លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើលោកអ្នកដឹងឬទេ?

តើលោកអ្នកដឹងឬទេ?

តើ​មនុស្ស​នៅ​សម័យ​លោក​យេស៊ូ​ត្រូវ​បង់​ពន្ធ​បែប​ណា​ខ្លះ?

តាំង​ពី​សម័យ​បុរាណ ជន​ជាតិ​អ៊ីស្រាអែល​មាន​ទម្លាប់​បង់​ប្រាក់​ដើម្បី​គាំទ្រ​ការ​គោរព​ប្រណិប័តន៍​ពិត។ ប៉ុន្តែ ការ​បង់​ពន្ធ​បាន​ទៅ​ជា​រឿង​ស្មុគ​ស្មាញ​និង​ជា​បន្ទុក​ចំពោះ​ជន​ជាតិ​យូដា​នៅ​សម័យ​លោក​យេស៊ូ។

ដើម្បី​គាំទ្រ​ការ​គោរព​ប្រណិប័តន៍​ព្រះ​នៅ​ត្រសាល ហើយ​ក្រោយ​មក​នៅ​វិហារ​របស់​ព្រះ បុរស​ជន​ជាតិ​យូដា​ទាំង​អស់​ត្រូវ​បង់​កន្លះ​ហ្សេគិល​(​ពីរ​ដ្រាកម៉ា​)។ នៅ​សតវត្សរ៍​ទី​១ ប្រាក់​នោះ​បាន​ត្រូវ​ប្រើ​ដើម្បី​ទិញ​គ្រឿង​បូជា និង​សម្រាប់​ថែ​ទាំ​វិហារ​ដែល​ហេរ៉ូឌ​បាន​សាង​សង់។ ជន​ជាតិ​យូដា​ខ្លះ​បាន​សួរ​ពេត្រុស​អំពី​ទស្សនៈ​របស់​លោក​យេស៊ូ​ចំពោះ​រឿង​នោះ ហើយ​គ្រិស្ត​មិន​បាន​ជំទាស់​នឹង​ការ​បង់​ពន្ធ​នោះ​ទេ។ តាម​ពិត លោក​បាន​បង្គាប់​ពេត្រុស​ឲ្យ​រក​កាក់​ដើម្បី​បង់​ពន្ធ​នោះ។—ម៉ាថ. ១៧:២៤​-​២៧

រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​នោះ​ក៏​ត្រូវ​បង់​១​ភាគ​១០​នៃ​ផល​ដំណាំ​ឬ​ប្រាក់​ចំណូល​របស់​ពួក​គេ។ (​លេវី. ២៧:៣០​-​៣២; ជន. ១៨:២៦​-​២៨​) ពួក​អ្នក​ដឹក​នាំ​សាសនា​និយាយ​ថា បណ្ដា​ជន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​បង់​ពន្ធ​១​ភាគ​១០​ចំពោះ​បន្លែ​គ្រប់​ប្រភេទ រួម​ទាំង​«​ជី​អង្កាម ឌីល និង​ខាមិន​»។ លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា​ការ​បង់​ពន្ធ​១​ភាគ​១០​ជា​ការ​ខុស​ទេ។ តែ​លោក​បាន​ផ្ដន្ទា​ទោស​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ និង​ពួក​ផារិស៊ី ដោយ​សារ​ពួក​គេ​ធ្វើ​តាម​ផ្នែក​ខ្លះ​នៃ​ច្បាប់​ព្រះ​យ៉ាង​ល្អិត​ល្អន់ ប៉ុន្តែ​មិន​បាន​ធ្វើ​តាម​អ្វី​ផ្សេង​ទៀត​ដែល​សំខាន់​ជាង​នេះ​ក្នុង​ច្បាប់​ឡើយ។—ម៉ាថ. ២៣:២៣

ប៉ុន្តែ នៅ​ពេល​នោះ​រ៉ូម​ជា​អ្នក​គ្រប់​គ្រង ហើយ​ពួក​គេ​ទាម​ទារ​ឲ្យ​បង់​ពន្ធ​ច្រើន​ប្រភេទ​ពី​មនុស្ស​ដែល​នៅ​ក្រោម​អំណាច​របស់​ពួក​គេ។ មាន​ពន្ធ​មួយ​ដែល​ម្ចាស់​ដី​ធ្លី​ត្រូវ​បង់ ហើយ​គេ​អាច​បង់​ពន្ធ​នោះ​ជា​ប្រាក់​ឬ​ភោគ​ផល។ បណ្ដា​ជន​ត្រូវ​បង់​ចាប់​ពី​២០​ទៅ​២៥​ភាគ​រយ​នៃ​ផល​ដំណាំ។ មាន​ពន្ធ​ម្យ៉ាង​ដែល​ជន​ជាតិ​យូដា​ម្នាក់​ៗ​ត្រូវ​បង់​ដែរ។ គឺ​ពន្ធ​នេះ​ហើយ​ដែល​ពួក​ផារិស៊ី​បាន​ចោទ​សួរ​លោក​យេស៊ូ។ លោក​បាន​ពន្យល់​អំពី​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​បង់​ពន្ធ​ថា​៖ ​«​អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ តែ​អ្វី​ដែល​ជា​របស់​ព្រះ ចូរ​សង​ព្រះ​វិញ​»។—ម៉ាថ. ២២:១៥​-​២២

ម្យ៉ាង​ទៀត មាន​ពន្ធ​គយ​ទៅ​លើ​របស់​របរ​ដែល​នាំ​ចេញ​ឬ​នាំ​ចូល​ពី​តំបន់​ណា​មួយ។ គេ​យក​ពន្ធ​នោះ​នៅ​កំពង់​ផែ ស្ពាន ផ្លូវ​បែក​ជា​បួន ឬ​នៅ​ច្រក​ចូល​ក្រុង​ឬ​ផ្សារ។

បណ្ដា​ជន​នៅ​ក្រោម​ការ​គ្រប់​គ្រង​រ៉ូម​ត្រូវ​បង់​ពន្ធ​ច្រើន​ណាស់។ ប្រវត្តិ​វិទូ​ជន​ជាតិ​រ៉ូម​ម្នាក់​ឈ្មោះ ថាស៊ីថឹស​រៀប​រាប់​ថា ក្នុង​អំឡុង​ការ​គ្រប់​គ្រង​របស់​អធិរាជ​ទីប៊ែរ​ពេល​លោក​យេស៊ូ​នៅ​ផែនដី ​«​ស្រុក​ស៊ីរី និង​តំបន់​យូឌា​បាន​អង្វរ​សុំ​ឲ្យ​បង់​ពន្ធ​តិច​ជាង ដោយ​សារ​ពួក​គេ​ពិបាក​ខ្លាំង​ណាស់​»។

របៀប​ដែល​គេ​តម្រូវ​ឲ្យ​បណ្ដា​ជន​បង់​ពន្ធ​ទាំង​នោះ បន្ថែម​បន្ទុក​ទៅ​លើ​ពួក​គេ។ អ្នក​ដែល​ដេញ​ថ្លៃ​ច្រើន​ជាង​គេ​ទទួល​សិទ្ធិ​ធ្វើ​ជា​អ្នក​យក​ពន្ធ ហើយ​គាត់​នឹង​ទទួល​ប្រាក់​ចំណេញ​ពី​វិក្កយបត្រ​ផ្សេង​ៗ។ គាត់​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​បុគ្គល​ដែល​យក​ពន្ធ​ពី​បណ្ដា​ជន ហើយ​អ្នក​ទាំង​នោះ​ក៏​ទទួល​ប្រាក់​ចំណេញ​ដែរ។ តាម​មើល​ទៅ សាខេ​មាន​អ្នក​យក​ពន្ធ​បែប​នេះ​នៅ​ក្រោម​អំណាច​គាត់។ (​លូក. ១៩:១, ២​) ហេតុ​នេះ​ហើយ គឺ​មិន​ចម្លែក​ឡើយ​ដែល​បណ្ដា​ជន​មិន​ពេញ​ចិត្ត​នឹង​ការ​រៀបចំ​នេះ ហើយ​ស្អប់​ពួក​អ្នក​ដែល​យក​ពន្ធ​ពី​ពួក​គេ។