លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣

មនុស្សមួយក្រុមធំនៃចៀមឯទៀតសរសើរព្រះនិងគ្រិស្ត

មនុស្សមួយក្រុមធំនៃចៀមឯទៀតសរសើរព្រះនិងគ្រិស្ត

​«​សេចក្ដី​សង្គ្រោះ​របស់​យើង​មក​ពី​ព្រះ​របស់​យើង ដែល​អង្គុយ​លើ​បល្ល័ង្ក និង​ពី​កូន​ចៀម​»។—បប. ៧:១០

ចម្រៀង​លេខ​១៤ ចូរ​សរសើរ​ស្ដេច​ថ្មី​ដែល​គ្រប់​គ្រង​ផែនដី

សេចក្ដី​សង្ខេប *

១. តើ​សុន្ទរកថា​មួយ​ដែល​បាន​ត្រូវ​ថ្លែង​នៅ​មហា​សន្និបាត​នា​ឆ្នាំ​១៩៣៥​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅលើ​បុរស​វ័យ​ក្មេង​ម្នាក់?

បុរស​វ័យ​ក្មេង​ម្នាក់​មាន​អាយុ​១៨​ឆ្នាំ​ពេល​គាត់​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩២៦។ ឪពុក​ម្ដាយ​របស់​គាត់​ជា​និស្សិត​គម្ពីរ ដែល​នៅ​សម័យ​នោះ​ជា​ឈ្មោះ​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ឪពុក​ម្ដាយ​គាត់​មាន​កូន​ប្រុស​បី​នាក់​និង​កូន​ស្រី​ពីរ​នាក់​ដែល​ពួក​គេ​បង្រៀន​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​និង​យក​តម្រាប់​លោក​យេស៊ូ​គ្រិស្ត។ ដូច​និស្សិត​គម្ពីរ​ទាំង​អស់​នៅ​សម័យ​នោះ បុរស​វ័យ​ក្មេង​នោះ​បាន​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​ដោយ​ចិត្ត​ស្មោះ​ជា​រៀង​រាល់​ឆ្នាំ នៅ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់។ ប៉ុន្តែ សុន្ទរកថា​មួយ​ដែល​មាន​ប្រធាន​ថា​«​មនុស្ស​មួយ​ក្រុម​ធំ​»​ បាន​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​គាត់​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។ សុន្ទរកថា​នោះ​បាន​ត្រូវ​ថ្លែង​ដោយ​បង​ប្រុស​ចូសេហ្វ រ៉ូធើហ្វឺត នៅ​ឆ្នាំ​១៩៣៥​នា​មហា​សន្និបាត​មួយ​នៅ​ក្រុង​វ៉ាស៊ីនតោន​ឌីស៊ី សហរដ្ឋ​អាម៉េរិក។ តើ​និស្សិត​គម្ពីរ​បាន​រៀន​អ្វី​នៅ​មហា​សន្និបាត​នោះ?

២. ក្នុង​សុន្ទរកថា​របស់​បង​រ៉ូធើហ្វឺត តើ​គាត់​បាន​ពន្យល់​យ៉ាង​ណា​អំពី​សេចក្ដី​បង្រៀន​មួយ​ពី​គម្ពីរ?

ក្នុង​សុន្ទរកថា​របស់​បង​រ៉ូធើហ្វឺត គាត់​បាន​ពន្យល់​ថា​អ្នក​ណា​ជា​សមាជិក​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ៧:៩។ មុន​សុន្ទរកថា​នោះ និស្សិត​គម្ពីរ​បាន​យល់​ថា​មនុស្ស​មួយ​ក្រុម​ធំ​ជា​ក្រុម​មួយ​ទៀត​ដែល​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌ តែ​ជា​បុគ្គល​ដែល​មិន​សូវ​ស្មោះ​ត្រង់។ បង​រ៉ូធើហ្វឺត​បាន​ប្រើ​បទ​គម្ពីរ​ដើម្បី​ពន្យល់​ថា មនុស្ស​មួយ​ក្រុម​ធំ​មិន​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​រស់​នៅ​ស្ថាន​សួគ៌​ទេ តែ​ពួក​គេ​គឺ​ជា​ចៀម​ឯ​ទៀត *របស់​គ្រិស្ត​ដែល​នឹង​រួច​ជីវិត​ពី​«​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​»​ ហើយ​រស់​នៅ​ជា​រៀង​រហូត​នៅ​លើ​ផែនដី។ (​បប. ៧:១៤​) លោក​យេស៊ូ​បាន​សន្យា​ថា​៖ ​«​ខ្ញុំ​មាន​ចៀម​ឯ​ទៀត ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ ខ្ញុំ​ត្រូវ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ ហើយ​ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ រួច​ចៀម​ទាំង​អស់​នោះ​នឹង​ទៅ​ជា​ហ្វូង​តែ​មួយ ហើយ​មាន​គង្វាល​តែ​ម្នាក់​»។ (​យ៉ូន. ១០:១៦​) ចៀម​ឯ​ទៀត​ទាំង​នេះ​សំដៅ​ទៅ​លើ​សាក្សី​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន​នៅ​លើ​ផែនដី។ (​ម៉ាថ. ២៥:៣១​-​៣៣, ៤៦​) សូម​យើង​គិត​អំពី​របៀប​ដែល​ការ​យល់​ដឹង​ថ្មី​នេះ​អំពី​សេចក្ដី​បង្រៀន​ពី​គម្ពីរ​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់ រួម​ទាំង​យុវជន​ដែល​មាន​អាយុ​១៨​ឆ្នាំ​នោះ។—ទំនុក. ៩៧:១១; សុភ. ៤:១៨

ការ​យល់​ដឹង​ថ្មី​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​បុគ្គល​រាប់​ពាន់​នាក់

៣​-​៤. នៅ​មហា​សន្និបាត​នា​ឆ្នាំ​១៩៣៥ តើ​បង​ប្អូន​រាប់​ពាន់​នាក់​ទទួល​ស្គាល់​អ្វី​អំពី​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ ហើយ​ហេតុ​អ្វី?

ពេល​វេលា​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នៅ​មហា​សន្និបាត​នោះ គឺ​ពេល​ដែល​អ្នក​ថ្លែង​បាន​និយាយ​ថា​៖ ​«​សូម​បង​ប្អូន​ទាំង​អស់​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែនដី​ក្រោក​ឈរ​ឡើង​»។ បុគ្គល​ដែល​នៅ​ទី​នោះ​រៀប​រាប់​ថា ជាង​ពាក់​កណ្ដាល​មនុស្ស​២០.០០០​នាក់​ដែល​ចូល​រួម បាន​ក្រោក​ឈរ​ឡើង​តែ​ម្ដង។ បន្ទាប់​មក បង​រ៉ូធើហ្វឺត​ប្រកាស​ថា​៖ ​«​មើល​ហ្ន៎! មនុស្ស​មួយ​ក្រុម​ធំ!​»។ រួច​អ្នក​ចូល​រួម​បាន​ស្រែក​អរ​សាទរ។ ពួក​អ្នក​ដែល​បាន​ក្រោក​ឈរ​ឡើង​យល់​ថា ព្រះ​យេហូវ៉ា​មិន​បាន​ជ្រើស​រើស​ពួក​គេ​ឲ្យ​ទៅ​ស្ថាន​សួគ៌ ហើយ​ថា​ពួក​គេ​មិន​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​របស់​ព្រះ​ទេ។ នៅ​ថ្ងៃ​បន្ទាប់​នៃ​មហា​សន្និបាត​នោះ មាន​សាក្សី​ថ្មី​៨៤០​នាក់​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ពួក​គេ​ភាគ​ច្រើន​គឺ​នៅ​ក្នុង​ចំណោម​ចៀម​ឯ​ទៀត។

ក្រោយ​ពី​សុន្ទរកថា​នោះ បុរស​វ័យ​ក្មេង​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និង​បង​ប្អូន​រាប់​ពាន់​នាក់​ទៀត​បាន​ឈប់​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់។ បង​ប្អូន​ជា​ច្រើន​មាន​អារម្មណ៍​ដូច​បង​ប្រុស​ដែល​មាន​ចិត្ត​រាប​ទាប​ម្នាក់​ដែល​និយាយ​ថា​៖ ​«​ពិធី​រំលឹក​នៅ​ឆ្នាំ​១៩៣៥​គឺ​ជា​លើក​ចុង​ក្រោយ​ដែល​ខ្ញុំ​បរិភោគ​វត្ថុ​តំណាង។ ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​បាន​ប្រើ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​ទេ តែ​ផ្ទុយ​ទៅ​វិញ ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែនដី ហើយ​ជួយ​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សួន​ឧទ្យាន​»។ (​រ៉ូម ៨:១៦, ១៧; ២កូ. ១:២១, ២២​) តាំង​ពី​ពេល​នោះ ចំនួន​មនុស្ស​មួយ​ក្រុម​ធំ​បាន​ចម្រើន​ឡើង ហើយ​ពួក​គេ​បាន​សហការ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​សល់​នៅ​ផែនដី។

៥. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​បាន​ឈប់​បរិភោគ​វត្ថុ​តំណាង​នៅ​ឯ​ពិធី​រំលឹក?

តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ឈប់​បរិភោគ​វត្ថុ​តំណាង​នៅ​ពិធី​រំលឹក​ក្រោយ​ពី​ឆ្នាំ​១៩៣៥? ចុះ​យ៉ាង​ណា​នៅ​សព្វ​ថ្ងៃ​នេះ​បើ​សាក្សី​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​ដោយ​ចិត្ត​ស្មោះ​នៅ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ ប៉ុន្តែ​ក្រោយ​មក​ទទួល​ស្គាល់​ថា​គាត់​មិន​មែន​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង? (​១កូ. ១១:២៨​) បង​ប្អូន​ខ្លះ​បាន​បរិភោគ​វត្ថុ​តំណាង ដោយ​សារ​ពួក​គេ​យល់​ច្រឡំ​អំពី​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ។ ប៉ុន្តែ បើ​ពួក​គេ​ទទួល​ស្គាល់​ថា​ពួក​គេ​បាន​យល់​ខុស ឈប់​បរិភោគ ហើយ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ នោះ​លោក​ប្រាកដ​ជា​នឹង​រាប់​ពួក​គេ​នៅ​ក្នុង​ចំណោម​ចៀម​ឯ​ទៀត។ ទោះ​ជា​ពួក​គេ​មិន​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​ក្ដី ពួក​គេ​នៅ​តែ​ចូល​រួម​ពិធី​រំលឹក ដោយ​សារ​ពួក​គេ​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​និងលោក​យេស៊ូ​បាន​ធ្វើ​សម្រាប់​ពួក​គេ។

សេចក្ដី​សង្ឃឹម​ដ៏​ពិសេស

៦. តើ​លោក​យេស៊ូ​បាន​បង្គាប់​ទេវតា​ឲ្យ​ធ្វើ​អ្វី?

ដោយ​សារ​មិន​យូរ​ទៀត​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​នឹង​មក​ដល់ យើង​នឹង​ទទួល​ការ​លើក​ទឹក​ចិត្ត​ដោយ​ពិចារណា​អ្វី​ថែម​ទៀត​ដែល​បាន​ត្រូវ​ចែង​នៅ​ការ​បើក​បង្ហាញ​ជំពូក​៧ ស្ដី​អំពី​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង និង​មនុស្ស​មួយ​ក្រុម​ធំ​នៃ​ចៀម​ឯ​ទៀត។ លោក​យេស៊ូ​បង្គាប់​ទេវតា​ឲ្យ​បន្ត​ទប់​ខ្យល់​ទាំង​បួន​នៃ​សេចក្ដី​ហិន​វិនាស។ ពួក​ទេវតា​មិន​គួរ​លែង​ខ្យល់​ទាំង​នោះ​ឲ្យ​បក់​មក​ផែនដី រហូត​ដល់​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ទាំង​អស់​បាន​ត្រូវ​បោះ​ត្រា ដែល​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​បាន​ចាត់​ទុក​ពួក​គេ​ថា​ជា​បុគ្គល​ស្មោះ​ត្រង់។ (​បប. ៧:១​-​៤​) រង្វាន់​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​បង​ប្អូន​គ្រិស្ត​ដែល​បាន​ត្រូវ​រើស​តាំង គឺ​ធ្វើ​ជា​ស្ដេច​និង​សង្ឃ​ជា​មួយ​លោក​នៅ​ស្ថាន​សួគ៌។ (​បប. ២០:៦​) ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​បណ្ដា​ទេវតា​នឹង​អរ​សប្បាយ​ជា​ខ្លាំង ពេល​ឃើញ​ពួក​អ្នក​រើស​តាំង​១៤៤.០០០​នាក់​ទទួល​រង្វាន់​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌។

មនុស្ស​មួយ​ក្រុម​ធំ​ដែល​ពាក់​អាវ​វែង​ពណ៌​ស ព្រម​ទាំង​កាន់​ធាង​លម៉ើ កំពុង​ឈរ​នៅ​មុខ​បល្ល័ង្ក​ដ៏​ភ្លឺ​ត្រចះ​របស់​ព្រះ និង​នៅ​មុខ​កូន​ចៀម (​សូម​មើល​វគ្គ​៧​)

៧. នៅ​ការ​បើក​បង្ហាញ ៧:៩, ១០ តើ​យ៉ូហាន​បាន​ឃើញ​អ្នក​ណា​ក្នុង​គំនិត ហើយ​តើ​ពួក​គេ​កំពុង​ធ្វើ​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

ក្រោយ​ពី​យ៉ូហាន​ប្រាប់​អំពី​ស្ដេច​និង​សង្ឃ​១៤៤.០០០​នាក់​ទាំង​នេះ គាត់​ឃើញ​អ្វី​មួយ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត គឺ​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​រួច​ជីវិត​ពី​សង្គ្រាម​ហាម៉ាគេដូន។ ខុស​ពី​ក្រុម​ទី​១ ក្រុម​ទី​២​នេះ​គឺ​ធំ​ជាង​និង​មិន​អាច​រាប់​ចំនួន​បាន។ (​សូម​អាន ការ​បើក​បង្ហាញ ៧:៩, ១០) ពួក​គេ​«​ពាក់​អាវ​វែង​ពណ៌​ស​»​ ដែល​បង្ហាញ​ថា​ពួក​គេ​បាន​រក្សា​ខ្លួន​«​មិន​ឲ្យ​ប្រឡូក​ប្រឡាក់​»​នឹង​ពិភព​លោក​របស់​សាថាន ហើយ​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​និង​គ្រិស្ត។ (​យ៉ា. ១:២៧​) ពួក​គេ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ពួក​គេ​បាន​ត្រូវ​សង្គ្រោះ​ដោយ​សារ​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ដែល​ជា​កូន​ចៀម​របស់​ព្រះ​បាន​ធ្វើ។ ម្យ៉ាង​ទៀត ពួក​គេ​កាន់​ធាង​លម៉ើ ដែល​បង្ហាញ​ថា​ពួក​គេ​អរ​សប្បាយ​ទទួល​ស្គាល់​លោក​យេស៊ូ​ជា​ស្ដេច​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង។—សូម​ពិនិត្យ​បន្ថែម យ៉ូហាន ១២:១២, ១៣

៨. តើ​ការ​បើក​បង្ហាញ ៧:១១, ១២​ប្រាប់​យើង​អ្វី​អំពី​ក្រុម​គ្រួសារ​នៅ​ស្ថាន​សួគ៌​របស់​ព្រះ​យេហូវ៉ា?

សូម​អាន ការ​បើក​បង្ហាញ ៧:១១, ១២តើ​អ្វី​បាន​កើត​ឡើង​ពេល​បុគ្គល​នៅ​ស្ថាន​សួគ៌​បាន​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ? យ៉ូហាន​ឃើញ​ក្នុង​គំនិត​ថា បុគ្គល​គ្រប់​រូប​នៅ​ស្ថាន​សួគ៌​មាន​អំណរ​និង​សរសើរ​ព្រះ ពេល​ពួក​គេ​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ។ ពួក​គេ​នឹង​អរ​សប្បាយ​ពេល​ឃើញ​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​ក្លាយ​ទៅ​ជា​ការ​ពិត គឺ​ឃើញ​ថា​មនុស្ស​មួយ​ក្រុម​ធំ​រួច​ជីវិត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។

៩. យោង​ទៅ​តាម​ការ​បើក​បង្ហាញ ៧:១៣​-​១៥ តើ​មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ?

សូម​អាន ការ​បើក​បង្ហាញ ៧:១៣​-​១៥យ៉ូហាន​បាន​សរសេរ​ថា មនុស្ស​មួយ​ក្រុម​ធំ​«​បាន​បោក​សម្អាត​អាវ​វែង​របស់​ពួក​គេ​ឲ្យ​ស​ក្នុង​ឈាម​របស់​កូន​ចៀម​»។ នេះ​បង្ហាញ​ថា​ពួក​គេ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ហើយ​រាប់​ជា​មនុស្ស​សុចរិត​នៅ​មុខ​ព្រះ​យេហូវ៉ា។ (​អេ. ១:១៨​) ពួក​គេ​គឺ​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួលការ​ជ្រមុជ​ទឹក ដែល​បង្ហាញ​ជំនឿ​មុត​មាំ​ទៅ​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ ហើយ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា។ (​យ៉ូន. ៣:៣៦; ១ពេ. ៣:២១​) យ៉ាង​នេះ ពួក​គេ​សម​នឹង​ឈរ​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះ​ដើម្បី​«​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​លោក​ទាំង​យប់​ទាំង​ថ្ងៃ​»​នៅ​ផែនដី។ សូម្បី​តែ​នៅ​ឥឡូវ​នេះ ក៏​ពួក​គេ​មាន​ចិត្ត​ខ្នះ​ខ្នែង​និង​ធ្វើ​កិច្ច​ការ​ភាគ​ច្រើន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ និង​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ដោយ​សារ​រាជាណាចក្រ​ព្រះ​គឺ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​ពួក​គេ។—ម៉ាថ. ៦:៣៣; ២៤:១៤; ២៨:១៩, ២០

មនុស្ស​មួយ​ក្រុម​ធំ​នៃ​ចៀម​ឯ​ទៀត​អរ​សប្បាយ​ពេល​ចេញ​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង (​សូម​មើល​វគ្គ​១០​)

១០. តើ​មនុស្ស​មួយ​ក្រុម​ធំ​ជឿ​ជាក់​អំពី​អ្វី ហើយ​តើ​ពួក​គេ​នឹង​ឃើញ​សេចក្ដី​សន្យា​អ្វី​បាន​សម្រេច?

១០ មនុស្ស​មួយ​ក្រុម​ធំ​ដែល​រួច​ជីវិត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ជឿ​ជាក់​ថា ព្រះ​នឹង​បន្ត​ថែ​រក្សា​ពួក​គេ ពី​ព្រោះ​«​លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក​នឹង​រៀបចំ​ត្រសាល​មួយ​ដើម្បី​ការ​ពារ​ពួក​គេ​»។ សេចក្ដី​សន្យា​ដែល​ចៀម​ឯ​ទៀត​ទន្ទឹង​រង់​ចាំ នឹង​ក្លាយ​ទៅ​ជា​ការ​ពិត​ដែល​ថា​៖ ​«​[​ព្រះ​]​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។—បប. ២១:៣, ៤

១១​-​១២. (​ក​) តើ​ការ​បើក​បង្ហាញ ៧:១៦, ១៧​រៀប​រាប់​ថា​មនុស្ស​មួយ​ក្រុម​ធំ​នឹង​ទទួល​ពរ​អ្វី​ខ្លះ​នៅ​ថ្ងៃ​អនាគត? (​ខ​) តើ​ចៀម​ឯ​ទៀត​អាច​ធ្វើ​អ្វី​នៅ​ឯ​ពិធី​រំលឹក ហើយ​ហេតុ​អ្វី?

១១ សូម​អាន ការ​បើក​បង្ហាញ ៧:១៦, ១៧នៅ​ឥឡូវ​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ខ្លះ​ជួប​ការ​អត់​ឃ្លាន ដោយ​សារ​បញ្ហា​សេដ្ឋកិច្ច ឬ​ភាព​ចលាចល និង​សង្គ្រាម។ បង​ប្អូន​ឯ​ទៀត​ជាប់​គុក​ដោយ​សារ​ជំនឿ​របស់​ពួក​គេ។ ប៉ុន្តែ ពួក​អ្នក​ដែល​នៅ​ក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម​ធំ សប្បាយ​ចិត្ត​ដោយ​សារ​ពួក​គេ​ដឹង​ថា ក្រោយ​ពី​ពួក​គេ​រួច​ជីវិត​ពី​ការ​បំផ្លាញ​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ ពួក​គេ​នឹង​តែង​តែ​មាន​អាហារ​និង​ការ​ណែនាំ​ជា​បរិបូរ​ពី​ព្រះ​យេហូវ៉ា។ ពេល​ព្រះ​យេហូវ៉ា​បំផ្លាញ​ពិភព​លោក​ដ៏​អាក្រក់​របស់​សាថាន លោក​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​មនុស្ស​មួយ​ក្រុម​ធំ​ទទួល​ការ​ការ​ពារ​ពី​កំហឹង​របស់​លោក​ដែល​ប្រៀប​ដូច​ជា​«​កម្ដៅ​ខ្លាំង​»។ ក្រោយ​ពី​ទី​បញ្ចប់​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង លោក​យេស៊ូ​នឹង​នាំ​ពួក​អ្នក​ដែល​រួច​ជីវិត​ទាំង​នេះ​នៅ​ផែនដី ទៅ​ឯ​«​ទឹក​ដែល​ផ្ដល់​ជីវិត​»​ដែល​គ្មាន​ទី​បញ្ចប់។ មនុស្ស​មួយ​ក្រុម​ធំ​មាន​សេចក្ដី​សង្ឃឹម​ដ៏​ពិសេស ដោយ​សារ​ពី​ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​លាន​នាក់​ដែល​ធ្លាប់​រស់​នៅ ពួក​គេ​នឹង​មិន​ស្លាប់​ឡើយ។—យ៉ូន. ១១:២៦

១២ ចៀម​ឯ​ទៀត​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​មួយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ ពួក​គេ​មិន​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​រស់​នៅ​ស្ថាន​សួគ៌​ទេ ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា​ពួក​គេ​មិន​សូវ​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ។ ទាំង​ពួក​អ្នក​រើស​តាំង ទាំង​ចៀម​ឯ​ទៀត​អាច​សរសើរ​ព្រះ​និង​គ្រិស្ត។ របៀប​មួយ​ដែល​ពួក​គេ​ធ្វើ​ដូច្នេះ​គឺ​ដោយ​ចូល​រួម​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់។

ចូរ​សរសើរ​ព្រះ​និង​គ្រិស្ត​ឲ្យ​អស់​ពី​ចិត្ត​នៅ​ពិធី​រំលឹក

នំ​ប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ​ដែល​យើង​ហុច​នៅ​ពិធី​រំលឹក ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ថា​លោក​យេស៊ូ​បាន​ស្លាប់​ជំនួស​យើង​ដើម្បី​យើង​អាច​បាន​ជីវិត (​សូម​មើល​វគ្គ​១៣​-​១៥​)

១៣​-​១៤. ហេតុ​អ្វី​គ្រិស្ត​សាសនិក​ពិត​ទាំង​អស់​គួរ​ចូល​រួម​ពិធី​រំលឹក​អំពី​មរណភាព​របស់​គ្រិស្ត?

១៣ នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ក្នុង​ចំណោម​មនុស្ស​១.០០០​នាក់​ដែល​ចូល​រួម​ពិធី​រំលឹក ប្រហែល​ជា​មាន​ម្នាក់​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ។ ដូច្នេះ ក្រុម​ជំនុំ​ភាគ​ច្រើន​មិន​មាន​អ្នក​ណា​បរិភោគ​វត្ថុ​តំណាង​នៅ​ពិធី​រំលឹក​ទេ ហើយ​អ្នក​ចូល​រួម​ភាគ​ច្រើន​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី។ ហេតុ​អ្វី​ពួក​គេ​ចូល​រួម​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់? មូលហេតុ​ដែល​ពួក​គេ​ចូល​រួម​គឺ​ស្រដៀង​នឹង​មូលហេតុ​ដែល​មនុស្ស​ចូល​រួម​ពិធី​មង្គល​ការ​របស់​មិត្ត​ភក្ដិ គឺ​ពួក​គេ​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​គាំទ្រ​គូ​ប្ដី​ប្រពន្ធ​ថ្មី​នោះ។ ស្រដៀង​គ្នា​ដែរ ចៀម​ឯ​ទៀត​ចូល​រួម​ពិធី​រំលឹក ដោយ​សារ​ពួក​គេ​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​គាំទ្រ​ចំពោះ​គ្រិស្ត​និង​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ ចៀម​ឯ​ទៀត​ក៏​ចូល​រួម​ពិធី​នោះ​ដើម្បី​បង្ហាញ​ថា​ពួក​គេ​ឲ្យ​តម្លៃ​ចំពោះ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​ដែល​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​រស់​ជា​រៀង​រហូត​នៅ​លើ​ផែនដី។

១៤ មូលហេតុ​ដ៏​សំខាន់​មួយ​ទៀត​ដែល​ចៀម​ឯ​ទៀត​ចូល​រួម​ពិធី​រំលឹក គឺ​ដើម្បី​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ។ ពេល​លោក​យេស៊ូ​បាន​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​ជា​លើក​ដំបូង​ជា​មួយ​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​របស់​លោក លោក​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ពី​ខ្ញុំ​»។ (​១កូ. ១១:២៣​-​២៦​) ដូច្នេះ ចៀម​ឯ​ទៀត​បន្ត​ចូល​រួម​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ ដរាប​ណា​ដែល​នៅ​តែ​មាន​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នៅ​ផែនដី ហើយ​ពួក​គេ​អញ្ជើញ​មនុស្ស​ឯ​ទៀត​ឲ្យ​ចូល​រួម​ពិធី​រំលឹក​ជា​មួយ​ពួក​គេ​ដែរ។

១៥. តើ​យើង​ម្នាក់​ៗ​អាច​សរសើរ​ព្រះ​និង​គ្រិស្ត​យ៉ាង​ដូច​ម្ដេច​នៅ​ពិធី​រំលឹក?

១៥ នៅ​ពិធី​រំលឹក យើង​មាន​ឱកាស​សរសើរ​ព្រះ​និង​គ្រិស្ត​ដោយ​ច្រៀង​ចម្រៀង​និង​អធិដ្ឋាន។ សុន្ទរកថា​ឆ្នាំ​នេះ​មាន​ប្រធាន​ថា​«​ចូរ​ដឹង​គុណ​អ្វី​ដែល​ព្រះ​និង​គ្រិស្ត​បាន​ធ្វើ​សម្រាប់​អ្នក!​»។ សុន្ទរកថា​នោះ​នឹង​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​យេហូវ៉ា​និង​គ្រិស្ត។ កាល​ដែល​យើង​ហុច​វត្ថុ​តំណាង យើង​នឹង​មាន​ឱកាស​គិត​អំពី​អ្វី​ដែល​វត្ថុ​ទាំង​ពីរ​នោះ​ជា​តំណាង ពោល​គឺ​រូប​កាយ​និង​ឈាម​របស់​លោក​យេស៊ូ។ យើង​ក៏​នឹង​មាន​ឱកាស​គិត​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ចំពោះ​យើង ពេល​លោក​អនុញ្ញាត​ឲ្យ​បុត្រ​របស់​លោក​ស្លាប់ ដើម្បី​យើង​អាច​មាន​ជីវិត។ (​ម៉ាថ. ២០:២៨​) អស់​អ្នក​ដែល​ស្រឡាញ់​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​និង​បុត្រ​របស់​លោក​នឹង​ចង់​ចូល​រួម​ពិធី​រំលឹក។

ចូរ​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​សេចក្ដី​សង្ឃឹម​ដែល​លោក​ផ្ដល់​ឲ្យ​អ្នក

១៦. តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​និង​ចៀម​ឯ​ទៀត​មាន​ភាព​ដូច​គ្នា​អ្វី​ខ្លះ?

១៦ ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​និង​ចៀម​ឯ​ទៀត​មាន​ភាព​ដូច​គ្នា​មួយ​ចំនួន។ ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​ក្រុម​មួយ​ជាង​ក្រុម​មួយ​ទៀត​ទេ។ ព្រះ​ឲ្យ​តម្លៃ​ស្មើ​គ្នា​ចំពោះ​ក្រុម​ទាំង​ពីរ។ យើង​ដឹង​ដូច្នេះ​ដោយ​សារ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​និង​ចៀម​ឯ​ទៀត​បាន​ត្រូវ​ទិញ​ក្នុង​តម្លៃ​ដូច​គ្នា គឺ​ជីវិត​នៃ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក។ ភាព​ខុស​គ្នា​រវាង​ក្រុម​ទាំង​ពីរ​នេះ​គឺ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ផ្សេង​គ្នា តែ​ក្រុម​ទាំង​ពីរ​នេះ​ត្រូវ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​និង​គ្រិស្ត។ (​ទំនុក. ៣១:២៣​) សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ដល់​បុគ្គល​ម្នាក់​ៗ​តាម​អ្វី​ដែល​បុគ្គល​នោះ​ត្រូវ​ការ មិន​ថា​គាត់​ជា​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឬ​ចៀម​ឯ​ទៀត​ក៏​ដោយ។

១៧. តើ​ពួក​អ្នក​ដែល​ព្រះ​រើស​តាំង​ដែល​នៅ​សល់​នៅ​ផែនដី​ទន្ទឹង​រង់​ចាំ​អ្វី?

១៧ គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​មិន​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​តាំង​ពី​កំណើត​ទេ។ តែ​នេះ​ជា​សេចក្ដី​សង្ឃឹម​មួយ​ដែល​ព្រះ​បណ្ដាល​ឲ្យ​ពួក​គេ​មាន​នៅ​ក្នុង​ចិត្ត។ ពួក​គេ​គិត​អំពី​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ អធិដ្ឋាន​អំពី​សេចក្ដី​សង្ឃឹម​នោះ ហើយ​ចង់​ទទួល​រង្វាន់​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌។ ពួក​គេ​នឹក​ស្មាន​មិន​ដល់​ថា​រូប​កាយ​របស់​ពួក​គេ​គឺ​យ៉ាង​ណា​នៅ​ស្ថាន​សួគ៌​ទេ។ (​ភី. ៣:២០, ២១; ១យ៉ូន. ៣:២​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​ទន្ទឹង​រង់​ចាំ​ជួប​ព្រះ​យេហូវ៉ា លោក​យេស៊ូ ពួក​ទេវតា និង​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឯ​ទៀត ហើយ​ទទួល​តំណែង​របស់​ពួក​គេ​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​ជា​មួយ​នឹង​បុគ្គល​ទាំង​នោះ។

១៨. តើ​ចៀម​ឯ​ទៀត​ទន្ទឹង​រង់​ចាំ​អ្វី​ខ្លះ?

១៨ ចៀម​ឯ​ទៀត​ទន្ទឹង​រង់​ចាំ​ការ​រស់​នៅ​ជា​រៀង​រហូត​នៅ​លើ​ផែនដី។ នេះ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​ចង់​បាន។ (​សាស្ដ. ៣:១១​) ពួក​គេ​ទន្ទឹង​រង់​ចាំ​ពេល​ដែល​ពួក​គេ​អាច​ជួយ​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ទៅ​ជា​សួន​ឧទ្យាន។ ពួក​គេ​ក៏​ទន្ទឹង​រង់​ចាំ​គ្រា​ដែល​ពួក​គេ​អាច​សង់​ផ្ទះ​ខ្លួន​ឯង ដាំ​សួន និង​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ​ជា​មួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ។ (​អេ. ៦៥:២១​-​២៣​) ពួក​គេ​ក៏​ទន្ទឹង​រង់​ចាំ​ទៅ​លេង​កន្លែង​ផ្សេង​ៗ​នៅ​លើ​ផែនដី មើល​ភ្នំ ព្រៃ និង​សមុទ្រ ហើយ​ស្វែង​យល់​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត។ សំខាន់​បំផុត ពួក​គេ​រំភើប​ចិត្ត​ដោយ​ដឹង​ថា​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​ព្រះ​នឹង​កាន់​តែ​ជិត​ស្និទ្ធ​និង​មាំ​មួន​ឡើង។

១៩. តើ​ពិធី​រំលឹក​ផ្ដល់​ឱកាស​អ្វី​ឲ្យ​យើង​ម្នាក់​ៗ ហើយ​នៅ​ឆ្នាំ​នេះ តើ​យើង​នឹង​ធ្វើ​ពិធី​រំលឹក​នៅ​ពេល​ណា?

១៩ ព្រះ​យេហូវ៉ា​បាន​ឲ្យ​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​សម្រាប់​ថ្ងៃ​អនាគត​ដល់​អ្នក​បម្រើ​របស់​លោក​ម្នាក់​ៗ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​លោក។ (​យេ. ២៩:១១​) ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត​ផ្ដល់​ឱកាស​ដ៏​ល្អ​ដល់​យើង​ម្នាក់​ៗ​ឲ្យ​សរសើរ​ព្រះ​និង​គ្រិស្ត ចំពោះ​អ្វី​ដែល​លោក​ទាំង​ពីរ​បាន​ធ្វើ​ដើម្បី​យើង​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ពិធី​រំលឹក​គឺ​ជា​កិច្ច​ប្រជុំ​ដ៏​សំខាន់​បំផុត​ដែល​គ្រិស្ត​សាសនិក​ពិត​មាន​ជា​រៀង​រាល់​ឆ្នាំ។ នៅ​ឆ្នាំ​នេះ ពិធី​រំលឹក​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មីនា ឆ្នាំ​២០២១​ក្រោយ​ពី​ថ្ងៃ​លិច។ បង​ប្អូន​ជា​ច្រើន​រស់​នៅ​កន្លែង​ដែល​ពួក​គេ​មាន​សេរី​ភាព​ចូល​រួម​កិច្ច​ប្រជុំ​ដ៏​សំខាន់​នេះ។ បង​ប្អូន​ឯ​ទៀត​នឹង​ចូល​រួម ទោះ​ជា​មាន​ការ​ប្រឆាំង​ក្ដី។ រីឯ​បង​ប្អូន​ខ្លះ​ទៀត​នឹង​ធ្វើ​ពិធី​រំលឹក​នៅ​ក្នុង​គុក។ កាល​ដែល​ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​ក្រុម​គ្រួសារ​របស់​ព្រះ​ផ្នែក​នៅ​ស្ថាន​សួគ៌​មើល​ពី​លើ សូម​ឲ្យ​ក្រុម​ជំនុំ​ទាំង​អស់ ក្រុម​នីមួយ​ៗ និង​បុគ្គល​ម្នាក់​ៗ​ធ្វើ​ពិធី​រំលឹក​ដោយ​អរ​សប្បាយ!

ចម្រៀង​លេខ​១៥០ ចូរ​ស្វែង​រក​សេចក្ដី​សង្គ្រោះ​ពី​ព្រះ

^ វគ្គ 5 ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២១ គឺ​ជា​ថ្ងៃ​ដ៏​ពិសេស​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា។ នៅ​ល្ងាច​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត។ បុគ្គល​ភាគ​ច្រើន​ដែល​ចូល​រួម​ពិធី​នោះ​ជា​សមាជិក​ក្រុម​មួយ​ដែល​លោក​យេស៊ូ​បាន​ហៅ​ថា​«​ចៀម​ឯ​ទៀត​»។ តើ​ការ​យល់​ដឹង​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​អ្វី​អំពី​ក្រុម​នោះ បាន​ត្រូវ​ប្រកាស​នៅ​ឆ្នាំ​១៩៣៥? តើ​ចៀម​ឯ​ទៀត​មាន​សេចក្ដី​សង្ឃឹម​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​អ្វី​ដែល​នឹង​កើត​ឡើង​ក្រោយ​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង? តើ​ចៀម​ឯ​ទៀត​អាច​សរសើរ​ព្រះ​និង​គ្រិស្ត​យ៉ាង​ដូច​ម្ដេច ពេល​ពួក​គេ​ចូល​រួម​ពិធី​រំលឹក?

^ វគ្គ 2 ការ​ពន្យល់​ពាក្យ: ចៀម​ឯ​ទៀត​រួម​បញ្ចូល​ពួក​អ្នក​ដែល​បាន​ត្រូវ​ប្រមូល​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់។ ពួក​គេ​ទៅ​តាម​គ្រិស្ត ហើយ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​លើ​ផែនដី។ មនុស្ស​មួយ​ក្រុម​ធំ​គឺ​ជា​បុគ្គល​ក្នុង​ចំណោម​ចៀម​ឯ​ទៀត​ដែល​នៅ​រស់ ពេល​លោក​យេស៊ូ​គ្រិស្ត​វិនិច្ឆ័យ​មនុស្សជាតិ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង ហើយ​ក៏​ជា​បុគ្គល​ដែល​រួច​ជីវិត​ពី​គ្រា​ទុក្ខ​វេទនា​នោះ។