លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ២៤

អ្នកអាចរួចចេញពីអន្ទាក់របស់សាថាន!

អ្នកអាចរួចចេញពីអន្ទាក់របស់សាថាន!

​«​[​ចូរ​]​ចេញ​ពី​អន្ទាក់​របស់​មេ​កំណាច​»។—២ធី. ២:២៦

ចម្រៀង​លេខ​៣៦ យើង​ការ​ពារ​ចិត្ត

សេចក្ដី​សង្ខេប *

១. ហេតុ​អ្វី​យើង​អាច​ប្រដូច​សាថាន​ទៅ​នឹង​ព្រាន​ម្នាក់?

នាយ​ព្រាន​មាន​គោល​ដៅ​តែ​មួយ​គត់ គឺ​ចាប់​ឬ​សម្លាប់​សត្វ។ គាត់​ប្រើ​អង្គប់​ឬ​អន្ទាក់​ផ្សេង​ៗ ដូច​គម្ពីរ​បាន​រៀប​រាប់។ (​យ៉ូប ១៨:៨​-​១០​) តើ​ព្រាន​ធ្វើ​អ្វី​ដើម្បី​ឲ្យ​សត្វ​ចូល​អន្ទាក់​របស់​គាត់? គាត់​សង្កេត​មើល​សត្វ​ថា តើ​វា​ទៅ​ណា? តើ​វា​ចូល​ចិត្ត​អ្វី? តើ​អន្ទាក់​មួយ​ណា​គឺ​ល្អ​បំផុត? សាថាន​ប្រៀប​ដូច​ជា​ព្រាន​នោះ។ វា​សង្កេត​មើល​យើង​ថា យើង​ទៅ​កន្លែង​ណា​ខ្លះ និង​ចាប់​អារម្មណ៍​អ្វី​ខ្លះ។ បន្ទាប់​មក វា​ជ្រើស​រើស​អន្ទាក់​មួយ​ដែល​វា​សង្ឃឹម​ថា​នឹង​ចាប់​យើង​ពេល​យើង​មិន​ដឹង​ខ្លួន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គម្ពីរ​ប្រាប់​យើង​ថា បើ​យើង​ជាប់​អន្ទាក់ យើង​អាច​ចេញ​រួច​បាន។ គម្ពីរ​ក៏​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​ជៀស​វាង​ពី​អន្ទាក់​របស់​វា​ទាំង​ស្រុង។

អន្ទាក់​ពីរ​របស់​សាថាន​ដែល​មាន​ប្រសិទ្ធភាព​គឺ​អំណួត​និង​ចិត្ត​លោភ​លន់ (​សូម​មើល​វគ្គ​២​) *

២. តើ​អន្ទាក់​ពីរ​ដែល​មាន​ប្រសិទ្ធភាព​របស់​សាថាន​គឺ​ជា​អ្វី?

អន្ទាក់​ពីរ​របស់​សាថាន​ដែល​មាន​ប្រសិទ្ធភាព​គឺ​អំណួត​និង​ការ​លោភ​លន់។ * អស់​រាប់​ពាន់​ឆ្នាំ សាថាន​បាន​ប្រើ​គុណ​វិបត្តិ​ទាំង​នេះ​ដោយ​ជោគ​ជ័យ។ វា​ប្រៀប​ដូច​ជា​នាយ​ព្រាន​ដែល​បញ្ឆោត​សត្វ​ឲ្យ​ចូល​ក្នុង​អន្ទាក់ ឬ​ដែល​ប្រើ​លប់​ដើម្បី​ចាប់​វា។ (​ទំនុក. ៩១:៣​) ប៉ុន្តែ យើង​មិន​ចាំ​បាច់​ឲ្យ​សាថាន​ចាប់​យើង​ចូល​ក្នុង​អន្ទាក់​របស់​វា​ទេ។ ហេតុ​អ្វី? គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​យើង​អំពី​កលល្បិច​ផ្សេង​ៗ​របស់​សាថាន។—២កូ. ២:១១

យើង​អាច​រៀន​ពី​គំរូ​ដែល​បាន​ត្រូវ​ទុក​ជា​ការ​ព្រមាន ហើយ​ជៀស​វាង ឬ​រួច​ចេញ​ពី​អន្ទាក់​របស់​មេ​កំណាច (​សូម​មើល​វគ្គ​៣​) *

៣. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ដាក់​បញ្ចូល​គំរូ​ខ្លះ​ក្នុង​គម្ពីរ?

របៀប​មួយ​ដែល​ព្រះ​យេហូវ៉ា​ព្រមាន​យើង​អំពី​អំណួត​និង​ការ​លោភ​លន់ គឺ​ដោយ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​រៀន​ពី​បទ​ពិសោធន៍​ជីវិត​ពិត។ សូម​កត់​សម្គាល់​ពី​គំរូ​ដែល​យើង​នឹង​ពិចារណា​ក្នុង​អត្ថបទ​នេះ អំពី​របៀប​ដែល​សាថាន​បាន​ចាប់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ទោះ​ជា​ពួក​គេ​បាន​បម្រើ​លោក​យូរ​ក៏​ដោយ។ តើ​នេះ​មាន​ន័យ​ថា​យើង​មិន​អាច​ជៀស​វាង​ពី​អំណួត​និង​ចិត្ត​លោភ​លន់​ឬ​ទេ? មិន​មែន​ទាល់​តែ​សោះ។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​គម្ពីរ​មាន​គំរូ​ទាំង​នេះ​ដើម្បី​ទុក​ជា​«​ការ​ព្រមាន​ដល់​យើង​»។ (​១កូ. ១០:១១​) លោក​ដឹង​ថា​យើង​អាច​រៀន​ពី​គំរូ​ដែល​បាន​ត្រូវ​ទុក​ជា​ការ​ព្រមាន ហើយ​យ៉ាង​នេះ​យើង​អាច​ជៀស​វាង​ឬ​រួច​ផុត​ពី​អន្ទាក់​របស់​មេ​កំណាច។

អំណួត​គឺ​ជា​អន្ទាក់​មួយ

សូម​មើល​វគ្គ​៤

៤. តើ​អ្វី​អាច​កើត​ឡើង​ចំពោះ​យើង​បើ​យើង​មាន​អំណួត?

សាថាន​ចង់​ឲ្យ​យើង​មាន​អំណួត។ វា​ដឹង​ថា​បើ​យើង​ទៅ​ជា​មនុស្ស​ដែល​មាន​អំណួត យើង​នឹង​ដូច​វា ហើយ​បាត់​បង់​ឱកាស​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​សុភ. ១៦:១៨​) យ៉ាង​នេះ សាវ័ក​ប៉ូល​បាន​ព្រមាន​ថា​បុគ្គល​ណា​ម្នាក់​អាច​«​បែរ​ជា​ក្រអឺត​ក្រអោង រួច​ទទួល​ការ​ផ្ដន្ទា​ទោស​ដូច​មេ​កំណាច​បាន​ទទួល​»។ (​១ធី. ៣:៦, ៧​) នេះ​អាច​កើត​ឡើង​ចំពោះ​យើង មិន​ថា​យើង​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ ឬ​ចូល​ក្នុង​សេចក្ដី​ពិត​ថ្មី​ៗ​នេះ​ក្ដី។

៥. ដូច​ចែង​នៅ​សាស្ដា ៧:១៦, ២០ តើ​អ្វី​អាច​បង្ហាញ​ថា​មនុស្ស​ម្នាក់​មាន​អំណួត?

មនុស្ស​ដែល​មាន​អំណួត​ចេះ​តែ​គិត​ពី​ប្រយោជន៍​ខ្លួន​ឯង។ សាថាន​ព្យាយាម​ឲ្យ​យើង​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ខ្លួន​ជា​ជាង​គិត​អំពី​ព្រះ​យេហូវ៉ា ជា​ពិសេស​នៅ​ពេល​យើង​មាន​បញ្ហា។ ជា​ឧទាហរណ៍ តើ​អ្នក​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត​ឬ​ទេ? ឬ​តើ​ពួក​គេ​បាន​ប្រព្រឹត្ត​មក​លើ​អ្នក​ដោយ​អយុត្តិធម៌​ឬ​ទេ? សាថាន​ចង់​ឲ្យ​អ្នក​ខឹង​ព្រះ​យេហូវ៉ា ឬ​អង្គការ​របស់​លោក។ មេ​កំណាច​ចង់​ឲ្យ​អ្នក​គិត​ថា​វិធី​តែ​មួយ​គត់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក​គឺ​ធ្វើ​តាម​ចិត្ត​ខ្លួន​ឯង ជា​ជាង​ធ្វើ​តាម​ការ​ណែនាំ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​អ្នក​ក្នុង​បណ្ដាំ​របស់​លោក។—សូម​អាន សាស្ដា ៧:១៦, ២០

៦. តើ​អ្នក​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​ស្រី​ម្នាក់​នៅ​ប្រទេស​ហូឡង់?

សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ម្នាក់​ដែល​រស់​នៅ​ប្រទេស​ហូឡង់។ ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​គាត់​ខឹង ហើយ​គាត់​សម្រេច​ចិត្ត​ថា​គាត់​លែង​អាច​ទ្រាំ​ទៀត។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ឯកោ ហើយ​មិន​អាច​កែ​ប្រែ​អារម្មណ៍​របស់​ខ្ញុំ​សោះ​ចំពោះ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ ដូច្នេះ ខ្ញុំ​ប្រាប់​ប្ដី​របស់​ខ្ញុំ​ថា​យើង​ត្រូវ​រើ​ទៅ​ក្រុម​ជំនុំ​ផ្សេង​»។ ក្រោយ​មក គាត់​បាន​មើល​កម្ម​វិធី​ប្រចាំ​ខែ ខែ​មីនា ឆ្នាំ​២០១៦​ក្នុង​JW​ទូរទស្សន៍។ កម្ម​វិធី​នោះ​ប្រាប់​អំពី​យោបល់​ដែល​យើង​អាច​ធ្វើ​តាម​ពេល​ឃើញ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​អ្នក​ឯ​ទៀត។ បង​ស្រី​នោះ​និយាយ​ថា​៖ ​«​ខ្ញុំ​រៀន​ថា​ខ្ញុំ​ត្រូវ​តែ​មាន​ចិត្ត​រាប​ទាប ហើយ​គិត​អំពី​កំហុស​របស់​ខ្លួន​ជា​ជាង​ព្យាយាម​កែ​ប្រែ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ កម្ម​វិធី​នោះ​ជួយ​ខ្ញុំ​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​សិទ្ធិ​គ្រប់​គ្រង​របស់​លោក​»។ តើ​អ្នក​ឃើញ​ចំណុច​ដ៏​សំខាន់​ឬ​ទេ? ពេល​អ្នក​ជួប​ទុក្ខ​លំបាក សូម​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះ​យេហូវ៉ា។ សូម​អង្វរ​សុំ​លោក​ជួយ​អ្នក​ឲ្យ​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​អ្នក​ឯ​ទៀត។ បិតា​របស់​អ្នក​នៅ​ស្ថាន​សួគ៌​ឃើញ​កំហុស​របស់​ពួក​គេ តែ​លោក​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​ពួក​គេ។ លោក​ក៏​ចង់​ឲ្យ​អ្នក​ធ្វើ​ដូច​គ្នា​ដែរ។—១យ៉ូន. ៤:២០

សូម​មើល​វគ្គ​៧

៧. តើ​អ្វី​បាន​កើត​ឡើង​ដល់​ស្ដេច​អូសៀស?

អំណួត​បាន​ធ្វើ​ឲ្យ​ស្ដេច​អូសៀស​នៃ​ស្រុក​យូដា​មិន​ព្រម​ទទួល​ឱវាទ និង​ធ្វើ​អ្វី​ដែល​លើស​ពី​សិទ្ធិ​របស់​ខ្លួន។ អូសៀស​ពូកែ​ក្នុង​រឿង​ផ្សេង​ៗ។ គាត់​ជោគ​ជ័យ​ក្នុង​ចម្បាំង ការ​សាង​សង់ និង​មាន​ចម្ការ​ជា​ច្រើន។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​ក៏​បាន​ធ្វើ​ឲ្យ​ទ្រង់​បាន​ចំរើន​ឡើង​»។ (​២រប. ២៦:៣​-​៧, ១០​) ប៉ុន្តែ​គម្ពីរ​ចែង​ទៀត​ថា​៖ ​«​កាល​ទ្រង់​មាន​កំឡាំង​ឡើង​ហើយ នោះ​ព្រះ​ទ័យ​ទ្រង់​ក៏​ប៉ោង​ធំ​ឡើង ត្រឡប់​ជា​ខូច​អស់​ទៅ​»។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ជា​យូរ​មុន​ហើយ​ថា មាន​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ​ដែល​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ជូន​គ្រឿង​ក្រអូប​នៅ​វិហារ។ ប៉ុន្តែ ស្ដេច​អូសៀស​បាន​ធ្វើ​លើស​ពី​សិទ្ធិ​របស់​ខ្លួន​ដោយ​ចូល​វិហារ​ដើម្បី​ជូន​គ្រឿង​ក្រអូប។ ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ទេ ហើយ​ធ្វើ​ឲ្យ​បុរស​ដែល​មាន​ចិត្ត​អំណួត​នោះ​កើត​ជំងឺ​ឃ្លង់។ យ៉ាង​នេះ អូសៀស​កើត​ជំងឺ​នោះ​រហូត​ដល់​ថ្ងៃ​ស្លាប់។—២រប. ២៦:១៦​-​២១

៨. តើ​ការ​ធ្វើ​តាម​កូរិនថូស​ទី​១ ៤:៦, ៧​នឹង​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​ជៀស​វាង​ពី​ការ​មាន​អំណួត?

តើ​អំណួត​អាច​នាំ​ឲ្យ​យើង​ជាប់​អន្ទាក់​ដូច​ដែល​បាន​កើត​ឡើង​ចំពោះ​អូសៀស​ឬ​ទេ? សូម​គិត​អំពី​គំរូ​របស់​បង​ប្រុស​ហូសេ។ គាត់​ជា​ពាណិជ្ជករ​ដែល​បាន​ទទួល​ជោគ​ជ័យ និង​ជា​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ គាត់​ថ្លែង​សុន្ទរកថា​នៅ​សន្និបាត និង​មហា​សន្និបាត ហើយ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ផ្សេង​ៗ​សុំ​យោបល់​ពី​គាត់។ ប៉ុន្តែ គាត់​សារភាព​ថា​៖ ​«​ខ្ញុំ​បាន​ពឹង​លើ​សមត្ថភាព​និង​បទ​ពិសោធន៍​របស់​ខ្លួន មិន​បាន​ពឹង​លើ​ព្រះ​យេហូវ៉ា​ទេ។ ខ្ញុំ​គិត​ថា​ខ្លួន​មាំ​មួន ដូច្នេះ​ខ្ញុំ​មិន​បាន​ស្ដាប់​ការ​ព្រមាន​និង​ឱវាទ​ពី​ព្រះ​យេហូវ៉ា​ឡើយ​»។ បង​ហូសេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហើយ​បាន​ត្រូវ​បណ្ដាច់​មិត្ត​ភាព។ ប៉ុន្មាន​ឆ្នាំ​មុន គាត់​បាន​ចូល​ក្រុម​ជំនុំ​ឡើង​វិញ។ ឥឡូវ​គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​បង្រៀន​ខ្ញុំ​ថា​អ្វី​ដ៏​សំខាន់​បំផុត​គឺ​មិន​មែន​ការ​មាន​ឋានៈ​ទេ តែ​គឺ​ការ​ធ្វើ​តាម​អ្វី​ដែល​លោក​សុំ​ឲ្យ​យើង​ធ្វើ​»។ សូម​យើង​ចាំ​ថា ទេព​កោសល្យ​ណា​ដែល​យើង​មាន និង​ឯកសិទ្ធិ​ណា​ដែល​យើង​ទទួល​ក្នុង​ក្រុម​ជំនុំ គឺ​មក​ពី​ព្រះ​យេហូវ៉ា។ (​សូម​អាន កូរិនថូស​ទី​១ ៤:៦, ៧) បើ​យើង​មាន​អំណួត ព្រះ​យេហូវ៉ា​នឹង​មិន​ប្រើ​យើង​ឡើយ។

ការ​លោភ​លន់​គឺ​ជា​អន្ទាក់​មួយ

សូម​មើល​វគ្គ​៩

៩. តើ​ការ​លោភ​លន់​បាន​បណ្ដាល​ឲ្យ​សាថាន​និង​អេវ៉ា​ធ្វើ​អ្វី?

ពេល​យើង​ឮ​ពាក្យ​លោភ​លន់ យើង​ទំនង​ជា​គិត​អំពី​មេ​កំណាច​សាថាន។ ក្នុង​នាម​ជា​ទេវតា​មួយ​រូប​របស់​ព្រះ​យេហូវ៉ា សាថាន​ច្បាស់​ជា​មាន​ឯកសិទ្ធិ​ជា​ច្រើន។ ប៉ុន្តែ វា​ចង់​បាន​ច្រើន​ជាង​នោះ។ វា​ចង់​បាន​ការ​គោរព​ប្រណិប័តន៍​ដែល​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​សម​នឹង​ទទួល។ សាថាន​ចង់​ឲ្យ​យើង​ទៅ​ដូច​វា។ ដូច្នេះ វា​ព្យាយាម​ធ្វើ​ឲ្យ​យើង​មិន​ស្កប់​ស្កល់​នឹង​អ្វី​ដែល​យើង​មាន។ លើក​ទី​១​ដែល​វា​ព្យាយាម​ធ្វើ​ដូច្នេះ​គឺ​ពេល​ដែល​វា​និយាយ​ជា​មួយ​អេវ៉ា។ សូម​គិត ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​អេវ៉ា​និង​ប្ដី​របស់​គាត់​អាហារ​ជា​បរិបូរ ពោល​គឺ​ពួក​គេ​អាច​បរិភោគ​ពី​«​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន​ច្បារ​»​ លើក​លែង​តែ​មួយ​ដើម។ (​លោ. ២:១៦​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សាថាន​បាន​បញ្ឆោត​អេវ៉ា​ឲ្យ​គិត​ថា គាត់​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ពី​ដើម​ដែល​បាន​ត្រូវ​ហាមឃាត់​នោះ។ អេវ៉ា​មិន​ស្កប់​ស្កល់​និង​អ្វី​ដែល​គាត់​មាន ហើយ​គាត់​ចង់​បាន​ច្រើន​ជាង។ យើង​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ក្រោយ​មក។ អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ហើយ​នៅ​ទី​បំផុត​បាន​ស្លាប់។—លោ. ៣:៦, ១៩

សូម​មើល​វគ្គ​១០

១០. តើ​អ្វី​បាន​កើត​ឡើង ពេល​ស្ដេច​ដាវីឌ​មាន​ចិត្ត​លោភ​លន់?

១០ ការ​លោភ​លន់​បាន​នាំ​ឲ្យ​ស្ដេច​ដាវីឌ​ភ្លេច​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​គាត់ ដូច​ជា​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ មុខ​មាត់ និង​ជ័យ​ជម្នះ​លើ​សត្រូវ​ដ៏​ច្រើន​ជា​ដើម។ ដាវីឌ​ទទួល​ស្គាល់​ដោយ​ចិត្ត​កតញ្ញូ​ថា អំណោយ​របស់​ព្រះ​គឺ​«​មាន​ច្រើន​ហួស​កំណត់​នឹង​រាប់​បាន!​»។ (​ទំនុក. ៤០:៥​) ប៉ុន្តែ នៅ​ពេល​មួយ​ដាវីឌ​បាន​ភ្លេច​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​គាត់។ គាត់​លែង​ស្កប់​ចិត្ត ហើយ​ចង់​បាន​ថែម​ទៀត។ ទោះ​ជា​ដាវីឌ​មាន​ប្រពន្ធ​ជា​ច្រើន​ក្ដី គាត់​បាន​បណ្ដោយ​ឲ្យ​បំណង​ប្រាថ្នា​ខុស​ឆ្គង​ចង់​បាន​ប្រពន្ធ​គេ​ដុះ​ឡើង​ក្នុង​ចិត្ត​របស់​គាត់។ ស្ត្រី​នោះ​គឺ​បាតសេបា​ដែល​ជា​ប្រពន្ធ​របស់​អ៊ូរី ជន​ជាតិ​ហេត។ ដាវីឌ​បាន​រួម​ដំណេក​ជា​មួយ​បាតសេបា ហើយ​ក្រោយ​មក​នាង​មាន​ផ្ទៃ​ពោះ។ អ្វី​ដែល​ដាវីឌ​បាន​ធ្វើ​គឺ​អាក្រក់​ណាស់ ប៉ុន្តែ​គាត់​បាន​ធ្វើ​អ្វី​អាក្រក់​ជាង​នេះ​ទៅ​ទៀត ពេល​គាត់​រៀប​គម្រោង​ឲ្យ​អ៊ូរី​ស្លាប់! (​២សាំ. ១១:២​-​១៥​) ហេតុ​អ្វី​ដាវីឌ​បាន​ធ្វើ​ដូច្នេះ? តើ​គាត់​សន្និដ្ឋាន​ថា​ព្រះ​យេហូវ៉ា​មិន​អាច​ឃើញ​គាត់​ឬ? ទោះ​ជា​ដាវីឌ​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​រយៈ​ពេល​យូរ​ក្ដី គាត់​ស្រាប់​តែ​មាន​ចិត្ត​លោភ​លន់ ហើយ​នេះ​នាំ​ឲ្យ​គាត់​រង​ទុក្ខ​វេទនា​ជា​ច្រើន។ ប៉ុន្តែ​ក្រោយ​មក ដាវីឌ​បាន​សារភាព​អំពី​កំហុស​របស់​គាត់​និង​បាន​ប្រែ​ចិត្ត ហើយ​គាត់​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់។—២សាំ. ១២:៧​-​១៣

១១. យោង​ទៅ​តាម​អេភេសូរ ៥:៣, ៤ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ត​យុទ្ធ​នឹង​ចិត្ត​លោភ​លន់?

១១ តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​ដាវីឌ? យើង​រៀន​ថា​យើង​អាច​តយុទ្ធ​នឹង​ចិត្ត​លោភ​លន់ បើ​យើង​រក្សា​ចិត្ត​កតញ្ញូ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង។ (​សូម​អាន អេភេសូរ ៥:៣, ៤) យើង​ត្រូវ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​យើង​មាន។ ពេល​យើង​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ដល់​អ្នក​ណា​ម្នាក់ យើង​ប្រហែល​ជា​បង្រៀន​អ្នក​នោះ​ឲ្យ​គិត​អំពី​អ្វី​ល្អ​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​គាត់ ហើយ​អរគុណ​លោក​សម្រាប់​អ្វី​នោះ។ បើ​គាត់​ធ្វើ​ដូច្នេះ​ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​សប្ដាហ៍ នេះ​មាន​ន័យ​ថា​គាត់​បាន​អធិដ្ឋាន​អំពី​ប្រធានបទ​ផ្សេង​ៗ​៧​យ៉ាង។ (​១ថែ. ៥:១៨​) តើ​អ្នក​ធ្វើ​អ្វី​ស្រដៀង​នឹង​នេះ​ឬ​ទេ? បើ​អ្នក​រំពឹង​គិត​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​អ្នក នេះ​នឹង​ជួយ​អ្នក​ឲ្យ​មាន​អំណរ​គុណ។ ពេល​យើង​មាន​អំណរ​គុណ នោះ​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត។ ពេល​យើង​ស្កប់​ចិត្ត យើង​មិន​មាន​ចិត្ត​លោភ​លន់​ទេ។

សូម​មើល​វគ្គ​១២

១២. តើ​ចិត្ត​លោភ​លន់​នាំ​ឲ្យ​យូដាស អ៊ីស្ការីយ៉ុត​ធ្វើ​អ្វី?

១២ ការ​លោភ​លន់​បាន​នាំ​ឲ្យ​យូដាស អ៊ីស្ការីយ៉ុត​ធ្វើ​អ្វី​ដ៏​អាក្រក់​ខ្លាំង​ណាស់ គឺ​ក្បត់​លោក​យេស៊ូ។ នៅ​ដំបូង​ឡើយ គាត់​មិន​មែន​ជា​មនុស្ស​បែប​នោះ​ទេ។ (​លូក. ៦:១៣, ១៦​) លោក​យេស៊ូ​បាន​ជ្រើស​រើស​គាត់​ឲ្យ​ធ្វើ​ជា​សាវ័ក​ម្នាក់។ តាម​មើល​ទៅ​យូដាស​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត និង​មាន​សមត្ថភាព ព្រោះ​លោក​យេស៊ូ​បាន​ឲ្យ​គាត់​មើល​ការ​ខុស​ត្រូវ​លើ​ប្រអប់​ទុក​ប្រាក់។ លោក​យេស៊ូ​និង​ពួក​សាវ័ក​ប្រើ​លុយ​ពី​ប្រអប់​នោះ​ដើម្បី​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គាត់​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ នេះ​គឺ​ស្រដៀង​នឹង​វិភាគទាន​ដែល​គាំទ្រ​កិច្ច​ការ​ទូទាំង​ពិភព​លោក​នៅ​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ​ក្រោយ​មក យូដាស​ចាប់​ផ្ដើម​លួច ទោះ​ជា​គាត់​ឮ​ការ​ព្រមាន​របស់​លោក​យេស៊ូ​អស់​ជា​ច្រើន​ដង​អំពី​ការ​លោភ​លន់​ក្ដី។ (​ម៉ាក. ៧:២២, ២៣; លូក. ១១:៣៩; ១២:១៥​) យូដាស​មិន​បាន​អើពើ​នឹង​ការ​ព្រមាន​ទាំង​នោះ​ទេ។

១៣. តើ​ចិត្ត​លោភ​លន់​របស់​យូដាស​ស​ឲ្យ​ឃើញ​ចាប់​ពី​ពេល​ណា?

១៣ ចិត្ត​លោភ​លន់​របស់​យូដាស​បាន​ស​ឲ្យ​ឃើញ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​បាន​កើត​ឡើង​មិន​យូរ​មុន​លោក​យេស៊ូ​ទទួល​មរណភាព។ ស៊ីម៉ូន​ដែល​ធ្លាប់​កើត​ជំងឺ​ឃ្លង់​អញ្ជើញ​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក រួម​មាន​ម៉ារៀ និង​បង​ស្រី​របស់​គាត់​ម៉ាថា​ឲ្យ​បរិភោគ​អាហារ។ ក្នុង​អំឡុង​ពេល​នោះ ម៉ារៀ​បាន​ក្រោក​ឡើង ហើយ​ចាក់​ប្រេង​ក្រអូប​ដ៏​ថ្លៃ​ណាស់​លើ​ក្បាល​លោក​យេស៊ូ។ យូដាស​និង​អ្នក​កាន់​តាម​ឯ​ទៀត​ទាស់​ចិត្ត​យ៉ាង​ខ្លាំង។ អ្នក​កាន់​តាម​ឯ​ទៀត​ប្រហែល​ជា​គិត​ថា​លុយ​នោះ​អាច​ប្រើ​ឲ្យ​បាន​ប្រសើរ​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ប៉ុន្តែ បំណង​ចិត្ត​របស់​យូដាស​គឺ​ផ្សេង ​«​គាត់​ជា​ចោរ​»​ ហើយ​ចង់​លួច​លុយ​នោះ​ពី​ប្រអប់​ទុក​ប្រាក់។ ក្រោយ​មក ការ​លោភ​លន់​បាន​ជំរុញ​ចិត្ត​យូដាស​ឲ្យ​ក្បត់​លោក​យេស៊ូ​សម្រាប់​លុយ​ស្មើ​នឹង​តម្លៃ​ទិញ​ខ្ញុំ​បម្រើ​ម្នាក់។—យ៉ូន. ១២:២​-​៦; ម៉ាថ. ២៦:៦​-​១៦; លូក. ២២:៣​-​៦

១៤. តើ​ប្ដី​ប្រពន្ធ​មួយ​គូ​បាន​ធ្វើ​តាម​ពាក្យ​នៅ​លូកា ១៦:១៣​យ៉ាង​ដូច​ម្ដេច?

១៤ លោក​យេស៊ូ​បាន​រំលឹក​អ្នក​កាន់​តាម​លោក​អំពី​សេចក្ដី​បង្រៀន​ដ៏​សំខាន់​មួយ​គឺ ​«​អ្នក​រាល់​គ្នា​មិន​អាច​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​និង​ទ្រព្យ​សម្បត្តិ​បាន​ឡើយ​»។ (​សូម​អាន លូកា ១៦:១៣) នេះ​នៅ​តែ​ជា​ការ​ពិត​នៅ​សព្វ​ថ្ងៃ​នេះ​ផង​ដែរ។ សូម​គិត​អំពី​របៀប​ដែល​ប្ដី​ប្រពន្ធ​មួយ​គូ​នៅ​ប្រទេស​រ៉ូម៉ានី​បាន​ធ្វើ​តាម​ពាក្យ​នេះ​របស់​លោក​យេស៊ូ។ ពួក​គេ​បាន​ត្រូវ​ស្នើ​ឲ្យ​ធ្វើ​ការ​ងារ​បណ្ដោះ​អាសន្ន​នៅ​ប្រទេស​ជឿន​លឿន​ជាង។ ពួក​គេ​សារភាព​ថា​៖ ​«​យើង​បាន​ជំពាក់​បំណុល​ច្រើន​ពី​ធនាគារ។ ដូច្នេះ ដំបូង​យើង​គិត​ថា​ការ​ងារ​នោះ​ជា​ពរ​ពី​ព្រះ​យេហូវ៉ា​»។ ប៉ុន្តែ​មាន​បញ្ហា​មួយ។ ការ​ងារ​នោះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បម្រើ​ព្រះ​យេហូវ៉ា​បាន​តិច​ជាង។ ពួក​គេ​បាន​អាន​អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០០៨ ដែល​មាន​ចំណង​ជើង​ថា​«​ចូរ​រក្សា​ភក្ដី​ភាព​ដោយ​ស្មោះ​អស់​ពី​ចិត្ត​»​ ហើយ​ក្រោយ​មក​ពួក​គេ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត។ ពួក​គេ​និយាយ​ថា​៖ ​«​បើ​យើង​ធ្វើ​ការ​នៅ​ប្រទេស​ក្រៅ​ដោយ​សារ​យើង​ចង់​បាន​លុយ​ច្រើន​ជាង នេះ​មាន​ន័យ​ថា​យើង​ចាត់​ទុក​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​បន្ទាប់​បន្សំ។ យើង​ជឿ​ជាក់​ថា​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​នឹង​ចុះ​ខ្សោយ​»។ ដូច្នេះ​ពួក​គេ​មិន​ព្រម​ទទួល​ការ​ងារ​នោះ​ទេ។ តើ​អ្វី​បាន​កើត​ឡើង? ប្ដី​នោះ​បាន​រក​ឃើញ​ការ​ងារ​នៅ​ស្រុក​កំណើត​របស់​គាត់​ដែល​អាច​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ ប្រពន្ធ​នោះ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​តែង​តែ​ជួយ​អ្នក​បម្រើ​លោក​»។ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​សប្បាយ​ចិត្ត​ដែល​ពួក​គេ​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​របស់​ពួក​គេ​ជា​ជាង​លុយ។

ចូរ​ជៀស​វាង​ពី​អន្ទាក់​របស់​សាថាន

១៥. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​យើង​អាច​រួច​ចេញ​ពី​អន្ទាក់​របស់​សាថាន?

១៥ តើ​យើង​គួរ​ធ្វើ​អ្វី​បើ​យើង​ឃើញ​ថា​យើង​បាន​ទៅ​ជា​មនុស្ស​ដែល​មាន​អំណួត​ឬ​ចិត្ត​លោភ​លន់? យើង​អាច​កែ​ប្រែ​បាន! ប៉ូល​និយាយ​ថា​ពួក​អ្នក​ដែល​‹មេ​កំណាច​បាន​ចាប់​ទាំង​រស់› នៅ​តែ​អាច​ចេញ​ពី​អន្ទាក់​របស់​វា​បាន។ (​២ធី. ២:២៦​) នេះ​បាន​កើត​ឡើង​ចំពោះ​ដាវីឌ។ គាត់​បាន​ស្ដាប់​ការ​ប្រដៅ​តម្រង់​ពី​ណាថាន់ ប្រែ​ចិត្ត​ពី​ការ​លោភ​លន់ និង​ផ្សះ​ផ្សា​ចំណង​មិត្តភាព​របស់​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា។ សូម​ចាំ​ជា​និច្ច​ថា​ព្រះ​យេហូវ៉ា​គឺ​ខ្លាំង​ជាង​សាថាន។ ដូច្នេះ បើ​យើង​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​រួច​ចេញ​ពី​អន្ទាក់​ណា​ក៏​ដោយ​របស់​មេ​កំណាច។

១៦. តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​អន្ទាក់​របស់​សាថាន?

១៦ ជា​ជាង​ជាប់​អន្ទាក់​របស់​សាថាន ហើយ​ខំ​រួច​ចេញ​ពី​អន្ទាក់​នោះ គឺ​ជា​ការ​ល្អ​ប្រសើរ​ជាង​ឲ្យ​យើង​ជៀស​វាង​ពី​ការ​ចូល​អន្ទាក់​នោះ​តែ​ម្ដង។ យើង​អាច​ធ្វើ​ដូច្នេះ ដោយ​មាន​ជំនួយ​តែ​ពី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ ប៉ុន្តែ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច! ហេតុ​អ្វី? ព្រោះ​សូម្បី​តែ​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​អស់​រយៈ​ពេល​ជា​យូរ ក៏​បាន​ទៅ​ជា​បុគ្គល​ដែល​មាន​អំណួត ឬ​ចិត្ត​លោភ​លន់។ ដូច្នេះ សូម​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ​ឲ្យ​ជួយ​អ្នក​ពិនិត្យ​មើល​ថា​គុណ​វិបត្តិ​ទាំង​នោះ​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​របស់​អ្នក​ឬ​យ៉ាង​ណា។ (​ទំនុក. ១៣៩:២៣, ២៤​) សូម​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​កុំ​ឲ្យ​ទៅ​ជា​មនុស្ស​ដែល​មាន​អំណួត​ឬ​ចិត្ត​លោភ​លន់​ឡើយ!

១៧. មិន​យូរ​ទៀត តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​មេ​កំណាច​ដែល​ជា​សត្រូវ​របស់​យើង?

១៧ អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ សាថាន​បាន​ប្រព្រឹត្ត​ដូច​ជា​ព្រាន។ ប៉ុន្តែ មិន​យូរ​ទៀត​វា​នឹង​ត្រូវ​ចង ហើយ​ក្រោយ​មក​វា​នឹង​ត្រូវ​បំផ្លាញ។ (​បប. ២០:១​-​៣, ១០​) យើង​ទន្ទឹង​រង់​ចាំ​គ្រា​នោះ។ រហូត​ដល់​ពេល​នោះ ចូរ​ប្រុង​ស្មារតី​ជា​និច្ច​ចំពោះ​អន្ទាក់​របស់​សាថាន។ ចូរ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​កុំ​ឲ្យ​មាន​ចិត្ត​អំណួត ឬ​ចិត្ត​លោភ​លន់។ ចូរ​តាំង​ចិត្ត​«​ត​ស៊ូ​នឹង​មេ​កំណាច រួច​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​»។—យ៉ា. ៤:៧

ចម្រៀង​លេខ​១២៧ ខ្ញុំ​គួរ​ជា​មនុស្ស​ដែល​ព្រះ​ពេញ​ចិត្ត

^ វគ្គ 5 សាថាន​គឺ​ស្រដៀង​នឹង​ព្រាន​ដ៏​ពូកែ​ម្នាក់។ វា​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជាប់​អន្ទាក់​របស់​វា មិន​ថា​យើង​បម្រើ​ព្រះ​យេហូវ៉ា​យូរ​យ៉ាង​ណា​ក្ដី។ ក្នុង​អត្ថបទ​នេះ យើង​នឹង​រៀន​អំពី​របៀប​ដែល​សាថាន​ព្យាយាម​ប្រើ​អំណួត និង​ចិត្ត​លោភ​លន់​ដើម្បី​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ។ យើង​ក៏​នឹង​រៀន​ពី​គំរូ​របស់​បុគ្គល​ខ្លះ​ដែល​ទៅ​ជា​មាន​អំណួត​និង​ចិត្ត​លោភ​លន់ ហើយ​យើង​នឹង​ឃើញ​អំពី​របៀប​ដែល​យើង​អាច​ជៀស​វាង​ពី​ការ​ជាប់​អន្ទាក់​ទាំង​នោះ។

^ វគ្គ 2 ការ​ពន្យល់​ពាក្យ: ក្នុង​អត្ថបទ​នេះ យើង​នឹង​ផ្ដោត​ទៅ​លើ​អំណួត​និង​ការ​លោភ​លន់។ អំណួត​សំដៅ​លើ​អារម្មណ៍​ដែល​គិត​ថា​ខ្លួន​ប្រសើរ​ជាង​អ្នក​ឯ​ទៀត ហើយ​ការ​លោភ​លន់​សំដៅ​លើ​បំណង​ចិត្ត​ចង់​បាន​អ្វី​មួយ​យ៉ាង​ខ្លាំង ដូច​ជា​លុយ អំណាច ការ​រួម​ភេទ ឬ​អ្វី​ផ្សេង​ទៀត។

^ វគ្គ 53 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​មិន​ព្រម​ទទួល​ការ​ណែនាំ​ដែល​ប្រកប​ដោយ​ប្រាជ្ញា ដោយ​សារ​គាត់​មាន​អំណួត។ បង​ស្រី​ម្នាក់​ដែល​មាន​របស់​របរ​ជា​ច្រើន​ចង់​បាន​ថែម​ទៀត។

^ វគ្គ 55 ការ​ពណ៌នា​អំពី​រូប​ភាព: អំណួត​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ទេវតា​មួយ​រូប​ដែល​ជា​កូន​ព្រះ និង​ស្ដេច​អូសៀស។ ចិត្ត​លោភ​លន់​បាន​បណ្ដាល​ឲ្យ​អេវ៉ា​បរិភោគ​ផ្លែ​ឈើ​ពី​ដើម​ដែល​បាន​ត្រូវ​ហាមឃាត់ បាន​នាំ​ឲ្យ​ដាវីឌ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​បាតសេបា និង​នាំ​ឲ្យ​យូដាស​លួច​លុយ។