អត្ថបទសិក្សា ៤
ព្រះយេហូវ៉ាឲ្យពរចំពោះការខំព្យាយាមរបស់យើងដើម្បីចូលរួមពិធីរំលឹក
«ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ»។—លូក. ២២:១៩
ចម្រៀងលេខ១៩ អាហារល្ងាចរបស់លោកម្ចាស់
សេចក្ដីសង្ខេប a
១-២. ហេតុអ្វីយើងចូលរួមពិធីរំលឹកជារៀងរាល់ឆ្នាំ?
ជិត២.០០០ឆ្នាំមុន លោកយេស៊ូបានឲ្យជីវិតរបស់លោកដើម្បីជាប្រយោជន៍ដល់យើង ហើយនោះបើកឱកាសឲ្យយើងអាចទទួលជីវិតដែលគ្មានទីបញ្ចប់។ នៅយប់មុនដែលលោកស្លាប់ លោកបានបង្គាប់ពួកអ្នកកាន់តាមលោកឲ្យនឹកចាំអំពីការប្រព្រឹត្តដែលប្រកបដោយសេចក្ដីស្រឡាញ់នេះ តាមរយៈពិធីដ៏សាមញ្ញមួយដែលមាននំប៉័ងនិងស្រា។—១កូ. ១១:២៣-២៦
២ យើងធ្វើតាមបង្គាប់របស់លោកយេស៊ូ ដោយសារយើងស្រឡាញ់លោកខ្លាំងណាស់។ (យ៉ូន. ១៤:១៥) រាល់ឆ្នាំក្នុងអំឡុងរដូវពិធីរំលឹក យើងបង្ហាញចិត្តកតញ្ញូរបស់យើងចំពោះអ្វីដែលលោកបានធ្វើ ដោយលៃទុកពេលរំពឹងគិតនិងអធិដ្ឋានអំពីអត្ថន័យនៃការស្លាប់របស់លោកយេស៊ូ។ យើងក៏សប្បាយធ្វើថែមទៀតក្នុងកិច្ចបម្រើផ្សាយ ដោយអញ្ជើញមនុស្សឲ្យបានច្រើនបំផុតឲ្យចូលរួមពិធីពិសេសនេះជាមួយយើង។ យើងតាំងចិត្តមិនឲ្យអ្វីណាក៏ដោយរារាំងយើងពីការចូលរួមពិធីរំលឹកឡើយ។
៣. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
៣ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបបីយ៉ាងដែលរាស្ត្ររបស់ព្រះយេហូវ៉ាបានខំអស់ពីសមត្ថភាពដើម្បីរំលឹកអំពីមរណភាពរបស់លោកយេស៊ូ៖ (១) ដោយធ្វើពិធីរំលឹកមរណភាពតាមលំនាំដែលលោកយេស៊ូបានទុកឲ្យ (២) ដោយអញ្ជើញអ្នកឯទៀតឲ្យចូលរួមពិធីនោះ និង(៣) ដោយធ្វើពិធីរំលឹកមរណភាព ទោះជាមានការពិបាកក្ដី។
ការធ្វើពិធីរំលឹកតាមលំនាំដែលលោកយេស៊ូបានទុកឲ្យ
៤. រាល់ឆ្នាំ តើយើងពិចារណាអំពីសេចក្ដីពិតអ្វីខ្លះនៅពិធីរំលឹក ហើយហេតុអ្វីយើងគួរឲ្យតម្លៃចំពោះសេចក្ដីពិតទាំងនោះ? (លូកា ២២:១៩, ២០)
៤ រាល់ឆ្នាំនៅពិធីរំលឹក យើងស្ដាប់សុន្ទរកថាពីគម្ពីរដែលផ្ដល់ចម្លើយយ៉ាងច្បាស់ចំពោះសំណួរមួយចំនួន។ យើងរៀនអំពីមូលហេតុដែលមនុស្សត្រូវការថ្លៃលោះ និងរបៀបដែលសេចក្ដីស្លាប់របស់បុរសម្នាក់អាចទូទាត់សងចំពោះការខុសឆ្គងរបស់មនុស្សជាច្រើន។ យើងក៏រៀនថានំប៉័ងនិងស្រាជាតំណាងអ្វី ហើយអ្នកណាគួរបរិភោគវត្ថុតំណាងទាំងនោះ។ (សូមអាន លូកា ២២:១៩, ២០) យើងក៏រំពឹងគិតអំពីពរដែលពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដីនឹងទទួលផងដែរ។ (អេ. ៣៥:៥, ៦; ៦៥:១៧, ២១-២៣) យើងគួរឲ្យតម្លៃចំពោះសេចក្ដីពិតទាំងនេះ។ មនុស្សរាប់លាននាក់មិនស្គាល់សេចក្ដីពិតទាំងនេះ ហើយពួកគេមិនឲ្យតម្លៃចំពោះគ្រឿងបូជារបស់លោកយេស៊ូឡើយ។ ពួកគេក៏មិនធ្វើពិធីរំលឹកស្របតាមលំនាំដែលលោកយេស៊ូបានទុកឲ្យដែរ។ ហេតុអ្វី?
៥. ក្រោយពីពួកសាវ័កភាគច្រើនបានស្លាប់ តើមនុស្សបានចាប់ផ្ដើមធ្វើពិធីដើម្បីរំលឹកមរណភាពរបស់លោកយេស៊ូយ៉ាងដូចម្ដេច?
៥ មិនយូរក្រោយពីពួកសាវ័កភាគច្រើនរបស់លោកយេស៊ូបានស្លាប់ គ្រិស្តសាសនិកក្លែងក្លាយបានចូលក្នុងក្រុមជំនុំ។ (ម៉ាថ. ១៣:២៤-២៧, ៣៧-៣៩) ពួកគេបាន«និយាយបង្ខុសសេចក្ដីពិត ដើម្បីអូសទាញពួកអ្នកកាន់តាមឲ្យទៅតាមពួកគេវិញ»។ (សកម្ម. ២០:២៩, ៣០) អ្វីមួយដែល«បង្ខុសសេចក្ដីពិត»ដែលគ្រិស្តសាសនិកក្លែងក្លាយចាប់ផ្ដើមបង្រៀននៅពេលក្រោយមកគឺថា លោកយេស៊ូមិនបានប្រគល់រូបកាយខ្លួន‹មួយដងជាការស្រេច ដើម្បីទទួលយកការខុសឆ្គងរបស់មនុស្សជាច្រើន›ដូចគម្ពីរចែងឡើយ តែបែរជាថាគ្រឿងបូជារបស់លោកត្រូវប្រគល់ម្ដងហើយម្ដងទៀតវិញ។ (ហេ. ៩:២៧, ២៨) សព្វថ្ងៃនេះ មនុស្សជាច្រើនដែលមានចិត្តស្មោះជឿសេចក្ដីបង្រៀនមិនពិតនេះ។ ពួកគេជួបជុំគ្នានៅវិហារជារៀងរាល់សប្ដាហ៍ ជួនកាលជារៀងរាល់ថ្ងៃដើម្បីធ្វើពិធីបូជារបស់លោកយេស៊ូដែលពួកគេហៅថា«អភិបូជា»។ b សាសនាផ្សេងទៀតធ្វើពិធីមួយដើម្បីរំលឹកអំពីមរណភាពរបស់លោកយេស៊ូមិនសូវញឹកញាប់ទេ ប៉ុន្តែសមាជិកភាគច្រើនមិនយល់ច្បាស់អំពីអត្ថន័យនៃគ្រឿងបូជារបស់លោកយេស៊ូឡើយ។ អ្នកខ្លះប្រហែលជាឆ្ងល់ថា ‹តើការស្លាប់របស់លោកយេស៊ូពិតជាមានន័យថាការខុសឆ្គងរបស់ខ្ញុំអាចទទួលការអភ័យទោសឬ?›។ ហេតុអ្វីពួកគេសួរសំណួរបែបនេះ? ជួនកាល គឺដោយសារពួកគេបានទទួលឥទ្ធិពលពីមនុស្សដែលនិយាយថាអំពើខុសឆ្គងមិនអាចទទួលការអភ័យទោសតាមរយៈការស្លាប់របស់លោកយេស៊ូឡើយ។ តើតាមរបៀបណាអ្នកកាន់តាមពិតរបស់លោកយេស៊ូបានជួយមនុស្សឲ្យយល់អំពីអត្ថន័យនៃគ្រឿងបូជារបស់លោកយេស៊ូ និងរបៀបត្រឹមត្រូវដើម្បីធ្វើពិធីរំលឹកមរណភាពរបស់លោក?
៦. នៅឆ្នាំ១៨៧២ តើនិស្សិតគម្ពីរមួយក្រុមបានយល់អំពីអ្វី?
៦ នៅចុងសតវត្សរ៍ទី១៩ និស្សិតគម្ពីរមួយក្រុមដែលបានត្រូវដឹកនាំដោយបងឆាល ថេស រ៉ាសិលបានចាប់ផ្ដើមសិក្សាបទគម្ពីរយ៉ាងយកចិត្តទុកដាក់។ ពួកគេចង់ដឹងសេចក្ដីពិតអំពីតម្លៃនៃគ្រឿងបូជារបស់គ្រិស្តនិងរបៀបដែលគួររំលឹកអំពីមរណភាពរបស់លោក។ នៅឆ្នាំ១៨៧២ ពួកគេបានយល់ថាលោកយេស៊ូពិតជាបានផ្ដល់ថ្លៃលោះសម្រាប់មនុស្សជាតិទាំងអស់។ ពួកគេមិនបានលាក់អ្វីដែលពួកគេបានរកឃើញទេ។ ផ្ទុយទៅវិញ ពួកគេបានផ្សាយអ្វីទាំងនេះដល់អ្នកឯទៀតឲ្យស្គាល់ដោយប្រើសៀវភៅ កាសែត និងទស្សនាវដ្ដី។ មិនយូរក្រោយមក ដោយយកតម្រាប់គ្រិស្តសាសនិកនៅសតវត្សរ៍ទី១ ពួកគេបានចាប់ផ្ដើមជួបជុំគ្នាមួយឆ្នាំតែមួយដងដើម្បីធ្វើពិធីរំលឹក។
៧. តើយើងទទួលប្រយោជន៍យ៉ាងណាពីការស្រាវជ្រាវរបស់និស្សិតគម្ពីរនៅច្រើនឆ្នាំមុននោះ?
៧ សព្វថ្ងៃនេះ យើងទទួលប្រយោជន៍ពីការស្រាវជ្រាវ ដែលបុរសជាគ្រិស្តសាសនិកទាំងនោះបានធ្វើអស់ជាច្រើនឆ្នាំមុន។ តើតាមរបៀបណា? ព្រះយេហូវ៉ាបានជួយយើងឲ្យយល់អំពីអត្ថន័យនៃគ្រឿងបូជារបស់លោកយេស៊ូនិងអ្វីដែលគ្រឿងបូជានោះនឹងធ្វើសម្រាប់យើងនិងមនុស្សជាតិទាំងអស់។ (១យ៉ូន. ២:១, ២) យើងក៏បានរៀនថាគម្ពីរផ្ដល់សេចក្ដីសង្ឃឹមពីរសម្រាប់មនុស្សដែលព្រះពេញចិត្ត ពោលគឺជីវិតអមតៈនៅស្ថានសួគ៌សម្រាប់មនុស្សមួយចំនួននិងជីវិតដែលគ្មានទីបញ្ចប់នៅលើផែនដីសម្រាប់មនុស្សរាប់លាននាក់ទៀត។ យើងចូលកាន់តែជិតព្រះយេហូវ៉ាកាលដែលយើងពិចារណាអំពីសេចក្ដីស្រឡាញ់ដ៏ធំធេងដែលលោកមានចំពោះយើង និងប្រយោជន៍ជាច្រើនដែលយើងទទួលផ្ទាល់ពីគ្រឿងបូជារបស់លោកយេស៊ូ។ (១ពេ. ៣:១៨; ១យ៉ូន. ៤:៩) ដូច្នេះ ដូចបងប្រុសៗដ៏ស្មោះត្រង់នៅអតីតកាល យើងអញ្ជើញអ្នកឯទៀតឲ្យចូលរួមជាមួយយើងពេលធ្វើពិធីរំលឹកតាមលំនាំដែលលោកយេស៊ូបានទុកឲ្យ។
ការអញ្ជើញអ្នកឯទៀតឲ្យចូលរួមពិធីរំលឹក
៨. តើរាស្ត្ររបស់ព្រះយេហូវ៉ាបានធ្វើអ្វីខ្លះដើម្បីអញ្ជើញអ្នកឯទៀតឲ្យមកពិធីរំលឹក? (សូមមើលរូបភាព)
៨ រាស្ត្រព្រះយេហូវ៉ាអញ្ជើញមនុស្សឲ្យចូលរួមពិធីរំលឹកអស់ជាច្រើនឆ្នាំមកហើយ។ នៅឆ្នាំ១៨៨១ បងប្អូននៅសហរដ្ឋអាម៉េរិកបានត្រូវអញ្ជើញឲ្យជួបជុំគ្នានៅផ្ទះរបស់បងប្រុសម្នាក់នាក្រុងអាលីគេនី រដ្ឋប៉ិនស៊ីវ៉ានី ដើម្បីធ្វើពិធីពិសេសនេះ។ ក្រោយមក ក្រុមជំនុំនីមួយៗធ្វើពិធីរំលឹករៀងៗខ្លួន។ នៅខែមីនា ឆ្នាំ១៩៤០ អ្នកផ្សាយបានត្រូវប្រាប់ថាពួកគេអាចអញ្ជើញអ្នកណាក៏បានក្នុងតំបន់ផ្សាយរបស់ពួកគេដែលបង្ហាញចំណាប់អារម្មណ៍។ នៅឆ្នាំ១៩៦០ បេតអែលបានផ្ដល់លិខិតអញ្ជើញជាឯកសារបោះពុម្ពដល់ក្រុមជំនុំនានាជាលើកដំបូង។ តាំងពីពេលនោះ លិខិតអញ្ជើញសម្រាប់ពិធីរំលឹករាប់ពាន់លានបានត្រូវចែកចាយ។ ហេតុអ្វីយើងចំណាយពេលនិងកម្លាំងជាច្រើនដើម្បីអញ្ជើញអ្នកឯទៀត?
៩-១០. តើអ្នកណាទទួលប្រយោជន៍ពីការខំប្រឹងរបស់យើងឲ្យអញ្ជើញអ្នកឯទៀតមកពិធីរំលឹក? (យ៉ូហាន ៣:១៦)
៩ មូលហេតុមួយដែលយើងអញ្ជើញអ្នកឯទៀតឲ្យចូលរួមពិធីរំលឹកជាមួយយើងគឺថា យើងចង់ឲ្យពួកអ្នកដែលចូលរួមជាលើកដំបូងរៀនសេចក្ដីពិតអំពីអ្វីដែលព្រះយេហូវ៉ានិងលោកយេស៊ូបានធ្វើសម្រាប់យើងទាំងអស់គ្នា។ (សូមអាន យ៉ូហាន ៣:១៦) យើងសង្ឃឹមថាអ្វីដែលពួកគេឃើញនិងឮនៅពិធីរំលឹកនឹងជំរុញចិត្តពួកគេឲ្យរៀនថែមទៀត ហើយទៅជាអ្នកបម្រើព្រះយេហូវ៉ា។ ប៉ុន្តែ អ្នកផ្សេងទៀតក៏ទទួលប្រយោជន៍ផងដែរ។
១០ យើងក៏អញ្ជើញពួកអ្នកដែលលែងបម្រើព្រះយេហូវ៉ា។ យើងធ្វើដូច្នេះដើម្បីរំលឹកពួកគេថាព្រះនៅតែស្រឡាញ់ពួកគេ។ មនុស្សជាច្រើនព្រមទទួលការអញ្ជើញពីយើង ហើយយើងសប្បាយចិត្តជាខ្លាំងឃើញពួកគេ។ ការចូលរួមពិធីរំលឹកមរណភាពរបស់គ្រិស្ត រំលឹកពួកគេអំពីអំណរដែលពួកគេមានពីការបម្រើព្រះយេហូវ៉ានៅអតីតកាល។ សូមគិតអំពីគំរូរបស់បងស្រីម៉ូនីកា។ c ក្នុងអំឡុងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ គាត់បានចាប់ផ្ដើមផ្សព្វផ្សាយម្ដងទៀត។ ក្រោយពីចូលរួមពិធីរំលឹកនៅឆ្នាំ២០២១ គាត់និយាយថា៖ «ពិធីរំលឹកនេះពិសេសណាស់ចំពោះខ្ញុំ។ ជាលើកទី១ក្នុងរយៈពេល២០ឆ្នាំដែលខ្ញុំអាចផ្សព្វផ្សាយដល់មនុស្សឯទៀត និងអញ្ជើញពួកគេឲ្យចូលរួមពិធីរំលឹក។ ខ្ញុំខំអស់ពីសមត្ថភាពដើម្បីអញ្ជើញអ្នកឯទៀត ដោយសារខ្ញុំមានចិត្តកតញ្ញូជាខ្លាំងចំពោះអ្វីដែលព្រះយេហូវ៉ានិងលោកយេស៊ូបានធ្វើសម្រាប់ខ្ញុំ»។ (ចសព. ១០៣:១-៤) មិនថាមនុស្សព្រមទទួលការអញ្ជើញពីយើងឬមិនព្រមទទួលក្ដី យើងខំអស់ពីសមត្ថភាពដើម្បីអញ្ជើញពួកគេឲ្យចូលរួមពិធីរំលឹក ដោយដឹងថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះការខំប្រឹងរបស់យើង។
១១. តើព្រះយេហូវ៉ាបានឲ្យពរអ្វីមកលើការខំប្រឹងរបស់យើងឲ្យអញ្ជើញអ្នកឯទៀតមកពិធីរំលឹក? (ហាកាយ ២:៧)
១១ ព្រះយេហូវ៉ាបានឲ្យពរជាច្រើនចំពោះការខំប្រឹងរបស់យើងដើម្បីអញ្ជើញមនុស្សមកពិធីរំលឹក។ នៅឆ្នាំ២០២១ ទោះជាមានការរឹតបន្ដឹងដោយសាររោគរាតត្បាតនៃជំងឺកូវីដ-១៩ក្ដី យើងមានអ្នកចូលរួម២១.៣៦៧.៦០៣នាក់។ នេះគឺច្រើនជាងចំនួនសាក្សីព្រះយេហូវ៉ានៅទូទាំងពិភពលោកជិតពីរដងកន្លះ! ព្រះយេហូវ៉ាមិនគ្រាន់តែចាប់អារម្មណ៍ចំនួនអ្នកចូលរួមប៉ុណ្ណោះទេ តែលោកចាប់អារម្មណ៍នឹងអ្នកចូលរួមម្នាក់ៗ។ (លូក. ១៥:៧; ១ធី. ២:៣, ៤) យើងជឿជាក់ថាព្រះយេហូវ៉ាប្រើកិច្ចការអញ្ជើញរបស់យើងដើម្បីជួយយើងឲ្យរកឃើញមនុស្សដែលមានចិត្តស្មោះ។—សូមអាន ហាកាយ ២:៧
ការចូលរួមពិធីរំលឹកទោះជាមានការពិបាកក្ដី
១២. តើមានស្ថានភាពអ្វីខ្លះដែលអាចនាំឲ្យពិបាកធ្វើពិធីរំលឹក? (សូមមើលរូបភាព)
១២ លោកយេស៊ូបានប្រាប់ទុកជាមុនថាក្នុងអំឡុងគ្រាចុងក្រោយបង្អស់ យើងនឹងមានការពិបាកជាច្រើនដូចជា ការប្រឆាំងពីក្រុមគ្រួសារ ការបៀតបៀន សង្គ្រាម រោគរាតត្បាតនិងការពិបាកជាច្រើនទៀត។ (ម៉ាថ. ១០:៣៦; ម៉ាក. ១៣:៩; លូក. ២១:១០, ១១) ជួនកាល ស្ថានភាពទាំងនេះអាចនាំឲ្យយើងពិបាកធ្វើពិធីរំលឹកមរណភាពរបស់លោកយេស៊ូ។ តើបងប្អូនយើងបានធ្វើអ្វីដើម្បីយកឈ្នះការពិបាកបែបនេះ ហើយតើព្រះយេហូវ៉ាបានជួយពួកគេយ៉ាងដូចម្ដេច?
១៣. តើព្រះយេហូវ៉ាបានឲ្យពរអ្វីទៅលើបងអរថមចំពោះចិត្តក្លាហាននិងការតាំងចិត្តរបស់គាត់ដើម្បីធ្វើពិធីរំលឹកនៅក្នុងគុក?
១៣ ការជាប់គុក។ បងប្អូនយើងដែលជាប់គុកដោយសារជំនឿរបស់ពួកគេធ្វើអ្វីដែលពួកគេអាចធ្វើបានដើម្បីធ្វើពិធីរំលឹកមរណភាពរបស់លោកយេស៊ូ។ សូមគិតអំពីគំរូរបស់បងប្រុសអរថម។ ក្នុងអំឡុងរដូវពិធីរំលឹកឆ្នាំ២០២០ គាត់បានត្រូវជាប់ឃុំក្នុងបន្ទប់គុកតូចមួយ(ទំហំ១៧ម៉ែត្រការ៉េ) ដែលដាក់អ្នកទោសប្រាំនាក់។ ទោះជាជាប់គុកក្ដី គាត់នៅតែអាចរកបានរបស់របរខ្លះដើម្បីប្រើជាវត្ថុតំណាងនៅពិធីរំលឹក ហើយគាត់មានគម្រោងថ្លែងសុន្ទរកថាពិធីរំលឹក សូម្បីតែគ្មានអ្នកស្ដាប់ក៏ដោយ។ ប៉ុន្តែ អ្នកទោសនៅក្នុងបន្ទប់គុកជាមួយគាត់បានជក់បារីនិងនិយាយពាក្យអសុរោះជាច្រើន។ តើគាត់បានធ្វើអ្វី? គាត់បានសុំពួកគេឲ្យឈប់និយាយពាក្យអសុរោះនិងឈប់ជក់បារីតែមួយម៉ោងប៉ុណ្ណោះ។ បងអរថមភ្ញាក់ផ្អើលដែលអ្នកទោសទាំងនេះបានយល់ព្រមមិនជក់បារីឬពោលពាក្យអាក្រក់ក្នុងអំឡុងពិធីរំលឹក។ បងអរថមនិយាយថា៖ «ខ្ញុំបានប្រាប់ពួកគេថាខ្ញុំអាចពន្យល់ពួកគេអំពីពិធីរំលឹក»។ ដំបូងពួកគេនិយាយថាពួកគេមិនចង់ដឹងទេ តែក្រោយពីឃើញនិងឮបងអរថមធ្វើពិធីរំលឹក ពួកគេបានសួរគាត់សំណួរជាច្រើនអំពីពិធីនោះ។
១៤. តើរាស្ត្រព្រះយេហូវ៉ាបានខំប្រឹងយ៉ាងណាដើម្បីធ្វើពិធីរំលឹក ទោះជាមានរោគរាតត្បាតកូវីដ-១៩ក្ដី?
១៤ រោគរាតត្បាតកូវីដ-១៩។ ពេលរោគរាតត្បាតនេះផ្ទុះឡើង រាស្ត្រព្រះយេហូវ៉ាមិនអាចចូលរួមពិធីរំលឹកដោយផ្ទាល់បានទេ។ ប៉ុន្តែ នេះមិនរារាំងពួកគេពីការធ្វើពិធីរំលឹកឡើយ។ ក្រុមជំនុំដែលអាចភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតបានធ្វើពិធីរំលឹកតាមកម្មវិធីវីដេអូ។ ប៉ុន្តែចុះយ៉ាងណាមនុស្សរាប់លាននាក់ដែលគ្មានអ៊ីនធឺណិត? នៅប្រទេសខ្លះ ការិយាល័យសាខាបានរៀបចំដើម្បីឲ្យមនុស្សអាចមើលសុន្ទរកថាតាមទូរទស្សន៍ឬស្ដាប់តាមវិទ្យុ។ បន្ថែមទៅទៀត ការិយាល័យសាខាបានថតសុន្ទរកថាពិធីរំលឹកជាង៥០០ភាសា ដើម្បីសូម្បីតែអ្នកដែលនៅតំបន់ដាច់ស្រយាល ក៏អាចធ្វើពិធីរំលឹកបានដែរ។ រួចបងប្រុសៗដ៏ស្មោះត្រង់បានរៀបចំផ្ញើសុន្ទរកថានោះទៅពួកអ្នកដែលត្រូវការ។
១៥. តើអ្នករៀនអ្វីពីគំរូរបស់សិស្សគម្ពីរម្នាក់ឈ្មោះស៊ូ?
១៥ ការប្រឆាំងពីក្រុមគ្រួសារ។ ចំពោះអ្នកខ្លះ ការពិបាកដ៏ខ្លាំងបំផុតដើម្បីធ្វើពិធីរំលឹកគឺការប្រឆាំងពីក្រុមគ្រួសារ។ សូមគិតអំពីគំរូរបស់សិស្សគម្ពីរស្រីម្នាក់ឈ្មោះស៊ូ។ នាឆ្នាំ២០២១ នៅថ្ងៃមុនពិធីរំលឹក ស៊ូបានប្រាប់អ្នកបង្រៀនគម្ពីររបស់គាត់ថាដោយសារមានការប្រឆាំងពីអ្នកផ្ទះខ្លះរបស់គាត់ គាត់មិនអាចចូលរួមពិធីរំលឹកបានទេ។ អ្នកបង្រៀនគម្ពីរគាត់អានលូកា ២២:៤៤ ហើយបន្ទាប់មកអ្នកបង្រៀននោះបានពន្យល់គាត់ថាពេលយើងជួបការពិបាក យើងគួរធ្វើតាមគំរូរបស់លោកយេស៊ូ ដោយអធិដ្ឋានទៅព្រះយេហូវ៉ានិងដោយទុកចិត្តលោកទាំងស្រុង។ នៅថ្ងៃបន្ទាប់ ស៊ូបានរៀបចំវត្ថុតំណាង ហើយមើលកម្មវិធីគោរពប្រណិប័តន៍ពេលព្រឹកពិសេសតាមគេហទំព័រjw.org។ នៅល្ងាចថ្ងៃនោះ គាត់បានចូលក្នុងបន្ទប់គេងរបស់គាត់ ហើយស្ដាប់ពិធីរំលឹកតាមទូរស័ព្ទតែម្នាក់ឯង។ ក្រោយមក ស៊ូបានសរសេរទៅកាន់អ្នកបង្រៀនគម្ពីរគាត់ថា៖ «បងបានលើកទឹកចិត្តខ្ញុំច្រើនណាស់កាលពីម្សិលមិញ។ ខ្ញុំខំអស់ពីសមត្ថភាពដើម្បីចូលរួមពិធីរំលឹក ហើយព្រះយេហូវ៉ាបានជួយខ្ញុំ។ ខ្ញុំពិបាកពណ៌នាអំពីចិត្តសប្បាយនិងអំណរគុណដែលខ្ញុំមានចំពោះព្រះយេហូវ៉ាណាស់!»។ តើអ្នកគិតថាព្រះយេហូវ៉ាអាចជួយអ្នក បើអ្នកជួបស្ថានភាពស្រដៀងគ្នាឬទេ?
១៦. ហេតុអ្វីយើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងឲ្យពរចំពោះការខំប្រឹងរបស់យើងឲ្យចូលរួមពិធីរំលឹក? (រ៉ូម ៨:៣១, ៣២)
១៦ ព្រះយេហូវ៉ាឲ្យតម្លៃជាខ្លាំងចំពោះការខំប្រឹងរបស់យើងដើម្បីធ្វើពិធីរំលឹកមរណភាពរបស់លោកយេស៊ូ។ យើងអាចប្រាកដថាលោកនឹងឲ្យពរយើងពេលយើងបង្ហាញចិត្តកតញ្ញូចំពោះអ្វីដែលលោកបានធ្វើសម្រាប់យើង។ (សូមអាន រ៉ូម ៨:៣១, ៣២) យ៉ាងនេះ សូមយើងតាំងចិត្តចូលរួមពិធីរំលឹកឆ្នាំនេះ ហើយធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីចូលរួមឲ្យបានច្រើនជាងក្នុងសកម្មភាពខាងការគោរពប្រណិប័តន៍ក្នុងអំឡុងរដូវពិធីរំលឹក។
ចម្រៀងលេខ១៨ ចូរដឹងគុណព្រះសម្រាប់ថ្លៃលោះ
a នៅថ្ងៃអង្គារទី៤ ខែមេសា ឆ្នាំ២០២៣ មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកនឹងចូលរួមពិធីរំលឹកមរណភាពរបស់គ្រិស្ត។ មនុស្សជាច្រើននឹងចូលរួមជាលើកដំបូង។ ខ្លះទៀតដែលធ្លាប់ជាសាក្សីដែលសកម្មនឹងចូលរួមជាលើកទី១បន្ទាប់ពីខានមកអស់ប៉ុន្មានឆ្នាំ។ អ្នកខ្លះនឹងមានស្ថានភាពដែលធ្វើឲ្យពួកគេពិបាកចូលរួមពិធីនេះ ប៉ុន្តែពួកគេនឹងនៅតែចូលរួម។ មិនថាអ្នកមានស្ថានភាពយ៉ាងណាក្ដី អ្នកអាចប្រាកដថាព្រះយេហូវ៉ាសប្បាយចិត្តដែលអ្នកខំព្យាយាមមានវត្តមាននៅទីនោះ។
b ពួកអ្នកទាំងនោះជឿថាក្នុងអំឡុងពិធីនោះ នំប៉័ងនិងស្រាបានត្រូវផ្លាស់ប្ដូរទៅជារូបកាយនិងឈាមរបស់គ្រិស្ត។ ពួកគេគិតថារូបកាយនិងឈាមរបស់លោកយេស៊ូគឺហាក់ដូចជាត្រូវបូជារាល់ដងដែលបុគ្គលម្នាក់ចូលរួមពិធីនេះ។
c ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។