លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៥

ចូរកុំធ្វើឲ្យ«អ្នកតូចបែបនេះ»ជំពប់ដួលឡើយ

ចូរកុំធ្វើឲ្យ«អ្នកតូចបែបនេះ»ជំពប់ដួលឡើយ

​«​កុំ​ឲ្យ​មើល​ងាយ​អ្នក​តូច​បែប​នេះ​ឡើយ​»។—ម៉ាថ. ១៨:១០

ចម្រៀង​លេខ​១១៣ យើង​មាន​សេចក្ដី​សុខ​សាន្ត

សេចក្ដី​សង្ខេប *

១. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ចំពោះ​យើង​ម្នាក់​ៗ​?

ព្រះ​យេហូវ៉ា​បាន​ទាញ​នាំ​យើង​ម្នាក់​ៗ​មក​ឯ​លោក។ (​យ៉ូន. ៦:៤៤​) សូម​គិត​អំពី​ពាក្យ​ទាំង​នេះ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? កាល​ដែល​ព្រះ​យេហូវ៉ា​ពិនិត្យ​មើល​មនុស្ស​រាប់​ពាន់​លាន​នាក់​នៅ​ក្នុង​ពិភព​លោក​នេះ លោក​បាន​ឃើញ​ថា​អ្នក​មាន​អ្វី​ដែល​មាន​តម្លៃ ពោល​គឺ​អ្នក​មាន​ចិត្ត​ស្មោះ ហើយ​ថា​អ្នក​អាច​ស្រឡាញ់​លោក។ (​១រប. ២៨:៩​) ព្រះ​យេហូវ៉ា​ស្គាល់​អ្នក យល់​អំពី​អ្នក និង​ស្រឡាញ់​អ្នក។ នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​យើង​មែន!

២. តើ​តាម​របៀប​ណា​លោក​យេស៊ូ​ជួយ​យើង​ឲ្យ​យល់​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ម្នាក់​ៗ​?

ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក ហើយ​លោក​ក៏​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​របស់​អ្នក​ដែរ។ ដើម្បី​ពន្យល់​អំពី​ចំណុច​នេះ លោក​យេស៊ូ​បាន​ប្រដូច​ព្រះ​យេហូវ៉ា​ទៅ​នឹង​គង្វាល​ចៀម​ម្នាក់។ បើ​ចៀម​១​ក្បាល​ក្នុង​ចំណោម​ចៀម​១០០​ក្បាល​វង្វេង​បាត់​ពី​ហ្វូង តើ​គង្វាល​នឹង​ធ្វើ​អ្វី? គាត់​នឹង​«​ទុក​ចៀម​កៅសិប​ប្រាំ​បួន​ក្បាល​នៅ​លើ​ភ្នំ រួច​ទៅ​ស្វែង​រក​ចៀម​មួយ​ដែល​វង្វេង​បាត់​នោះ​»។ ពេល​គង្វាល​រក​ឃើញ​ចៀម​ដែល​វង្វេង​បាត់​នោះ គាត់​នឹង​មិន​ស្ដី​បន្ទោស​វា​ទេ។ គាត់​នឹង​អរ​សប្បាយ​វិញ។ តើ​ឧទាហរណ៍​នេះ​មាន​មេ​រៀន​អ្វី? ចៀម​នីមួយ​ៗ​គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​មិន​ចង់​ឲ្យ​អ្នក​តូច​ណា​ម្នាក់​បែប​នេះ​វិនាស​ឡើយ​»។—ម៉ាថ. ១៨:១២​-​១៤

៣. តើ​យើង​នឹង​ស្វែង​យល់​អំពី​ចំណុច​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

យើង​ប្រាកដ​ជា​មិន​ចង់​ធ្វើ​ឲ្យ​បង​ប្អូន​របស់​យើង​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ តើ​យើង​អាច​ជៀស​វាង​ពី​ការ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល​យ៉ាង​ដូច​ម្ដេច? តើ​យើង​អាច​ធ្វើ​អ្វី​បើ​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត? យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​ក្នុង​អត្ថបទ​នេះ។ ប៉ុន្តែ​ដំបូង សូម​យើង​រៀន​ថែម​ទៀត​អំពី​«​អ្នក​តូច​»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ម៉ាថាយ ជំពូក⁠១៨

តើ​«​អ្នក​តូច​»​ជា​អ្នក​ណា?

៤. តើ​«​អ្នក​តូច​»​ជា​អ្នក​ណា?

៤ ​«​អ្នក​តូច​»​គឺ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែល​មាន​គ្រប់​វ័យ។ មិន​ថា​ពួក​គេ​មាន​អាយុ​ប៉ុន្មាន​ក្ដី ពួក​គេ​ប្រៀប​ដូច​ជា​«​កូន​ក្មេង​»​ ក្នុង​ន័យ​ថា​ពួក​គេ​សុខ​ចិត្ត​ទទួល​ការ​បង្រៀន​ពី​លោក​យេស៊ូ។ (​ម៉ាថ. ១៨:៣​) ទោះ​ជា​ពួក​គេ​មក​ពី​មជ្ឈដ្ឋាន​និង​វប្បធម៌​ផ្សេង​ៗ ព្រម​ទាំង​មាន​ទស្សនៈ​និង​បុគ្គលិក​លក្ខណៈ​ខុស​ៗ​គ្នា​ក្ដី ពួក​គេ​ទាំង​អស់​គ្នា​បង្ហាញ​ជំនឿ​លើ​គ្រិស្ត ហើយ​លោក​ស្រឡាញ់​ពួក​គេ​ខ្លាំង​ណាស់។—ម៉ាថ. ១៨:៦; យ៉ូន. ១:១២

៥. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​គេ​ធ្វើ​ឲ្យ​រាស្ត្រ​របស់​លោក​ណា​ម្នាក់​រង​ទុក្ខ ឬ​ជំពប់​ដួល?

៥ ​«​អ្នក​តូច​»​ទាំង​អស់​នោះ​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា។ ដើម្បី​យល់​អំពី​អារម្មណ៍​របស់​លោក សូម​គិត​អំពី​អារម្មណ៍​របស់​យើង​ចំពោះ​កូន​ក្មេង។ ពួក​គេ​មាន​តម្លៃ​ចំពោះ​យើង។ យើង​ចង់​ការ​ពារ​ពួក​គេ ដោយ​សារ​ពួក​គេ​មិន​មាន​កម្លាំង បទ​ពិសោធន៍ និង​ប្រាជ្ញា​ដូច​មនុស្ស​ពេញ​វ័យ​ឡើយ។ តាម​ការ​ពិត យើង​មិន​ចង់​ឲ្យ​អ្នក​ណា​រង​ទុក្ខ​ទេ តែ​ជា​ពិសេស​យើង​ពិបាក​ចិត្ត ឬ​ថែម​ទាំង​ខឹង​ពេល​គេ​ធ្វើ​បាប​កូន​ក្មេង។ ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ចង់​ការ​ពារ​យើង ហើយ​លោក​ពិបាក​ចិត្ត ឬ​ថែម​ទាំង​ខឹង​ពេល​គេ​ធ្វើ​ឲ្យ​រាស្ត្រ​របស់​លោក​ណា​ម្នាក់​រង​ទុក្ខ ឬ​ជំពប់​ដួល។—អេ. ៦៣:៩; ម៉ាក. ៩:៤២

៦. យោង​ទៅ​តាម​កូរិនថូស​ទី​១ ១:២៦​-​២៩ តើ​ពិភព​លោក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្នក​កាន់​តាម​លោក​យេស៊ូ?

តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​ប្រៀប​ដូច​ជា​«​អ្នក​តូច​»​តាម​របៀប​ណា​ទៀត? សូម​គិត​អំពី​បុគ្គល​ដែល​ពិភព​លោក​នេះ​ចាត់​ទុក​ថា​សំខាន់។ តើ​មាន​អ្នក​ណា​ខ្លះ? គឺ​មាន​បុគ្គល​ដែល​ល្បី​ឈ្មោះ អ្នក​មាន និង​អ្នក​មាន​អំណាច។ ប៉ុន្តែ​តាម​ធម្មតា អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​មែន​ជា​បុគ្គល​បែប​នោះ​ទេ។ យ៉ាង​នេះ មនុស្ស​ក្នុង​ពិភព​លោក​នេះ​គិត​ថា ពួក​គេ​ជា​បុគ្គល​ដែល​មិន​សំខាន់ អាប់​ឱន និង​ជា​«​អ្នក​តូច​»។ (​សូម​អាន កូរិនថូស​ទី​១ ១:២៦​-​២៩) ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​មាន​ទស្សនៈ​បែប​នេះ​ចំពោះ​ពួក​គេ​ទេ។

៧. តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​បង​ប្អូន​រួម​ជំនឿ?

ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​បម្រើ​ទាំង​អស់​របស់​លោក មិន​ថា​ពួក​គេ​បាន​បម្រើ​លោក​អស់​ជា​ច្រើន​ឆ្នាំ ឬ​បាន​ចូល​សេចក្ដី​ពិត​ថ្មី​ៗ​នេះ​ក្ដី។ បង​ប្អូន​ទាំង​អស់​របស់​យើង​គឺ​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា ដូច្នេះ​ពួក​គេ​គួរ​តែ​ជា​បុគ្គល​សំខាន់​ចំពោះ​យើង​ដែរ។ យើង​ចង់​«​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​»​ មិន​គ្រាន់​តែ​អ្នក​ខ្លះ​ប៉ុណ្ណោះ​ទេ។ (​១ពេ. ២:១៧​) ដូច្នេះ យើង​គួរ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​យើង​ស្រឡាញ់​ពួក​គេ ហើយ​យើង​ក៏​ប្រយ័ត្ន​មិន​ធ្វើ​ឲ្យ​ពួក​គេ​ឈឺ​ចិត្ត​ដែរ។ បើ​យើង​ដឹង​ថា យើង​បាន​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ទើស​ចិត្ត ឬ​ឈឺ​ចិត្ត យើង​មិន​គួរ​ធ្វើ​ដូច​ជា​មិន​ដឹង​មិន​ឮ ហើយ​គិត​ថា​បុគ្គល​នោះ​ត្រូវ​អភ័យ​ទោស​ឲ្យ​យើង និង​បំភ្លេច​រឿង​នោះ​ចោល​ទេ។ ក៏​ប៉ុន្តែ ហេតុ​អ្វី​បង​ប្អូន​ខ្លះ​ឆាប់​តូច​ចិត្ត ឬ​ទើស​ចិត្ត? ប្រហែល​ជា​មក​ពី​ពួក​គេ​មាន​ទស្សនៈ​មិន​ល្អ​ចំពោះ​ខ្លួន​ឯង ដោយ​សារ​ជីវប្រវត្តិ​របស់​ខ្លួន។ បង​ប្អូន​ឯ​ទៀត​ប្រហែល​ជា​បាន​ចូល​សេចក្ដី​ពិត​ថ្មី​ៗ​នេះ ហើយ​មិន​ទាន់​បាន​រៀន​ថា​ពួក​គេ​ត្រូវ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ដែល​ធ្វើ​ខុស​ចំពោះ​ពួក​គេ​ទេ។ ទោះ​ជា​មាន​ហេតុ​ណា​ក៏​ដោយ​ដែល​នាំ​ឲ្យ​ទើស​ចិត្ត​ក្ដី យើង​គួរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព​ឡើង​វិញ​ជា​មួយ​អ្នក​នោះ។ មួយ​វិញ​ទៀត បុគ្គល​ដែល​ច្រើន​តែ​ទើស​ចិត្ត​នឹង​អ្នក​ឯ​ទៀត ត្រូវ​ទទួល​ស្គាល់​ថា នេះ​គឺ​ជា​គុណ​វិបត្តិ​មួយ​ដែល​គាត់​ត្រូវ​ខំ​ព្យាយាម​លះ​ចោល។ គាត់​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត និង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត។

ចូរ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន

៨. តើ​ទស្សនៈ​អ្វី​របស់​មនុស្ស​ទូទៅ​បាន​ជះ​ឥទ្ធិពល​លើ​អ្នក​កាន់​តាម​លោក​យេស៊ូ?

ហេតុ​អ្វី​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​«​អ្នក​តូច​»​? គឺ​ដោយ​សារ​អ្នក​កាន់​តាម​លោក​បាន​សួរ​លោក​ថា​៖ ​«​តើ​អ្នក​ណា​ធំ​ជាង​គេ​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌?​»។ (​ម៉ាថ. ១៨:១​) ជន​ជាតិ​យូដា​ជា​ច្រើន​នៅ​សម័យ​នោះ​ចាត់​ទុក​ថា​ឋានៈ និង​វណ្ណៈ​ជា​អ្វី​ដែល​សំខាន់។ បណ្ឌិត​ម្នាក់​និយាយ​ថា​៖ ​«​មនុស្ស​នៅ​សម័យ​នោះ​សុខ​ចិត្ត​ស្លាប់​ឬ​រស់​ដើម្បី​បាន​កិត្តិយស កេរ្តិ៍​ឈ្មោះ ការ​ពេញ​ចិត្ត ភាព​ល្បី​ល្បាញ និង​ការ​គោរព​»។

៩. តើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ត្រូវ​ធ្វើ​អ្វី?

លោក​យេស៊ូ​ដឹង​ថា​ពួក​អ្នក​កាន់​តាម​លោក​នឹង​ត្រូវ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង ដើម្បី​ជម្រុះ​ចេញ​ពី​ចិត្ត​នូវ​ការ​ប្រកួត​ប្រជែង​គ្នា​ដែល​ចាក់​ឫស​ក្នុង​វប្បធម៌​របស់​ជន​ជាតិ​យូដា។ លោក​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​អ្នក​ដែល​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ធ្វើ​ជា​អ្នក​ក្មេង​ជាង​គេ ហើយ​អ្នក​ដែល​កំពុង​ធ្វើ​ជា​ចៅហ្វាយ​គេ ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​គេ​វិញ​»។ (​លូក. ២២:២៦​) យើង​ប្រព្រឹត្ត​ដូច​ជា​«​អ្នក​ក្មេង​ជាង​គេ​»​ ពេល​យើង​ចាត់​ទុក​«​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​»​យើង។ (​ភី. ២:៣​) កាល​ដែល​យើង​កាន់​តែ​មាន​ចិត្ត​គំនិត​បែប​នោះ យើង​នឹង​កាន់​តែ​មិន​ធ្វើ​ឲ្យ​ពួក​គេ​ជំពប់​ដួល​ឡើយ។

១០. តើ​យើង​គួរ​ធ្វើ​តាម​យោបល់​អ្វី​របស់​ប៉ូល?

១០ បង​ប្អូន​ទាំង​អស់​របស់​យើង​គឺ​ប្រសើរ​ជាង​យើង​តាម​របៀប​ណា​មួយ។ យើង​ស្រួល​ទទួល​ស្គាល់​ចំណុច​នេះ ពេល​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​ពួក​គេ។ យើង​គួរ​ធ្វើ​តាម​យោបល់​ដែល​សាវ័ក​ប៉ូល​បាន​ឲ្យ​ដល់​បង​ប្អូន​នៅ​ក្រុង​កូរិនថូស ដែល​ថា​៖ ​«​តើ​អ្នក​ណា​បាន​ធ្វើ​ឲ្យ​អ្នក​ខុស​ពី​អ្នក​ឯ​ទៀត? អ្វី​ៗ​ដែល​អ្នក​មាន សុទ្ធ​តែ​ជា​អ្វី​ដែល​អ្នក​បាន​ទទួល មែន​ទេ? ឥឡូវ បើ​អ្វី​ៗ​ដែល​អ្នក​មាន ជា​អ្វី​ដែល​អ្នក​បាន​ទទួល​មែន ហេតុ​អ្វី​បាន​ជា​អ្នក​អួត​ខ្លួន​ដូច​ជា​មិន​បាន​ទទួល​វិញ?​»។ (​១កូ. ៤:៧​) ដូច្នេះ យើង​មិន​គួរ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​កោត​ស្ងើច​ចំពោះ​យើង ឬ​មិន​គួរ​គិត​ថា​ខ្លួន​ឯង​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ឡើយ។ ជា​ឧទាហរណ៍ បើ​បង​ប្រុស​ណា​ម្នាក់​ពូកែ​ថ្លែង​សុន្ទរកថា ឬ​បង​ស្រី​ណា​ម្នាក់​ពូកែ​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ ពួក​គេ​គួរ​ឲ្យ​ការ​សរសើរ​ទៅ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ។

ចូរ​អភ័យ​ទោស​ដោយ​«​ស្មោះ​ពី​ចិត្ត​»​

១១. តើ​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ស្ដេច​និង​ខ្ញុំ​បម្រើ​បង្រៀន​យើង​អ្វី?

១១ មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ព្រមាន​អ្នក​កាន់​តាម​លោក​មិន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល លោក​បាន​លើក​ឧទាហរណ៍​មួយ​អំពី​ស្ដេច​និង​ខ្ញុំ​បម្រើ​របស់​គាត់។ ស្ដេច​បាន​លុប​បំណុល​ដ៏​ធំ​ដែល​ខ្ញុំ​បម្រើ​នោះ​មិន​អាច​សង​បាន។ បន្ទាប់​មក ខ្ញុំ​បម្រើ​នោះ​មិន​ព្រម​លុប​បំណុល​ដែល​តិច​ជាង​ឆ្ងាយ​ណាស់​របស់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត​ទេ។ ក្រោយ​មក ស្ដេច​បាន​ចាប់​ខ្ញុំ​បម្រើ​ដែល​គ្មាន​មេត្តា​នោះ​ដាក់​គុក។ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ ប្រសិន​បើ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​មិន​អភ័យ​ទោស​ឲ្យ​បង​ប្អូន​ខ្លួន​ស្មោះ​ពី​ចិត្ត​»។—ម៉ាថ. ១៨:២១​-​៣៥

១២. តើ​មាន​បញ្ហា​អ្វី បើ​យើង​មិន​ព្រម​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត?

១២ ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​បម្រើ​នោះ មិន​គ្រាន់​តែ​ជះ​ឥទ្ធិពល​លើ​ខ្លួន​គាត់​ប៉ុណ្ណោះ​ទេ តែ​ក៏​ប៉ះ​ពាល់​ដល់​អ្នក​ឯ​ទៀត​ដែរ។ ទី១ គាត់​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្តា​ចំពោះ​ខ្ញុំ​បម្រើ​ម្នាក់​ទៀត ដោយ​«​ឲ្យ​គេ​យក​អ្នក​នោះ​ទៅ​ដាក់​គុក រហូត​ដល់​គាត់​សង​អ្វី​ដែល​បាន​ជំពាក់​»។ ទី​២ គាត់​បណ្ដាល​ឲ្យ​ខ្ញុំ​បម្រើ​ឯ​ទៀត​ដែល​ឃើញ​អ្វី​ដែល​គាត់​បាន​ធ្វើ​ឈឺ​ចិត្ត។ ពេល​ដែល​«​ខ្ញុំ​បម្រើ​ដូច​គ្នា​ឯ​ទៀត​បាន​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង ពួក​គេ​មាន​ទុក្ខ​ព្រួយ​ជា​ខ្លាំង​»។ ស្រដៀង​គ្នា​ដែរ ការ​ប្រព្រឹត្ត​របស់​យើង​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ឯ​ទៀត។ បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​មិន​ល្អ​មក​លើ​យើង ហើយ​យើង​មិន​ព្រម​អភ័យ​ទោស​ឲ្យ​គាត់ តើ​អ្វី​អាច​កើត​ឡើង? ទី​១ យើង​ធ្វើ​ឲ្យ​អ្នក​នោះ​ពិបាក​ចិត្ត ដោយ​សារ​យើង​មិន​ព្រម​អភ័យ​ទោស​ឲ្យ​គាត់ ព្រងើយ​កន្តើយ​ដាក់​គាត់ និង​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់។ ទី​២ យើង​ធ្វើ​ឲ្យ​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​មាន​អារម្មណ៍​មិន​ស្រួល ពេល​ពួក​គេ​ឃើញ​ថា​យើង​មិន​ចុះ​សម្រុង​នឹង​បុគ្គល​នោះ។

តើ​អ្នក​នឹង​ខឹង​ងំ ឬ​ក៏​អភ័យ​ទោស​ដោយ​ស្មោះ​ពី​ចិត្ត? (​សូម​មើល​វគ្គ​១៣​-​១៤​) *

១៣. តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​អ្នក​ត្រួស​ត្រាយ​ម្នាក់?

១៣ ពេល​យើង​អភ័យ​ទោស​ឲ្យ​បង​ប្អូន យើង​និង​អ្នក​ឯ​ទៀត​ទទួល​ប្រយោជន៍។ បង​ស្រី​គ្រិស្ដាល់ *ដែល​ជា​អ្នក​ត្រួស​ត្រាយ​មាន​បទ​ពិសោធន៍​បែប​នេះ។ គាត់​ឈឺ​ចិត្ត​នឹង​បង​ស្រី​ម្នាក់​ក្នុង​ក្រុម​ជំនុំ។ បង​គ្រិស្ដាល់​នឹក​ចាំ​ថា​៖ ​«​ជួន​កាល ពាក្យ​សម្ដី​មិន​សប្បុរស​របស់​គាត់​គឺ​ដូច​ជា​កាប់​ខ្ញុំ​មួយ​កាំបិត។ ខ្ញុំ​ថែម​ទាំង​មិន​ចង់​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​គាត់​ទៀត​ផង។ មួយ​ទៀត ខ្ញុំ​ចាប់​ផ្ដើម​បាត់​បង់​ចិត្ត​ខ្នះ​ខ្នែង​និង​អំណរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​»។ បង​គ្រិស្ដាល់​មាន​អារម្មណ៍​ថា គាត់​សម​នឹង​ទើស​ចិត្ត​មែន។ ប៉ុន្តែ​គាត់​មិន​ខឹង​ងំ​ឬ​អាណិត​ខ្លួន​ទេ។ ដោយ​ចិត្ត​រាប​ទាប គាត់​បាន​ធ្វើ​តាម​យោបល់​ពី​គម្ពីរ​ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ចូរ​អត់​ឱន​ទោស​ដោយ​ស្ម័គ្រ​ពី​ចិត្ត​អ្នក​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០០។ គាត់​បាន​អភ័យ​ទោស​ឲ្យ​បង​ស្រី​នោះ។ បង​គ្រិស្ដាល់​និយាយ​ថា​៖ ​«​ឥឡូវ ខ្ញុំ​យល់​ថា​យើង​ទាំង​អស់​គ្នា​ព្យាយាម​បំពាក់​បុគ្គលិក​លក្ខណៈ​ថ្មី ហើយ​ថា​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​ជា​រៀង​រាល់​ថ្ងៃ។ ខ្ញុំ​ធូរ​ចិត្ត​ខ្លាំង​ណាស់ ហើយ​មាន​អំណរ​ឡើង​វិញ​»។

១៤. (​ក​) យោង​ទៅ​តាម​ម៉ាថាយ ១៨:២១, ២២ តើ​តាម​មើល​ទៅ​សាវ័ក​ពេត្រុស​មាន​ការ​ពិបាក​អ្វី? (​ខ​) តើ​អ្វី​អាច​ជួយ​យើង​បើ​យើង​ស្ថិត​ក្នុង​ស្ថានភាព​ដូច​នេះ?

១៤ យើង​ដឹង​ថា យើង​គួរ​អភ័យ​ទោស​ឲ្យ​បង​ប្អូន​របស់​យើង ហើយ​ថា​នេះ​ជា​អ្វី​ដែល​ត្រឹម​ត្រូវ។ ប៉ុន្តែ យើង​ប្រហែល​ជា​នៅ​តែ​ពិបាក​ធ្វើ​ដូច្នេះ។ សាវ័ក​ពេត្រុស​ប្រហែល​ជា​ធ្លាប់​មាន​អារម្មណ៍​ដូច​នេះ​ដែរ។ (​សូម​អាន ម៉ាថាយ ១៨:២១, ២២) តើ​អ្វី​អាច​ជួយ? ទី​១ ចូរ​រំពឹង​គិត​អំពី​ព្រះ​យេហូវ៉ា​ថា លោក​អភ័យ​ទោស​ឲ្យ​អ្នក​ច្រើន​យ៉ាង​ណា។ (​ម៉ាថ. ១៨:៣២, ៣៣​) យើង​មិន​សម​នឹង​ទទួល​ការ​អភ័យ​ទោស​ពី​លោក ប៉ុន្តែ​លោក​អភ័យ​ទោស​ឲ្យ​យើង​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ (​ទំនុក. ១០៣:៨​-​១០​) ម្យ៉ាង​ទៀត ​«​យើង​ទាំង​អស់​គ្នា​ក៏​មាន​កាតព្វកិច្ច​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​»។ ដូច្នេះ ការ​អភ័យ​ទោស​គឺ​មិន​អាស្រ័យ​ទៅ​លើ​ចិត្ត​យើង​ទេ គឺ​យើង​ត្រូវ​តែ​អភ័យ​ទោស​ឲ្យ​បង​ប្អូន​របស់​យើង។ (​១យ៉ូន. ៤:១១​) ទី​២ សូម​រំពឹង​គិត​អំពី​អ្វី​ដែល​កើត​ឡើង ពេល​យើង​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។ យើង​ប្រហែល​ជា​ជួយ​អ្នក​ដែល​បាន​ធ្វើ​ខុស​នឹង​យើង ជួយ​ក្រុម​ជំនុំ​ឲ្យ​មាន​សាមគ្គីភាព ការ​ពារ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា និង​មាន​អារម្មណ៍​ធូរ​ស្រាល​ក្នុង​ចិត្ត​ជា​ខ្លាំង។ (​២កូ. ២:៧; កូឡ. ៣:១៤​) ទី​៣ សូម​អធិដ្ឋាន​ទៅ​ព្រះ ព្រោះ​លោក​ជា​បុគ្គល​ដែល​សុំ​យើង​ឲ្យ​ចេះ​អភ័យ​ទោស​អ្នក​ឯ​ទៀត។ សូម​កុំ​ឲ្យ​សាថាន​បង្ខូច​សន្តិភាព​ដែល​អ្នក​មាន​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ឡើយ។ (​អេភ. ៤:២៦, ២៧​) យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ដើម្បី​កុំ​ឲ្យ​ធ្លាក់​ចូល​អន្ទាក់​របស់​សាថាន។

ចូរ​កុំ​ឲ្យ​ខ្លួន​ជំពប់​ដួល​ឡើយ

១៥. តើ​កូឡុស ៣:១៣ ចែង​ថា​អ្នក​ត្រូវ​ធ្វើ​អ្វី​បើ​បង​ប្អូន​ណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​ទើស​ចិត្ត?

១៥ ប៉ុន្តែ ចុះ​បើ​បង​ប្អូន​រួម​ជំនឿ​ណា​ម្នាក់​បាន​ធ្វើ​ឲ្យ​អ្នក​ទើស​ចិត្ត​យ៉ាង​ខ្លាំង? តើ​អ្នក​គួរ​ធ្វើ​អ្វី? ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព។ ចូរ​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​របស់​អ្នក ហើយ​សុំ​លោក​ផ្ដល់​ពរ​ឲ្យ​បង​ប្អូន​នោះ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ទើស​ចិត្ត ព្រម​ទាំង​ជួយ​អ្នក​ឲ្យ​ឃើញ​គុណ​សម្បត្តិ​ផ្សេង​ៗ​របស់​អ្នក​នោះ ជា​គុណ​សម្បត្តិ​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ស្រឡាញ់​គាត់។ (​លូក. ៦:២៨​) បើ​អ្នក​មិន​អាច​បំភ្លេច​អ្វី​ដែល​អ្នក​នោះ​បាន​ធ្វើ សូម​គិត​អំពី​របៀប​ដ៏​ល្អ​ដើម្បី​និយាយ​ជា​មួយ​គាត់។ គឺ​ជា​ការ​ល្អ​បំផុត​ដែល​អ្នក​សន្និដ្ឋាន​ថា បង​ប្អូន​នោះ​មិន​មាន​បំណង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត​ទេ។ (​ម៉ាថ. ៥:២៣, ២៤; ១កូ. ១៣:៧​) ពេល​អ្នក​និយាយ​ជា​មួយ​គាត់ សូម​មាន​ទស្សនៈ​ថា​គាត់​មាន​បំណង​ចិត្ត​ល្អ។ ចុះ​បើ​គាត់​មិន​ចង់​ធ្វើ​ឲ្យ​មាន​សន្តិភាព? ចូរ​«​ទ្រាំ​ទ្រ​»​នឹង​គាត់។ សូម​បន្ត​អត់​ធ្មត់​នឹង​គាត់។ (​សូម​អាន កូឡុស ៣:១៣) សំខាន់​បំផុត សូម​កុំ​ខឹង​ងំ​នឹង​គាត់ ពីព្រោះ​នេះ​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា។ សូម​កុំ​ឲ្យ​អ្វី​ណា​ក៏​ដោយ​ធ្វើ​ឲ្យ​អ្នក​ជំពប់​ដួល។ យ៉ាង​នេះ អ្នក​បង្ហាញ​ថា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ជាង​អ្វី​ណា​ទាំង​អស់។—ទំនុក. ១១៩:១៦៥

១៦. តើ​យើង​ម្នាក់​ៗ​មាន​ភារកិច្ច​អ្វី?

១៦ យើង​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​ដែល​យើង​មាន​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា ដោយ​សាមគ្គីភាព​ជា​«​ហ្វូង​តែ​មួយ​»​ ក្រោម​«​គង្វាល​តែ​ម្នាក់​»។ (​យ៉ូន. ១០:១៦​) នៅ​ក្នុង​សៀវភៅ​អង្គការ​មួយ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​ព្រះ​យេហូវ៉ា ទំព័រ​១៦៥ ចែង​ថា​៖ ​«​អ្នក​បាន​ទទួល​ប្រយោជន៍​ពី​សាមគ្គីភាព​នេះ ដូច្នេះ​អ្នក​មាន​ភារកិច្ច​ជួយ​រក្សា​សាមគ្គីភាព​នេះ​ជា​និច្ច​»។ យ៉ាង​នេះ យើង​ត្រូវ​«​អប់រំ​ខ្លួន​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​បង​ប្អូន​រួម​ជំនឿ​»។ តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា យើង​ទាំង​អស់​គ្នា​ជា​«​អ្នក​តូច​»​ដែល​មាន​តម្លៃ។ តើ​អ្នក​មាន​ទស្សនៈ​បែប​នេះ​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ឬ​ទេ? ព្រះ​យេហូវ៉ា​កត់​សម្គាល់​និង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ទាំង​អស់​ដែល​អ្នក​ធ្វើ ដើម្បី​ជួយ​ពួក​គេ​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ។—ម៉ាថ. ១០:៤២

១៧. តើ​យើង​តាំង​ចិត្ត​ធ្វើ​អ្វី?

១៧ យើង​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ។ ដូច្នេះ យើង​«​តាំង​ចិត្ត​ថា​នឹង​មិន​ដាក់​ឧបសគ្គ​ដែល​នាំ​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​នាំ​ឲ្យ​វង្វេង​ចេញ​ពី​ជំនឿ​ឡើយ​»។ (​រ៉ូម ១៤:១៣​) យើង​ចាត់​ទុក​បង​ប្អូន​ថា​ប្រសើរ​ជាង​យើង ហើយ​ចង់​អភ័យ​ទោស​ឲ្យ​ពួក​គេ​ដោយ​ស្មោះ​ពី​ចិត្ត។ សូម​កុំ​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​យើង​ជំពប់​ដួល តែ​ចូរ​ឲ្យ​យើង​«​ស្វែង​រក​អ្វី​ដែល​នាំ​ឲ្យ​មាន​សន្តិភាព និង​អ្វី​ដែល​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​មាន​ភាព​រឹង​មាំ​»។—រ៉ូម ១៤:១៩

ចម្រៀង​លេខ​១៣០ យើង​ត្រូវ​ចេះ​អភ័យ​ទោស

^ វគ្គ 5 ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​ប្រហែល​ជា​និយាយ​ឬ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​បង​ប្អូន​របស់​យើង​ឈឺ​ចិត្ត។ ពេល​នោះ តើ​យើង​មាន​ប្រតិកម្ម​យ៉ាង​ណា? តើ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព​ឡើង​វិញ​ជា​មួយ​បង​ប្អូន​នោះ​ឬ​ទេ? តើ​យើង​ឆាប់​សុំ​ទោស​អ្នក​នោះ​ឬ​ទេ? ឬ​តើ​យើង​សន្និដ្ឋាន​ថា​បើ​ពួក​គេ​ឈឺ​ចិត្ត នោះ​គឺ​ជា​រឿង​របស់​ពួក​គេ មិន​មែន​ជា​រឿង​របស់​យើង​ទេ? ចុះ​បើ​យើង​ច្រើន​តែ​ទើស​ចិត្ត​នឹង​ពាក្យ​សម្ដី ឬ​ការ​ប្រព្រឹត្ត​របស់​អ្នក​ឯ​ទៀត? តើ​យើង​ដោះ​សារ​ថា​នេះ​ជា​បុគ្គលិក​លក្ខណៈ​របស់​យើង​ឬ? ឬ​តើ​យើង​យល់​ថា​នេះ​ជា​ភាព​ទន់​ខ្សោយ​ដែល​យើង​ត្រូវ​កែ​ប្រែ?

^ វគ្គ 13 ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 54 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​ម្នាក់​ទើស​ចិត្ត​នឹង​បង​ស្រី​ម្នាក់​ទៀត​នៅ​ក្នុង​ក្រុម​ជំនុំ។ ក្រោយ​ពី​ដោះ​ស្រាយ​បញ្ហា​នោះ​តែ​ពីរ​នាក់ ពួក​គេ​បំភ្លេច​រឿង​នោះ ហើយ​បម្រើ​ជា​មួយ​គ្នា​ដោយ​សប្បាយ។