អត្ថបទសិក្សា ៣
ព្រះយេហូវ៉ាកំពុងជួយអ្នកឲ្យជោគជ័យ
«ព្រះយេហូវ៉ាបាននៅជាមួយនឹងយ៉ូសែប ហើយ . . . បានជួយយ៉ូសែបឲ្យសម្រេចកិច្ចការទាំងអស់»។—ដក. ៣៩:២, ៣
ចម្រៀងលេខ៣០ បិតាខ្ញុំជាព្រះនិងជាមិត្តរបស់ខ្ញុំ
សេចក្ដីសង្ខេប a
១-២. (ក) ហេតុអ្វីយើងមិនភ្ញាក់ផ្អើលដែលយើងជួបទុក្ខលំបាក? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
ដោយសារយើងជារាស្ត្ររបស់ព្រះយេហូវ៉ា យើងមិនភ្ញាក់ផ្អើលទេពេលយើងជួបទុក្ខលំបាក។ ដូចគម្ពីរចែង យើងទទួលស្គាល់ថា«យើងត្រូវចូលរាជាណាចក្រព្រះដោយឆ្លងកាត់ទុក្ខវេទនាជាច្រើន»។ (សកម្ម. ១៤:២២) យើងក៏ដឹងដែរថា បញ្ហាខ្លះរបស់យើងមិនអាចដោះស្រាយបានទាំងស្រុងទេ រហូតដល់យើងរស់នៅក្នុងពិភពលោកថ្មីរបស់ព្រះ ជាកន្លែងដែល«សេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ ក៏នឹងលែងមានទៀតដែរ»។—បប. ២១:៤
២ ព្រះយេហូវ៉ាមិនការពារយើងពីការរងទុក្ខលំបាកទេ។ ប៉ុន្តែ លោកជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកទាំងនោះ។ សូមកត់សម្គាល់អ្វីដែលសាវ័កប៉ូលបាននិយាយទៅកាន់គ្រិស្តសាសនិកដែលរស់នៅក្រុងរ៉ូម។ ដំបូង គាត់បានរៀបរាប់អំពីទុក្ខលំបាកមួយចំនួនដែលគាត់និងបងប្អូនឯទៀតជួបប្រទះ។ ក្រោយមក គាត់បានសរសេរថា៖ «យើងកំពុងឈ្នះក្នុងការទាំងអស់នេះ ដោយសារលោកដែលបានស្រឡាញ់យើង»។ (រ៉ូម ៨:៣៥-៣៧) នេះមានន័យថាព្រះយេហូវ៉ាអាចជួយអ្នកឲ្យជោគជ័យ សូម្បីតែនៅពេលដែលអ្នកកំពុងជួបទុក្ខលំបាកក៏ដោយ។ សូមយើងមើលអំពីរបៀបដែលព្រះយេហូវ៉ាបានជួយយ៉ូសែបនិងរបៀបដែលលោកអាចជួយអ្នក។
ពេលមានការផ្លាស់ប្ដូរមួយរំពេច
៣. តើមានការផ្លាស់ប្ដូរមួយរំពេចអ្វីក្នុងជីវិតរបស់យ៉ូសែប?
៣ យ៉ាកុបបានបង្ហាញថាគាត់ស្រឡាញ់យ៉ូសែបដែលជាកូនប្រុសរបស់គាត់ខ្លាំង ណាស់។ (ដក. ៣៧:៣, ៤) នេះនាំឲ្យកូនប្រុសៗច្បងរបស់យ៉ាកុបច្រណែនប្អូនរបស់ពួកគេ។ ពេលពួកគេមានឱកាស ពួកគេបានលក់យ៉ូសែបឲ្យទៅអ្នកជំនួញជនជាតិម៉ាឌានមួយក្រុម។ អ្នកជំនួញទាំងនោះបានយកយ៉ូសែបទៅស្រុកអេស៊ីបដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ។ នៅទីនោះពួកគេបានលក់គាត់ម្ដងទៀត លើកនេះឲ្យទៅប៉ូទីផារដែលជាមេអង្គរក្សរបស់ផារ៉ូ។ ជីវិតរបស់យ៉ូសែបបានផ្លាស់ប្ដូរក្នុងមួយប៉ប្រិចភ្នែកពីកូនប្រុសសំណព្វរបស់ឪពុកគាត់មកជាខ្ញុំបម្រើរបស់ជនជាតិអេស៊ីបម្នាក់!—ដក. ៣៩:១
៤. តើយើងប្រហែលជាជួបការពិបាកស្រដៀងនឹងការពិបាករបស់យ៉ូសែបយ៉ាងដូចម្ដេច?
៤ គម្ពីរចែងថា៖ «រឿងអាក្រក់កើតឡើងលើមនុស្សគ្រប់គ្នា»។ (អទ. ៩:១១, Holy Bible—Easy-to-Read Version) ជួនកាលយើងជួបបញ្ហាដែល‹មនុស្សឯទៀតធ្លាប់ជួប›ដែរ។ (១កូ. ១០:១៣) ម្យ៉ាងទៀត យើងប្រហែលជារងទុក្ខដោយសារតែយើងជាអ្នកកាន់តាមលោកយេស៊ូ។ ជាឧទាហរណ៍ យើងប្រហែលជាត្រូវគេសើចចំអក ប្រឆាំង ឬថែមទាំងត្រូវគេបៀតបៀនដោយសារជំនឿរបស់យើង។ (២ធី. ៣:១២) មិនថាអ្នកមានទុក្ខលំបាកណាក៏ដោយ ព្រះយេហូវ៉ាអាចជួយអ្នកឲ្យជោគជ័យ។ តើលោកបានធ្វើដូច្នេះចំពោះយ៉ូសែបយ៉ាងដូចម្ដេច?
៥. តើប៉ូទីផារបានសន្និដ្ឋានយ៉ាងណាដោយសារយ៉ូសែបសម្រេចកិច្ចការទាំងអស់? (ដើមកំណើត ៣៩:២-៦)
៥ សូមអាន ដើមកំណើត ៣៩:២-៦។ ប៉ូទីផារបានកត់សម្គាល់ថាយ៉ូសែបជាបុរសវ័យក្មេងដែលឈ្លាសវៃនិងឧស្សាហ៍ព្យាយាម។ គាត់ក៏ដឹងអំពីមូលហេតុដែរ។ គឺដោយសារប៉ូទីផារបានឃើញថា«ព្រះយេហូវ៉ាបានជួយយ៉ូសែបឲ្យសម្រេចកិច្ចការទាំងអស់»។ b នៅទីបំផុត ជនជាតិអេស៊ីបនេះបានតែងតាំងយ៉ូសែបឲ្យធ្វើជាអ្នកបម្រើជំនិតរបស់គាត់។ គាត់ក៏បានឲ្យយ៉ូសែបត្រួតត្រាលើផ្ទះរបស់គាត់ផងដែរ។ តើមានលទ្ធផលអ្វី? ប៉ូទីផារបានចម្រុងចម្រើន។
៦. តើយ៉ូសែបប្រហែលជាមានអារម្មណ៍យ៉ាងណាចំពោះស្ថានភាពរបស់គាត់?
៦ សូមស្រមៃគិតអំពីអារម្មណ៍របស់យ៉ូសែប។ តើគាត់ចង់បានអ្វីខ្លាំងបំផុត? តើជាការកត់សម្គាល់និងរង្វាន់ពីប៉ូទីផារឬ? យ៉ូសែបទំនងជាចង់មានសេរីភាពដើម្បីគាត់អាចត្រឡប់ទៅជួបឪពុករបស់គាត់។ ទោះជាយ៉ូសែបមានឋានៈនិងមុខមាត់នៅក្នុងផ្ទះរបស់ប៉ូទីផារក្ដី គាត់នៅតែជាខ្ញុំបម្រើនៃម្ចាស់ដែលមិនមែនជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ព្រះយេហូវ៉ាមិនបានបណ្ដាលឲ្យប៉ូទីផារដោះលែងយ៉ូសែបឲ្យ មានសេរីភាពទេ។ ម្យ៉ាងទៀត ស្ថានភាពរបស់យ៉ូសែបនៅពេលក្រោយមកកាន់តែអាក្រក់ទៅ។
បើស្ថានភាពកាន់តែអាក្រក់ទៅ
៧. តើស្ថានភាពរបស់យ៉ូសែបកាន់តែអាក្រក់ទៅយ៉ាងដូចម្ដេច? (ដើមកំណើត ៣៩:១៤, ១៥)
៧ ដូចដើមកំណើត ជំពូក៣៩បានរៀបរាប់ ប្រពន្ធរបស់ប៉ូទីផារបានចាប់ចិត្តស្រឡាញ់យ៉ូសែប ហើយបានល្បួងលួងលោមគាត់ម្ដងហើយម្ដងទៀតឲ្យរួមដំណេកជាមួយនាង។ រាល់ដង យ៉ូសែបបានបដិសេធការល្បួងរបស់នាង។ នៅទីបំផុត នាងបានខឹងយ៉ូសែបយ៉ាងខ្លាំងបានជានាងបានចោទប្រកាន់គាត់ថាគាត់ព្យាយាមចាប់រំលោភនាង។ (សូមអាន ដើមកំណើត ៣៩:១៤, ១៥) ពេលប៉ូទីផារបានឮអំពីរឿងនេះ គាត់បានចាប់យ៉ូសែបដាក់គុក ហើយយ៉ូសែបបាននៅទីនោះអស់ប៉ុន្មានឆ្នាំ។ (ដក. ៣៩:១៩, ២០) តើគុកមានសភាពបែបណា? ពាក្យភាសាហេប្រឺដែលយ៉ូសែបបានប្រើសម្រាប់«គុក»អាចមានន័យថា«អណ្ដូង»ឬ«រណ្ដៅ»។ យើងអាចយល់ថាមានភាពងងឹតនៅជុំវិញគាត់ ហើយគាត់មានអារម្មណ៍អស់សង្ឃឹម។ (ដក. ៤០:១៥) គម្ពីរក៏ប្រាប់ដែរថា មានពេលមួយគេដាក់ខ្នោះជើងគាត់ ហើយយកខ្នោះដែកដាក់កគាត់។ (ចសព. ១០៥:១៧, ១៨) ស្ថានភាពរបស់យ៉ូសែបពីអាក្រក់ទៅកាន់តែអាក្រក់។ គាត់បានធ្លាក់ខ្លួនពីខ្ញុំបម្រើដ៏គួរឲ្យទុកចិត្តទៅជាអ្នកទោសម្នាក់។
៨. ទោះជាស្ថានភាពរបស់យើងកាន់តែអាក្រក់ទៅ តើយើងអាចប្រាកដអំពីអ្វី?
៨ តើអ្នកធ្លាប់ជួបស្ថានភាពដ៏តានតឹងដែលកាន់តែអាក្រក់ទៅទោះជាអ្នកបានអធិដ្ឋានយ៉ាងអស់ពីចិត្តឬទេ? នេះអាចកើតឡើង។ ព្រះយេហូវ៉ាមិនការពារយើងឲ្យរួចផុតពីទុក្ខលំបាកក្នុងពិភពលោកដែលគ្រប់គ្រងដោយសាថានទេ។ (១យ៉ូន. ៥:១៩) ប៉ុន្តែ អ្នកអាចប្រាកដថា ព្រះយេហូវ៉ាដឹងច្បាស់អំពីអ្វីដែលអ្នកកំពុងឆ្លងកាត់ ហើយលោកយកចិត្តទុកដាក់ចំពោះអ្នក។ (ម៉ាថ. ១០:២៩-៣១; ១ពេ. ៥:៦, ៧) លើសពីនេះទៅទៀត លោកបានសន្យាថា៖ «ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ ហើយខ្ញុំក៏ប្រាកដជាមិនបោះបង់ចោលអ្នកដែរ»។ (ហេ. ១៣:៥) ព្រះយេហូវ៉ាអាចជួយអ្នកឲ្យស៊ូទ្រាំ ទោះជាស្ថានភាពរបស់អ្នកមើលទៅអស់សង្ឃឹមក្ដី។ សូមយើងមើលអំពីរបៀបដែលលោកធ្វើដូច្នេះក្នុងករណីរបស់យ៉ូសែប។
៩. តើអ្វីបង្ហាញថាព្រះយេហូវ៉ាបាននៅជាមួយនឹងយ៉ូសែបពេលគាត់ជាប់គុក? (ដើមកំណើត ៣៩:២១-២៣)
៩ សូមអាន ដើមកំណើត ៣៩:២១-២៣។ សូម្បីតែក្នុងអំឡុងគ្រាដ៏លំបាកដែលយ៉ូសែបជាប់គុក ក៏ព្រះយេហូវ៉ាបានជួយគាត់ឲ្យជោគជ័យ។ តើតាមរបៀបណា? ក្រោយមួយរយៈ យ៉ូសែបបានទទួលការទុកចិត្តនិងការគោរពពីមេគុក ដូចដែលគាត់បានទទួលពីប៉ូទីផារដែរ។ មិនយូរក្រោយមក មេគុកបានឲ្យយ៉ូសែបមើលការខុសត្រូវលើពួកអ្នកទោសឯទៀត។ តាមការពិត គម្ពីរចែងថា៖ «មេគុកមិនចាំបាច់បារម្ភអំពីកិច្ចការដែលគាត់បានប្រគល់ដល់យ៉ូសែបទេ»។ ឥឡូវយ៉ូសែបមានកិច្ចការដ៏មានប្រយោជន៍ដើម្បីធ្វើ។ នោះគឺជាការផ្លាស់ប្ដូរដែលមិនបានរំពឹងទុកមែន! តើអ្នកទោសម្នាក់ដែលបានត្រូវគេចោទប្រកាន់ពីបទប៉ុនប៉ងរំលោភប្រពន្ធរបស់មន្ត្រីជាន់ខ្ពស់អាចទទួលឋានៈដ៏គួរឲ្យទុកចិត្តដូចនេះយ៉ាងដូចម្ដេចបាន? ចម្លើយគឺមានតែមួយ។ ដូចដើមកំណើត ៣៩:២៣ចែង៖ «ព្រះយេហូវ៉ាបាននៅជាមួយនឹងយ៉ូសែប ហើយព្រះយេហូវ៉ាតែងតែធ្វើឲ្យកិច្ចការរបស់[គាត់]បានសម្រេច»។
១០. សូមពន្យល់អំពីមូលហេតុដែលយ៉ូសែបប្រហែលជាមិនមានអារម្មណ៍ថាគាត់ជោគជ័យក្នុងគ្រប់ការ។
១០ សូមស្រមៃគិតម្ដងទៀតអំពីអារម្មណ៍របស់យ៉ូសែប។ ក្រោយពីគាត់បានត្រូវគេចោទប្រកាន់មិនពិតនិងចាប់ដាក់គុក តើអ្នកគិតថាគាត់មានអារម្មណ៍ថាគាត់ជោគជ័យក្នុងគ្រប់ការឬទេ? តើយ៉ូសែបចង់បានអ្វីខ្លាំងបំផុត? តើជាការពេញចិត្តពីមេគុកឬ? យ៉ូសែបទំនងជាចង់មានសេរីភាព។ គាត់ថែមទាំងបានសុំអ្នកទោសម្នាក់ទៀតដែលហៀបនឹងត្រូវគេដោះលែងពីគុកឲ្យនិយាយជាមួយផារ៉ូអំពីគាត់ដើម្បីគាត់អាចចេញពីគុកដ៏កំសត់នោះ។ (ដក. ៤០:១៤) ប៉ុន្តែ បុរសនោះមិនបាននិយាយជាមួយផារ៉ូភ្លាមៗទេ។ ដូច្នេះ យ៉ូសែប បានជាប់គុកពីរឆ្នាំទៀត។ (ដក. ៤០:២៣; ៤១:១, ១៤) ក៏ប៉ុន្តែ ព្រះយេហូវ៉ាបន្តជួយយ៉ូសែបឲ្យជោគជ័យ។ តើតាមរបៀបណា?
១១. តើព្រះយេហូវ៉ាបានឲ្យយ៉ូសែបសមត្ថភាពពិសេសអ្វី ហើយតើនេះបានជួយឲ្យសម្រេចគោលបំណងរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១១ កាលដែលយ៉ូសែបជាប់គុក ព្រះយេហូវ៉ាបានបណ្ដាលឲ្យស្ដេចស្រុកអេហ្ស៊ីបមានសុបិនពីរដែលធ្វើឲ្យគាត់មិនស្រណុកចិត្តសោះ។ ផារ៉ូចង់ដឹងជាខ្លាំងអំពីអត្ថន័យនៃសុបិនទាំងនោះ។ ពេលគាត់បានឮថាយ៉ូសែបមានសមត្ថភាពកាត់ស្រាយសុបិន គាត់បានចាត់គេឲ្យទៅយកយ៉ូសែប។ ដោយមានជំនួយពីព្រះយេហូវ៉ា យ៉ូសែបបានកាត់ស្រាយសុបិនទាំងនោះ ហើយបានជូនយោបល់ល្អដល់ផារ៉ូដែលធ្វើឲ្យគាត់កោតស្ងើច។ ដោយឃើញថាព្រះយេហូវ៉ានៅជាមួយបុរសវ័យក្មេងនេះ ផារ៉ូបានតែងតាំងយ៉ូសែបឲ្យធ្វើជាអ្នកចាត់ចែងស្បៀងអាហារលើស្រុកអេហ្ស៊ីបទាំងមូល។ (ដក. ៤១:៣៨, ៤១-៤៤) ក្រោយមក មានការអត់ឃ្លានយ៉ាងខ្លាំងបានកើតឡើង ដែលមិនគ្រាន់តែមានឥទ្ធិពលទៅលើស្រុកអេហ្ស៊ីបប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលទៅលើស្រុកកាណាន ជាទឹកដីដែលក្រុមគ្រួសាររបស់យ៉ូសែបរស់នៅផងដែរ។ ឥឡូវយ៉ូសែបអាចសង្គ្រោះក្រុមគ្រួសាររបស់គាត់ ហើយនេះមានន័យថាក្រោយមក ពួកគេអាចបន្តពូជពង្សដែលនាំទៅដល់មេស្ស៊ី។
១២. តើព្រះយេហូវ៉ាបានជួយយ៉ូសែបឲ្យជោគជ័យតាមរបៀបណាខ្លះ?
១២ សូមគិតអំពីរឿងមិនធម្មតាដែលបានកើតឡើងក្នុងជីវិតរបស់យ៉ូសែប។ តើអ្នកណាបានធ្វើឲ្យប៉ូទីផារចាប់អារម្មណ៍យ៉ូសែបដែលគ្រាន់តែជាខ្ញុំបម្រើម្នាក់? តើអ្នកណាបានធ្វើឲ្យមេគុកពេញចិត្តយ៉ូសែបដែលគ្រាន់តែជាអ្នកទោសម្នាក់? តើអ្នកណាបានធ្វើឲ្យផារ៉ូមានសុបិនដែលធ្វើឲ្យគាត់មិនស្រណុកចិត្ត ហើយឲ្យសមត្ថភាពដល់យ៉ូសែបដើម្បីកាត់ស្រាយសុបិនទាំងនោះ? តើអ្នកណាជំរុញចិត្តផារ៉ូឲ្យតែងតាំងយ៉ូសែបឲ្យធ្វើជាអ្នកចាត់ចែងស្បៀងអាហារលើស្រុកអេហ្ស៊ីប? (ដក. ៤៥:៥) គឺច្បាស់ណាស់ព្រះយេហូវ៉ាបានធ្វើឲ្យយ៉ូសែបជោគជ័យក្នុងគ្រប់ការដែលគាត់ធ្វើ។ ទោះជាបងប្រុសៗរបស់យ៉ូសែបចង់សម្លាប់គាត់ក៏ដោយ ព្រះយេហូវ៉ាបានកែប្រែស្ថានភាពនោះដើម្បីលោកអាចសម្រេចគោលបំណងរបស់លោក។
របៀបព្រះយេហូវ៉ាធ្វើឲ្យអ្នកជោគជ័យ
១៣. តើព្រះយេហូវ៉ាគ្រប់គ្រងអ្វីទាំងអស់ដែលកើតឡើងចំពោះយើងឬទេ? សូមពន្យល់។
១៣ តើយើងរៀនអ្វីពីកំណត់ហេតុអំពីយ៉ូសែប? តើព្រះយេហូវ៉ាចាត់វិធានការក្នុងគ្រប់ស្ថានភាពដែលយើងជួបឬទេ? តើលោកកែប្រែអ្វីទាំងអស់ដែលកើតឡើងក្នុងជីវិតរបស់យើង ដើម្បីឲ្យរឿងមិនល្អដែលកើតឡើងគឺសម្រាប់មូលហេតុ ល្អឬ? មិនមែនទេ! គម្ពីរមិនបង្រៀនដូច្នេះទេ។ (អទ. ៨:៩; ៩:១១) ប៉ុន្តែ យើងដឹងថាពេលយើងជួបទុក្ខលំបាក ព្រះយេហូវ៉ាដឹង ហើយលោកស្ដាប់ការស្រែកសុំជំនួយរបស់យើង។ (ចសព. ៣៤:១៥; ៥៥:២២; អេ. ៥៩:១) បន្ថែមទៅទៀត ព្រះយេហូវ៉ាអាចជួយយើងឲ្យស៊ូទ្រាំនឹងការពិបាកដោយជោគជ័យ។ តើតាមរបៀបណា?
១៤. តើព្រះយេហូវ៉ាជួយយើងយ៉ាងដូចម្ដេចនៅពេលមានទុក្ខលំបាក?
១៤ របៀបមួយដែលព្រះយេហូវ៉ាជួយយើងគឺដោយផ្ដល់ការសម្រាលទុក្ខនិងការលើកទឹកចិត្តដែលច្រើនតែចំពេល។ (២កូ. ១:៣, ៤) នេះបានកើតឡើងចំពោះបងប្រុសម្នាក់ឈ្មោះអេស៊ីសនៅប្រទេសតួកម៉េនីស្ថាន ដែលបានត្រូវកាត់ទោសឲ្យជាប់គុកពីរឆ្នាំដោយសារជំនឿរបស់គាត់។ គាត់និយាយថា៖ «នៅព្រឹកនៃថ្ងៃកាត់ក្ដីរបស់ខ្ញុំ បងប្រុសម្នាក់បានបង្ហាញខ្ញុំអេសាយ ៣០:១៥ ដែលចែងថា៖ ‹ចូររក្សាចិត្តស្ងប់និងមានទំនុកចិត្តលើខ្ញុំ នោះអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ›។ ខនេះតែងតែបានជួយខ្ញុំឲ្យរក្សាចិត្តស្ងប់និងពឹងផ្អែកលើព្រះយេហូវ៉ាក្នុងការទាំងអស់។ ការរំពឹងគិតអំពីខនេះបានជួយខ្ញុំរហូតមកក្នុងអំឡុងពេលខ្ញុំជាប់គុក»។ តើអ្នកអាចគិតអំពីពេលមួយក្នុងជីវិតរបស់អ្នកដែលព្រះយេហូវ៉ាបានជួយអ្នក ដោយផ្ដល់ការសម្រាលទុក្ខនិងការលើកទឹកចិត្តនៅពេលដែលអ្នកត្រូវការបំផុតឬទេ?
១៥-១៦. តើអ្នករៀនអ្វីពីបទពិសោធន៍របស់បងថូរី?
១៥ យើងច្រើនតែមិនឃើញរបៀបដែលព្រះយេហូវ៉ាបានជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាករហូតដល់ឆ្លងផុតទុក្ខលំបាកនោះ។ បងស្រីម្នាក់ឈ្មោះថូរីបានយល់ថានេះគឺជាការពិត។ កូនប្រុសរបស់គាត់ឈ្មោះមេសិនបានតយុទ្ធនឹងជំងឺមហារីកអស់៦ឆ្នាំរហូតដល់គាត់ស្លាប់។ បងថូរីឈឺចិត្តណាស់។ គាត់និយាយថា៖ «ក្នុងនាមជាម្ដាយ ខ្ញុំគិតថាមិនអាចមានអ្វីដែលធ្វើឲ្យឈឺចាប់ជាងនេះទេ»។ គាត់បន្ថែមទៀតថា៖ «ខ្ញុំជឿថាឪពុកម្ដាយផ្សេងទៀតក៏យល់ស្របថាការឃើញកូនរងទុក្ខគឺឈឺចាប់ជាងខ្លួនឯងរងទុក្ខទៅទៀត»។
១៦ ទោះជាការឃើញកូនប្រុសរបស់ខ្លួនរងទុក្ខជាខ្លាំងធ្វើ ឲ្យបងថូរីឈឺចិត្តក្ដី ក្រោយមកគាត់បានគិតអំពីរបៀបដែលព្រះយេហូវ៉ាបានជួយគាត់ឲ្យស៊ូទ្រាំ។ គាត់និយាយថា៖ «ពេលខ្ញុំគិតអំពីគ្រានោះ ខ្ញុំអាចឃើញរបៀបដែលព្រះយេហូវ៉ាបានជួយខ្ញុំក្នុងអំឡុងពេលកូនខ្ញុំឈឺ។ ជាឧទាហរណ៍ សូម្បីតែពេលមេសិនឈឺខ្លាំងរហូតដល់មិនអាចជួបអ្នកមកសួរសុខទុក្ខគាត់ ក៏បងប្អូនយើងធ្វើដំណើរអស់ពីរម៉ោងដើម្បីមកមន្ទីរពេទ្យ។ តែងតែមានអ្នកនៅបន្ទប់រង់ចាំដែលប្រុងប្រៀបនិងស្ម័គ្រចិត្តជួយយើង។ បងប្អូនក៏បានផ្ដល់អ្វីដែលយើងត្រូវការដែរ។ សូម្បីតែនៅគ្រាដ៏ពិបាកជាខ្លាំង ក៏យើងមិនដែលខ្វះខាតអ្វីទេ»។ ព្រះយេហូវ៉ាបានផ្ដល់អ្វីដែលបងថូរីត្រូវការដើម្បីស៊ូទ្រាំ ហើយលោកបានធ្វើដូច្នេះដែរចំពោះមេសិន (សូមមើលប្រអប់ដែលមានចំណងជើងថា« ព្រះយេហូវ៉ាបានឲ្យយើងនូវអ្វីដែលយើងត្រូវការ»)។
សូមនឹកចាំអំពីពរពីព្រះយេហូវ៉ា
១៧-១៨. តើអ្វីនឹងជួយយើងឲ្យកត់សម្គាល់និងមានចិត្តកតញ្ញូចំពោះការគាំទ្រពីព្រះយេហូវ៉ាក្នុងអំឡុងពេលដែលយើងមានទុក្ខលំបាក? (ចម្រៀងសរសើរព្រះ ៤០:៥)
១៧ សូមអាន ចម្រៀងសរសើរព្រះ ៤០:៥។ គោលដៅរបស់អ្នកឡើងភ្នំគឺឡើងដល់កំពូល។ ប៉ុន្តែ នៅតាមផ្លូវមានកន្លែងជាច្រើនដែលគាត់អាចឈប់មើលទេសភាពស្អាតៗ។ ស្រដៀងគ្នាដែរ សូមលៃទុកពេលជាទៀងទាត់ ដើម្បីផ្អាកនិងរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាកំពុងជួយអ្នកឲ្យជោគជ័យ សូម្បីតែនៅពេលដែលអ្នកមានការពិបាកក្ដី។ រៀងរាល់យប់មុនពេលចូលគេង សូមសួរខ្លួនអ្នកថា ‹តើតាមរបៀបណាខ្ញុំបានឃើញពរពីព្រះយេហូវ៉ានៅថ្ងៃនេះ? ទោះជាទុក្ខលំបាករបស់ខ្ញុំនៅតែមានក្ដី តើព្រះយេហូវ៉ាកំពុងជួយខ្ញុំឲ្យស៊ូទ្រាំយ៉ាងដូចម្ដេច?›។ សូមរកមើលយ៉ាងហោចណាស់ពរមួយពីព្រះយេហូវ៉ាដែលបានជួយអ្នក។
១៨ ពិតមែន អ្នកប្រហែលជាអធិដ្ឋានឲ្យទុក្ខលំបាកណាមួយរបស់អ្នកលែងមានទៀត។ នេះគឺមិនចម្លែក ហើយសមត្រឹមត្រូវ។ (ភី. ៤:៦) ប៉ុន្តែ យើងក៏គួរកត់សម្គាល់ពរដែលយើងមាននៅឥឡូវនេះ។ ព្រះយេហូវ៉ាសន្យាថា លោកនឹងពង្រឹងកម្លាំងយើងនិងជួយយើងឲ្យស៊ូទ្រាំ។ ដូច្នេះ សូមមានចិត្តកតញ្ញូជានិច្ចដែលព្រះយេហូវ៉ាគាំទ្រអ្នក។ យ៉ាងនេះ អ្នកនឹងឃើញអំពីរបៀបដែលលោកកំពុងជួយអ្នកឲ្យជោគជ័យ ដូចដែលលោកបានធ្វើចំពោះយ៉ូសែប សូម្បីតែក្នុងអំឡុងពេលដែលមានទុក្ខវេទនាក្ដី។—ដក. ៤១:៥១, ៥២
ចម្រៀងលេខ៣២ ចូរមកខាងព្រះយេហូវ៉ា!
a ពេលយើងកំពុងជួបទុក្ខលំបាក យើងប្រហែលជាមិនគិតថាយើងជាបុគ្គលជោគជ័យទេ។ យើងប្រហែលជាគិតថាពាក្យនោះសំដៅលើតែពេលដែលយើងបានឆ្លងផុតទុក្ខលំបាកនោះហើយ។ ប៉ុន្តែ អ្វីដែលបានកើតឡើងក្នុងជីវិតរបស់យ៉ូសែបបង្រៀនយើងនូវមេរៀនដ៏សំខាន់ចាំបាច់មួយគឺថា ព្រះយេហូវ៉ាអាចជួយយើងឲ្យជោគជ័យ សូម្បីតែពេលដែលយើងកំពុងជួបទុក្ខលំបាកក្ដី។ តើតាមរបៀបណា? អត្ថបទនេះនឹងជួយពន្យល់។
b គម្ពីររៀបរាប់អំពីការផ្លាស់ប្ដូរដំបូងទាំងនេះពេលយ៉ូសែបជាខ្ញុំបម្រើនៅប៉ុន្មានខប៉ុណ្ណោះ ប៉ុន្តែការផ្លាស់ប្ដូរទាំងនេះប្រហែលជាកើតឡើងអស់រយៈពេលជាច្រើនឆ្នាំ។