក្នុងការតស៊ូដើម្បីជាប្រយោជន៍ដល់ដំណឹងល្អ» ដោយគ្មានបញ្ហាទេ។ ប៉ុន្តែដោយហេតុណាមួយ ពួកគាត់មិនចុះសម្រុងនឹងគ្នា។ ដូច្នេះ ប៉ូលបានលើកទឹកចិត្តពួកគាត់«ឲ្យមានគំនិតស្របគ្នាក្នុងកិច្ចបម្រើលោកម្ចាស់»។—ភី. ៤:២, ៣
១២. តើយើងអាចមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះបងប្អូនរបស់យើងយ៉ាងដូចម្ដេច?
១២ តើយើងអាចមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះបងប្អូនរបស់យើងនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច? ពេលយើងស្គាល់បងប្អូនរួមជំនឿច្បាស់ជាង យើងប្រហែលជាកាន់តែស្រួលយល់អំពីពួកគេ ហើយមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះពួកគេ។ អាយុនិងវប្បធម៌មិនគួរជាអ្វីដែលរារាំងយើងពីការមានចំណងមិត្តភាពជាមួយគ្នាទេ។ សូមចាំថាយ៉ូណាថានប្រហែលជាបងដាវីឌ៣០ឆ្នាំ តែយ៉ូណាថានមានចំណងមិត្តភាពជិតស្និទ្ធជាមួយគាត់។ តើអ្នកអាចទៅជាមិត្តនឹងបងប្អូនណាម្នាក់ក្នុងក្រុមជំនុំដែលចាស់ជាងឬក្មេងជាងអ្នកឬទេ? យ៉ាងនេះ អ្នកអាចបង្ហាញថាអ្នក«ស្រឡាញ់បងប្អូនរួមជំនឿទាំងអស់គ្នា»។—១ពេ. ២:១៧
១៣. ហេតុអ្វីយើងមិនអាចមានអារម្មណ៍ជិតស្និទ្ធជាមួយបងប្អូនទាំងអស់ក្នុងក្រុមជំនុំ?
១៣ តើការមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះបងប្អូនរួមជំនឿមានន័យថា យើងនឹងមានអារម្មណ៍ជិតស្និទ្ធជាមួយបងប្អូនទាំងអស់ក្នុងក្រុមជំនុំឬទេ? មិនមែនទេ នេះមិនអាចទៅរួចឡើយ។ ជារឿងធម្មតាទេ ដែលយើងមានអារម្មណ៍ជិតស្និទ្ធជាងជាមួយបុគ្គលខ្លះ ដោយសារយើងមានចំណង់ចំណូលចិត្តស្រដៀងគ្នា។ លោកយេស៊ូបានហៅពួកសាវ័កទាំងអស់ជា«មិត្តសម្លាញ់» ប៉ុន្តែលោកមានអារម្មណ៍ជិតស្និទ្ធជាពិសេសចំពោះយ៉ូហាន។ (យ៉ូន. ១៣:២៣; ១៥:១៥; ២០:២) ទោះជាយ៉ាងនោះក៏ដោយ លោកយេស៊ូមិនបានលម្អៀងទៅខាងយ៉ូហានទេ។ ជាឧទាហរណ៍ ពេលយ៉ូហាននិងយ៉ាកុប ដែលជាបងប្រុសរបស់គាត់បានសុំលោកយេស៊ូនូវឋានៈពិសេសមួយក្នុងរាជាណាចក្ររបស់ព្រះ លោកយេស៊ូបានប្រាប់ពួកគាត់ថា៖ «មិនមែនខ្ញុំទេដែលសម្រេចឲ្យអង្គុយនៅខាងស្ដាំឬខាងឆ្វេងខ្ញុំ»។ (ម៉ាក. ១០:៣៥-៤០) ដូចលោកយេស៊ូ យើងមិនគួរប្រព្រឹត្តដោយលម្អៀងចំពោះមិត្តភក្ដិជិតស្និទ្ធរបស់យើងទេ។ (យ៉ា. ២:១, ៣, ៤) បើយើងធ្វើដូច្នេះ នោះអាចបង្កឲ្យមានការបែកបាក់គ្នាក្នុងក្រុមជំនុំ ហើយមិនជួយក្រុមជំនុំឲ្យមានសន្តិភាពឡើយ។—យូ. ១៧-១៩
១៤. យោងទៅតាមភីលីព ២:៣ តើអ្វីនឹងជួយយើងឲ្យជៀសវាងពីការបង្កឲ្យមានការប្រកួតប្រជែងគ្នា?
១៤ ពេលយើងបង្ហាញមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមក យើងការពារក្រុមជំនុំមិនបង្កឲ្យមានការប្រកួតប្រជែងគ្នា។ សូមចាំថា យ៉ូណាថានមិនបានព្យាយាមយកឈ្នះដាវីឌ ដោយចាត់ទុកគាត់ជាគូប្រជែងដើម្បីដណ្ដើមយកអំណាចជាស្ដេចទេ។ យើងទាំងអស់គ្នាអាចធ្វើតាមគំរូរបស់យ៉ូណាថាន។ សូមកុំចាត់ទុកបងប្អូនជាគូប្រជែង ដោយសារសមត្ថភាពរបស់ពួកគេឡើយ។ តែសូម«បន្ទាបខ្លួនដោយចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន»។ (សូមអាន ភីលីព ២:៣) សូមចាំថា បុគ្គលទាំងអស់ក្នុងក្រុមជំនុំអាចជួយក្រុមជំនុំម្យ៉ាងៗម្នាក់។ បើយើងរក្សាចិត្តរាបទាប យើងនឹងឃើញគុណសម្បត្តិរបស់បងប្អូន ហើយអាចរៀនពីពួកគេ។—១កូ. ១២:២១-២៥
១៥. តើអ្នករៀនអ្វីពីបទពិសោធន៍របស់បងថានយ៉ានិងក្រុមគ្រួសារគាត់?
១៥ ពេលយើងមានទុក្ខលំបាក ព្រះយេហូវ៉ាសម្រាលទុក្ខយើងតាមរយៈមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់លោក និងជំនួយដែលយើងទទួលពីបងប្អូន។ សូមគិតអំពីអ្វីដែលបានកើតឡើងចំពោះក្រុមគ្រួសារមួយក្រោយពីកម្មវិធីថ្ងៃសៅរ៍នៃមហាសន្និបាតអន្តរជាតិ ឆ្នាំ២០១៩ នៅសហរដ្ឋអាម៉េរិកដែលមានប្រធានថា «សេចក្ដីស្រឡាញ់មិនចេះសាបសូន្យឡើយ»! បងស្រីថានយ៉ាដែលមានកូនបីនាក់រៀបរាប់ថា៖ «ពេលយើងជិះឡានទៅសណ្ឋាគារវិញ ឡានមួយបានបុកឡានយើង។ គ្មានអ្នកណារបួសទេ ប៉ុន្តែយើងចេញពីឡាន
ឈរលើផ្លូវទាំងភាំងស្មារតី។ បុគ្គលម្នាក់ឈប់ឡាននៅកៀនផ្លូវ ហើយហៅយើងឲ្យចូលឡានគាត់ដើម្បីមានសុវត្ថិភាព។ គាត់ជាបងប្អូនយើងដែលទើបតែបានចាកចេញពីមហាសន្និបាតដែរ។ មិនមានតែគាត់ប៉ុណ្ណោះទេដែលឈប់ជួយយើង។ សាក្សីប្រាំនាក់ដែលបានចូលរួមមហាសន្និបាតនោះពីប្រទេសស៊ុយអែតក៏បានឈប់ដែរ។ បងប្អូនស្រីបានឱបខ្ញុំនិងកូនស្រីខ្ញុំ ហើយនោះធ្វើឲ្យយើងមានអារម្មណ៍ស្រួលជាង! ខ្ញុំប្រាប់ពួកគេថា យើងមិនអីទេ ប៉ុន្តែពួកគេមិនព្រមចាកចេញពីយើងឡើយ។ សូម្បីតែក្រោយពីឡានពេទ្យមកដល់ ក៏ពួកគេបន្តនៅជាមួយយើង ហើយប្រាកដថាយើងមានអ្វីទាំងអស់ដែលយើងត្រូវការ។ ក្នុងគ្រាដ៏ពិបាកនោះ យើងអាចឃើញសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ បទពិសោធន៍នេះបានពង្រឹងសេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូន ហើយធ្វើឲ្យយើងកាន់តែស្រឡាញ់និងដឹងគុណព្រះយេហូវ៉ា»។ តើអ្នកអាចនឹកឃើញអំពីពេលមួយដែលអ្នកត្រូវការជំនួយ ហើយបងប្អូនរួមជំនឿបានបង្ហាញមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះអ្នកឬទេ?១៦. តើយើងមានមូលហេតុអ្វីខ្លះដើម្បីបង្ហាញមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមក?
១៦ សូមគិតអំពីលទ្ធផលពីការបង្ហាញមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមក។ លទ្ធផលនោះគឺថា យើងសម្រាលទុក្ខបងប្អូន ពេលដែលពួកគេត្រូវការជំនួយ។ យើងពង្រឹងសាមគ្គីភាពក្នុងចំណោមរាស្ត្រព្រះ។ យើងក៏បង្ហាញថាយើងជាអ្នកកាន់តាមលោកយេស៊ូ ហើយនេះទាក់ទាញមនុស្សដែលមានចិត្តស្មោះឲ្យចង់ចូលរួមការគោរពប្រណិប័តន៍ពិត។ សំខាន់បំផុត យើងធ្វើឲ្យព្រះយេហូវ៉ាដែល«ជាបិតានៃសេចក្ដីមេត្តាករុណា និងជាព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង»ទទួលការសរសើរតម្កើង។ (២កូ. ១:៣) សូមឲ្យយើងទាំងអស់គ្នាបន្តបង្ហាញនិងបង្កើនមនោសញ្ចេតនាដ៏ជ្រាលជ្រៅជានិច្ច!
ចម្រៀងលេខ១៣០ យើងត្រូវចេះអភ័យទោស
^ វគ្គ 5 លោកយេស៊ូបានមានប្រសាសន៍ថា មនុស្សនឹងស្គាល់អ្នកកាន់តាមលោកដោយព្រោះសេចក្ដីស្រឡាញ់ដែលពួកគេបង្ហាញចំពោះគ្នា។ យើងទាំងអស់គ្នាព្យាយាមបង្ហាញសេចក្ដីស្រឡាញ់នោះ។ យើងគួររៀនឲ្យចេះស្រឡាញ់បងប្អូនរបស់យើងដូចដែលយើងស្រឡាញ់សមាជិកក្រុមគ្រួសារជិតស្និទ្ធរបស់យើង។ យោបល់ក្នុងអត្ថបទនេះ នឹងជួយយើងឲ្យកាន់តែមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះបងប្អូនរួមជំនឿនិងរក្សាអារម្មណ៍នេះចំពោះពួកគេ។
^ វគ្គ 55 ការពណ៌នាអំពីរូបភាព: អ្នកចាស់ទុំម្នាក់ដែលក្មេងជាងទទួលប្រយោជន៍ពីបទពិសោធន៍របស់អ្នកចាស់ទុំម្នាក់ដែលចាស់ជាង។ ពេលអ្នកចាស់ទុំក្មេងជាងទៅផ្ទះរបស់អ្នកចាស់ទុំដែលចាស់ជាងនោះ គាត់បានត្រូវទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។ ពួកគាត់និងប្រពន្ធរបស់ពួកគាត់បង្ហាញសេចក្ដីស្រឡាញ់និងចិត្តទូលាយចំពោះគ្នាទៅវិញទៅមក។