អត្ថបទសិក្សា ១
ចូរជឿជាក់ថា‹ប្រសាសន៍របស់ព្រះជាសេចក្ដីពិត›
បទគម្ពីរប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២៣គឺ៖ «ប្រសាសន៍របស់លោកជាសេចក្ដីពិតទាំងស្រុង»។—ចសព. ១១៩:១៦០
ចម្រៀងលេខ៩៦ សៀវភៅរបស់ព្រះជាសម្បត្តិវិសេស
សេចក្ដីសង្ខេប a
១. ហេតុអ្វីមនុស្សជាច្រើននៅសព្វថ្ងៃនេះមិនទុកចិត្តគម្ពីរ?
មនុស្សជាច្រើននៅសព្វថ្ងៃនេះមិនដឹងថាពួកគេអាចទុកចិត្តអ្នកណាបានទេ។ ពួកគេឆ្ងល់ថាតើមនុស្សដែលពួកគេគោរព ដូចជាអ្នកនយោបាយ អ្នកវិទ្យាសាស្ត្រ ឬអ្នកជំនួញតែងតែធ្វើអ្វីដែលល្អបំផុតសម្រាប់ពួកគេឬយ៉ាងណា។ បន្ថែមទៅទៀត ពួកគេមិនគោរពអ្នកដឹកនាំខាងសាសនាគ្រិស្តនោះទេ។ ដូច្នេះ យើងមិនភ្ញាក់ផ្អើលទេ ដែលពួកគេមិនទុកចិត្តគម្ពីរជាសៀវភៅដែលអ្នកដឹកនាំសាសនាទាំងនោះអះអាងថាពួកគេធ្វើតាម។
២. យោងទៅតាមចម្រៀងសរសើរព្រះ ១១៩:១៦០ តើយើងត្រូវជឿជាក់អំពីអ្វី?
២ ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា យើងជឿជាក់ថាលោកជា«ព្រះនៃសេចក្ដីពិត» ហើយថាលោកតែងតែចង់ឲ្យយើងទទួលប្រយោជន៍ច្រើនបំផុត។ (ចសព. ៣១:៥; អេ. ៤៨:១៧) យើងដឹងថាយើងអាចទុកចិត្តអ្វីដែលយើងអានក្នុងគម្ពីរ ពោលគឺ«ប្រសាសន៍របស់[ព្រះ]ជាសេចក្ដីពិតទាំងស្រុង»។ (សូមអាន ចម្រៀងសរសើរព្រះ ១១៩:១៦០) យើងយល់ស្របនឹងអ្វីដែលបណ្ឌិតម្នាក់ខាងគម្ពីរបានសរសេរថា៖ «ប្រសាសន៍របស់ព្រះមិនដែលក្លែងក្លាយ ឬមិនកើតឡើងឡើយ។ រាស្ត្រព្រះអាចទុកចិត្តប្រសាសន៍របស់លោក ដោយសារពួកគេទុកចិត្តព្រះដែលបានមានប្រសាសន៍នោះ»។
៣. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៣ តើយើងអាចជួយអ្នកឯទៀតឲ្យមានការជឿជាក់ដូចយើងលើបណ្ដាំរបស់ព្រះតាមរបៀបណា? សូមយើងគិតអំពីមូលហេតុបីដែលយើងអាចទុកចិត្តគម្ពីរ។ យើងនឹងឃើញថាអ្វីដែលគម្ពីរចែងមិនបានផ្លាស់ប្ដូរ ទំនាយក្នុងគម្ពីរបានត្រូវសម្រេច ហើយថាគម្ពីរមានឫទ្ធានុភាពដើម្បីកែប្រែជីវិត។
ដំណឹងក្នុងគម្ពីរបានត្រូវរក្សាទុកយ៉ាងត្រឹមត្រូវ
៤. ហេតុអ្វីអ្នកខ្លះសង្ស័យអំពីភាពត្រឹមត្រូវនៃគម្ពីរ?
៤ ព្រះយេហូវ៉ាបានប្រើបុរសដ៏ស្មោះត្រង់ប្រហែលជា៤០នាក់ឲ្យសរសេរសៀវភៅតូចៗក្នុងគម្ពីរ។ ប៉ុន្តែ គ្មានឯកសារដើមណាបានត្រូវរក្សាទុករហូតដល់សម័យយើងទេ។ ឯកសារទាំងអស់ដែលយើងមានគឺជាឯកសារចម្លង។ នេះនាំឲ្យអ្នកខ្លះឆ្ងល់ថាតើអ្វីដែលយើងអានក្នុងគម្ពីរសព្វថ្ងៃនេះ គឺដូចគ្នានឹងឯកសារដែលពួកបុរសទាំងនោះបានសរសេរឬយ៉ាងណា។ តើអ្នកធ្លាប់ឆ្ងល់ឬទេថា តើតាមរបៀបណាយើងអាចប្រាកដថានោះគឺដូចគ្នា?
៥. តើបទគម្ពីរភាសាហេប្រឺបានត្រូវចម្លងយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅក្រប)
៥ ដើម្បីរក្សាដំណឹងក្នុងគម្ពីរ ព្រះយេហូវ៉ាបានបង្គាប់រាស្ត្ររបស់លោកឲ្យចម្លងវា។ លោកបានណែនាំស្ដេចនៃស្រុកអ៊ីស្រាអែលឲ្យចម្លងច្បាប់របស់លោកដោយផ្ទាល់ ហើយលោកបានតែងតាំងពួកលេវីឲ្យបង្រៀនច្បាប់នោះដល់បណ្ដាជន។ (បច. ១៧:១៨; ៣១:២៤-២៦; នេហ. ៨:៧) ក្រោយពីជនជាតិយូដាបានត្រូវដោះលែងពីការនិរទេសនៅស្រុកបាប៊ីឡូន មានអ្នកចម្លងបណ្ដាំរបស់ព្រះមួយក្រុមដែលមានជំនាញ បានចាប់ផ្ដើមចម្លងឯកសារជាច្រើនពីបទគម្ពីរភាសាហេប្រឺ។ (អែស. ៧:៦, កំ.ស.) បុរសទាំងនេះធ្វើកិច្ចការនេះយ៉ាងយកចិត្តដាក់។ នៅពេលក្រោយមក អ្នកចម្លងមិនគ្រាន់តែរាប់ពាក្យប៉ុណ្ណោះទេ ប៉ុន្តែពួកគេចាប់ផ្ដើមរាប់តួអក្សរដើម្បីប្រាកដថាពួកគេបានចម្លងទាំងអស់យ៉ាងត្រឹមត្រូវ។ ទោះជាយ៉ាងនេះក៏ដោយ ដោយសារមនុស្សមានភាពមិនល្អឥតខ្ចោះ មានកំហុសខ្លះពេលដែលពួកគេចម្លងឯកសារទាំងនោះទុក។ ប៉ុន្តែ មានឯកសារចម្លងជាច្រើននៃបទគម្ពីរទាំងនោះ ដូច្នេះក្រោយមកគេអាចរកឃើញកំហុសបាន។ តើតាមរបៀបណា?
៦. តើកំហុសក្នុងឯកសារចម្លងនៃគម្ពីរអាចត្រូវរកឃើញតាមរបៀបណា?
៦ បណ្ឌិតនៅសម័យទំនើបមានរបៀបដ៏គួរឲ្យទុកចិត្តមួយ ដើម្បីរកកំហុសពីពួកអ្នកដែលបានចម្លងឯកសារគម្ពីរ។ ជាឧទាហរណ៍ ឧបមាថាបុរស១០០នាក់បានត្រូវរៀបចំឲ្យចម្លងឯកសារមួយទំព័រដោយដៃ។ បុរសម្នាក់បានចម្លងខុសមួយក្នុងឯកសារចម្លងរបស់គាត់។ របៀបមួយដែលយើងអាចរកឃើញកំហុសនោះ គឺដោយប្រៀបធៀបឯកសារចម្លងរបស់គាត់ទៅនឹងឯកសារចម្លងរបស់អ្នកឯទៀតទាំងអស់។ ស្រដៀងគ្នាដែរ ដោយប្រៀបធៀបឯកសារជាច្រើននៃគម្ពីរ បណ្ឌិតអាចរកឃើញកំហុសឬពាក្យដែលអ្នកចម្លងបានរំលង។
៧. តើអ្វីបង្ហាញអំពីភាពត្រឹមត្រូវរបស់អ្នកចម្លងគម្ពីរ?
៧ ពួកអ្នកដែលចម្លងឯកសារនៃគម្ពីរខំព្យាយាមចម្លងឲ្យបានត្រឹមត្រូវ។ សូមគិតអំពីឧទាហរណ៍មួយដែលបង្ហាញចំណុចនេះ។ ឯកសារដែលបានត្រូវចម្លងនៃបទគម្ពីរភាសាហេប្រឺទាំងមូលបានត្រូវចម្លងនៅឆ្នាំ១០០៨ឬឆ្នាំ១០០៩ គ.ស.។ ឯកសារនោះបានត្រូវគេហៅថាឯកសារលេនីនក្រាត ខូឌីក។ ប៉ុន្តែ នៅពេលថ្មីៗនេះមានឯកសារចម្លងនៃគម្ពីរជាច្រើននិងផ្នែកផ្សេងទៀតនៃឯកសារចម្លងបានត្រូវគេរកឃើញ ដែលមានអាយុកាលប្រហែលជា១.០០០ឆ្នាំចាស់ជាងឯកសារលេនីនក្រាត ខូឌីក។ គេប្រហែលជាគិតថាក្រោយពីចម្លងឯកសារទាំងនោះម្ដងហើយម្ដងទៀតអស់រយៈពេលជាង១.០០០ឆ្នាំ អ្វីដែលបានត្រូវចម្លងនៅក្នុងឯកសារលេនីនក្រាត ខូឌីកខុសគ្នាឆ្ងាយពីអ្វីដែលបានត្រូវចម្លងក្នុងឯកសារដែលមានអាយុកាលចាស់ជាង។ ប៉ុន្តែនេះមិនមែនជាការពិតទេ ដោយសារពេលបណ្ឌិតប្រៀបធៀបឯកសារចម្លងដែលចាស់ជាងនិងឯកសារចម្លងដែលថ្មីជាង ពួកគេបានរកឃើញថាមានពាក្យខុសគ្នាតិចតួច ប៉ុន្តែអត្ថន័យគឺនៅតែដដែល។
៨. តើឯកសារចម្លងនៃបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចគឺខុសគ្នាយ៉ាងណានឹងឯកសារនៃសៀវភៅបុរាណឯទៀត?
៨ គ្រិស្តសាសនិកនៅសម័យដើមក៏បានចម្លងបទគម្ពីរដែរ។ ពួកគេបានប្រុងប្រយ័ត្នពេលចម្លងសៀវភៅ២៧ក្បាលនៃបទគម្ពីរជាភាសាក្រិច ដែលពួកគេបានប្រើនៅកិច្ចប្រជុំនិងក្នុងកិច្ចផ្សព្វផ្សាយរបស់ពួកគេ។ ក្រោយពីប្រៀបធៀបឯកសារនៃបទគម្ពីរជាភាសាក្រិចទៅនឹងសៀវភៅផ្សេងទៀតនៅគ្រាដូចគ្នា បណ្ឌិតម្នាក់សន្និដ្ឋានថា៖ «ជាទូទៅ ឯកសារចម្លងនៃបទគម្ពីរជាភាសាក្រិចមានច្រើនជាងឯកសារចម្លង នៃសៀវភៅឯទៀត . . . ហើយឯកសារទាំងនោះមានគ្រប់ជ្រុងជ្រោយជាង»។ សៀវភៅមួយរៀបរាប់ថា៖ «យើងអាចទុកចិត្តថាអ្វីដែលយើងអានក្នុងសេចក្ដីបកប្រែដែលគួរឲ្យទុកចិត្តនៃបទគម្ពីរភាសាក្រិចនៅសម័យទំនើប គឺមានព័ត៌មានដូចនឹងអ្វីដែលអ្នកសរសេរគម្ពីរនៅសម័យបុរាណបានសរសេរ»។ (Anatomy of the New Testament)
៩. តើអេសាយ ៤០:៨ចែងការពិតអ្វីអំពីដំណឹងក្នុងគម្ពីរ?
៩ អស់រាប់រយឆ្នាំ អ្នកចម្លងគម្ពីរជាច្រើននាក់ខំព្យាយាមយកចិត្តទុកដាក់ចម្លងឯកសារនៃគម្ពីរ។ នេះគឺជាមូលហេតុដែលយើងអាចមានគម្ពីរដែលមានភាពត្រឹមត្រូវដើម្បីអាននិងសិក្សានៅសព្វថ្ងៃនេះ។ b ពិតណាស់ យើងដឹងថាព្រះយេហូវ៉ាគឺជាអ្នកដែលធ្វើឲ្យប្រាកដថាមនុស្សសព្វថ្ងៃនេះមានបណ្ដាំរបស់លោកដែលបានត្រូវរក្សាទុកយ៉ាងត្រឹមត្រូវ។ (សូមអាន អេសាយ ៤០:៨) អ្នកខ្លះប្រហែលជានិយាយថាព័ត៌មានក្នុងគម្ពីរបានត្រូវរក្សាទុក ប៉ុន្តែនេះមិនបង្ហាញថាគម្ពីរបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះទេ។ ដូច្នេះ សូមយើងពិចារណាអំពីភ័ស្តុតាងខ្លះដែលបង្ហាញថាគម្ពីរមកពីព្រះ។
ទំនាយក្នុងគម្ពីរគឺគួរឲ្យទុកចិត្ត
១០. សូមលើកឧទាហរណ៍អំពីទំនាយដែលបានសម្រេចដែលបង្ហាញថាអ្វីដែលពេត្រុសទី២ ១:២១ចែងគឺជាការពិត។ (សូមមើលរូបភាព)
១០ គម្ពីរមានទំនាយជាច្រើនដែលបានត្រូវសម្រេច ទំនាយខ្លះទាំងនោះបានត្រូវសរសេររាប់រយឆ្នាំមុនវាបានត្រូវសម្រេច។ ប្រវត្តិសាស្ត្របានបញ្ជាក់ថាទំនាយទាំងនោះបានក្លាយជាការពិត។ នេះមិនធ្វើឲ្យយើងភ្ញាក់ផ្អើលឡើយ ដោយសារយើងដឹងថាទំនាយទាំងអស់ក្នុងគម្ពីរមកពីព្រះយេហូវ៉ា។ (សូមអាន ពេត្រុសទី២ ១:២១) សូមគិតអំពីទំនាយស្ដីអំពីការដួលរលំនៃក្រុងបាប៊ីឡូននៅសម័យបុរាណ។ នៅសតវត្សរ៍ទី៨ មុនគ.ស. អ្នកប្រកាសទំនាយអេសាយបានត្រូវដឹកនាំឲ្យប្រាប់ទុកជាមុនថាក្រុងបាប៊ីឡូនដ៏ខ្លាំងក្លានឹងត្រូវគេចាប់យក។ គាត់ថែមទាំងបាននិយាយថា បុរសម្នាក់ឈ្មោះស៊ីរូសនឹងចាប់យកក្រុងនោះ ហើយបានពន្យល់អំពីរបៀបដែលបុរសនោះធ្វើដូច្នេះ។ (អេ. ៤៤:២៧–៤៥:២) អេសាយក៏បានប្រកាសទុកជាមុនថា នៅទីបំផុតក្រុងបាប៊ីឡូននឹងត្រូវបំផ្លាញចោល ហើយនឹងត្រូវគេបោះបង់ចោលទាំងស្រុង។ (អេ. ១៣:១៩, ២០) នេះគឺជាអ្វីដែលបានកើតឡើងមែន។ ជនជាតិមេឌីនិងពើស៊ីបានចាប់យកក្រុងបាប៊ីឡូននៅឆ្នាំ៥៣៩ មុនគ.ស. ហើយទីតាំងដែលធ្លាប់មានក្រុងដ៏ធំនោះ ឥឡូវមាន តែសំណល់បាក់បែក (សូមមើលវីដេអូគម្ពីរប្រាប់ទុកជាមុនអំពីក្រុងបាប៊ីឡូនដួលរលំ ក្នុងឯកសារអេឡិចត្រូនិកនៃសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! មេរៀនទី៣ ចំណុចទី៥)។
១១. សូមរៀបរាប់អំពីរបៀបដែលដានីយ៉ែល ២:៤១-៤៣កំពុងសម្រេចនៅសព្វថ្ងៃនេះ។
១១ ទំនាយក្នុងគម្ពីរមិនគ្រាន់តែបានសម្រេចនៅអតីតកាលប៉ុណ្ណោះទេ យើងក៏ឃើញទំនាយផ្សេងៗកំពុងសម្រេចនៅសព្វថ្ងៃនេះដែរ។ ជាឧទាហរណ៍ សូមគិតអំពីការសម្រេចដ៏គួរឲ្យកោតស្ងើចនៃទំនាយរបស់ដានីយ៉ែលស្ដីអំពីមហាអំណាចអង់គ្លេសអាម៉េរិក។ (សូមអាន ដានីយ៉ែល ២:៤១-៤៣) ទំនាយនោះបានបង្ហាញយ៉ាងត្រឹមត្រូវទុកជាមុនថា មហាអំណាចនោះនឹងមាន«ផ្នែកខ្លាំង»ដូចជាដែក ហើយ«ផ្នែកខ្សោយ»ដូចជាដីឥដ្ឋ។ នេះបានកើតឡើងពិតមែន។ អង់គ្លេសនិងអាម៉េរិកមានកម្លាំងខ្លាំងប្រៀបដូចជាដែកដោយមានតួនាទីសំខាន់ក្នុងការទទួលជ័យជម្នះក្នុងសង្គ្រាមលោកទាំងពីរលើក ហើយបន្តកាន់អំណាចយោធាដ៏ខ្លាំងក្លា។ ប៉ុន្តែ អំណាចរបស់ពួកគេក៏បានទៅជាខ្សោយដោយពលរដ្ឋរបស់ពួកគេ ដែលច្រើនតែធ្វើបាតុកម្មប្រឆាំងនឹងក្រុមហ៊ុននិងរដ្ឋាភិបាល។ អ្នកជំនាញម្នាក់ខាងនយោបាយពិភពលោក និយាយថ្មីៗនេះថា៖ «គ្មានប្រទេសណាដែលកាន់លទ្ធិប្រជាធិបតេយ្យនៅសម័យទំនើបក្នុងពិភពលោកនេះ មានការបែកបាក់នយោបាយច្រើនជាងសហរដ្ឋអាម៉េរិកនៅសព្វថ្ងៃនេះទេ»។ ម្យ៉ាងទៀត អង់គ្លេសដែលជាផ្នែកមួយទៀតនៃមហាអំណាចនោះ បានត្រូវបែកបាក់ជាពិសេសប៉ុន្មានឆ្នាំមកនេះ ដោយសារមនុស្សមិនអាចយល់ស្របនឹងមិត្តភាពដែលពួកគេគួរមានជាមួយនឹងបណ្ដាប្រទេសនៅសហភាពអឺរ៉ុបឡើយ។ ការបែកបាក់ទាំងនេះបានធ្វើឲ្យមហាអំណាចអង់គ្លេសអាម៉េរិកពិបាកចាត់វិធានការយ៉ាងម៉ឺងម៉ាត់។
១២. តើទំនាយក្នុងគម្ពីរធ្វើឲ្យយើងជឿជាក់អំពីអ្វី?
១២ ទំនាយជាច្រើនក្នុងគម្ពីរដែលបានសម្រេចរួចហើយពង្រឹងការជឿជាក់របស់យើងថា សេចក្ដីសន្យារបស់ព្រះសម្រាប់ថ្ងៃអនាគតនឹងក្លាយជាការពិត។ យើងមានអារម្មណ៍ដូចអ្នកតែងចម្រៀងសរសើរព្រះដែលបានអធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «ខ្ញុំចង់ទទួលសេចក្ដីសង្គ្រោះពីលោកខ្លាំងពន់ពេក ព្រោះខ្ញុំសង្ឃឹមលើប្រសាសន៍របស់លោក»។ (ចសព. ១១៩:៨១) ក្នុងគម្ពីរ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីសប្បុរសដោយឲ្យយើង«មានសេចក្ដីសង្ឃឹមនិងអនាគតល្អប្រសើរ»។ (យេ. ២៩:១១) សេចក្ដីសង្ឃឹមរបស់យើងចំពោះថ្ងៃអនាគតមិនអាស្រ័យលើការខំប្រឹងរបស់មនុស្សទេ តែអាស្រ័យលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា។ សូមយើងបន្តពង្រឹងទំនុកចិត្តរបស់យើងទៅលើបណ្ដាំព្រះ ដោយធ្វើជាអ្នកសិក្សាទំនាយក្នុងគម្ពីរយ៉ាងល្អ។
យោបល់ពីគម្ពីរជួយមនុស្សរាប់លាននាក់
១៣. យោងទៅតាមចម្រៀងសរសើរព្រះ ១១៩:៦៦, ១៣៨ តើមានមូលហេតុអ្វីទៀតដែលយើងអាចទុកចិត្តគម្ពីរ?
១៣ មូលហេតុមួយទៀតដែលយើងអាចទុកចិត្តគម្ពីរ គឺដោយសារពេលមនុស្សធ្វើតាមយោបល់ក្នុងគម្ពីរ នោះជួយពួកគេ។ (សូមអាន ចម្រៀងសរសើរព្រះ ១១៩:៦៦, ១៣៨) ជាឧទាហរណ៍ ប្ដីប្រពន្ធដែលធ្លាប់ហៀបនឹងបែកបាក់គ្នា ឥឡូវមានសុភមង្គលដោយសារពួកគេបានធ្វើតាមយោបល់ក្នុងគម្ពីរ។ កូនរបស់ពួកគេសប្បាយដែលបានត្រូវចិញ្ចឹមអប់រំដោយឪពុកម្ដាយជាគ្រិស្តសាសនិកដែលយកចិត្តទុកដាក់ចំពោះពួកគេ និងស្រឡាញ់ពួកគេ។—អេភ. ៥:២២-២៩
១៤. សូមលើកឧទាហរណ៍អំពីរបៀបដែលការធ្វើតាមសេចក្ដីពិតក្នុងគម្ពីរជួយកែប្រែជីវិតមនុស្ស។
១៤ ដោយធ្វើតាមយោបល់ដែលប្រកបដោយប្រាជ្ញាពីគម្ពីរ សូម្បីតែឧក្រិដ្ឋជនដ៏សាហាវឃោរឃៅ ក៏បានធ្វើការកែប្រែយ៉ាងធំក្នុងជីវិតរបស់ពួកគេដែរ។ សូមគិតអំពីរបៀបដែលយោបល់ក្នុងគម្ពីរបានជួយអ្នកទោសម្នាក់ឈ្មោះចាក។ c គាត់ជាឧក្រិដ្ឋជនដ៏ឃោរឃៅដែលបានត្រូវគេស្គាល់ថា ជាអ្នកទោសដ៏សាហាវបំផុតក្នុងចំណោមពួកអ្នកដែលបានត្រូវកាត់ទោសឲ្យស្លាប់។ ប៉ុន្តែនៅពេលមួយ បងចាកបានចូល ស្ដាប់ពេលមានគេរៀនគម្ពីរ។ គាត់បានកោតស្ងើចចំពោះសេចក្ដីសប្បុរសរបស់បងប្រុសៗដែលដឹកនាំការសិក្សាគម្ពីរនោះ ហើយគាត់ក៏ចាប់ផ្ដើមរៀនគម្ពីរ។ ពេលគាត់បានធ្វើតាមសេចក្ដីពិតពីគម្ពីរក្នុងជីវិតរបស់គាត់ គាត់បានចាប់ផ្ដើមប្រព្រឹត្តកាន់តែល្អ ហើយថែមទាំងទៅជាបុគ្គលសប្បុរសជាងមុន។ ក្រោយមក បងចាកមានគុណសម្បត្តិគ្រប់គ្រាន់ធ្វើជាអ្នកផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក រួចមកគាត់បានទទួលការជ្រមុជទឹក។ គាត់ផ្សព្វផ្សាយយ៉ាងខ្នះខ្នែងដល់អ្នកទោសឯទៀតអំពីរាជាណាចក្រព្រះ ហើយបានជួយអ្នកទោសយ៉ាងហោចណាស់បួននាក់ក្នុងចំណោមពួកអ្នកទោសទាំងនោះឲ្យរៀនសេចក្ដីពិត។ នៅថ្ងៃដែលបងចាកត្រូវប្រហារជីវិត គាត់ហាក់ដូចជាមនុស្សផ្សេង។ មេធាវីម្នាក់របស់គាត់បាននិយាយថា៖ «ឥឡូវចាកមិនមែនជាបុគ្គលដែលខ្ញុំធ្លាប់ស្គាល់កាល២០ឆ្នាំមុនទេ។ ការបង្រៀនរបស់សាក្សីព្រះយេហូវ៉ាបានកែប្រែជីវិតរបស់គាត់»។ ទោះជាបងចាកបានត្រូវគេប្រហារជីវិតក្ដី គំរូរបស់គាត់បង្ហាញថាយើងអាចទុកចិត្តបណ្ដាំព្រះ ហើយថាបណ្ដាំនោះមានឫទ្ធានុភាពកែប្រែមនុស្សឲ្យល្អប្រសើរឡើង។—អេ. ១១:៦-៩
១៥. តើការធ្វើតាមសេចក្ដីពិតក្នុងគម្ពីរធ្វើឲ្យរាស្ត្រព្រះយេហូវ៉ាខុសគ្នាយ៉ាងណាពីមនុស្សនៅសព្វថ្ងៃនេះ? (សូមមើលរូបភាព)
១៥ ដោយសាររាស្ត្រព្រះយេហូវ៉ាធ្វើតាមសេចក្ដីពិតក្នុងគម្ពីរ ពួកគេមានសាមគ្គីភាព។ (យ៉ូន. ១៣:៣៥; ១កូ. ១:១០) សេចក្ដីសុខសាន្តនិងសាមគ្គីភាពរបស់យើងគឺគួរឲ្យកត់សម្គាល់ ជាពិសេសពេលប្រៀបធៀបនឹងការបែកបាក់គ្នាក្នុងសង្គម ខាងនយោបាយ និងជាតិសាសន៍ក្នុងពិភពលោកនេះ។ ពេលបុរសវ័យក្មេងម្នាក់ឈ្មោះហ្សានបានឃើញសាមគ្គីភាពក្នុងចំណោមសាក្សីព្រះយេហូវ៉ា គាត់បានកោតស្ងើច។ គាត់បានធំឡើងនៅប្រទេសមួយ នាទ្វីបអាហ្វ្រិក។ ពេលសង្គ្រាមស៊ីវិលបានផ្ទុះឡើង គាត់បានចូលធ្វើទាហាន ប៉ុន្តែក្រោយមកគាត់បានរត់ភៀសខ្លួនទៅប្រទេសជិតខាង។ នៅទីនោះ គាត់បានជួបសាក្សីព្រះយេហូវ៉ា។ បងហ្សាននិយាយថា៖ «ខ្ញុំបានរៀនថាពួកអ្នកកាន់តាមសាសនាពិតមិនរួមចំណែកក្នុងរឿងនយោបាយ ហើយមិនបែកបាក់គ្នាឡើយ។ ផ្ទុយទៅវិញ ពួកគេស្រឡាញ់គ្នាទៅវិញទៅមក»។ គាត់បន្តថា៖ «ខ្ញុំស៊ូស្លាប់ដើម្បីច្បាំងការពារប្រទេសមួយ។ ប៉ុន្តែពេលខ្ញុំបានរៀនសេចក្ដីពិតក្នុងគម្ពីរ នោះបានជំរុញចិត្តខ្ញុំ ឲ្យសម្រេចចិត្តប្រើជីវិតដើម្បីបម្រើព្រះយេហូវ៉ា»។ បងហ្សានបានកែប្រែទាំងស្រុង។ ជាជាងច្បាំងនឹងមនុស្សដែលមកពីប្រទេសផ្សេងឬមានជាតិសាសន៍ខុសពីគាត់ ឥឡូវគាត់ប្រាប់សេចក្ដីពិតក្នុងគម្ពីរអំពីសាមគ្គីភាពដល់មនុស្សទាំងអស់ដែលគាត់ជួប។ ការដែលយោបល់ពីគម្ពីរជួយមនុស្សជាច្រើនពីប្រជាជាតិផ្សេងៗ គឺជាភ័ស្តុតាងយ៉ាងច្បាស់ដែលបង្ហាញថាយើងអាចទុកចិត្តបណ្ដាំព្រះ។
ចូរបន្តទុកចិត្តបណ្ដាំព្រះដែលជាសេចក្ដីពិត
១៦. ហេតុអ្វីគឺសំខាន់ឲ្យយើងពង្រឹងការជឿជាក់របស់យើងលើបណ្ដាំព្រះ?
១៦ កាលដែលពិភពលោកនេះកាន់តែអាក្រក់ទៅៗ ការជឿជាក់របស់យើងលើសេចក្ដីពិតនឹងត្រូវសាកល្បង។ មនុស្សប្រហែលជាព្យាយាមធ្វើឲ្យយើងសង្ស័យថាគម្ពីរគឺមិនមែនជាសេចក្ដីពិត ឬថាព្រះយេហូវ៉ាមិនបានតែងតាំងខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាឲ្យណែនាំពួកអ្នកគោរពប្រណិប័តន៍របស់លោកនៅសព្វថ្ងៃនេះ។ ប៉ុន្តែ បើយើងជឿជាក់ថាបណ្ដាំរបស់ព្រះយេហូវ៉ាតែងតែជាការពិត យើងនឹងមិនចុះចាញ់ពាក្យរបស់ពួកគេដែលព្យាយាមវាយប្រហារជំនឿរបស់យើងឡើយ។ យើងនឹង‹ប្ដេជ្ញាចិត្តធ្វើតាមក្រឹត្យក្រមរបស់ព្រះយេហូវ៉ា គ្រប់ពេលវេលា រហូតដល់អស់ជីវិត›។ (ចសព. ១១៩:១១២) យើងនឹង«មិនអៀនខ្មាស»ក្នុងការប្រាប់អ្នកឯទៀតអំពីសេចក្ដីពិត ហើយលើកទឹកចិត្តពួកគេឲ្យរស់នៅសមស្របតាមសេចក្ដីពិតនោះឡើយ។ (ចសព. ១១៩:៤៦) ម្យ៉ាងទៀត យើងនឹងអាចស៊ូទ្រាំ«ដោយចិត្តអត់ធ្មត់និងមានអំណរ»ចំពោះស្ថានភាពពិបាកបំផុត រួមមានការបៀតបៀនផងដែរ។—កូឡ. ១:១១; ចសព. ១១៩:១៤៣, ១៥៧
១៧. តើបទគម្ពីរប្រចាំឆ្នាំរបស់យើងនឹងរំលឹកយើងអំពីអ្វី?
១៧ យើងមានអំណរគុណខ្លាំងណាស់ដែលព្រះយេហូវ៉ាបានអនុញ្ញាតឲ្យយើងស្គាល់សេចក្ដីពិត។ សេចក្ដីពិតនោះជួយយើងឲ្យមានអារម្មណ៍ស្ងប់និងមានទំនុកចិត្ត ហើយបង្រៀនយើងយ៉ាងច្បាស់អំពីរបៀបដែលយើងគួររស់នៅក្នុងពិភពលោកដែលកាន់តែមានការយល់ច្រឡំនិងច្របូកច្របល់។ សេចក្ដីពិតនោះផ្ដល់ឲ្យយើងមានសេចក្ដីសង្ឃឹមសម្រាប់អនាគតដ៏ល្អប្រសើរក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ។ សូមឲ្យបទគម្ពីរប្រចាំឆ្នាំរបស់យើងសម្រាប់ឆ្នាំ២០២៣ជួយយើងឲ្យកាន់ជំហរមាំមួនចំពោះការជឿជាក់របស់យើងថាប្រសាសន៍ទាំងអស់របស់ព្រះជាសេចក្ដីពិតទាំងស្រុង!—ចសព. ១១៩:១៦០
ចម្រៀងលេខ៩៤ ចូរថ្លែងអំណរគុណដល់ព្រះដែលបានឲ្យបណ្ដាំលោក
a បទគម្ពីរប្រចាំឆ្នាំដែលបានត្រូវជ្រើសរើសសម្រាប់ឆ្នាំ២០២៣ពង្រឹងជំនឿយើង គឺថា៖ «ប្រសាសន៍របស់លោកជាសេចក្ដីពិតទាំងស្រុង»។ (ចសព. ១១៩:១៦០) អ្នកច្បាស់ជាជឿដូច្នេះដែរ។ ប៉ុន្តែ មនុស្សជាច្រើនមិនជឿថាគម្ពីរជាសេចក្ដីពិត ហើយមិនជឿថាគម្ពីរអាចផ្ដល់ការណែនាំដ៏គួរឲ្យទុកចិត្តដល់យើងឡើយ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីទីសំអាងបីដែលយើងអាចយកមកវែកញែកជាមួយពួកអ្នកដែលមានចិត្តស្មោះដើម្បីជួយពួកគេឲ្យជឿជាក់ថាពួកគេអាចទុកចិត្តគម្ពីរជាសេចក្ដីពិត ព្រមទាំងការណែនាំក្នុងគម្ពីរ។
b ដើម្បីបានព័ត៌មានថែមទៀតអំពីការរក្សាទុកនៃគម្ពីរ សូមចូលទៅគេហទំព័រ jw.org/km រួចវាយពាក្យ«ប្រវត្ដិសាស្ត្រនិងគម្ពីរបរិសុទ្ធ»ក្នុងប្រអប់ស្វែងរក។
c ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។