លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២

មេរៀនពីជីវិតរបស់«អ្នកកាន់តាមដែលលោកយេស៊ូធ្លាប់ស្រឡាញ់»

មេរៀនពីជីវិតរបស់«អ្នកកាន់តាមដែលលោកយេស៊ូធ្លាប់ស្រឡាញ់»

​«​យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច ពី​ព្រោះ​សេចក្ដី​ស្រឡាញ់​គឺ​មក​ពី​ព្រះ​»។—១យ៉ូន. ៤:៧

ចម្រៀង​លេខ​១០៥ ​«​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»​

សេចក្ដី​សង្ខេប *

១. តើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»។ (​១យ៉ូន. ៤:៨​) នេះ​រំលឹក​យើង​អំពី​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ​គឺ​ថា ព្រះ​ដែល​ជា​ប្រភព​នៃ​ជីវិត​ក៏​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់​ដែរ។ ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង! សេចក្ដី​ស្រឡាញ់​របស់​លោក​ធ្វើ​ឲ្យ​យើង​សប្បាយ កក់​ក្ដៅ និង​ស្កប់​ចិត្ត។

២. តើ​បញ្ញត្តិ​ដ៏​សំខាន់​បំផុត​ពីរ​នៅ​ម៉ាថាយ ២២:៣៧​-​៤០​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​យើង​ប្រហែល​ជា​ពិបាក​ធ្វើ​តាម​បញ្ញត្តិ​ទី​២?

គ្រិស្ត​សាសនិក​មិន​អាច​សម្រេច​ចិត្ត​ថា​ពួក​គេ​នឹង​បង្ហាញ​ឬ​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​ទេ។ នេះ​គឺ​ជា​បញ្ញត្តិ​មួយ។ (​សូម​អាន ម៉ាថាយ ២២:៣៧​-​៤០) ពេល​យើង​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់ យើង​ប្រហែល​ជា​ស្រួល​ធ្វើ​តាម​បញ្ញត្តិ​ទី​១។ នេះ​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​ល្អ​ឥត​ខ្ចោះ យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង និង​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​យើង។ ប៉ុន្តែ យើង​ប្រហែល​ជា​ពិបាក​ធ្វើ​តាម​បញ្ញត្តិ​ទី​២។ ហេតុ​អ្វី? ពី​ព្រោះ​បង​ប្អូន​រួម​ជំនឿ​ដែល​ជា​អ្នក​ជិត​ខាង​ដ៏​ជិត​ស្និទ្ធ​របស់​យើង ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ ជួន​កាល​ពួក​គេ​ប្រហែល​ជា​និយាយ​ឬ​ធ្វើ​អ្វី​ដែល​យើង​គិត​ថា​មិន​សប្បុរស និង​មិន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។ ដោយ​សារ​ព្រះ​យេហូវ៉ា​ដឹង​ថា​យើង​ពិបាក​ធ្វើ​តាម​បញ្ញត្តិ​ទី​២​នោះ លោក​បាន​ដឹក​នាំ​អ្នក​សរសេរ​គម្ពីរ​មួយ​ចំនួន​ដូច​ជា​យ៉ូហាន ឲ្យ​សរសេរ​យោបល់​អំពី​មូលហេតុ​និង​របៀប​ដែល​យើង​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។—១យ៉ូន. ៣:១១, ១២

៣. តើ​យ៉ូហាន​បាន​បញ្ជាក់​អំពី​អ្វី?

ក្នុង​សៀវភៅ​ដែល​យ៉ូហាន​បាន​សរសេរ គាត់​បញ្ជាក់​ថា​គ្រិស្ត​សាសនិក​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ តាម​ការ​ពិត ទោះ​ជា​យក​ពាក្យ​«​ស្រឡាញ់​»​ពី​សៀវភៅ​ដំណឹង​ល្អ​បី​ទៀត​បូក​បញ្ចូល​គ្នា​ក៏​ដោយ ពាក្យ​នោះ​នៅ​តែ​តិច​ជាង​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ដែល​រៀប​រាប់​ដោយ​យ៉ូហាន។ យ៉ូហាន​មាន​អាយុ​ប្រហែល​ជា​មួយ​រយ​ឆ្នាំ ពេល​គាត់​សរសេរ​សៀវភៅ​ដំណឹង​ល្អ និង​សំបុត្រ​ទាំង​បី​របស់​គាត់។ សៀវភៅ​ទាំង​នោះ​បង្ហាញ​ថា​អ្វី​ៗ​ទាំង​អស់​ដែល​គ្រិស្ត​សាសនិក​ធ្វើ​ត្រូវ​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់។ (​១យ៉ូន. ៤:១០, ១១​) ប៉ុន្តែ គឺ​ត្រូវ​ការ​ពេល​ដើម្បី​ឲ្យ​យ៉ូហាន​រៀន​មេ​រៀន​នេះ។

៤. តើ​យ៉ូហាន​តែង​តែ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត​ឬ​ទេ?

យ៉ូហាន​មិន​តែង​តែ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាំង​ពី​គាត់​នៅ​វ័យ​ក្មេង​នោះ​ទេ។ ជា​ឧទាហរណ៍ នៅ​ពេល​មួយ​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ដោយ​ឆ្លង​កាត់​ស្រុក​សាម៉ារី។ ជន​ជាតិ​សាម៉ារី​នៅ​ភូមិ​មួយ​មិន​ព្រម​ទទួល​ស្វាគមន៍​ពួក​គេ​ទេ។ តើ​យ៉ូហាន​មាន​ប្រតិកម្ម​យ៉ាង​ណា? គាត់​បាន​សួរ​លោក​យេស៊ូ​ថា តើ​ចង់​ឲ្យ​ហៅ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បំផ្លាញ​មនុស្ស​ទាំង​អស់​នៅ​ភូមិ​នោះ​ឬ​ទេ? (​លូក. ៩:៥២​-​៥៦​) នៅ​ពេល​មួយ​ទៀត​យ៉ូហាន​មិន​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​សាវ័ក​ឯ​ទៀត​ទេ។ តាម​មើល​ទៅ គាត់​និង​បង​ប្រុស​របស់​គាត់​យ៉ាកុប​បាន​ពឹង​ម្ដាយ​ឲ្យ​ជួយ​សុំ​លោក​យេស៊ូ​ផ្ដល់​ឋានៈ​ពិសេស​ដល់​ពួក​គាត់​ក្បែរ​លោក​ក្នុង​រាជាណាចក្រ។ ពេល​សាវ័ក​ឯ​ទៀត​ដឹង​អំពី​អ្វី​ដែល​យ៉ាកុប​និង​យ៉ូហាន​បាន​ធ្វើ ពួក​គេ​ខឹង​យ៉ាង​ខ្លាំង! (​ម៉ាថ. ២០:២០, ២១, ២៤​) ទោះ​ជា​យ៉ូហាន​ធ្វើ​ខុស​ទាំង​នោះ​ក្ដី លោក​យេស៊ូ​នៅ​តែ​ស្រឡាញ់​គាត់។—យ៉ូន. ២១:៧

៥. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​គំរូ​របស់​យ៉ូហាន និង​អ្វី​ខ្លះ​ដែល​គាត់​បាន​សរសេរ​អំពី​សេចក្ដី​ស្រឡាញ់។ កាល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​រៀន​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​របស់​យើង។ យើង​ក៏​នឹង​រៀន​អំពី​របៀប​ដ៏​សំខាន់​មួយ​ដែល​ប្រមុខ​គ្រួសារ​អាច​បង្ហាញ​ថា​គាត់​ស្រឡាញ់​ក្រុម​គ្រួសារ​របស់​គាត់។

សេចក្ដី​ស្រឡាញ់​ស​ឲ្យ​ឃើញ​តាម​រយៈ​ការ​ប្រព្រឹត្ត

ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ដោយ​ចាត់​បុត្រ​របស់​លោក​ឲ្យ​មក​ផែនដី ហើយ​ស្លាប់​ដើម្បី​យើង (​សូម​មើល​វគ្គ​៦​-​៧​)

៦. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​តាម​របៀប​ណា​ខ្លះ?

យើង​ប្រហែល​ជា​គិត​ថា​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត​គឺ​នៅ​ក្នុង​ចិត្ត ឬ​គ្រាន់​តែ​ជា​ពាក្យ​ល្អ​ដែល​យើង​និយាយ​ទៅ​កាន់​ពួក​គេ។ ប៉ុន្តែ បើ​យើង​ពិត​ជា​ស្រឡាញ់​ពួក​គេ យើង​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​ដោយ​ការ​ប្រព្រឹត្ត។ (​សូម​ពិនិត្យ​បន្ថែម​យ៉ាកុប ២:១៧, ២៦​) ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង។ (​១យ៉ូន. ៤:១៩​) លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក​តាម​រយៈ​ពាក្យ​ដ៏​ពីរោះ​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។ (​ទំនុក. ១៤៦:៨; រ៉ូម ៨:៣៨, ៣៩​) ប៉ុន្តែ យើង​ជឿ​ជាក់​ថា​ព្រះ​ស្រឡាញ់​យើង​មិន​គ្រាន់​តែ​ដោយ​សារ​ពាក្យ​សម្ដី​របស់​លោក​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​លោក​ផង​ដែរ។ យ៉ូហាន​បាន​សរសេរ​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ត្រូវ​សម្ដែង​ចំពោះ​យើង ពី​ព្រោះ​ព្រះ​បាន​ចាត់​បុត្រ​តែ​មួយ​របស់​លោក​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​ឲ្យ​យើង​អាច​បាន​ជីវិត​តាម​រយៈ​បុត្រ​នោះ​»។ (​១យ៉ូន. ៤:៩​) ព្រះ​យេហូវ៉ា​ឲ្យ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​រង​ទុក្ខ​និង​ស្លាប់​ដើម្បី​យើង។ (​យ៉ូន. ៣:១៦​) ដូច្នេះ យើង​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង។

៧. តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​យើង?

លោក​យេស៊ូ​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​អ្នក​កាន់​តាម​លោក​ថា​លោក​ស្រឡាញ់​ពួក​គេ។ (​យ៉ូន. ១៣:១; ១៥:១៥​) លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ពួក​គេ​និង​ចំពោះ​យើង មិន​គ្រាន់​តែ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​លោក​ផង​ដែរ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង​អ្នក​ដែល​លះ​បង់​ជីវិត​ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​ឡើយ​»។ (​យ៉ូន. ១៥:១៣​) តើ​ការ​គិត​ពិចារណា​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ធ្វើ​សម្រាប់​យើង​គួរ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

៨. តើ​យ៉ូហាន​ទី​១ ៣:១៨​ចែង​ថា​យើង​គួរ​ធ្វើ​អ្វី?

យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ដោយ​ស្ដាប់​បង្គាប់​លោក​ទាំង​ពីរ។ (​យ៉ូន. ១៤:១៥; ១យ៉ូន. ៥:៣​) លោក​យេស៊ូ​បាន​បង្គាប់​យើង​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ (​យ៉ូន. ១៣:៣៤, ៣៥​) យើង​មិន​គ្រាន់​តែ​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​របស់​យើង​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​ដោយ​ការ​ប្រព្រឹត្ត​របស់​យើង​ដែរ។ (​សូម​អាន យ៉ូហាន​ទី​១ ៣:១៨) តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គេ?

ចូរ​ស្រឡាញ់​បង​ប្អូន

៩. តើ​សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​យ៉ូហាន​ឲ្យ​ធ្វើ​អ្វី?

ក្រោយ​ពី​យ៉ូហាន​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ គាត់​អាច​បន្ត​នៅ​ជា​មួយ​ឪពុក​គាត់​និង​ប្រកប​មុខ​របរ​របស់​គាត់​ជា​អ្នក​នេសាទ​ត្រី​ជា​មួយ​ក្រុម​គ្រួសារ។ ប៉ុន្តែ គាត់​បាន​សម្រេច​ចិត្ត​ថា​អស់​មួយ​ជីវិត​ត​ទៅ គាត់​នឹង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ គាត់​មិន​បាន​ជ្រើស​រើស​ជីវិត​ស្រួល​ទេ។ គាត់​បាន​ត្រូវ​គេ​បៀត​បៀន ហើយ​នៅ​ចុង​សតវត្សរ៍​ទី​១​ពេល​គាត់​មាន​វ័យ​ចាស់ គាត់​បាន​ត្រូវ​គេ​និរទេស។ (​សកម្ម. ៣:១; ៤:១​-​៣; ៥:១៨; បប. ១:៩​) សូម្បី​តែ​ពេល​យ៉ូហាន​ជាប់​ឃុំ​ដោយ​សារ​ផ្សព្វ​ផ្សាយ​អំពី​លោក​យេស៊ូ ក៏​គាត់​បង្ហាញ​ថា​គាត់​គិត​អំពី​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ ពេល​គាត់​នៅ​កោះ​ប៉ាត់ម៉ុស គាត់​បាន​កត់​ទុក​អំពី​ការ​បើក​បង្ហាញ​ដែល​គាត់​បាន​ទទួល ហើយ​បាន​ផ្ញើ​សៀវភៅ​នោះ​ទៅ​ក្រុម​ជំនុំ​នានា​ដើម្បី​ឲ្យ​ពួក​គេ​ដឹង​អំពី​«​អ្វី​ដែល​ត្រូវ​កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​»។ (​បប. ១:១​) រួច​មក ទំនង​ជា​ក្រោយ​ពី​គាត់​បាន​ត្រូវ​ដោះ​លែង​ពី​កោះ​ប៉ាត់ម៉ុស យ៉ូហាន​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​មួយ​អំពី​ជីវិត​និង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ។ គាត់​ក៏​បាន​សរសេរ​សំបុត្រ​បី​ដែរ ដើម្បី​លើក​ទឹក​ចិត្ត​និង​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន។ តើ​អ្នក​អាច​មាន​របៀប​រស់​នៅ​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ដូច​យ៉ូហាន​តាម​របៀប​ណា?

១០. តើ​អ្នក​អាច​បង្ហាញ​យ៉ាង​ណា​ថា​អ្នក​ស្រឡាញ់​មនុស្ស?

១០ អ្នក​អាច​បង្ហាញ​ថា​អ្នក​ស្រឡាញ់​មនុស្ស​តាម​របៀប​ដែល​អ្នក​ប្រើ​ជីវិត​របស់​ខ្លួន។ របៀប​របប​ពិភព​លោក​សាថាន​ចង់​ឲ្យ​អ្នក​ចំណាយ​ពេល​និង​កម្លាំង​ទាំង​អស់​របស់​អ្នក​ដើម្បី​ខ្លួន​ឯង រក​លុយ ឬ​ធ្វើ​ឲ្យ​ខ្លួន​មាន​មុខ​មាត់។ ផ្ទុយ​ទៅ​វិញ អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​នៅ​ទូទាំង​ពិភព​លោក​លះ​បង់​ប្រយោជន៍​ខ្លួន ដោយ​ចំណាយ​ពេល​ច្រើន​បំផុត​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ និង​ជួយ​មនុស្ស​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ បង​ប្អូន​ខ្លះ​ថែម​ទាំង​អាច​ផ្សព្វ​ផ្សាយ​និង​បង្រៀន​ពេញ​ពេល។

យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​តាម​រយៈ​អ្វី​ដែល​យើង​ធ្វើ​ចំពោះ​បង​ប្អូន​និង​ក្រុម​គ្រួសារ​របស់​យើង(​សូម​មើល​វគ្គ​១១, ១៧​) *

១១. តើ​បង​ប្អូន​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​ឯ​ទៀត?

១១ គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​ត្រូវ​ធ្វើ​ការ​ពេញ​ពេល​ដើម្បី​ផ្គត់​ផ្គង់​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​ផ្សព្វ​ផ្សាយ​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ គាំទ្រ​អង្គការ​របស់​ព្រះ​តាម​របៀប​ណា​ក៏​ដោយ​ដែល​ពួក​គេ​អាច​ធ្វើ​បាន។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​អាច​ផ្ដល់​ជំនួយ​ជា​បន្ទាន់​ពេល​មាន​មហន្តរាយ។ អ្នក​ខ្លះ​ទៀត​ជួយ​ខាង​សាង​សង់ ហើយ​បង​ប្អូន​ទាំង​អស់​គ្នា​មាន​ឱកាស​ធ្វើ​វិភាគទាន​ដើម្បី​គាំទ្រ​កិច្ច​ការ​ទូទាំង​ពិភព​លោក។ ពួក​គេ​ធ្វើ​អ្វី​ទាំង​នេះ​ដោយ​សារ​ពួក​គេ​ស្រឡាញ់​ព្រះ​និង​អ្នក​ឯ​ទៀត។ រាល់​សប្ដាហ៍​យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​បង​ប្អូន​របស់​យើង​ដោយ​ចូល​រួម​និង​មាន​ចំណែក​ក្នុង​កិច្ច​ប្រជុំ។ ទោះ​ជា​យើង​ប្រហែល​ជា​អស់​កម្លាំង​ក្ដី យើង​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​នោះ។ ថ្វី​បើ​យើង​ប្រហែល​ជា​ភ័យ​ក៏​ដោយ យើង​នៅ​តែ​លើក​ដៃ​ឆ្លើយ។ ម្យ៉ាង​ទៀត ទោះ​បី​ជា​យើង​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ក្ដី យើង​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​មុន​ឬ​ក្រោយ​កិច្ច​ប្រជុំ។ (​ហេ. ១០:២៤, ២៥​) យើង​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​កិច្ចការ​ដែល​បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​យើង​ធ្វើ។

១២. តើ​យ៉ូហាន​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​តាម​របៀប​ណា​ទៀត?

១២ យ៉ូហាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​បង​ប្អូន មិន​គ្រាន់​ដោយ​សរសើរ​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​ដោយ​ឲ្យ​យោបល់​ពួក​គេ​ផង​ដែរ។ ជា​ឧទាហរណ៍ ក្នុង​សំបុត្រ​របស់​គាត់ យ៉ូហាន​បាន​សរសើរ​បង​ប្អូន​ចំពោះ​ជំនឿ និង​កិច្ច​ការ​ល្អ​របស់​ពួក​គេ តែ​គាត់​ក៏​បាន​ឲ្យ​យោបល់​ចំ​ៗ​អំពី​ការ​ខុស​ឆ្គង​ផង​ដែរ។ (​១យ៉ូន. ១:៨–២:១, ១៣, ១៤​) ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​សរសើរ​បង​ប្អូន​ចំពោះ​អ្វី​ល្អ​ៗ​ដែល​ពួក​គេ​ធ្វើ។ ប៉ុន្តែ បើ​បង​ប្អូន​ណា​ម្នាក់​ចាប់​ផ្ដើម​មាន​ចិត្ត​គំនិត​ឬ​ទម្លាប់​មិន​ល្អ យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់​ដោយ​ប្រាប់​គាត់​យ៉ាង​សប្បុរស​អំពី​បញ្ហា​នោះ។ យើង​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​ឲ្យ​យោបល់​ដល់​មិត្ត​ភក្ដិ ប៉ុន្តែ​គម្ពីរ​ចែង​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​ធ្វើ​ដូច្នេះ គឺ​ដោយ​សារ​មិត្ត​ពិត​ធ្វើ​ឲ្យ​មិត្ត​ខ្លួន​មុត​ស្រួច ឬ​កែ​តម្រង់​គ្នា​ទៅ​វិញ​ទៅ​មក។—សុភ. ២៧:១៧

១៣. តើ​យើង​គួរ​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី?

១៣ ជួន​កាល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បង​ប្អូន​ពេល​យើង​មិន​ធ្វើ​អ្វី​មួយ​ចំនួន។ ជា​ឧទាហរណ៍ យើង​មិន​ឆាប់​ទើស​ចិត្ត​ចំពោះ​អ្វី​ដែល​ពួក​គេ​និយាយ​ទេ។ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ជិត​ទី​បញ្ចប់​នៃ​ជីវិត​របស់​លោក​យេស៊ូ​លើ​ផែនដី។ លោក​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា ដើម្បី​បាន​ជីវិត​ពួក​គេ​ត្រូវ​បរិភោគ​សាច់​និង​ផឹក​ឈាម​របស់​លោក។ (​យ៉ូន. ៦:៥៣​-​៥៧​) ពាក្យ​សម្ដី​នោះ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ទាស់​ចិត្ត​រហូត​ដល់​អ្នក​កាន់​តាម​ជា​ច្រើន​បោះ​បង់​លោក។ ប៉ុន្តែ​មិត្ត​ពិត​របស់​លោក រួម​ទាំង​យ៉ូហាន មិន​បាន​ធ្វើ​ដូច្នេះ​ទេ។ ពួក​គេ​នៅ​ជាប់​ជា​មួយ​លោក​យេស៊ូ​យ៉ាង​ស្មោះ​ត្រង់។ ពួក​គេ​មិន​យល់​ពាក្យ​សម្ដី​របស់​លោក​យេស៊ូ​ទេ ហើយ​ពួក​គេ​ទំនង​ជា​ភ្ញាក់​ផ្អើល​ចំពោះ​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍។ ប៉ុន្តែ មិត្ត​សម្លាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​យេស៊ូ មិន​បាន​សន្និដ្ឋាន​ថា​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​គឺ​ខុស ហើយ​ទើស​ចិត្ត​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ទុក​ចិត្ត​លោក ដោយ​សារ​ពួក​គេ​ដឹង​ថា​លោក​តែង​តែ​និយាយ​សេចក្ដី​ពិត។ (​យ៉ូន. ៦:៦០, ៦៦​-​៦៩​) គឺ​សំខាន់​ណាស់​ដែល​យើង​មិន​ឆាប់​ទើស​ចិត្ត​ចំពោះ​អ្វី​ដែល​មិត្ត​របស់​យើង​និយាយ! តែ​យើង​ទុក​ឱកាស​ឲ្យ​ពួក​គេ​ពន្យល់​អំពី​អ្វី​ដែល​យើង​បាន​យល់​ច្រឡំ។—សុភ. ១៨:១៣; សាស្ដ. ៧:៩

១៤. ហេតុ​អ្វី​យើង​មិន​គួរ​ស្អប់​បង​ប្អូន​របស់​យើង?

១៤ យ៉ូហាន​ក៏​បាន​លើក​ទឹក​ចិត្ត​យើង​មិន​ឲ្យ​ស្អប់​បង​ប្អូន​របស់​យើង​ដែរ។ បើ​យើង​មិន​ធ្វើ​តាម​យោបល់​នោះ សាថាន​អាច​មាន​ឥទ្ធិពល​មក​លើ​យើង។ (​១យ៉ូន. ២:១១; ៣:១៥​) នេះ​បាន​កើត​ឡើង​ដល់​អ្នក​ខ្លះ​នៅ​ចុង​សតវត្សរ៍​ទី​១ គ.ស.។ នៅ​ពេល​នោះ សាថាន​ខំ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ​ស្អប់​គ្នា​និង​បែក​បាក់​គ្នា។ ពេល​យ៉ូហាន​បាន​សរសេរ​សំបុត្រ​របស់​គាត់ បុរស​ដែល​មាន​ចិត្ត​គំនិត​ដូច​សាថាន​បាន​ចូល​ក្នុង​ក្រុម​ជំនុំ។ ជា​ឧទាហរណ៍ ឌីអូត្រែប​បាន​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា​ក្នុង​ក្រុម​ជំនុំ​មួយ។ (​៣យ៉ូន. ៩, ១០​) គាត់​មិន​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​អ្នក​ធ្វើ​ដំណើរ​ជា​តំណាង​គណៈ​អភិបាល​ទេ។ គាត់​ថែម​ទាំង​ព្យាយាម​បណ្ដេញ​ពួក​អ្នក​ដែល​ទទួល​ស្វាគមន៍​បុគ្គល​ដែល​គាត់​មិន​ចូល​ចិត្ត ចេញ​ពី​ក្រុម​ជំនុំ។ នោះ​ពិត​ជា​អាក្រក់​ណាស់! សាថាន​នៅ​តែ​ខំ​ព្យាយាម​បំបាក់​បំបែក​និង​យក​ឈ្នះ​រាស្ត្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ។ សូម​កុំ​ឲ្យ​យើង​ស្អប់​បង​ប្អូន​របស់​យើង​និង​លែង​គាំទ្រ​ពួក​គេ​ឡើយ។

ចូរ​ស្រឡាញ់​ក្រុម​គ្រួសារ

លោក​យេស៊ូ​បាន​សុំ​យ៉ូហាន​ឲ្យ​មើល​ថែ​ម្ដាយ​របស់​លោក ហើយ​បន្ត​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា។ នៅ​សព្វ​ថ្ងៃ​នេះ ប្រមុខ​គ្រួសារ​ត្រូវ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ (​សូម​មើល​វគ្គ​១៥​-​១៦​)

១៥. តើ​ប្រមុខ​គ្រួសារ​ត្រូវ​ចាំ​អំពី​អ្វី?

១៥ របៀប​ដ៏​សំខាន់​មួយ​ដែល​ប្រមុខ​គ្រួសារ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ក្រុម​គ្រួសារ​គាត់ គឺ​ដោយ​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ (​១ធី. ៥:៨​) ប៉ុន្តែ គាត់​ត្រូវ​ចាំ​ថា​ការ​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​គឺ​សំខាន់​ជាង​នេះ​ឆ្ងាយ​ណាស់។ (​ម៉ាថ. ៥:៣​) សូម​គិត​អំពី​គំរូ​ដែល​លោក​យេស៊ូ​បាន​ទុក​ឲ្យ​ប្រមុខ​គ្រួសារ។ យោង​ទៅ​តាម​សៀវភៅ​ដំណឹង​ល្អ​ដែល​រៀប​រាប់​ដោយ​យ៉ូហាន ពេល​លោក​យេស៊ូ​ជិត​ស្លាប់​នៅ​លើ​បង្គោល​ទារុណកម្ម លោក​នៅ​តែ​គិត​អំពី​ក្រុម​គ្រួសារ​របស់​លោក។ នៅ​ពេល​នោះ យ៉ូហាន​ឈរ​នៅ​ក្បែរ​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​លោក​យេស៊ូ នៅ​កន្លែង​ដែល​គេ​ប្រហារ​ជីវិត​លោក។ ទោះ​ជា​លោក​យេស៊ូ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ក្ដី លោក​បាន​សុំ​យ៉ូហាន​ឲ្យ​មើល​ថែ​ម៉ារៀ។ (​យ៉ូន. ១៩:២៦, ២៧​) បង​ប្អូន​របស់​លោក​យេស៊ូ​ទំនង​ជា​អាច​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ម៉ារៀ ប៉ុន្តែ​តាម​មើល​ទៅ​គ្មាន​ប្អូន​ៗ​ណា​ម្នាក់​របស់​លោក​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក​នៅ​ពេល​នោះ​ទេ។ ដូច្នេះ លោក​យេស៊ូ​ចង់​ប្រាកដ​ថា​មាន​អ្នក​ណា​ម្នាក់​ដែល​នឹង​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ម៉ារៀ និង​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា។

១៦. តើ​យ៉ូហាន​មាន​ភារកិច្ច​អ្វី​ខ្លះ?

១៦ តើ​យ៉ូហាន​មាន​ភារកិច្ច​អ្វី​ខ្លះ? គាត់​មាន​ភារកិច្ច​ជា​ច្រើន។ ក្នុង​នាម​ជា​សាវ័ក​ម្នាក់ គាត់​នៅ​ក្នុង​ចំណោម​ពួក​អ្នក​នាំ​មុខ​កិច្ច​បម្រើ​ផ្សាយ។ គាត់​ក៏​ប្រហែល​ជា​មាន​ប្រពន្ធ​ដែរ ដូច្នេះ​គាត់​ត្រូវ​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ ព្រម​ទាំង​ជួយ​ពួក​គេ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ។ (​១កូ. ៩:៥​) តើ​ប្រមុខ​គ្រួសារ​នៅ​សព្វ​ថ្ងៃ​នេះ​អាច​រៀន​អ្វី​ពី​គាត់?

១៧. ហេតុ​អ្វី​គឺ​សំខាន់​ដែល​ប្រមុខ​គ្រួសារ​ជួយ​ក្រុម​គ្រួសារ​របស់​គាត់​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ?

១៧ បង​ប្រុស​ម្នាក់​ដែល​ជា​ប្រមុខ​គ្រួសារ​ប្រហែល​ជា​មាន​ភារកិច្ច​សំខាន់​ៗ​ជា​ច្រើន។ ជា​ឧទាហរណ៍ គាត់​ត្រូវ​មាន​ភាព​ឧស្សាហ៍​នៅ​កន្លែង​ធ្វើ​ការ ដើម្បី​ឲ្យ​ការ​ប្រព្រឹត្ត​របស់​គាត់​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ។ (​អេភ. ៦:៥, ៦; ទីត. ២:៩, ១០​) គាត់​ក៏​ប្រហែល​ជា​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ដូច្នេះ​គាត់​មាន​ភារកិច្ច​លើក​ទឹក​ចិត្ត​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន ហើយ​នាំ​មុខ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ម្យ៉ាង​ទៀត គឺ​សំខាន់​ដែល​គាត់​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់​ជា​មួយ​ប្រពន្ធ​និង​កូន។ ពួក​គេ​នឹង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​ធ្វើ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​មាន​សុខភាព​ល្អ មាន​សុភមង្គល និង​បន្ត​បម្រើ​ព្រះ​យេហូវ៉ា។—អេភ. ៥:២៨, ២៩; ៦:៤

​«​ចូរ​រក្សា​ខ្លួន​ជា​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​»​

១៨. តើ​យ៉ូហាន​ជឿ​ជាក់​អំពី​អ្វី?

១៨ យ៉ូហាន​មាន​ជីវិត​ដ៏​យូរ​អង្វែង និង​មាន​បទ​ពិសោធន៍​ជា​ច្រើន​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត។ គាត់​ក៏​មាន​ការ​ពិបាក​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ជំនឿ​របស់​គាត់​ចុះ​ខ្សោយ​ដែរ។ ប៉ុន្តែ គាត់​តែង​តែ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​កាន់​តាម​បង្គាប់​របស់​លោក​យេស៊ូ រួម​ទាំង​បញ្ញត្តិ​របស់​លោក​ដែល​ឲ្យ​ស្រឡាញ់​បង​ប្អូន។ ជា​លទ្ធផល យ៉ូហាន​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ស្រឡាញ់​គាត់ ហើយ​ថា​លោក​ទាំង​ពីរ​នឹង​ផ្ដល់​កម្លាំង​ឲ្យ​គាត់​យក​ឈ្នះ​ទុក្ខ​លំបាក​ណា​ក៏​ដោយ។ (​យ៉ូន. ១៤:១៥​-​១៧; ១៥:១០; ១យ៉ូន. ៤:១៦​) សាថាន​និង​ពិភព​លោក​របស់​វា​មិន​អាច​បញ្ឈប់​យ៉ូហាន​ពី​ការ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​បាន​ទេ ហើយ​ក៏​មិន​អាច​បញ្ឈប់​គាត់​ពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​គាត់។

១៩. តើ​យ៉ូហាន​ទី​១ ៤:៧​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

១៩ ដូច​យ៉ូហាន យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​នៅ​ក្រោម​អំណាច​របស់​សាថាន ជា​ព្រះ​ដ៏​អាក្រក់​នៃ​របៀប​របប​ពិភព​លោក​នេះ។ (​១យ៉ូន. ៣:១, ១០​) ទោះ​ជា​វា​ចង់​ឲ្យ​យើង​ឈប់​ស្រឡាញ់​បង​ប្អូន​របស់​យើង​ក្ដី នេះ​មិន​អាច​កើត​ឡើង​បាន​ទេ លុះ​ត្រា​តែ​យើង​អនុញ្ញាត​ឲ្យ​នេះ​កើត​ឡើង។ សូម​ឲ្យ​យើង​តាំង​ចិត្ត​ស្រឡាញ់​បង​ប្អូន​របស់​យើង ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​តាម​រយៈ​ពាក្យ​សម្ដី​នឹង​ការ​ប្រព្រឹត្ត​របស់​យើង។ យ៉ាង​នេះ យើង​នឹង​មាន​អំណរ​ដែល​មក​ពី​ការ​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា ហើយ​មាន​សុភមង្គល​ក្នុង​ជីវិត។—សូម​អាន យ៉ូហាន​ទី​១ ៤:៧

ចម្រៀង​លេខ​៨៨ សូម​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ​របស់​លោក

^ វគ្គ 5 សាវ័ក​យ៉ូហាន​ទំនង​ជា​បុគ្គល​ដែល​បាន​ត្រូវ​ហៅ​ថា ​«​អ្នក​កាន់​តាម​ដែល​លោក​យេស៊ូ​ធ្លាប់​ស្រឡាញ់​»។ (​យ៉ូន. ២១:៧​) ដូច្នេះ សូម្បី​តែ​ពេល​គាត់​នៅ​ក្មេង ក៏​គាត់​ទំនង​ជា​មាន​គុណ​សម្បត្តិ​ជា​ច្រើន​ដែល​គួរ​ឲ្យ​សរសើរ។ ក្រោយ​មក ពេល​គាត់​ចាស់ ព្រះ​យេហូវ៉ា​បាន​ប្រើ​គាត់​ឲ្យ​សរសេរ​ច្រើន​អំពី​សេចក្ដី​ស្រឡាញ់។ ក្នុង​អត្ថបទ​នេះ យើង​នឹង​មើល​អ្វី​ខ្លះ​ដែល​យ៉ូហាន​បាន​សរសេរ និង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​គាត់។

^ វគ្គ 59 ការ​ពណ៌នា​អំពី​រូប​ភាព: ប្រមុខ​គ្រួសារ​ម្នាក់​ជាប់​រវល់​ក្នុង​ការ​ចូល​រួម​ផ្ដល់​ជំនួយ​ជា​បន្ទាន់​ពេល​មាន​មហន្តរាយ គាំទ្រ​កិច្ច​ការ​ទូទាំង​ពិភព​លោក​ដោយ​ធ្វើ​វិភាគទាន និង​អញ្ជើញ​បង​ប្អូន​ឯ​ទៀត​ឲ្យ​ចូល​រួម​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​មួយ​គាត់​និង​ប្រពន្ធ​កូន។