តើលោកអ្នកដឹងឬទេ?
តើអក្សរចារឹកមួយពីសម័យបុរាណសមស្របនឹងគម្ពីរយ៉ាងដូចម្ដេច?
នៅសារមន្ទីរមួយនាក្រុងយេរូសាឡិម មានបន្ទះថ្មចារឹកដែលមានអាយុកាលពីឆ្នាំ៧០០-៦០០មុន គ.ស.។ គេរកឃើញបន្ទះថ្មនោះ នៅក្នុងរូងដាក់សាកសពមួយ មិនឆ្ងាយពីក្រុងហេប្រុន ប្រទេសអ៊ីស្រាអែល។ អក្សរចារឹកនោះសរសេរថា៖ «ហាកាហ្វដែលជាកូនរបស់ហាកាវនឹងត្រូវបណ្ដាសាពីយ៉ាវេ ឆវេអូត»។ តើអក្សរចារឹកនេះសមស្របនឹងគម្ពីរយ៉ាងដូចម្ដេច? អក្សរចារឹកនេះបង្ហាញថានាមរបស់ព្រះយេហូវ៉ាឬយ៉ាវេ ដែលបានត្រូវសរសេរជាអក្សរហេប្រឺបុរាណបួនតួ បានត្រូវគេស្គាល់ជាទូទៅ ហើយបានត្រូវគេប្រើក្នុងជីវិតប្រចាំថ្ងៃនៅសម័យគម្ពីរ។ អក្សរបួនតួនេះបានត្រូវសរសេរជាភាសាខ្មែរថាយហវហ។ រូងឯទៀតក៏មានអក្សរចារឹកផ្សេងៗដែលមនុស្សជួបជុំគ្នានិងលាក់ខ្លួននៅទីនោះបានចារឹក។ ពួកគេច្រើនតែបានសរសេរនាមរបស់ព្រះ ព្រមទាំងឈ្មោះរបស់បុគ្គលដែលរួមបញ្ចូលនាមរបស់ព្រះនៅលើជញ្ជាំងនៃរូងនោះ។
សាស្ត្រាចារ្យម្នាក់ឈ្មោះរេឆឺល ណាបូលស៊ីពីសកលវិទ្យាល័យនៃរដ្ឋចចចៀរៀបរាប់អំពីអក្សរចារឹកទាំងនេះថា៖ «ការប្រើឈ្មោះជាអក្សរបួនតួយហវហម្ដងហើយម្ដងទៀតគឺសំខាន់។ . . . បទគម្ពីរនិងអក្សរចារឹកនោះបង្ហាញថាបុគ្គលដែលមាននាមយហវហគឺសំខាន់ណាស់ក្នុងជីវិតរបស់អ្នកស្រុកអ៊ីស្រាអែលនិងយូដា»។ តាមការពិត ក្នុងគម្ពីរនាមរបស់ព្រះគឺមានរាប់ពាន់ដង ដែលបានត្រូវសរសេរជាអក្សរហេប្រឺបួនតួថា យហវហ។ ឈ្មោះរបស់បុគ្គលជាច្រើនក៏បានលាយបញ្ចូលនាមរបស់ព្រះដែរ។
ពាក្យ«យ៉ាវេ ឆវេអូត»ដែលបានត្រូវចារឹកលើបន្ទះថ្មនោះមានន័យថា«ព្រះយេហូវ៉ានៃពួកពលបរិវារ»។ តាមមើលទៅ នេះបង្ហាញថានៅសម័យគម្ពីរ ជាទូទៅ គេមិនគ្រាន់តែប្រើនាមរបស់ព្រះប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រើពាក្យ«ព្រះយេហូវ៉ានៃពួកពលបរិវារ»ជាទូទៅដែរ។ ក្នុងគម្ពីរក៏មានពាក្យ«ព្រះយេហូវ៉ានៃពួកពលបរិវារ» ជាង២៥០ដងក្នុងបទគម្ពីរភាសាហេប្រឺ។ ភាគច្រើនពាក្យនេះគឺនៅក្នុងសៀវភៅដែលបានសរសេរដោយអេសាយ យេរេមា និងសាការី។