លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១

ចូររក្សាចិត្តស្ងប់ ហើយទុកចិត្តព្រះយេហូវ៉ា

ចូររក្សាចិត្តស្ងប់ ហើយទុកចិត្តព្រះយេហូវ៉ា

បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០២១​គឺ: ​‹អ្នក​រាល់​គ្នា​នឹង​មាន​កំឡាំង​ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​ទំនុក​ចិត្ត›។—អេ. ៣០:១៥

ចម្រៀង​លេខ​៣ ព្រះ​ជា​កម្លាំង ជា​សេចក្ដី​សង្ឃឹម និង​ជា​ទី​ពឹង​របស់​យើង

សេចក្ដី​សង្ខេប *

១. ដូច​ស្ដេច​ដាវីឌ តើ​យើង​ប្រហែល​ជា​សួរ​សំណួរ​អ្វី?

យើង​ទាំង​អស់​គ្នា​ចង់​រស់​នៅ​ដោយ​ស្ងប់​សុខ។ គ្មាន​អ្នក​ណា​ចង់​ខ្វល់​ខ្វាយ​ទេ តែ​ពេល​ខ្លះ​យើង​ប្រហែល​ជា​ខ្វល់​ចិត្ត​យ៉ាង​ខ្លាំង។ តាម​ពិត អ្នក​បម្រើ​មួយ​ចំនួន​របស់​ព្រះ​យេហូវ៉ា ប្រហែល​ជា​សួរ​សំណួរ​ដូច​ស្ដេច​ដាវីឌ​ធ្លាប់​សួរ​ព្រះ​យេហូវ៉ា ថា​៖ ​«​តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ពិគ្រោះ​នៅ​តែ​ក្នុង​ខ្លួន​ដល់​កាល​ណា ដោយ​មាន​ចិត្ត​ព្រួយ​វាល់​ព្រឹក​វាល់​ល្ងាច​ដូច្នេះ?​»។—ទំនុក. ១៣:២

២. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ទោះ​ជា​យើង​មិន​អាច​ជៀស​ផុត​ពី​ការ​ខ្វល់​ខ្វាយ​ក្ដី មាន​អ្វី​ខ្លះ​ដែល​យើង​អាច​ធ្វើ​ដើម្បី​កាត់​បន្ថយ​ការ​ខ្វល់​ខ្វាយ​របស់​យើង។ ដំបូង ក្នុង​អត្ថបទ​នេះ យើង​នឹង​លើក​ឡើង​អំពី​អ្វី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ព្រួយ​ចិត្ត។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​របៀប​៦​យ៉ាង​ដែល​យើង​អាច​រក្សា​ចិត្ត​ស្ងប់ កាល​ដែល​យើង​ប្រឈម​មុខ​នឹង​បញ្ហា។

តើ​អ្វី​ខ្លះ​អាច​នាំ​ឲ្យ​យើង​ខ្វល់​ខ្វាយ?

៣. តើ​អ្វី​ខ្លះ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ខ្វល់​ចិត្ត ហើយ​តើ​យើង​អាច​គ្រប់​គ្រង​ទៅ​លើ​អ្វី​ទាំង​នេះ​ដល់​កម្រិត​ណា?

មាន​អ្វី​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ព្រួយ​ចិត្ត ហើយ​មាន​អ្វី​មួយ​ចំនួន​ដែល​យើង​ពុំ​អាច​ទប់​ស្កាត់​មិន​ឲ្យ​កើត​ឡើង​បាន​ឡើយ។ ជា​ឧទាហរណ៍ យើង​មិន​អាច​ដាក់​កម្រិត​ទៅ​លើ​ការ​ឡើង​ថ្លៃ​ជា​រៀង​រាល់​ឆ្នាំ​នៃ​ម្ហូប​អាហារ សម្លៀក​បំពាក់ និង​លំនៅ​ឋាន​បាន​ទេ។ យើង​គ្មាន​សមត្ថភាព​ដាក់​កម្រិត​លើ​ការ​ល្បួង​ពី​អ្នក​រួម​ការងារ​ឬ​សិស្ស​រួម​ថ្នាក់​ដែល​ចង់​ល្បួង​យើង​ឲ្យ​ប្រព្រឹត្ត​មិន​ទៀង​ត្រង់​ឬ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ជា​ដើម។ យើង​ក៏​មិន​អាច​បញ្ឈប់​ឧក្រិដ្ឋកម្ម​ដែល​កើត​ឡើង​ក្នុង​តំបន់​ដែល​យើង​រស់​នៅ​ឡើយ។ យើង​មាន​បញ្ហា​ទាំង​នេះ ដោយ​សារ​យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​របៀប​គិត​គូរ​របស់​មនុស្ស​ភាគ​ច្រើន​មិន​មាន​មូលដ្ឋាន​លើ​គោល​ការណ៍​គម្ពីរ​ទេ។ មូលហេតុ​មួយ​ទៀត គឺ​ដោយ​សារ​សាថាន​គឺ​ជា​ព្រះ​របស់​ពិភព​លោក​នេះ ហើយ​វា​ចង់​ឲ្យ​យើង​«​ខ្វល់​ខ្វាយ​អំពី​ជីវភាព​នៅ​សម័យ​នេះ​»​ដើម្បី​រា​រាំង​យើង​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ (​ម៉ាថ. ១៣:២២; ១យ៉ូន. ៥:១៩​) យើង​មិន​ភ្ញាក់​ផ្អើល​ទេ ដែល​ពិភព​លោក​នេះ​ពោរ​ពេញ​ទៅ​ដោយ​បញ្ហា​ដែល​ធ្វើ​ឲ្យ​តាន​តឹង​ចិត្ត!

៤. តើ​អ្វី​ប្រហែល​ជា​នឹង​កើត​ឡើង បើ​យើង​ព្រួយ​បារម្ភ​ខ្លាំង​អំពី​រឿង​ផ្សេង​ៗ​?

យើង​ប្រហែល​ជា​ព្រួយ​ចិត្ត​អំពី​រឿង​ផ្សេង​ៗ​រហូត​ដល់​លែង​គិត​អំពី​អ្វី​ផ្សេង​ទៀត។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​បារម្ភ​ថា យើង​នឹង​មិន​រក​ប្រាក់​ចំណូល​គ្រប់​គ្រាន់​ដើម្បី​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​យើង ឬ​ថា​យើង​នឹង​ធ្លាក់​ខ្លួន​ឈឺ​និង​ខាន​ទៅ​ធ្វើ​ការ ឬ​ថែម​ទាំង​បាត់​បង់​ការងារ​ទៀត​ផង។ យើង​ក៏​ប្រហែល​ជា​ខ្លាច​ថា យើង​នឹង​មិន​ស្មោះ​ត្រង់​ពេល​មាន​ការ​ល្បួង​ឲ្យ​បំពាន​ច្បាប់​របស់​ព្រះ។ ម្យ៉ាង​ទៀត មិន​យូរ​ទៀត​សាថាន​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ក្រោម​អំណាច​វា​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ។ ដូច្នេះ យើង​ប្រហែល​ជា​បារម្ភ​អំពី​ប្រតិកម្ម​របស់​យើង​ចំពោះ​ការ​វាយ​ប្រហារ​នោះ។ យើង​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ការ​ព្រួយ​បារម្ភ​អំពី​រឿង​ទាំង​នេះ​គឺ​ខុស​ទេ?›។

៥. តើ​លោក​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ឈប់​ខ្វល់​ខ្វាយ​»​?

យើង​ដឹង​ថា លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​«​ឈប់​ខ្វល់​ខ្វាយ​»។ (​ម៉ាថ. ៦:២៥​) តើ​លោក​យេស៊ូ​ចង់​បញ្ជាក់​ថា​យើង​មិន​គួរ​ព្រួយ​បារម្ភ​អំពី​អ្វី​សោះ​ឬ​ទេ? មិន​មែន​ទេ! សូម​ចាំ​ថា អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ខ្លះ​នៅ​អតីតកាល​ក៏​មាន​ទុក្ខ​កង្វល់​ដែរ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ * (​១ព. ១៩:៤; ទំនុក. ៦:៣​) តាម​ពិត លោក​យេស៊ូ​កំពុង​ពង្រឹង​ការ​ជឿ​ជាក់​របស់​យើង។ លោក​មិន​ចង់​ឲ្យ​យើង​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក​អំពី​សេចក្ដី​ត្រូវ​ការ​ក្នុង​ជីវិត រហូត​ដល់​ការ​បម្រើ​ព្រះ​យេហូវ៉ា​មិន​មែន​ជា​អ្វី​ដ៏​សំខាន់បំផុត។ ដូច្នេះ តើ​យើង​អាច​ធ្វើ​អ្វី​ពេល​យើង​ខ្វល់​ខ្វាយ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ របៀប​កាត់​បន្ថយ​ការ​ខ្វល់​ចិត្ត​»​)។

ចំណុច​៦​យ៉ាង​ដែល​នឹង​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្ងប់

សូម​មើល​វគ្គ​៦ *

៦. យោង​ទៅ​តាម​ភីលីព ៤:៦, ៧ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត?

៦ ​(​១​) ចូរ​អធិដ្ឋាន​ជា​រឿយ​ៗ។ ពេល​អ្នក​ព្រួយ​បារម្ភ​អំពី​បញ្ហា​ណា​មួយ អ្នក​អាច​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ (​១ពេ. ៥:៧​) ព្រះ​យេហូវ៉ា​អាច​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក ដោយ​ឲ្យ​អ្នក​នូវ​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន​[​របស់​មនុស្ស​]​»។ (​សូម​អាន ភីលីព ៤:៦, ៧) ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​សេចក្ដី​សុខ​សាន្ត​នេះ​ឲ្យ​អ្នក តាម​រយៈ​សកម្មពល​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​លោក។—កាឡ. ៥:២២

៧. តើ​យើង​គួរ​ចាំ​អំពី​អ្វី​ពេល​អធិដ្ឋាន​ទៅ​ព្រះ?

ពេល​អ្នក​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា សូម​និយាយ​អស់​ពី​ចិត្ត ដោយ​ប្រាប់​លោក​ចំ​ៗ​អំពី​បញ្ហា​ដែល​អ្នក​មាន ព្រម​ទាំង​ប្រាប់​លោក​អំពី​អារម្មណ៍​របស់​អ្នក​ចំពោះ​បញ្ហា​នោះ។ បើ​បញ្ហា​នោះ​អាច​ដោះ​ស្រាយ​បាន ចូរ​សុំ​ប្រាជ្ញា​ពី​លោក​ដើម្បី​ដឹង​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ហើយ​ចូរ​សុំ​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ធ្វើ​អ្វី​នោះ។ បើ​គ្មាន​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ ចូរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​កុំ​ឲ្យ​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក។ ពេល​អ្នក​ប្រាប់​លោក​ចំ​ៗ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​អ្នក នោះ​អ្នក​នឹង​ឃើញ​ច្បាស់​ជាង​អំពី​របៀប​ដែល​លោក​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ។ ប្រសិន​បើ​អ្នក​មិន​ទទួល​ចម្លើយ​ភ្លាម​ៗ​ក្រោយ​ពី​អធិដ្ឋាន សូម​កុំ​ឈប់​ព្យាយាម។ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ប្រាប់​លោក​ចំ​ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​ចង់​ឲ្យ​អ្នក​ត​ស៊ូ​ក្នុង​ការ​អធិដ្ឋាន​ដែរ។—លូក. ១១:៨​-​១០

៨. តើ​យើង​គួរ​រួម​បញ្ចូល​អ្វី​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​យើង?

កាល​ដែល​អ្នក​ផ្ទេរ​កង្វល់​របស់​អ្នក​ទៅ​ព្រះ​យេហូវ៉ា​ក្នុង​សេចក្ដី​អធិដ្ឋាន សូម​ប្រាកដ​ថា​អ្នក​រួម​បញ្ចូល​ពាក្យ​ថ្លែង​អំណរ​គុណ។ គឺ​ជា​ការ​ល្អ​ដែល​យើង​គិត​អំពី​ពរ​ដែល​យើង​បាន​ទទួល ទោះ​ជា​ពេល​ដែល​យើង​ជួប​បញ្ហា​ជា​ច្រើន​ក្ដី។ បើ​ពេល​ខ្លះ អ្នក​មិន​ដឹង​ថា​គួរ​និយាយ​អ្វី​ដើម្បី​រៀប​រាប់​អំពី​អារម្មណ៍​របស់​អ្នក សូម​ចាំ​ថា​សូម្បី​តែ​អ្នក​គ្រាន់​តែ​អធិដ្ឋាន​ថា​‹សូម​លោក​ជួយ​ផង!› ក៏​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​ដែរ។—២រប. ១៨:៣១; រ៉ូម ៨:២៦

សូម​មើល​វគ្គ​៩ *

៩. តើ​យើង​អាច​មាន​សន្តិសុខ​ដ៏​ពិត​ប្រាកដ​យ៉ាង​ដូច​ម្ដេច?

៩ ​(​២​) ចូរ​ពឹង​ផ្អែក​ទៅ​លើ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា មិន​មែន​របស់​ខ្លួន​ទេ។ នៅ​សតវត្សរ៍​ទី​៨ មុន​គ.ស. បណ្ដា​ជន​យូដា​ភ័យ​ខ្លាច​ថា​ជន​ជាតិ​អាសស៊ើរ​នឹង​មក​វាយ​ប្រហារ​ពួក​គេ។ ដើម្បី​កុំ​ឲ្យ​នៅ​ក្រោម​អំណាច​ជន​ជាតិ​អាសស៊ើរ ពួក​គេ​បាន​សុំ​ជំនួយ​ពី​ជន​ជាតិ​អេស៊ីប។ (​អេ. ៣០:១, ២​) ព្រះ​យេហូវ៉ា​បាន​ព្រមាន​ពួក​គេ​ថា ការ​ទុក​ចិត្ត​ទៅ​លើ​ជន​ជាតិ​អេស៊ីប​នឹង​នាំ​ឲ្យ​អន្តរាយ។ (​អេ. ៣០:៧, ១២, ១៣​) តាម​រយៈ​អេសាយ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជនជាតិ​យូដា​អំពី​របៀប​ដែល​ពួក​គេ​អាច​រក​ឃើញ​សន្តិសុខ​ដ៏​ពិត​ប្រាកដ។ គាត់​បាន​និយាយ​ថា​៖ ‹អ្នក​រាល់​គ្នា​នឹង​មាន​កំឡាំង​ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​ទំនុក​ចិត្ត›​លើ​ព្រះ​យេហូវ៉ា។—អេ. ៣០:១៥​ខ

១០. តើ​យើង​អាច​បង្ហាញ​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​ក្នុង​ករណី​ណា​ខ្លះ?

១០ តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា? សូម​គិត​អំពី​ឧទាហរណ៍​មួយ​ចំនួន។ ឧបមា​ថា គេ​ស្នើ​ឲ្យ​អ្នក​នូវ​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​ជាង តែ​នោះ​នឹង​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ការ​ថែម​ម៉ោង ហើយ​ធ្វើ​ឲ្យ​អ្នក​មិន​អាច​បម្រើ​ព្រះ​យេហូវ៉ា​ច្រើន​ដូច​ឥឡូវ។ ឬ​មួយ​ទៀត មាន​បុគ្គល​ម្នាក់​នៅ​កន្លែង​ធ្វើ​ការ​សារភាព​ស្នេហ៍​ប្រាប់​អ្នក ប៉ុន្តែ​គាត់​មិន​មែន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ ឬ​ចុះ​បើ​សមាជិក​ក្រុម​គ្រួសារ​ជា​ទី​ស្រឡាញ់​របស់​អ្នក ឲ្យ​អ្នក​ជ្រើស​រើស​រវាង​គាត់​និង​ព្រះ? ក្នុង​ករណី​ទាំង​អស់​នេះ​អ្នក​នឹង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក ប៉ុន្តែ​ក្នុង​ករណី​នីមួយ​ៗ​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ការ​ណែនាំ​ដែល​អ្នក​ត្រូវ​ការ។ (​ម៉ាថ. ៦:៣៣; ១០:៣៧; ១កូ. ៧:៣៩​) តើ​ទំនុក​ចិត្ត​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា​នឹង​ជំរុញ​អ្នក​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​ពី​លោក​ឬ​ទេ?

សូម​មើល​វគ្គ​១១ *

១១. តើ​យើង​អាច​សិក្សា​កំណត់​ហេតុ​អ្វី​ខ្លះ​ក្នុង​គម្ពីរ ដើម្បី​រក្សា​ចិត្ត​ស្ងប់​ពេល​មាន​ការ​ប្រឆាំង?

១១ ​(​៣​) ចូរ​រៀន​ពី​គំរូ​ល្អ​និង​គំរូ​មិន​ល្អ។ កំណត់​ហេតុ​ជា​ច្រើន​ក្នុង​គម្ពីរ​រៀប​រាប់​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​រក្សា​ចិត្ត​ស្ងប់ និង​ការ​បង្ហាញ​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា។ កាល​ដែល​អ្នក​សិក្សា​កំណត់​ហេតុ​ទាំង​នេះ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​បាន​ជួយ​អ្នក​បម្រើ​ព្រះ​ឲ្យ​រក្សា​ចិត្ត​ស្ងប់ ពេល​មាន​ការ​បៀត​បៀន​យ៉ាង​ខ្លាំង។ ជា​ឧទាហរណ៍ ពេល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​របស់​ជនជាតិ​យូដា​បង្គាប់​ពួក​សាវ័ក​ឲ្យ​ឈប់​ផ្សព្វ​ផ្សាយ ពួក​សាវ័ក​មិន​បាន​ភ័យ​ខ្លាច​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ប្រកាស​យ៉ាង​អង់អាច​ថា​៖ ​«​យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស​»។ (​សកម្ម. ៥:២៩​) សូម្បី​តែ​ក្រោយ​ពី​ពួក​សាវ័ក​បាន​ត្រូវ​គេ​វាយ​នឹង​រំពាត់ ក៏​ពួក​គេ​មិន​ភ័យ​រន្ធត់​ដែរ។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​នៅ​ខាង​ពួក​គេ ហើយ​លោក​ពេញ​ចិត្ត​នឹង​ពួក​គេ។ ហេតុ​នេះ ពួក​គេ​បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ (​សកម្ម. ៥:៤០​-​៤២​) ស្រដៀង​គ្នា​ដែរ ពេល​ស្ទេផាន​ដែល​ជា​អ្នក​កាន់​តាម​ម្នាក់​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់ គាត់​រក្សា​ចិត្ត​ស្ងប់​រហូត​ដល់​មុខ​គាត់​«​គឺ​ដូច​មុខ​ទេវតា​»។ (​សកម្ម. ៦:១២​-​១៥​) ហេតុ​អ្វី? ពី​ព្រោះ​គាត់​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​គាត់។

១២. តាម​ពេត្រុស​ទី​១ ៣:១៤ និង​៤:១៤ ហេតុ​អ្វី​យើង​អាច​មាន​សុភមង្គល​ពេល​យើង​ទទួល​ការ​បៀត​បៀន?

១២ ពួក​សាវ័ក​មាន​ទី​សំអាង​ដ៏​ច្បាស់​លាស់​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​ពួក​គេ។ លោក​បាន​ឲ្យ​ពួក​គេ​មាន​សមត្ថភាព​ធ្វើ​អព្ភូតហេតុ។ (​សកម្ម. ៥:១២​-​១៦; ៦:៨​) នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​មិន​ផ្ដល់​ឲ្យ​យើង​នូវ​សមត្ថភាព​ធ្វើ​អព្ភូតហេតុ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ តាម​រយៈ​បណ្ដាំ​របស់​លោក ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​ពេល​យើង​រង​ទុក្ខ​ដោយ​សារ​សេចក្ដី​សុចរិត នោះ​លោក​ពេញ​ចិត្ត​យើង ហើយ​សកម្មពល​របស់​លោក​នៅ​ជា​មួយ​យើង។ (​សូម​អាន ពេត្រុស​ទី​១ ៣:១៤; ៤:១៤) ដូច្នេះ ជា​ជាង​ចេះ​តែ​បារម្ភ​អំពី​អ្វី​ដែល​យើង​នឹង​ធ្វើ​ពេល​ជួប​ការ​បៀត​បៀន​ដ៏​ខ្លាំង​នៅ​ថ្ងៃ​អនាគត យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​អាច​ធ្វើ​នៅ​ឥឡូវ​នេះ ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​គាំទ្រ​និង​សង្គ្រោះ​យើង។ ដូច​អ្នក​កាន់​តាម​នៅ​សម័យ​ដើម យើង​ត្រូវ​ទុក​ចិត្ត​ទៅ​លើ​សេចក្ដី​សន្យា​របស់​លោក​យេស៊ូ ដែល​ថា​៖ ​«​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ពាក្យ​និង​ប្រាជ្ញា ដែល​ពួក​អ្នក​ប្រឆាំង​រួម​គ្នា​ពុំ​អាច​ជំទាស់​ឬ​ប្រកែក​ឈ្នះ​បាន​ឡើយ​»។ លោក​យេស៊ូ​បាន​សន្យា​ថា​៖ ​«​បើ​ស៊ូ​ទ្រាំ នោះ​អ្នក​រាល់​គ្នា​នឹង​រក្សា​ជីវិត​ខ្លួន​»។ (​លូក. ២១:១២​-​១៩​) សូម​កុំ​ភ្លេច​ថា ព្រះ​យេហូវ៉ា​ចង​ចាំ​ទាំង​អស់​អំពី​អ្នក​បម្រើ​លោក​ដែល​រក្សា​ចិត្ត​ស្មោះ​ត្រង់​នឹង​លោក​រហូត​ដល់​ស្លាប់។ ដោយ​ប្រើ​ចំណេះ​ដឹង​នោះ លោក​នឹង​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ។

១៣. តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​គិត​អំពី​បទ​ពិសោធន៍​របស់​ពួក​អ្នក​ដែល​មិន​បាន​រក្សា​ចិត្ត​ស្ងប់​និង​មិន​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា?

១៣ យើង​ក៏​អាច​រៀន​ពី​បទ​ពិសោធន៍​របស់​បុគ្គល​ដែល​មិន​បាន​រក្សា​ចិត្ត​ស្ងប់​និង​មិន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ ការ​សិក្សា​អំពី​គំរូ​មិន​ល្អ​ទាំង​នោះ​នឹង​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​ធ្វើ​ខុស​ដូច​ពួក​គេ។ ជា​ឧទាហរណ៍ នៅ​ដើម​ការ​គ្រប់​គ្រង​របស់​ស្ដេច​អេសា​នៃ​ស្រុក​យូដា គាត់​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ពេល​កង​ទ័ព​ដ៏​ធំ​មក​ច្បាំង​នឹង​គាត់ ហើយ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​ទទួល​ជ័យ​ជម្នះ។ (​២រប. ១៤:៩​-​១២​) ប៉ុន្តែ​ក្រោយ​មក ពេល​កង​ទ័ព​តូច​ជាង​របស់​ស្ដេច​ប្អាសា​នៃ​ស្រុក​អ៊ីស្រាអែល​បាន​មក​ច្បាំង​នឹង​អេសា គាត់​បាន​បង់​ប្រាក់​ឲ្យ​ជន​ជាតិ​ស៊ីរី​ដើម្បី​ជួយ​គាត់ ជា​ជាង​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​ដូច​ដែល​គាត់​ធ្លាប់​ធ្វើ​ពី​មុន។ (​២រប. ១៦:១​-​៣​) ក្រោយ​មក ពេល​គាត់​មាន​វ័យ​ចាស់ ហើយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ គាត់​មិន​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​គាត់​ទេ។—២រប. ១៦:១២

១៤. តើ​យើង​អាច​រៀន​អ្វី​ពី​កំហុស​របស់​អេសា?

១៤ នៅ​ដើម​ដំបូង អេសា​បាន​ពឹង​ព្រះ​យេហូវ៉ា​ពេល​គាត់​មាន​បញ្ហា។ ប៉ុន្តែ​ក្រោយ​មក គាត់​មិន​បាន​សុំ​ជំនួយ​ពី​លោក​ទេ។ គាត់​បែរ​ជា​បាន​ខំ​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង ដោយ​សុំ​ជំនួយ​ពី​ជន​ជាតិ​ស៊ីរី​ឲ្យ​ច្បាំង​នឹង​ប្រជាជាតិ​អ៊ីស្រាអែល។ ដំបូង នេះ​ប្រហែល​ជា​មើល​ទៅ​មាន​លទ្ធផល​ល្អ។ ប៉ុន្តែ ស្រុក​យូដា​មិន​មាន​សេចក្ដី​សុខ​សាន្ត​ជា​យូរ​អង្វែង​ទេ។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសា​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ថា​៖ ​«​ដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ស្ដេច​ស៊ីរី មិន​បាន​ពឹង​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ នោះ​ពួក​ពល​ទ័ព​របស់​ស្ដេច​ស៊ីរី បាន​រួច​ពី​កណ្ដាប់​ព្រះ​ហស្ត​ទ្រង់​ហើយ​»។ (​២រប. ១៦:៧​) យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​មាន​ទំនុក​ចិត្ត​ខ្លាំង​ពេក​ទៅ​លើ​សមត្ថភាព​របស់​យើង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង រហូត​ដល់​យើង​មិន​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​បណ្ដាំ​របស់​លោក។ ទោះ​ជា​យើង​ជួប​រឿង​បន្ទាន់​និង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ភ្លាម​ៗ​ក្ដី យើង​គួរ​រក្សា​ចិត្ត​ស្ងប់​និង​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​លោក​នឹង​ជួយ​យើង​ឲ្យ​ទទួល​ជោគ​ជ័យ។

សូម​មើល​វគ្គ​១៥ *

១៥. តើ​យើង​អាច​ធ្វើ​អ្វី​ពេល​អាន​គម្ពីរ?

១៥ ​(​៤​) ចូរ​ទន្ទេញ​ចាំ​បទ​គម្ពីរ។ ពេល​អ្នក​អាន​ចំ​បទ​គម្ពីរ​ដែល​បង្ហាញ​ថា​ការ​រក្សា​ចិត្ត​ស្ងប់​និង​ការ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​កម្លាំង សូម​ព្យាយាម​ទន្ទេញ​ចាំ​បទ​គម្ពីរ​ទាំង​នោះ។ អ្នក​នឹង​ទទួល​ប្រយោជន៍ បើ​អ្នក​អាន​បទ​គម្ពីរ​ទាំង​នោះ​ឮ​ៗ ឬ​កត់​ទុក ហើយ​មើល​ឡើង​វិញ​ជា​រឿយ​ៗ។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​យ៉ូស្វេ​ឲ្យ​អាន​ច្បាប់​របស់​លោក​ជា​រឿយ​ៗ​ដោយ​បញ្ចេញ​សំឡេង​តិច​ៗ។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​គាត់​ឲ្យ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។ អ្វី​ដែល​គាត់​អាន​ក្នុង​ច្បាប់​នោះ​ក៏​នឹង​ជួយ​គាត់​មិន​ឲ្យ​ភ័យ​ខ្លាច តែ​មាន​ចិត្ត​ក្លាហាន​ដើម្បី​នាំ​មុខ​រាស្ត្រ​របស់​ព្រះ។ (​យ៉ូស. ១:៨, ៩​) ខ​គម្ពីរ​ជា​ច្រើន​ក្នុង​បណ្ដាំ​របស់​ព្រះ​អាច​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ពេល​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​តាម​ធម្មតា​ធ្វើ​ឲ្យ​ខ្វល់​ចិត្ត​ឬ​ភ័យ​ខ្លាច។—ទំនុក. ២៧:១​-​៣; សុភ. ៣:២៥, ២៦

សូម​មើល​វគ្គ​១៦ *

១៦. តើ​ព្រះ​យេហូវ៉ា​ប្រើ​ក្រុម​ជំនុំ​ដើម្បី​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្ងប់​និង​ទុក​ចិត្ត​លើ​លោក​យ៉ាង​ដូច​ម្ដេច?

១៦ ​(​៥​) ចូរ​សេព​គប់​ជា​មួយ​រាស្ត្រ​របស់​ព្រះ។ ព្រះ​យេហូវ៉ា​ប្រើ​បង​ប្អូន​របស់​យើង ដើម្បី​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្ងប់​និង​ទុក​ចិត្ត​លើ​លោក។ នៅ​កិច្ច​ប្រជុំ​របស់​យើង យើង​ទទួល​ប្រយោជន៍​ពី​សុន្ទរកថា ចម្លើយ​របស់​អ្នក​ឯ​ទៀត និង​ការ​សន្ទនា​ដ៏​លើក​ទឹក​ចិត្ត​ជា​មួយ​បង​ប្អូន​របស់​យើង។ (​ហេ. ១០:២៤, ២៥​) យើង​ក៏​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ដែរ ពេល​យើង​ប្រាប់​អំពី​អារម្មណ៍​របស់​យើង​ទៅ​មិត្ត​ភក្ដិ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ក្នុង​ក្រុម​ជំនុំ។ ​«​ពាក្យ​ល្អ​»​ពី​មិត្ត​ភក្ដិ​អាច​កាត់​បន្ថយ​ការ​ខ្វល់​ខ្វាយ​របស់​យើង។—សុភ. ១២:២៥

សូម​មើល​វគ្គ​១៧ *

១៧. តើ​ហេប្រឺ ៦:១៩ បង្ហាញ​យ៉ាង​ណា​ថា​សេចក្ដី​សង្ឃឹម​របស់​យើង​អំពី​រាជាណាចក្រ​អាច​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្ងប់​ក្នុង​គ្រា​ពិបាក?

១៧ ​(​៦​) ចូរ​រក្សា​សេចក្ដី​សង្ឃឹម​របស់​អ្នក​ឲ្យ​មាំ​មួន។ សេចក្ដី​សង្ឃឹម​របស់​យើង​អំពី​រាជាណាចក្រ​ព្រះ​គឺ​ដូច​ជា​«​យុថ្កា​សម្រាប់​ជីវិត​យើង​»​ ក្នុង​ន័យ​ថា​នោះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​នឹង​នរ ទោះ​ជា​យើង​ខ្វល់​ខ្វាយ​ឬ​មាន​ស្ថានភាព​ពិបាក​ក្ដី។ (​សូម​អាន ហេប្រឺ ៦:១៩) សូម​គិត​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ថ្ងៃ​អនាគត។ នៅ​ពេល​នោះ គ្មាន​អ្វី​ធ្វើ​ឲ្យ​យើង​ព្រួយ​បារម្ភ​សោះ។ (​អេ. ៦៥:១៧​) សូម​ស្រមៃ​ឃើញ​ខ្លួន​អ្នក​នៅ​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុខ​សាន្ត ជា​កន្លែង​ដែល​គ្មាន​រឿង​អាក្រក់​កើត​ឡើង​ឡើយ។ (​មីកា ៤:៤​) អ្នក​ក៏​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​អ្នក​កាន់​តែ​មាំ​មួន​ឡើង កាល​ដែល​អ្នក​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​សង្ឃឹម​នោះ។ ចូរ​ខំ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​អាច​«​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ពិត​ប្រាកដ​រហូត​ដល់​ទី​បញ្ចប់​»។—ហេ. ៦:១១

១៨. តើ​យើង​អាច​រំពឹង​ថា​យើង​នឹង​ជួប​ការ​ពិបាក​អ្វី​ខ្លះ​នៅ​ថ្ងៃ​អនាគត ហើយ​តើ​យើង​អាច​ធ្វើ​អ្វី?

១៨ កាល​ដែល​របៀប​របប​ពិភព​លោក​នេះ​កាន់​តែ​ជិត​មក​ដល់​ទី​បញ្ចប់ យើង​នឹង​ជួប​ការ​ពិបាក​កាន់​តែ​ច្រើន​ឡើង​ដែល​អាច​នាំ​ឲ្យ​យើង​ខ្វល់​ខ្វាយ។ បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​របស់​យើង​សម្រាប់​ឆ្នាំ​២០២១ អាច​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​ការ​ពិបាក​ទាំង​នោះ ហើយ​រក្សា​ចិត្ត​ស្ងប់ មិន​មែន​ដោយ​កម្លាំង​របស់​ខ្លួន​ទេ ប៉ុន្តែ​ដោយ​សារ​យើង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ ក្នុង​អំឡុង​ឆ្នាំ​២០២១ សូម​យើង​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត​របស់​យើង​ថា យើង​មាន​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា ដែល​ថា​៖ ‹អ្នក​រាល់​គ្នា​នឹង​មាន​កំឡាំង​ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​ទំនុក​ចិត្ត›។អេ. ៣០:១៥

ចម្រៀង​លេខ​៨ ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់​របស់​យើង

^ វគ្គ 5 បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​របស់​យើង​សម្រាប់​ឆ្នាំ​២០២១ លើក​ឡើង​អំពី​សារៈ​សំខាន់​នៃ​ការ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា កាល​ដែល​យើង​ប្រឈម​មុខ​នឹង​កាលៈទេសៈ​ផ្សេង​ៗ​នៅ​សព្វ​ថ្ងៃ​នេះ​និង​នៅ​ពេល​អនាគត ដែល​នាំ​ឲ្យ​តាន​តឹង​ចិត្ត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​យោបល់​នៅ​ក្នុង​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​របស់​យើង។

^ វគ្គ 5 បង​ប្អូន​ដ៏​ស្មោះ​ត្រង់​មួយ​ចំនួន​មាន​ជំងឺ​តាន​តឹង​ចិត្ត​ឬ​ជំងឺ​ថប់​អារម្មណ៍។ ជំងឺ​នេះ​គឺ​ជា​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ ហើយ​ខុស​គ្នា​ពី​ការ​ខ្វល់​ខ្វាយ​ដែល​លោក​យេស៊ូ​បាន​រៀប​រាប់។

^ វគ្គ 63 ការ​ពណ៌នា​អំពី​រូប​ភាព: (​១​) ពេញ​មួយ​ថ្ងៃ បង​ស្រី​ម្នាក់​អធិដ្ឋាន​អស់​ពី​ចិត្ត​អំពី​ការ​ខ្វល់​ខ្វាយ​របស់​គាត់។

^ វគ្គ 65 ការ​ពណ៌នា​អំពី​រូប​ភាព: (​២​) ក្នុង​អំឡុង​ពេល​សម្រាក​បាយ​ថ្ងៃ​ត្រង់​នៅ​កន្លែង​ធ្វើ​ការ គាត់​អាន​បណ្ដាំ​របស់​ព្រះ​ដើម្បី​បាន​ប្រាជ្ញា។

^ វគ្គ 67 ការ​ពណ៌នា​អំពី​រូប​ភាព: (​៣​) គាត់​រំពឹង​គិត​អំពី​គំរូ​ល្អ​និង​គំរូ​មិន​ល្អ​ដែល​មាន​ក្នុង​គម្ពីរ។

^ វគ្គ 69 ការ​ពណ៌នា​អំពី​រូប​ភាព: (​៤​) គាត់​បិទ​បទ​គម្ពីរ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ដែល​គាត់​ចង់​ចាំ​ភ្ជាប់​លើ​ទូ​ទឹក​កក។

^ វគ្គ 71 ការ​ពណ៌នា​អំពី​រូប​ភាព: (​៥​) គាត់​សប្បាយ​ជា​មួយ​បង​ប្អូន​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

^ វគ្គ 73 ការ​ពណ៌នា​អំពី​រូប​ភាព: (​៦​) គាត់​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​គាត់​កាន់​តែ​មាំ​មួន​ឡើង​ដោយ​គិត​អំពី​អនាគត។