លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៣

អ្នកមិននៅឯកា ព្រោះព្រះយេហូវ៉ានៅជាមួយអ្នកជានិច្ច

អ្នកមិននៅឯកា ព្រោះព្រះយេហូវ៉ានៅជាមួយអ្នកជានិច្ច

​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ទ្រង់​»។—ទំនុក. ១៤៥:១៨

ចម្រៀង​លេខ​២៨ ការ​ចង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា

សេចក្ដី​សង្ខេប *

១. ហេតុ​អ្វី​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​មាន​អារម្មណ៍​ឯកោ​នៅ​ពេល​ខ្លះ?

យើង​ភាគ​ច្រើន​មាន​អារម្មណ៍​ឯកា​នៅ​ពេល​ខ្លះ។ ចំពោះ​អ្នក​ខ្លះ អារម្មណ៍​នេះ​ឆាប់​បាត់​ទៅ​វិញ។ ចំពោះ​អ្នក​ខ្លះ​ទៀត អារម្មណ៍​ឯកា​ប្រហែល​ជា​បន្ត​នៅ​យូរ។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ឯកា សូម្បី​តែ​ពេល​មាន​មនុស្ស​នៅ​ជុំ​វិញ​យើង​ក្ដី។ អ្នក​ខ្លះ​ពិបាក​មាន​មិត្ត​ភក្ដិ​ក្នុង​ក្រុម​ជំនុំ​ថ្មី។ អ្នក​ឯ​ទៀត​មក​ពី​ក្រុម​គ្រួសារ​ដែល​ជិត​ស្និទ្ធ​គ្នា ប៉ុន្តែ​ពេល​ពួក​គេ​រើ​ទៅ​កន្លែង​ឆ្ងាយ​ពី​សាច់​ញាតិ​របស់​ពួក​គេ ពួក​គេ​មាន​អារម្មណ៍​ឯកា។ រីឯ​អ្នក​ផ្សេង​ទៀត​នឹក​ការ​ចំណាយ​ពេល​ជា​មួយ​បុគ្គល​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់។ គ្រិស្ត​សាសនិក​ខ្លះ ជា​ពិសេស​ពួក​អ្នក​ដែល​រៀន​សេចក្ដី​ពិត​ថ្មី​ៗ​នេះ​មាន​អារម្មណ៍​ឯកា​ពេល​សមាជិក​គ្រួសារ​និង​មិត្ត​ភក្តិ​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ឈប់​រាប់​អាន​ឬ​បៀត​បៀន​ពួក​គេ។

២. តើ​យើង​នឹង​រក​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ?

ព្រះ​យេហូវ៉ា​យល់​និង​ស្គាល់​អ្វី​ៗ​ទាំង​អស់​អំពី​យើង។ ពេល​យើង​មាន​អារម្មណ៍​ឯកោ លោក​ដឹង ហើយ​ចង់​ជួយ​យើង​ឲ្យ​យក​ឈ្នះ​អារម្មណ៍​នោះ។ តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ខ្លួន​ឯង? តើ​យើង​អាច​ជួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែល​មាន​អារម្មណ៍​ឯកោ​យ៉ាង​ដូច​ម្ដេច? សូម​យើង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។

ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង

ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​មួយ​រូប​ឲ្យ​ពង្រឹង​ទំនុក​ចិត្ត​អេលីយ៉ា​ថា​គាត់​មិន​នៅ​ម្នាក់​ឯង​ទេ (​សូម​មើល​វគ្គ​៣​)

៣. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ណា​ចំពោះ​អេលីយ៉ា?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​សប្បាយ​រីករាយ។ លោក​នៅ​ជិត​យើង​ម្នាក់​ៗ ហើយ​លោក​កត់​សម្គាល់​ពេល​យើង​ធ្លាក់​ទឹក​ចិត្ត​ឬ​មិន​សប្បាយ​ចិត្ត។ (​ទំនុក. ១៤៥:១៨, ១៩​) សូម​គិត​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អេលីយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​លោក។ បុរស​ដ៏​ស្មោះ​ត្រង់​នោះ​រស់​នៅ​ក្នុង​អំឡុង​សម័យ​កាល​ដ៏​ពិបាក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​អ្នក​កាន់​អំណាច​នៅ​ស្រុក​អ៊ីស្រាអែល​ដែល​មិន​ស្រឡាញ់​ព្រះ​យេហូវ៉ា បាន​បៀត​បៀន​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក ហើយ​ជា​ពិសេស​ពួក​គេ​ចង់​សម្លាប់​អេលីយ៉ា។ (​១ព. ១៩:១, ២​) អ្វី​មួយ​ទៀត​ដែល​ប្រហែល​ជា​ធ្វើ​ឲ្យ​អេលីយ៉ា​ពិបាក​ចិត្ត​គឺ គាត់​មាន​អារម្មណ៍​ថា​នៅ​សល់​តែ​គាត់​ម្នាក់​ឯង​ប៉ុណ្ណោះ​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​កំពុង​បម្រើ​ព្រះ​យេហូវ៉ា។ (​១ព. ១៩:១០​) ព្រះ​បាន​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​ជួយ​អេលីយ៉ា។ ព្រះ​យេហូវ៉ា​ចាត់​ទេវតា​មួយ​រូប​ឲ្យ​ពង្រឹង​កម្លាំង​ចិត្ត​របស់​អ្នក​ប្រកាស​ទំនាយ​លោក​ថា គាត់​មិន​មែន​នៅ​ម្នាក់​ឯង​ទេ គឺ​នៅ​តែ​មាន​ជន​ជាតិ​អ៊ីស្រាអែល​ជា​ច្រើន​នាក់​ទៀត​ដែល​កោត​ខ្លាច​ព្រះ។—១ព. ១៩:៥, ១៨

៤. តើ​ម៉ាកុស ១០:២៩, ៣០​បង្ហាញ​យ៉ាង​ណា​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​បម្រើ​របស់​លោក​ដែល​លែង​ទទួល​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​ឬ​មិត្ត​ភក្ដិ?

ព្រះ​យេហូវ៉ា​ដឹង​ថា​ពេល​យើង​សម្រេច​ចិត្ត​បម្រើ​លោក មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​យើង​ដែល​នឹង​ត្រូវ​ធ្វើ​ការ​លះបង់​ជា​ច្រើន។ ការ​លះបង់​នោះ​ប្រហែល​ជា​រួម​មាន​ការ​លែង​ទទួល​ការ​គាំទ្រ​ពី​សាច់​ញាតិ​និង​មិត្ត​ភក្ដិ​ដែល​មិន​មែន​ជា​អ្នក​ជឿ។ សាវ័ក​ពេត្រុស​ធ្លាប់​សួរ​លោក​យេស៊ូ​ប្រហែល​ជា​ដោយ​ក្ដី​ព្រួយ​បារម្ភ​ថា​៖ ​«​យើង​ខ្ញុំ​បាន​ចាក​ចេញ​ពី​អ្វី​ៗ​ទាំង​អស់ ហើយ​បាន​តាម​លោក តើ​នឹង​មាន​ផល​ប្រយោជន៍​អ្វី​សម្រាប់​យើង?​»។ (​ម៉ាថ. ១៩:២៧​) លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​យ៉ាង​កក់​ក្ដៅ​ថា ពួក​គេ​នឹង​ទទួល​ក្រុម​គ្រួសារ​រួម​ជំនឿ​ដ៏​ធំ​មួយ។ (​សូម​អាន ម៉ាកុស ១០:២៩, ៣០) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​សន្យា​ថា លោក​នឹង​គាំទ្រ​ពួក​អ្នក​ដែល​ចង់​បម្រើ​លោក។ (​ទំនុក. ៩:១០​) សូម​គិត​អំពី​អ្វី​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ពេល​មាន​អារម្មណ៍​ឯកោ។

អ្វី​ដែល​អ្នក​អាច​ធ្វើ​បើ​អ្នក​ឯកា

៥. តើ​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​របៀប​ដែល​ព្រះ​យេហូវ៉ា​កំពុង​ជួយ​អ្នក មាន​ប្រយោជន៍​យ៉ាង​ណា?

សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​អ្នក។ (​ទំនុក. ៥៥:២២​) យ៉ាង​នេះ អ្នក​អាច​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ស្ថានភាព​របស់​អ្នក។ បង​ស្រី​នៅ​លីវ​ម្នាក់​ឈ្មោះ​ខារ៉ិល *ដែល​មិន​មាន​ក្រុម​គ្រួសារ​នៅ​ក្នុង​សេចក្ដី​ពិត និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ​ឲ្យ​ស៊ូ​ទ្រាំ​នៅ​គ្រា​លំបាក​ពី​មុន​ៗ នេះ​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ ហើយ​ពង្រឹង​ទំនុក​ចិត្ត​ខ្ញុំ​ថា​ព្រះ​យេហូវ៉ា​នឹង​នៅ​តែ​ជួយ​ខ្ញុំ​នៅ​ថ្ងៃ​អនាគត​»។

៦. តើ​ពេត្រុស​ទី​១ ៥:៩, ១០​អា​ច​លើក​ទឹក​ចិត្ត​ពួក​អ្នក​ដែល​មាន​អារម្មណ៍​ឯកោ​យ៉ាង​ដូច​ម្ដេច?

សូម​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​អារម្មណ៍​ឯកោ។ (​សូម​អាន ពេត្រុស​ទី១ ៥:៩, ១០) បង​ប្រុស​ហ៊ីរ៉ូស៊ី​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​តែ​ម្នាក់​គត់​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់​អស់​ជា​ច្រើន​ឆ្នាំ និយាយ​ថា​៖ ​«​ក្នុង​ក្រុម​ជំនុំ យើង​ស្រួល​ឃើញ​ថា​គ្មាន​បង​ប្អូន​ណា​មាន​ស្ថានភាព​ល្អ​ឥត​ខ្ចោះ​ទេ។ ពេល​ដឹង​ថា​យើង​ទាំង​អស់​គ្នា​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា នោះ​អាច​លើក​ទឹក​ចិត្ត​ពួក​យើង​ដែល​នៅ​ក្នុង​សេចក្ដី​ពិត​ម្នាក់​ឯង​»។

៧. តើ​សេចក្ដី​អធិដ្ឋាន​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

ចូរ​អធិដ្ឋាន អាន​គម្ពីរ និង​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់។ អ្នក​ត្រូវ​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​របស់​អ្នក​ដោយ​ឥត​លាក់​លៀម។ (​១ពេ. ៥:៧​) បង​ស្រី​ម៉ាស៊ីអេល​និយាយ​ថា​៖ ​«​អ្វី​ដ៏​សំខាន់​បំផុត​មួយ​ដែល​ជួយ​ខ្ញុំ​មិន​ឲ្យ​មាន​អារម្មណ៍​ឯកោ​គឺ ការ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត​»។ គាត់​ជា​បង​ស្រី​វ័យ​ក្មេង​ដែល​មាន​អារម្មណ៍​ឯកោ ដោយ​សារ​ក្នុង​ក្រុម​គ្រួសារ​គាត់ មាន​តែ​គាត់​ម្នាក់​ឯង​ប៉ុណ្ណោះ​ដែល​នៅ​ក្នុង​សេចក្ដី​ពិត។ បង​ម៉ាស៊ីអេល​បាន​បន្ថែម​ទៀត​ថា​៖ ​«​លោក​ប្រៀប​ដូច​ជា​ឪពុក​ខ្ញុំ ហើយ​ខ្ញុំ​អធិដ្ឋាន​ប្រាប់​លោក​អំពី​អារម្មណ៍​របស់​ខ្ញុំ​ច្រើន​ដង​ជា​រៀង​រាល់​ថ្ងៃ​»។

ការ​ស្ដាប់​ឯកសារ​ជា​សំឡេង​ពី​គេហទំព័រ​របស់​យើង អាច​ជួយ​បង​ប្អូន​ដែល​នៅ​ម្នាក់​ឯង​ឲ្យ​មិន​សូវ​មាន​អារម្មណ៍​ឯកោ (​សូម​មើល​វគ្គ​៨​) *

៨. តើ​ការ​អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

ចូរ​អាន​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់​និង​រំពឹង​គិត​អំពី​កំណត់​ហេតុ​ដែល​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក។ បង​ស្រី​ប៊ីអាន់កា​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ពាក្យ​សម្ដី​មិន​លើក​ទឹក​ចិត្ត​របស់​ក្រុម​គ្រួសារ​គាត់។ គាត់​ពន្យល់​ថា​៖ ​«​ការ​អាន​និង​រំពឹង​គិត​អំពី​កំណត់​ហេតុ​គម្ពីរ​និង​ជីវប្រវត្តិ​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដែល​មាន​ស្ថានភាព​ស្រដៀង​នឹង​ខ្ញុំ ពិត​ជា​ជួយ​ខ្ញុំ​»។ គ្រិស្ត​សាសនិក​ខ្លះ​ទន្ទេញ​ចាំ​បទ​គម្ពីរ​ដែល​ជួយ​សម្រាល​ទុក្ខ ដូច​ជា​ទំនុក​តម្កើង ២៧:១០ និង​អេសាយ ៤១:១០​ជា​ដើម។ បង​ប្អូន​ឯ​ទៀត​ស្ដាប់​ឯកសារ​ជា​សំឡេង​ពី​គេហទំព័រ​របស់​យើង។ ពួក​គេ​និយាយ​ថា នេះ​ជួយ​ពួក​គេ​ឲ្យ​មិន​សូវ​មាន​អារម្មណ៍​ឯកោ។

៩. តើ​អ្នក​ទទួល​ប្រយោជន៍​អ្វី​ពី​ការ​ចូល​រួម​កិច្ច​ប្រជុំ?

ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់។ កម្ម​វិធី​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​នៅ​ទី​នោះ​នឹង​ផ្ដល់​ប្រយោជន៍​ចំពោះ​អ្នក ហើយ​អ្នក​ក៏​អាច​ស្គាល់​បង​ប្អូន​រួម​ជំនឿ​ផង​ដែរ។ (​ហេ. ១០:២៤, ២៥​) បង​ម៉ាស៊ីអេល​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​ពូកែ​អៀន​ក្ដី ខ្ញុំ​តាំង​ចិត្ត​ចូល​រួម​រាល់​កិច្ច​ប្រជុំ ហើយ​លើក​ដៃ​ឆ្លើយ។ នេះ​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​»។

១០. ហេតុ​អ្វី​គឺ​សំខាន់​ឲ្យ​យើង​បង្កើត​មិត្តភាព​ជា​មួយ​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់?

១០ ចូរ​បង្កើត​មិត្តភាព​ជា​មួយ​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់។ ចូរ​ស្វែង​រក​មិត្ត​ភក្ដិ​ក្នុង​ក្រុម​ជំនុំ​ដែល​អ្នក​អាច​រៀន​តាម ទោះ​ជា​ពួក​គេ​មាន​អាយុ​ឬ​វប្បធម៌​ខុស​ពី​អ្នក​ក្ដី។ គម្ពីរ​រំលឹក​យើង​ថា ​«​មនុស្ស​ចាស់​ៗ​តែង​មាន​ប្រាជ្ញា​»។ (​យ៉ូប ១២:១២​) បង​ប្អូន​វ័យ​ចាស់​ក៏​អាច​រៀន​ច្រើន​ពី​បង​ប្អូន​វ័យ​ក្មេង​ដ៏​ស្មោះ​ត្រង់​ដែរ។ ដាវីឌ​ក្មេង​ជាង​យ៉ូណាថាន​ឆ្ងាយ​ណាស់ ប៉ុន្តែ​នេះ​មិន​បាន​រា​រាំង​ពួក​គាត់​ពី​ការ​មាន​មិត្តភាព​ជិត​ស្និទ្ធ​ឡើយ។ (​១សាំ. ១៨:១​) ដាវីឌ​និង​យ៉ូណាថាន​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា ទោះ​ជា​មាន​ការ​ពិបាក​ដ៏​ធ្ងន់​ធ្ងរ​ក៏​ដោយ។ (​១សាំ. ២៣:១៦​-​១៨​) បង​ស្រី​ម្នាក់​ឈ្មោះ​អ៊ីរីណា ខំ​ព្យាយាម​ធ្វើ​ជា​មិត្ត​នឹង​បង​ប្អូន​ឯ​ទៀត។ គាត់​ជា​សាក្សី​តែ​ម្នាក់​គត់​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់។ គាត់​និយាយ​ថា​៖ ​«​បង​ប្អូន​រួម​ជំនឿ​អាច​ប្រៀប​ដូច​ជា​ឪពុក​ម្ដាយ​ឬ​បង​ប្អូន​បង្កើត​របស់​យើង។ ព្រះ​យេហូវ៉ា​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​ក្រុម​គ្រួសារ​ដែល​យើង​ត្រូវ​ការ​»។

១១. តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​មាន​មិត្តភាព​ជិត​ស្និទ្ធ?

១១ ការ​បង្កើត​មិត្តភាព​ថ្មី​មិន​តែង​តែ​ស្រួល​ទេ ជា​ពិសេស​បើ​អ្នក​ជា​មនុស្ស​អៀន។ បង​ស្រី​រ៉ាត់ណា​ដែល​ជា​មនុស្ស​អៀន​បាន​រៀន​សេចក្ដី​ពិត ទោះ​ជា​មាន​ការ​ប្រឆាំង​ក្ដី។ គាត់​សារភាព​ថា​៖ ​«​ខ្ញុំ​ត្រូវ​តែ​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​ការ​ជំនួយ​និង​ការ​គាំទ្រ​ពី​បង​ប្អូន​រួម​ជំនឿ​»។ អ្នក​ប្រហែល​ជា​មិន​ស្រួល​ប្រាប់​អារម្មណ៍​របស់​អ្នក​ទៅ​អ្នក​ឯ​ទៀត​ទេ។ ប៉ុន្តែ ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​បែប​នេះ​ដោយ​ឥត​លាក់​លៀម គឺ​ជា​មូលដ្ឋាន​សម្រាប់​ចំណង​មិត្តភាព​ជិត​ស្និទ្ធ។ មិត្ត​របស់​អ្នក​ចង់​លើក​ទឹក​ចិត្ត​និង​គាំទ្រ​អ្នក ប៉ុន្តែ​ពួក​គេ​ត្រូវ​ការ​ឲ្យ​អ្នក​ប្រាប់​ពួក​គេ​អំពី​របៀប​ដែល​ពួក​គេ​អាច​ធ្វើ​ដូច្នេះ។

១២. តើ​អ្នក​អាច​បង្កើត​មិត្តភាព​ល្អ​យ៉ាង​ដូច​ម្ដេច?

១២ របៀប​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​បង្កើត​មិត្ត​គឺ​ដោយ​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ បង​ខារ៉ិល​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​ជា​ច្រើន ដោយ​សារ​ខ្ញុំ​ចំណាយ​ពេល​ជា​មួយ​បង​ប្អូន​ស្រី​ក្នុង​កិច្ច​បម្រើ​ផ្សាយ និង​ធ្វើ​អ្វី​ផ្សេង​ទៀត​ជា​មួយ​គ្នា​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ អស់​ជា​ច្រើន​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​គាំទ្រ​ខ្ញុំ​តាម​រយៈ​មិត្ត​ភក្ដិ​ទាំង​នេះ​»។ ការ​ខំ​ប្រឹង​ឲ្យ​មាន​មិត្តភាព​ជា​មួយ​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​គឺ​ពិត​ជា​មាន​ប្រយោជន៍​ចំពោះ​យើង។ ព្រះ​យេហូវ៉ា​ប្រើ​មិត្ត​ភក្ដិ​បែប​នេះ​ឲ្យ​លើក​ទឹក​ចិត្ត​អ្នក ពេល​អ្នក​ធ្លាក់​ទឹក​ចិត្ត​ដូច​ជា​ពេល​ឯកោ​ជា​ដើម។—សុភ. ១៧:១៧

ចូរ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​មាន​អារម្មណ៍​ថា ពួក​គេ​ជា​ក្រុម​គ្រួសារ​យើង

១៣. តើ​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​មាន​ភារកិច្ច​អ្វី?

១៣ បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​មាន​ភារកិច្ច​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​មាន​សេចក្ដី​សុខ​សាន្ត ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ និង​ជា​កន្លែង​ដែល​គ្មាន​អ្នក​ណា​មាន​អារម្មណ៍​ថា​គាត់​បាន​ត្រូវ​គេ​ទុក​ចោល​ឲ្យ​នៅ​តែ​ឯង​ឡើយ។ (​យ៉ូន. ១៣:៣៥​) អ្វី​ដែល​យើង​ធ្វើ​និង​និយាយ​អាច​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ខ្លាំង​ណាស់។ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​បង​ស្រី​ម្នាក់​បាន​និយាយ។ គាត់​ថា​៖ ​«​ពេល​ខ្ញុំ​រៀន​សេចក្ដី​ពិត ក្រុម​ជំនុំ​បាន​ទៅ​ជា​ក្រុម​គ្រួសារ​របស់​ខ្ញុំ។ បើ​គ្មាន​ការ​គាំទ្រ​ពី​ពួក​គេ ខ្ញុំ​មិន​អាច​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​ឡើយ​»។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​ពួក​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​ពិត​តែ​ម្នាក់​ឯង ឲ្យ​មាន​អារម្មណ៍​ថា​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ស្រឡាញ់​ពួក​គេ?

១៤. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ទៅ​ជា​មិត្ត​ភក្ដិ​នឹង​អ្នក​ថ្មី?

១៤ ចូរ​ព្យាយាម​ធ្វើ​ជា​មិត្ត​ភក្ដិ​នឹង​អ្នក​ថ្មី។ បើ​យើង​កត់​សម្គាល់​ឃើញ​សិស្ស​គម្ពីរ​ដែល​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ បង​ប្អូន​ដែល​ទើប​តែ​ផ្លាស់​មក​ក្រុម​ជំនុំ​យើង ឬ​បង​ប្អូន​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​ថ្មី​ៗ​នេះ យើង​ចង់​ស្វាគមន៍​ពួក​គេ​យ៉ាង​កក់​ក្ដៅ។ (​រ៉ូម ១៥:៧​) ប៉ុន្តែ យើង​មិន​គ្រាន់​តែ​ចង់​ទទួល​ស្វាគមន៍​ពួក​គេ​ដោយ​រាក់​ទាក់​ប៉ុណ្ណោះ​ទេ បន្តិច​ម្ដង​ៗ​យើង​ចង់​បង្កើត​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ពួក​គេ។ ដូច្នេះ សូម​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​និង​បង្ហាញ​ភាព​កក់​ក្ដៅ​ចំពោះ​អ្នក​ថ្មី​ទាំង​នេះ។ ដោយ​មិន​សួរ​សំណួរ​ដែល​នាំ​ឲ្យ​ពួក​គេ​ខ្មាស សូម​ព្យាយាម​យល់​អំពី​បញ្ហា​ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ។ អ្នក​ខ្លះ​ប្រហែល​ជា​មិន​ស្រួល​ប្រាប់​អំពី​អារម្មណ៍​របស់​ពួក​គេ ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន​មិន​បង្ខំ​ពួក​គេ​ឲ្យ​និយាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ សូម​ស្វែង​យល់​អំពី​ពួក​គេ​យ៉ាង​សប្បុរស​ដោយ​សួរ​សំណួរ​ដែល​បង្ហាញ​ថា​អ្នក​ចេះ​គិត​ពិចារណា និង​ស្ដាប់​ពួក​គេ​ឆ្លើយ​ដោយ​ចិត្ត​អត់​ធ្មត់។ ជា​ឧទាហរណ៍ អ្នក​អាច​សួរ​ពួក​គេ​ថា តើ​ពួក​គេ​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច?

១៥. តើ​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​អាច​ជួយ​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​តាម​របៀប​ណា?

១៥ បង​ប្អូន​ទាំង​អស់​គ្នា​ក្នុង​ក្រុម​ជំនុំ​នឹង​រីក​ចម្រើន ពេល​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ ជា​ពិសេស​ពួក​អ្នក​ចាស់​ទុំ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ។ បង​ស្រី​មេលីសា​ដែល​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​សេចក្ដី​ពិត​ដោយ​ម្ដាយ​របស់​គាត់ និយាយ​ថា​៖ ​«​ខ្ញុំ​មិន​អាច​រៀប​រាប់​អស់​សេចក្ដី​ថា ច្រើន​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​ឲ្យ​តម្លៃ​យ៉ាង​ណា​ចំពោះ​បង​ប្រុស​ៗ​ដែល​ចំណាយ​ពេល​ជា​មួយ​ខ្ញុំ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ។ ពួក​គាត់​ប្រៀប​ដូច​ជា​ឪពុក​ចំពោះ​ខ្ញុំ។ ពេល​ណា​ខ្ញុំ​ចង់​និយាយ មាន​អ្នក​ស្ដាប់​ខ្ញុំ​»។ បង​ប្រុស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ម៉ូរីសយ៉ូ មាន​អារម្មណ៍​ថា​បាន​ត្រូវ​គេ​បោះ​បង់​ចោល ពេល​បង​ប្រុស​ដែល​ធ្លាប់​បង្រៀន​គម្ពីរ​ដល់​គាត់​បាន​ទៅ​ជា​អសកម្ម។ គាត់​រៀប​រាប់​ថា​៖ ​«​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួក​អ្នក​ចាស់​ទុំ​ចំពោះ​ខ្ញុំ​ពិត​ជា​បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់។ ពួក​គាត់​និយាយ​ជា​មួយ​ខ្ញុំ​ជា​រឿយ​ៗ។ ពួក​គាត់​ផ្សព្វ​ផ្សាយ​ជា​មួយ​ខ្ញុំ ប្រាប់​ខ្ញុំ​អំពី​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ពួក​គាត់​បាន​រក​ឃើញ​ពី​ការ​សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់ និង​ថែម​ទាំង​លេង​កីឡា​ជា​មួយ​ខ្ញុំ​ផង​ដែរ​»។ នៅ​ពេល​ក្រោយ​មក បង​មេលីសា​និង​បង​ម៉ូរីសយ៉ូ​បាន​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ពេញ​ពេល។

តើ​មាន​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ដែល​ពិត​ជា​សប្បាយ​ចិត្ត បើ​អ្នក​ចំណាយ​ពេល​ជា​មួយ​គាត់ និង​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​គាត់​ឬ​ទេ? (​សូម​មើល​វគ្គ​១៦​-​១៩​) *

១៦​-​១៧. តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​បង​ប្អូន​ឯ​ទៀត?

១៦ ចូរ​ជួយ​តាម​របៀប​ផ្សេង​ៗ។ (​កាឡ. ៦:១០​) បង​ប្រុស​លីអូ​ដែល​បម្រើ​ជា​សាសនទូត​នៅ​ប្រទេស​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​របស់​គាត់​និយាយ​ថា​៖ ​«​យើង​ច្រើន​តែ​ត្រូវ​ការ​តែ​ការ​ប្រព្រឹត្ត​តូច​តាច​ដែល​បង្ហាញ​សេចក្ដី​សប្បុរស​នៅ​ចំ​ពេល។ ខ្ញុំ​ចាំ​ថា​នៅ​ថ្ងៃ​មួយ ខ្ញុំ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។ ក្រោយ​មក ពេល​ខ្ញុំ​មក​ដល់​ផ្ទះ​វិញ ខ្ញុំ​តាន​តឹង​ចិត្ត​មែន​ទែន។ ស្រាប់​តែ​ពេល​នោះ ប្ដី​ប្រពន្ធ​មួយ​គូ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​បរិភោគ​អាហារ​សាមញ្ញ​ជា​មួយ​ពួក​គាត់។ ខ្ញុំ​មិន​ចាំ​ថា​យើង​បរិភោគ​អ្វី​ទេ តែ​ខ្ញុំ​ចាំ​ថា​ពួក​គាត់​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ខ្ញុំ។ ក្រោយ​មក ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង!​»។

១៧ យើង​ទាំង​អស់​គ្នា​ចូល​ចិត្ត​ចូល​រួម​កម្ម​វិធី​ផ្សេង​ៗ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ ដូច​ជា​សន្និបាត​និង​មហា​សន្និបាត​ជា​ដើម។ ពេល​នោះ​យើង​អាច​សេព​គប់​ជា​មួយ​បង​ប្អូន​ឯ​ទៀត​និង​និយាយ​គ្នា​អំពី​កម្ម​វិធី​នោះ។ ប៉ុន្តែ​បង​ខារ៉ិល​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​ចំពោះ​ខ្ញុំ ការ​ចូល​រួម​សន្និបាត​និង​មហា​សន្និបាត​គឺ​ពិបាក​ណាស់​»។ ហេតុ​អ្វី? គាត់​និយាយ​ថា​៖ ​«​ទោះ​ជា​មាន​បង​ប្អូន​រាប់​រយ​ឬ​រាប់​ពាន់​នាក់​នៅ​ជុំ​វិញ​ខ្ញុំ​ក្ដី ពួក​គេ​ច្រើន​តែ​នៅ​ទី​នោះ​ជា​មួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ពេល​ខ្ញុំ​ឃើញ​ដូច្នេះ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ឯកោ​»។ ចំពោះ​បង​ប្អូន​ឯ​ទៀត គឺ​ពិបាក​ចូល​រួម​មហា​សន្និបាត​ឬ​សន្និបាត​ជា​លើក​ដំបូង​ក្រោយ​ពី​គូ​អាពាហ៍ពិពាហ៍​ស្លាប់។ តើ​អ្នក​ស្គាល់​បង​ប្អូន​ណា​ដែល​មាន​ការ​ពិបាក​បែប​នេះ​ឬ​ទេ? ប្រហែល​ជា​អ្នក​អាច​អញ្ជើញ​គាត់​ឲ្យ​ចូល​រួម​កម្ម​វិធី​ណា​មួយ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​អ្នក​និង​ក្រុម​គ្រួសារ​អ្នក​នៅ​លើក​ក្រោយ។

១៨. តើ​យើង​អាច​ធ្វើ​តាម​កូរិនថូស​ទី​២ ៦:១១​-​១៣​យ៉ាង​ដូច​ម្ដេច​ពេល​យើង​សេព​គប់​បង​ប្អូន?

១៨ ចូរ​ចំណាយ​ពេល​ជា​មួយ​គ្នា។ សូម​ព្យាយាម​សេព​គប់​ជា​មួយ​បង​ប្អូន​ផ្សេង​ៗ ជា​ពិសេស​ពួក​អ្នក​ដែល​ប្រហែល​ជា​មាន​អារម្មណ៍​ឯកោ។ យើង​ចង់​«​បើក​ចិត្ត​[​របស់​យើង​]​ឲ្យ​ទូលាយ​»​ ជា​ពិសេស​ចំពោះ​បង​ប្អូន​បែប​នេះ។ (​សូម​អាន កូរិនថូស​ទី​២ ៦:១១​-​១៣) បង​មេលីសា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​នឹក​ចាំ​ថា​៖ ​«​យើង​ពិត​ជា​សប្បាយ​ចិត្ត ពេល​បង​ប្អូន​បាន​អញ្ជើញ​យើង​ឲ្យ​ទៅ​ផ្ទះ​របស់​ពួក​គេ ឬ​ទៅ​ដើរ​លេង​ជា​មួយ​គ្នា​»។ តើ​មាន​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ដែល​អ្នក​អាច​ទទួល​ដោយ​រាក់​ទាក់​ឬ​ទេ?

១៩. តើ​ការ​សេព​គប់​បង​ប្អូន​រួម​ជំនឿ​ពិត​ជា​មាន​ប្រយោជន៍​នៅ​ពេល​ណា​ខ្លះ?

១៩ មាន​ពេល​ខ្លះ​ដែល​បង​ប្អូន​ពិត​ជា​សប្បាយ​ចិត្ត បើ​យើង​ចំណាយ​ពេល​ជា​មួយ​ពួក​គេ។ អ្នក​ខ្លះ​ប្រហែល​ជា​ពិបាក​នៅ​ជា​មួយ​សាច់​ញាតិ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ក្នុង​អំឡុង​ពេល​បុណ្យ​ទាន។ បង​ប្អូន​ឯ​ទៀត​ប្រហែល​ជា​ពិបាក​ចិត្ត​ជា​ខ្លាំង​នៅ​ថ្ងៃ​ខ្លះ​ដូច​ជា នៅ​ថ្ងៃ​ខួប​មរណភាព​របស់​បុគ្គល​ជា​ទី​ស្រឡាញ់​ជា​ដើម។ ពេល​យើង​អញ្ជើញ​បង​ប្អូន​ដែល​មាន​បញ្ហា​បែប​នេះ​ឲ្យ​សេព​គប់​ជា​មួយ​យើង យើង​បង្ហាញ​ថា​យើង​«​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​»​ចំពោះ​ពួក​គេ។—ភី. ២:២០

២០. តើ​ពាក្យ​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ១២:៤៨​-​៥០​អាច​ជួយ​យើង​តាម​របៀប​ណា​ពេល​យើង​មាន​អារម្មណ៍​ឯកោ?

២០ មាន​មូលហេតុ​ជា​ច្រើន​ដែល​គ្រិស្ត​សាសនិក​អាច​មាន​អារម្មណ៍​ឯកោ​នៅ​ពេល​ខ្លះ។ ប៉ុន្តែ យើង​ត្រូវ​ចាំ​ជា​និច្ច​ថា​ព្រះ​យេហូវ៉ា​ដឹង​ច្បាស់​អំពី​អារម្មណ៍​បែប​នេះ។ លោក​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ ហើយ​នោះ​ច្រើន​តែ​តាម​រយៈ​បង​ប្អូន​រួម​ជំនឿ។ (​សូម​អាន ម៉ាថាយ ១២:៤៨​-​៥០) យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ក្រុម​ជំនុំ ពេល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​គាំ​ទ្រ​បង​ប្អូន​រួម​ជំនឿ។ ទោះ​ជា​នៅ​ពេល​ខ្លះ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ក៏​ដោយ យើង​មិន​នៅ​ម្នាក់​ឯង​ទេ ដោយ​សារ​ព្រះ​យេហូវ៉ា​នៅ​ក្បែរ​យើង​ជា​និច្ច!

ចម្រៀង​លេខ​៤៦ យើង​អរគុណ​ព្រះ​យេហូវ៉ា

^ វគ្គ 5 ជួន​កាល តើ​អ្នក​មាន​អារម្មណ៍​ឯកោ​ឬ​ទេ? បើ​ដូច្នេះ​មែន អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ដឹង​អំពី​អារម្មណ៍​របស់​អ្នក ហើយ​ចង់​ជួយ​អ្នក។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​យក​ឈ្នះ​អារម្មណ៍​ឯកោ។ យើង​ក៏​នឹង​រៀន​អំពី​របៀប​ដែល​អ្នក​អាច​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​អារម្មណ៍​ឯកោ​ផង​ដែរ។

^ វគ្គ 5 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 60 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​ដែល​ពោះម៉ាយ​ដោយ​សារ​ប្រពន្ធ​ស្លាប់ ទទួល​ប្រយោជន៍​ពី​ការ​ស្ដាប់​ឯកសារ​ជា​សំឡេង​ពី​គេហទំព័រ​របស់​យើង។

^ វគ្គ 62 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​និង​កូន​ស្រី​ទៅ​លេង​បង​ប្រុស​វ័យ​ចាស់​ម្នាក់​ក្នុង​ក្រុម​ជំនុំ ហើយ​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​គាត់។